"ភូមិស្វាយភ្លើង" គឺជាភូមិមួយដែល នៅដាច់ចន្លោះដោយវាលនៃភូមិ"ប្រតោង" និង ភូមិ"ខ្នាយទង" ហើយអមដោយប្រឡាយទឹកនិងវាលស្រែអមសងខាងផ្លូវក្រាលដោយក្រួសក្រហម។ បើក្រឡេកមើលពីចំងាយនៃភូមិនេះ យើងប្រាកដជាគិតថា ដូចជាតំបន់ព្រៃឈើតូចមួយ ដែលមើលមិនឃើញផ្ទះពលរដ្ឋឡើយ ហើយហំព័ទសុទ្ធតែដើមដូងនិងឈើហូបផ្លែផ្សេងៗ ខៀវបំព្រង ជុំវិញភូមិទាំងមូលព័ទជុំវិញទៅដោយវាលស្រែខៀវស្រងាត់នៅរដូវវស្សា។ ហើយចន្លោះនៃវាលភូមិប្រតោង និង ស្វាយភ្លើង សព្វថ្ងៃនេះមានប្រឡាយលូចំនួន២ មួយនៅដើមភូមិ មួយទៀតគៀកខាងភូមិប្រតោង(ពីមុនមកវាលខាងលិចភូមិនេះគឺមានតែស្ពានមួយទេ ប្រជាជនហៅថា" ស្ពានដើមចារ" អមដោយដើមសង្កែសងខាងផ្លូវ និង ប្រឡាយទឹកខាងជើងផ្លូវដែលហូរចាកចាប់ពីដើមភូមិស្វាយភ្លើង នៃស្ពានមួយក្នុងភូមិរហូតដល់និងប្រសព្វជាមួយប្រឡាយមួយទៀតនៅខាងលិច(មុខប្រឡាយជាង៥-៨ម៉ែត្រ)ដែលហូរពី"ទួលតាវាំង"ខាងជើងភូមិមក ជួបគ្នានៅស្ពានដើមចារ, ហើយប្រព័ន្ធប្រឡាយទឹកហូរកាត់ភូមិនិងវាលនេះបន្តហូរចាកទៅប្រឡាយមេមួយទៀត ហៅថា "ស្ទឹង" ខាងត្បូងភូមិ។

ចំពោះចន្លោះវាលជាមួយនិង"ភូមិខ្នាយទង" វិញសព្វថ្ងៃគឺមានលូចំនួន៣ (ពីមុនវាលនេះគឺមានស្ពាន១ និង លូ២, ចន្លោះលូទាំងពីរ ហៅថា"ស្ពានកណ្ដាល", អមដោយប្រឡាយទឹកខាងកើតផ្លូវ។ ប្រឡាយទឹកខាងកើតឈៀងខាងជើងភូមិនេះហូរចាកទៅគោលដៅបីដូចគ្នា, ទីមួយចាកទៅស្ពានក្នុងភូមិស្វាយភ្លើង(សព្វថ្ងៃលូ), ទី២ហូរចាកកាត់ប្រឡាយស្រែរួម ទៅកែងដើមរលួសដើមភូមិហូររហូតដល់"ស្ពានដើមចារ", ទី៣ ហូរចាកកាត់ប្រឡាយទួលតាវំាងខាងជើងភូមិបន្តទៅលិចឈៀងខាងជើងធ្លាក់មក"ស្ពានដើមចារ"ដែរ)។

ភូមិស្វាយភ្លើង មានវត្តមួយឈ្មោះថា "ស្វាយភ្លើង"ដែរ ដែលចំនុះដោយប្រជាជនដែលគោរព និង ប្រតិបត្តិ បូជាចំពោះព្រះពុទ្ធសាសនា មានដូចជាភូមិប្រតោង ភូមិក្រូច ភូមិប៉ប្រក ឬស្សីល័រ ស្វាយភ្លើង ខ្នាយទង ត្រពាំងសង្កែ។ ហើយក៏មានសាលារៀនមួយកំម្រិតមូលដ្ឋាន កុមារមេត្រី មតិយ្យ និង បឋមសិក្សា ផងដែរនៅក្នុងបរិវេណនៃវត្តនេះ។

ប្រជាជនភូមិនេះភាគច្រើនបំផុតប្រកបរបរ កសិកម្ម គឺធ្វើស្រែចំការ ចំពោះយុវជនពេញវ័យ៩៥%ប្រកបការការងារ ជា កម្មករ កម្មការនី រោងចក្រ ឬ សំណង់ និង សេវាកម្ម ក្រុមហ៊ុនឯកជន ផ្សេងៗ។ ភាគតិចណាស់នៃប្រជាជនដែលប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ៥% ។ 

ប្រហែលមិនលើស ៣%ទេ អ្នកដែលបានបន្តការសិក្សារៀនសូត្រ ដែលទៅតាមកំម្រិតលទ្ឋភាពជីវះភាពគ្រួសារ ពីថ្នាក់ក្រោមរហូតចប់ចុងចប់ដើម។ អ្នកខ្លះឈប់ក្រោមទី៩, និងខ្លះបន្តបញ្ចប់ទី១២, បរិញ្ញាប័ត្រ អនុបណ្ឌិត និង បណ្ឌិត, ក៏ បានក្លាយជាបញ្ញាវ័ន្តឆ្នើមៗជាច្រើន។ ហើយបុគ្គលខ្លះក៏បាន ក្លាយជាបុគ្គលិកឆ្នើមក្នុង ក្រុមហ៊ុន សហគ្រាស ឯកជនធំៗ ជាមន្រ្តីរាជ្យការថ្នាក់មូលដ្ឋានក្រោមជាតិ, និងរហូតដល់លំដាប់កំពូលថ្នាក់ជាតិផងដែរ។ ភូមិនេះពីមុនជាប់ចំណាត់អាចហៅថា សំបូរធនធានគ្រូបង្រៀនកំម្រិតមូលដ្ឋាន លើសភូមិឃុំជាមួយគ្នាផងដែរ។

និយាយពីការងារកសិកម្មស្រែចំការវិញ គឺថាស្រែគឺនៅព័ទជំុវិញភូមិតែម្តង ខ្លះជិតខ្លះក៏នៅឆ្ងាយ លិច កើត ជើង ត្បូង គឺមានទាំងអស់។ បើចំណែកចំការវិញគឺស្ថិតនៅភាគកើតនៃភូមិ ទាល់និងព្រំប្រទល់ខេត្តកំពង់ចាមតែម្តង ខាងត្បូងឈៀងខាងកើត គឺកំពង់ចាម តំបន់ដីក្រហម។ ចំពោះដំណាំ បច្ចុប្បន្ន ប្រជាជនភូមិនេះនិយមដាំមានដូចជា ស្វាយចន្ទី ចេក ដំឡូង សណ្ដែក ល្ងរ ពោត តែប៉ុននោះ។

ចំពោះរបរក្នុងភូមិស្រុកវិញមានដូចជា លក់អីវ៉ាន់ចាបហួយលក្ខណះគ្រួសារ ទ្រង់ទ្រាយតូចៗទេ ហើយក៏មិនមាន ហាងកាហ្វេ ឬ គុយទាវឡើយ។ ហើយមានគ្រួសារមិនលើសពី៣ទៅ៤តែប៉ុននោះ ដែលផលិតស្រាស និង ចញ្ចឹមជ្រូកចញ្ចឹមត្រី លក្ខណះគ្រួសារ ទិញដូរស្រូវអង្ករតិចតួច។

ភូមិស្វាយភ្លើងបច្ចប្បន្ននេះ ក៏មានភាពលិចធ្លោផងដែរ តាមដែលខ្ញុំបានសិក្សាមើល បើប្រៀបធៀបប្រទេសកម្ពុជាទាំងមូល គឺថាមានតែអ្នកភូមិស្វាយភ្លើងនេះទេ គឺមានបងប្អូនពលរដ្ឋប្រកបរបរផលិតនុំប័ងលើសគេទាំងអស់ ចាប់តាំងពីឆ្នាំ២០១៤មក។ បើធៀបប្រជាជនក្នុងភូមិអាចដល់ទៅ ៥% ចាប់ផ្តើមប្រកបរបរផលិតនុំប័ង ទៅតាមតំបន់និងខេត្តនានាដែលមានឪកាសទីផ្សារល្អ ក្នុងការរកប្រាក់ចំនូល ហើយក៏បានតាំងលំនៅដ្ឋានអចិន្ត្រយ៍នៅទីនោះតែម្ដង។

បញ្ហាចំណាកស្រុកពលរដ្ឋប្រហែល ៣% នៃភូមិនេះទៅបំរើការទាំងស្របច្បាប់ និង ខុសច្បាប់នៅក្រៅប្រទេស គឺថៃ៕



រាល់ការរៀបរាប់បរិយាយក្នុងអត្តបទនេះ ទិដ្ឋភាពគឺខ្ញុំបាទឃើញផ្ទាល់ភ្នែកចាប់តាំងពីឆ្នាំ១៩៩០ ក្នុងវ័យកុមារភាពដឹងក្ដី រហូតមកដល់ឆ្នាំ២០០៣ ទើបបាន មានការកែប្រែ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ប្រឡាយ លូ "ស្វាយភ្លើងភូមិកំណើតខ្ញុំ"។

(រៀបរៀង និង ចងក្រង សង្ខេបដោយ: បុរស មុខគុជ ចិត្តដែក)