កេង វ៉ាន់សាក់
លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (Pro. Keng Vansak) គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។
កេង វ៉ាន់សាក់ | ||
---|---|---|
ប្រវត្តរូបសង្ខេប | ||
ឈ្មោះពេញ | កេង វ៉ាន់សាក់ | |
ឈ្មោះដើម | កេង វ៉ាន់សាក់ | |
ថ្ងៃកំនើត | ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ | |
ទីកន្លែងកំនើត | ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ | |
ឪពុកឈ្មោះ | កេង ស៊ីផាន់ | |
មា្តយឈ្មោះ | ហម អ្នក | |
មុខងារ | អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ |
មរណភាព
កែប្រែលោកបណ្ឌិតសាស្រ្តាចារ្យកេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨។ សពកវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញនិងជាស្ថាបនិក អង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីបច្ឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយ មានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលឧទ្ទិស កុសលបច្ឆាមរណៈផង។
ជីវៈប្រវត្តិសង្ខេប
កែប្រែលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់ខ្សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។ ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
ប្រវត្តិការងារ
កែប្រែទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។
ស្នាដៃ
កែប្រែស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រាមកេរ្តិ៍ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល. គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។
សំដីកាលនៅរស់
កែប្រែកាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖ «កាលហ្នឹង ខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...»។
ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។
បាតុភូតពីកំណើត
កែប្រែប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុម រាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។
អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ ចោល។ សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។
ភាពផ្ទាល់ខ្លួន
កែប្រែរីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់ នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិង ថែទាំលោកជារៀងរហូតមក។
ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណ គ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់ មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។
ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅ បានតាមការគួរ៕ ម៉ោង០៦:៥៣ ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០០៩។