ខេត្តកំពង់ចាម
ឈ្មោះខេត្តកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ។ ប៉ុន្តែវាបានកើតចេញពីការវិវត្តន៍នៃពាក្យក្លាយ កំពង់រង់ចាំ។ ក្នុងគោលដៅរម្លឹកប្រវត្តិនៃឈ្មោះខេត្ត ដែលញែកដាច់គ្នាពីខេត្តត្បូងឃ្មុំ ដោយទន្លេមេគង្គនោះ អាជ្ញាធរខេត្តកំពង់ចាមបានសាងសង់រូបសំណាកមួយចំនួនដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះ។ ជារូបសំណាកដែលតំណាងអ្នកជំនួញផង ប្រជាជនសាមញ្ញផង ដែលនៅជុំគ្នានៅកំពង់មាត់ទឹក មុននឹងចេញដំណើរទៅកន្លែងនានា។ ពីព្រោះថាបើយោងតាមឯកសារ ក្រុងកំពង់ចាម ដើមឡើយគឺជាដីកោះ ដែលជាកន្លែងសំចតនៃសំពៅ និងទូកក្តោង។ នៅក្រោមរូបសំណាកចំនួន សុទ្ធតែមានឆ្លាក់ប្រវត្តិនៃឈ្មោះខេត្តកំពង់ចាម ដែលសារព័ត៌មានថ្មីៗ សូមដកស្រង់ទាំងស្រុង៖ កំពង់ចាម ក្លាយពីពាក្យកំពង់រង់ចាំ។ ដោយសារភាសានិយាយពាក្យថា រង់ចាំ អាចជំនួសពាក្យថា ចាំ ទើបប្រជាជនរស់នៅទីនេះ ទម្លាប់ហៅតៗគ្នាថា កំពង់ចាំ។ កំពង់ចាំ គឺជាកន្លែងមួយនៅក្បែរមាត់ទឹក ដែលគេចាំគ្នា ដើម្បីធ្វើដំណើរបន្តឆ្ពោះទៅកាន់ទីណាមួយ ឬតំពន់ណាមួយទៀត។ ដូចនេះគេបានប្រើពាក្យនិយាយថា កំពង់ចាំ។ ក្រោយមក ច្រើនតំណទៀត ពាក្យក្លាយទៅជាពាក្យកំពង់ចាម ដោយហេតុថា ជនជាតិមួយចំនួន មកប្រាស្រ័យទាក់ទងគ្នា នៅទីនេះ អាន ឬនិយាយមិនច្បាស់ពាក្យនេះ ក៏ក្លាយទៅជាពាក្យ កំពង់ចាម។ ក្រោយមកប្រជាជនចេះតែប្រមូលផ្តុំគ្នាច្រើន មករស់នៅទីនេះ នាំគ្នាបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់រង់ចាំ ក៏ក្លាយជាកំពង់ចាំ និងបន្ទាប់មកគឺជា កំពង់ចាមរហូតដល់សព្វថ្ងៃ។
បញ្ជាក់៖ នៅសម័យនោះ កំពង់ចាម ជាដីកោះ ឬជាទួលដែលជាកន្លែងសំចត មានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះ យូរៗទៅគេនាំគ្នានិយាយតៗគ្នា។ឈ្មោះកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិភាគតិច រស់នៅតាមដងទន្លេទេ៕