Leng Veasna
កិត្តិយសឬស្នេហា កែប្រែ
ប្រែចេញពីឡឺ ស៊ីដ(LE CID)
តែងដោយលោក ព.គរណីយ(១៦០១ -១៦៨៤)
អ្នកប្រែនិងរៀបរៀង អាន ឃុន
សៀវភៅនេះ បានផ្ដើមរស់ ព្រោះអាន ឃុន ទុកជាគុណ សងបិតា និងមាតា ទុកជាកេរ្ដិ៍ ចែកដល់មិត្ត គ្រប់សាលា ទុកជាការ ផ្ញើកំសាន្ដ ដល់លោកអ្នក.... អ ឃ
បុព្វកថារបស់អ្នកប្រែ កែប្រែ
កាលក្នុងគ.ស ១៦៣៦ លោកព.គរណីយ បានផ្ដើមតែងរឿង ឡឺស៊ីដ ងារសំរាប់អ្នកចំបាំងយ៉ាងក្លាហាន និងមានចិត្តធម៌ ដែលជារឿងល្ខោនមួយដ៏មានខ្លឹមសារដឹងឮសុសសាយក្នុងពពួករឿងកំសត់បារាំង ដោយអ្នកតែងបានទាញចិត្តមនុស្សលោក ឲ្យហ៊ានអាកាត់យកកិត្តិយសមកដាក់ខ្ពស់ជាងសេចក្ដីសេ្នហា។
ដោយបំណងចង់ឲ្យអស់លោកអ្នកមិត្តបានជ្រាបផងទើបខ្ញុំបាទក៏ខំប្រែសម្រួលឲ្យបានជាភាសាជាតិ ប៉ុន្ដែសូមមេត្តាអភ័យទោស ដោយមានពាក្យខ្លះមិនសូវពិរោះ ឬ ប្រែមិនសូវចំពីព្រោះការបកប្រែ កំណាព្យជាភាសាបរទេសរបស់អ្នកជំនាញតាំងពីសតវត្សទី១៧ ឲ្យមកជាកំណាព្យខ្មែរដូច្នេះ គឺជាកិច្ចមួយយ៉ាងពិបាកចំពោះពន្លកវិជ្ជាខ្ចីរបស់ខ្ញុំបាទដែលទើបនឹងហាត់រៀនសរសេរក្នុងលើកដំបូង កាលដែលគ្រូយករឿងនេះមកបង្រៀខ្ញុំបាទនៅថ្នាក់ទី ៣ ក្នុងគ.ស. ១៩៥៣។
ស្ដាយណាស់ ដោយកំណាព្យនេះមានជីវិតរស់ តែក្នុងបាតហឹបជាយូរឆ្នាំមកហើយដែរ ទើបតែក្នុងពេលនេះ បណ្ណាគារភ្នំពេញឹលេខ ៥៩ វិថីបាស្ទ័របានយល់ ព្រមជួយបោះពុម្ពផ្សាយ។ ខ្ញុំបាទមានសេចក្ដីរីករាយជាក្រៃលែង បើអ្នកអានក្រេបរសជាតិរឿងនេះជាមួយផង ហើយនឹងសង្ឃឹមថាអស់លោកអ្នកនឹងជួយជ្រំជ្រែងខ្ញុំបាទឲ្យបានដុះដាល ចំរើនទៅមុខទៀតដើម្បីលើកដំកើងអក្សរសាស្រ្ដខ្មែរ។ អរគុណ អនុសេនីយទោ អាន ឃុន ក្រសួងការពាជាតិ ភ្នំពេញ
រាយតួអ្នកលេង កែប្រែ
ដុងហ្វ៊ារណា ស្ដេចនគរកាស្ទីយ
ដុណ្ណាអ៊ុយរ៉ាក់ រាជបុត្រី
ដុងយ៉ែក ឪពុករ៉ូឌ្រិត
ដុងគរម៉ាស ឪពុកនាងស៊ីម៉ែន
ដុងរ៉ូឌ្រិក សង្សារនឹងនាងស៊ីម៉ែន
ដុងសង់ លួចស្នេហានាងស៊ីម៉ែន
ដុងអារីយ៉ាស នាម៉ឺនស្ដេច
ដុងអាឡុង នាម៉ឺនស្ដេច
ស៊ីម៉ែន កូនលោកគរម៉ាស
ឡេអូនរ អ្នកថែរក្សាបុត្រីសេ្ដច
អិលវៀរ អ្នកថែរក្សានាងស៊ីម៉ែន
រាជអាមាត្រ អ្នកបម្រើរាជបុត្រី
ឈុតទី ១ កែប្រែ
សង្ខេបឈុត កែប្រែ
អិលវៀរបាននិយាយប្រាប់នាងស៊ីម៉ែនថា លោកគរម៉ាស ព្រមសុខចិត្តនឹងលោកដុងយ៉ែក ឲ្យនារៀបការនឹងរ៉ូឌ្រិក។ ព្រះអង្គម្ចាស់អ៊ុយរ៉ាក់បានបញ្ចេញសេចក្ដីស្នេហាចំពោះរ៉ូឌ្រិកប្រាប់ដល់ឡេអូនរប៉ុន្ដែដោយមានវណ្ណៈតាមរារាំង។ រាជបុត្រី ក៏បានសះស្បើយពីជម្ងឺ ដោយខំជួយបញ្ចូលចិត្ត រ៉ូឌ្រិក និង នាងស៊ីម៉ែន។ ព្រះមហាក្សត្រទើបនឹងបានរើសយកលោកដុងយ៉ែកឲ្យធ្វើជាអ្នកបង្រៀនរាជបុត្រា។ លោកគរម៉ាស់ច្រណែននឹងរឿងនេះ ក៏បានទះកំផ្លៀងលោកដុងយ៉ែកមួយដៃ។ ដោយខ្លួនចាស់គ្មានកម្លាំង លោកដុងយ៉ែកប្រគល់ឲ្យកូន ចេញសងសឹកជួស។រ៉ូឌ្រិកដែលពិតជាកូនប្រុសក៏បានដាច់ស្រេច យកកិត្ដិយកខ្ពស់ជាងស្នេហា។
ឆាកទី១៖ស៊ីម៉ែន អិលវៀរ កែប្រែ
ស៊ីម៉ែន
១- សូមអិលវៀរ មានវាចា ប្រាប់ឱ្យត្រង់
ព្រោះខ្ញុំចង់ ដឹងតើប៉ា គិតយ៉ាងណា
អិលវៀរ
តាមខ្ញុំឮ គឺសឹងស្រេច ដូចប្រាថ្នា
ព្រោះលោកថា ចង់ស្រឡាញ់ រ៉ូឌ្រិកដែរ។
៥- ខ្ញុំចាំណាស់ អាចដឹងច្បាស់ ថាចិត្តគាត់
ចង់បង្ហាត់ ពត់ចិត្តនាង កុំឱ្យបែរ
ឱ្យស្រឡាញ់ រូបរ៉ូឌ្រិក ដូចគាត់ដែរ
ស៊ីម៉ែន
ក៏ប៉ុន្ដែ សូមអិលវៀរ ជួយគិតផង
តើត្រូវគិត រើសពិនិត្យ យកអ្នកណា
១០- សូមអ្នកថា ប្រាប់ឱ្យត្រង់ សមបំណង
កុំសន្យា សង្ឃឹមថា ការបំណង
បានដូចប៉ង ឆ្លងទៅមុខ ធូរដូចចិត្ត។
១៥- សូមអិលវៀរ ជួយសង្កេត ហើយពិនិត្យ
មើលតើចិត្ត អ្នកទាំងពីរ របៀបណា។
អិលវៀរ
តាមពាក្យទៀត សូមអ្នកនាង ជឿខ្ញុំចុះ
នាងមិនខុស ព្រោះចិត្តខ្ញុំ ឥតផ្ដន្ទា
សូមអ្នកនាង ចាំតែស្ដាប់ លោកបិតា
២០- ឱ្យគាត់ថា យើងសមរម្យ អំពីចិត្ត
រឿងរ៉ូឌ្រិក រឿងដុងសង់ អ្នកទាំងពីឬ
ហើយសរសើរ ថាអ្នកនាង សមទាំងទ្វី
ព្រោះជាទី គួរគាប់ចិត្ត ដល់គេហើយ។
២៥- “អ្នកទាំងនោះ ជីវៈរស់ ក្នុងវង្សល្អ
យុត្តិធម៌ ហើយក្លាហាន ឥតខ្លាចឡើយ
គុណធម៌ យ៉ាងអង់អាច មានយូរហើយ
អិលវៀរអើយ ដូចរ៉ូឌ្រិក នេះជាដើម។
ពិតជាមនុស្ស ល្អឥតខ្ចោះ ចិត្តក្លាហាន
៣០- ឈាមគេបាន មានជោគជ័យ គួរឱ្យស្បើម
កើតក្នុងគ្រួ គួរញញើត ឫទ្ធិសម្បើម
កាលពីដើម គ្មានអ្នកណា ស្មើឪគេ។
មើលតែថ្ងាស អាចដឹងច្បាស់ ថាកាលនោះ
គ្មានម្នាក់សោះ យកទៅប្រៀប ធៀបបានទេ
៣៥- កូនបែបហ្នឹង ក្នុងចិត្តខ្ញុំ ស្រឡាញ់ដែរ
ហើយចង់ផ្ទេរ ឱ្យស៊ីម៉ែន ស្រឡាញ់ផង” ។
ថាប៉ុណ្ណឹង គាត់ចេញវឹង ដោយរួសរាន់
ព្រោះបន្ទាន់ ទៅជំនុំ នឹងព្រះអង្គ
តែខ្ញុំអាច កាត់យល់ដឹង ពីចំណង់
៤០- គឺគាត់ចង់ យកទាំងពីរ ទុកស្មើរគ្នា ។
ព្រះករុណា ស្ដេចត្រូវការ យកមនុស្សម្នាក់
ជាអនុរក្ស ទុកបង្រៀន រាជបុត្រា
តាមខ្ញុំស្មាន គឺថាគ្មាន អ្នកឯណា
ហួសបិតា របស់នាង នោះបានឡើយ។
៤៥- កិច្ចក្លាហាន ដែលគាត់បាន ធ្វើមកនោះ
សង្ឃឹមជួស ច្បាស់ជាគាត់ ប្រាកដហើយ
រកមិនបាន កិច្ចឯណា ស្មើគ្មានឡើយ
អ្នកនាងអើយ ចាំមើលតែ រួចជំនុំ។
ឯរ៉ូឌ្រិក កំពុងគិត តែសព្វថ្ងៃ
៥០- រឿងនាងស្រី មុខនឹងឃើញ ផុតប្រជុំ
ត្រូវនាងគិត ឱ្យដាច់ស្រេច ព្រោះរឿងធំ
គិតឱ្យសម តើត្រូវរើស យកអ្នកណា ។
ស៊ីម៉ែន
ហ៊ឹអិលវៀរ! ចិត្តសាវា មិនទៀងសោះ
រើសខាងណោះ ក្រែងតែខុស ចិត្តបិតា
៥៥- រើសខាងណេះ ក្រែងតែមាន វិវាទ
អិលវៀរ
ត្រូវតែថា ឱ្យប្រាកដ កុំច្រឡំ ។
ឆាកទី ២៖ រាជបុត្រី ឡេអូនរ អ្នកបំរើ កែប្រែ
រាជបុត្រី
ឯងប្រញាប់ រត់ទៅប្រាប់ ដល់ស៊ីម៉ែន
ឱ្យមកលេង ព្រោះខ្ញុំចាំ មិនឃើញឡើយ
ខិលយ៉ាងនេះ នាំចិត្តខ្ញុំ ខឹងខ្លះហើយ
ឡេអូនរ
៦០- អ្នកម្ចាស់អើយ ចិត្តអ្នកម្ចាស់ ក៏ខ្វល់ម្ល៉េះ?
ព្រួយជួយគេ ឱ្យគេស្នេហ៍ បានជាគូ
រាជបុត្រី
ខ្ញុំនឹងស៊ូ ខំប្រឹងប្រែង ពីរឿងនេះ
ជួយស៊ីម៉ែន ដែលកំពុង មានភ្លើងឆេះ
សុខចិត្តបេះ ឱ្យរ៉ូឌ្រិក ពីដៃខ្ញុំ។
៦៥- ខ្ញុំខិតខំ ជួយផ្សំផ្គុំ ឱ្យគេបាន
ទាំងពីរប្រាណ រួមស្នេហា ដោយសុខុម
ឡេអូនរ
តាមខ្ញុំស្មាន បើគេបាន ម្ចាស់ទុក្ខធំ
ទុក្ខពូនផ្ដុំ ព្រួយព្រោះតែ ក្ដីស្នេហា។
ឯស៊ីម៉ែន ដែលគេបាន រូបរ៉ូឌ្រិក
៧០- សប្បាយចិត្ត ធ្វើឱ្យទ្រូង ម្ចាស់ខ្លោចផ្សា
ខំជួយគេ ឱ្យគេបាន សមប្រាថ្នា
ម្ចាស់សោកា គេសប្បាយ ឥតព្រួយអ្វី។
រាជបុត្រី
ទុក្ខខ្ញុំទ្វេ ខំទប់ដែរ តែមិនបាត់
ខំកម្ចាត់ តាមកម្លាំង ខ្ញុំជាស្រី
៧៥- តែស្នេហា ធំអស្ចារ្យ លើលោកកីយ
ចុះកម្មអ្វី ឱ្យស្រឡាញ់ រ៉ូឌ្រិកនេះ?
យកដៃស្ទាប ទ្រូងខ្ញុំប្រាប់ ជាមិនខាន
ញ័រឥតស្រាន្ដ ក្ដៅរោលរាល ដូចភ្លើងឆេះ
ឡេអូនរ
សូមទោសម្ចាស់ ចុះស្នេហា ធំអ្វីម្លេះ
៨០- គ្មានត្រិះរិះ នឹកថាខ្លួន បុត្រីស្ដេច
ស៊ូកាត់ចិត្ត តាមផ្ដេកផ្ដិត រាស្រ្ដប្រជា
ចុះក្សត្រា នឹងកាស្ទីយ ជាដូចម្ដេច?
ធ្វើយ៉ាងនេះ មិនសមសោះ បុត្រីស្ដេច
រាជបុត្រី
ខ្ញុំដឹងស្រេច មិនបាច់អ្នក មកស្រដី។
៨៥- ទោះយសសក្ដិ សាច់ឈាមធ្លាក់ ថោកម្ដេចម្ដា
ត្រូវដឹងថា មានតែមួយ លើលោកកីយ
ចិត្តស្នេហា ខ្ញុំអាចមាន ឥតខុសអ្វី
រឿងពេញដី អាចបើកច្បាប់ ឱ្យខ្ញុំបាន។
តាមខ្ញុំយល់ ខ្ញុំមិនខ្វល់ នឹងយសសក្តិ
៩០- ទោះជាធ្លាក់ តែនៅមាន ចិត្តក្លាហាន
ពិតតែខ្ញុំ ជាកូនស្ដេច ធំថ្កើងថ្កាន
តែក្សត្រក្សាន្ដ ក៏មិនសម ប្រាណខ្ញុំទេ ។
ឯរឿងនេះ ខ្ញុំទុកស្លេះ ឱ្យស៊ីម៉ែន
ជួយបន្ថែម បង្ករភ្លើង បង្កើតស្នេហ៍
៩៥- កុំងឿងឆ្ងល់ ព្រោះចិត្តខ្ញុំ កំពុងរេ
ចាំមើលតែ គូទាំងពីរ រៀបអាពាហ៍។
បើរ៉ូឌ្រិក បានស៊ីម៉ែន ជាគូគាប់
ទើបខ្ញុំឆាប់ រលត់ទុក្ខ ផុតស្នេហា
តែបើគេ ប្រែក្រឡះ ផ្លាស់យ៉ាងណា
១០០- នោះអាត្មា អស់សង្ឃឹម រំពឹងហើយ។
ទោះម្ដេចម្ដា ស៊ូឈឺផ្សា ពិបាកចិត្ត
ចាំរ៉ូឌ្រិក បានស៊ីម៉ែន ទើបបានស្បើយ ខ្ញុំធ្វើការ ស៊ូទាំងខាត ឥតគិតឡើយ
ខាតនេះហើយ ឱ្យខ្ញុំស្ដាយ ខ្លះៗដែរ ។
១០៥- ទោះយ៉ាងណា ក៏ស្នេហា មកបង្ខំ
លើទុក្ខធំ ឱ្យចិត្តខ្ញុំ បែកកែប្រែ
គិតកិត្តិយស ច្បាស់ជាខ្ញុំ ព្រួយគ្មានល្ហែ
ពិបាករេ ចិត្តមួយខ្លាច ចិត្តមួយអរ ។
អស់សង្ឃឹម នឹកថាបាន ជួបសប្បាយ
១១០- ព្រួយខ្វល់ខ្វាយ ដោយស្នេហា មកបន្ដ
តែកិត្តិយល មកប្រដៅ ទៅផ្លូវល្អ
ឡេអូនរ
ខ្ញុំនឹករក៍ និយាយអ្វី ក៏មិនបាន។
ខ្ញុំព្រួយណាស់ ជាមួយម្ចាស់ កំពុងទុក្ខ
តទៅមុខ ខ្ញុំឈប់ធ្វើ ឱ្យរំខាន
១១៥- ចិត្តអ្នកម្ចាស់ ខំតយុទ្ធ ឥតស្រាកស្រាន្ដ
សុខចិត្តខាន ស៊ូមិនបាន គូវាសនា ។
ណ្ហើយទៅចុះ ស៊ូទ្រាំរស់ ទៅតាមកម្ម
ទ្រាំនៅចាំ យុត្តិធម៌ នៃទេវតា
បើកព្រះនេត្រ មើលមកម្ចាស់ ដែលទុក្ខា
រាជបុត្រី
១២០- ឱ! ស្នេហា អស់សង្ឃឹម តទៀតហើយ។
អ្នកបម្រើ
នាងស៊ីម៉ែន គេមកលេង ចាំខាងក្រៅ
រាជបុត្រី
ប្រញាប់ទៅ ឡេអូនរ កុំយូរឡើយ
ឡេអូនរ
ចុះអ្នកម្ចាស់ ទ្រាំនៅព្រួយ អ្វីពុំស្បើយ
រាជបុត្រី
ចាំឱ្យល្ហើយ រៀបរយមុខ ឱ្យសមរម្យ
(រាជបុត្រីម្នាក់ឯង)
១២៥- ចាំថ្ងៃណា ទើបទេពតា បើកនេត្រ
ចុះប្រាប់ហេតុ ជួយរារាំង រាំងទុក្ខខ្ញុំ
ឱ្យខ្ញុំរស់ ដោយកិត្តយស នឹងសុខុម
ឱ្យខ្ញុំសុំ វឌ្ឍភាព រស់ដូចគេ។
ឱ្យរ៉ឌ្រិក បានផ្ដេកផ្ដិត ស៊ីម៉ែនទៅ
១៣០- ទើបបាត់ក្ដៅ អស់ទុក្ខព្រួយ កំពុងទ្វេ
ណ្ហើយទៅរក មើលស៊ីម៉ែន នឹងគេដែរ
ក្រែងបានល្ហែ ជួយសម្រាល ទុក្ខខ្ញុំនេះ។
ឆាកទី៣ កែប្រែ
ដុងគរម៉ាស
អ្នកឡើយយស ក៏ពីព្រោះ តែក្សត្រា
ឱ្យរក្សា បុត្រាស្ដេច បានសមរម្យ
១៣៥- ឯសក្តិនេះ គឺគេទុក សម្រាប់ខ្ញុំ
ដុងយ៉ែក
រើសនេះសម ចំត្រូវហើយ ណា៎គរម៉ាស។
ព្រះក្សត្រក្សាន្ដ ស្តេចទ្រង់បាន ឈ្វេងយល់ហើយ
កាលដើមឡើយ ខ្ញុំធ្វើការ បម្រើម្ចាស់
គរម៉ាស
ទោះយ៉ាងណា ខ្ញុំយល់ថា ខុសស្រឡះ
១៤០- ខ្ញុំដឹងច្បាស់ ថាស្ដេចចេះ ច្រឡំដែរ ។
ការជ្រើសនេះ ត្រូវត្រិះរិះ កិច្ចសព្វថ្ងៃ
ចុះក្សេត្យថ្លៃ ហើយនឹងអ្នក ឃើញខ្ញុំទេ។
ដុងយ៉ែត
កុំនិយាយ ពីរឿងជ្រើស ក្រែងខ្មាស់គេ
ងារទុកតែ អ្នកណាមាន សមត្ថភាព ។
១៤៥- កុំចង់រក ចាប់កំហុស ព្រះក្សត្រា
ត្រូវដឹងថា យើងត្រូវខ្លាច អានុភាព
ម្យ៉ាងទៀតលោក កុំឱ្យខូច ការប្រុងប្រៀប
ដែលខ្ញុំរៀប គិតនឹងចង ស្ពានមេត្រី ។
កូនប្រុសខ្ញុំ រូបរាងធំ ពេញជំទង់
១៥០- ចិត្តវាចង់ តែស្រឡាញ់ ស៊ីម៉ែនស្រី
ល្មមហើយលោក សូមទទួល ដោយភក្ដី
គរម៉ាស
អូរ សមក្រៃ! កូនប្រសា ឫកបែបហ្នឹង ។
លោកដុងយ៉ែក សូមអ្នកលើក ឈ្មោះឱ្យភ្លឺ
ខ្ទ័រលេចឮ ដល់បុត្រស្ដេច បានចេះដឹង
១៥៥- គេធ្វើម្ដេច នឹងត្រួតខេត្ត ឱ្យរឹងប៉ឹង
គឺត្រូវប្រឹង បង្រ្កាបរាស្រ្ដ ដោយអំណាច។
អាក្រក់ផង លាយល្អម្ដង ចែកដល់រាស្រ្ដ ឱ្យវិនាស ភ័យរន្ធត់ ញ័រខ្លបខ្លាច
យើងត្រូវប្រាប់ តើយ៉ាងណា មនុស្សកំណាច
១៦០- សមស្បែកដាច ដើរបង្រ្កាប អស់សត្រូវ ។
ត្រូវធ្វើម្ដេច ឱ្យកូនស្ដេច បានពូកែ
ដូចអ្នកដែរ កុំឱ្យមាន ក្ដីល្ងង់ខ្លៅ
ដុងយ៉ែក
ពិបាកអ្វី ពង្សាវតារ មានទុកនៅ តសត្រូវ កាលដែលខ្ញុំ នៅកម្លាំង ។
១៦៥- ខ្ញុំបានធ្វើ នូវអំពើ ល្អជានិច្ច
បំពេញកិច្ច គ្របកន្លែង ក្នងចម្បាំង
ខ្ញុំបង្រៀន ឱ្យបុត្រស្ដេច ធ្វើម្ដេចខ្លាំង
ហ៊ានតតាំង ច្បាំងយកនាម ទុកជាកេរ្ដិ៍។
គរម៉ាស
ឧទាហរណ៍ ទោះជាល្អ ខ្ញុំឥតកោត
១៧០- មកបញ្ឆោត ឱ្យបុត្រស្ដេច ធ្លាក់ខ្មាសគេ
កិច្ចរាប់ឆ្នាំ មិនស្មើខ្ញុំ មួយថ្ងៃទេ
អ្នកដឹងទេ គ្រាសព្វថ្ងៃ មានតែខ្ញុំ ។
អារ៉ាកុង និងក្រឺណាដ ខ្លាចកោតក្រែង
ដៃនេះឯង ល្បីសុសសាយ ភូមិតូចធំ
១៧៥- ហើយកាស្ទីយ មានរំពឹង បាត់ស្រែកយំ
អត់ពីខ្ញុំ រូបអ្នកឯង ធ្លាក់ខ្ញុំគេ ។
ត្រូវដឹងថា បើសិនណា គ្មានរូបខ្ញុំ
កាស្ទីយសម គ្មានក្សត្រា រក្សាទេ
ជ័យជំនះ ឈ្នះសត្រូវ ទុកជាកេរ្ដិ៍
១៨០- កិច្ចពូកែ របស់ខ្ញុំ រាប់មិនអស់ ។
ឯកូនស្ដេច តែងអែបជិត យកតម្រាប់
រៀនធ្វើត្រាប់ តាមកិច្ចខ្ញុំ ឥតមានខ្ចោះ
ដុងយ៉ែក
តែកិច្ចអ្នក ក្រោមបង្គាប់ ខ្ញុំទាំងអស់
ហើយកិច្ចនោះ លុះយូរៗ គេឃើញម្ដង ។
១៨៥- កុំនិយាយ នាំវែងឆ្ងាយ ឥតឈប់ឈរ
គេគោរព ឫទ្ធិនៃលោក ខ្លាំងកន្លង
សូម្បីស្ដេច ក៏មិនដល់ អ្នកឯងផង
គរម៉ាស
ពិតមែនហោង ម្ដេចក៏អ្នក យកងារនោះ។
ដុងយ៉ែក
តាមខ្ញុំស្មាន អ្នកណាបាន គេគ្រាន់បើ
គរម៉ាស
១៩០- ឥតសរសើរ ព្រោះសម្រាប់ អ្នកណាខ្ពស់
ដុងយ៉ែក
ដូចមិនសម បើខ្ញុំមិន ទទួលយស
គរម៉ាស
ងារឯងនោះ ស្ដេចប្រទាន ដោយអាណិត។
ដុងយ៉ែក
ដោយស្នាដៃ កិច្ចអ្វីៗ សឹងថ្លៃថ្នូរ
គរម៉ាស
ធ្វើការយូរ ស្ដេចប្រទាន ដោយគ្មានគិត
ដុងយ៉ែក
១៩៥- មិនមែនទេ ស្ដេចប្រទាន ចំត្រូវពិត
គរម៉ាស
តាមខ្ញុំគិត បុណ្យសក្ដិនោះ សមតែខ្ញុំ ។
ដុងយ៉ែក
អ្នកណាខ្សោយ ស្ដេចមិនឱ្យ សក្ដិនោះទេ
គរម៉ាស
ចេះតែគេ អន់ជាងឯង មិនសមរម្យ
( លើកដៃទះកំផ្លៀង )
តាកញ្ចាស់ ទះមួយដៃ ទើបបានសម
ដុងយ៉ែក
២០០- យីចិត្តធំ ហ៊ានមើលងាយ ដល់ជីវិត ។
ធ្លាប់ពូពពង្ស មានក្នុងវង្ស ល្អថ្លៃថ្លា
ម្ដេចហ៊ានក្លា តបទះអញ ឥតបើគិត
គរម៉ាស
បើគ្រាន់បើ ត្រូវបញ្ចេញ ឱ្យឃើញពិត
ដុងយ៉ែក
ឱស្ដាយឫទ្ធិ នឹងកម្លាំង ធ្លាក់អន់ហើយ ។
២១៥- តាកញ្ចាស់ ដាវឯងនេះ ធ្លាក់លើអញ
ឆាប់ទៅទូល ដល់បុត្រស្ដេច កុំកន្ដើយ
ថាហ្នឹងហើយ ជាចំណេះ កម្លាំងឯង