ស្ទៀង
កុលសម្ព័ន្ធស្ទៀងជាក្រុមដែលស្ថិតក្នុងអម្បូរខ្មែរមនដូចជនជាតិ កួយ រដែ និង សំរែ ។ កុលសម្ព័ន្ធនេះមាន ទំនៀមទម្លាប់ ប្រពៃណីជំនឿ និងភាសារបស់ខ្លួនខុសប្លែកពីជនជាតិដទៃ ។ ភាគច្រើននៃកុលសម្ព័ន្ធស្ទៀងច្រើនរស់នៅក្នុងតំបន់ខ្ពង់រាប ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម និងស្រុកស្នួល ខេត្តក្រចេះ នាតំបន់ខ្ពង់រាបព្រំដែនវៀតណាម ជាហេតុធ្វើឲ្យខ្មែរក្រហមពុំមានការទុកចិត្តលើអ្នកទាំងនេះ ដោយចោទថាជាភ្នាក់ងារវៀតណាម ហើយត្រូវចាប់សម្លាប់ និងជម្លៀសជនជាតិនេះឲ្យទៅរស់នៅតំបន់ផ្សេងៗ ។
ដោយឡែក កុលសម្ព័ន្ធស្ទៀងរស់នៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម មានភាសានិយាយខុសគ្នាពីស្ទៀងនៅស្រុកស្នួល ខេត្តក្រចេះ និងនៅខេត្តឡុកនិញ ប្រទេសវៀតណាម ។ បើតាមការរៀបរាប់របស់ព្រឹទ្ធាចារ្យជនជាតិស្ទៀងបានឲ្យដឹងថា ស្ទៀងនៅឃុំជាំតាម៉ៅ ក្នុងស្រុកមេមត់ ហៅថា «ស្ទៀងខាន» មានន័យថា «មិនដូច» ។ ឯជនជាតិស្ទៀងនៅឃុំតាលូង ស្រុកមេមត់ និងជនជាតិស្ទៀងនៅស្រុកស្នួល ខេត្តក្រចេះ មានដើមកំណើតនៅឡុកនិញ ប្រទេសវៀតណាម គឺមានភាសា និងប្រពៃណីទំនៀមទម្លាប់ដូចគ្នា ។ ការរស់នៅ និងការរៀបអាពាហ៍ពិពាហ៍ ការរស់នៅរបស់ជនជាតិស្ទៀងនៅឃុំជាំតាម៉ៅនាសម័យមុនមានជីវភាពប្រហាក់ប្រហែលជនជាតិព្នង ។ ជនជាតិស្ទៀងចូលចិត្តធ្វើចម្ការ និងបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត ។ ផ្ទះរបស់ជនជាតិស្ទៀងខ្ពស់ផុតពីដី ដោយធ្វើរោងដោលនៅពីមុខ និងចំហៀងផ្ទះ ។ ស្ទៀងប្រុសវ័ណ្ឌកន្ទប ហើយស្ទៀងស្រីស្លៀកសំពត់ចោមពុងលើជង្គង់ មិនចូលចិត្តចោះត្រចៀក និងបួងសក់ឡើយ ។ ជនជាតិស្ទៀងមានជំនឿលើព្រលឹងតាមបែបព្រហ្មញ្ញសាសនា គឺធ្វើការបន់ស្រន់ សែនព្រេន អង្វរសុំសេចក្តីសុខដល់ក្រុមគ្រួសារ និងមានជំនឿយ៉ាងខ្លាំងថា ជំងឺផ្សេងៗបណ្តាលមកពីការខឹងសម្បានៃអារក្សអ្នកតា ។ នៅពេលមានអ្នកណាម្នាក់ឈឺ គេតែងតែបន់ស្រន់អារក្សអ្នកតាដោយថ្វាយស្រា មាន់ ជ្រូក គោ ព្រមទាំងមានភ្លេង និងចម្រៀងអង្វរតាមចង្វាក់ភ្លេងអារក្សដើម្បីសុំឲ្យអារក្សអ្នកតាឈប់ខឹងសម្បា និងឲ្យអ្នកជំងឺបានជាសះស្បើយឡើងវិញ ។ នៅពេលមានជម្លោះនៅក្នុងកុលសម្ព័ន្ធ អ្នកភូមិប្រកាន់យកការស្បថជាធំ ព្រោះជនជាតិស្ទៀងយល់ថាការស្បថស្បែអាចបញ្ជាក់អំពីទឹកចិត្តមនុស្ស និងអាចដោះស្រាយបញ្ហាបានលឿន ។
ការផ្លាស់ប្តូរ ក្នុងឆ្នាំ១៩៦៨-៦៩ មានកងទ័ពអាមេរិកមួយចំនួនបានចូលបោះទីតាំងនៅក្នុងឃុំជាំតាម៉ៅ ដើម្បីចាំស្ទាក់កងទ័ពវៀតកុងដែលចូលមកជ្រកកោនក្នុងទឹកដីកម្ពុជា ។ ប៉ុន្តែប៉ុន្មានខែក្រោយមក កងទ័ពអាមេរិកទាំងនោះបានដកទៅវិញដោយមិនដឹងមូលហេតុ ។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ មានមនុស្សប្លែកមុខជាច្រើនបានចូលមកធ្វើការជួញដូរក្រោមរូបភាពឃោសនាបញ្ចុះបញ្ចូលអ្នកភូមិអំពីវណ្ណៈសក្តិភូមិជិះជាន់កេងប្រវ័ញ្ចលើវណ្ណៈកម្មករ កសិករ និងឲ្យអ្នកភូមិកសាងសង្គមស្អាតស្អំបរិសុទ្ធមួយដែលមានតែវណ្ណៈមួយស្មើភាពគ្នានៅក្នុងឃុំជាំតាម៉ៅទាំងមូល ។ ប៉ុន្មានខែក្រោយមក កងទ័ពខ្មែរក្រហមបានបង្ខំឲ្យអ្នកភូមិឡើងរថយន្តទៅធ្វើបាតុកម្មនៅស្រុកមេមត់ និងព្រៃទទឹង ដើម្បីទាមទារឲ្យសម្តេចសីហនុត្រលប់មកកាន់អំណាចវិញ ។ ប្រសិនបើអ្នកណាមិនទៅ នឹងត្រូវគំរាមសម្លាប់ចោល ។ ដោយសារមានការភ័យខ្លាច និងមានការជឿជាក់កូនចៅអ្នកភូមិជាច្រើនបានលួចឡើងឡានទៅចូលរួមធ្វើបាតុកម្ម ប៉ុន្តែជាលទ្ធផល អ្នកភូមិមួយចំនួនបានស្លាប់ និងរងរបួសជាទម្ងន់ដោយសារការបង្ក្រាបរបស់ទាហានលន់ នល់ ។ ក្រោយពីព្រឹត្តិការណ៍បាតុកម្ម ឃុំនេះកាន់តែមានមនុស្សប្លែកមុខជាច្រើន ដូចជា ពេជ សួន ជាដើមដែលតាំងខ្លួនជាអ្នករំដោះប្រទេសជាតិ រំដោះវណ្ណៈ និងរំដោះប្រជាជនឲ្យរួចផុតពីនឹមចក្រពត្តិ និងមូលធននិយមបន្ទាប់មកបានបង្ខំប្រជាជនក្នុងឃុំឲ្យផ្តល់ស្បៀងឲ្យក្រុមរបស់ខ្លួនជាប្រចាំ ។ ក្នុងចំណោមអ្នកទាំងនោះ មានឈ្មោះ តាម៉ៅ និងតាឡាច ជាអ្នកបញ្ចុះបញ្ចូលប្រជាជនឲ្យចូលរួមសកម្មភាពរបស់ខ្លួន ។ ក្រោយឆ្នាំ១៩៧៥ តាម៉ៅ បានក្លាយជាប្រធានមន្ទីរពេទ្យស្រុកមេមត់ ហើយបច្ចុប្បន្នគាត់នៅរស់រានមានជីវិតនៅឡើយ ។
ចុងឆ្នាំ១៩៧១ ខ្មែរក្រហមបានជ្រើសរើស ឆ្លូញ, តាឡាវ, មុត ជាប្រធាន និងជាសមាជិកឃុំ ដើម្បីប្រមូលស្បៀង និងដឹកនាំប្រជាជនឲ្យធ្វើតាមឱវាទរបស់ខ្លួន ។ ប៉ុន្មានខែបន្ទាប់មក មានកងទ័ពយៀកកុងបានដើរចេញចូលក្នុងឃុំនេះ ប៉ុន្តែទាហានទាំងនោះពុំបានធ្វើទុក្ខបុកម្នេញអ្នកភូមិឡើយ ។ ក្នុងពេលជាមួយគ្នាក៏មានទាហានលន់ នល់ ចេញចូលក្នុងឃុំនេះដែរដើម្បីតាមរកចាប់ខ្មែរក្រហម និងវៀតកុង ។ អ្នកភូមិមានការលំបាកយ៉ាងខ្លាំងក្នុងការប្រឈមមុខដោះស្រាយជាមួយទាហានទាំងសង្ខាង ពីព្រោះនៅពេលថ្ងៃ ទាហាន លន់ នល់ ចូលមកសម្លុតអ្នកភូមិដើម្បីរកខ្មែរក្រហម ហើយនៅពេលយប់ក្រុមខ្មែរក្រហមបង្ខំឲ្យអ្នកភូមិផ្តល់ស្បៀងអាហារ និងជួយសែងកងទ័ពរបួស ។ បន្ទាប់ពីស៊ើបដឹងថា នៅឃុំជាំតាម៉ៅមានកងទ័ពយៀកកុង និងលាក់ខ្មែរក្រហមនៅទីនោះ សម្ព័ន្ធមិត្តរបស់ លន់ នល់ បានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើឃុំនេះ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ។
នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចាប់ផ្ដើមបង្ខំកូនចៅរបស់អ្នកភូមិឲ្យចូលបម្រើក្នុងជួរទ័ពរំដោះ ហើយការគ្រប់គ្រងក្នុងឃុំបានចាប់ផ្តើមផ្លាស់ប្តូរជាបណ្តើរៗ ដោយតម្រូវឲ្យប្រជាជនទាំងអស់ធ្វើស្រែប្រវាស់ដៃ និងក្រុមសាមគ្គី ។ ចំណែកភោគផលដែលទទួលបានគឺត្រូវបែងចែកទៅតាមកម្លាំងពលកម្ម និងចំនួនសមាជិកដែលមាននៅក្នុងគ្រួសារ ។ ចំណែកយុវជនពេញវ័យត្រូវចេញទៅសមរភូមិមុខ ដើម្បីវាយប្រយុទ្ធរំដោះទឹកដីពីវណ្ណៈសក្តិភូមិនាយទុន ។
ឆ្នាំ១៩៧៣ ខ្មែរក្រហមតម្រូវឲ្យអ្នកភូមិទាំងអស់ប្រមូលទ្រព្យសម្បត្តិដីស្រែ គោ ក្របី សម្ភារៈប្រើប្រាស់ដាក់រួម និងហូបបាយរួមនៅសហករណ៍ ។ ចំណែកឯប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់អ្នកភូមិត្រូវហាមប្រាមមិនឲ្យអនុវត្តឬនិយាយទេ ។
ជនជាតិស្ទៀងក្រោមរបបខ្មែរក្រហម ក្រោយពីខ្មែរក្រហមកាន់កាប់ប្រទេសបានទាំងស្រុងក្នុងឆ្នាំ១៩៧៥ គណៈឃុំចាស់ៗជាជនជាតិស្ទៀងត្រូវផ្លាស់ចេញដោយដាក់ជំនួសគណៈឃុំដែលជាជនជាតិខ្មែរមកពីកនែងៀផ្សេងរួមមានតាកុក, តាប្រង់, តាង៉ាន, តាឆ្លូត, តាឡាច និង ស៊ឹង ។ ប្រជាជនមួយចំនួនត្រូវអង្គការចោទថា បានធ្វើវិទ្ធង្សនាបដិវត្តន៍ហើយត្រូវចាប់ខ្លួនទៅដាក់នៅមន្ទីរសន្តិសុខជ្រនុំពល ។ លើសពីនេះទៀតភាសាដើមកំណើតរបស់អ្នកភូមិត្រូវហាមឃាត់មិនឲ្យនិយាយ ។
ក្នុងឆ្នាំនោះដែរ ប្រជាជន១៧មេសារាប់ពាន់នាក់ត្រូវបានជម្លៀសឲ្យទៅនៅឃុំជាំតាម៉ៅ ។ ភាគច្រើននៃអ្នកទាំងនោះគឺជាជនជាតិខ្មែររស់នៅទីក្រុងដោយមិនចេះដាំដំណាំ និងធ្វើស្រែចម្ការឡើយ ។ អ្នកទាំងនេះត្រូវចាត់ចូលជាប្រជាជនបញ្ញើក្អែក ឬប្រជាជនប្រភេទទី៣ និងត្រូវទទួលការរិះគន់ និងគាបសង្កត់យ៉ាងខ្លាំងពីអង្គការ និងប្រជាជនមូលដ្ឋាន ។ អង្គការមិនអនុញ្ញាតឲ្យប្រជាជន១៧មេសារស់នៅលាយលំជាមួយជនជាតិស្ទៀងដែលជាប្រជាជនមូលដ្ឋានឡើយ ។ អ្នកទាំងនេះស្ថិតនៅក្រោមការឃ្លាំមើលរបស់ប្រជាជនមូលដ្ឋាន និងអង្គការយ៉ាងហ្មត់ចត់ទាំងការហូបចុក និងធ្វើពលកម្ម ។ ការមករស់នៅលើទឹកដីនៃតំបន់ខ្ពង់រាបដែលជាតំបន់ព្រៃ និងសម្បូរដោយសត្វល្អិត រួមផ្សំការខ្វះថ្នាំសង្កូវ អាហារ សម្ភារការពារខ្លួន និងបង្ខំឲ្យធ្វើពលកម្មហួសកម្លាំង បានធ្វើឲ្យប្រជាជនទាំងនោះកើតជំងឺគ្រុនចាញ់ និងបាត់បង់ជីវិតស្ទើរតែគ្មានសល់ ។ ក្រៅពីនោះ ជនជាតិស្ទៀងត្រូវអង្គការចាប់ទៅមន្ទីរសន្តិសុខជ្រនុំពលពីបទចូលដៃជើងជាមួយវៀតណាម ។ ស៊ឹង ជាប្រធានមន្ទីរសន្តិសុខ ។ ពៅ ផូ ដែលជាអតីតកងទ័ពខ្មែរក្រហម បច្ចុប្បន្នជាប្រធានឃុំតាម៉ៅបានអះអាងថា គាត់ជាសាក្សីឃើញផ្ទាល់ភ្នែកចំពោះការសម្លាប់ប្រជាជន១៧មេសាបីនាក់នៅក្នុងអង្គមីទ្ទិងមួយដែលគ្រាន់តែអ្នកទាំងបីនោះបានមកលេងឪពុកម្តាយនៅឯភូមិប៉ុណ្ណោះ ។ អង្គការបែរជាចោទថារត់ចូលប្រទេសវៀតណាមទៅវិញ ។
ទោះបីអង្គការបានចាត់ទុកខ្លួនឯងជាអ្នករំដោះប្រទេសពីវណ្ណៈសក្តិភូមិមូលធនដែលជាសត្រូវខាងក្នុងក៏ដោយក៏អង្គការនៅតែមានការភ័យខ្លាចជានិច្ចចំពោះសត្រូវខាងក្រៅដែលមានប្រទេសវៀតណាមជាឧទាហរណ៍ ។ អង្គការនៅតែជ្រើសរើសយុវជនមូលដ្ឋាន ក្មេងយកទៅធ្វើទ័ពដើម្បីការពារនៅតាមបណ្តោយព្រំដែនខ្មែរវៀតណាម ។ កូនចៅជនជាតិស្ទៀងជាច្រើននាក់ដែលមានអាយុទើបតែជាង១០ឆ្នាំ ត្រូវបង្ខំឲ្យចូលធ្វើកងទ័ពនៅសមរភូមិមុខ ។ ក្រោយឆ្នាំ១៩៧៩ មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលមានវាសនាវិលត្រលប់មកភូមិកំណើតវិញ ។ ពៅ ផូ បានរៀបរាប់ទាំងឈឺចាប់ថា គាត់ចូលបម្រើទ័ពខ្មែរក្រហមដើម្បីរំដោះជាតិរំដោះវណ្ណៈឲ្យរួចផុតពីនឹមចក្រពត្តិសក្តិភូមិមូលធន ។ គាត់ស្ទើរតែបាត់បង់ជីវិតពីរបីដងនៅសមរភូមិ ប៉ុន្តែដល់ទីបំផុតអង្គការបែរជាចោទថា «ក្បាលយួនខ្លួនខ្មែរ» ហើយបានបញ្ជាឲ្យឈ្លបក្មេងៗដែលមានអាយុ៤-៥ឆ្នាំ មកពីភូមិភាគនិរតី វាយ និងដៀលត្មេះគាត់ដូចសត្វធាតុ ។ គាត់ និងមិត្តរួមអាវុធរបស់គាត់ស្ទើរទ្រាំមិនបានគិតគ្នាសម្លាប់កូនឈ្លបនោះចោល ហើយនាំគ្នារត់ ប៉ុន្តែចិត្តមួយគិតទាន់ថា ក្រុមគាត់ពុំអាចរត់រួចផុតពីទឹកដីខ្មែរទេ ពីព្រោះជាទឹកដីដែលកាន់កាប់ដោយខ្មែរក្រហមទីណាក៏មានខ្មែរក្រហមដែរ ។ ចុងឆ្នាំ១៩៧៨ សភាពការណ៍កាន់តែដុនដាប ក្រុមរបស់គាត់បានបន្លំជាមួយប្រជាជនជម្លៀសទៅរស់នៅខេត្តកំពង់ធំ ។ ក្រោយឆ្នាំ១៩៧៩ គាត់បានត្រលប់មកភូមិកំណើតវិញ ហើយរស់នៅក្នុងឃុំតាម៉ៅនេះ ។
ចាន់ ជីន បានរៀបរាប់ពីជីវិតកងទ័ពថា ក្នុងឆ្នាំ១៩៧៥ គាត់ដែលមានអាយុ១៥ឆ្នាំ ត្រូវកម្មាភិបាលឃុំឈ្មោះ ឡាច បង្ខំឲ្យទៅសមរភូមិមុខ ។ ម្តាយរបស់គាត់បានយំអង្វរតាឡាច កុំឲ្យបញ្ជូនគាត់ទៅសមរភូមិមុខ ។ ទោះបីមានការអង្វរករយ៉ាងណា ក៏ តាឡាចពុំព្រមធ្វើតាមសំណើរបស់គាត់ដែរ ។ ជីន និងកូនអ្នកភូមិជាច្រើនត្រូវបញ្ជូនទៅធ្វើទ័ពនៅព្រំដែនទន្លេចាមក្នុងតំបន់២១ ចាប់ពីចាន់មូល ព្រែកស្លារហូតដល់កោះជ្រីវទល់ព្រំដែនខេត្តឡុកនិញនៃប្រទេសវៀតណាម ។ ទៅដល់ភ្លាមគាត់ និងយុទ្ធជនក្មេងត្រូវទទួលការបែងចែកទៅតាមតួនាទី អ្នកខ្លះនៅទ័ពថ្មើរជើង អ្នកខ្លះទៀតនៅផ្នែករត់សំបុត្រនិរសារក្នុងសមរភូមិមុខ បន្ទាប់មកទើបឲ្យទៅហ្វឹកហ្វឺននយោបាយបំពាក់បំប៉នសតិអារម្មណ៍អំពីប្រវត្តិ «យួនដាំតែអុង» និងការបាត់បង់ទឹកដីកម្ពុជាក្រោម ។ ក្នុងពេលនោះគាត់ព្រមទាំងយុទ្ធជនក្មេងៗទាំងអស់មានកំហឹង និងឈឺចាប់យ៉ាងខ្លាំងចំពោះការឈ្លានពានរបស់វៀតណាម ។ គាត់មានចិត្តអន្ទះសាចង់ចូលរួមក្នុងសមរភូមិប្រយុទ្ធភ្លាមដោយមិនខ្លាចស្លាប់ ។ រយៈពេលនៃការចូលបម្រើក្នុងជួរទ័ព គាត់បានឡើងប្រយុទ្ធនៅសមរភូមិពីរដងចាប់បានវៀតណាម២នាក់ ។ គាត់ចង់វាយធ្វើបាបវៀតណាមទាំងពីរនាក់នោះជាខ្លាំង ប៉ុន្តែត្រូវប្រធានហាមឃាត់មិនឲ្យធ្វើបាបទាំងពីរនាក់នោះទេ ពីព្រោះខ្លាចមានបញ្ហានយោបាយក៏បញ្ជូនមកទីក្រុងភ្នំពេញ ។ ឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ ដែន និងប្រធានវរៈង០២ ត្រូវអង្គការចាប់ខ្លួនពីបទ «ក្បាលយួនខ្លួនខ្មែរ» ។ ចាន់ ជីន ត្រូវផ្លាស់មកកង ឃ៧៨ ក្រោមការដឹកនាំរបស់ឈ្មោះចាន់ ប្រធានឱ និងចេន អនុវរៈនៅឃ៧៨ ។ គាត់ពុំមានសង្ឃឹមថាគោលនយោបាយខ្មែរក្រហមដែលបំពាក់បំប៉នសតិអារម្មណ៍យុទ្ធជនឲ្យប្រយុទ្ធប្រឆាំងជាមួយវៀតណាមនោះ អាចយកជ័យជម្នះបានឡើយ ពីព្រោះទ័ពវៀតណាមប្រៀបដូចជា «កម្លាំងយក្ស» និងកម្លាំងហនុមាន ចំណែកឯខាងខ្មែរមានតែការសង្ស័យ និងការកាប់សម្លាប់គ្នាទៅវិញទៅមក ពុំមានសាមគ្គីគ្នាសោះ ។ នៅខែ១០ ឆ្នាំ១៩៧៨ អ្នកទាំងពីរក៏មានវាសនាដូចអ្នកមុនដែរ ។ គាត់ត្រូវអង្គការចាប់ខ្លួនពីបទបរាជ័យផ្ទួនៗនៅក្នុងសមរភូមិ ។ ចំណែក ចាន់ ជីន និងទាហានទាំងអស់ត្រូវអង្គការដកកាំភ្លើង ហើយឲ្យទៅលត់ដំស្ទូងស្រែនៅកោះកៃ ក្នុងខេត្តស្ទឹងត្រែង ។ ក្នុងពេលនោះដែរគាត់បានជួបឪពុកម្តាយឡើងវិញ ។ អ្នកភូមិទាំងអស់នៅក្នុងឃុំត្រូវខ្មែរក្រហមជម្លៀសឲ្យនៅស្រុកសំបូរ ខេត្តក្រចេះ ។ កន្លះខែក្រោយមក គាត់ឮដំណឹងថា ម្តាយរបស់គាត់ស្លាប់ដោយជំងឺនៅក្នុងមន្ទីរពេទ្យស្រុក ទើបធ្វើឲ្យគាត់ស្លុតស្មារតី និងអស់សង្ឃឹមជាខ្លាំងចំពោះគោលនយោបាយរបស់អង្គការ ។ បន្ទាប់មក គាត់ត្រូវផ្លាស់ទៅនៅជាំជ្រៃ ស្រុកចម្ការលើ ។ ឆ្នាំ១៩៧៩ ចាន់ ជីន ត្រលប់មកស្រុកកំណើតដោយបន្សល់ទុកនូវការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់ ។
ញ៉ែម ឆាន ជាជនជាតិស្ទៀងរស់នៅភូមិថ្នល់កែង ឃុំជាំតាម៉ៅ ត្រូវបង្ខំឲ្យចូលបដិវត្តន៍ក្នុងអាយុ១៥ឆ្នាំដែរ ។ គាត់ត្រូវអង្គការហាមឃាត់មិនឲ្យនិយាយភាសាស្ទៀង បើមិនដូច្នេះទេ គាត់នឹងទទួលទោស ។ វិន័យនេះធ្វើឲ្យគាត់មានការភិតភ័យ និងខ្លាចអង្គការយ៉ាងខ្លាំង សូម្បីតែមើលមុខអង្គការក៏មិនហ៊ានដែរ ។ ញ៉ែម ឆាន និងកុមារ៦នាក់ទៀត ត្រូវបញ្ជូនទៅធ្វើនិរសារនៅសមរភូមិមុខក្នុងវរៈ១០១ ដែលមានឈ្មោះ ដែន ប្រធានកងពល និង ឈ្មោះ អ៊ីម ជាប្រធានវរៈ ។ ញ៉ែម ឆាន និយាយថាគាត់ភ័យខ្លាំងណាស់នៅពេលដែលប្រធានបញ្ជាឲ្យគាត់យកសំបុត្រកាត់ខ្សែត្រៀមដែលកំពុងប្រយុទ្ធគ្នា ។ គ្រាប់កាំភ្លើងបានហើរកាត់ពីមុខពីក្រោយនៅពេលគាត់កំពុងរត់សំដៅទៅខ្សែត្រៀមមួយទៀត ។ គាត់មិនអាចឈប់គេចវេះឬរេរានៅតាមផ្លូវបានឡើយទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ បើមិនដូច្នេះទេគាត់នឹងខុសវិន័យនិរសារ ហើយច្បាស់ជាត្រូវប្រធានចាប់បាញ់ចោលមិនខាន ។ ឆាន់ មិន អាចបំភ្លេចរបបខ្មែរក្រហមឡើយ ។ គាត់និយាយថា «ខ្មែរក្រហមច្រើនតែនិយាយពាក្យបាញ់ និងកាប់ចាក់នៅក្នុងអង្គភាពរបស់ខ្ញុំ» ។ ឧទាហរណ៍ជាក់ស្តែងនៅក្នុងកងវរៈរបស់គាត់មានទ័ពម្នាក់ឈ្មោះ សារិន ត្រូវចាប់បាញ់ចោលដោយគ្រាន់តែសួររកបាយហូបប៉ុណ្ណោះ ។ ចំណែកឪពុកមារបស់គាត់ឈ្មោះ ប៉ិច វណ្ណា ជាប្រធានគក្នុងកងពលលេខ០៤ ត្រូវចាប់បាញ់សម្លាប់ដោយសារខ្សែត្រៀមរបស់គាត់ប្រយុទ្ធចាញ់កងទ័ពវៀតណាម ។
ចុងឆ្នាំ១៩៧៧ កម្មាភិបាលឃុំដូចជា តាភូម, តាឡាច, ណារ៉ន, តាកុក តាប្រង់ និង នារីសារី រួមទាំងប្រជាជននៅក្នុងភូមិមួយចំនួនទៀត ត្រូវកម្មាភិបាលមកពីនិរតីចាប់សម្លាប់នៅចម្ការក្រូចស្រុកស្នួលពីបទរួមគំនិតក្បត់ជាមួយ សោភឹម ប្រធានភូមិភាគបូព៌ា ។
ឆ្នាំ១៩៧៨ ប្រជាជនទាំងអស់នៅឃុំតាម៉ៅត្រូវជម្លៀសទៅខេត្តក្រចេះ និងខេត្តកំពង់ធំ ដើម្បីបញ្ចៀសឲ្យផុតពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម ។ នៅពេលប្រជាជនក្នុងឃុំជាំតាម៉ៅក៏ដូចជាប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនវៀតណាមដែរ ត្រូវបានជម្លៀស និងក្លាយជាជនសង្ស័យចូលដៃជើងជាមួយវៀតណាម ទើបបណ្តាលឲ្យវៀតណាមវ៉ៃចូលក្នុងទឹកដីខ្មែរបាន ។ កម្មាភិបាលភូមិឃុំជាច្រើននាក់ត្រូវចាប់បញ្ចូលក្នុងឡានយកទៅសម្លាប់នៅចម្ការក្រូចស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកឯប្រជាជនត្រូវបង្ខំឲ្យធ្វើការហួសកម្លាំង និងមិនឲ្យចំណីអាហារហូបគ្រប់គ្រាន់បានធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បង់ជីវិត ។ ក្រោយឆ្នាំ១៩៧៩ ជនជាតិស្ទៀង បានវិលត្រលប់មករស់នៅក្នុងឃុំនេះវិញ ក្រៅពីនោះត្រូវបាត់បង់ជីវិតនៅក្នុងខេត្តក្រចេះ និងកំពង់ធំ ។ ឯភាសាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិស្ទើរតែបាត់បង់ទាំងស្រុង ។ នេះជាមូលហេតុបណ្តាលឲ្យក្មេងៗជាតិស្ទៀងជំនាន់ក្រោយពុំបានដឹងពីប្រវត្តិកំណើត ប្រពៃណី និងភាសារបស់ជនជាតិខ្លួនច្បាស់លាស់ ។ បច្ចុប្បននេះក្មេងៗទាំងនោះពុំព្រមរៀន និងនិយាយភាសាស្ទៀង សូម្បីតែនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ជនជាតិស្ទៀងក្មេងៗមិនចង់ឲ្យជនជាតិខ្មែរដឹងថាខ្លួនជាជនជាតិភាគតិចស្ទៀងទេ ពីព្រោះក្មេងៗទាំងនោះមានការអៀនខ្មាស និងភ័យខ្លាចមានការរើសអើងចំពោះខ្លួន ៕