ខ្មែរក្រហម

ឈ្មោះដែលសម្តៅលើអ្នកគាំទ្របក្សកុម្មុយនិស្តកម្ពុជា
ទង់បក្សកុម្មុយនិស្តកម្ពុជា

ខ្មែរក្រហម គឺជាឈ្មោះដែលសម្តេចព្រះបាទនរោត្តម សីហនុ មានព្រះរាជបន្ទល់សំដៅលើក្រុមកុម្មុយនីស្ត ដែលប្រឆាំងនឹងព្រះអង្គនៅសតវត្សរ៍ឆ្នាំ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺបក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បក្សកុម្មុយនីស្តកម្ពុជាបានបង្កើតរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦ និងគ្រប់គ្រងប្រទេសកម្ពុជារហូតដល់ខែមករា ឆ្នាំ១៩៧៩។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់រហូតដល់ឆ្នាំ១៩៧៧ ហើយមិនមាននរណាម្នាក់នៅក្រៅបក្សកុម្មុយនីស្តកម្ពុជាដឹងថាអ្នកណាជាអ្នកដឹកនាំបក្សនោះទេ (មេដឹកនាំនោះហៅខ្លួនឯងថា អង្គការបដិវត្តន៍[១]

នៅក្នុងទស្សវត្តឆ្នាំ១៩៦០, កងកម្លាំងទ័ពខ្មែរក្រហមបានចាប់ផ្តើមកើនកាន់តែច្រើនឡើងៗនៅតាមព្រៃនៃភាគខាងកើតប្រទេសកម្ពុជា ដោយមានការគាំទ្រពីកងកម្លាំងកុម្មុយនិស្តវៀតណាម, កុម្មុយនិស្តឡាវ, និងគណបក្សកុម្មុយនិស្តចិន(គកច)។ ដើមឡើយ, ពួកខ្មែរក្រហមតែងតែប្រឆាំងនឹងព្រះអង្គសីហនុ ប៉ុន្តែបន្ទាប់ពីទទួលបានយោបលខ្លះៗពីគកច ហើយក្រោយពីសីហនុត្រូវបានរដ្ឋាភិបាលលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ, ខ្មែរក្រហមក៏បានផ្លះប្តូរគំនិតមកគាំទ្រព្រះអង្គសីហនុវិញ។ ដោយសារហេតុនេះហើយ ទើបសង្គ្រាមផ្ទៃក្នុងកម្ពុជាបានផ្ទុះឡើងរវាងសាធារណរដ្ឋខ្មែរ និងក្រុមខ្មែរក្រហម; ជាលទ្ធផល, សាធារណរដ្ឋខ្មែរក៏ត្រូវបានដួលរលំបន្ទាប់ពីទីក្រុងភ្នំពេញបានធ្លាក់មកនៅក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយពីបានកាន់កាប់ប្រទេសកម្ពុជាទាំងមូល, ទាហានខ្មែរក្រហមដែលនៅក្រោមបញ្ជារបស់ប៉ុល-ពត, នួន ជា, អៀង សារី និងខៀវ សំផនបានណែនាំប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យចាកចេញពីទីក្រុងរបស់ពួកគេឆ្ពោះទៅតំបន់ជនបទ ហើយក្រោយមកៗទៀត ក៏បានប្តូរឈ្មោះប្រទេសមករដ្ឋកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦។

សង្គមរបបខ្មែរក្រហមគឺសម្បូរទៅដោយអត្តធិបតេយ្យភាព, ការស្អប់ខ្ពើមជនបរទេស និងការគាបសង្កត់មកលើប្រជាជនខ្លួនឯង។ សេចក្តីមរណភាពរបស់ប្រជាជនក្នុងរបបនេះភាគច្រើនគឺបណ្តាលមកពីគោលនយោបាយរបស់បក្ស និង'មហាលោតផ្លោះ', ដែលជាការយកតម្រាប់តាមយុទ្ធនាការនយោបាយរបស់ចិនគឺមហាលោតផ្លោះនៃកសិកម្មចិនដែលបណ្តាលឱ្យប្រជាជនចិនជាច្រើននាក់ធ្លាក់នៅក្រោមការស្រែកឃ្លាន។ គោលបំណងរបស់ខ្មែរក្រហមគឺចង់កែទម្រង់កសិកម្មតាមរយៈការប្រមូលផ្តុំប្រជាជនឱ្យធ្វើការរួមគ្នាដែលជាហេតុនាំអោយមានការអត់ឃ្លាននៅពាសពេញផ្ទៃប្រទេស ខណៈពេលដែលអង្គការបានស្បថថានឹងជួយមើលថែរក្សាប្រជាជន ប៉ុន្តែវាបែរជាផ្ទុយពីនោះទៅវិញដោយប្រជាជនមួយចំនួនធំបានស្លាប់ដោយសារជំងឺគ្រុនចាញ្ញ។ បន្ទាប់ពីបានកាន់អំណាច, ខ្មែរក្រហមបានសម្លាប់រាល់អ្នកនយោបាយណាដែលប្រឆាំងនឹងពួកគេ, ហើយគំនិតជ្រុលនិយមរបស់ពួកគេមកលើជាតិសាសន៍ បានបណ្តាលឱ្យកើតមានអំពើប្រល័យពូជសាសន៍មកលើជនជាតិភាគតិចមួយចំនួនធំថែមទៀតផង។

នៅក្នុងទស្សវត្តឆ្នាំ១៩៧០, ជំនួយខ្មែរក្រហមភាគច្រើនដូចជា ស្បៀង, អាវុធជាដើមគឺចិនជាអ្នកគាំទ្រនិងផ្តល់ឱ្យ, គេបានប៉ានស្មានថាជំនួយបរទេសប្រមាណ ៩០% ដែលផ្តល់ឱ្យខ្មែរក្រហមគឺសុទ្ធតែមកពីចិនទាំងអស់។ ទីបំផុត របបដ៏ឃោឃៅមួយនេះក៏ត្រូវបានដួលរលំនៅក្នុងឆ្នាំ១៩៧៩ គឺនៅពេលដែលកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជា ហើយកម្ចាត់កម្លាំងខ្មែរក្រហមបានយ៉ាងងាយ។ ដូចនេះហើយ ខ្មែរក្រហមបានដកថាយរត់ទៅភាគពាយព្យនៃប្រទេសកម្ពុជា ពោលគឺនៅតំបន់ព្រំដែនកម្ពុជា-ថៃ, រដ្ឋាភិបាលថៃក៏បានឆ្លៀតយកឱកាសនេះប្រើប្រាស់ពួកខ្មែរក្រហមដើម្បីជាកម្លាំងទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្តយួន។ នៅទស្សវត្តឆ្នាំ១៩៨០, ចិន និងសហរដ្ឋអាមេរិកបានរួមគ្នាគាំទ្រប៉ុល-ពតពីចម្ងាយដើម្បីប្រឆាំងនឹងអំណាចឥទ្ធិពលរបស់សហភាពសូវៀត និងវៀតណាមមកលើប្រទេសកម្ពុជា ដូចជាការផ្តល់សត្តិប្រាជ្ញា, ស្បៀងអាហារ, គ្រឿងសព្វារុធ, និងការហ្វឹកហាត់ខាងយោធាជាដើម...ក៏ប៉ុន្តែមិនយូរប៉ុន្មាន ជំនួយរបស់អាមេរិកក៏ត្រូវបានកាត់ផ្តាច់ចោល។ ខ្មែរក្រហមក៏បានបន្តខំប្រឹងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងវៀតណាម និងរដ្ឋាភិបាលកម្ពុជាថ្មីគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា, ជម្លោះមួយនេះត្រូវគេស្គាល់ថាជាផ្នែកមួយនៃសង្គ្រាមកម្ពុជា-វៀតណាម។ ទោះត្រូវបាត់បង់អំណាចក្តី, រដ្ឋាភិបាលខ្មែរក្រហមនូវតែបន្តក្លាយជាតំណាងឱ្យកម្ពុជានៅក្នុងអាសនៈអង្គការសហប្រជាជាតិដដែរ រហូតដល់ឆ្នាំ១៩៩៣ គឺជាពេលដែលរាជាធិបតេយ្យត្រូវបានស្តើរឡើងវិញដោយប្រទេសកម្ពុជាបានប្តូរមុខមាត់និងឈ្មោះពីប្រទេសសង្គមនិយមមក'ព្រះរាជាណាចក្រកម្ពុជា'។ មួយឆ្នាំក្រោយមក, ទ័ពព្រៃខ្មែរក្រហមរាប់ពាន់នាក់បានសុំទទួលចុះចាញ់បន្ទាប់ពីដឹងឮថារដ្ឋាភិបាលកម្ពុជានាពេលនោះបានលើកលែងទោសអោយ។ ដូច្នេះហើយនៅក្នុងឆ្នាំ១៩៩៦, គណបក្សនយោបាយថ្មីត្រូវបានបង្កើតឡើងគឺចលនាសហភាពជាតិប្រជាធិបតេយ្យដែលដឹកនាំដោយលោកអៀង សារី។ ចាប់តាំងពីពេលនោះមក ចំនួនក្រុមខ្មែរក្រហមក៏ចាប់ផ្តើមស្រុតចុះឡើងៗ។ នៅឆ្នាំ២០១៤, មេដឹកនាំខ្មែរក្រហមចំនួមពីររូបគឺនួន ជា និងខៀវ សំផន ត្រូវបានតុលាការកម្ពុជាដែលមានអង្គការសហប្រជាជាតិនៅពីក្រោយបានកាត់ក្តីដាក់ពន្ធនាគាអ្នកទាំងពីរអស់មួយជីវិតដោយបានរកឃើញថាពួកគេមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះតួនាទីរបស់ពួកគេនៅក្នុងយុទ្ធនាការប្រល័យពូជសាសន៍ខ្មែរក្រហម។

ប្រវត្តិនៃឈ្មោះកែប្រែ

ដូចជាបានបកស្រាយខាងលើរួចជាស្រេចហើយថា ខ្មែរក្រហមគឺជានាម ឫឈ្មោះដែលព្រះបាទនរោត្តម សីហនុមានព្រះបន្ទូលសំដៅលើក្រុមកុម្មុយនិស្តខ្មែរដែលប្រឆាំងនឹងព្រះអង្គក្នុងទស្សវត្តឆ្នាំ១៩៦០។ ដូចពួកកុម្មុយនិស្តផ្សេងៗអញ្ចឹងដែរ ដែលបានជ្រើសពណ៌ក្រហមជាអត្តសញ្ញាណរបស់ពួកគេ; នៅក្នុងលទ្ធិកុម្មុយនិស្ត, ពណ៌ក្រហមគឺតំណាងអោយបដិវត្តន៍ ឫឈាមរបស់បុគ្គលទាំងឡាយណាដែលតស៊ូដើម្បីបដិវត្តន៍។

 
ទង់បដិវត្តន៍ខ្មែរក្រហម

'ខ្មែរក្រហម'ជាភាសាឡាតាំងគឺ Khmer Rougered Khmer។ ស្លាបយោធារបស់បក្សនេះមានឈ្មោះថាកងទ័ពបដិវត្តន៍កម្ពុជា និងកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ

មនោគមវិជ្ជាកែប្រែ

គំនិតម៉ាក្ស(និយម)កែប្រែ

 
ប៉ុល-ពត, អង្គលេខាធិការបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ

ឯកសារយោងកែប្រែ

  1. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយលោក ឌីខាប៉ូលី មជ្ឍមណ្ឌលឯកសារកម្ពុជា ទំព័រទី១