ម្ពបាលី គឺ​ជា​ស្រី​សោភិនី​ប្រចាំ​នគរ​វេសាលី។ នាង​បាន​ភ្ញាក់​ខ្លួន​ទាន់​ពេល បាន​វេរ​ចម្ការ​ស្វាយ​របស់​ខ្លួន​អោយ​ទៅ​ជា​សង្ឃរាម ចំណែក​ខ្លួន​ឯង​ក៏​បាន​ចូល​កាន់​ផ្នួស ហើយ​សម្រេច​នូវ​ព្រះ​អរហត្ត ផុត​ចាក​ពី​កិលេស ដែល​ជា​គ្រឿង​សៅហ្មង​គ្រប់​យ៉ាង។

កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ ស្តេច​យាង​ទៅ​ក្រុង​វេសាលី​កាល​នោះ នាង​អម្ព​បាលី​ជា​ស្រ្តី​ផ្កា​មាស បាន​ដឹង​ថា​ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​អម្ពវ័ន​(ព្រៃ​ស្វាយ) របស់​ខ្លួន ហើយ​មាន​សេចក្តី​ជ្រះ​ថ្លា បាន​រៀប​ចំ​យាន​ដ៏​ថ្លៃ​ថ្លា ចេញ​ពី​ក្រុង​វេសាលីបរ​សំដៅ​ទៅ​អម្ពវ័ន ។ លុះ​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ហើយ​អង្គុយ​ក្នុង​ទី​គួរ​មួយ ទើប​ព្រះ​សម្ពុទ្ធ​សម្តែង​ធម្មកថា​ឲ្យ​ស្តាប់ លុះ​បាន​ស្តាប់​ចប់​ហើយ មាន​សេចក្តី​ជ្រះ​ថ្លា បាន​និមន្ត​ព្រះ​សម្ពុទ្ធ ព្រម​ទាំង​ព្រះ​សង្ឃ​ទទួល​ភត្ត​ក្នុង​ថ្ងៃ​ស្អែក​ព្រះ​អង្គ​ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនះ ថ្វាយ​បង្គំ​ធ្វើ​ប្រទក្សិណ​ហើយ​ចេញ​ទៅ ។ចំណែក​ខាង​ពួក​ស្តេច​លិច្ឆវី​ អ្នក​នៅ​ក្នុង​ក្រុង​វេសាលី​បាន​ឮ​ដំណឹង​ថា ព្រះ​សម្ពុទ្ធ​យាង​មក​ដល់​ក្រុង​វេសាលី គង់​នៅ​ក្នុង​អម្បបាលី​វ័ន​ហើយ ក៏​នាំ​គ្នារៀប​ចំ​យាន​ដ៏​ថ្លៃ​ថ្លា​រៀង​ៗ​ខ្លួន​បរ​ចេញ​ទៅ​មាន​សភាព​គួរ​ឲ្យ​ទស្សនា​ពន់​ពេក ព្រោះ​ពួក​ស្តេច​លិច្ឆិវី​នេះ មាន​រូប​ឆោម​ល្អ​ស្រស់​ប្រើ​សំលៀក​បំពាក់​គ្រឿង​អលង្ការ​ក៏​ល្អ​ស្រស់​ឆើត​ឆាយ​គ្រប់​ពណ៌ គឺ​ពួក​ស្តេច​លិច្ឆវី​ខ្លះ​ប្រើ​ពណ៌​ខៀវ​សុទ្ធ​ទាំង​អស់ តាំង​ពី​ឯក​សណ្ឋាន​ស្លៀក​ពាក់​ និង​គ្រឿង​រាជ​រថ​ជា​ដើម​ មើល​ទៅ​ឃើញ​សុទ្ធ​តែ​ខៀវ ។ ពួក​ខ្លះ​ប្រើ​ពណ៌​ក្រហម មើល​ទៅ​ឃើញ​សុទ្ធ​តែ​ស ។ ល ។ ពេល​នោះ​នាង​អម្ព​បាលី​ស្រី​ផ្កា​មាស បាន​ឃើញ​ពួគ​ស្តេច​លិច្ឆវី​កំឡោះ​ៗ ល្អ​ស្រស់​ឆើត​ឆាយ​ហើយ ក៏​បរយាន​បំប៉ះ​រាជ​រថ​ទាំង​នោះ ។ស្តេច​លិច្ឆវី​សួរ​ថា ហេតុ​អ្វី​នាង​ធ្វើ​ដូច្នេះ នាង​អម្ពបាលី​ឆ្លើយ​ថា៖

បពិត្រអយ្យបុត្ត បាន​ជា​ខ្ញុំ​ធ្វើ​យ៉ាង​នេះ ព្រោះ​ខ្ញុំ​និមន្ត​ព្រះ​សម្ពុទ្ធ ព្រម​ទាំង​ភិក្ខុ​សង្ឃ​ឆាន់​ក្នុង​ថ្ងៃ​ស្អែក​បាន​ហើយ ។ ពួក​ស្តេច​លិច្ឆវី មាន​បន្ទូល​ថា នែ​នាង​អម្ពបាលី ចូរ​នាង​ឲ្យ​ភត្ត​កាល​នោះ​មក​យើង​ៗ នឹង​ឲ្យ​តម្លៃ​នាង​ ១​សែន​កហាបណៈ។

នាង​អម្ពបាលី​ឆ្លើយ​ថា បពិត្រ​ព្រះ​អយ្យបុត្ត ទុក​ថា​ព្រះ​អង្គ​ប្រទាន​នូវ​ក្រុង​វេសាលី ព្រម​ទាំង​ជនបទ​ដល់​ខ្ញុំ​ម្ចាស់​ក៏​ខ្ញុំ​ម្ចាស់​មិន​ព្រម​ថ្វាយ​នូវ​ភត្តកាល​ដ៏​ប្រសើរ​នេះ​ឡើយ ។ ពួក​ស្តេច​លិច្ឆវី​អស់​សង្ឃឹម ក៏​បន្លឺ​វាចា​ថា ពួក​យើង​ចាញ់​នាង​អម្ពនាង​អម្ពបាលី​ហើយ ពួក​យើង​ត្រូវ​នាង​បញ្ឆោត​បាន​ហើយ ។ពេល​នោះ​ល្បឿន​នៃ​រថ​ទាំង​ឡាយ ​របស់​ស្តេច​លិច្ឆវី​ជិត​ទៅ​អម្ពវ័ន​ហើយ ព្រះ​មាន​ព្រះ​ភាគ​ទត​ឃើញ​ពួក​ស្តេច​លិច្ឆវី​ពី​ចម្ងាយ ក៏​ត្រាស់​ប្រាប់​ភិក្ខុ​ទាំង​ឡាយ​ថា ភិក្ខុ​ណា​មិន​ដែល​ឃើញ​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស ភិក្ខុ​នោះ​ចូរ​មើល​ស្តេច​លិច្ឆវី​ចុះ មាន​សម្រស់​ល្អ​ប្រហែល​គ្នា​នឹង​ទេវតា​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ដែរ ។លុះ​ស្តេច​លិច្ឆវី​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ​ហើយ គង់​ក្នុង​ទី​គួរ​មួយ ក៏​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏ចម្រើន សូម​ព្រះ​គោត្តម​មួយ​អន្លើ​ដោយ​ភិក្ខុសង្ឃ ទទយល​ភត្ត​របស់​ខ្ញុំ​ព្រះ​ករុណា​ទាំង​ឡាយ​ក្នុង​ថ្ងៃ​ស្អែក ។ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ត​ថាកត​ទទួល​និមន្ត របស់​នាង​អម្ពបាលី​រួច​ហើយ ។

ពួក​ស្តេច​លិច្ឆវី ក៏​បន្លឺ​វាចា​ម្តង​ទៀត​ថា ពួក​យើង​ចាញ់​នាង​អម្ពបាលី​ហើយ នាង​ឈ្នះ​យើង​ហើយ ។ ពួក​ស្តេច​លិច្ឆវី​ទាំង​ឡាយ បាន​ស្តាប់​ធម្មីក​ថា​របស់​ព្រះ​សាស្តាហើយ​ក៏​លា​ត្រឡប់​ទៅ​ក្រុង​វេលាលី​វិញ ។

លុះ​រាត្រី​នោះ​កន្លង​ទៅ នាង​អម្ពបាលី​បាន​តាក់​តែង​មាទនីយ​ភោជនី​យាហារ ដ៏​ថ្លៃ​ថ្លា​ក្នុង​អម្ពវ័ន​របស់​ខ្លួន ថ្វាយ​ចំពោះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​បាន​ថ្វាយ​អម្ពវ័ន​នោះ​ធ្វើ​ជា​អារាម​ទៀត ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​អារាម​នោះ​ហើយ សម្តែង​ធម្មីក​ថា​ឲ្យ​នាង​អម្ពបាលី​មាន​សេចក្តី​ជ្រះ​ថ្លា​ ទើប​ស្តេច​ក្រោក​ចាក​អាសនះ​យាង​ទៅ​កាន់​វេឡុគ្រាម​ទៀត ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ៥០០០ឆ្នាំ

អានលម្អិត | read more >>> http://www.5000-years.org/kh/read/1087#ixzz5KCa8wfvJ