ឧបក្កិលេស
ឧបក្កិលេស ១៦ យ៉ាង
កែប្រែ- ១- អភិជ្ឈាវិសមលោភ (abhijjhā-visamalobha): ល្មោភរំពៃចង់បានទ្រព្យគេ (covetousness and unrighteous greed)
- ២- ព្យាបាទ (vyāpāda): ប្រទូស្ដ (ill will)
- ៣- ក្រោធ (kodha): ក្រោធ (anger)
- ៤- ឧបនាហ (upanāha): ចងក្រោធទុក្ខ (hostility)
- ៥- មក្ខ (makkha): លុបគុណគេ (denigration)
- ៦- បលាស (palāsa): វ៉ៃឫកប្រប (domineering)
- ៧- ឥស្សា (issā): ឫស្យា (envy)
- ៨- មច្ឆរិយ (macchariya): កំណាញ់ (stinginess)
- ៩- មាយា (māyā): លាក់ពុត (hypocrisy)
- ១០- សាថេយ្យ (sātheyya): អួតអាង (fraud)
- ១១- ថម្ភ (thambha): តឹងតែង (obstinacy)
- ១២- សារម្ភ (sārambha): ប្រជែងវាសនា (presumption)
- ១៣- មាន (māna): ប្រកាន់ខ្លួន (conceit)
- ១៤- អតិមាន (atimāna): មើលងាយគេ (arrogance)
- ១៥- មទ (mada) : ស្រវឹង (vanity)
- ១៦- ប្រមាទ (pamāda) : ប្រហែសធ្វេស (negligence) ។
សេចក្តីអធិប្បាយនៅក្នុងឱវាទបតិមោក្ខ
កែប្រែអកុសលធម៌ទាំង ១៦ ប្រការនោះ ប្រសិនបើបណ្ដោយឲ្យអកុសលធម៌ណាមួយចូលក្នុងចិត្ត វានឹងធ្វើចិត្តឲ្យសៅហ្មង ។ ឧបក្កិលេសទាំងនោះមិនកើតឡើងក្នុងចិត្តក្នុងវេលាមួយជាមួយគ្នាទេ ។ ម្យ៉ាងទៀត ប្រសិនបើកុសលធម៌មួយមកសណ្ឋិតនៅធ្វើជាម្ចាស់របស់ចិត្តហើយ ឧបក្កិលេសដែលជាអកុសលធម៌នឹងមិនអាចលុកលុយចូលបានឡើយ ។ ប្រសិនបើមានអកុសលធម៌ណាមួយចូលមកសម្ងំនៅជាម្ចាស់របស់ចិត្តហើយ កុសលធម៌ក៏រកឱកាសចូលមកស្ថិតនៅជាម្ចាស់ចិត្តបានដែរ ។ តាមធម្មតារបស់ចិត្ត ជាកណ្ដាលៗ កាលបើខាងណាចូលមកនៅបានមុន ក៏មានអំណាចអាចរារាំងខាងចំណែកថ្មីដែលមានកម្លាំងតិច មិនឲ្យចូលមកបាន។ ព្រោះហេតុនោះ សាធុជនដែលមានបំណងនឹងធ្វើឲ្យកើត ឲ្យមានឡើងជាប់នៅក្នុងចិត្តជានិច្ចកាលចុះ។
ឯកុសលធម៌នោះ កាលបើលើកយកតែកុសលធម៌ដែលគួរឲ្យកើតមានក្នុងចិត្តខានមិនបាន ហើយមានឧបការៈច្រើនផងមកសម្ដែង ក៏គឺ សតិសម្បជញ្ញៈ ព្រោះលោកសរសើរថាធម៌ ២ ប្រការគឺ សតិ និង សម្បជញ្ញៈ ជាធម៌មានឧបការៈច្រើន។ សតិគឺសេចក្ដីរឭក សម្បជញ្ញៈគឺសេចក្ដីដឹងខ្លួន គុណធម៌ទាំង ២ នេះប្រព្រឹត្តទៅក្នុងកិច្ចជាមួយគ្នា ផ្សេងតែអាការៈ គឺសតិនោះជាភ្នាក់ងារខាងឯនឹកឃើញក្នុងវេលាដែលធ្វើហើយ និយាយហើយ គិតហើយ សូម្បីយូរៗ ក៏នឹកឃើញបាន សម្បជញ្ញៈនោះជាភ្នាក់ងារខាងដឹងខ្លួនក្នុងវេលា ដែលកំពុងធ្វើ កំពុងនិយាយ កំពុងគិត។ ចិត្តដែលឥតសម្បជញ្ញៈគ្រប់គ្រងតែងស្ទុះបម្រះននៀលទៅរកវិសភាគារម្មណ៍ផ្សេងៗ តាមតែប្រទះស្រេចតែនឹងប្រាថ្នា មិនរើសថា ដូចម្ដេចគួរ ដូចម្ដេចមិនគួរឡើយ។ ចំណែកចិត្តដែលមានសតិសម្បជញ្ញៈគ្រប់គ្រង រមែងចេះរើសរកចំណែកដែលល្អៗ។ ធម្មតារថទឹមសេះដែលគ្មាននាយសារថីបរ សេះតែងនាំពង្រត់ទៅតាមទំនើងចិត្តរបស់វារមែងស្ទុះទៅផ្ដេសផ្ដាស ជល់នេះជល់នោះហែទៅតាមផ្លូវ ធ្វើឲ្យកើតសេចក្ដីអន្តរាយដល់គេដល់ឯង មិនបានស្រួលឡើយ ចំណែករថដែលមាននាយសារថី ដ៏ឈ្លាសវៃនៅគ្រប់គ្រងរក្សារមែងលឿនត្រង់ទៅតាមរបៀបរៀបរយ មិនធ្វើឲ្យកើតសេចក្ដីអន្តរាយដល់នរណាឡើយ សេចក្ដីនេះមានឧបមាយ៉ាងណាមិញ ឯសេចក្ដីប្រព្រឹត្តទៅរបស់មនុស្ស ក៏យ៉ាងនោះដែរ គឺបុគ្គលដែលគ្មានសតិសម្បជញ្ញៈ រមែងប្រព្រឹត្តកាយវាចាខុសៗ ភ្លាត់ៗ ធ្វើឲ្យកើតសេចក្ដីអន្តរាយដល់ខ្លួននិងអ្នកដទៃ។ ចំណែកបុគ្គលដែលមានសតិសម្បជញ្ញៈ រមែងប្រព្រឹត្តកាយ វាចា ត្រង់ត្រូវតាមផ្លូវដែលល្អៗ ជាហេតុឲ្យបានសេចក្ដីសុខដល់ខ្លួននិងអ្នកដទៃ។