កច្ចានគោត្តសូត្រ

កច្ចានគោត្តសូត្រទី ៥

កែប្រែ

[៤២] ទ្រង់​គង់​នៅ​ទៀប​ក្រុង​សាវត្ថី ... គ្រា​នោះ ព្រះ​កច្ចាយនគោត្រ​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទី​សម​គួរ​។ លុះ​ព្រះ​កច្ចាយនគោត្រ​មាន​អាយុ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ក៏​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រះ​អង្គ​តែង​ត្រាស់​ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចុះ​សម្មាទិដ្ឋិ តើ​កើត​មាន ដោយ​ហេតុ​ប៉ុន្មាន​យ៉ាង ។

[៤៣] ម្នាល​កច្ចានៈ សត្វ​លោក​នេះ ច្រើន​តែ​អាស្រ័យ​នូវ​ចំណែក​ពីរ​យ៉ាង​គឺ អត្ថិភាព (សស្សតទិដ្ឋិ) ១ នត្ថិភាព (ឧច្ឆេទទិដ្ឋិ) ១ ។ ម្នាល​កច្ចានៈ នត្ថិភាព​ក្នុង​លោក រមែង​មិន​មាន ដល់​បុគ្គល​ដែល​ឃើញ​នូវ​ហេតុ​ជា​ទី​កើត​នៃ​លោក ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ពិត​ឡើយ ។ ម្នាល​កច្ចានៈ អត្ថិភាព​ក្នុង​លោក រមែង​មិន​មាន​ដល់​បុគ្គល​ដែល​ឃើញ នូវ​ទី​រលត់​នៃ​លោក ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ពិត​ឡើយ ។ ម្នាល​កច្ចានៈ សត្វ​លោក​នេះ ច្រើន​តែ​ជាប់ជំពាក់​ដោយ​ឧបាយ ឧបាទាន​និង​សេចក្តី​ប្រកាន់​មាំ ចំណែក​ខាង​អរិយសាវ័ក​នេះ រមែង​មិន​ចូល​ទៅ​ដល់ មិន​ប្រកៀក​ប្រកាន់ មិន​អធិដ្ឋាន នូវ​ឧបាយ​និង​ឧបាទាន នូវ​ការ​តាំង​ទុក​នៃ​ចិត្ត នូវ​សេចក្តី​ប្រកាន់​មាំ​និង​អនុសយក្កិលេស​នោះៗ​ថា ខ្លួន​របស់​អាត្មា​អញ​ដូច្នេះ​ឡើយ ។ ឧបាទានក្ខន្ធ​ទុក្ខ កាល​កើត​ក៏​កើត​ឡើង ឧបាទានក្ខន្ធទុក្ខ កាល​រលត់​ក៏​រលត់​ទៅ ព្រោះ​ហេតុ​នោះ ទើប​អរិយសាវ័ក​មិន​សង្ស័យ មិន​ងឿង​ឆ្ងល់​ឡើយ ។ ញាណ​របស់​អរិយសាវ័ក​នោះ រមែង​មាន​ក្នុង​ឧបាទានក្ខន្ធទុក្ខ​នុ៎ះ ដោយ​មិន​បាច់​ជឿ​ពាក្យ បុគ្គល​ដ៏ទៃ​ឡើយ ។ ម្នាល​កច្ចានៈ សម្មាទិដ្ឋិ កើត​មាន​ដោយ ហេតុ​ប៉ុណ្ណេះ​ឯង ។

[៤៤] ម្នាល​កច្ចានៈ ទី​បំផុត​ទី ១ នេះ ថា វត្ថុ​ទាំង​ពួង​មាន ទី​បំផុត​ទី ២ នេះ ថា វត្ថុ​ទាំងពួង​មិន​មាន ។ ម្នាល​កច្ចានៈ តថាគត​មិន​អាស្រ័យ​នូវ​ទី​បំផុត​ទាំង​ពីរ​នុ៎ះ​ទេ ​តែង​សំដែង​នូវ​ធម៌​ដោយ​បទ​កណ្តាល​ថា សង្ខារទាំងឡាយ​កើត​មាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើត​មាន ព្រោះ​សង្ខារ​ជា​បច្ច័យ ។បេ។ ការ​កើត​ឡើង​ព្រម​នៃ​កង​ទុក្ខ ទាំង​អស់​នុ៎ះ រមែង​មាន​យ៉ាង​នេះ ។ ឯ​ការ​រលត់​នៃ​សង្ខារ ព្រោះ​ការ​វិនាស​និង​ការ​រលត់​ឥត​មាន​សេស​សល់​នៃ​អវិជ្ជា ការ​រលត់​នៃ​វិញ្ញាណ ព្រោះ​ការ​រលត់​នៃ​សង្ខារ ។បេ។ ការ​រលត់​នៃ​កង​ទុក្ខ​ទាំង​អស់​នុ៎ះ រមែង​មាន​យ៉ាង​នេះ ។

ចប់​សូត្រ ទី ៥ ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > អាហារវគ្គ > កច្ចានគោត្តសូត្រទី៥ (បិដកលេខ​៣១ ឃ្នាប 42-44 ទំព័រ​ទី​ ៣៥)

To Kaccāna Gotta Kaccānagotta Sutta  (SN 12:15)

พระไตรปิฎกเล่มที่ ๑๖ > พระสุตตันตปิฎกเล่มที่ ๘ > สังยุตตนิกาย > นิทานวรรค > กัจจานโคตตสูตร Archived 2023-11-18 at the វេយប៊ែខ ម៉ាស៊ីន.