ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

ព្រះឧបាលិត្ថេរ លោក​ជា​កម្លាំង​សំខាន់​របស់​ព្រះ​ពុទ្ធ​សានា​មួយ​រូប ក្នុង​ឋានៈដែល​តាំង​នៅ​ក្នុង​តំណែង​អ្នក​ទ្រទ្រង់​ព្រះ​វិន័យ​បិដក ដែល​ជា​ឫស​កែវ​របស់​ព្រះ​ពុទ្ធ​សាសនា ហើយ​លោក​បាន​តាំង​ចិត្ត​បដិបត្តិ​យ៉ាង​តឹង​រឹង​ ព្រម​ទាំង​ទូន្មាន ជម្រះ​អធិករណ៍​អោយ​មាន​យុត្តិធម៌​ដល់​គូ​ជម្លោះ​ទាំង​អស់ ដើម្បី​អោយ​ព្រះ​ពុទ្ធ​សាសនា​រុង​រឿង​ចម្រើន ជា​ទី​គោរព​បូជា​របស់​មហាជន​តទៅ រហូត​បាន​ទទួល​នូវ​ការ​លើក​តម្កើង​អំពី​ព្រះ​បរម​សាស្តា។

អតីតជាតិ កែប្រែ

ពុទ្ធ​កាលព្រះ​បទុមុត្តរសម្មាសម្ពុទ្ធ កែប្រែ

ក្នុង​ជាតិ​មួយ លោក​បាន​កើត​ជា​ព្រាហ្មណ៍​ឈ្មោះ​សុជាត ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​៨០​កោដិ នៅ​ក្នុង​ក្រុង​ហង្សវតី រៀន​សម្រេច​វិជ្ជា​ត្រៃវេទ ព្រម​ទាំង​គម្ពីរ​ពិសេស​ច្រើន​ប្រភេទ​ទៀត​ផ្នែក​ព្រហ្មញ្ញ​សាសនា។ កាល​តមក ក្នុង​ពេល​ព្រះ​បទុមុត្តរ​សម្មាសម្ពុទ្ធ​ទ្រង់​ឧប្បត្តិ​ឡើង​ក្នុង​លោក ទ្រង់​យាង​ទៅ​ប្រថាប់​ក្នុង​ក្រុង​ហង្សវតី ទ្រង់​បាន​សម្តែង​ព្រះ​ធម៌​ប្រោស​ពុទ្ធ​បិតា​ក្នុង​កណ្តាល​ជំនុំ គ្រានោះ​ព្រះ​អង្គ​បាន​ព្យាករណ៍​តាបស​មួយ​រូប​ឈ្មោះ សុនន្ទតាបស ថា ក្នុង​កាល​មួយសែន​កប្ប​ទៅ​អនាគត លោក​ជា​អ្នក​ប្រសើរ​ជាង​មនុស្សនិង​ទេវតាទាំងពួង បាន​ជា​សាវ័ក​ព្រះ​គោតម​សម្ពុទ្ធដែល​មាន​នាម​ថា បុណ្ណមន្តានីបុត្ត។ សុជាត​ព្រាហ្មណ៍​បាន​ឮ​ហើយ ត្រូវ​ការ​នឹង​ធ្វើ​បុណ្យ​ខ្លះ កាល​បាន​ឃើញ​ភិក្ខុ​មួយ​រូប​បាន​ទទួល​ការ​លើក​តម្កើង​ពី​ព្រះ​បទុមុត្តរសម្ពុទ្ធ ជា​កំពូល​ខាង​ទ្រទ្រង់​នូវ​ព្រះ​​វិន័យ ទើប​សុជាត​ព្រាហ្មណ៍ធ្វើបុណ្យ​ហើយ​ប្រាថ្នា អោយ​បាន​ជា​កំពូល​ផ្នែក​ទ្រទ្រង់​ព្រះ​វិន័យ​និង​បាន​កសាង​អារាម​ឈ្មោះ​ថា សោភណៈ ប្រគេន​ចំពោះ​ព្រះភិក្ខុសង្ឃ​ទាំង​ឡាយ មាន​ព្រះ​បទុមុត្តរ​សម្មា​សម្ពុទ្ធ​ជា​ប្រធាន។ លុះកសាង​សោភណារាម​ស្រេច​ហើយ បាន​ធ្វើ​ការ​ឆ្លង​អស់​ទ្រព្យ​ជា​ច្រើន​ទៀត ព្រះ​ពុទ្ធ​អង្គ​នោះ​បាន​ព្យាករណ៍​ថា សុជាតព្រាហ្មណ៍ បាន​កសាង​អារាម​ថ្វាយ​សង្ឃ​នេះ និង​បាន​ជា​អ្នក​ប្រកប​ដោយ​សេចក្តី​សុខ​ក្នុង​មនុស្ស​លោក និង​ទេវលោក​អស់​កាល​ដ៏​យូររ ហើយ​នឹង​បាន​ជា​សាវ័ករបស់​ព្រះ​សមណគោតមសម្ពុទ្ធ​ក្នុង​កប្ប​ទី១​សែន​ទៅ​អនាគត ដោយ​មាន​ឈ្មោះ​ថា ឧបាលិ

ព្រះ​រេវតបច្ចេកពុទ្ធ​ កែប្រែ

ក្នុង​កប្បទី​២ រាប់​អំពី​កប្ប​នេះ​ទៅ មាន​ក្សត្រ​ឈ្មោះ​អញ្ជស្ស មាន​តេជៈរក​ទី​បំផុត​គ្មាន មាន​យស​រាប់​មិន​បាន ជា​ម្ចាស់​ផែនដី​មាន​ទ្រព្យ​ច្រើន។ ព្រះ​ឧបាលិ លោក​ជា​ព្រះ​រាជ​បុត្រ​របស់​ស្តេច​អង្គ​នោះ ជា​ក្សត្រ​ឈ្មោះ​ចន្ទនៈ ជា​អ្នក​រឹង​ត្អឹងដោយ​ស្រវឹង​ព្រោះ​ជាតិ​ផង ព្រោះ​យស​ផង និង​ភោគៈ​ផង។ សម័យ​មួយ​ព្រះ​ចន្ទនៈ​ប្រាថ្នា​នឹង​យាង​ទៅកាន់​​ឧទ្យាន​ឡើង​ជិះ​ដំរី​ឈ្មោះ​សិរិកៈចេញ​ពី​នគរ​ចោម​រោម​ដោយ​ពល​ និង​ពួក​ដំរី​មាតង្គៈ​ចំនួន​១សែន។ ព្រះ​បច្ចេកពុទ្ធ​ព្រះ​នាម​រេវត ទ្រង់​បរិបូណ៌​ដោយ​ចរណៈ មាន​ទ្វារ​គ្រប់​គ្រង សង្រួម​ល្អ បាន​និមន្ត​មក​ចំពោះ​មុខ​ព្រះ​ចន្ទនៈ។ វេលា​នោះ​លោក​បាន​បរ​ដំរី​ទៅ​អោយ​បៀត​បៀន​ព្រះ​បច្ចេកពុទ្ធ​អង្គ​នោះ លំដាប់​នោះ​ដំរី​ក៏​ក្រោធ​ខឹង​មិន​លើក​ជើង។ លុះ​ឃើញ​ដំរី​ដូច្នោះ ព្រះចន្ទនៈ​ក៏​មាន​ចិត្ត​ខឹង​ក្រោធ​នឹង​ព្រះ​បច្ចេកពុទ្ធ​ជាម្ចាស់ បៀត​បៀន​ព្រះ​បច្ចេកពុទ្ធ​ហើយ​ក៏​ទៅ​ក្នុង​ឧទ្យាន។ កាលនោះ​ព្រះ​ចន្ទនៈ​មាន​ចិត្ត​នៅ​មិន​ស្ងប់​ អន្ទះ​អន្ទែង​ក្រហល់​ក្រហាយ ផែន​ដី​ដែល​មាន​សាគរ​ជាទី​បំផុត​ ហាក់​ដូច​ជា​ដុត​កំដៅ​លោក ទើប​លោក​ចូល​ទៅ​កាន់​សម្នាក់​ព្រះ​បិតា ហើយ​ក្រាប​បង្គំ​ទូល​ថា "យើង​ខ្ញុំបៀតបៀន​ព្រះ​បច្ចេកពុទ្ធ​ ដូច​បុគ្គល​បៀតបៀន​អាសិរពិស ឬ​ដូច​បុគ្គល​បៀតបៀន​គំនរ​ភ្លើង ឬ​ដូច​បុគ្គល​បៀតបៀន​ដំរី​មាន​ភ្លុក​ដែល​ចុះ​ប្រេង។ ព្រះ​បច្ចេកពុទ្ធ​អង្គ​នោះ​មាន​តបៈ​ដ៏​ខ្ពង់​ខ្ពស់ ក្លៀវក្លា ជា​ព្រះ​ជិនស្រី យើង​ខ្ញុំ​បៀត​បៀន​ហើយ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​វិនាស យើង​ខ្ញុំ​នឹង​ញុំាង​ព្រះ​សយម្ភូជា​មុនី​អង្គ​នោះ​អោយ​អត់​ទោស​អោយ។ ប្រសិន​បើ​យើង​ខ្ញុំ​មិន​បាន​ញុំាង​ព្រះ​បច្ចេកពុទ្ធ​ដែល​មាន​ខ្លួន​ទូន្មាន​ហើយ មាន​ព្រះ​ហរទ័យ​ខ្ជាប់​ខ្ជួន​នោះ អោយ​អត់​ទោស​អោយ​ទេ ដែន​របស់​យើង​ខ្ញុំ​មុខ​ជា​វិនាស ក្នុង​ថ្ងៃ​ទី​៧ មិន​ខាន។ ក្សត្រ​៤​ព្រះ​អង្គ​ព្រះ​នាម សុមេខលៈកោសិយៈសិកវៈសត្តកៈ១ ជា​មួយ​នឹង​សេនា​បាន​បៀតបៀន​ឥសី​ទាំង​ឡាយ ហើយ​​ដល់​នូវ​សេចក្តី​វិនាស។ ​"

ព្រះ​ចន្ទនៈ​ក៏​បាន​ចូល​ទៅ​គាល់​ព្រះ​សយម្ភូដើម្បី​នឹង​សំដែង​ទោស ពួក​បុរស​ទាំង​ពួង​ស្លៀក​សំពត់​ទទឹក មាន​ក្បាល​ទទឹក ធ្វើ​ក្រពុំម្រាមដៃ​ក្រាប​ទៀប​ព្រះបច្ចេកពុទ្ធ​ហើយ​ទូល​ថា "បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ សូម​ព្រះ​អង្គ​អត់​ទោស សូម​ព្រះ​អង្គ​រម្ងាប់​ក្រវល់​ក្រវាយ សូម​ព្រះ​អង្គ​កុំ​ធ្វើ​ដែន​របស់​យើង​ខ្ញុំ​អោយ​វិនាស​ឡើយ។ ពួក​មនុស្ស​និង​ទេវតា ទាំង​អ្នក​ធ្វើ​ទាន ទាំង​អ្នក​យាម គេ​នឹង​យក​ញញួរ​ដែក​មក​ទម្លាយ​អំបែង​ក្បាល​យើង​ខ្ញុំ​សព្វៗ​កាល ប្រសិន​បើ​ព្រះ​អង្គ​មិន​អនុគ្រោះ​ទេ។"

ព្រះ​បច្ចេក​ពុទ្ធ​ត្រាស់​ថា "ភ្លើង​មិន​ឋិត​នៅ​ក្នុង​ទឹក ពូជ​មិន​ដុះ​នៅ​លើ​ថ្មភ្នំ ដង្កូវ​មិន​ឋិត​នៅ​ក្នុង​ឱសថ សេច​ក្តី​ក្រោធ​មិន​មាន​ក្នុង​ព្រះ​បច្ចេកពុទ្ធ​ទេ។ ផែនដី​មិន​កម្រើក សមុទ្រ​សាគរ​ប្រមាណ​មិនបាន អាកាស​រក​ទី​បំផុត​គ្មាន យ៉ាង​ណា​មិញ ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​មាន​ព្យាយាម​ធំ មាន​ខ្លួន​ទូន្មាន​ អត់​ធន់ មាន​តបៈ ពួក​បុគ្គល​អ្នក​អំណត់​អត់​ធន់ មិន​លុះ​ក្នុង​អគតិ​។"

ព្រះ​បច្ចេកពុទ្ធ ទ្រង់​ត្រាស់​ដូច្នេះហើយ ក៏​ហោះ​ទៅ​តាម​អាកាស​ក្នុង​ទី​ចំពោះ​មុខ​មហាជន​ក្នុង​កាល​នោះ ទើបព្រះបាទ​ចន្ទនៈ​​រម្ងាប់​ក្រវល់​ក្រវាយ​របស់​ព្រះអង្គ។

បច្ចុប្បន្នជាតិ កែប្រែ

ព្រះឧបាលិ គឺ​ជា​កូន​របស់​នាយ​ជាង​កាត់​កោរសក់​ក្នុង​នគរ​កបិលពស្តុ។ កាល​លោក​ចម្រើន​វ័យ​ហើយ បាន​ទទួល​តំណែង​ជា​នាយ​ភូសា​មាលានៃ​ស្តេច​សក្យវង្ស​ទាំង​៥​គឺ ភទ្ទិយៈអនុរុទ្ធអានន្ទភគ្គុកិម្ពិលៈ១។ ហេតុ​ដែល​បាន​ទទួល​តំណែង​នេះ ព្រោះ​លោក​ជា​ទី​ជ្រះ​ថ្លា​ពេញ​ព្រះ​ហរទ័យ​នៃ​ស្តេច​សក្យវង្ស​ទាំង​៥​ព្រះ​អង្គ​នោះ។ ដោយ​ហេតុ​ថា​លោក​មក​កើត​ក្នុង​ត្រកូល​ឋានៈ​​ទាប​​នោះ ព្រោះ​លោក​បាន​ធ្វើ​អំពើ​ឆ្គាំ​ឆ្គង​ខ្លះ​ចំពោះ​ព្រះ​រេវតបច្ចេកពុទ្ធ​ក្នុង​អតីតជាតិ។

បព្វជ្ជា កែប្រែ

ការ​ចេញ​បួស​របស់​ព្រះឧបាលិ​ត្ថេរ មាន​ទាក់​ទង់​នឹង​ក្សត្រ​សក្យៈ​ទាំង​៥​ព្រះអង្គ គឺ ភទ្ទិយៈ អនុរុទ្ធ អានន្ទ ភគ្គុ កិម្ពិលៈ មិន​នៅ​ក្នុង​កោលិយវង្ស មួយ​អង្គ គឺ​ទេវទត្ត។ ក្សត្រ​ទាំង​អស់​នេះ​មាន​បំណង​នឹង​បួស​ក្នុង​ព្រះពុទ្ធសាសនា ហើយ​បាន​បបួល​ឧបាលិ​ជាង​កោរកាត់​អោយ​ជាប់​តាម​ទៅ​ដែរ​ ទើប​រួម​ជា​៧​នាក់។ ក្សត្រ​ទាំង​៦​អង្គ​យាង​ចេញ​ពី​ព្រះ​នគរ​ដោយ​ចតុរង្គ​សេនា គឺ​មាន​ពល​សេះ ពល​ដំរី ពល​រថ ពល​ថ្មើរជើង ហាក់​ដូច​យាង​ទៅ​ប្រពាត​ព្រះ​រាជ​ឧទ្យាន។ លុះ​យាង​ដល់​ព្រំ​ប្រទល់​នគរ ស្តេច​ទាំង​៦​អង្គ​ត្រាស់​បញ្ជារ​អោយ​ក្បួន​ចតុរង្គសេនា​ត្រឡប់​ទៅ​វិញ និង​ដោះ​គ្រឿង​អាភរណៈ​ចេញ​ ប្រគល់​អោយ​ឧបាលិ ដើម្បី​អោយ​ឧបាលិ​ចិញ្ចឹម​ជីវិត​ទៅអនាគត។ ឧបាលិ​បាន​ក្រាប​ទាប​ព្រះ​បាទា​ក្សត្រ​ទាំង​៦​អង្គ​យំ ដោយ​អាល័យ ហើយ​ទទួល​យក​គ្រឿង​អភរណៈ​នោះ​ដើរ​មក​តាម​ផ្លូវ​ត្រឡប់​ទៅ​ព្រះ​នគរ​វិញ។ ខណៈ​ដែល​ដើរ​តាម​ផ្លូវ​ ក៏​គិត​ខ្លាច​ការ​យល់​ខុស​របស់​ពួក​សក្យៈ​ព្រះ​ញាតិ​ថា ក្សត្រ​សក្យរាជ​ទាំង​អស់ ឃើញ​យើង​យក​គ្រឿង​អលង្ការទៅ នឹង​គិត​ថា​យើង​សម្លាប់​ពួក​រាជ​កុមារ ហើយ​ដណ្តើម​យក​អលង្ការ​ទាំង​នេះ អាច​នឹង​ដាក់​ព្រះ​រាជ​អាជ្ញា​ដល់​យើង​ដោយ​ធ្ងន់​ធ្ងរ គឺ​ប្រហារ​ជីវិត​យើង​យ៉ាង​ប្រាកដ ទើប​​នឹក​គិត​ថា "ហេតុអ្វី​ហ្ន៎ ក្សត្រ​ទាំង​អស់​នេះលះ​សម្បត្តិ​ដ៏ឱឡារ និង​គ្រឿង​អាភរណៈ​ដ៏​មាន​តម្លៃ​ទាំង​នេះបាន ដោយ​មិន​អាល័យ​ហួង​ហែង ដូច​ជា​ស្តោះ​ទឹក​មាត់​ចោល ហើយ​ចេញ​បួស​នៅ​ក្នុង​សាសនា​បាន តែ​យើង​មិន​មាន​សម្បត្តិ​ត្រឹម​បន្តិច​សោះ​ឡើយ ហេតុអ្វី​ក៏​លះ​បង់​មិន​បាន" ។ ឧបាលិ ជាង​កាត់​កោរ កាល​គិត​ដូច្នោះ​ហើយ ក៏​ស្រាយ​កញ្ចប់​គ្រឿង​អលង្ការ​ចេញ នាំ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ព្យួរ​ទុក​លើ​មែក​ឈើ ហើយ​ពោល​ប្រកាស​ថា អ្នក​ណា​ប្រាថ្នា ចូរ​យក​ទៅ​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ចុះ ហើយ​ប្រញាប់​ជាប់​តាម​ក្សត្រ​ទាំង​៦​នោះ​ទៅ ហើយ​ប្រាប់​នូវ​បំណង​របស់​ខ្លួន​​អោយ​ទ្រង់​ជ្រាប ហើយ​បាន​ទទួល​ការ​យល់​ព្រម​ពី​ក្សត្រ​ទាំង​នោះ​។ អ្នក​ទាំង​៧ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មល្លរដ្ឋជនបទ ចូល​គាល់​ព្រះ​មាន​ព្រះភាគដែល​គង់​នៅ​ក្នុង​អនុបិយអម្ពវ័ន ថ្វាយ​បង្គំហើយ​ក្រាប​ទូល​សូម​បព្វជ្ជា​ឧបសម្បទា​ក្នុង​ធម៌​វិន័យ។ ពួក​ក្សត្រ​ទាំង​៦​អង្គ​បាន​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​អោយ​ទ្រង់​បំបួស​ឧបាលិ​មុន ដើម្បី​អោយ​ខត្តិយមានះ​របស់​ខ្លួន​ចុះ​ថយ។ (​ព្រោះ​អ្នក​ដែល​បាន​បួស​មុន​​នឹង​បាន​ជា​រៀម​ច្បង ហើយ​អ្នក​ដែល​បួស​ក្រោយ​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​គោរព​រាប់​អាន​អ្នក​ដែល​ជា​រៀម​ច្បង។​

សម័យ​មួយ​ព្រះ​ឧបាលិ​មាន​បំណង​នឹង​ទៅ​នៅ​ព្រៃ ក៏​ចូល​ទៅ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​សុំ​ការ​អនុញ្ញាតិ។ ព្រះ​សាស្តា​ត្រាស់​ថា "ម្នាល​ឧបាលិ សេនាសនៈ​ដែល​ស្ងាត់​ក្នុង​ព្រៃ​ធំ​ជា​កន្លែង​នៅ​បាន​ដោយ​លំបាក ធ្វើ​សេចក្តី​ស្ងប់​ស្ងាត់​បាន​ដោយ​កម្រ ការ​នៅ​ម្នាក់​ឯង​ជា​ការ​ត្រេក​អរ​បាន​ដោយ​កម្រ ព្រៃ​ទាំង​ឡាយ​ហាក់​ដូច​ជា​នាំ​យក​ចិត្ត​របស់​ភិក្ខុ​អ្នក​មិន​មាន​សមាធិ​ទៅ ភិក្ខុ​ឧបាលិ​ណា​ពោល​ថា យើង​ជា​អ្នក​មិន​បាន​សមាធិ នឹង​នៅ​ក្នុង​ទី​សេនាសនៈ​ដែល​ស្ងាត់​ក្នុង​ព្រៃ​ធំ ភិក្ខុនោះ​នឹង​ត្រូវ​លេច​ចុះ ឬ​នឹង​រវើរវាយ។ ប្រៀប​ដូច​ជា​អន្លង់​ទឹក​ធំ មាន​ដំរី​កម្ពស់​៧​ហត្ថ ឬ​៧​ហត្ថ​កន្លះ បាន​ដើរ​មក​ដល់​អន្លង់​ទឹកធំ​នោះ ដំរី​នោះ​គិត​ថា យើង​នឹង​ចុះ​ទៅ​កាន់​អន្លង់​ទឹក​នេះ ហើយ​គប្បី​ដុះ​ត្រចៀក​និង​ខ្នង​ខ្លះ លុះ​ងូត​ផឹក​ទឹក​ហើយ ឡើង​ចាក​អន្លង់​ទឹក​ទៅ​តាម​សេច​ក្តី​ត្រូវ​ការ សេចក្តី​នោះ​ព្រោះ​ហេតុអ្វី ព្រោះ​ដំរី​នោះ​មាន​រាង​កាយ​ធំ ជើង​រមែង​ជាន់​ដល់​ផ្ទៃ​ដី ឈរ​នៅ​ក្នុង​អន្លង់​ទឹក​ជ្រៅ​បាន បើ​ទន្សាយ ឬ​ខ្លា​ត្រី​មកដល់​អន្លង់​ទឹក​នេះ ទន្សាយ ឬ​ខ្លាត្រី​គិត​ថា យើង​ជា​ស្អី ដំរី​ជា​ស្អី យើង​ក៏​នឹង​ចុះ​ទៅ​ក្នុង​អន្លង់​ទឹក​ធំ​នេះ លាង​ត្រចៀក ដុះ​ខ្នងអោយ​សប្បាយ និង​ឡើង​ចាក​អន្លង់​នេះ​ត្រឡប់​តាម​សេចក្តី​ត្រូវ​ការ ទន្សាយ​ឬ​ខ្លាត្រី​នោះ ក៏​ចុះ​ទៅ​ក្នុង​អន្លង់​ទឹក​ដ៏​ឆាប់​រហ័ស ដោយ​មិន​បាន​ពិចារណា វា​នឹង​ត្រូវ​លិច​ចុះ ឬ​អណ្តែត​ទៅ សេចក្តី​នោះ​ព្រោះ​ហេតុអ្វី ព្រោះ​ថា​ទន្សាយ ឬ​ខ្លាត្រី​មាន​រាង​តូច ជើង​ជាន់​មិន​ដល់​ដី ដែល​នឹង​ឈរ​នៅ​ក្នុង​អន្លង់​ទឹក​ជ្រៅ​យ៉ាង​ណា​មិញ ភិក្ខុ​ឧបាលិ​ណា​ពោល​ថា កាល​យើង​មិន​បាន​សមាធិ នឹង​ត្រូវ​នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងប់​ស្ងាត់​ក្នុង​ព្រៃ​ធំ ភិក្ខុ​នោះ​នឹង​ត្រូវ​លិច​ចុះ ឬ​រាយ​មាយ​ដូច្នោះ​ឯង ឧបាលិ​ប្រៀប​ដូច​ក្មេង​តូច ដេក​ផ្ងារ រមែង​លេង​បស្សាវៈ និង​ឧច្ចារៈ​របស់​ខ្លួន អ្នក​យល់​សេចក្តី​នោះ​យ៉ាង​ណា ក្មេង​តូច​នេះ​លេង​តាម​បែប​ក្មេង​ខ្ចី​មិន​មែន​ឬ" ព្រះ​ឧបាលិ​ក៏​ក្រាប​ទូល​តប​ថា "បពិត្រ​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នោះ​ឯង​ព្រះអង្គ!" ព្រះ​សាស្តា​ត្រាស់​ថា "ម្នាល​ឧបាលិ ព្រះ​តថាគត​ឧប្បត្តិ​ឡើង​ក្នុង​លោកនេះ ជា​ព្រះ​អរហន្ត ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង​ដោយ​ប្រពៃចំពោះ​ព្រះ​អង្គ​ឯង ទ្រង់​ដល់​ព្រម​ដោយ​វិជ្ជា​និង​ចរណៈ យាង​ទៅល្អ​ហើយ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក ជា​សារថី ទូន្មាន​បុរស​ដែល​គួរ​ទូន្មាន​បាន ទ្រង់​មិន​មាន​បុគ្គល​ក្រៃ​លែង​ជាង​ដោយ​គុណ ជា​សាស្តា​នៃ​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ចៈទាំង​៤ ទ្រង់ចែក​នូវ​ធម៌​ ព្រះ​តថាគត​អង្គ​នោះ​ ទ្រង់​ដឹង​ច្បាស់​នូវ​លោក​នេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ដោយ​ព្រះ​បញ្ញា​ញាណ​ដ៏​ក្រៃលែង ហើយ​ទ្រង់​ទូន្មាន​ពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទេវតា និង​មនុស្ស​អោយ​ដឹង​តាម ទ្រង់​សម្តែង​ធម៌​ដែល​ល្អ​បទ​ដើម បទ​កណ្តាល​ និង​បទ​ចុង ប្រកាស​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​បរិបូណ៌ ដោយ​អត្ថ​និង​ព្យញ្ជនៈ។ គហបតី បុត្រ​នៃ​គហបតី ឬ​អ្នក​កើត​មក​ក្នុង​ត្រកូល​ណា​មួយ បាន​ស្តាប់​ធម៌​នោះ​ហើយ​ក៏​មាន​សទ្ធា គឺ​ការ​ជឿ​ក្នុង​ព្រះ​តថាគត ជា​អ្នក​ប្រកប​ដោយ​សទ្ធា គឺ​ការ​ជឿ ហើយ​រមែង​ពិចារណ​ឃើញ​ថា ឃរាវាស​(អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ) ជា​របស់​ចង្អៀត ជា​ផ្លូវ​មក​នៃ​ធូលី គឺ​កិលេស ចំណែក​បព្វជ្ជា​ជា​ផ្លូវ​ស្រឡះ ជា​ផ្លូវ​ទំនេរ បុគ្គល​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ អោយ​បរិសុទ្ធ​បរិបូណ៌​ដោយ​ចំណែក​មួយ ដែល​ប្រៀប​ដូច​ជា​ស័ង្ខ​ដែល​ខាត់​ហើយ មិន​មែន​ជា​ការ​ធ្វើ​បាន​ដោយ​ងាយ បើ​ដូច្នោះ​យើង​នឹង​កោរ​សក់ ពុកមាត់ ស្លៀក​ដណ្តប់​សំពត់​កាសាវពស្ត្រ ចេញ​បួស​ជា​បព្វជិត សម័យ​តមក ក៏​លះ​ទ្រព្យ​សម្បត្តិ​ច្រើន និង​ពួក​ញាតិ​តិច​ច្រើន កោរ​សក់​និង​ពុក​មាត់ ហើយ​ស្លៀក​ដណ្តប់​សំពត់​កាសាវពស្ត្រ ចេញ​ចាក​ផ្ទះ​ទៅ​បួស​ក្នុង​ព្រះ​ធម្មវិន័យ ជា​អ្នក​មិន​មាន​កិច្ចការ​ដោយ​ផ្ទះ កាល​បាន​បួស​ជា​បព្វជិត​ហើយ ជា​អ្នក​រួម​សិក្សា និង​អាជីព​ស្មើ​នឹង​ភិក្ខុ​ទាំង​ឡាយ លះ​បាណាតិបាត វៀរ​ស្រឡះ​ចាក​ការ​សម្លាប់​សត្វ ចោល​ដំបង ដាក់​សស្ត្រា មាន​ការ​ខ្មាស់ មាន​ចិត្ត​អាណិត មាន​សេចក្តី​ករុណា ប្រាថ្នា​ប្រយោជន៍​អនុគ្រោះ​ដល់​សត្វ​ទាំង​ពួង​មិន​រើស​មុខ។ លះ​ទិន្នាទាន វៀរ​ស្រឡះ​ចាក​ការ​លួច​ទ្រព្យ​ទទួល​យក​របស់​ដែល​គេ​អោយ ត្រូវ​ការ​តែ​របស់​ដែល​គេ​អោយ មិន​ប្រព្រឹត្ត​ខ្លួន​ជា​ចោរ ជា​អ្នក​នៅ​ដោយ​សេចក្តី​បរិសុទ្ធ លះ​អព្រហ្មចរិយៈ គឺ​វៀរ​ស្រឡះ​ចាក​មេថុនធម្ម ប្រព្រឹត្ត​ព្រហ្មចរិយៈ ប្រព្រឹត្ត​អោយ​ឆ្ងាយ វៀរ​ស្រឡះ​ចាក​មេថុន​ដែល​ជា​ធម្ម​របស់​អ្នក​ស្រុក លះ​មុសាវាទ វៀរ​ស្រឡះ​ចាក​ការ​និយាយ​កុហក និយាយ​តែ​ពាក្យ​ពិត តាំង​នៅ​ក្នុង​ពាក្យ​សត្យ និយាយ​ជា​គោល​ដ្ឋាន​គួរ​ជឿបាន មិន​និយាយ​បោក​ប្រាសគេ។ លះ​វាចាស៊កសៀត វៀរ​ស្រឡះ​ចាក​វាចារ​ស៊ក​សៀត ស្តាប់​ខាង​នេះ ហើយ​មិន​ទៅ​ប្រាប់​ខាង​នោះ ដើម្បី​អោយ​គេ​បែក​បាក់​គ្នា មាន​តែ​ការ​បង្រួប​បង្រួម​អ្នក​ដែល​បែក​បាក់​គ្នា​អោយ​ត្រូវ​គ្នាវិញ សរសើរ​អ្នក​ដែល​ព្រម​ព្រៀង​គ្នា គាប់​ចិត្ត​នឹង​អ្នក​ដែល​ព្រម​ព្រៀង​គ្នា ត្រេកអរ​ក្នុង​អ្នក​ដែល​ព្រម​ព្រៀង​គ្នា រីក​រាយ​ក្នុង​អ្នក​ដែល​ព្រម​ព្រៀង​គ្នា ពោល​តែ​ពាក្យ​ដែល​ធ្វើ​អោយ​ព្រម​ព្រៀង​គ្នា។ លះ​វាចា​ទ្រគោះ​បោះ​បោក វៀរ​ស្រឡះ​ចាក​វាចា​គំរោះ​គំរើយ ពោល​តែ​ពាក្យ​ដែល​មិន​មាន​ទោស ពីរោះ​ត្រចៀក ពោល​តែ​ពាក្យ​ដែល​ជាទី​ស្រឡាញ់ ជា​ទី​ពេញ​ចិត្ត ជា​វាចា​របស់​អ្នក​ក្រុង ពាក្យ​ដែល​មនុស្ស​ជា​ច្រើន គេ​គាប់​ចិត្ត។ លះ​បង់​វាចារោយរាយ វៀរ​ស្រឡះ​ចាក​វាចា​រោយ​រាយ និយាយ​ត្រូវ​កាល និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍ និយាយ​អាង​អត្ថ និយាយ​អាង​ធម៌ និយាយ​អាង​វិន័យ និយាយ​តែ​ពាក្យ​មាន​ល័ក្ខ​ឋាន មាន​ទី​អាង មាន​ទី​កំណត់​ប្រកប​ដោយ​ប្រយោជន៍ តាម​កាល​វេលា​ដែល​គួរ​និយាយ។ ភិក្ខុនោះ​វៀរ​ស្រឡះ​ចាក​ការ​ផ្តាច់​ពីជ​គាម ភូត​គាម ជា​អ្នក​ឆាន់​តែ​មួយ​ពេល វៀរ​ស្រឡះ​ចាក​ការ​ឆាន់​ក្នុង​វេលាយប់ ឆាន់​ក្នុង​វេលា​វិកាល ការរាំ​ច្រៀង ការ​ប្រគំ​តន្ត្រី និង​ការ​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ វៀរ​ស្រឡះ​ចាក​ការ​ទ្រ​ទ្រង់​ស្អិត​ស្អាង​រាង​កាយ​ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេង​ៗ ដែល​ជា​លក្ខណៈ​នៃ​ការ​តុប​តែង​ខ្លួន វៀរ​ចាក​ទី​អង្គុយ​ឬ​ទី​ដេក​ដែល​ខ្ពស់​ហួស​ប្រមាណ និង​ទី​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​ការ​ទទួល​មាស​និង​ប្រាក់ ធញ្ញហារឆៅ សាច់​ឆៅ វៀរ​ការ​ទទួល​ស្រី និង​ប្រុស ទាសី ទាសា ពពែ ចៀម ស្រែ​ចំការ និង​ដី​ធ្លី វៀរ​ស្រឡះ​ចាក​ការ​ធ្វើ​ទូតកម្ម​និង​ការ​បម្រើ​អ្នក​ដទៃ ការ​ទិញ​ដូរ ការ​ឆបោក​ ការ​ទទួល​សំណូក ល្បិច​កល ភិក្ខុ​នោះ​ជា​អ្នក​សន្តោស គឺ​ត្រេក​អរ​ដោយ​ចីវរ​ល្មម ជា​គ្រឿង​ស្លៀក​ដណ្តប់​បិទ​បាំង​កាយ ត្រេក​អរ​ដោយ​អាហារ​បិណ្ឌបាត​ល្មម ដែល​ខ្លួន​នឹង​ទៅ​ទិស​ណា​ៗ ក៏​កាន់​យក​ទៅបាន​ដោយ​ខ្លួន​ឯង ដូច​ជា​បក្សី​ដែល​ហើរ​ទៅបាន ដោយ​ស្លាប​តាម​សេចក្តី​ប្រាថ្នា​ដូច្នោះ ភិក្ខុ​នោះ​ជា​អ្នក​ប្រកប​ដោយ​កង​សីល​ដែល​ជា​អរិយៈ​នេះ រមែង​បាន​ទទួល​សេចក្តី​សុខ​ដែល​ប្រាស​ចាក​ទោស ភិក្ខុ​នោះ​ឃើញ​រូប​ដោយ​ភ្នែក ឮ​សំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយ​ច្រមុះ លិទ្ធរស​ដោយ​អណ្តាត ពាល់​ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយ​ចិត្ត​ហើយ មិន​កាន់​យក​នូវ​និម្មិត និង​អនុព្យញ្ជនៈ រមែង​បដិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្ទ្រីយ៍ សោតិន្ទ្រីយ៍ ឃានិន្ទ្រីយ៍ ជីវ្ហិន្ទ្រីយ៍ មនិន្ទ្រីយ៍ បើ​មិន​សង្រួម​ហើយ នឹង​ជា​ហេតុ​អោយ​អកុសល​ដ៏​លាមក គឺ​អភិជ្ឈា និង​ទោមនស្ស​គ្រប​សង្កត់​បាន​ឈ្មោះ​ថា រមែង​ដល់​នូវ​ការ​រក្សា និង​ការ​សង្រួម​នូវ​ឥន្ទ្រីយ៍​ទាំង​នោះ ។ ភិក្ខុ​នោះ​ជា​អ្នក​ប្រកប​ដោយ​ឥន្ទ្រិយ​សំវរៈ​ដែល​ជា​អរិយៈនេះ រមែង​បាន​សោយ​សុខ ដែល​ប្រាស​ចាក​កិលេស​ចំពោះ​ខ្លួន រមែង​មាន​សេចក្តី​ដឹង​ខ្លួនទាំង​ក្នុង​ពេល​ឈាន​ទៅ​មុខ ថយក្រោយ ក្រឡេកមើល ពេល​បត់​ចូល លាចេញ គ្រង​សង្ឃាដិ បាត្រ​និង​ចីវរ ពេល​ឆាន់ ផឹក​ ទំពា លិទ្ធ​រស ពេល​បន្ទោបង់ ពេល​ដើរ​ ឈរ​ អង្គុយ ដេក និយាយ ស្ងៀម ភិក្ខុ​នោះ​ប្រកប​ដោយ​សីលក្ខន្ធ​ជា​អរិយៈ​នេះ ប្រកប​ដោយ​ឥន្ទ្រិយ​សំវរៈ​ជា​អរិយៈ​ដូច្នេះ និង​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ​ដែល​ជា​អរិយៈ​នេះ រមែង​នៅ​ក្នុង​សេនាសនៈ​ដែល​ស្ងាត់ គឺ​ព្រៃ គល់​ឈើ ភ្នំ ញកភ្នំ ល្អាងភ្នំ ព្រៃ​ស្មសាន ព្រៃ​ស្តុក ទីវាល ពំនូក​ចំបើង ភិក្ខុនោះ នៅ​ព្រៃ រមែង​អង្គុយ​ពត់​ភ្នែន​តាំង​កាយ​អោយ​ត្រង់​ តម្រង់​ស្មារតី​ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន ភិក្ខុ​នោះ​លះ​សេចក្តី​លោភ​ក្នុង​លោកហើយ នៅ​ដោយ​ចិត្ត​ដែល​ប្រាសចាក​លោភៈ រមែង​ជម្រះ​ចិត្ត​អោយ​បរិសុទ្ធ​ចាក​លោភៈ លះ​សេចក្តី​ទោមនស្ស គឺ​ព្យាបាទ មិន​ប្រទូសរ៉ាយ មាន​ចិត្ត​ករុណា​ប្រាថ្នា​ប្រយោជន៍​ដល់​សត្វ​ទាំង​ពួង ជម្រះ​ចិត្ត​អោយ​បរិសុទ្ធ​ចាក​ការ​ប្រទូសរ៉ាយ គឺ​ព្យាបាទ លះ​ថីនមិទ្ធៈ ហើយ​ជា​អ្នក​ប្រាស​ចាក​ថីនមិទ្ធៈ ដាក់​ចិត្ត​កំណត់​យក​ពន្លឺ​ភ្លឺ​ស្វាង មាន​សតិ​សម្បជញ្ញៈ ជម្រះ​ចិត្ត​អោយ​បរិសុទ្ធ​ចាក​ថីនមិទ្ធៈ លះ​ឧទ្ធច្ចកុក្កុច្ចៈ ជា​អ្នក​មិន​រាយ​មាយ មាន​ចិត្ត​ស្ងប់​ក្នុង​ខាង​ក្នុង ជម្រះ​ចិត្ត​អោយ​បរិសុទ្ធ​ចាក​ឧទ្ធច្ចកុក្កុច្ចៈ ជា​អ្នក​ឆ្លង​ផុត​វិចិកិច្ឆា មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​កុសល​ធម៌​ទាំង​ឡាយ ជម្រះ​ចិត្ត​អោយ​បរិសុទ្ធ​ចាក​វិចិកិច្ឆា។ ភិក្ខុនោះ​លុះ​លះ​នីវរណៈ​ដែល​ជា​គ្រឿង​សៅហ្មង​ចិត្ត ធ្វើ​អោយ​ទន់​ខ្សោយ​ដល់​កម្លាំង​បញ្ញា​៥​ប្រការ​នេះ​បាន​ហើយ ស្ងាត់​ចាក​កាម និង​អកុសល​ធម៌​ទាំង​ឡាយ សម្រេច​បឋមជ្ឈាន មាន​វិតក្ក វិចារៈ បីតិ សុខៈ និង​ឯកគ្គតា ម្នាល​ឧបាលិ អ្នក​យល់​សេចក្តី​នោះ​យ៉ាង​ណា ការ​នៅ​ដូច្នេះ​ជា​ការ​នៅ​ដែល​​ល្អ​ក្រៃ​លែង​ជាង និង​ប្រណិត​ជាង​ការ​នៅ​ក្នុង​កាល​មុន​មែន​ឬ" ព្រះ​ឧបាលិ​ក្រាប​ទូល​ថា យ៉ាង​នោះ​ហើយ​ព្រះ​អង្គ ព្រះ​អង្គ​ក៏​ត្រាស់​តទៅ​ទៀត​ថា "ម្នាល​ឧបាលិ សាវ័ក​ទាំង​ឡាយ​របស់​តថាគត​ពិចារណា​ឃើញ​ធម៌​នេះ​មាន​នៅ​ក្នុង​ខ្លួន ទើប​នៅ​ក្នុង​សេនាសនៈ​ដែល​ស្ងាត់​ក្នុង​ព្រៃ តែ​ថា សាវ័ក​ទាំង​នោះ​នៅ​មិន​ទាន់​ដល់​នូវ​ប្រយោជន៍​របស់​ខ្លួន​ដោយ​លំដាប់​នៅ​ឡើយ ម្នាល​ឧបាលិ ប្រការ​មួយ​ទៀត​ភិក្ខុ​សម្រេច​ទុតិយឈាន ក្នុង​ចិត្ត​មាន​ភាព​ផូរផង់ មិន​មាន​វិតក្ក​វិចារៈ ព្រោះ​វិតក្ក​វិចារៈ​ស្ងប់​ទៅ មាន​បីតិ និង​សុខៈ​ដែល​កើត​អំពី​សមាធិ ម្នាល​ឧបាលិ អ្នក​យល់​សេចក្តី​នោះ​យ៉ាង​ណា ការ​នៅ​ដូច្នោះ​ប្រណិត​ជាង​ការនៅ​ក្នុង​កាល​មុន​មែន​ឬ" ព្រះ​ឧបាលិ​ក្រាបទូល​តប​ថា យ៉ាង​នោះ​ហើយ​ព្រះអង្គ។ "ម្នាល​ឧបាលិ មួយ​ទៀត ភិក្ខុ​មាន​ឧបេក្ខា មាន​សតិ​សម្បជញ្ញៈ សោយ​សុខ​ដោយ​នាម​កាយ ព្រោះ​បីតិ​អស់​ទៅ សម្រេច​តតិយឈាន ដែល​ព្រះ​អរិយៈ​ទាំង​ឡាយ​សរសើរ​ថា អ្នក​ណា​បាន​ឈាន​នេះ ជា​អ្នក​មាន​ឧបេក្ខា មាន​ស្មារតី​នៅ​ជា​សុខ ម្នាល​ឧបាលិ ការនៅ​ដូច្នេះ ប្រសើរ​ជាង​កាលមុន​មែន​ឬ" ព្រះ​ឧបាលិ​ត្ថេរ​ក្រាបទូល​ថា យ៉ាង​នោះ​ហើយ​ព្រះអង្គ...។

នៅ​ក្នុង​អដ្ឋកថាបរមត្ថទីបនី និង​អដ្ឋកថាមនោរថបូរណី​បញ្ជាក់​ថា ព្រះ​ឧបាលិ​​បន្ទាប់​ពី​ឧប្បសម្បទា​ហើយ បាន​ទទួល​យក​ព្រះ​កម្មដ្ឋាន​ក្នុង​សម្នាក់​ព្រះ​សាស្តា ហើយ​ក្រាប​ទូល​សុំ​ទៅ​នៅ​ក្នុង​ព្រៃ។ ព្រះ​សាស្តា​ត្រាស់​ថា "ម្នាល​ឧបាលិ កាល​អ្នក​នៅ​ក្នុង​ព្រៃ អ្នក​នឹង​ធ្វើ​វិបស្សនាធុរៈ​អោយ​ចម្រើន​តែ​ម្យ៉ាង តែ​បើ​អ្នក​បដិបត្តិ​នៅ​ក្នុង​សម្នាក់​របស់​តថាគត ទាំង​គន្ថធុរៈ និង​វិបស្សនាធុរៈ​នឹង​បរិបូណ៌ ហើយ​អ្នក​នឹង​សម្រេច​អរហត្តផល បាន​ជា​ប្រធាន​ផ្នែក​ទ្រទ្រង់​ព្រះ​វិន័យ​បិដក" ។

តំណែង កែប្រែ

ព្រះ​ឧបាលិ​ថ្វាយ​បង្គំ​ទទួល​ព្រះពុទ្ធ​តម្រាស់ ហើយ​តាំង​ចិត្ត​ចម្រើន​វិបស្សនា​កម្មដ្ឋាន មិន​យូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​ព្រះអរហត្តផល ជា​ព្រះ​អរិយ​បុគ្គល​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ព្រះ​ពុទ្ធ​សាសនា លោក​បាន​រៀន​ចេះ​ចាំ​ព្រះ​វិន័យ​បិដកអំពី​ព្រះ​មាន​ព្រះ​ភាគ​ផ្ទាល់ ទើប​ជា​ហេតុ​ធ្វើ​អោយ​ព្រះ​ឧបាលិ​មាន​ការ​យល់ និង​ទ្រទ្រង់​ព្រះ​វិន័យ​បិដក​បាន​យ៉ាង​មាំទាំ និង​មាន​ភាព​ស្ទាត់​ជំនាញ​យ៉ាង​ខ្លាំង ទាំង​ជា​អ្នក​អាច​ពិចារណា​រក​ហេតុផល​ទាក់​ទង​នឹង​ព្រះ​វិន័យ​បាន​យ៉ាង​ល្អ​ត្រឹម​ត្រូវ។ លោក​បាន​វិនិច្ឆ័យ​ជម្រះ​ក្តី​៣​លើក​ធំ​ៗ ដោយ​យុត្តិធម៌​មិន​មាន​លំអៀង ដែល​ត្រូវ​បាន​ព្រះ​សាស្តា​ត្រាស់​សរសើរ ប្រទាន​​សព្វសាធុការ​រាល់​លើក ហើយ​ទ្រង់​តែង​តាំង​ព្រះ​ឧបាលិ​ត្ថេរ​ទុក​​ក្នុង​តំណែង​ដ៏​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ ផ្នែក​ទ្រទ្រង់​នូវ​ព្រះ​វិន័យ។

ការបញ្ញត្តសិក្ខាបទ​របស់​ព្រះ​សាស្តា កែប្រែ

សម័យមួយ​ព្រះ​ឧបាលិត្ថេរ​បាន​ចូល​ទៅ​គាល់​ព្រះ​សាស្តា​ក្រាប​ទូល​សួរ​ថា "បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង ទើប​ទ្រង់​បញ្ញត្ត​សិក្ខាបទ ទ្រង់​សម្តែង​ព្រះ​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ ?" ព្រះ​សាស្តា​ត្រាស់​ថា "ម្នាល​ឧបាលិ តថាគត​អាស្រ័យ​អំណាច​១០​យ៉ាង ទើប​បញ្ញត្ត​សិក្ខាបទ សម្តែង​បាតិមោក្ខ​ដល់​សាវក" ។

  1. សង្ឃសុដ្ឋុតាយ ដើម្បី​សេចក្តី​ល្អ​នៃ​សង្ឃ។
  2. សង្ឃផាសុតាយ ដើម្បី​ការ​នៅ​ជា​សុខ​នៃ​សង្ឃ។
  3. ទុម្មំកូនំ បុគ្គលានំ និគ្គហាយ ដើម្បី​សង្កត់​សង្កិន​ភិក្ខុ​ដែល​ទ្រូស​សីល។
  4. បេសលានំ ភិក្ខូនំ ផាសុវិហារាយ ដើម្បី​ការ​នៅ​ជា​សុខ​របស់​ភិក្ខុ​អ្នក​មាន​សីល​ជា​ទី​ស្រឡាញ់។
  5. ទិដ្ឋិធម្មិកានំ អាសវានំ សំវរាយ ដើម្បី​ការពារ​អាសវៈទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន។
  6. សម្បរាយិកានំ អាសវានំ បដិឃាតាយ ដើម្បី​ការពារ​សេចក្តី​ទុក្ខ​ដែល​នឹង​កើត​ក្នុង​កាល​ខាង​មុខ (​មាន​ទុក្ខ​ក្នុង​នរក​ជាដើម) ដល់​ភិក្ខុ​មិន​បាន​សង្រួម។
  7. អប្បសន្នានំ បសាទាយ ដើម្បី​សេចក្តី​ជ្រះ​ថ្លា​ដល់​បុគ្គល​ដែល​នៅ​មិន​ទាន់​ជ្រះ​ថ្លា។
  8. បសន្នានំ វា ភិយ្យោភាវាយ ដើម្បី​សេចក្តី​ជ្រះ​ថ្លា​ក្រៃ​លែង​ឡើង ដល់​បុគ្គល​ដែល​មាន​ការ​ជ្រះ​ថ្លា​ហើយ។
  9. សទ្ធម្មដ្ឋិតិយា ដើម្បី​សេចក្តី​តាំង​មាំ​ក្នុង​ព្រះ​សទ្ធម្ម
  10. វិនយានុគ្គហាយ ដើម្បី​ការ​អនុគ្រោះ​ព្រះ​វិន័យ។

លទ្ធផល​របស់​ព្រះ​ឧបាលិ​ត្ថេរ​ផ្នែក​ព្រះ​វិន័យ លោក​បាន​ធ្វើ​ប្រយោជន៍​យ៉ាង​ច្រើន ក្នុង​ការ​វិនិច្ឆ័យ​អធិករណ៍ និង​ប្រៀន​ប្រដៅ​ភិក្ខុ​ទាំង​ឡាយ​អោយ​យល់​ផ្នែក​ព្រះ​វិន័យ ។ តែ​លទ្ធ​ផល​របស់​លោក ដែល​រាប់​ថា​ជា​ទី​១ និង​គង់​វង្ស​ជា​សេចក្តី​សំខាន់​ជាប់​តមក​ដល់​បច្ចុប្បន្ន​នេះ គឺ​ការ​ដែល​លោក​បាន​រួម​ជា​មួយ​ព្រះ​អរិយ​សង្ឃ​ចំនួន ​៤៩៩ ​រូប ​ធ្វើ​បឋមសង្គាយនា គឺ​ការ​ប្រជុំ​សង្ឃរួប​រួម​ព្រះ​ធម៌​វិន័យ​ជា​គ្រា​ដំបូង មាន​ព្រះ​មហា​កស្សបត្ថេរ​ជា​ប្រធាន។ គឺ​លោក​មាន​នាទី​វិសជ្ជនា(ឆ្លើយ ឬ​ដោះ​ស្រាយ) ព្រះ​វិន័យ​បិដក កណ្តាល​ព្រះ​អរហន្ត​សាវ័ក​ដែល​បាន​វិជ្ជា​៣ និង​អភិញ្ញា​៦ ចំនួន​ ៤៩៩ ​រូប។

យោង កែប្រែ

ព្រះត្រ័យបិដក
សៀវភៅ ព្រះអសីតិមហាសាវក

មើលផងដែរ កែប្រែ

សាវ័កព្រះពុទ្ធ