ឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរ
តាំងពីយូរលង់ណាស់មកហើយ មនុស្សនិងសត្វតែងតែរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ។ ម្ល៉ោះហើយ ទំនាក់ទំនងរវាងភាគីទាំងបីនេះ តែងតែជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។ រហូតមកដល់សព្វថ្ងៃនេះ វត្តមានសត្វនៅទីកន្លែងណា សម្រែកសត្វរាត្រីចរ មានប្រផ្នូលយ៉ាងណានោះ ក៏នៅតែមានមនុស្សខ្មែរជឿ និងយកចិត្តទុកដាក់ជាពិសេសនៅឡើយ ។ បន្ទាប់ទៅនេះ ខ្ញុំសូមលើកយកបាតុភូតមួយចំនួនមកបង្ហាញជូនដើម្បីជ្រាប និងទុកជាការយល់ដឹងខ្លះ ៗ អំពីជំនឿរបស់ខ្មែរ ពីបុរាណ ។
១- សម្រែកខ្លែងស្រាក ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច ។ សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់ ។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន ។
២- សំឡេងសត្វឪឡយំ ចាស់ៗ ធ្លាប់និយាយថា មានសត្វឪឡ ពីរប្រភេទគឺ ឪឡគោ និងឪឡស្លឹក ។ ឪឡស្លឹក ជាធម្មតាមានមាឌតូច ឯសម្រែករបស់វាក៏ពុំបណ្ដាលឲ្យមានគ្រោះមហន្តរាយអ្វីដែរ ។ តែចំពោះឪឡគោវិញ មានមាឌធំជាងត្មាត ជាងកេងកងទៅទៀត ។ វាយំឮសូរ (ម៉ ! !...) ដូចសំឡេងគោយំអញ្ចឹង ។ វាកម្រនឹងយំណាស់ ។ ពេលយប់ វាច្រើនតែយំនៅលើដើមឈើធំដែលដុះលើកំពូលភ្នំ ។ ដូចនេះហើយ សម្រែករបស់វាលាន់ឮទៅឆ្ងាយបង្គួរដែរ ។ កាលណាឮសម្រែករបស់វានៅពេលយប់ស្ងាត់ អ្នកផងតែងតែមានអារម្មណ៍ភ័យរន្ធត់ ព្រោះតាមឮចាស់ ៗ និយាយតៗ គ្នាមកថា បើសត្វឪឡគោនេះយំបែរមុខឆ្ពោះទៅទិសណា ស្រុកភូមិនៅទីនោះច្បាស់ជាជួបគ្រោះវិបត្តិភ័យអន្តរាយ ដូចជា ជំងឺអំបល់ ស្លាប់រង្គះរង្គាលដូចយ៉ាងជំងឺអុតធំ ជំងឺអាសន្នរោគ ទុរ្ភិក្សអត់ឃ្លានជាដើម ។
៣- ឈ្លូសចូលភូមិ ឈ្លូសជាសត្វព្រៃ ផ្លាងបំផុត ។ តាមចរិតធម្មជាតិរបស់វា វាខ្លាចមនុស្សខ្លាចស្រុកភូមិណាស់ ហើយមិនងាយនិងហ៊ានដើរមកកាន់ទីជិតៗ លំនៅរបស់មនុស្សឡើយ ។ ប៉ុន្តែ ដោយចៃដន្យ ប្រសិនបើវារត់ចូលមកក្នុងភូមិ ទោះរត់កាត់ទទឹងភូមិ ឬបណ្ដោយភូមិក្ដី ទោះរត់ឆ្លងផុតរួចខ្លួនក្ដី ទោះត្រូវអ្នកស្រុកវាយសម្លាប់បានក្ដី ចាស់បុរាណតែងតែទស្សន៍ទាយថា ស្រុកភូមិនោះនិងកើតមានវិបត្តិ ចលាចល ភ័យភិត ឬមានហេតុឧបទ្រពចង្រៃបែបណាមួយកើតឡើងជាមិនខាន ដូចជាឈ្លោះទាស់ទែង បែកបាក់សាមគ្គីគ្នា មានភិតភ័យត្រូវឃ្លាតចាកចោលស្រុក ភូមិ ឬមានកើតហេតុចង្រៃផ្សេងៗ ទៀត ។
៤- ព្រួត ឃ្មុំចូលផ្ទះ ព្រួតឃ្មុំ ជាបាណកសត្វ ក្រេបលំអងផ្កាធ្វើទឹកដែលមានរស់ជាតិផ្អែមស្អិត ដូចស្ករ ។ ក្រៅពីផ្ដល់ផ្លិត ទឹកឲ្យមនុស្ស វាក៏មានចរិតអវិជ្ជាមានខ្លះ ៗ ដែរ ។ ចាស់ ៗ ខ្មែរមានជំនឿថា បើឃ្មុំចូលផ្ទះ និងនាំមកនូវលាភសក្ការៈដល់ម្ចាស់ផ្ទះ តែកុំបុករុកវា ។ ចំពោះសត្វព្រួតវិញ វាមិនមែនចូលមកនៅដោយកសាងជាផ្លិត ជាក្បាលទឹកដូចឃ្មុំទេ គឺវាគ្រាន់តែហើរចូលផ្ទះមួយរយៈខ្លីហើយក៏ហើរឆ្លងផុតទៅ ។ បើវាចូលផ្ទះណា ហើយមានទិចមនុស្ស សត្វក្នុងផ្ទះនោះ តាមទំនាយចាស់ ៗ ពីបុរាណថា នឹងមានឧបទ្រព្យចង្រៃ វិនាសទ្រព្យសម្បត្តិក្នុងផ្ទះនោះជាប្រាកដ មានកូនចៅក្នុងផ្ទះឈឺ ឬងាប់គោ ក្របីជាដើម ។
៥- ក្រៀលយំ ក្រៀលជាសត្វស្លាបរកស៊ីតាមបឹងបួរ ថ្លុកត្រពាំង ។ វាមានសម្បុរខ្មៅ មាឌ ធំ ហើយខ្ពស់ ។ គេអាចយកស្លាបវាមកធ្វើជាផ្លិតយ៉ាងធំ ។ បណ្ដាជនខ្មែរធ្លាប់ពោលត ៗ គ្នាមកថា កាលណាគេឃើញសត្វក្រៀលមួយគូ ឬច្រើន ហើរយ៉ាងខ្ពស់ជារង្វង់មូល ហើយយំឮសូរ (ក្រ្កល ៗ...) បន្លឺស្នូរយ៉ាងក្រលួចនោះ គេនាំគ្នាសន្មតថា នៅក្នុងស្រុកភូមិនាតំបន់នោះ និងមានក្រមុំកំម្លោះពង្រត់គ្នា ។
៦- សសេះយំ= (ប្រយាបតឿន) សត្វសសេះជាបក្សីរស់ក្នុងព្រៃឬក៏នៅជិតៗ លំនៅឋានរបស់មនុស្សផងដែរ ។ វាមានដុះរោមក្រញាងនៅលើក្បាលដូចជាកំប៉ោយ ។ វាមានសម្បុរលឿងស្រអាប់ ។ វាស្វះស្វែងរកអាហារដោយចោះឈើពុក ដើម្បីចឹកស្រមោច ឬសត្វល្អិតផ្សេង ៗ ស៊ីជាអាហារ ។ វាចឹកយ៉ាងញាប់ទៅលើឈើពុក ឮសូរ (ត្រុល ៗ...) អ្នកស្រុកអ្នកភូមិនៅតំបន់ស្រុកគិរីវង្ស តែងតែនាំគ្នាចំណាំត ៗ គ្នាមកថា កាលណាគេឮវាយំ កិក ! កិក ! កិក ! បែបញាប់រន្ថិននោះ គេយល់ថានេះជាប្រផ្នូលល្អ ទំនាយទាយថា នឹងមានលាភអ្វីម្យ៉ាងមិនខាន ។ ជនណាដែលនៅជិតកន្លែងវាយំ (តឿន) ឮកិក ៗ ! នេះតែងតែបន្លឺសំឡេងតបទៅវិញយ៉ាងខ្លាំង ៗ ថា "ប្រយាប ! មានលាភ ! " ។ គេថារបៀបនេះទាល់តែសសេះលែងយំទើបគេឈប់ថា ។ លុះវាយំកិក ៗ ! របៀបនេះអស់ចិត្តហើយ វាក៏ហើរទៅកាន់ទីផ្សេងបាត់ទៅ ។ យំរបៀបនេះ គេនិយមហៅថា "ប្រយាបតឿន"
៧- ក្អែកបូល ក្អែកជាបក្សីសម្បុរខ្មៅរលើប ។ សត្វនេះ រស់នៅមិនឆ្ងាយពីស្រុកភូមិទេ ព្រោះវាចូលចិត្តឆាប ឆក់ ពងមាន់ កូនមាន់ ឬត្រី សាច់ ដែលអ្នកស្រុក អ្នកភូមិហាលនៅតាមស្នួរក្បែរផ្ទះ ។ សត្វនេះមានចរិតផ្អើល ខ្លាច ភ័យសស្លើតសស្លក់ ។ សត្វនេះថ្វីបើវាផ្អើលខ្លាចមនុស្ស តែវារស់នៅមិនដាច់ឆ្ងាយពីមនុស្សទេ ។ ដូច្នេះហើយបានជាធ្លាប់មានរឿងដំណាលផ្សេង ៗ និយាយដល់រឿងក្អែក ដូចជារឿងល្បើកលោកឡាហ្វុនតែន ដំណាលអំពី "ក្អែក និងកញ្ជ្រោង... " ចំរៀងខ្មែរបុរាណ មានចំណងជើងថា "បង្គងក្អែក" ដែលមានអត្ថន័យកំសត់ស្រងេះស្រងោច សឹងជាចំរៀងបកស្រាយអំពីទុក្ខចំបែងនៃការនិរាសបែកបាក់គ្នា ។ តាមជំនឿតៗ គ្នាមក កាលណាគេឮក្អែកបូល អកវ៉ូវៗ ! ឡូវ ៗ ! ក្រវ៉ាក ៗ ! គេតែជឿថា បងប្អូនគ្រួសារដែលឃ្លាតទៅឆ្ងាយនោះ និងវិល ត្រឡប់មកវិញ ។ ម្យ៉ាងទៀត បើវាបន្លឺសូរថា អកវ៉ូវ ! អកវ៉ូវ ! អកវ៉ូវ ! ញាប់រន្ថើនដដែល ៗ ច្រើនដងនោះ គេជឿថាមានមនុស្សជាភ្ញៀវ ឬជាសាច់ញាតិមកដល់ភ្លាម ៗ ឥឡូវនេះហើយ ។ ប៉ុន្តែ គួរឲ្យស្ដាយពន់ពេកណាស់ បច្ចុប្បន្ននេះ ក្មេងៗសាក្រោយមួយចំនួនពុំស្គាល់ក្អែកទាល់តែសោះ ព្រោះតាំងពីស្រុកយើងកើតមានសង្គ្រាម ក្អែកនៅស្រុកខ្មែរទាំងប៉ុន្មាន ត្រូវគេចខ្លួនហើរទៅបាត់អស់ ដើម្បីទៅរស់នៅទីតំបន់ណា ដែលមានសេចក្ដីសុខស្ងប់ ។
៨- កុកទំផ្ទះ នៅស្រុកខ្មែរយើងមានពូជកុកជាច្រើនប្រភេទ ដូចជាកុកគ្រោង កុកក្រសា កុកននាល កុកស កុកសាប់ ។ល។ ប៉ុន្តែនៅទីនេះគេច្រើនសំដៅទៅលើកុកតែពីរប្រភេទទេ គឺកុកស និងកុកសាប់ ។ គេតែងតែកត់សម្គាល់ថា កាលណាកុកណាមួយ នៃប្រភេទកុកទាំងពីរ ទំលើដំបូលផ្ទះ ចាស់ៗ ប្រាប់ត ៗ គ្នាមកថា "ចង្រៃ" ខ្លាំងណាស់ ។ គេតែងចងក្រងជាពាក្យទំនៀមថា "...ចង្រៃដូចកុកទំផ្ទះ ដូចរន្ទះបាញ់ភូមិ..." បានន័យថា អព្ភូតហេតុទាំងពីរយ៉ាងនេះ ចង្រៃដូចគ្នា ។ ដូច្នេះ កាលណាមានហេតុបែបនេះកើតឡើង ខ្មែរ ៗ ដែលមានជំនឿ គេតែងតែនិមន្តព្រះសង្ឃមកចំរើនព្រះបរិត្តបណ្ដេញឧបទ្រពចង្រៃ ឬក៏អញ្ជើញគ្រូមកបង្កក់ ប្រោះព្រំ កំចាត់នូវឧបទ្ទវហេតុនេះ ដើម្បីឲ្យម្ចាស់ផ្ទះរស់នៅក្នុងសុភមង្គលឡើងវិញ ។
៩- ពស់ ឬថ្លាន់ចូលផ្ទះ សត្វលូនទាំងពីរបែបនេះ ជាធម្មតាមិនសូវចូលចិត្តនិងមនុស្សម្នា ឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេ លើកលែងតែពស់សង់សឿ ដែលវាចូលមកលំនៅស្ថានមនុស្សម្ដងម្កាល ដើម្បីចាប់កណ្ដុរស៊ីជាអាហារ ។ ពស់ដែលគេធ្លាប់ឃើញចូលផ្ទះ ដោយចៃដន្យនោះ គឺពស់ព្រៃ និងពស់ថ្លាន់ ។ ពស់ទាំងពីរប្រភេទនេះ មានចរិតស្លូតបូត មិនសាហាវដូចពស់អសិរពិសផ្សេង ៗ ទៀតឡើយ ។ បើកាលណាវាចូលមកនៅលើផ្ទះ ក្រោមផ្ទះនោះ ចាស់ពីបុរាណកំណត់ថាវាមកឲ្យសុខសប្បាយទេ មិនបង្កនូវភ័យអន្តរាយបែបណាមួយឡើយ ។ កាលណាឃើញវាចូលមក គេត្រូវចាប់វាថ្នម ៗ ហើយបបោសអង្អែលលាបប្រេង លាបម្សៅរួចដុតធូប និយាយដូចនេះថា "ឯងចូលមកផ្ទះយើងនេះ សូមឯងនាំយកមកនូវលាភជ័យ សេចក្ដីសុខ សេចក្ដីចំរើន សុភមង្គលដល់យើង យើងលែងឯងឲ្យមានសេរីភាព ចូរឯងទៅរស់នៅក្នុងព្រៃឲ្យបានសេចក្ដីសុខចុះ " ។
១០- អំពិលអំពែកចូលផ្ទះ អំពិលអំពែកជាសត្វដង្កូវម្យ៉ាង មានជាតិហ្វូសហ្វ័រភ្លឺភ្លិបភ្លែត ៗ នៅត្រង់ពោះរបស់វា ។ នៅពេលយប់ ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ អំពិលអំពែកកើតកូនកើតចៅជាច្រើន ។ លុះពេលព្រលប់មកដល់ វាហើរ ព្រោងព្រាតបញ្ចេញពន្លឺភ្លិបភ្លែត ៗ ពាសពេញព្រៃ ឬពាសពេញភូមិ ។ សត្វអំពិលអំពែកចូលចិត្តហើរលេងសប្បាយតាមវាលស្មៅ នៅទីធ្លាក្បែរផ្ទះក្នុងភូមិ ។ ប្រការដែលគួរឲ្យកត់សំគាល់ គឺវាកម្រនឹងហើរចូលមកក្នុងផ្ទះណាស់ ។ ប៉ុន្តែ ជាចៃដន្យបើវាហើរចូលក្នុងផ្ទះ ទោះបីលើ ឬក្រោមផ្ទះក្ដី ចាស់បុរាណទាយថាវានាំយកលាភសក្ការៈមកឲ្យម្ចាស់ផ្ទះនោះ ។ ជួនកាលអំពិលអំពែកនៅហើរវីវក់ឆ្វែលចុះឆ្វែលឡើងក្នុងផ្ទះអស់ពេលយ៉ាងយូរ ។ ជួនកាលវាចូលមកតែមួយភ្លែតក៏ចេញទៅវិញ ។ យោលទៅតាមបាតុភូតបែបនេះ ទំនាយក៏ទាយទៅតាមនោះដែរគឺថា បើវាចូលមកហើរចុះ ហើរឡើងអស់រយៈពេលយូរ គេជឿថានិងមានលាភធំណាស់ ។ តែបើចូលមកតែមួយភ្លែត ហើរចេញបាត់ទៅវិញ ទំនាយទាយថា មានលាភដែរ តែបានបន្តិចបន្តួចប៉ុណ្ណោះ ។ អ្នកភូមិខ្លះ ៗ នៃខេត្តកំពង់ធំ កាលបើឃើញអំពិលអំពែកហើរចូលផ្ទះ គេហាមកូនហាមចៅមិនឲ្យចាប់វាលេងឡើយ ព្រោះគេជឿថា បើកាលណាវាងាប់ដោយក្មេងចាប់ដៃធ្ងន់ពេកនោះ នឹងនាំឲ្យមានគ្រោះមហន្តរាយវិញ ។ គេបង្គាប់កូនចៅឲ្យសូត្រជាបទស្មើ ៗ ថា "អំពិលអំពែកអើយកុំទៅផ្ទះគេ គេចាប់គេចង មកផ្ទះបង បងឲ្យកងពាក់ បាក់មួយទៅ បងឲ្យមួយទៀត ..." យ៉ាងនេះជាដើម ។
១១- តុកកែយំ តុកកែជាសត្វមួយប្រភេទ ដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្ស ត្រាច់ចរតាមសសរ តាមផ្លាន ផ្ទោង ដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារ ។ វាក៏ពងហើយភ្ញាស់កូនបន្តពូជពង្សនៅទីនោះផងដែរ ។ ចាស់ ៗ ធ្លាប់ប្រាប់ត ៗ គ្នាមកថា បើតុកកែណាយំតិចជាង ៧ ម៉ាត់ នោះពុំល្អឡើយព្រោះវាបកស្រាយនូវឋានមពលខ្សោយ (រាសីដាក់, វាសនាតិច) ដែលចាស់ ៗ ប្រាប់ឲ្យដេញវាចេញពីផ្ទះ ។ បើតុកកែ ណាដែលយំចាប់ពីប្រាំពីរម៉ាត់ រហូតទៅដល់ ១៥ ឬ ១៨ ម៉ាត់នោះ លោកទាយថា ល្អពន់ពេកណាស់ គួរលៃថែរក្សាវាឲ្យនៅជាប្រចាំនៅក្នុងផ្ទះ ព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះ វាជាការបកស្រាយនូវឋាមពលខ្លាំងក្លា (រាសីខ្ពស់ ជោគជតាល្អវិសេស) ។
១២- អំពីព្រាបចូល ឬព្រាបចេញ ព្រាបជាសត្វព្រៃ មានចរិតស្លូតបូត ហើយគេងាយនិងផ្សាំងវាណាស់ ។ ក្នុងករណីទូទៅ វាហាក់សំដែងការស្និទ្ធស្នាលជាមួយមនុស្ស រូបរាងល្អល្អះគួរឲ្យស្រឡាញ់ណាស់ ។ សំឡេងយំរបស់វាឮសូរដូចសំឡេងថ្ងូររបស់អ្នកជំងឺ សមដូចពាក្យទំនៀមលោកពោលថា "ថ្ងូរដូចព្រាប" ម្យ៉ាងទៀតមានពាក្យអ្នកស្រុកធ្លាប់ចំអន់លេងថា "ព្រាបណាពូកែថ្ងូរព្រាបនោះពិតជាធាត់" ។ ចាស់ៗ ធ្លាប់ចំណាំថា បើកាលណាគេឃើញសត្វព្រាបហើរទាំងហ្វូងមកអាស្រ័យនៅលើផ្ទះណា នោះជាសញ្ញាប្រាប់ឲ្យដឹងថា គ្រួសារនោះនឹងមានជោគជតារាសីល្អ គួរថែរក្សាការពារនោះឲ្យវារស់នៅជារៀងរហូតតទៅ វាពិតជាបានល្អ ត្រជាក់ត្រជុំមិនខាន ។ ផ្ទុយទៅវិញ បើកំពុងតែរស់នៅលើផ្ទះណាមួយសុខៗ ស្រាប់តែនាំគ្នាហើរចេញពីផ្ទះលែងនៅតទៅទៀត នោះជាសញ្ញាប្រាប់ឲ្យដឹងថា រាសីម្ចាស់ផ្ទះនឹងធ្លាក់ចុះ និងមានហេតុភេទមិនល្អតទៅថ្ងៃមុខ ។
១៣- វត្តមានសត្វចាបដូនតា សត្វបក្សីដែលមានមាឌតូចជាងចាបធម្មតានេះ ជាសត្វមានចរិតរពឹសពន់ពេកណាស់ ។ បើវាទំនៅលើមែកឈើណានោះ វាមិនដែលនៅស្ងៀមបានមួយភ្លែតឡើយ វាលោតចុះលោតឡើង ហើយយំឮសូរចាច់ ៗ ! ។ ជាធម្មតា វាចូលចិត្តរស់នៅលើដើមឈើជិត ៗ ផ្ទះមនុស្ស ហើយហក់ចុះ ហក់ឡើង យំចាច់ ៗ ឥតឈប់ឈរ ។ សត្វនេះ មានវត្តមានតាមពេលតាមកាល (Oiseau passager) ពោលគឺមិនមែនរស់នៅជាអចិន្ត្រៃយ៍ដូចអស់សត្វបក្សាបក្សីផ្សេងឯទតឡើយ ។ ខ្មែរយើងធ្លាប់ជឿត ៗ គ្នាតាំងពីរយូរមកហើយថាៈ សត្វចាបដូនតានេះ ចាតំណាងព្រលឹងដូនតាខ្មែរទាំងអស់ មានទីស្នាក់អាស្រ័យនៅជាអចិន្ត្រៃយ៍នៅឯព្រៃហេមពាន្តឯណោះ ។ តែកាលណាចូលដល់ជិតពាក់កណ្ដាលខែភទ្របទហើយនោះ សត្វចាបដូនតាបានធ្វើដំណើរពីព្រៃហេមពាន្តមកដល់ប្រទេសខ្មែរ ។ ត្រង់នេះស្របនឹងជំនឿខ្មែរថា នៅវស្សានរដូវ ពេលដែលមេឃមានពពកខ្មៅមីដេរដាស មានភ្លៀងធ្លាក់ជោគជាំទាំងយប់ថ្ងៃឥតស្រាក មានផ្គរលាន់ឮសូរគគ្រឹមឰដ៏អាកាសនោះ ស្ដេចយមបាលបានបើកលែងព្រលឹងខ្មោចដូនតាដែលមានទោសជាប់នៅឯស្ថាននរកនោះ ឲ្យមករកកូនចៅដើម្បីបានទទួលអាហារភោជន ដែលកូនចៅតែងនាំគ្នាទៅធ្វើបុណ្យបញ្ចូនកុសលនៅតាមវត្តអារាមនានា ។ តាមចំណាំ សត្វចាបដូនតាមកកាន់ស្រុកខ្មែរយើងក្នុងកាលវេលាមួយទៀងទាត់ណាស់ គឺចូលដល់ជិតពាក់កណ្ដាលខែភទ្របទមកដល់ លុះចប់រដូវភ្ជុំបិណ្ឌ ហើយក៏ស្រាប់តែទៅបាត់អស់គួរឲ្យកត់សំគាល់ពន់ពេកណាស់ ។ ចាស់ ៗ ធ្លាប់និទានថា លុះផុតរដូវភ្ជុំបិណ្ឌហើយ សត្វចាបដូនតាដែលជាតំណាង ព្រលឹងដូនតា បានលាយើងជាកូនចៅ វិលត្រឡប់ទៅលំនៅឋានឯព្រៃហេមពាន្តវិញ ។ លុះដល់ខែភទ្របទ រដូវភ្ជុំបិណ្ឌឆ្នាំក្រោយ ទើបមកម្ដងទៀត ។
១៤- ឆ្មា ឆ្កែ ចូលផ្ទះ សត្វទាំងពីរប្រភេទនេះ សុទ្ធសឹងតែជាសត្វស្រុក ។ ជួនកាល ពួកវាមានម្ចាស់គ្រប់គ្រងថែរក្សា ។ ជួនកាលវាក៏ត្រាច់ចរ ម្ដងទៅត្រង់នេះ ម្ដងទៅត្រង់នោះ ឥតទីដៅច្បាស់លាស់ឡើយ ។ មានជួនកាលទៀតពួកវាដែលរស់នៅក្រោមដំបូលផ្ទះណាមួយ ហើយដោយមានហេតុបច្ច័យជាអាថ៌កំបាំងក្ដី ដោយត្រូវម្ចាស់វាយធ្វើបាបបង្អត់អាហារក្ដី វាក៏សំរេចចិត្តចេញពីផ្ទះនោះដើម្បីធ្វើការផ្សងព្រេងទៅរកទីថ្មីទៀត ។ ចំពោះសត្វអស់នេះ ចាស់ ៗ ធ្លាប់មានពាក្យស្លោកខ្លះ ៗ ដែរ ដូចជាពោលថា "ពុតសិស្សគ្រូបី ពុតស្រីប្ដីលែង ពុតគោជ្រលែង ពុតឆ្កែបង់ម្ចាស់1 " ។ ឯ ពាក្យស្លោកមួយឃ្លាទៀតនោះ ពាក់ព័ន្ធដល់សត្វឆ្មា "ឆ្មាសម្បុរបី ស្រីគ្រប់ល័ក្ខណ៍" ពាក្យស្លោកខាងក្រោមនេះ មានអត្ថន័យល្អ ។ ចាស់ ៗ តែងតែមានជំនឿត ៗ គ្នាមកថា កាលណាឆ្មា ឬឆ្កែ ចូលមកនៅក្នុងផ្ទះយើងនោះ ចាត់ទុកជាប្រផ្នូលល្អណាស់ ។ គេសន្មតថា ប្រហែលជាអានុភាពជាអាថ៌កំបាំងអ្វី បណ្ដាលចិត្តឲ្យសត្វទាំងនេះចូលមកនៅក្នុងផ្ទះយើង ក្នុងន័យនាំយកទ្រព្យសម្បត្តិលាភជ័យល្អមកឲ្យយើង ។ អាចគិតថា ប្រហែលជាផ្ទះនោះ ជាទីត្រជាក់ត្រជំសុខក្សេមក្សាន្តហើយបានជាសត្វទាំងនេះសុំមកជ្រកកោននៅជាមួយ ដើម្បីសុំសេចក្ដីសុខ ។ ដូច្នេះ កាលបើមានហេតុភេទបែបនេះ ទោះបីយើងមានឆ្កែឆ្មាក្នុងសេចក្ដីសុខ ។ ដូច្នេះ កាលបើមានហេតុភេទបែបនេះ ទោះបីយើងមានបឆ្កែឆ្មាក្នុងផ្ទះយើងស្រាប់ហើយក្ដី គួរកុំធុញទ្រាន់ទើសទាល់ គួរទទួលវាឲ្យនៅផងចុះ កាលបើឃើញវាចូលមកនៅដោយមានអាកប្បកិរិយាស្លូតបូត ឱនលំទោន សុភាពរាបសា តទៅថ្ងៃមុខអ្នកច្បាស់ជាបានជួបវាសនាល្អជាមិនខាន ។ ធម្មតាសត្វឆ្កែឆ្មាក៏តែងមានពីរសណ្ឋានជាដរាប គឺខ្លះល្អ ខ្លះទៀតអាក្រក់ ។ ឆ្មាសូម្បីវាមានសម្បុរបីក៏ដោយ ក៏មានអាក្រក់ដែរ ។ ប៉ុន្តែ ជួនកាលខ្លះ ពួកវាមិនមានចរិតអាក្រក់មក ពីកំណើតនោះទេ ប៉ុន្តែចំណុះទៅនិងការអប់រំបង្ហាត់បង្រៀនរបស់ម្ចាស់វា ។ ចាស់ៗ ធ្លាប់ពោលថា ឆ្មាវាបន់ឲ្យតែម្ចាស់មាននឹងបានដេកពូក ។ ឯសត្វឆ្កែបន់ឲ្យតែម្ចាស់ងាប់ និងបានស៊ីចំណី ពោរពាសក្នុងពេលគេធ្វើបុណ្យឲ្យខ្មោចម្ចាស់វា។
១៥- ឆ្កែលូនៅពេលយប់ស្ងាត់ តាមធម្មតា ឆ្កែវាតែងព្រុះមនុស្សចម្លែក ព្រុះដេញសត្វឆ្កែផងគ្នាដែលវាពុំធ្លាប់ឃើញ ។ ប៉ុន្តែ គេកម្រឮវាលូ ណាស់លើកលែងតែស្ថិតក្នុងករណី ដែលត្រូបវម្ចាស់វាយកទៅប្រោសចោល (បំបរបង់) រកផ្លូវវិលមកផ្ទហវិញមិនឃើញប៉ុណ្ណោះ ហើយឆ្កែប្រភេទនេះលូតែ ពេលថ្ងៃទេ ។ ប៉ុន្តែ ប្រសិនបើនៅពេលយប់ស្ងាត់ គេឮវាលូយ៉ាងវែង បន្លឺសូរគ្រលួ៏ចបែបលន្លង់លន្លោច សូរគួរឲ្យ ព្រឺក្បាល គឺលូបញ្ចេញសំឡេងបែបនេះហើយដែល ចាស់ៗ ខ្មែរយើងកំណត់ថា ជាប្រផ្នូលមិនល្អសំរាប់ស្រុកភូមិទៅថ្ងៃមុខ ។ ចាស់តែងតែជឿថា ស្រុកទេសយើងមានចម្បាំងរាំងជល់ ទុរ្ភិក្សអត់ឃ្លាន ឬមានជំងឺរាតត្បាត ។
១៦- គោក្រយៅក្រឡាច់ ជាទូទៅ គោជាសត្វមានផលប្រយោជន៍ចំពោះមនុស្ស ដោយផ្ដល់នូវកំលាំងអូសទាញ ផ្ដល់សាច់ជាអាហារ ផ្ដល់ទឹកដោះ និងផ្ដល់កូនសំរាប់បន្តពូជពង្ស ។ ខ្មែរយើងចំណាំដឹងថា គោទាំងអស់ពុំមានលក្ខណៈដូចៗ គ្នាទាំងអស់ទេ ។ ពួកខ្លះមានលក្ខណៈល្អ ដែលគេជឿថា បើវាមិនចំរុងចំរើន យ៉ាងហោចណាស់ក៏វាមិនឲ្យទោសដល់ម្ចាស់ដែរ ។ ឯមួយ ពួកទៀត វាមានលក្ខណៈខុសប្លែកពីប្រក្រតី ។ គេមើលដឹងលក្ខណៈល្អ អាក្រក់នេះដោយសារក្រយៅរបស់វា ។ ក្រយៅដែលអាក្រក់នោះ គឺក្រយៅក្រឡាច់ ក្រយៅឈ្ងោកក្រោល ក្រយៅរំភាយខ្ចាត់ ក្រយៅធាក់លាញ ។ល។ គោណាដែលមានក្រយៅមានភិនភាគដូចពោលមកនេះ គេចាត់ទុកជាសត្វចង្រៃ គេរិះរកគ្រប់វិធីដើម្បីលក់ ឬដូរចេញឲ្យផុតពីផ្ទះ ។ បើកាលណានៅតែរឹងរូសប្រើប្រាស់ ឬចិញ្ចឹមគោប្រភេទនេះ គេជឿថា នឹងមានហេតុអន្តរាយ វិនាសទ្រព្យសម្បត្តិ ឬមនុស្សក្នុងគ្រួសារឈឺថ្កាត់ ស្លាប់ព្រាត់ប្រាសក៏សឹងមាន ។ អំពីលក្ខណៈចង្រៃបែបនេះ ខ្មែរយើងធ្លាប់មានពាក្យស្លោកពោលថា "អំពិលឯត្បូង អណ្ដូងឯលិច គោក្រយៅក្រឡាច់ ប្រពន្ធដោះញ" ។ មានន័យថាបើមានដើមអំពិលនៅពីខាងត្បូងផ្ទះ បើមានអណ្ដូងនៅខាងលិចផ្ទះ បើមានគោក្រយៅក្រឡាច់ បើមានប្រពន្ធដោះញ នោះបុរាណាចារ្យលោកចំណាំថា ចង្រៃពន់ពេកណាស់ ។
១៧- ត្រដេវវ៉ិចចាល់ ត្រដេវវ៉ិចជាបក្សីដែលរកស៊ីដោយមិនសូវបង្ហាញខ្លួនឲ្យមនុស្សម្នាឃើញងាយ ៗ នោះឡើយ ។ វាយំឮសូរ តេ ៗ វ៉ិច ! ៗ... យំផងហើរផង ហាក់ដូចជាភិតភិយណាស់ ។ ចំពោះសត្វត្រដេវវ៉ិចនេះ ចាស់ៗ ខ្មែរធ្លាប់និយាយជាពាក្យទំនឹមទំនៀមថា "ដេកយកជើងទ្រមេឃ ដូចសត្វត្រដេវវ៉ិច" មានន័យថា ជាមនុស្សប្រយ័ត្នប្រយែង មានការភ័យបារម្ភច្រើន ។ តែចំពោះចាស់បុរាណគាត់ធ្លាប់ចំណាំត ៗ គ្នាមកថា បើនៅពេលយប់ស្ងាត់ មានសត្វត្រដេវវ៉ិចចាល់ទាំងហ្វូងឮសូរ តេ ៗ វ៉ិច ៗ ... ទ្រហឹងអឹងអាប់ នោះច្បាស់ជាមានពពួកចោរមកលួចប្លន់នៅភូមិណាមួយក្នុងតំបន់នោះហើយ គេត្រូវនាំគ្នាប្រុងប្រយ័ត្នឡើង ។
១៨- សត្វជើងបី តាមធម្មតា សត្វពាហនៈជាចតុប្បាន ដូចជាគោ ក្របី សេះ ដំរី ជ្រូក ឆ្កែ ឆ្មា ជាដើម តែងតែមានជើងបួនជាដរាប ។ ដូច្នេះ បើគេនាំគ្នាកំនត់ថា សត្វជើងបីនោះ តើគេសំគាល់ត្រង់លក្ខណៈបែបណាទៅវិញ ? ។ គេសំគាល់ថា សត្វជើងបី ចំពោះតែសត្វដែលជើងទាំងបួនរបស់វាមានសម្បុរមិនដូចគ្នា ។ ឧទាហរណ៍ ជើងបីសម្បុរខ្មៅ ជើងមួយសម្បុរស ឬផ្ទុយមកវិញ ជើងបីសម្បុរសជើងមួយសម្បុរខ្មៅ នេះគេចាត់ថា សត្វនោះមានជើងបីហើយ ។ បើសត្វដែលគេចិញ្ចឹមណា ដែលមានលក្ខណៈដូចពោលខាងលើនេះ គេមិនចិញ្ចឹមទេ គេចាត់ទុកថាជាសត្វចង្រៃនាំមកនូវទុក្ខទោស ឧបទ្រពចង្រៃដល់ម្ចាស់ជាមិនខាន ។
១៩- កូនក្របីឃ្លៀច តាមពូជរបស់វា ក្របីមានពីរពណ៌គឺសម្បុរខ្មៅនិងសម្បុរឃ្លៀច (ពណ៌កុលាប) ។ តាមការសង្កេត គេឃើញមានក្របីឃ្លៀចតិចបំផុត ។ កសិករខ្មែរមិននិយមចិញ្ចឹមក្របីឃ្លៀចទេ គេថាវាចាញ់កំដៅថ្ងៃជាងក្របីខ្មៅ ។ ចំពោះអ្នកដែលចិញ្ចឹមក្របីខ្មៅទាំងហ្វូង ៗ ឲ្យដេករួមគ្នានៅក្នុងក្រោលតេមួយនោះ បើកាលណាហើយមានបាតុភូតចម្លែកមួយ គឺឃើញមេក្របីខ្មៅ ណាមួយកើតកូនមកជាឃ្លៀច នោះគេជឿថាជាបុព្វនិមិត្តប្រាប់ឲ្យដឹងអំពីការស្លាប់រង្គាល នៃហ្វូងក្របីឃ្លៀច នោះគេជឿថាជាបុព្វនិមិត្តប្រាប់ឲ្យដឹងអំពីការស្លាប់រង្គាល នៃហ្វូងក្របីដោយសារជំងឺអំបល់ ។
២០- មនុស្សមានគភ៌មិនអាចជិះដំរីបាន ដូចសត្វពាហនៈដទៃទៀតដែរ វាតែងតែមានការពាក់ព័ន្ធទៅនិងជីវភាពមនុស្សដែលយើងសូមលើកយកមកពណ៌នាដូចតទៅ ហ្មដំរីទាំងឡាយតែងតែមានការប្រយ័ត្នប្រយែង មិនអនុញ្ញាតឲ្យមនុស្សមានគភ៌ (ផើម) ជិះលើខ្នងដំរីឡើយ ។ បើគេនៅតែបំពារបំពានទៅលើតំណមនោះ ដំរីនិងរលាស់ជម្រុះមនុស្សផើមនោះឲ្យធ្លាក់ពីលើខ្នងវា ។
២១- ហាមសាសងស្នេហានៅលើខ្នងដំរី ដោយឡែកពីតំណមមិនឲ្យមនុស្សផើមជិះលើខ្នង ការសាសងតាមផ្លូវស្នេហាប្រឡូកប្រឡែងគ្នានៅលើខ្នងដំរីក៏ជាប្រការមួយពុំអាចអនុញ្ញាតបានដែរ ។ យើងរាល់គ្នាដែលធ្លាប់ដឹងអំពីប្រពៃណីនេះ រួមទាំងហ្មដំរីផង នៅពុំទាន់បានស្រាវជ្រាវរកឃើញអំពីមូលហេតុច្បាស់លាស់នៅឡើយ ។ រហូតមកទល់ ពេលនេះ យើងគ្រាន់តែដឹងតាមរយៈចាស់ ៗ និយាយថា បើកាលណាគេនៅតែបំពារបំពានទៅលើតំណមនេះ ដំរីនិងស្រុត (ស្លាប់) ដោយពុំអាចព្យាបាលឲ្យជាបានឡើយ ។
២២- ដំរីចូលរួមចំណែកក្នុងការនាំមកនូវភាពត្រជាក់ត្រជំ នឹងព្យាបាលក្មេងអារ៉ឹះ ក្មេងអារ៉ឹះជាប្រភេទក្មេងដែល ពិបាកចិញ្ចឹម ព្រោះវាមានជំងឺរ៉ាំរ៉ៃជាប្រចាំ គឺជំងឺចំរុះច្រើនមុខ ឈឺនេះផង ឈឺនោះផង ពិបាកព្យាបាលជាទីបំផុត ។ ហេតុការណ៍វាឲ្យចម្លែក នៅត្រង់វាស្គមរីងរៃ ឈឺឥតមានថ្ងៃស្រាកស្រាន្ត តែវាមិនស្លាប់ ។ ចាស់បុរាណធ្លាប់ព្យាបាលក្មេងអារ៉ឹះនេះតាមវិធីប្លែកៗ ជាច្រើន មានដាក់វាឲ្យអង្គុយក្នុងឈ្នាង ហើយយកទៅធ្វើពិធីឧបកិច្ចនៅត្រង់ផ្លូវបំបែកជាបួន ដាក់វានៅចំផ្លូវព្រះសង្ឃនិមន្តបិណ្ឌបាត ដើម្បីឲ្យព្រះសង្ឃទស្សន៍ ឬក៏យកទៅប្រគេនលោកធុតុង្គឲ្យលោកព្យាបាល ឬក៏ឧបកិច្ចធ្វើជាឲ្យទៅលោកអាចារ្យចិញ្ចឹមជានិមិត្តរូប រួចទៅលោះយកមកវិញ ។ល។ និង ។ល។ តែនៅពេលនោះ យើងសូមលើកយកវិធីមួយមកពណ៌នានោះគឺ ការព្យាបាលដោយមានអន្តរាគមន៍ពីដំរី ។ តាំងពីបុរមបុរាណរៀងដរាបមក ខ្មែរយើងតែងតែចាត់ទុកដំរីថាជាសត្វត្រជាក់ត្រជំ ជាសត្វនាំមកនូវសុភមង្គល ជាសត្វតំណាងឲ្យទឹក និងភាពសំបូររុងរឿង ។ ជំនឿនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងអារម្មណ៍ខ្មែរ រហូតដល់នាំ គ្នាជឿត ៗ មកថា បើកាលណាយល់សប្តឃើញដំរីនោះ ច្បាស់ជាមានភ្លៀងជាមិនខាន ។ ខ្មែរខ្លះជឿថា ដំរីនាំមកនូវជោគវាសនាល្អ ធ្វើអ្វី ៗ តែងតែកើតចំរើនផលកាក់កបជានិច្ច ។ ដូច្នេះហើយបានជាស្រី ៗ នៅស្រុកស្រែខ្លះដែលចង់ចិញ្ចឹមនាងឲ្យបានផលចំរើន គេតែងទៅនិយាយអង្វរហ្មដំរីឲ្យជួយគេឲ្យបានស្ទាបបបូរមាត់ក្រោមរបស់ដំរី ។ ជួនកាលគេយកស្បែកដំរី (ដែលងាប់) មកធ្វើជាជ្រញ់ហាន់ស្លឹកមកឲ្យដង្កូវនាងស៊ី ដើម្បីឲ្យលទ្ធផលល្អក្នុងការចិញ្ចឹម ។ ខ្មែរភាគច្រើនពិសេសគ្រួសារអ្នកមាន ច្រើនតែយកភ្លុកដំរីទាំង គូរមកដាក់តាំងលើតុកិត្តយស ឬលើខ្នងទូ ទុកជាគ្រឿងលំអផ្ទះផង និងទុកជាទ្រព្យត្រជាក់នៅក្នុងផ្ទះផង ។
ចំពោះក្មេងអារ៉ឹះ គេយកវាទៅដាក់ពីក្រោមពោះដំរី ឬដាក់ពីក្រោមមាត់ដំរី យកប្រមោយវាឲ្យស្ទាបក្បាលក្មេងនោះ ឬក៏ឲ្យវាព្រួសទឹកដាក់ខ្លួនប្រាណក្មេងនោះ ក្នុងក្ដីសង្ឃឹមថាធ្វើយ៉ាងនេះ ក្មេងនិងបានជាសះស្បើយពីជំងឺរ៉ាំរ៉ៃរបស់វា ហើយវានឹងមានសុខភាពល្អ មានកម្លាំងពលំ មានប្រាជ្ញាស្មារតីល្អឡើងវិញ ។ សូមជំរាបអស់លោកអ្នកអានថា អ្វីដែលខ្ញុំបានសរសេររៀបរាប់អំពីជំនឿផ្សេង ៗ ដូចពោលខាងលើនេះ គឺជាជំនឿ ជាការចំណាំ ជាប្រផ្នូលរបស់ខ្មែរនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ ។ ខ្ញុំបានសាកសួរចាស់ព្រឹទ្ធាចារ្យក្នុងភូមិជាច្រើននៃឃុំតាអូរ ឃុំព្រៃអំពក ឃុំព្រៃរំដេង ឃុំព្រះបាទជាន់ជុំ អំពីការកំណត់ចំណាំផ្សេង ៗ រួមជាមួយនឹងបទពិសោធន៍ ការសង្កេតផ្ទាល់ខ្លួនខ្លះ ៗ ។ ចំពោះជំនឿផ្សេងៗ ទៀត ដូចជាអំពិលអំពែកចូលផ្ទះ ក្រៀលហើរខ្ពស់យំលើអាកាស ប្រហែលជាមានប្រជាជននៅខេត្តកំពង់ធំខ្លះជឿដូចនៅខេត្តតាកែវដែរ ។ ជំនឿបុរមបុរាណ មិនមែនមានដូចគ្នាសុទ្ធសាធដូចគេចាក់ពុម្ពនោះទេ ប៉ុន្តែ វាអាចខុសប្លែកគ្នាទៅតាមតំបន់ទៅតាមស្រុកខេត្ត ។ ដូច្នេះ ប្រសិនបើអស់លោកអ្នកអាននៅតំបន់ផ្សេង ចេះដឹងអ្វីអំពីជំនឿប្រពៃណីខុសប្លែកពីនេះ សូមមេត្តាសរសេរផ្ញើទៅពុទ្ធសាសនបណ្ឌិត្យដើម្បីស្រាវជ្រាវពិនិត្យផ្ទៀងផ្ទាត់ និងចងក្រងរក្សាទុកជាឯកសារឲ្យបានច្រើនសំរាប់ឲ្យកូនចៅយើង ជំនាន់ក្រោយ ៗ សិក្សាស្រាវជ្រាវជាបន្ត ។
ឯកសារយោង
កែប្រែដោយ មៀច ប៉ុណ្ណ