សុត្តន្តបិដក
សុត្តន្តបិដក ឬ ព្រះសូត្រ គឺជាឈ្មោះគម្ពីរក្នុងព្រះពុទ្ធសាសនាមួយផ្នែក ក្នុងចំណោមគម្ពីរព្រះត្រ័យបិដកទាំង ៣ ផ្នែក ។ គេចែកគម្ពីរក្នុងព្រះសូត្រជា ៥ ផ្នែក គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ និង ខុទ្ទកនិកាយ ។
ទីឃនិកាយ (Digha Nikaya) (សៀវភៅភាគ១៥ ដល់ភាគ១៩) គឺជានិកាយដែលមានសូត្រទាំងអស់ចំនួន ៣៤ សូត្រ មានព្រហ្មជាលសូត្រជាដើម និងត្រូវបានចាត់ចំណែកជា ៣ វគ្គ ។ និកាយនេះមានឈ្មោះថាទីឃនិកាយ ព្រោះជាទីប្រជុំ និងជាទីនៅរបស់សូត្រទាំងឡាយដែលមានខ្នាតវែង ។
គម្ពីរមជ្ឈិមនិកាយ
កែប្រែមជ្ឈិមនិកាយ (Majjhima Nikaya) (សៀវភៅភាគ២០ ដល់ភាគ២៨) ជានិកាយដែលមានសូត្រ១៥២ សូត្រ មានមូលបរិយាយសូត្រជាដើម ។ ជានិកាយដែលមានខ្នាតកណ្តាល ចាត់ជា១៥វគ្គ។
គម្ពីរសំយុត្តនិកាយ
កែប្រែសំយុត្តនិកាយ (Samyutta Nikaya) (សៀវភៅភាគ២៩ ដល់ភាគ៣៩) គឺជានិកាយដែលមានសូត្រ ៧.៧៦២ សូត្រ មានឱឃតរណសូត្រជាដើម ដែលត្រាស់ទុកដោយអំណាចនៃទេវតាសំយុត្តជាដើម។
គម្ពីរអង្គុត្តរនិកាយ
កែប្រែអង្គុត្តរនិកាយ (Anguttara Nikaya) (សៀវភៅភាគ៤០ ដល់ភាគ៥១) គឺជានិកាយដែលមានសូត្រ ៩៥៥៧ សូត្រ មានចិត្តបរិយាទានសូត្រជាដើម ដែលត្រាស់ទុកដោយអំណាចនៃការបន្ថែមឡើង ចែកជាពួកៗ។
គម្ពីរខុទ្ទកនិកាយ
កែប្រែខុទ្ទកនិកាយ (Khuddaka Nikaya) (សៀវភៅភាគ៥២ ដល់ភាគ៧៧) គឺជាចង្កោមព្រះសូត្រខ្លីៗ និង ជាសៀវភៅចុងក្រោយបំផុតក្នុងចំណោមគម្ពីរទាំង ៥ នៃគម្ពីរព្រះត្រៃបិដក ។ ព្រះត្រ័យបិដកភាសាខ្មែរ បានរៀងគម្ពីរទាំងឡាយនៅក្នុងនិកាយនេះចាប់តាំងពី សៀវភៅភាគ៥២ រហូតដល់ភាគ៧៧ ដែលបរិយាយអំពីប្រធានបទផ្សេង ដែលលើកឡើងដោយព្រះពុទ្ធ និង សាវ័កសំខាន់ៗរបស់ព្រះពុទ្ធ ។ សៀវភៅ "ប្រវត្តិពុទ្ធសាសនា នៅប្រទេសឥណ្ឌា " (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បានលើកឡើងថា គម្ពីរខុទ្ធកនិកាយ បង្ហាញឲ្យឃើញនូវការគោរពដំណាក់កាលនៃការចងក្រងគម្ពីរព្រះត្រៃបិដក ក្នុងនោះបណ្តាឯកសារថ្មីៗមិនត្រូវបានគេយកទៅដាក់បញ្ចូលក្នុងគម្ពីរដើមទាំង ៤ នៃសុត្តន្តបិដកទេ គឺគេយកមកចងទុកក្នុងគម្ពីរខុទ្ទកនិកាយ ។ គម្ពីរដើមទាំង ៤ នៅក្នុងសុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។
ហេតុដែលព្រះពុទ្ធតាំងព្រះសូត្រ
កែប្រែហេតុដែលនាំអោយព្រះអង្គសំដែងព្រះសូត្រ មាន៤ប្រការគឺ
- អត្តជ្ឈាសយ ប្រព្រឹត្តទៅតាមព្រះអធ្យាស្រ័យរបស់ព្រះអង្គ។ ក្នុងបណ្តាហេតុ៤ប្រការនេះ ព្រះសូត្រណាដែលអ្នកដទៃមិនបានទូលអារាធនា ព្រះអង្គត្រាស់ទេសនាដោយព្រះអធ្យាស្រ័យរបស់ព្រះអង្គឯងតែម្យ៉ាង (មាន អាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋានសូត្រ មហាសឡាយតនវិភង្គសូត្រ អរិយវង្សសូត្រ ជាដើម) ឈ្មោះថា មានហេតុដែលទ្រង់តាំងឡើងអោយប្រព្រឹត្តទៅតាមព្រះអធ្យាស្រ័យរបស់ព្រះអង្គ។
- បវជ្ឈាសយ ប្រព្រឹត្តទៅតាមអធ្យាស្រ័យរបស់អ្នកដទៃ។ គឺទ្រង់សម្លឹងមើលឧបនិស្ស័យ អធ្យាស្រ័យ ការពេញចិត្ត ការចូលចិត្ត អភិនិហារ នឹងភាវៈដែលនឹងត្រាស់ដឹងបានរបស់ជនពួកដទៃ ថាគួរសម្តែងធម៌បែបណាដើម្បីអាចញុំាងជនទាំងនោះអោយសម្រេចមគ្គផលបាន។
- បុច្ឆាវសិក ប្រព្រឹត្តទៅដោយអំណាចនៃការសួរ។ ពួកបរិស័ទទាំងឡាយ ចូលទៅគាល់ព្រះមានព្រះភាគដោយចំងល់ណានីមួយ ហើយបានទូលសួរដល់ព្រះអង្គ ទ្រង់ក៏សម្តែងធម៌ទេសនាទៅតាមអំណាចនៃការសួរនោះ។
- អគ្គុប្បត្តិក ប្រព្រឹត្តទៅដោយហេតុដែលកើតឡើង។ គឺពេលដែលព្រះមានព្រះភាគ ទ្រង់អាស្រ័យហេតុការណ៍ដែលកើតឡើង ទើបត្រាស់ទេសនា។
ឯកសារយោង
កែប្រែ- ព្រះត្រៃបិដក បាលី-ខ្មែរ របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ [១]
- អានឬស្តាប់នៅគេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ [២]
- អដ្ឋកថា សុមង្គលវិលាសិនី (ពុទ្ធសករាជ ២៥៥៣)
- ព្រះត្រៃបិដកជាភាសា ថៃ [៣]
- គេហទំព័រពុទ្ធសាសនាជាភាសា អង់គ្លេស [៤]
- គេហទំព័រពុទ្ធសាសនាជាភាសា អង់គ្លេស [៥]
- ឯកសារ ខុទ្ទកនិកាយ របស់វិគីភីឌា ជាភាសា អង់គ្លេស [៦]