ខ្យងស័ង្ខ
ខ្យងស័ង្ខ គឺជាឧបករណ៍ភ្លេងខ្មែរមួយប្រភេទ ដែលត្រូវចាត់ចូលទៅក្នុងពពួកគ្រឿងផ្លុំ។ ឧបករណ៍នេះមានតែពួក “បាគូ” ដែលជា វណ្ណៈព្រាហ្មណ៍ នៅក្នុងព្រះរាជវាំងទេទើបចេះផ្លុំ។ ប្រជារាស្រ្តសាមញ្ញមិនដែលប្រើទេ ហើយក៏គ្មានអ្នកចេះផ្លុំឧបករណ៍នេះដែរ។ ឧបករណ៍ខ្យងស័ង្ខនេះគឺគេយកសំបកសត្វខ្យងម្យ៉ាងដែលមានពូជជាខ្យងស័ង្ខមកធ្វើ។ គេរើសយកសំបកខ្យងណាដែលមានរាងធំល្អយកមកធ្វើ។ គេយកខ្យងមកកាត់គូតចោលបន្តិចដើម្បីអោយមានរន្ធសំរាប់តែល្មមដាក់មាត់ផ្លុំបាន។ ឧបករណ៍ខ្យងស័ង្ខមិនមែនដូចឧបករណ៍តន្ត្រីទៀតៗនោះទេ គឺលឺសូរតែសំនៀង “ ទូត, ទូត ” តែប៉ុណ្ណោះ។ ឧបករណ៍នេះគេប្រើសំរាប់នៅក្នុងព្រះរាជពីធីរបស់ព្រះមហាក្សត្រ ដូចជាព្រះរាជពិធីចំរើនព្រះជន្ម ឬព្រះរាជពិធីផ្សេងៗទៀត សំរាប់ព្រះមហាក្សត្រក្នុងព្រះរាជវាំង ដោយមានពួកព្រហ្ម “បាគូ” ពីរឬបីនាក់ជាអ្នកផ្លុំ។