កឋិនភេទ
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
កឋិនភេទ
[២០៧] បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិន បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេច។
[២០៨] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិននោះ សេចក្តីថា បុគ្គលពីរពួក ដែលឈ្មោះថា មិនបានក្រាលកឋិន គឺបុគ្គលមិនបានក្រាល១ មិនបានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា មិនបានក្រាលកឋិនទេ។
[២០៩] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិននោះ សេចក្តីថា បុគ្គល២ពួក ដែលឈ្មោះថា បានក្រាលកឋិន គឺបុគ្គលដែលបានក្រាល១ បានអនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា បានក្រាលកឋិន។
[២១០] ពាក្យថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច សេចក្តីថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤ គឺសំពត់ដែលគ្រាន់តែវាស់ទទឹងបណ្តោយ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែលាង ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែកាត់ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដាក់ក្ឌុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែប្រក់អនុវាតមួយជាន់ (ពីខាងក្រៅ) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែធ្វើជាអនុវាតមួយជាន់ (ពីខាងក្នុង) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរគួបគ្នា ក្រាលមិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយធ្វើនិមិត្ត ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបានមក ដោយនិយាយបញ្ចុះបញ្ចូលគេ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលខ្ចីគេ ក្រាលមិនឡើងជាកឋិន១ សំពត់ដែលធ្វើសន្និធិ គឺមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលមិនឡើងជាកឋិន១ សំពត់ជានិស្សគ្គិយៈ (ទុកឲ្យកន្លងរាត្រី) ក្រាលមិនឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើពិន្ទុកប្ប ក្រាលមិនឡើងជាកឋិន១ វៀរចាកសង្ឃាដី ក្រាលមិនឡើងជាកឋិន១ វៀរចាកចីពរ ក្រាលមិនឡើងជាកឋិន១ វៀរចាកស្បង់ ក្រាលមិនឡើងជាកឋិន១ វៀរចាកសំពត់ជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលមិនឡើងជាកឋិន១ វៀរចាកបុគ្គលអ្នកក្រាល ក៏ក្រាលមិនឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាលត្រឹមត្រូវហើយ តែបើភិក្ខុនៅក្រៅសីមា អនុមោទនា កឋិននោះ ក៏មិនឡើងជាកឋិន១។ កឋិនដែលក្រាលមិនឡើង ដោយអាការយ៉ាងនេះឯង។
[២១១] ភិក្ខុធ្វើនិមិត្តថា អាត្មានឹងក្រាលកឋិនដោយសំពត់នេះ ដូច្នេះ ហៅថា ធ្វើនិមិត្ត។ ភិក្ខុធ្វើនូវការនិយាយបញ្ចុះបញ្ចូល ដោយគិតថា អាត្មានឹងឲ្យសំពត់កឋិនកើតឡើង ដោយការនិយាយបញ្ចុះបញ្ចូលដូច្នេះ ហៅថា ការនិយាយបញ្ចុះបញ្ចូល។ សំពត់ដែលគេមិនបានឲ្យដាច់ ហៅថា សំពត់ខ្ចីគេ។ សន្និធិ មាន២យ៉ាងគឺ ករណសន្និធិ មិនធ្វើឲ្យស្រេចក្នុងថ្ងៃនោះ (ទុកធ្វើទៅក្នុងថ្ងៃខាងមុខៗតទៅទៀត)១ និចយសន្និធិ ទុកធ្វើដល់ថ្ងៃស្អែកជាកំណត់១ ហៅថា សន្និធិ។ កាលបើភិក្ខុកំពុងធ្វើ (សំពត់នោះ) អរុណក៏រះឡើង ហៅថា សំពត់ជានិស្សគ្គិយៈ។ កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ២៤នេះឯង។
[២១២] ត្រង់ពាក្យថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការដូចម្តេចនោះ សេចក្តីថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការ១៧ គឺសំពត់ថ្មីសុទ្ធ ក្រាលឡើងជាកឋិន១ សំពត់ជំនុំ ក្រាលឡើងជាកឋិន១ សំពត់ចាស់ ក្រាលឡើងជាកឋិន១ សំពត់បំសុកូល ក្រាលឡើងជាកឋិន១ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន១ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន១ សំពត់ដែលបានមកដោយមិនបាននិយាយបញ្ចុះបញ្ចូល ក្រាលឡើងជាកឋិន១ សំពត់ដែលមិនបានខ្ចីគេ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនបានធ្វើឲ្យជាសន្និធិ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនមែនជានិស្សគ្គិយៈ ក្រាលឡើងជាកឋិន១ សំពត់ដែលបានធ្វើពិន្ទុកប្ប ក្រាលឡើងជាកឋិន១ សង្ឃាដិ ក្រាលឡើងជាកឋិន១ ចីពរ ក្រាលឡើងជាកឋិន១ ស្បង់ ក្រាលឡើងជាកឋិន១ ចីវរជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែលបានកាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមានមណ្ឌលល្អក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន១ បុគ្គល ទើបក្រាលឡើងជាកឋិន១ សំពត់ដែលបុគ្គលក្រាលឲ្យត្រឹមត្រូវ (តាមច្បាប់) ទាំងភិក្ខុនៅក្នុងសីមា អនុមោទនា កឋិននោះ ទើបឡើងជាកឋិន១ កឋិនដែលភិក្ខុក្រាលឡើង ដោយអាការយ៉ាងនេះឯង។ កឋិនដែលភិក្ខុក្រាលឡើង ដោយអាការទាំង១៧នេះ។
[២១៣] ធម៌ប៉ុន្មានយ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន។ ធម៌១៥យ៉ាង ដែលកើតជាមួយនឹងការក្រាលកឋិន គឺមាតិកា៨ បលិពោធ២ អានិសង្ស៥។ ធម៌ទាំង១៥នេះឯង ដែលកើតជាមួយនឹងការក្រាលកឋិន។
[២១៤] ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបយោគ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។ ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។
[២១៥] បុព្វករណៈ គឺកិរិយាធ្វើមុន មានការលាងចីវរជាដើម ជាបច្ច័យនៃបយោគ គឺកិរិយាប្រកប មានដងទឹកជាដើម ដោយអនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី១ នៃបយោគ ដោយសមនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី២ ដោយនិស្សយប្បច្ច័យ គឺហេតុជាគ្រឿងទ្រទ្រង់ទី៣ ដោយឧបនិស្សយប្បច្ច័យ គឺហេតុជាគ្រឿងទ្រទ្រង់បន្ទាប់គ្នាទី៤។ បយោគ ជាបច្ច័យ នៃបុព្វករណៈ ដោយបុរេជាតប្បច្ច័យ គឺហេតុដែលកើតមុន នៃបុព្វករណៈ។ បុព្វករណៈ ជាបច្ច័យនៃបយោគ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយនៃបយោគ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបយោគ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ គឺបច្ច័យកើតព្រមគ្នានឹងការក្រាលកឋិន។
[២១៦] បច្ចុទ្ធារៈ គឺការដកចីវរ ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បុព្វករណៈ ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបុរេជាតប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃបុព្វករណៈ ដោយបច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយរបស់បុព្វករណៈ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃបច្ចុទ្ធារៈ និងបុព្វករណៈ) ដោយសហជាតប្បច្ច័យ។
[២១៧] អធិដ្ឋាន ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃអធិដ្ឋាន ដោយបុរេជាតប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃអធិដ្ឋាន និងបច្ចុទ្ធារៈ) ដោយសហជាតប្បច្ច័យ។
[២១៨] ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃការក្រាល ដោយបុរេជាតប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃការក្រាល និងអធិដ្ឋាន) ដោយសហជាតប្បច្ច័យ។
[២១៩] មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃមាតិកា និងបលិពោធ ដោយបុរេជាតប្បច្ច័យ។ មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃមាតិកា បលិពោធ និងការក្រាល) ដោយសហជាតប្បច្ច័យ។
[២២០] សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វត្ថុ ជាបច្ច័យនៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ដោយបុរេជាតប្បច្ច័យ។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃសេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម និងវត្ថុ) ដោយសហជាតប្បច្ច័យ។
[២២១] បុព្វករណៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អធិដ្ឋាន មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ ការក្រាល មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ មានបយោគជាដើមចម មានបយោគជាទីតាំងឡើង មានបយោគជាកំណើត មានបយោគជាដែនកើត មានបយោគជាអង្គ មានបយោគជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានបុព្វករណៈជាដើមចម មានបុព្វករណៈជាទីតាំងឡើង មានបុព្វករណៈជាកំណើត មានបុព្វករណៈជាដែនកើត មានបុព្វករណៈជាអង្គ មានបុព្វករណៈជាសមុដ្ឋាន។ អធិដ្ឋាន មានបច្ចុទ្ធារៈ ជាដើមចម មានបច្ចុទ្ធារៈជាទីតាំងឡើង មានបច្ចុទ្ធារៈជាកំណើត មានបច្ចុទ្ធារៈជាដែនកើត មានបច្ចុទ្ធារៈជាអង្គ មានបច្ចុទ្ធារៈជាសមុដ្ឋាន។ ការក្រាល មានអធិដ្ឋាន ជាដើមចម មានអធិដ្ឋានជាទីតាំងឡើង មានអធិដ្ឋានជាកំណើត មានអធិដ្ឋានជាដែនកើត មានអធិដ្ឋានជាអង្គ មានអធិដ្ឋានជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានការក្រាលជាដើមចម មានការក្រាលជាទីតាំងឡើង មានការក្រាលជាកំណើត មានការក្រាលជាដែនកើត មានការក្រាលជាអង្គ មានការក្រាលជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានវត្ថុជាដើមចម មានវត្ថុជាទីតាំងឡើង មានវត្ថុជាកំណើត មានវត្ថុជាដែនកើត មានវត្ថុជាអង្គ មានវត្ថុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែនកើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានបច្ច័យជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែនកើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
[២២២] បុព្វករណៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាង គឺគក់លាង១ ចាត់ចែងចីវរ១ កាត់១ ដាន១ ដេរ១ ជ្រលក់១ ធ្វើពិន្ទុកប្ប១។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាងនេះ។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បច្ចុទ្ធារៈ លោកសង្គ្រោះដោយធម៌៣យ៉ាង គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌៣យ៉ាងគឺ សង្ឃាដិ១ ចីពរ១ ស្បង់១។ ការក្រាល លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ ការក្រាល លោកសង្គ្រោះដោយធម៌១គឺ បញ្ចេញវាចា។
[២២៣] មូលរបស់កឋិន មានប៉ុន្មាន វត្ថុរបស់កឋិនមានប៉ុន្មាន ភូមិរបស់កឋិន មានប៉ុន្មាន។ មូលរបស់កឋិន មាន១ គឺសង្ឃ។ វត្ថុរបស់កឋិនមាន៣ គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ ភូមិរបស់កឋិន មាន៦យ៉ាង គឺ សំពត់សម្បកឈើ១ សំពត់អំបោះ១ សំពត់សូត្រ១ សំពត់រោមសត្វ១ សំពត់ធ្មៃ១ សំពត់លាយវត្ថុទាំង៥ ខាងដើម១។
[២២៤] កឋិន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាខាងចុង។ កឋិន មានបុព្វករណៈ ជាខាងដើម មានកិរិយា គឺបច្ចុទ្ធារៈ និងអធិដ្ឋាន ជាកណ្តាល មានការក្រាលជាខាងចុង។
[២២៥] បុគ្គលប្រកបដោយអង្គប៉ុន្មាន មិនគួរក្រាលកឋិន បុគ្គលប្រកបដោយអង្គប៉ុន្មាន ទើបគួរក្រាលកឋិន។ បុគ្គលដែលប្រកបដោយអង្គ៨ មិនគួរក្រាលកឋិនបានទេ។ បុគ្គលដែលប្រកបដោយអង្គ៨ ទើបគួរក្រាលកឋិនបាន។ បុគ្គលដែលប្រកបដោយអង្គ៨គឺអ្វីខ្លះ ដែលមិនគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលមិនចេះបុព្វករណៈ១ មិនចេះបច្ចុទ្ធរៈ (ដកចីវរចាស់)១ មិនចេះអធិដ្ឋាន១ មិនចេះក្រាល១ មិនចេះមាតិកា១ មិនចេះបលិពោធ១ មិនចេះវិធីដកកឋិន១ មិនចេះអានិសង្ស១។ បុគ្គលដែលប្រកបដោយអង្គ៨នេះ មិនគួរនឹងក្រាលកឋិនបានឡើយ។ បុគ្គលដែលប្រកបដោយអង្គ៨ គឺអ្វីខ្លះ ដែលគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលចេះបុព្វករណៈ១ ចេះបច្ចុទ្ធារៈ១ ចេះអធិដ្ឋាន១ ចេះក្រាល១ ចេះមាតិកា១ ចេះបលិពោធ១ ចេះវិធីដកកឋិន១ ចេះអានិសង្ស១។ បុគ្គលប្រកបដោយអង្គទាំង៨នេះឯង ទើបគួរក្រាលកឋិនបាន។
[២២៦] ការក្រាលកឋិនមិនឡើង មានដល់បុគ្គលប៉ុន្មានពួក ការក្រាលកឋិនឡើង មានដល់បុគ្គលប៉ុន្មានពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ដូចម្តេច។ បុគ្គលឋិតនៅក្រៅសីមា អនុមោទនា១ បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា តែមិនឲ្យបុគ្គលដទៃដឹងច្បាស់១។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួកនេះ។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកដូចម្តេច។ បុគ្គលឋិតនៅក្នុងសីមា អនុមោទនា១ បុគ្គលដែលអនុមោទនាបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា បានញុំាងអ្នកដទៃឲ្យដឹងច្បាស់១។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកនេះ។
[២២៧] ការក្រាលកឋិនមិនឡើង មានប៉ុន្មានយ៉ាង ការក្រាលកឋិនឡើង មានប៉ុន្មានយ៉ាង។ ការក្រាលកឋិនមិនឡើងមាន៣យ៉ាង ការក្រាលកឋិនឡើង មាន៣យ៉ាង។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុវិបត្តិ១ កាលវិបត្តិ១ ករណវិបត្តិ [អដ្ឋកថា ថាវត្ថុវិបត្តិ បានដល់សំពត់ជាអកប្បិយ។ កាលវិបត្តិ គឺសំពត់ដែលពួកទាយកប្រគេនក្នុងថ្ងៃនេះហើយ សង្ឃប្រគល់ឲ្យភិក្ខុអ្នកក្រាលកឋិនក្នុងថ្ងៃស្អែកវិញ។ ករណវិបត្តិ គឺសំពត់ដែលកាត់ហើយ តែមិនបានធ្វើក្នុងថ្ងៃនោះឯង]១។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាងនេះ។ ការក្រាលកឋិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុសម្បត្តិ១ កាលសម្បត្តិ១ ករណសម្បត្តិ១។ ការក្រាលកឋិនឡើង មាន៣យ៉ាងនេះ។
[២២៨] ភិក្ខុគប្បីស្គាល់កឋិន គប្បីស្គាល់ការក្រាលកឋិន គប្បីស្គាល់ខែដែលក្រាលកឋិន គប្បីស្គាល់វិបត្តិនៃការក្រាលកឋិន គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិន គប្បីស្គាល់និមិត្តកម្ម គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូល គប្បីស្គាល់សំពត់ខ្ចីគេ គប្បីស្គាល់សំពត់ដែលជាសន្និធិ គប្បីស្គាល់សំពត់ជានិស្សគ្គិយៈ។
[២២៩] ត្រង់ពាក្យថា ភិក្ខុគប្បីស្គាល់កឋិននោះ សេចក្តីថា ការរួបរួមនឹងកិរិយាប្រជុំនៃធម៌ទាំងឡាយនោះឯង ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស នេះជាពាក្យហៅថា កឋិន។ ត្រង់ពាក្យថា គប្បីស្គាល់ខែ ដែលក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់ខែជាខាងចុងនៃវស្សានរដូវ។ ពាក្យថា គប្បីស្គាល់វិបត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់វិបត្តិនៃការក្រាលកឋិន ដោយអាការ២៤។ ពាក្យថា គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិននោះ សេចក្តីថា ត្រូវដឹងសម្បត្តិនៃការក្រាលកឋិន ដោយអាការ១៧។ ពាក្យថា គប្បីដឹងនិមិត្តកម្មនោះ សេចក្តីថា ភិក្ខុធ្វើនិមិត្តកម្មថា អាត្មានឹងក្រាលកឋិន ដោយសំពត់នេះ។ ពាក្យថា គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូលនោះ សេចក្តីថា ភិក្ខុធ្វើពាក្យបញ្ចុះបញ្ចូលថា អាត្មាអញនឹងធ្វើសំពត់កឋិនឲ្យកើតឡើង ដោយពាក្យបញ្ចុះបញ្ចូលនេះ។ ពាក្យថា គប្បីស្គាល់សំពត់ខ្ចីគេនោះ សេចក្តីថា ត្រូវស្គាល់សំពត់ដែលគេមិនបានឲ្យដាច់។ ពាក្យថា គប្បីស្គាល់សំពត់ដែលជាសន្និធិនោះ សេចក្តីថា ត្រូវស្គាល់សន្និធិមាន២យ៉ាង គឺសន្និធិព្រោះការមិនធ្វើក្នុងថ្ងៃនោះ១ សន្និធិព្រោះទុកដល់ថ្ងៃស្អែក១។ ពាក្យថា គប្បីស្គាល់សំពត់ជានិស្សគ្គិយៈនោះ សេចក្តីថា ភិក្ខុកំពុងធ្វើ (ចីវរ) អរុណក៏រះឡើង។
[២៣០] ត្រង់ពាក្យថា គប្បីស្គាល់ការក្រាលកឋិននោះ សេចក្តីថា បើសំពត់កឋិនកើតឡើងដល់សង្ឃ សង្ឃត្រូវប្រតិបត្តិដូចម្តេច បុគ្គលអ្នកក្រាល ត្រូវប្រតិបត្តិដូចម្តេច អ្នកអនុមោទនា ត្រូវប្រតិបត្តិដូចម្តេច។ សង្ឃគប្បីឲ្យដល់ភិក្ខុអ្នកក្រាលកឋិន ដោយញត្តិទុតិយកម្ម។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីលាង គក់ វាស់ កាត់ ដេរ ជ្រលក់ ធ្វើពិន្ទុកប្ប ហើយក្រាលកឋិនក្នុងថ្ងៃនោះឯង។ បើ (ភិក្ខុអ្នកក្រាល)ចង់ក្រាលកឋិនដោយសង្ឃាដិ ត្រូវដកសង្ឃាដិចាស់ចេញ អធិដ្ឋានសង្ឃាដិថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយសង្ឃាដិនេះ។ បើចង់ក្រាលកឋិនដោយចីពរ ក៏គប្បីដកចីពរចាស់ចេញ អធិដ្ឋានចីពរថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយចីពរនេះ។ បើចង់ក្រាលកឋិនដោយស្បង់ ក៏គប្បីដកស្បង់ចាស់ចេញ អធិដ្ឋានស្បង់ថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយស្បង់នេះ។ ភិក្ខុអ្នកក្រាលកឋិននោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើងពោលដូច្នេះថា បពិត្រព្រះសង្ឃដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) សឹងប្រកបដោយធម៌ សូមលោកម្ចាស់ទាំងឡាយ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ លោកដ៏មានអាយុបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ ចូលទៅរកភិក្ខុច្រើនរូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកម្ចាស់រាល់អង្គ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីចូលទៅរកភិក្ខុ១រូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកទទួលអនុមោទនាចុះ។ ភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ ខ្ញុំសូមទទួលអនុមោទនា។
[២៣១] សួរថា សង្ឃក្រាលកឋិន គណៈក្រាលកឋិន បុគ្គលក្រាលកឋិន ឡើងឬទេ។ ឆ្លើយថា សង្ឃក្រាលកឋិន មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង។ ព្រោះសង្ឃក្រាលកឋិន ក៏មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង កឋិន សង្ឃក្រាលមិនបានទេ កឋិន គណៈក្រាលមិនបានទេ កឋិន បុគ្គលទើបក្រាលបាន។ សួរថា សង្ឃសំដែងបាតិមោក្ខ គណៈសំដែងបាតិមោក្ខ បុគ្គលសំដែងបាតិមោក្ខ បានឬទេ។ ឆ្លើយថា សង្ឃសំដែងបាតិមោក្ខមិនបាន គណៈសំដែងបាតិមោក្ខ មិនបានទេ បុគ្គលទើបសំដែងបាតិមោក្ខបាន។ ព្រោះថា សង្ឃក៏សំដែងបាតិមោក្ខមិនបាន គណៈក៏សំដែងបាតិមោក្ខមិនបាន បុគ្គល ទើបសំដែងបាតិមោក្ខបាន បាតិមោក្ខ សង្ឃសំដែងមិនបាន បាតិមោក្ខ គណៈសំដែងមិនបានទេ បាតិមោក្ខ បុគ្គលទើបសំដែងបាន។ ប៉ុន្តែ បាតិមោក្ខឈ្មោះថា សង្ឃបានសំដែង បាតិមោក្ខ ឈ្មោះថា គណៈបានសំដែង បាតិមោក្ខឈ្មោះថា បុគ្គលបានសំដែង ព្រោះសង្ឃព្រមព្រៀងគ្នា គណៈក៏ព្រមព្រៀងគ្នា បុគ្គលជាអ្នកសំដែង (យ៉ាងណាមិញ)។ ការក្រាលកឋិន ក៏យ៉ាងនោះដែរ សង្ឃក្រាលកឋិន មិនឡើងទេ គណៈក្រាលកឋិន មិនឡើងទេ បុគ្គលក្រាលកឋិន ទើបឡើង ប៉ុន្តែកឋិនក៏ឈ្មោះថា សង្ឃបានក្រាល កឋិនក៏ឈ្មោះថា គណៈបានក្រាល កឋិនក៏ឈ្មោះថា បុគ្គលបានក្រាល ព្រោះសង្ឃបានអនុមោទនា គណៈបានអនុមោទនា បុគ្គលបានក្រាល។
[២៣២] ការដោះកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន គឺអស់អំណាចអានិសង្សកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធ ជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធ ដាច់មុន អាវាសបលិពោធ ដាច់ជាមួយនឹងដំណើរ ដែលភិក្ខុនោះទៅខាងក្រៅសីមា។
[២៣៣] ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរសម្រេចហើយ ចីវរបលិពោធទើបដាច់។
[២៣៤] ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់មិនមុន មិនក្រោយ។
[២៣៥] ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរវិនាសទៅ ចីវរបលិពោធទើបដាច់។
[២៣៦] ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន អាវាសបលិពោធដាច់ ជាមួយនឹងវេលាដែលភិក្ខុនោះបានឮដំណឹង។
[២៣៧] ការដោះកឋិន មានសេចក្តីអស់សង្ឃឹមជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីអស់សង្ឃឹម ជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើសេចក្តីសង្ឃឹមថានឹងបានចីវរ ផុតអស់ហើយ ចីវរបលិពោធទើបដាច់។
[២៣៨] ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន កាលភិក្ខុនោះទៅដល់ក្រៅសីមាហើយ អាវាសបលិពោធទើបដាច់។
[២៣៩] ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់ មិនមុន មិនក្រោយ។
[២៤០] ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មានប៉ុន្មាន ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មានប៉ុន្មាន ការដោះកឋិន ដែលមិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មានប៉ុន្មាន។ ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មាន១ គឺសង្ឃសូត្រដកក្នុងចន្លោះ។ ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានកិរិយាចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរស្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន មិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានវិនាសចីវរ ជាកំណត់១ មានឮដំណឹង ជាកំណត់១ មានសេចក្តីអស់សង្ឃឹម ជាកំណត់១ កឋិនដោះជាមួយនឹងភិក្ខុទាំងឡាយ១។
[២៤១] ការដោះកឋិន ដោះខាងក្នុងសីមា មានប៉ុន្មាន ការដោះកឋិន ដោះខាងក្រៅសីមា មានប៉ុន្មាន (ព្រោះ) ការដោះកឋិន ដោះក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន។ ការដោះកឋិន ដោះក្នុងសីមា មាន២ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ដោះខាងក្រៅសីមា មាន៣យ៉ាង គឺមានកិរិយាដើរចៀសចេញទៅ ជាកំណត់១ ឮដំណឹង ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន ដោះខាងក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន មាន៤យ៉ាង គឺមានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការវិនាសចីវរ ជាកំណត់១ មានការអស់សេចក្តីសង្ឃឹម ជាកំណត់១។
[២៤២] ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មានប៉ុន្មានប្រការ ការដោះកឋិន កើតព្រមគ្នា រលត់ផ្សេងគ្នា មានប៉ុន្មានប្រការ។ ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មាន២ប្រការ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ក្រៅពីនេះ កើតព្រមគ្នា រលត់ផ្សេងគ្នា។
ចប់ កឋិនភេទ ។
ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនភេទនោះ ដូច្នេះ
[២៤៣] និយាយអំពីពាក្យសួរថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន និងមិនបានក្រាល១ កឋិនដែលភិក្ខុក្រាលឡើង និងមិនឡើង ដោយអាការដូចម្តេច១ ធម៌១៥ប្រការ១ ធម៌ដែលមាននិទាន មានហេតុ មានបច្ច័យ១ បុព្វករណៈ សង្គ្រោះដោយធម៌៧យ៉ាង១ មូលរបស់កឋិនជាដើម១ ប្រភេទរបស់បុគ្គលទាំង៨ គួរក្រាលកឋិន១ បុគ្គល៣ពួក១ ត្រូវដឹងការក្រាលកឋិនឡើង និងមិនឡើង៣យ៉ាង១ ត្រូវដឹងកិច្ចក្រាលកឋិន១ ភិក្ខុសំដែងបាតិមោក្ខ១ បលិពោធ១ កឋិនដោះ អាស្រ័យនឹងសង្ឃ ឬបុគ្គល១ កឋិនដោះខាងក្រៅ និងខាងក្នុងសីមា១ កឋិនដោះ មានការកើត និងរលត់ព្រមគ្នា ឬផ្សេងគ្នា១។ ចប់ បរិវារៈ។