អាថ៌កំបាំងល្បែងចាក់ទឹកដូងបែបទីពីរ...

ចាក់ទឹកដូង

៥. ខ/. ចំនែកល្បែងចាក់ទឹកដូង (បែបទីពីរ) ចាក់លើកទីមួយពុំអាចដឹងរឿងរ៉ាវរបស់ម៉ែអស់ឡើយ ត្រូវតែព្យាយាមចាក់ទឹកចិត្តរបស់គាត់ចេញពីបេះដូងជាលើកទីពីរទើបអាចដឹងកាន់តែច្បាស់ ពាក្យពិតពីដើមនោះគឺ ៖

-ចាក់ទឹកដូងពីទ្រូងមាតា កន្ទុយត្រីប្រាក្បាលនាងកុក
-អកកំបោរចាំកូនស្រង់ បំពង់ស្រីចាំកូនវែក
-ក្បាលម៉ែព្រែក ក្អែកជុះអាចម៏ដាក់ប៉ក់

ពាក្យដែលក្មេងចេះហើយថា បន្តគ្នានិយាយពុំច្បាស់ថា

-ចាក់ទឹកដូងមីឡូងមីឡា កន្ទុយត្រីប្រាមីនាងអុក
-អកកំបោរប្រចាំថង់ បំពង់ឬស្សីប្រចាំវែក
-ក្បាលទំពែក ក្អែកជុះអាចម៏ដាក់ប៉ក់។

តើចាក់ទឹកដូងក្នុងរបៀបទីពីរនេះមានអត្ថន័យដូចម្ដេច ?

ខ្ញុំនឹងព្យាយាមពន្យល់មួយឃ្លាម្តងៗដូចតទៅនេះ ៖
១/.ចាក់ទឹកដូងពីទ្រូងមាតា (មាតា=ម៉ែ) ចង់ដឹងរឿងម៉ែទាល់តែចាក់ទឹកចិត្តចេញពីបេះដូងគាត់ទើបដឹងរឿងពិត)

២/.កន្ទុយត្រីប្រាក្បាលនាងកុក (ក្នុងឃ្លានេះ សូមប្រិយមិត្តអ្នកអានទៅតាមដានក្នុងរឿងធនជ័យ អ្នកប្រាជ្ញនេះពេលគាត់រៀបស្លាប់គាត់បានផ្ដែផ្ដាំស្តេចថា ៖

-បើព្រះអង្គសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី
-ស្ងោរក្បាលត្រីប្រា កុំចោលម្ជូរសណ្ដាន

ពេលនេះខ្ញុំទាញយកមួយវគ្គត្រង់ (សោយត្រីប្រាកុំចោលស្រកី) វគ្គដទៃខ្ញុំពុំពន្យល់ឡើយព្រោះឥតទាក់ទងនឹងរឿងចាក់ទឹកដូង ព្រោះធនជ័យ គាត់យល់ថាស្រកីរបស់ត្រីប្រា គឺ ដង្ហើមរស់ ដង្ហើមគិត របស់ត្រី(ស្រកី តំណាងឲ្យនយោបាយ សេដ្ឋកិច្ចរបស់ជាតិ) យ៉ាងណាមិញអ្នកដឹកនាំត្រូវតែមានប្រាជ្ញាក្នុងការដឹកនាំ អោយប្រទេស​មួ​យរុងរឿង(​ដូចបុព្វជន)ហើ​យស្រកីគឺនូវត្រង់​ ក្បាលតែម្ដង។

ចុះហេតុអ្វីបានជាក្នុងវគ្គនេះគាត់បែរជា ថា កន្ទុយត្រីប្រាតែក្បាលកុកទៅវិញ? ព្រោះអ្នកប្រាជ្ញក្មែរគាត់ដឹងថាទៅអនាគត ត្រីប្រាមានតែកន្ទុយទេ ក្បាលគឺកុកហើយ (កន្ទុយក្មែរ ក្បាលបរទេស) មិត្តអ្នកអានស្វែងយល់ខ្លួនឯងចុះនូវអាថ៌កំបាំងសត្វកុក ។

៣/. អកកំបោរចាំកូនស្រង់ អកកំបោរជានិម្មិតរូបរបស់ស្រ្តីជាម្ដាយ ឬម៉ែ ឬយាយ…។ ព្រោះកេរមរតរបស់ម៉ែគឺ (ម្លូរស្លា កំបោរ) តែពេលនេះកេរិ្តនេះលិចបាត់​ទៅក្នុងសមុទ្រទឹកដោះ​នៃ​អតីតកាល មានតែស៊ូទ្រាំដេករងចាំមើលតើកូនកត្តញ្ញូក្មែរណាមួយស្រង់កេរតំណែលម៉ែឡើងវិញ (ជួយមាតាឲ្យរួចផុតពីទីឃុំឃាំង)

៤ /. បំពង់ស្រីចាំកូនវែក អាចារ្យពេលាការ ភាគច្រើនតែងអោយពរដល់កូនប្រុសស្រីដែលរៀបការថា សូមអោយរស់នៅស្រលាញ់គ្នា ត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី តែតាមពិតពា​ក្យនេះ ​គឺ ខុសន័យដើមទាំងស្រុង ព្រោះបំពង់ខ្ចីគឺសំដៅលើបំពង់ឬស្សីដែលខ្ចីៗ ហើយគេកាត់យកមកអប់ទឹក ។ ចំណែកពាក្យពិតរបស់ពាក្យនេះ ពុំមែន ដូច្នោះឡើយគឺ ទឹកអង្គបំពង់ស្រី (វចនា នុ​ក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ) គឺគេយកទឹកទៅស្រោចនៅលើអង្គជាតិ រឺលិង្គរួចទឹកនោះហូរធ្លាក់មកក្នុងទរ (យោនីនាងឧមាវតី) បំពង់យោនីនោះរួចទើបគេនាំគ្នា ត្រង់ យកទឹកនោះមកធ្វើជាទឹកមង្គល (អាចារ្យពីដើម) ។ នេះគឺ ជា អាថ៏កំបាំងមួយក្នុងការស្រាវជ្រាវទឹកនេះហើយដែលចាស់ៗ ពីដើមហៅថាទឹកអង្គបំពង់ស្រីទឹកដែលហួរចេញ ពីទ្វារ យោនី (មាតុភូមិ) នេះដែលបង្កើតបានជាពូជក្មែរប្រុសស្រីមកដល់សម័យនេះ ។ ឥឡូវរឿងរ៉ាវរបស់បំពង់ស្រ្ដីនេះត្រូវលិចបាត់ស្រមោលទៅហើយ ។ថែមទាំងមានឆ្នុកមកចុកបិទបាំងពី​ខាង​ លើទៀតមិនអោយដឹងរឿងរ៉ាវម៉ែនៅខាងក្រោម (មនោគវិជ្ជាបរទេស) ហេតុនេះហើយទើបគាត់រង់ចាំកូនមកវែកឆ្នុកចេញគឺ វែកញែករឿងរ៉ាវរកការពិតតែម្ដង ដោយយកគំនិតនិងទស្សនះ ឬ មនោគមរបស់បរទេសចេញពីសន្ដានកូនក្មែរ។ហើយស្រង់កត្តិនាមម៉ែឡើងវិញ។

៥/. ក្បាលម៉ែព្រែកក្អែកជុះអាច៏ដាក់ប៉ក់ (ក្បាលម៉ែព្រែកគឺក្បាលរហែកបែកជាបី(រូបភាពសិលាចារិកនៅបន្ទាយស្រី) គេធា្លក់រូបស្រី្ដម្នាក់ត្រូវហែកក្បាលជាបី ខាងឆ្វេងដៃពុំមានពាក់ក្រវិល ទេ ខាងស្ដាំក៏គ្មានពាក់ក្រវិលដែរ មានតែក្បាលកណ្ដាលទើបមានពាក់ក្រវិលត្រចៀក គឺកណ្ដាលនេះហើយតំណាងអោយជនជាតិក្មែរ អ្នកស្នងមរតម៉ែ ចំណែកក្បាលស្រ្ដីសងខាងដែល​ ឥតពាក់ក្រវិលនេះ គឺតំណាងអោយបរទេសដែលដណ្ដើមហែកទឹកដីពីប្រទេសម៉ែទៅ ដូច្នេះទើបពួកគេពុំមែនជាកេរ្តិម៉ែ ។ ចំណែកឯដំរីក្បាលបីក៏តំណា​ងអោយអតីតនគរ(យ​សោធរបុរ)ទី ក្រុង​ដំរីឬទីក្រុងអ្នកទាក់ដំរី តែ​ទីក្រុងនេះពីអតីតគឺ ដំរីក្បាលមានតែមួយតែក្រោយមកដំរីត្រូវគេដណ្ដើមហែកជាបីតែខ្លួនមួយដដែល (អតីតក្មែរដូចរូបខាងលើដែរ គ្រាន់តែមួយ គាត់ប្រៀប​ ធៀបជាមនុស្ស មួយទៀតគាត់ធៀបជាសត្វ) ។ មិត្តអ្នកតាមដានមកដល់ពេលនេះទើបដឹងថារឿងរ៉ាវទាំងអស់សុទ្ធតែបង្កប់នូវរឿងពិតអតីតភាពនៃនគរនេះទាំងអស់ ។ ក្អែកជុះអាចម៏ដាក់ ក្បាល​ម៉ែតើកើតមានពីត្រឹមណាមក ក្អែកតំណាងមនុស្សមួយក្រុមដែល ស្លៀកពាក់ខ្មៅលើខ្មៅក្រោម ហើយពួកនេះនាំយកលទ្ធិជេរថា (ឌូម៉ែ) ក្រុមនេះហើយដែលមកបង្រៀនកូនក្មែរជេរ ថា ចុយម្រាយ រឺ ចុយម៉ាយ (ម្រាយ រឺ ម៉ាយ = ម្តាយ ) ខ្ញុំបានពន្យល់ពីខាងដើមរួចហើយ។ គឺអ្នកស្នងមរតកម៉ែស្រីប្រុសភាគច្រើនជុះអាចម៏ដាក់ក្បាលម៉ែ គឺមើលងាយម៉ែទុកម្ដាយដូចជា បង្គន់ ។ ហើយល្បែងចាក់ទឹកដូងទាំងពីរបែបនេះពេលចាក់ទៅត្រូវដៃណា ដៃអ្នកនោះដកចេញ ពេលចប់ ដៃដែលចាក់ត្រូវនោះត្រូវច្បិចខ្នងដៃបន្ដគ្នា (សាមគ្គីគ្នា ឬ តនាគ) ពេលច្បិចរួច​ហើយមានដៃមួយ​ទៀតមកកាត់ផ្ដាច់នូវសាមគ្គីច្បិចៗនេះអោយបែកគ្នាវិញ គឺកូននាគប្រុសស្រីពុំអាចផ្ដុំនាគ ឬ សាមគ្គីអោយបានរឹងមាំឡើយ ដោយយើងពុំបានយល់សាវតាពិតរបស់ខ្លួន។ ចង់ផ្គុំនាគឲ្យបានរឹងមាំ ទាល់តែស្រាវជ្រាវអាថ៌កំបាំង ប្រាសាទនាគព័ន្ធ ។

សរុបសេចក្ដី មកគ្រាន់តែល្បែងលេងធម្មតាសោះក៏បណ្ឌិតក្មែរពីអតីត បានចងអត្ថន័យប្រស្នា ដ៏មានជំរៅទុកអោយកូនៗសម័យក្រោយបំបែក តែទីបំផុតមកដល់សម័យប​ច្ចុប្បន្ននេះ​ កូនក្មេងក្មែរប្រុសស្រីនាំគ្នាបោះបង់ចោល ល្បែងនេះ ហើយឈោងចាប់ល្បែងទំនើហ្គេម (Game) ធ្វើដូចម្តេចទើបនាំគ្នាអាចបំបែកប្រស្នានេះបាន ។ នេះលេងក៏យើងស្ទើរតែលែង​ចេះលេង​ ទៅហើយព្រោះវប្បធម៏ វិទ្យាសាស្រ្ដបរទេស(ហ្គេម ល្បែងទំនើបៗ) បានចូលមកលុកលុយនូវវប្បធម៏ប្រពៃណីដែលជាមរតម៉ែអស់ទៅហើយ ដូចអាថ៏កំបាំងក្នុងរឿង ព្រះនាងសក់ក្រអួប នៅភ្នំបាយ៉ងកោរ បើយើងមិនបានពិចារណាទេយើងច្បាស់ជាយល់ថា រឿងព្រះនាងសក់ក្រអូប ឬ បាយ៉ងកោរ ជារឿងព្រេងពីសម័​យមុនពុំខានឡើ​យដែលឥតសារៈប្រយោជន៏អ្វីដ​ល់យើង​ បច្ចុប្បន្ននេះទេ!តែតាមពិតគឺជារឿងដែលនិយាយពីបច្ចុប្បន្ននេះសុទ្ធៗខ្ញុំនឹងបកស្រាយពន្យល់ត្រួសៗ (បើមិត្តអ្នកអានចង់សិក្សាត្រូវជាវសៀវភៅ​ ប្រជុំរឿងព្រេងក្មែរយកមកអាន ខ្លួនឯងចុះ) .


      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]