ក្រឡាន
ក្រឡាន (Kralan, ថៃ: ข้าวหลาม, ត្រូវបញ្ចេញសំឡេង [kʰâw lǎːm]; លាវ: ເຂົ້າຫລາມ) ជាប្រភេននំធ្វើពីបាយដំណើបលាយជាមួយស្ក ចំណិតដូងតូចៗ និងខ្ទិះដូង ដោយដាក់ចំអិន(ដុត)ក្នុងកំណាត់ឬស្សី។ ក្រឡានអាចធ្វើឡើងពីបាយដំណើបស ឬខ្មៅ។ជាទូទៅក្រឡានត្រូវបានគេចំអិនក្នុងកំណាត់ឬស្សីដែលមានទំហំផ្សេងៗគ្នា ខ្លះធំ ខ្លះតូចដោយតម្រូវទៅតាមចំណូលចិត្តរបស់អ្នកបរិភោគ និងតាមតម្លៃលក់។
ប្រវត្តិ
កែប្រែក្រឡានជាអាហារបស់ខ្មែរយើង ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ទាក់ទងទៅនឹងប្រភពរបស់អាហារប្រភេទនេះ លោក អៀវ សេរី អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងពីប្រវត្តិដើមតាមរយៈការសិក្សារបស់អ្នកជំនាញថា ក្រឡានប្រហែលជាបានកកើតជាមួយគ្នានឹងការរកឃើញលោហធាតុដែរ។ សម័យដើមគេដុតក្រឡានតាមផ្ទះទុកគ្រាន់ហូបជាលក្ខណៈគ្រួសារ ហើយវិធីធ្វើក្រឡាននេះទៀតសោតក៍ប្រជាជនយើងចេះចាំតៗគ្នាតាំងពីដូនតាមក។
គេបានកត់សម្គាល់ថា ចាស់ៗបុរាណបានធ្វើក្រឡាន គឺយកអង្ករដំណើបលាយជាមួយអំបិល និងលាយខ្ទិះ ឬកាកដូង ហើយឆ្អើរចេញជាក្រឡានទម្លាប់ចាស់នេះត្រូវបានលោកឧកញ៉ា សៀង ណាំ សុំឲ្យអ្នកស្រុកប្ដូរចេញទៅចម្អិនជាក្រឡានមានរសជាតិឈ្ងុយប្លែកម្យ៉ាង ដោយយកអង្ករដំណើបលាយជាមួយអំបិលនិងខ្ទិះដូងសុទ្ធ មិនប្រើកាកដូង ហើយថែមស្ករឡែមៗ យកទៅដុតទើបក្រឡាន មានរសជាតិឈ្ងុយខុសពីទម្លាប់ដើម។ ការប្ដូរទម្លាប់នោះ គឺលោកឧកញ៉ា សៀង ណាំ បានយកតាមទម្លាប់របស់អ្នកស្រុកឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ព្រោះថាពួកគាត់នៅទីនោះបានប្រកបមុខរបរធ្វើក្រឡានមានរសជាតិបែបខាងលើហើយក្រឡានឃុំសំរោងក្នុង កំពុងទាក់ទាញអ្នកពិសាគ្រប់ៗគ្នា។
នៅកម្ពុជា ក្រឡាន ត្រូវបានគេនិយាយធ្វើ និងបរិភោគនៅរដូវ បុណ្យអ៊ុំទូកអកអំបុកនិងសំពះព្រះខែ។ ភូមិថ្មគ្រែក្នុងខេត្តក្រចេះត្រូវបានគេទទួលស្គាល់ថា ជាទីដែលធ្វើនំក្រឡានឆ្ងាញ់ជាងគេ។[១] ក្រឡាននៅអង្គរវត្តក៏មានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឲ្យភ្ញៀវចាប់អារម្មណ៍ដែរបើយើងក្រឡេកមើលជារួមក្នុងបណ្ដាស្រុក ឬក្នុងក្រុងសៀមរាប និងនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទអង្គរវត្ត ក៏មានប្រជាជនមួយចំនួនធំនៅតែប្រកាន់របរធ្វើក្រឡានលក់ជូនភ្ញៀវដែរ។ ក្រឡានលក់នៅមុខប្រាសាទអង្គរវត្ត គឺជាប្រភពទាក់ទាញអ្នកពិសាគ្រប់រូប ព្រោះថាទាំងភ្ញៀវខ្មែរ ទាំងភ្ញៀវបរទេស គេមិនភ្លេចភ្លក់រសជាតិក្រឡាននៅទីនោះឡើយ។ ពេលដែលយើងធ្វើដំណើរឆ្លងកាត់ហើយបានឃើញក្រឡាននៅមុខអង្គរវត្ត យើងគួរដឹងថា ក្រឡាននោះមានប្រភពចេញមកពីអ្នកស្រុកនាភូមិអង្គរក្រៅ, ភូមិគោកបេង, ភូមិគោកចាន់, សង្កាត់គោកចក (អតីតឃុំគោកចក) ក្រុងសៀមរាប (អតីតស្រុកសៀមរាប)។ ហើយនំចំណីនេះ មិនមែនជានំចំណីថ្មីសម្រាប់ពួកគាត់ឡើយ គឺអ្នកស្រុកបានប្រកាន់ធ្វើក្រឡានតាំងពីបុរាណកាលមករហូតមកទល់សព្វថ្ងៃនេះ។
របៀបធ្វើក្រឡានរបស់អ្នកស្រុកថ្មគ្រែ
កែប្រែអ្នកស្រុកថ្មគ្រែនៅខេត្តក្រចេះមានរបៀបធ្វើក្រឡានដូចតទៅ៖ គេលាយបាយដំណើប១គីឡូជាមួយដូង១ ដោយកសាច់ដូងបន្តិច ខ្ទិះដូង ស្កសមួយខាំ(ដាក់ស្កតាមចំណូលចិត្ត) បន្ទាប់មកបន្ថែមសណ្ដែកដែលបានស្ងោរឆ្អិនស្រាប់ និងច្របល់ចូលគ្នាឱ្យសព្វសាច់ រួចយកទៅច្រកក្នុងបំពង់ឬស្សី និងយកស្រកីដូងញាត់មាត់បំពង់។ ដើម្បីឱ្យក្រឡានមានក្លិនឈ្ងុញល្អ គេកាប់យកតែកំណាត់ឬស្សីណាដែលមានដុះស្លឹកខ្ចីៗល្អតែប៉ុណ្ណោះ។ នៅពេលរៀបចំរួចរាល់គេយកក្រឡានទៅដាក់លើរបារ ដុតភ្លើងតែមួយចម្ហៀង ហើយត្រឡប់ចុះឡើងរហូតឆ្អិនសព្វ ដោយប្រើពេលជាងកន្លះម៉ោង។ ក្រឡានដែលឆ្អិនរួចគេសកកំណាត់ឬស្សីឱ្យស្ដើងបំផុតងាយស្រូលបកទទួលទាន។ សព្វថ្ងៃនៅភូមិថ្មគ្រែ អ្នកស្រុកលក់ក្រឡានក្នុងតម្លៃពី ២៥០០៛ ទៅ ៣០០០៛ ក្នុង១គីឡូ[២]។
ក្រឡាននៅតាមតំបន់រមនីយដ្ឋាននានា
កែប្រែគេអាចភ្លក់រសជាតិក្រឡាននៅមុខអង្គរវត្ត ជាក្រឡានដែលអ្នកស្រុកប្រកាន់ខ្ជាប់របៀបដុតតាំងពីបុរាណកាលមក គឺការធ្វើក្រឡាននេះពួកគាត់យកអង្ករដំណើបលាយជាមួយអំបិលនិងខ្ទិះដូងលាយកាកដូងបន្តិចទៅដុតចម្អិន កើតចេញជាក្រឡានមានរសជាតិឈ្ងុយឆ្ងាញ់ម្យ៉ាង តែមិនផ្អែមឡែមៗដូចក្រឡាននៅឃុំខ្ចាស់ ស្រុកសូទ្រនិគមទេ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក្រឡានអ្នកឃុំខ្ចាស់ គឺតម្រូវចិត្តអ្នកដែលចង់បានផ្អែម។ រីឯក្រឡាននៅអង្គរគឺតម្រូវចិត្តអ្នកមិនចង់ផ្អែម។ តែបើប្រៀបធៀបរសជាតិក្រឡានទាំង២កន្លែងខាងលើគឺមានរសជាតិឈ្ងុយដូចតែគ្នាហើយកន្លែងលក់ក្រឡានទាំង២គឺជាប្រភពទាក់ទាញអ្នកពិសាដូចៗគ្នា។
មុខរបរក្រឡានខាងលើត្រូវបានប្រជាពលរដ្ឋចាត់ទុកថា គឺជាមុខរបរផ្សំមួយធ្វើឲ្យប្រជាជនរកចំណូលបានខ្ពស់បន្ថែមលើមុខរបរធ្វើស្រែចម្ការ ហើយមុខរបរនេះជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជនបានមួយកម្រិតធំផងដែរ៕
ឯកសារយោង
កែប្រែ- ↑ Nhem, Chea Bunly (Saturday, May 22-23, 2004). "Let Them Eat Cake" (in ភាសាអង់គ្លេស). The Cambodia Daily. Retrieved 2009-01-11.
{{cite web}}
: Check date values in:|date=
(help)CS1 maint: unrecognized language (link) - ↑ Kralan - បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ទាញយកថ្ងៃទី ៣០/មករា/២០១៤ http://khmerenaissance.info/resources_tools/003_kralan.html
តំណភ្ជាប់ខាងក្រៅ
កែប្រែ- Pictures of kralan being made
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ អត្ថបទfood-relatedនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។