អរិយសច្ច
យូរអង្វែងណាស់, ទើបមានទុល្លភបុគ្គលម្នាក់មានបញ្ញាចក្ខុកើតឡើងក្នុងលោក ដោះបញ្ហាប្រចាំលោកដោយខ្លួនឯង រួចហើយយកពន្លឺដ៏រុងរឿងបំភ្លឺឲ្យលោកស្គាល់ឧបាយដោះស្រាយបញ្ហានោះរួច ហើយឲ្យរួចផុតអំពីអាណាលោករាជទៅកាន់សន្តិភាព ។ ទុល្លភបុគ្គលនោះ គឺព្រះពុទ្ធអ្នកត្រាស់ដឹងសច្ចៈ ៤ ហើយឲ្យគេត្រាស់ដឹងតាមផង, អ្នកភ្ញាក់ចេញពីស្រោម គឺ អវិជ្ជាមុនគេ,អ្នករីកផុតពីភក់គឺកិលេសដូចផ្កាឈូក ។ កាលត្រាស់ដឹងហើយទ្រង់សំដែងព្រះធម្មចក្កប្បវត្តនសូត្រប្រោសបញ្ចវគ្គិយភិក្ខុជាមុនដំបូងបង្អស់ ។
ក្នុងធម្មចក្កនោះ ព្រះអង្គទ្រង់បដិសេធនូវបដិបទាអំពីគឺ៖
១- ការប្រកបខ្លួនឲ្យជាប់ដោយកាម សុខក្នុងកាមទាំងឡាយជាហីនធម៌ គ្រាមធម៌ បុថុជ្ជនធម៌ មិនមែនអរិយធម៌ មិនប្រកបដោយប្រយោជន៍ ។
២- ការប្រកបខ្លួនឲ្យលំបាកទទេ ៗ នាំមកនូវទុក្ខ មិនមែនអរិយធម៌ មិនប្រកបដោយប្រយោជន៍ ។
ទ្រង់ឲ្យដើរតាមមជ្ឈិមាបដិបទា ដែលព្រះអង្គត្រាស់ដឹងហើយ ធ្វើឲ្យមានចក្ខុ មានញាណ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់ កិរិយាដឹងច្បាស់ កិរិយាត្រាស់ដឹងដោយប្រពៃ ដើម្បីកិរិយារលត់ទុក្ខ ។ ទីបំផុតទ្រង់ប្រកាសអរិយសច្ចៈ ៤ គឺ៖
១- ទុក្ខអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺទុក្ខ បានដល់ធម្មជាតដែលសត្វជីកគាស់រំលើងបានដោយក្រ ធម្មជាតទទេ ធម្មជាតនាំឲ្យលំបាកព្រួយ ពិបាកអត់ទ្រាំ ធម្មជាតដែលអរិយបុគ្គលខ្ពើមឆ្អើមធុញទ្រាន់ នឿយណាយ នោះគឺ ទុក្ខ ១២ កង គឺ៖
ក) ជាតិទុក្ខ កិរិយាកើត កើតព្រម កិរិយាចុះកាន់គភ៌ កិរិយាកើត កិរិយាកើតថ្មី កិរិយាមានប្រាកដនៃខន្ធ កិរិយាបានចំពោះនូវអាយតនៈក្នុងសត្តនិកាយនោះ ៗ នៃពួកសត្វនោះៗ,
ខ) ជរាទុក្ខ កិរិយាទ្រុឌទ្រោម គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ កិរិយាសាបសូន្យអាយុ កិរិយាចាស់ជុំវិញនៃឥន្ទ្រិយ,
គ) មរណទុក្ខ កិរិយាច្យុតិ ឃ្លាតចេញ បែកធ្លាយ អន្តរធាន សេចក្ដីស្លាប់គឺមច្ចុ កាលកិរិយា កិរិយាបែកធ្លាយនៃខន្ធ កិរិយាដាក់ចោលនូវសាកសព កិរិយាផ្ដាច់បង់ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅកាន់បរលោក),
ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះស្រងោចខាងក្នុង សង្រេងសង្រៃខាងក្នុង នៃបុគ្គលប្រកបដោយសេចក្ដីវិនាសអន្តរាយណាមួយ ដែលទុក្ខធម៌ណាមួយមកប៉ះពាល់,
ង) បរិទេវទុក្ខ កិរិយាយំទួញរក យំទួញរៀបរាប់ អាការយំទួញរក អាការយំទួញរៀបរាប់ ខ្សឹកខ្សួលអណ្ដឺតអណ្ដក,
ច) ទុក្ខទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងកាយ កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយកើតអំពីការប៉ះពាល់ដោយកាយ,
ឆ) ទោមនស្សទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងចិត្ត កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយ កើតអំពីការប៉ះពាល់ដោយចិត្ត,
ជ) ឧបាយាសទុក្ខ សេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង ភាពចង្អៀតចង្អល់ ភាពតានតឹង នៃបុគ្គលប្រកបដោយវិនាសអន្តរាយណាមួយដែលទុក្ខធម៌ណាមួយមកប៉ះពាល់,
ឈ) អប្បិយេហិ សម្បយោគទុក្ខ ការប្រកបព្រមដោយសត្វនឹងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ គឺការសង្គម សមាគម ប្រជុំព្រមលាយឡំដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ឬដោយពួកបុគ្គល មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្ដីចំរើន មិនប្រាថ្នាការនៅសប្បាយ មិនប្រាថ្នាធម៌ក្សេមចាកយោគៈ,
ញ) បយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាសចាកសង្ខារនឹងសត្វជាទីស្រឡាញ់ ជាទុក្ខ គឺការមិនមូលមិត្ត – មិនជួបជុំ មិនមូលត្រកូល មិននៅលាយឡំគ្នា ដោយរូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ឬដោយមាតាបិតា បងប្អូនប្រុស បងប្អូនស្រី អាមាត្យ ញាតិសាលោហិត ដែលប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្ដីចំរើន ប្រាថ្នាធម៌ក្សេមចាកយោគ,
ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការដែលប្រាថ្នារបស់ណាមិនបានរបស់នោះ ជាទុក្ខ គឺ ពួកសត្វមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដីស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល ទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ជាធម្មតា មានសេចក្ដីប្រាថ្នាថា ” ឱ ! ហ្ន៎ ធ្វើម្ដេចយើងទាំងឡាយកុំគប្បីមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់ ឱហ្ន៎ ធ្វើដូចម្ដេចបាន កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់កុំមកកាន់យើងទាំងឡាយ” (ប្រាថ្នានេះមិនសំរេច),
ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយបំព្រួញឧបាទានក្ខន្ធ ៥ ជាទុក្ខ គឺ៖
– រូបូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺរូប, – វេទនូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺវេទនា, – សញ្ញូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺសញ្ញា, – សង្ខារូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺសង្ខារ, – វិញ្ញាណូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺវិញ្ញាណ,
២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈ គឺហេតុដែលកើតព្រមនៃទុក្ខ បានដល់តណ្ហាប្រកបដោយនន្ទិរាគត្រេកអរក្នុងភពនោះៗ រឿយៗ មិនដាច់ ញ៉ាំងសត្វឲ្យកើតក្នុងភពថ្មី តណ្ហាមាន៣ គឺ៖
– កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម, – ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប, – វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប,
តណ្ហានោះកើតឡើងក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរក្នុងលោក នៅអាស្រ័យក្នុងធម្មជាតិនោះគឺ អាយតនៈខាងក្រៅ ៦ អាយតនៈខាងក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។
៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺកិរិយារំលត់តណ្ហាបណ្ដាលទុក្ខ បានដល់កិរិយារំលត់តណ្ហានោះឥតមានសេសសល់កិរិយារលាស់ចោល បោះបង់ចោល កិរិយារួចផុតតណ្ហានោះ មិនមានអាល័យ ។ កិរិយាលះបង់ កិរិយារំលត់តណ្ហា ដែលកើតឡើងអាស្រ័យក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរមានអាយតនៈជាដើមនោះ ។
៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈ គឺបដិបទានាំទៅកាន់ទីរំលត់តណ្ហាបណ្ដាលទុក្ខ បានដល់ អរិយមគ្គមានអង្គ ៨ ។
(អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)
ព្រះធម្មចក្កនេះ ជាព្រះសទ្ធម្មដែលព្រះអង្គទ្រង់សំដែងបំភ្លឺបង្ហាញផ្លូវត្រង់ឆ្ពោះទៅកាន់សន្តដ្ឋាន ដើម្បីឲ្យស្រាយបញ្ហាប្រចាំលោកជាដំបូងបង្អស់ ។
ឯកសារយោង
កែប្រែ- ធម្មប្បជោត រៀបរៀងដោយព្រះមហា អ៊ុក អ៊ឺន ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥៨ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ