ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា

Latest comment: ១៣ ឆ្នាំ​មុន by Chea Heng

ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង

ថ្ងៃពេញបូណ៌មីខែកត្តិកចូលមកដល់ ផ្កាកុមុតឬផ្កាឈូកសរីករះរហង់ គ្រប់ទីកន្លែង ។ ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មីខែកត្តិកដូច្នោះហើយ បានជាគេហៅថា ថ្ងៃកុមុត ។
នៅពេលល្ងាចថ្ងៃកុមុតនោះ នៅវត្តបុព្វារាម មានសាវ័ក ៣ពាន់រូបគង់ចាំស្តាប់ ព្រះដ៏មានព្រះភាគ បង្រៀនអំពី វិធីដកដង្ហើម យ៉ាងស្ងៀមស្ងាត់ ក្រោមពន្លឺព្រះចន្ទថ្លា ទៀបមាត់បឹង មួយ ដែលមានផ្កាឈូក រីកស្គុះស្គាយ និងចោលសុគន្ធ ពិដោរក្រអូប ឈ្ងុយឈ្ងប់ ។ នេះជាលើក ទីមួយហើយ ដែលព្រះពុទ្ធទ្រង់សំដែង យ៉ាងក្បោះក្បាយបំផុត នូវសូត្រមួយស្តីអំពី ការដឹងគ្រប់គ្រាន់ នៃការដកដង្ហើម ទៅកាន់ភិក្ខុ ភិក្ខុនី ដែលជាសាវ័ក របស់ព្រះអង្គ ។ ភិក្ខុនីមួយចំនួន ដូចជា ភិក្ខុនីយសោធរា ភិក្ខុនីរូបនន្ទា ភិក្ខុនីសីលា ភិក្ខុនីវិមល ភិក្ខុនីសោមា ភិក្ខុនីមុត្តា ភិក្ខុនីឧត្តរា ក៏មានវត្តមាន ក្នុងទីនោះដែរ ។
ព្រះពុទ្ធទ្រង់សំដែង សូត្រនោះថា “ ម្នាលភិក្ខុ ភិក្ខុនីទាំងឡាយ វិធីនៃការដកដង្ហើម បើយើងខំប្រឹងសិក្សា ឲ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន នឹងអាចនាំមក នូវលទ្ធផលល្អ និងសារប្រយោជន៍ សំខាន់បំផុត វានាំឲ្យទទួលជោគជ័យ នៅក្នុងការសិក្សា នូវសតិប្បដ្នាន៤ និងពោជ្ឈង្គ៧ ដែលបណ្តាលឲ្យមាន ការយល់ដឹង និងរួចចាកអំពីទុក្ខ ។ បុគ្គលម្នាក់ៗ ត្រូវតែអនុវត្ត ការដកដង្ហើម ដូចតទៅនេះ ៖

ដង្ហើមទី១ -
ដកដង្ហើមចូលវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលវែង ដកដង្ហើមចេញវែង អ្នកដឹង ថា អ្នកកំពុងដកដង្ហើមចេញវែង ។

ដង្ហើមទី២ -
ដកដង្ហើមចូលខ្លី អ្នកដឹងថា អ្នកកំពុង ដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញខ្លី ។ ការដកដង្ហើម ទាំងពីរបែបខាងលើនេះ អាចឲ្យអ្នកកាត់ផ្តាច់នូវការ ភ្លេចភ្លាំង និងសេចក្តីកង្វល់ ឥតប្រយោជន៍ ។ ជាមួយគ្នានេះដែរ អាចបណ្តាល ឲ្យអ្នកមានការ គិតគូរត្រឹមត្រូវ និងជួបប្រទះ នូវជីវិតបច្ចុប្បន្ន ។ ការភ្លេចភ្លាំង គឺការបាត់បង់ គំនិតត្រឹមត្រូវ ការដកដង្ហើម ដោយការយល់ដឹង អាចនាំឲ្យយើង ត្រឡប់មកគិត អំពីជីវិតវិញ ។

ដង្ហើមទី៣ -
ដកដង្ហើមចូល គឺអ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ដកដង្ហើមចេញ អ្នកដឹងនូវ រូបកាយទាំងមូល របស់អ្នក ។ ដង្ហើមនេះ អាចឲ្យអ្នកចំរើន ភាវនាលើរូបកាយ និងទាក់ទងផ្ទាល់ ជាមួយនឹងរូបកាយ របស់អ្នក ។ ការដឹងអំពីរូបកាយ ទាំងមូល និងអំពីផ្នែកនិមួយៗ នៃរូបកាយ អាចធ្វើឲ្យអ្នកមើលឃើញ នូវវត្តមានដ៏អស្ចារ្យ នៃរូបកាយរបស់អ្នក និងដំណើរ នៃការកើតនិងស្លាប់ ដែលមិនឱបជាប់ នៅក្នុងរូបកាយ របស់អ្នកផង ។

ដង្ហើមទី៤ -
អ្នកកំពុងដកដង្ហើមចូល ហើយធ្វើឲ្យខ្លួនអ្នកទាំងមូល នៅហ្នឹងហ្ននិងសុខស្រួល ។ អ្នកកំពុងដកដង្ហើមចេញ ហើយធ្វើឲ្យខ្លួនអ្នកទាំងមូល នៅហ្នឹងហ្ននិងសុខស្រួល ។ ដង្ហើមទី៤នេះ អាចជួយអ្នកឲ្យយល់ដឹង នូវសភាពហ្នឹងហ្ន និងសុខស្រួលនៃកាយ គឺពេលនេះហើយ ដែលកាយនិងចិត្ត និងដង្ហើមស្រុះស្រួលគ្នា ជាធ្លុងមួយ ។

ដង្ហើមទី៥ -
អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍រីករាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអា រម្មណ៍រីករាយ ។

ដង្ហើមទី៦ -
អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍សប្បាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអារម្មណ៍សប្បាយ ។ ជាមួយនឹងដង្ហើមទាំងពីរនេះ អ្នកអាចឆ្លងកាត់វិស័យ នៃអារម្មណ៍ ។ ដង្ហើមទាំងពីរនេះ បង្កើតឲ្យមាន សភាពស្ងប់ស្ងៀម និងរីករាយ ដែលអាច ចិញ្ចឹមទុកក្នុងកាយ និងចិត្ត ដោយសារការបញ្ឈប់ នូវគំនិតរប៉ាត់រប៉ាយ និងភ្លេចភ្លាំង ហើយអ្នក នឹងដឹងខ្លួនឯងវិញ នាពេលបច្ចុប្បន្ននេះ ។ សុភមង្គល និងសេចក្តីរីករាយ ក៏កើតឡើង នៅក្នុងខ្លួនរបស់អ្នក អ្នករស់នៅ ក្នុងសភាពអស្ចារ្យនៃជីវិត ដែលអាចក្រេបរស់ជាតិ នៃសេចក្តីស្ងប់ស្ងាត់ និងរីករាយ ដែលកើតមាន នៅក្នុងអារម្មណ៍ ។ តាមការជួបប្រទះ ក្នុងជីវិតដ៏អស្ចារ្យនេះហើយ ទើបអ្នកដូរអារម្មណ៍ បណ្តាលឲ្យទៅ ជាអារម្មណ៍រីករាយបាន ។ ដូច្នេះអារម្មណ៍ទាំងពីរនេះ ពិតជាធ្វើឲ្យអ្នក សប្បាយរីករាយ ។

ដង្ហើមទី៧ -
អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយ នៅក្នុងខ្លួនរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវសកម្មភាព នៃគំនិត ឬអារម្មណ៍ ទាំងឡាយនៅ ក្នុងខ្លួនរបស់អ្នក ។

ដង្ហើមទី៨ -
អ្នកកំពុងដកដង្ហើមចូល អ្នកធ្វើឲ្យសកម្មភាពនៃគំនិតនិងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់ និងសុខស្រួល អ្នកកំពុងដកដង្ហើមចេញ អ្នកធ្វើឲ្យសកម្មភាព នៃគំនិតនិងអារម្មណ៍ ទាំងឡាយក្នុងខ្លួនរបស់អ្នក ស្ងប់និងសុខស្រួល ។ ជាមួយនឹងដង្ហើមទាំងពីរ អាចធ្វើឲ្យអ្នកមើល ឃើញវែងឆ្ងាយនូវ អារម្មណ៍ទាំងឡាយ ដែលកើតឡើង នៅក្នុងខ្លួនរបស់អ្នក ទោះបីជាអារម្មណ៍ នោះសប្បាយក្តី មិនសប្បាយក្តី ឬនៅកណ្តាលធម្មតាក្តី និងអាចឲ្យអ្នកធ្វើ នូវអារម្មណ៍ស្ងប់ និងសុខស្រួលបាន បើអ្នកដឹង អំពីអារម្មណ៍ ផ្ទាល់ខ្លួនអ្នក ហើយអាចមើលជ្រៅ ទៅដល់ឫសគល់ និងធម្មជាតិរបស់វា អ្នកពិតជាអាចទប់ និងធ្វើឲ្យអារម្មណ៍ ទាំងនោះស្ងប់ និងសុខស្រួលបាន ទោះបីជាអារម្មណ៍នោះ ជាគំនិតអាក្រក់ កើតឡើងអំពី លោភៈ ទោសៈ មោហៈ ក៏ដោយ ។

ដង្ហើមទី៩ -
អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវទឹកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវទឹកចិត្តរបស់អ្នក ។

ដង្ហើមទី១០ -
អ្នកកំពុងដកដង្ហើមចូល នឹងធ្វើចិត្តរបស់អ្នកសប្បាយនិងសុខស្រួល អ្នកកំពុងដក ដង្ហើមចេញ នឹងធ្វើឲ្យចិត្តរបស់អ្នកសប្បាយ និងសុខស្រួល ។

ដង្ហើមទី១១ -
អ្នកកំពុងដកដង្ហើមចូល និងកំពុងផ្ចង់ចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ និងកំពុងផ្ចង់ចិត្តរបស់អ្នក ។

ដង្ហើមទី១២ -
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងដកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងដកចិត្តរបស់អ្នក ។ ជាមួយនឹងដង្ហើម ទាំង៤នេះ អ្នកអាចឆ្លងកាត់ វិស័យទី៣ ដែលជាចិត្ត ។ ដង្ហើមទី៩អាចនាំឲ្យអ្នក ស្គាល់នូវសភាវៈ ទាំងអស់នៃចិត្ត ដូចជាសញ្ញាខន្ធ គឺការពិចារណា ការប្រកាន់ ការសប្បាយ ការកើតទុក្ខ និងការមន្ទិលសង្ស័យ ។ អ្នកសង្កេតពិនិត្យ និងស្គាល់ នូវសភាវៈទាំងនេះ ដើម្បីមើលឃើញជ្រៅ ទៅក្នុងសកម្មភាព នៃចិត្តឬអារម្មណ៍ ពេលសកម្មភាព នៃចិត្តឬអារម្មណ៍ ត្រូវបានសង្កេតពិនិត្យ និងទទួលស្គាល់រួចហើយ អ្នកអាចប្រមូលចិត្ត របស់អ្នក និងធ្វើចិត្តនោះឲ្យស្ងប់ និងសុខស្រួលបាន ។ ចិត្តនេះកើតឡើង ដោយអារម្មណ៍ ទី១០និងទី១១ ។ ដង្ហើមទី១២ អាចធ្វើឲ្យអ្នក រួចចាកផុតពីឧបស័គ្គ ទាំងអស់នៃចិត្ត ដោយសារការភ្លឺស្វាង នៃចិត្តរបស់អ្នក ទើបអ្នកអាចមើលឃើញ នូវឫសគល់នៃសង្ខារ-វិញ្ញាណ និងអាចឈ្នះនូវ ឧបស័គ្គទាំងអស់បាន ។

ដង្ហើមទី១៣ -
អ្នកកំពុងដកដង្ហើមចូល អ្នកកំពុងពិនិត្យ នូវធម្មជាតិមិនទៀងទាត់ អនិច្ចំ នៃធម៌ទាំង អស់ ។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងពិនិត្យ នូវធម្មជាតិ មិនទៀងទាត់ នៃធម៌ទាំងអស់ ។

ដង្ហើមទី១៤ -
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងតែពិនិត្យនូវការវិនាស អនត្តា នៃធម៌ទាំងអស់ អ្នកកំពុងតែ ដកដង្ហើមចេញ នឹងកំពុងតែពិនិត្យ នូវការវិនាស ឬសាបរលាប នៃធម៌ទាំងអស់ ។

ដង្ហើមទី១៥ -
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនានូវវិមុត្តិ ការរំដោះទុក្ខ អ្នកកំពុងដកដង្ហើម ចេញ នឹងកំពុងចំរើនភាវនានូវវិមុត្តិ ។

ដង្ហើមទី១៦ -
អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនាឧបេក្ខា អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនា នូវឧបេក្ខា ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យ នៃធម្មារម្មណ៍ នឹងសមាធិចិត្ត ដើម្បីពិនិត្យមើល នូវធម្មជាតិពិត នៃធម៌ទាំងអស់ ជាដំបូងគឺការសង្កេតពិនិត្យ ទៅលើធម្មជាតិមិនទៀង នៃធម៌ទាំងអស់ ព្រោះតែធម៌ទាំងអស់ មិនទៀងទាត់ហើយ បានជាធម៌ ទាំងអស់នោះ ត្រូវតែវិនាសសាបសូន្យ ។ នៅពេលដែលអ្នក បានយល់ច្បាស់ នូវធម្មជាតិ មិនទៀងទាត់ និងការវិនាសសាបសូន្យ នៃធម៌ទាំងអស់ អ្នកពិតជា មិនប្រតោងជាប់ ដោយការវិល កើតវិលស្លាប់ នៅក្នុងវដ្ដសង្សារ ពុំចេះចប់នោះឡើយ ។ ដោយសារ ហេតុនេះហើយ អ្នកអាចរួចខ្លួន និងសម្រេចនូវវិមុត្តិ ការផុតទុក្ខ ការរួចខ្លួន មិនមែនមានន័យថា គេចវេះឬរត់ចេញ ពីជីវិតនោះទេ រួចខ្លួនក្នុងទីនេះ មានន័យថា រួចខ្លួនអំពីចំណង តណ្ហានិងការវិលវល់ នៅក្នុងវដ្ដសង្សារ ដែលមានធម៌ជាប្រធាន ។ នៅពេលដែលអ្នក មានឧបេក្ខា និងសម្រេចនូវវិមុត្តិ អ្នកពិតជាអាច រស់នៅបាន យ៉ាងសុខស្រួល និងសប្បាយរីករាយ នៅក្នុងជីវិតនេះ មិនមានអ្វីអាចនឹងចង អ្នកបានទៀតទេ ។
នេះហើយជាការប្រៀនប្រដៅ របស់ព្រះសាស្តា ដូចម្តេចដែលហៅថា ការពិនិត្យជ្រៅទៅក្នុងកាយ ចិត្ត និងធម្មារម្មណ៍ តាមវិធីដកដង្ហើម ទាំង១៦យ៉ាង ។
ព្រះសមណគោតមបរមសាស្តា ទ្រង់បានដាក់វិធី ដកដង្ហើមទាំង១៦នេះ ឲ្យអនុវត្តនៅ ក្នុងការហាត់រៀន ពោជ្ឈង្គ៧ផងដែរ គឺ សតិ១ ធម្មវិជយៈ១ វិរិយៈ១ បីតិ១ បស្សធិ១ សមាធិ១ និង ឧបេក្ខា១ ។ ភិក្ខុនិងភិក្ខុនីទាំង៣ពាន់អង្គ បានស្តាប់ការប្រៀនប្រដៅ របស់ព្រះពុទ្ធ ដោយសេចក្តីរីករាយ និងកក់ក្តៅជាទីបំផុត នៅក្នុងរាត្រី ពេញបូណ៌មី ខែកត្តិក ក្រោមពន្លឺព្រះចន្ទថ្លា ៕

ចម្លងចេញអំពីពុទ្ធប្រវត្តិ Chea Heng ម៉ោង០៤:០៣ ថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)Reply

ត្រឡប់ទៅទំព័រ "ព្រះពុទ្ធសាសនា"។