អំពីព្រះនិវាណ ឬ និព្វាន
ក្នុងពុទ្ធសាសនា គោលចារឹកដែលពុទ្ធសាសនិកជន ជាអនេកសំដៅយកដោយខំធ្វើសីល ធ្វើទាននិងខំភាវនា នោះគឺដើម្បីឲ្យបានជាតិកំណើតល្អទៅអនាគតកាល ឯចំណែកអ្នកបួស ដែលខំកសាងតាំងពីច្រើនជាតិមក សំដៅយកថ្នាក់ខ្ពស់ជាងនោះទៅទៀត គឺព្រះនិព្វានហើយក៏ខំប្រតិបត្តិតាមគោលចរឹក តាមផ្លូវដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទុកអ្នកប្រាជ្ញម្នាក់ឈ្មោះ សំឃភទ្របានចារឹកទុកថា ដែលចេញចាកវដ្ដសង្សារទៅបំពេញផ្នួសជាបព្វជិតនោះ គឺព្រោះតែប្រាថ្នាឲ្យបានដល់ព្រះនិព្វាន ១ មុខប៉ុណ្ណោះ ។
ឯចំណែកខាងអ្នកដែលជាឃរាវាសនោះ ក៏មានប្រាថ្នាយកទីនេះដែរ ប៉ុន្តែនឹងមានជាតិណា ១ ទៅខាងមុខ នឹងចូលបំពេញផ្នួសខំចម្រើនភាវានាយកថ្នាក់ខ្ពស់នេះ ។ គម្ពីរសំយុត្តនិកាយមានសំម្ដែងថា ក្នុងរូបបុគ្គលដែលរួចចាកទុក គឺបុគ្គលដែលបានច្បាស់នូវ អរិយសច្ច ទាំង ៤ ប្រការនោះ មានកើតប្រាជ្ញាជាគ្រឿងផុតទុក្ខ គឺគ្មានពូជធារនឹងកើតវិញ ព្រោះបានធ្វើបំពេញកិច្ចគ្រប់ស្ថាន ហើយគ្មានត្រឡប់មកក្នុងលោកនេះវិញទេ នេះហើយដែលហៅថាចេះ ។
គម្ពីរមហាវគ្គសម្ដែងថា មានផ្លូវ ២ យ៉ាងដែលអ្នកបួសត្រូវជៀសវាងចេញ ផ្លូវទី ១ គឺដែលបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចកាមគុណ ដែលហៅថា កាមសុលិកានុយោគ ផ្លូវនេះជាផ្លូវអាក្រក់គ្រោតគ្រាតហើយឥតប្រយោជន៍ ផ្លូវ ១ ទៀតគឺដែលធ្វើខ្លួនឲ្យនឿយឥតអំពើដែលហៅថា អត្តកិលម ថានុយោគ ផ្លូវនេះជាផ្លូវពិបាក ហើយឥតប្រយោជន៍ តថាគតបានជៀសវាងលះបង់ផ្លូវទាំង ២ យ៉ាងនេះចោលចេញ ហើយដោយអំណាចលះបង់នេះ តថាគតបានរកឃើញផ្លូវកណ្ដាលដែលហៅថា មជ្ឈិមបដិបត្តិ ជាផ្លូវនាំទៅកាន់ពន្លឺ នាំទៅកាន់ប្រាជ្ញា ទៅកាន់ទីសុខ ទៅកាន់ទីចេះ នាំទៅកាន់ទីវិជ្ជាពិតប្រាកដ ទៅកាន់ព្រះនិព្វាន ។
គម្ពីរមជ្ឈិមនិកាយមានសម្ដែងយ៉ាងលះ ហើយមានបែបផែនជាក់ជាងខាងលើទៅទៀត គឺថាដូច្នេះ ព្រះនិព្វាននោះជាកន្លែងដែលព្រះអរហន្តទាំងឡាយ លោករំលត់ជាតិលោក ព្រះនិព្វានជាគោលរបស់ព្រះអរហន្តព្រះនិព្វានជាទីបំផុតរបស់ព្រះអរហន្ត ។
ឯសេចក្ដីទាំង ៣ បទ ដែលស្រង់យកមកពីគម្ពីរ ៣ ផ្សេងពីគ្នានេះ ព្រមទាំងសេចក្ដីឯទៀតផ្សេងៗ ដែលមានជាច្រើនធ្វើឲ្យឃើញថាគោលចារឹក ឬទីបំផុតរបស់ព្រះពុទ្ធសាសនា គឺសេចក្ដីឃើញច្បាស់នូវព្រះនិព្វានក្រៅពីនោះសុទ្ធតែជាកិច្ចដែលធ្វើដើម្បីឲ្យបានដល់ទៅទីនោះ ឯ៝អរិយមគ្គ ឬផ្លូវដ៏ប្រសើរនោះ ជាផ្លូវដែលនាំឲ្យរកឃើញ វិជ្ជាបំផុត គឺព្រះនិព្វាននេះឯង ។ ពិតមែនតែន័យផ្សេងៗ ដែលសម្ដែងអំពី មដ្ឋង្គិកមគ្គ នោះស្រណុកនិងយល់ដល់យើងរាល់គ្នា ទោះជាតិក្នុងមច្ឆិមប្រទេសក្ដី តែឯចំណែកព្រះនិព្វាននោះ មិនមែនយល់ងាយដូច្នោះឡើយ ។
តាមសេចក្ដីដែលសិក្សាមកឃើញថា ធម៌អាថ៌ទាំងឡាយក្នុងព្រះពុទ្ធសាសនាប្រហែលជាគ្មានគោលត្រង់ណាផ្សេងទៀត ដែលនាំឲ្យមានសេចក្ដីជជែកប្រកែកគ្នា ដូចត្រង់កន្លែងព្រះនិព្វាននេះឡើយ បានជាថាដូច្នេះព្រោះស្ថានត្រង់នេះ ជាគោលបំផុត សម្រេចរបស់អ្នកដែលសំដៅយក ហើយដើម្បីឲ្យបានព្រះនិព្វាននេះពុទ្ធបរិសទ្យបានតយុទ្ធមកច្រើនជាតិ និងគណនាត្រារាប់មិនបាន ដូច្នេះយើងត្រូវខំរកន័យផ្សេងៗ ដែលព្រះគន្ថរចនាចារ្យទាំងឡាយ លោកបានចារឹកទុកក្នុងគម្ពីរនានាដើម្បីនឹងបានជួយដល់យើងឲ្យកើតជាគំនិត ១ ឬជាសេចក្ដីយល់ឃើញ ១ ឡើងប្រសិនបើជាយើងធ្វើបាននោះ ឃើញថាជាការស្រួលល្អណាស់ ។
ជាដំបូងយើងត្រូវនិយាយថា ពាក្យដែលថា និព្វាន មានតាំងពីមុនព្រះពុទ្ធសាសនាទៅទៀត ហើយក្នុងជាន់នោះ ពាក្យនេះមានន័យដូច្នេះទៅហើយ គឺភ័ព្វសំណាងខ្ពស់បំផុត និងសេចក្ដីរលត់ជាតិកំណើតក្នុងលោកនេះ ។
គម្ពីរ សំយុត្តសុត្ត សម្ដែងថា មានពុទ្ធបរិសទ្យជាច្រើនសួរព្រះសារីបុត្តត្ថេរថា "និព្វាន, និព្វាននោះតើជាអ្វី" ព្រះសារីបុត្តត្ថេរ តបវិញថា ដែលហៅថានិព្វាននោះ គឺជាសេចក្ដីរលត់នូវ លោភទោស និង មោហ ។
យើងបានឃើញសេចក្ដី ១ ក្នុងគម្ពីរធម្មបទ សម្ដែងថាដូច្នេះ ៖
បើកាលណាកំចាត់បង់សង្ខារបានហើយ និងបានច្បាស់នូវព្រះនិព្វាន ។
គម្ពីរ សុត្តនិបាទ សម្ដែងថាកន្លែងណាដែលគ្មានអ្វីសោះ ដែលគ្មានជំពាក់អ្វីសោះ ដែលមិនមែនជាធម្មតា កន្លែងនោះហើយដែលហៅនិព្វាន ដែលហៅថាផុតចាស់ ផុតស្លាប់ សេចក្ដីទាំងប៉ុន្មាននេះនាំឲ្យយើងយល់ថានិព្វាននេះបានដោយមនុស្សម្នាក់កំចាត់បង់នូវ លោភ ទោស និង សង្ខារ គឺ សេចក្ដីតាក់តែងព្រមទាំងអំពើដែលធ្វើមកពីជាតិមុនៗ ចេញ ។ គម្ពីរធម្មបទ សម្ដែងថាដូច្នេះ ៖ អ្នកឯណាដែលរត់រួចផុតអំពីវដ្ដសង្សារ អ្នកឯណាដែលបានឆ្លងផុតទៅត្រើយនាយ ហើយបានឡើងលើច្រាំង គឺដែលបានសំឡឹងពិចារណាច្រើន មិនដុនដាបខ្សាបខ្សោយឥតសេចក្ដីលោភៈ អ្នកឯណាដែលបានលះបង់វត្ថុដែលអាស្រ័យនៅលើដីចោល ហើយបានដល់នូវព្រះនិព្វានអ្នកនោះហើយតថាគតហៅថាជាព្រាហ្មណ៍ពិតៗ ។ គម្ពីរ សុត្តនិបាត សម្ដែងថាដូច្នេះ ៖ ក្នុងលោកនេះដែលបានឃើញ បានឮ បានគិត ជាច្រើនរាប់មិនអស់ ឯកិរិយាដែលកំចាត់បង់នូវសេចក្ដីប្រាថ្នាក្នុងវត្ថុដែលប៉ះពាល់ដល់នោះហើយ ជាអមតនិព្វាន អ្នកឯណាដែលបានយល់ច្បាស់សេចក្ដីទាំងនេះ អ្នកនោះឯងជាមនុស្សមានគំនិតជាមនុស្សមិនច្រឡោតដោយលោកធម៌ឡើយ ព្រោះបានឃើញធម៌ច្បាស់ប្រាកដណាស់ អ្នកឯណាដែលបានរួចចាកពីសេចក្ដីប្រាថ្នាក្នុងលោក អ្នកនោះបានសេចក្ដីរីករាយសុខសាន្ត ។
គម្ពីរ អកង្ខេយ្យសុត្ត មានសម្ដែងថា ៖ បើពុទ្ធបរិស័ទណា ១ ដែលបានកាច់បំបាក់នូវកាមគុណអស់ហើយ បានកាច់បំបាក់នូវសេចក្ដីជឿខុសថា របស់ទាំងឡាយក្នុងលោកនេះទៀង បានហើយ បានបំបាក់នូវសេចក្ដីល្ងង់ហើយៗ មានសេចក្ដីប្រាថ្នាឲ្យបានស្គាល់ ឲ្យបានដល់បែបផែននៃអរហត្ត ឬឲ្យបានដល់សេចក្ដីទំនេរចិត្តនិងគំនិត នោះត្រូវឲ្យតាំងនៅក្នុងសេចក្ដីត្រង់ដោយពេញទី ត្រូវឲ្យស្លូតត្រង់និងសេចក្ដីស្ងប់ស្ងាត់របស់ចិត្តដែលភ្លឺមកពីខាងក្នុង ត្រូវឲ្យពិចារណាមើលរបស់ទាំងឡាយត្រូវឲ្យនៅស្ងាត់តែម្នាក់ឯង ។ យើងត្រូវបន្ថែមសេចក្ដីទាំង ២ ខាងក្រោមនេះទៀត ដែលបានសម្ដែងក្នុងគម្ពីរ អភិធម្មកោស សេចក្ដីទី ១ មានសម្ដែងថាសេចក្ដីលះបង់ជាស្រឡះ សេចក្ដីដែលបរិសុទ្ធ សេចក្ដីដែលស្វិតស្រពោន សេចក្ដីស្ងប់ស្ងាត់ សេចក្ដីដែលកំចាត់បំបាត់បង់ សេចក្ដីដែលរលាយរលត់សេចក្ដីដែលផុតចាកទុក្ខទាំងអស់ជាស្រឡះ សេចក្ដីដែលមិនកើតទៀត សេចក្ដីដែលមិនលុះអំណាចអវិជ្ជា សេចក្ដីដែលទុក្ខមិនបង្កើតឡើងនោះហើយជាសេចក្ដីស្វិតស្រពោន សេចក្ដីដ៏ឧត្ដមដែលត្រូវដឹងថាសេចក្ដីលះបង់ចោលនូវឧបាទិចេញ ជាសេចក្ដីរំងាប់នូវតណ្ហា ជាសេចក្ដីស្ងប់ស្ងាត់ ជាសេចក្ដីបំបាក់បំបាត់បង់, ជាព្រះនិព្វាន ។
សេចក្ដី ១ ទៀតសម្ដែងថាដូច្នេះ សច្ចទី ៣ ឬ ព្រះនិព្វាននោះ គឺជាសេចក្ដីបំបាត់បង់នូវទុក្ខនោះឯង ដែលត្រូវយល់ថាជាសេចក្ដីកំចាត់បង់នូវតណ្ហា សេចក្ដីដែលធ្វើនូវតណ្ហាឲ្យស្ងប់ស្ងាត់ សេចក្ដីដែលបោះបង់ចោលនូវតណ្ហា សេចក្ដីដែលរួចខ្លួនពីតណ្ហា ។
ន័យក្នុងគម្ពីរទាំងប៉ុន្មាន ដូចបានពោលមកខាងលើនេះ ពិតមែនតែមានបែបតែម្យ៉ាង ប៉ុន្តែបានសេចក្ដីផ្សេងពីគ្នាខ្លះដែលយើងត្រូវតែចាំក្នុងវេលានេះ គឺន័យខ្លះថាដូច្នេះ សេចក្ដីរលត់នូវ លោភ ទោស និង មោហ ហើយសេចក្ដី ១ ទៀត និយាយពីផុតពូជមិនកើតទៀត មានន័យ ២ ដែលសម្ដែងថាព្រះនិព្វាន នោះគេអាចនិងបានតាំងពីកាលមានរូបរស់នៅ ន័យ ១ ទៀតថា អ្នកឯណាដែលបានដល់ព្រះនិព្វាននោះ ជាអ្នកបរិបូណ៌ដោយសេចក្ដីសម្លឹងច្រើន ហើយឯគម្ពីរ សុត្តនិបាទ សម្ដែងថាអ្នកឯណាដែលបានដល់ព្រះនិព្វាននោះជាមនុស្សពិចារណាច្រើនហើយស្លូត ហើយខាងក្រោយនេះគាថាទី ១ សម្ដែងថា អ្នកឯណាដែលបានដល់ព្រះនិព្វាននោះបានស្គាល់នូវសេចក្ដីដែលផុតចាកទុក្ខ ។
តាមដែលបានសង្កេតពិនិត្យមើលសេចក្ដីទាំងប៉ុន្មានដូចបានពោលមកខាងលើមិនឃើញមានន័យណា ១ សម្ដែងអំពីព្រះនិព្វាន ថាជាសូន្យទទេថាជាផុតអ្វីៗ ទាំងអស់ដូចយ៉ាងអ្នកដែលកាន់ពុទ្ធសាសនាគណៈខ្លះនិងជាតិយូរុបខ្លះ ដែលគេធ្លាប់ជឿមកដល់សព្វថ្ងៃនេះឡើយ ។
គម្ពីរ សំយុត្តនិកាយ បានសម្ដែងដោយច្បាស់ប្រាកដ អំពីយកមកភិក្ខុដែលមានចិត្តរវើរវាយ ដោយយល់ថាភិក្ខុ ១ អង្គដែលគ្មានប្រព្រឹត្តលើ្មសអ្វីសោះវេលាដែលបានទម្ងាយខន្ធទៅ នោះរលត់ទាំងអស់ គឺគ្មាននៅសល់អ្វីជាក្រោយដែលស្លាប់ ហើយវេលានោះព្រះសារីបុត្ត បានកែតម្រង់យមកភិក្ខុពីគំនិតខុសនោះបានឡើងវិញ ។
មាននិទាន ១ សម្ដែងអំពីពុទ្ធបរិស័ទ ១ អង្គនោះឈ្មោះថាទ័ពដែលបានហោះទៅកណ្ដាលអាកាសពីចិត្តឯង នៅចំពោះមុខព្រះសម្មាសម្ពុទ្ធ ហើយចូលនិព្វានក្នុងវេលានោះ ឥតមានសល់អ្វីជារាងកាយបន្តិចសោះហើយព្រះពុទ្ធអង្គមានបន្ទូលថា ឯអណ្ដាតភ្លើងដែលថយបន្តិចម្ដងៗ ហើយរលត់ទៅ គេមិនអាចនិងដឹងថាអណ្ដាតភ្លើងនោះទៅឯណា មានប្រការដូចម្ដេចមិញរីឯព្រះអរហន្តដែលលោករួចខ្លួនស្រឡះពីរដ្ឋសង្សារ ដែលលោកបានឆ្លងកាត់នូវសេចក្ដីប្រាថ្នា ហើយដែលលោកបានដល់ទីសុខឥតប្រែប្រួល នោះវេលាដែលលោកទំលាយខន្ធទៅ គេក៏មិនអាចនឹងដឹងបានមានប្រការដូច្នោះឯង សេចក្ដីត្រង់នេះមានអ្នកប្រាជ្ញជាតិបារាំងសែសម្នាក់ឈ្មោះ ល្វីដឺឡាវាឡេព្វស្សាំង កត់សម្គាល់ថា ឧទាននេះនិយាយច្បាស់ប្រាកដណាស់ គឺភ្លើងក៏មិនសូន្យ ព្រះ អរហន្ត ក៏មិនសូន្យ ឯព្រះ អរហន្ត ដែលលោកបានដល់នៅព្រះនិព្វាននោះ មិនមែនជាមនុស្សមានជីវិត មិនមែនជាអត្តភាព មិនមែនជារូបសោយអារម្មណ៍ មិនមែនជារូបដែលមានចិត្តត្រេចទៅ ដូចកាលពីដើមនោះឡើយ ។
គម្ពីរ នេត្តិបករណ មានសម្ដែងសេចក្ដីពីរបទ ដូចមានខាងក្រោយ បទទី ១ សម្ដែងថាដូច្នេះ អ្នកឯណាដែលគិតថាគេអាចនិងចេញពីជាតិដោយឥតជាតិបាន អ្នកនោះឯងមិនរបូតរួចពីជាតិឡើយ ។
បទ ១ ទៀតសម្ដែងថាដូច្នេះ ព្រះ អរហន្ត ដែលលោកបានដល់ព្រះនិព្វាននោះជ្រៅពន់ប្រមាណណាស់ មិនអាចនិងវាស់ មិនអាចនឹងគណនា លោកថាដែលបានដល់នូវព្រះនិព្វាននោះ គឺព្រោះសេចក្ដីប្រាថ្នាសេចក្ដីស្អប់ខ្ពើមគុំគួននិងសេចក្ដីល្ងង់នោះកំចាត់បំបាត់បានអស់ហើយ ។
ក្នុងបទទី ១ នោះ យើងឃើញសេចក្ដីថា គេមិនអាចនឹងចេញផុតពីជាតិដោយសូន្យទទេឡើយព្រោះសេចក្ដីដែលថាឥតជាតិនោះ គឺសូន្យទទេនោះឯង ហើយក្នុងបទទី ២ សម្ដែងអំពីសេចក្ដីកំចាត់បំបាត់ ប៉ុន្តែកំចាត់បំបាត់នោះ គឺកំចាត់បំបាត់នូវសេចក្ដីប្រាថ្នា នូវសេចក្ដីស្អប់ខ្ពើមគុំគួននូវសេចក្ដីល្ងង់មិនមែនជាកំចាត់បំបាត់អ្វីទាំងអស់ឡើយ ។ ចំណែកខាងជាតិដែលនៅក្នុងបច្ឆិមប្រទេស ដែលយល់ថាព្រះនិព្វានជាទទេសូន្យនោះ គឺមិនបានព្យាយាមរិះរកន័យឲ្យបានជ្រៅទូលាយ ហើយចំណែកខាងជាតិក្នុងបូព៌ាប្រទេសវិញ ពាក្យទទេសូន្យនេះគ្មានទាក់ទិនទៅលើសេចក្ដីអ្វី ១ សោះ អ្វីៗ មិនដែលមកពីទទេ ហើយមិនដែលត្រឡប់ទៅរកទទេវិញឡើយ ជាក្រោយសេចក្ដីមរណៈ ដែលជាធម្មតារបស់សត្វនោះធាតុផ្សេងៗ ដែលផ្សំផ្គុំគ្នាបានជារូបសត្វ បែកធ្លាយរលាយរលែកចាកគ្នា ចេញតាមភាពសណ្ឋានទីទៃពីគ្នា សេចក្ដីនេះឃើញច្បាស់ណាស់គ្មានអ្វីឲ្យច្បាស់ជាងនេះទៅទៀតឡើយ ប៉ុន្តែក្នុងធាតុនីមួយៗ ទាំងនេះ ឬក្នុងអនុធាតុ ទាំងឡាយរបស់ធាតុទាំងនេះ ឥតមានធាតុណា ១ សោះសូន្យឡើយគឺនិងទៅប្រជុំផ្គុំគ្នាជាថ្មីកកើតជារូបខន្ធបណ្ដោះអាសន្នទៀតទៅខាងមុខ តាមសេចក្ដីទាំងប៉ុន្មានដែលបានពណ៌នា រៀបរាបមកខាងលើនេះ ឃើញថាតាមដោយយោបល់របស់ព្រះសម្មាសម្ពុទ្ធនោះ ព្រះនិព្វានហាក់ដូចជាមិនមែនរលត់សោះសូន្យជាស្រឡះឡើយ ។ សេចក្ដីដែលអធិប្បាយមកទាំងប៉ុន្មាន ដែលទើបនិងអធិប្បាយហើយអម្បាញមិញនេះ គឺនិយាយតែពីព្រះនិព្វានដែលនៅក្នុងលោក ឬដែលពាក្យបាលីហៅថា សឧបាទិសេសនិព្វាន នោះ គម្ពីរ ឥតិវុត្តក អធិប្បាយថា សេចក្ដីទាំងប៉ុន្មានដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងនោះពិតប្រាកដណាស់ ពុទ្ធបរិស័ទឯណាដែលបានរលាស់ខ្លួន ឲ្យរួចចាកផុតពីសេចក្ដីជំពាក់ក្នុងលោក ផុតពីសេចក្ដីវង្វែង ដោយអំណាចបានចម្រើនមេត្តាភាវនា ដោយអំណាចបានហាត់ហ្វឹកហ្វឺនចិត្ត ហើយបានដល់នូវព្រះអរហត្ត ដោយអំណាចផលបុណ្យជាឧបនិស្ស័យពីជាតិមុនៗ មកនោះបានដល់ទីដែលមានភាពសណ្ឋាន ស្ទើរតែមិនមែនធម្មតារបស់លោកខាងអាយនេះ ពុទ្ធបរិស័ទនោះ ក៏អាចនិងស្គាល់នូវរសព្រះនិព្វានបាន ពុទ្ធបរិស័ទឯណាដែលបានដល់ទីនេះហើយ បាននាមថាជាព្រះអរហន្តវិសេស ពិតតែមានរូបនៅរសមែន តែឯចិត្តនោះនៅដដែល ដូចគ្នានិងចិត្តដែលមានខន្ធធ្លាយទៅ ព្រះអរហន្តលោកមានរូបរស់នៅតទៅ ដូចជាបុថុជ្ជនធម្មតាដែរ ខ្លួនលោកក៏ត្រូវការប្រាស្រ័យនិងអាហារ ហើយដោយអំណាចអាហារនេះក៏ធាតុផ្សេងៗ ដូចយ៉ាងគំនិត កម្លាំង ប្រាជ្ញា ស្មារតី ក៏គង់នៅមានជានិច្ច ទាំងវេទនា សញ្ញា សង្ខារ ក៏នៅប្រព្រឹត្តទៅតាមមុខក្រសួងតែរៀងខ្លួន ឯសង្ខារខន្ធគង់នៅទាំងវិញ្ញាណខន្ធក៏គង់នៅដែរ ប៉ុន្តែវិញ្ញាណបរិសុទ្ធណាស់ ព្រោះសេចក្ដីវង្វែង សេចក្ដីប្រាថ្នា សេចក្ដីដែលជាប់ជំពាក់និងភព សេចក្ដីស្អប់ខ្ពើ់មគុំគួន នោះបានកំចាត់បោះបង់ចោលជាស្រឡះ ដោយអំណាចសេចក្ដីព្យាយាមពីជាតិមុនៗ មកនិងដោយអំណាចសេចក្ដីចម្រើន មេត្តាភាវនាក្នុងជាតិនេះ កាលណាព្រះអរហន្តលោកទម្លាយខន្ធទៅនោះ ឥតមានប្រែប្រួលភាពអ្វីសណ្ឋានឡើយ ព្រោះកាលដែលរូបលោកនៅរស់នោះ លោកបានដល់ទៅមាត់ទ្វារព្រះនិព្វានទៅហើយ ។
សេចក្ដីប្លែកគ្នាត្រង់ដែលព្រះអរហន្ត លោកចេញពីនិព្វាន មានរូបចូលក្នុងនិព្វានឥតរូប នោះដូចមានសេចក្ដីដែលនឹងពណ៌នាទៅនេះ គឺនិព្វានដែលបានក្នុងកាលរូបរស់នៅនោះ ព្រះអរហន្តលោកនៅមានធាតុផ្សេងៗ ដែលមានរូបឬឥតរបបដែលផ្សំគ្នាឡើងជាអត្តភាព របស់មនុស្សនៅឡើយ គឺស្ថានត្រង់នេះហើយដែលយើងហៅថានិព្វាន មាន ឧបាទិ ឬថា សឧបាទិសេសនិព្វាន គឺថាមានខន្ធទាំងអស់គង់នៅដូចយ៉ាង រូបក្ខន្ធវេទនាខន្ធសញ្ញាខន្ធសំខារ និង វិញ្ញាណខន្ធ លុះវេលាដែលសេចក្ដីមរណៈមកដល់ក៏ ឧបាទិ ទាំងប៉ុន្មាន ដែលគង់នៅរលាយប្រាសចាកគ្នាទីទៃចេញលែងប្រមូលផ្គុំគ្នាជាថ្មីទៀតហើយព្រះអរហន្តក៏ចូលទៅក្នុងនិព្វានដែលគ្មាន ឧទាទិ ឬ អនុបាទិសេស-និព្វាន គេអាចនឹងថាដូច្នេះបាន ឯសេចក្ដីដែលលះបង់នូវ លោភ ទោស មោហ ចេញនោះជាទី អរហន្ត ឬជានិព្វានមានហើយសេចក្ដីដែលផុតទុក្ខផុតជាតិកំណើតនោះ ជាទីព្រះនិព្វានគ្មាន ឧបាទិ គម្ពីរ ទីឃនិកាយ សម្ដែងថាដូច្នេះរូបអង្គតថាគតនូវប្រព្រិត្តតទៅជាធម្មតាពិតមែនតែសេចក្ដីប្រាថ្នាក្នុងភពថ្មីនោះ បានកាច់បំបាក់ចោលជាស្រឡះ រូបអង្គតថាគតនៅប្រព្រឹត្តទៅដរាបណា មនុស្សនិងទេវតាទាំងឡាយក៏នៅឃើញតថាគត ដរាបនោះវេលាណាតែរូបអង្គតថាគតប្រែក្លាយទៅហើយទាំងមនុស្ស ទាំងទេវតា លែងបានឃើញសោះ ។ មុននិងយោបល់បញ្ចប់សេចក្ដីនោះ យើងត្រូវសាត្រឡប់មកនិយាយអំពីនិព្វាន ដែលបានតាំងពីកាលរូបរស់នៅជាមុននិព្វាននេះវិញ គឺថាក្នុងនិព្វានដែលសល់នូវខន្ធនេះ ព្រះអរហន្ត លោកសោ្យសុខក្នុងព្រះនិព្វានដែលលោកបានដល់នោះ ប៉ុន្តែគឺសោយតែពេលដែលលោកកំពុងធ្វើឈានប៉ុណ្ណោះទេ នៅវេលាដែលលោក ចេញពីឈានសម្មាបត្តិមកវិំញនោះ លោកក៏នៅចាំទាំងអស់ អំពីដែលលោកបានប្រទះឃើញក្នុងវេលាកំពុងធ្វើឈាន ប៉ុន្តែឯសេចក្ដីដែលប្រទះឃើញ ឬដែលបានប៉ះពាល់ទាំងប៉ុន្មាននោះ នឹងយកមកប្រែស្រាយជាភាសាសម្រាប់មនុស្សថាដូច្នេះ ដូច្នោះមិនកើត ព្រោះគ្មានពាក្យសម្រាប់មនុស្សលោកនឹងថាឲ្យចំ ។ មានពាក្យបុច្ឆាក្នុងគម្ពីរ ទិដ្ឋធម្មនិព្វាន ថាដើម្បីនឹងឲ្យបានដល់និព្វាននោះ តើត្រូវធ្វើដូចម្ដេច វិសជ្ជនា ថាដើម្បីឲ្យបានព្រះនិព្វាននោះត្រូវចម្រើនរូបឈាន ៤ និងអរូបឈាន ៤ ដែលហៅថា សម្មាបត្តិ ទាំង ៨ ប្រការនិង ឈានថ្នាក់បំផុត ១ ទៀតដែលហៅថា សញ្ញាវេទិយតនិរោធ ហើយដែលជាឈានផ្ទាល់នឹងតួព្រះនិព្វាន កាលដែលបានធ្វើឈានទាំងប៉ុន្មាននេះហើយ អ្នកដែលធ្វើឈានក៏បានដល់នូវព្រះអរហត្ត ហើយក៏បានទីជាព្រះអរហន្ត ក្នុងវេលានោះ ។ ឯឈានទាំងប៉ុន្មាននេះ បែបដូចជាសេចក្ដីហាត់តម្រង់នូវសន្ទុះ ឬកម្លាំងចិត្តរបស់មនុស្ស ឯកម្លាំងសន្ទុះរបស់ចិត្តនោះ អាចនឹងក្លាឡើងបាន ឬនិងថយទៅវិញបានតាមដោយព្យាយាមហាត់ឬដោយធ្វេសបោះបង់ចោល មានគណនាដូចជាគេហាត់ យកកម្លាំងពលំធម្មតារបស់ខ្លួនមនុស្សដោយក្បួនខ្នាតជាបែបហាត់ដូច្នោះដែរគឺថាបើព្យាយាមហាត់រាល់ៗ ថ្ងៃទៅនោះនឹងមានកម្លាំងពលំច្រើនឡើង ហើយបើធ្វេសបោះបង់ចោលទៅវិញនោះកម្លាំងក៏ដុនថយទៅវិញ ។
ក្នុង មហាទស្សនសុត្ត មានសម្ដែងអំពីឈានទាំង ៤ ថ្នាក់ខាងដើម គឺព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងប្រារព្ធនឹងព្រះមហាអាន្ទនថាដូច្នេះ ដើម្បីនិងឲ្យបានដល់បឋមជ្ឈាន ឬ ឈានថ្នាក់ទី ១ នោះត្រូវតាំងសមាធិ លះបង់នូវចិត្តអាក្រក់ គឺ និវរណ ទាំង ៥ ចោលទាំងអស់ហើយចម្រើននូវ សម្មាសតិ គឺសេចក្ដីរលឹកដ៏ប្រពៃ ឬ គំនិតត្រង់ដូចមានសម្ដែងក្នុង អដ្ឋង្គិកមគ្គ ឬផ្លូវដែលមានមែក ៨ នោះឯង ធ្វើដូច្នេះហើយនិងបានដល់នូវបឋមជ្ឈាន គឺជាសេចក្ដីស្រួលកាយស្រួលចិត្តឬសុខ និង សេចក្ដីឆ្អែតកាយ ឆ្អែតចិត្ត ឬបីតិដែលកើតឡើងដោយបានតាំងចិត្តក្នុងអារម្មណ៍តែ ១ ឬ ឯកគ្គតា ហើយនិងសេចក្ដីរំពឹង ឬ វិតក្កនិងសេចក្ដីដែលញ៉ាំងឲ្យនៅជាប់ក្នុងអារម្មណ៍ ឬ វិចារ ។ ចម្រើនអំពីនេះទៅទៀតដោយលះបង់នូវសេចក្ដីរំពឹង (វិតក្ក) និងសេចក្ដីដែលញ៉ាំងចិត្តឲ្យនៅក្នុងអារម្មណ៍ (វិចារ) ចេញនោះនឹងបានដល់ទៅ ទុតិយជ្ឈាន គឺជាសេចក្ដីស្រួលកាយស្រួលចិត្ត (សុខ) និងសេចក្ដីឆ្អែតកាយឆ្អែតចិត្ត (បីតិ) ដែលកើតឡើងដោយសេចក្ដីភ្លឺច្បាស់ គឺជាសេចក្ដីមូលអារម្មណ៍និងសេចក្ដីដែលមានចិត្តរីកឡើងឬស្ទុះខ្ពស់ឡើង ។ លះបង់នូវសេចក្ដីត្រេកក្នុងបីតិ ឬសេចក្ដីឆ្អែតកាយឆ្អែតចិត្តនេះ ចេញព្រះយោគាវចរក៏តាំងនៅក្នុងសេចក្ដីព្រងើយកន្តើយសោយអារម្មណ៍ជាសុខធ្វើជាម្ចាស់ចិត្តបាន ហើយក៏ដល់នៅថ្នាក់ឈានទី ៣ ឬ តតិយជ្ឈាន គឺជាសេចក្ដីដែលពេញចិត្តរីករាយឥតរង្គៀស ។
លុះវៀរចាកនូវសេចក្ដីស្រួលចិត្តគឺសុខចេញ ហើយលុះបង់នូវសេចក្ដីឈឺចាប់គឺទុក្ខចោល មិនត្រេកអរនិងសុខ មិនទោមនស្សនឹងទុក្ខ នោះព្រះយោគាវចរក៏បានដល់ទៅឈានថ្នាក់ទី ៤ ឬចតុជ្ឈាន គឺជាសេចក្ដីដែលឈ្នះចិត្តឬជាម្ចាស់ចិត្តរបស់ខ្លួនដោយពិតប្រាកដ នឹងជាសេចក្ដីដែលភ្លឺច្បាស់ពិតប្រាកដ ។ អារម្មណ៍ទាំងប៉ុន្មាន ដែលជាប់ជូនទៅជាមួយនឹងឈានទាំង ៤ ថ្នាក់ខាងដើមដែលព្រះយោគាវចរបានចម្រើននោះ បានឈ្មោះហៅថាអារម្មណ៍ ៤ គ្មានទីបំផុត ឬ អប្បមាណារម្មណ៍ អារម្មណ៍ទាំងនេះជាឥស្សរភាព ក្នុងកិរិយាប្រព្រឹត្តទៅជាប្រក្រតីរបស់ព្រះយោគាវចរដែលទៅកាន់ព្រះនិព្វាន ។
ឯសម្មាសមាធិ ឬភាវនាដ៏ប្រពៃនោះ គឺមែកទី ៨ នៃ អដ្ឋង្គិកមគ្គ ឬផ្លូវដែលបែកមែក ៨ នោះឯង ។
ឯថ្នាក់ឈានដែលតពីនេះទៅទៀតនោះ នាំព្រះយោគាវចរដែលធ្វើឈានឲ្យបានដល់ទៅអរូបភព ឈាននោះត្រូវចម្រើននូវអាកាសទទេមិនចេះផុតគឺ អាកាសនញ្ចាយតន ចិត្តមិនចេះផុត វិញ្ញាណញ្ចាយតន នឹងសេចក្ដីដែលមិនមាននៅសល់អ្វីទាំងអស់ គឺ អកិញ្ចញ្ញាយតន ដើម្បីនឹងបានដល់ទៅសភាពដែលមានវិញ្ញាណជាកណ្ដាលនៃសេចក្ដីកត់សម្គាល់ដែលហៅថា នេវសញ្ញានា- សញ្ញាយតន ឯថ្នាក់ចុងបំផុតនោះគឺសមាធិបំបាត់នូវសញ្ញានិងវេទនា គឺថារំលត់នូវសេចក្ដីដែលដឹង ក្នុងវេលានោះហើយដែលព្រះយោគាវចរបានដល់នូវព្រះអរហត្ត គឺបានសម្រេចនូវនិព្វាន ។
ត្រូវតែសម្គាល់ថាឯកិរិយា ដែលហាត់ធ្វើឈានថ្នាក់ដំបូងទាំងប៉ុន្មាននោះ មិនមែនជាហាត់បានហើយ នាំឲ្យបានឈានទីថ្នាក់បំផុតទាំងប៉ុន្មាននោះទៀតឡើយ គម្ពីរព្រះ អភិធម្ម មានសម្ដែងដោយជាក់ច្បាស់ណាស់អំពីរឿងនេះ គឺថាកិរិយាដែលនឹងធ្វើឈានទាំងប៉ុន្មានខាងក្រោយនោះ មានតែអ្នកបួសប៉ុណ្ណោះទើបអាចនឹងធ្វើបាន ឯជនដែលជាឃរាវាសទោះបីបានហាត់ធ្វើឈានថ្នាក់ខាងដើមទាំងប៉ុន្មានឲ្យស្ទាត់ដូចម្ដេចក្ដី ក៏គង់តែនឹងចម្រើននូវ អាកាសានញ្ចយតន ឬ វិញ្ញាណញ្ចយតន ។ល។ មិនបាន ។ គួរយើងចាំទុកថា ឯព្រះអរហន្តដែលចូលឈាននោះ មិនមែនជាកិរិយាដែលខ្លួននៅនឹងស្ដូកឥតវិញ្ញាណ ឥតស្មាតី ដូចយ៉ាង ដែលអ្នកតែងសៀវភៅរឿងពុទ្ធសាសនាជាតិយូរុប គេធ្លាប់ជឿមកនោះឡើយ ព្រោះគម្ពីរព្រះអភិធម្មមានសម្ដែងថា ព្រះអរហន្តមានញ្ញាណយ៉ាងខ្ពស់ ១ ដោយអំណាចកិរិយាដែលបានឃើញច្បាស់ឥតទើសទាស់ ដែលដែលហៅថា វិបស្សនាញាណ នោះឯង ។
គម្ពីរ ន្យាតិលោក មានសម្ដែងថា អ្នកឯណាដែលបានលះបង់នូវ និវរណធម៌ ចោលបាន ឈ្មោះថាជាត្រិះរិះដ៏ប្រពៃ ។
ឯសេចក្ដីដែលឈ្នះនូវចិត្តដោយដាច់ខាត សេចក្ដីដែលបានសម្រេចព្រះអរហត្ត នោះហើយជាគោលបំផុតរបស់ឈាន ។
សេចក្ដីត្រង់នេះមានពាក្យចោទនេះបើទោះជាមិនមែនរកមិនឃើញ ក៏លំបាកនឹងឆ្លើយឲ្យចំ ដូចជាពាក្យដែលថានិព្វាននោះដែរ ប៉ុន្តែសេចក្ដីវិសជ្ជនាក្នុងស្ថាននេះ នាំឲ្យឃើញផ្លូវជាក់ច្បាស់ទៅក្នុងនិព្វានឯពាក្យចោទនោះថាដូច្នេះ អ្វីដែលចូលនិព្វាននៅវេលាក្រោយដែលទម្លាយខន្ធទៅ ។ សេចក្ដីត្រង់នេះយើងមិនអាចនឹងហ៊ានថា យើងឆ្លើយត្រូវឡើយដោយហេតុសេចក្ដីនេះ មានពាក្យជជែកមិនដាច់ស្រេច តាំងអំពីកើតព្រះពុទ្ធសាសនាម្ល៉េះ មានសេចក្ដីងឿងឆ្ងល់នោះក៏ច្រើន ហើយមានសេចក្ដីដែលគេបានវិនិច្ឆ័យក៏ច្រើន ឯចំណែកយើងនោះ យើងគ្រាន់តែយកសេចក្ដីវិនិច្ឆ័យ ទាំងនោះខ្លះមកធៀបគ្នា ហើយស្រង់យកសេចក្ដីផ្សេងៗ ដោយអាងដល់គម្ពីរខ្លះដែលត្រឹមត្រូវនោះ ឯចំណែកអ្នកទាំងឡាយរាល់គ្នាមានឯកចិត្តរៀងខ្លួននឹងជឿថាដូចម្ដេចៗ ហើយនឹងបង្កើតជាគំនិតថ្មី ១ បានតាមដែលខ្លួនយល់ឃើញថាគួរ ។ ជំនុំធាតុទាំងឡាយផ្សេងៗ ដែលជានាមធម៌ដែលគេបានជឿមកថាមានដោយពិតនិងសេចក្ដីដែលផ្ទេរជាតិឬ ផ្លាស់ជាតិពី ១ ជាតិទៅ ១ ជាតិទៀតព្រមទាំងផ្លូវដែលចូលទៅនិព្វាន គឺថាធាតុដែលសល់នៅជាក្រោយដែលស្លាប់នោះ ជាធាតុដដែល ដែលមានតាំងអំពីដើមរៀងមក នោះមានឈ្មោះដូចខាងក្រោយនេះ គឺ ៖ ពាក្យថា "អាត្ម័ន" ខ្មែរធ្លាប់ហៅ អាត្មា នោះជួនកាលគេប្រែហៅព្រលឹង ប៉ុន្តែក្នុងវេលានេះ យើងយកសព្ទដែលសម្រាប់ប្រើក្នុងសាសនាដូចយ៉ាងដែលគេធ្លាប់ប្រើក្នុងប្រទេសយូរុបនោះមកនិយាយ ។
គម្ពីរក្នុងពុទ្ធសាសនាមិនទទួលស្គាល់ ឬមិនជឿថាមានអាត្ម័នឡើយ ត្រង់នេះមានបុច្ឆាថា ចុះហេតុអ្វីបានជាព្រះសព្វញ្ញូពុទ្ធមិនព្រមទទួលឆ្លើយអំពីដែលថាលោកទៀង ឬមិនទៀង ឬ ១ ក៏គេសម្គាល់ថាលោកនោះហើយជាអាត្ម័ន ឬជាខ្លួនប្រាណ ប្រសិនបើជាដូច្នេះនោះបើជាគ្មានអាត្ម័ន យើងមិនបាច់និយាយអំពីលោកនោះដែរ គឺថាលោកនោះក៏គ្មានដូចគ្នា ។ ពាក្យថាវិញ្ញាណដែលគេតែងប្រែថាសេចក្ដីដឹង ឬប្រាជ្ញានោះតាមដោយគម្ពីរផ្សេងៗ ក្នុងពុទ្ធសាសនាថាវិញ្ញាណនោះហើយ ជាអគ្គនាយកនៃកិរិយាផ្លាស់ជាតិ ១ ទៅជាតិ ១ (សំយុត្តនិកាយ) ក្នុង ១ ជាតិៗ របស់មនុស្សនោះ វិញ្ញាណនេះឯងជាខន្ធ ១ ដោយមានធាតុឯទៀតផ្សេងៗ ចូលផងគឺ រូបក្ខន្ធ វេទនាចន្ធ សញ្ញាខន្ធ សំខារខន្ធ ដែលធ្វើឲ្យយើងភាន់ច្រឡំថាមានខ្លួនប្រាណវិញ្ញាណនេះ បណ្ដាលមកពី សញ្ញាខន្ធ ពី វេទនាខន្ធ ពី សំខារខន្ធ ដែលវិញ្ញាណឯងបានត្រួតបញ្ជាក់ម្ដងទៀត ដូច្នេះឃើញថាហាក់ដូចជាវិញ្ញាណនេះជាឥស្សរភាព ក្នុងប្រជុំធាតុទាំងឡាយរបស់មនុស្ស រឿង ឃោធិកភិក្ខុ ដែលមានសម្ដែងក្នុងគម្ពីរ ទីឃនិកាយ មានសេចក្ដីថាដូច្នេះ ខ្លួនខ្ញុំជារូបដែលអាស្រ័យដោយប្រជុំ ៤ នៃធាតុ កើតឡើងដោយបិតានិងមាត រស់នៅដោយអាហារ ហើយមានធម្មតាឬមានជាតិត្រូវតែរលាយទៅវិញ ឯវិញ្ញាណរបស់ខ្ញុំដែលមកជាប់នៅជាមួយនោះ នៅជាប់និងខន្ធទាំងនោះ មានសេចក្ដី ១ ដែលព្រះសម្មាសម្ពុទ្ធសម្ដែងប្រារព្ធនឹងមហា អានន្ទ ក្នុងគម្ពីរ ទីឃនិកាយ នោះ ច្បាស់លាស់គឺទ្រង់សួរមហា អានន្ទ ថា ម្នាល អានន្ទ ចុះប្រសិនបើវិញ្ញាណមិនបានចូលទៅក្នុងគភ៌នៃមាតា តើនាមនឹងរូបអាចតាក់តែងនៅក្នុងគភ៌នៃមាតាដែរឬអ្វីព្រះមហា អានន្ទ ឆ្លើយថានាមនិងរូបមិនអាចតាក់តែងនៅបានឡើយ ព្រះសព្វញ្ញូពុទ្ធទ្រង់សួរទៀតថា ចុះប្រសិនបើវិញ្ញាណនោះចូលទៅក្នុងផ្ទៃ នោះហើយតែលុះក្រោយមកក៏ចេញចាកបោះបង់ទីកន្លែងនោះវិញ បើដូច្នេះតើនាមនិងរូបអាចកើតឡើងបានឬមិនបាន មហា អានន្ទ ឆ្លើយទូលតបវិញថាកើតមិនបានទេ វេលានោះព្រះបរមគ្រូទ្រង់សួរតទៅទៀតថា ចុះប្រសិនបើវិញ្ញាណដែលមានក្នុងកុមារាឬកុមារីនោះ បោះបង់ទីកន្លែងចោលចេញ តើនាមរូបនោះប្រព្រឹត្តទៅបានឬទេ មហា អានន្ទ ឆ្លើយតបទៀតថាប្រព្រឹត្តទៅមិនបានទេព្រះអង្គ ។
គម្ពីរដដែលនេះសម្ដែងថា ឯវិញ្ញាណ នោះគឺជាធម្មជាតិដែលគ្មានចំនួនដែលទីបំផុត ដែលជាពន្លឺទូទៅ គឺជាធម្មជាតិដែលមិនមែនជាទឹក មិនមែនជាដី មិនមែនជាភ្លើង មិនមែនជាខ្យល់ និង ថាជាធំក៏មិនបានតូចក៏មិនបាន ខ្សោយក៏មិនបាន ខ្លាំងក៏មិនបាន ល្អក៏មិនបាន អាក្រក់ក៏មិនបាន គឺថាជាធម្មជាតិដែលកើតរលត់ជាមួយគ្នានឹងនាមរូប ។ ប៉ុន្តែបើនាមនឹងរូបប្រាស្រ័យនិងវិញ្ញាណ ឯវិញ្ញាណក៏ប្រាស្រ័យនិងនាមរូបដែរ ។ ព្រះបរមសាស្ដាចារ្យទ្រង់សួរមហា អានន្ទ ថាម្នាល អានន្ទ ចុះប្រសិនបើវិញ្ញាណលែងពឹងពាក់អស្រ័យនិងនាមរូប តើជាតិជរាមរណដែលជាដើមឫសរបស់ទុក្ខ និងនៅមានតទៅទៀតដែរឬអ្វី មហា អានន្ទ ឆ្លើយតបវិញថា ជរាព្យាធិនិងមរណមិនមានទៀតឡើយ បើដូច្នេះម្នាល អានន្ទ នេះហើយជាហេតុនេះហើយជាតួ នេះហើយជាដើមឬស នេះហើយជាគោលរបស់វិញ្ញាណគឺនាមនិងរូបនេះឯងហើយ ។
មានពុទ្ធបរិស័ទ្ធ ១ អង្គឈ្មោះ សាតិ ជឿថាវិញ្ញាណរបស់មនុស្សសព្វថ្ងៃនេះ ជាវិញ្ញាណដែលជាប់តគ្នាមកពីវិញ្ញាណកាលជាតិមុនៗ គម្ពីរ មជ្ឈិមនិកាយសម្ដែងថាសេចក្ដីជឿនេះជាសេចក្ដីជឿខុស ។
មានគម្ពីរខ្លះក្នុងពុទ្ធសាសនា ដូចយ៉ាងគម្ពីរ មជ្ឈិមនិកាយ និង អភិធម្មកោស សម្ដែងថាវិញ្ញាណនោះ បណ្ដាលមកអំពី គន្ធវូ ដែលជាធម្មជាតិល្អិតក្រៃលែងចេញមកពីខ្លួនមនុស្សម្នាក់ ដែលទៅបដិសន្ធិក្នុងភពថ្មី ប៉ុន្តែកន្លែងត្រង់នេះ មិនបានសម្ដែងឲ្យច្បាស់ឡើយ ។
មានតែធាតុម្យ៉ាងទៀតដែលហៅថា សត្ត នោះជួនកាលគេហៅថាជាធម្មជាតិដែលទៀងជានិច្ចរបស់អត្តភាព ប៉ុន្តែឯសត្តនេះ ក៏មិនប្លែកពីអាត្ម័ន មិនប្លែកពីជីវ មិនប្លែកពីបុគ្គលឡើយ គឺថាឈ្មោះទាំងប៉ុន្មាននេះ សំដៅទៅលើអត្តភាពតែ ១ ប៉ុណ្ណោះប៉ុន្តែគម្ពីរទាំងអស់មិនបានសម្ដែងឲ្យជាការដាច់ស្រេចសោះ ។ ក្នុងគម្ពីរ អភិធម្មកោស សម្ដែងថាព្រះនាគសេនលោកពោលថា ធម្មជាតិដែលរស់នៅឬជីវនោះគ្មានទេ ហើយបើគ្មានដូច្នេះ ឲ្យថាជីវនោះមានសណ្ឋានដូចជារូប ឬប្លែកគ្នាពីរូបដូចម្ដេចបាន ។
ដូច្នេះឃើញថា បើជាជាតិកំណើតរបស់មនុស្សនីមួយៗ អាស្រ័យដោយអំពើឬកម្មរបស់ខ្លួនតាំងពីជាតិមុនៗ មកនោះ ក៏គ្មានធម្មជាតិណាមួយដែលចេញផ្ទាល់ពីជាតិមុនៗ នោះឡើយ គឺថាបុគ្គលដែលបានសោយនូវផលកម្មក្នុង ១ ជាតិៗ នោះមិនមែនជាតួបុគ្គលដែលធ្វើកម្មនោះឡើយ ប៉ុន្តែបុគ្គលនោះមិនមែនជាបុគ្គលដទៃទេ គឺធម្មជាតិដែលទាក់ទងតៗ គ្នា ។
ឯវិញ្ញាណនិងធាតុឯទៀតនោះ សុទ្ធតែជារបស់បណ្ដោះអាសន្នទាំងអស់ ប៉ុន្តែធាតុទាំងប៉ុន្មាននេះហើយដែលប្រាស្រ័យគ្នានឹងធាតុផ្សេងៗ អំពីជាតិមុន រលកនៅក្នុងសមុទ្រនោះមិនមែនកើតដោយទឹកដែលផ្លាស់កន្លែងឡើយ គឺកើតអំពីអាការដែលទឹកកម្រើកជួនតគ្នាទៅ ឯទឹកនោះឥតមានផ្លាស់កន្លែងឡើយ នៅតែកន្លែងដដែលដូចពីដើម ឯជាតិរបស់មនុស្សវិញក៏មានសណ្ឋានដូចគ្នាដែរ គឺជាអាការដែលកម្រើកជូនតគ្នានោះឯងឥតមានអ្វីដិតជាប់ទៅជាមួយអាការនោះឡើយ សេចក្ដីនេះឃើញថាជាការលំបាកនឹងនិយាយឲ្យស្រឡះ អំពីសេចក្ដីទាក់ទងនៃភពពី ១ ទៅ ១ លំបាកនិងគិតអំពីចំណោទខាងក្រោយនេះណាស់ គឺចំណោទដែលចោទថា តើធាតុអ្វីដែលចូលទៅក្នុងនិព្វាននោះ ត្រង់នេះ យើងមានសេចក្ដីដែលយើងមិនស្គាល់ ២ យ៉ាងនៅចំពោះមុខយើង គឺធាតុដែលចូលទៅកាន់និព្វាននោះ ១ ហើយតួព្រះនិព្វាននោះ ១ សេចក្ដីទាំង ២ នេះយើងមិនបានស្គាល់ទាំងអស់ ។
អំពីនិព្វានរបស់ អរហន្ត ដែលហៅថា សឧបាទិសេសនិព្វាន ឬនិព្វាននៅ ឧបាទិ នោះ យើងបានដឹងថាព្រះអរហន្តលោកនៅមាន អាយតន ទាំងអស់នៅមានប្រាជ្ញាមានវិញ្ញាណ ដែលសម្អិតសម្អាងដោយផ្ចិតផ្ចង់ ហើយម្យ៉ាងទៀតព្រះអរហន្តលោកមានទាំងអានុភាពយ៉ាងខ្ពស់ផង ប៉ុន្តែលុះព្រះអរហន្ត លោកចូលទៅកាន់ព្រះនិព្វានដែលគ្មាន ឧបាទិ ឬ អនុបាទិសេសនិព្វាន នោះ តើ់ដូចម្ដេចទៅវិញ ត្រង់នេះ គម្ពីរ សំយុគ្គនិកាយ មានសម្ដែងសេចក្ដី ២ បទដូចមានខាងក្រោម ។
បទទី ១ ថា កាលនោះមានពុទ្ធបរិស័ទ ១ អង្គចូលនិព្វាន ហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្ដែងថា រូបក្ខន្ធ នោះធ្លាយអស់ទៅហើយ វេទនាខន្ធ ក៏ស្វិតស្រពោនអស់ សញ្ញាខន្ធ ក៏រលត់ សំខារខន្ធ ក៏ឈប់សម្រាក វិញ្ញាណខន្ធ ក៏ចូលអាស្រ័យក្នុងទីជ្រក ។
បទទី ២ ថា កាលនោះមានពុទ្ធបរិស័ទ ១ អង្គនាមថា គោធិក ភិក្ខុចូលនិព្វានដោយធ្វើនូវអត្តឃាដ ហើយព្រះសម្មាសម្ពុទ្ធទ្រង់មានបន្ទូលប្រារព្ធនិងពុទ្ធបរិស័ទទាំងឡាយថា តើវិញ្ញាណរបស់ គោធិក នេះទៅចូលជ្រកក្នុងទីណា គោធិក ចូលនិព្វានហើយៗ វិញ្ញាណរបស់ គោធិក នេះឥតសល់ ជ្រកនៅក្នុងទីណាឡើយ ។
ក្នុងនិទានទាំង ២ បទខាងក្រោយនេះ ខ្ញុំសម្គាល់ឃើញថាបទទី ១ ដែលសម្ដែងថា វិញ្ញាណចូលឈប់សម្រាក នោះមិនមែនត្រូវយល់ថាជាគ្មានវិញ្ញាណ ឬ ថាសូន្យវិញ្ញាណឡើយ ហើយបទទី ២ ដែលសម្ដែងថា វិញ្ញាណឥតសល់ជ្រកនៅក្នុងទីត្រង់ណា នោះត្រូវយល់ថាឥតសល់នៅក្នុងភពយើងវិញ ព្រោះនិព្វានជាភពដទៃ ។
សេចក្ដីទាំងនេះនាំយើងឲ្យនឹកឃើញពាក្យបុច្ឆាខាងក្រោយនេះទៀត គឺពាក្យដែលថា ព្រះនិព្វាននោះជាអ្វិ មានសណ្ឋានដូចម្ដេច ព្រះសម្មាសម្ពុទ្ធសម្ដែងទុកថាអ្វីៗ ទាំងអស់សុទ្ធតែមិនទៀងជា អនិច្ចំ ទាំងអស់ប៉ុន្តែមិនទៀងតែក្នុងលោកនេះទេ តពីសេចក្ដីនេះមក យើងត្រូវពិចារណាសួរខ្លួនយើងថា ចុះអ្វីៗដែលមិនមែនជាក្នុងលោកនេះតើជាធាតុទៀងឬទេ ជាធាតុមិនស្លាប់ឬទេ ជាអមតាធាតុឬទេ មាននិទាន ១ សម្ដែងថាដូច្នេះ ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយអើយ ឯសេចក្ដីដែលមិនកើតឡើង មិនកឡើងមិនតាក់តែងឡើង មិនបដិសន្ធិឡើងនោះមានពិតហើយប្រសិនបើគ្មានធម៌ដែលមិនកើតនោះ រីជាតិដែលកើតឡើងហើយ រកទីបំផុតគ្មានឡើយ ប៉ុន្តែបើមានធម៌ដែលមិនកើតដូច្នេះហើយ ក៏មានទីបំផុតដូចគ្នា ។
ក្នុងគម្ពីរទាំងប៉ុន្មាន យើងមិនមានឃើញសេចក្ដីឯណាដែលសម្ដែងឲ្យច្បាស់លាស់ជាងនេះទៅទៀតឡើយ យើងយល់ឃើញថា គួរតែទុកដាក់សេចក្ដីទៀង ដែលមានសភាពផ្ទុយគ្នានឹងសេចក្ដីមិនទៀង ក្នុងលោកនេះថាជាគូគ្នានឹងព្រះនិព្វាន ដែលមិនមែនជាក្នុង លោកនេះ និព្វានគឺជាសេចក្ដីមិនប្រែប្រួល គឺជាសេចក្ដីដែលមិនកើតទៀត គឺជាសេចក្ដីដែលមិនតាក់តែងឡើងដោយអំពើកាលជាតិមុនៗ ។
ជាមុននិងវិនិច្ឆ័យសេចក្ដីដោយច្បាស់ឬមិនសូវច្បាស់ តាមស្ថានទាំងប៉ុន្មាន ដែលបានពោលក្នុងមកនេះហើយ យើងត្រូវពិចារណារិះរកសេចក្ដីនេះ ១ សិន គឺសេចក្ដីដែលចោទថា ចុះហេតុអ្វីបានជាព្រះសព្វញ្ញូពុទ្ធមិនបានសម្ដែងឲ្យច្បាស់ប្រាកដ អំពីធាតុទាំងប៉ុន្មានដែលប្រាសចាករូប ១ ទៅកាន់រូប ១ ទៀតអំពីធាតុណាដែលទៅកាន់ព្រះនិព្វាន ហើយព្រះនិព្វាននោះដូចម្ដេចខ្លះ ។
ដែលសួរយ៉ាងដូចនេះ មិនជាខុសឆ្គងយ៉ាងណាទេ ប៉ុន្តែយើងបានដឹងថាមានសេចក្ដីខ្លះ ដែលជាឥតប្រយោជន៍ដល់ព្រះសម្មាសម្ពុទ្ធ ព្រោះថាសេចក្ដីទាំងនោះជាការហួសនិស្ស័យរបស់មនុស្ស គឺប្រាជ្ញាចាក់មិនដល់ លើកតែព្រះអរិយបុគ្គល ដែលលោកបានដល់ថ្នាក់បំផុតនៃព្រះអរហន្ត កាលណាតែមានពុទ្ធបរិស័ទណា ១ ទូលសួរព្រះអង្គអំពីសេចក្ដីណាដែលប៉ះពាល់ដល់បរមត្ថកថានោះ ព្រះអង្គមិនព្រមឆ្លើយតាមពាក្យសួរនោះឡើយ លុះពុទ្ធបរិស័ទ ១ អង្គនាមថា មាលុនក្យាបុត្ត បង្គំទូលសួរព្រះអង្គៗ មានបន្ទូលថាដូច្នេះ ចុះតថាគតបានអនុញ្ញាតអ្នកឲ្យខំរិះគិតអំពីលោក តើទៀងឬមិនទៀង ជាមានទីបំផុតឬគ្មានទីបំផុតឬអ្វីតថាគតបានអនុញ្ញាតឲ្យអ្នកគិត ថាជីវ ឬធម្មជាតិដែលរស់នៅនោះ មានសណ្ឋានដូចជារូបឬមិនដូចឬអ្វី ថាព្រះអរហន្តរស់នៅជាក្រោយដែលទម្លាយបញ្ចខន្ធទៅ ឬមិនរស់នៅឬជារស់នៅ និងមិនរស់នៅព្រមគ្នាឬអ្វី មាលុនក្យាបុត្ត ទូលតបវិញថា ព្រះអង្គមិនបានអនុញ្ញាត ឲ្យគិតអំពីសេចក្ដីទាំងប៉ុន្មាននោះឡើយ បានជាតថាគតមិនបានពន្យល់អ្នកអំពីផ្លូវទាំងនេះ ព្រោះវិជ្ជាទាំងនេះឥតមានប្រយោជន៍អ្វីដល់ផ្លូវព្រះអរិយឡើយ ហើយមិនមែនជាសេចក្ដីសុខ មិនមែនជាសេចក្ដីត្រាស់ដឹងឬពន្លឺទេ ដែលជាមានប្រយោជន៍ក្នុងផ្លូវទាំងប៉ុន្មាននេះ គឺធម៌ទាំងប៉ុន្មានដែលតថាគតបានសម្ដែងហើយអំពី ទុក្ខសច្ច គឺសេចក្ដីពិតអំពីទុក្ខ ឬកិរិយាឈឺចាប់ និរោធសច្ច គឺសេចក្ដីពិតអំពីកិរិយាដែលរលត់ទុក្ខឬរលត់សេចក្ដីឈឺចាប់ និរោធសច្ច គឺសេចក្ដីពិតអំពីផ្លូវដែលនាំទៅកាន់ទីរលត់ទុក្ខ ឬរលត់សេចក្ដីឈឺចាប់ ដោយហេតុនេះ ម្នាល មាលុនក្យាបុត្ត អ្វីៗ ដែលតថាគតមិនបានសម្ដែង នោះត្រូវទុកឲ្យនៅជាមិនបានសម្ដែងដូច្នោះចុះ (មជ្ឈិមនិកាយ) ។
អ្នកឯណាដែលប្រាថ្នានិងរិះគិតអំពីផ្លូវទាំងប៉ុន្មានដែលព្រះសម្មាសម្ពុទ្ធមិនបានសម្ដែង ដោយព្រះអង្គយល់ឃើញថាឥតប្រយោជន៍ នោះត្រូវពិចារណាដល់សេចក្ដីដែលព្រះអង្គបានឆ្លើយនឹង មាលុនក្យាបុត្ត ខាងលើនេះ ឯរឿងរ៉ាវកាលអំពីព្រះបរមគ្រូប្រថាប់នៅក្នុងព្រៃសំសាបានោះ ធ្វើឲ្យយើងយល់បាន ព្រះអង្គក៏បានរិះគិតអំពីសេចក្ដីទាំងនេះដែរ ហើយទ្រង់ឃើញច្បាស់នូវសេចក្ដីទាំងនោះឥតចន្លោះ គឺកាលនោះព្រះអង្គសម្ដែងប្រារព្ធនឹងពុទ្ធបរិស័ទទាំងឡាយថា ឯស្លឹកឈើសំសាបាដែលតថាគតក្ដាប់ក្នុងព្រះហស្ដ មានចំនួនតិចជាងស្លឹកដែលជាប់នៅលើដើមមានប្រការយ៉ាងណា រីធម៌ដែលតថាគតបានសម្ដែងប្រាប់អ្នកទាំងឡាយ រាល់គ្នាក៏មានប្រការដូច្នោះដែរ គឺថាធម៌ដែលបានសម្ដែងនោះតិចតួចស្ដួចស្ដើងណាស់ រីធម៌ដែលតថាគតបានឃើញជាច្រើនអនេកឥតគណនា ។
ក្នុងគម្ពីរ មិលិន្ទបញ្ហា នោះយើងបានឃើញ សេចក្ដីដែលនិយាយតគ្នាពីបទដែលសម្ដែងខាងលើមករួចហើយ គឺព្រះបាទក្រុងមិលិន្ទសង្ស័យ អំពីរឿងដែលព្រះសម្មាសម្ពុទ្ធមិនព្រមឆ្លើយប្រាប់ដល់ មាលុនក្យាបុត្ត ហើយព្រះនាគសេនឆ្លើយតបទៅវិញថា ឯចំណោទ ឬសេចក្ដីចោទសួរនោះមាន ៤ យ៉ាង ។
១- គឺចំណោទ ដែលគេអាចនឹងឆ្លើយប្រាប់ដោយត្រង់ហើយឲ្យជាក់ច្បាស់ ។
២- គឺចំណោទដែលគេនឹងពន្យល់បានលុះតែពិនិត្យមើលដោយល័កថាន ។
៣- គឺចំណោទ ដែលគេនឹងពន្យល់បានលុះតែធៀបទៅនឹងចំណោទឯទៀត ដូចគ្នាដែលបានរកឃើញហើយ ។
៤- គឺចំណោទដែលត្រូវតែជៀសវាងចេញឲ្យឆ្ងាយ ដូចជាសេចក្ដីចោទសួរអំពីលោកជាផុតឬមិនផុត រូប និង ជីវ តើមានសណ្ឋានដូចគ្នាឬមិនដូច ។ល។
ក៏ឯសេចក្ដីដែលទូលសួរអំពីព្រលឹងនៅមាន ឬ មិនមាននិងគុណជាតិរបស់ព្រះនិព្វាននោះ ចូលទៅក្នុងចំណោទដែលព្រះសម្មាសម្ពុទ្ធមិនព្រមទទួលឆ្លើយឡើយ ។ ជាមុននិងទៅឆ្ងាយពីនេះទៅទៀត យើងត្រូវពិចារណាមើល ថាឯសេចក្ដីដែលថាមិនចំ ដែលគ្មានអ្នកណាថាឲ្យប្រាកដជាអ្វីនោះ មិនមែនមានតែក្នុងក្បួនខ្នាតក្នុងពុទ្ធសាសនាឡើយ ឯក្នុងវិទ្យាសាស្ត្ររបស់យើងក្នុងប្រទេសយូរុប ក៏មានសណ្ឋានដូចគ្នាដែរ វេលាណាប្រារព្ធដល់សេចក្ដី ដែលនិយាយអំពី វិញ្ញាណ ឬ ចិត្តនោះ សេចក្ដីមិនច្បាស់ប្រាកដមានក្នុងពេលនោះហើយ ហើយតោងយកវិធីយ៉ាងចង្អៀត មិនមែនជាវិធីយ៉ាងងាយយល់យកមកនិយាយ យើងមិនដឹងជាដោយហេតុអ្វី បានជារូបទាំងឡាយដែលមកប៉ះពាល់ដល់ចក្ខុ ហើយទៅបាន ឯសញ្ញាឯណោះជាអ្នកកត់សម្គាល់វិញ អំពីប្រាជ្ញាស្មារតីនោះយើងមិនអាចនិងដឹងឡើយ ក្នុងសាសនាកាត្តូលិក គេមិនបានសម្ដែងអំពីបែបយ៉ាងឋានសួគ៌ និងឋាននរកឲ្យជាការច្បាស់លាស់ទេ ហើយអ្នកឯណាដែលមើលសេចក្ដី ដែលអធិប្បាយ អំពីឋានទាំងនោះបានសេចក្ដីផ្សេងពីគ្នា តាមយោបល់តែរៀងខ្លួន ព្រោះសេចក្ដីដែលសម្ដែងនោះ មានសភាពព្រលាំមិនពិស្ដារ ឲ្យជាការដាច់ខាតឡើយ ។
ឯយោបល់យល់ឃើញរបស់យើង ដែលយើងខំប្រឹងទាញយកមកនោះ គឺយើងគិតនិយាយឲ្យតែខាងស្រួលស្ដាប់ គឺជាកាលជាន់ដើមបំផុតនោះ ព្រះពុទ្ធសាសនា ជាសាសនាដែលមានធម៌អាថ៌ងាយនឹងរៀនសូត្រណាស់វិធីដំបូង មិនមែនជាផ្លូវបរមត្ថទាំងអស់ ដែលស្មូញស្មាញក្រងិក្រងក់នោះឡើយ គឺជាវិធីសណ្ដាប់ដល់ មហាជនទាំងអស់ គឺជាក្បួនដែលធ្វើខ្លួនឲ្យរួចអំពីទុក្ខ ដោយប្រព្រឹត្តតាមសិក្ខាបទផ្សេងៗ ដែលមានសេចក្ដីពិតប្រាកដនៅក្នុងនោះ ទាំងនេះហើយជាសម្បត្តិដើមរបស់ព្រះពុទ្ធសាសនា លុះតក្រោយមកជាច្រើនតមនុស្ស ក៏សេចក្ដីឆ្ងល់សេចក្ដីសង្ស័យរបស់មនុស្ស នាំឲ្យធម៌ទាំងនោះចង្អៀតទៅអស់ច្រឡំវិធីសាសនាចូលគ្នាទៅទៀត បោះបង់ឯសម្បត្តិដើមដែលស្រណុកនិងរៀន ស្រណុកនិងគិត ទៅយកសេចក្ដីដែលលំបាកនឹងពិចារណាមកគិតវិញ ឧបមាដូចជាគេចចង់ដឹងថា តើតាបសដែលប្រាថ្នានឹងធ្វើនូវអំពើអត្តឃាដនោះត្រូវប្រើខ្សែ កាំបិត ឬអត់បាយឲ្យស្លាប់ ឬលោតទៅក្នុងជ្រោះភ្នំ ស្ថានទាំងនេះមានបែបដូចជាក្នុងប្រទេសយូរុប ក្នុងមជ្ឈិមកាលដែរគឺគេជជែកពិគ្រោះគ្នា អំពីការដែលឥតប្រយោជន៍ហើយជួនកាលឥតសមគួរផង អំពីសាសនាកាត្តូលិក មានជជែកហួសអំពីសេចក្ដីបញ្ញាតិដែលព្រះគ្រិស្ដបានលាក់ទុកទៅទៀត ។
បើដូច្នេះឃើញថាអំពីបរិនិព្វាននេះ យើងគ្មានអ្វីជាប្រាកដឡើយ ឯគម្ពីរដីកានានា ក្រៅពីគម្ពីរទាំងប៉ុន្មានដែលបានពោលក្នុងសេចក្ដីនេះ ក៏សម្ដែងតែត្រឹមថា ព្រះនិព្វាននេះជាភាពសណ្ឋានក្រៅអំពីមនុស្សលោកយើង ។
មានឧទាន ១ សម្ដែងថា ឯព្រះនិព្វាននោះគឺជាកន្លែងដែលគ្មានទឹក ដី, ភ្លើង, ខ្យល់, មិនជាអាកាសទទេ, មិនមែនជាវិញ្ញាណទទេ, មិនមែនជាគ្មានអ្វីសោះ, មិនមែនជាអសញ្ញា, មិនមែនជាលោកឯណេះមិនមែនជាលោកឯណោះ មិនមែនជាយប់ មិនមែនជាថ្ងៃ ។
បើដូច្នេះ តថាគតមិនហៅថាមក មិនហៅថាទៅ មិនហៅថានៅ មិនហៅថាស្លាប់ មិនហៅថាកើត ហៅថាគ្មានមេគ្មានពូជ គ្មានធា គ្មានអស់ គឺទីបំផុតនៃទុក្ខ ឬជាទីបំផុតនៃសេចក្ដីឈឺចាប់ គឺមិនបដិសន្ធិជាថ្មីទៀត ។ល។
ព្រះនាគសេនពន្យល់ទៅក្រុង មិលិន្ទ ថា ឯព្រះនិព្វាននោះ មិនអាចនិងបណ្ដាលឡើងដោយហេតុអ្វីណា ១ ឡើយដោយហេតុថាព្រះនិព្វាននោះ មិនមែនជាប្រជុំនៃធាតុផ្សេងៗ ដែលអាស្រ័យនៅគ្នានិងគ្នា នាំឲ្យមានភាពសណ្ឋានជាទីសម្គាល់បាននោះឡើយ ។
ឯព្រះនិព្វាននោះ មិនមែនជានៅក្នុងលោកយើងនេះទេ ដោយហេតុនេះបានជាយើងមិនអាចនឹងដឹងបានដោយ អាយតន របស់យើងដែលជា សេក្ខបុគ្គល នោះគម្ពីរ សំយុត្តនិកាយ សម្ដែងថាឯមហាសមុទ្រនោះជ្រៅនោះជ្រៅណាស់ នឹងវាស់មិនបាននឹងស្ទង់មិនបានមានប្រការយ៉ាងណា រីឯព្រះនិព្វាននោះ មនុស្សដែលនៅជាសេក្ខបុគ្គលនៅឡើយ នឹងដឹងស្គាល់ថាដូច្នេះដូច្នោះមិនបាន មានប្រការដូច្នោះឯង ឯព្រះអរហន្តដែលលោកដល់ហើយនូវព្រះនិព្វាននោះ មានជម្រៅនឹងវាស់មិនបាន នឹងស្ទង់មិនបាន ដូចយ៉ាងមហាសមុទ្រដូច្នោះឯង ។ កាលណាព្រះអរហន្ត លោកចេញពីចម្រើនឈានសម្មាបត្តិមកវិញនោះ លោកបន្លឺនូវវចីភេទថាដូច្នេះ ព្រះនិព្វានជាទីរំលត់នូវប្រាថ្នា ជាទីសុខជាទីប្រសើរ ប៉ុន្តែនឹងអធិប្បាយស្រាយសេចក្ដីសុខនោះ ឲ្យបានប៉ះពាល់យល់ដល់មនុស្សឯទៀត អំពីសេចក្ដីសុខដែលបានសោយក្នុងវេលាចូលឈាននោះមិនកើត ព្រោះតែកាលណាចេញឈានមកវិញហើយ នោះព្រះអរហន្តលោកមានរាងកាយ, អវៈយវៈ, អាយតន, ឥន្ទ្រិយ និងសម្ដីភាសា តាមធម្មតាជនដែលជាសេក្ខបុគ្គលដូច្នោះ ដោយហេតុនេះហើយបានជាគ្មានពាក្យអ្វីនិងពោលប្រាប់ឲ្យចំ អំពីសេចក្ដីសុខក្នុងព្រះនិព្វាននោះ បើដូច្នេះតើត្រូវវិនិច្ឆ័យសេចក្ដីថា ព្រះនិព្វាននោះគ្មាននៅសល់វិញ្ញាណអ្វីដែលមិនមែនជាវិញ្ញាណធម្មតាទេ ឬអ្វី ប្រាជ្ញារបស់មនុស្សយើង ដែលនៅជាបុថុជ្ជននៅឡើយនោះមិនអាចនឹងយល់បានឡើយ អីពីធម្មជាតិអ្វីដែលសល់នៅរបស់ព្រះនិព្វាន ហើយបើដូច្នេះ យើងនឹងថាព្រះនិព្វាននោះគ្មាននៅសល់គុណធម៌អ្វីសោះក៏ថាមិនបាន មានអ្នកប្រាជ្ញជាតិយូរុបម្នាក់ឈ្មោះ ម៉ាក់-មុល្លែ ដែលជាអ្នកប្រាជ្ញធំ ១ ក្នុងវិធីព្រះពុទ្ធសាសនាបានចារឹកទុកថា អំពីព្រះនិព្វាននេះ យើងនិងថាជាអ្វីមិនបាន យើងគ្រាន់តែដឹងថាព្រះនិព្វានប៉ុណ្ណោះ តែគ្មានអ្នកឯណា ១ អាចនឹងថាឲ្យប្រាកដជាដូច្នេះដូច្នោះបានឡើយ ។
ឯមនុស្សខ្វាក់ព្រោះតែខ្លួនមើលមិនឃើញពណ៌ខៀវ ឬលឿងនិងថាមនុស្សដែលមានភ្នែកភ្លឺមើលមិនឃើញដូចខ្លួន ឬក៏គ្មានពណ៌យ៉ាងនេះ យ៉ាងនោះក៏ថាមិនបាន (សំឃភទ្រ) ។ ចំណែកខាងព្រះអរហន្តក្នុងសាសនាកាត្តូលិក ដែលបានធ្វើ់ឈានដ៏ជ្រៅជ្រះហើយ នៅវេលាដែលចេញពីឈានមកវីញ ក៏មិនអាចនឹងអធិប្បាយ អំពីសេចក្ដីដែលប្រទះឃើញក្នុងវេលាដែលចូលឈាននោះ ប្រាប់យើងបានឡើយ ។
ដើម្បីនិងបញ្ចប់សេចក្ដីនេះយើងត្រូវថា ឯនិព្វានលើដីដែលហៅថា សឧបាទិសេសនិព្វាន ឬ និព្វានរបស់ព្រះអរហន្ត នោះ គឺជាអារម្មណ៍របស់លោក ដែលប៉ះពាល់នូវអមត គឺសេចក្ដីពិតប្រាកដសេចក្ដីទៀងជានិច្ចឥតកើតឥតស្លាប់ នៅវេលាដែលលោកកំពុងធ្វើឈានគឺថាព្រះអរហន្ត លោកបានដល់ទីស្ទើរតែនិងផុតពីលោកយើងទៅហើយដោយអំណាចឧត្ដមវិជ្ជាឬដោយប្រាជ្ញាញាណយ៉ាងខ្ពស់ ដែលលោកបានដល់នៅវេលាដែលលោកតាំងចូលឈាន សម្មាបត្តិ ទៅឈាននោះ ឯងនាំទៅប៉ះផ្ទាល់នឹងព្រះនិព្វាន ក្នុងវេលានោះលោកបាននូវញាណ ១ យ៉ាងដែលអាចនឹងកត់សម្គាល់ផ្ទាល់តែម្ដងបាន មិនបាច់ត្រូវការដល់ខន្ធទាំងឡាយឡើយ ។
ឯចំណែកខាងនិព្វានឥតសល់ ដែលហៅថា អនុបាទិសេសនិព្វាន ឬ បរិនិព្វាន វិញនោះ គឺជាសេចក្ដីដែលទៀងជានិច្ចសេចក្ដីដែលពិតប្រាកដ សេចក្ដីដែលគ្មានបច្ច័យទាក់ទងតទៅទៀតដែលមាននៅ ប៉ុន្តែយើងមិនអាចនឹងយល់ថាដូច្នេះដូច្នោះបាន នៅវេលាក្រោយដែលបុគ្គលទម្លាយខន្ធទៅតើអ្វីដែលចេញពីខ្លួននោះទៅ ស្ថានត្រង់នេះទៀតយើងក៏មិនបានដឹងជាយ៉ាងដូចម្ដេច ព្រោះប្រាជ្ញាបុថុជ្ជនមិនអាចនឹងឈ្វេងយល់បានឡើយ៦ យើងត្រូវត្រឡប់សាទៅរកសេចក្ដីដែលនិយាយអំពីផ្ទេរជាតិ ពីភព ១ ទៅភព ១ វិញ ត្រង់ស្ថានទំនងជាគ្រាន់តែផ្ទេរបញ្ជូនផ្ដល់ប៉ុណ្ណោះ គឺថាជាកិរិយាដែលញ័ររញ្ជួយ ដែលក្រឹតទុកហើយដោយជាតិអំពីមុខ ឥតមានធាតុអ្វីរបស់មនុស្សទៅជាអណមបក្នុងកិរិយាដែលផ្ទេរជាតិនោះឡើយ ។ សេចក្ដីយល់ឃើញនេះ ហាក់ដូចជាប្រកបនឹងគោលចារឹករបស់ក្បួនវិជ្ជាក្នុងសម័យថ្មីដែលអធិប្បាយអំពីកិរិយាដកបន្ថយនៃចិត្តដែលរឹងត្អឹងចេញ ។
-ចប់-
អំពីអ្នកនិពន្ធ
កែប្រែលោកកំមង់ដង់ រូបែរត៍ ចាងហ្វាងសាលាបារាំងសែស-ចិន នៅស្រុកចិក្លាង កូសាំងស៊ីន ។ ឯកសារនេះត្រូវបានបកប្រែជាភាសាខ្មែរដោយលោក ក្រុមការ ជុំ-ម៉ៅ ធ្វើរាជការនៅព្រះរាជបណ្ណាល័យកម្ពុជា ។