គង់ សារឿន
អ្នកស្រី គង់ សារឿន ត្រូវបានគេចាត់ទុកថាជាវីរនារីអ្នកដោះមីនដំបូងគេនៅកម្ពុជានៅក្នុងទសវត្សរ៍ទី៨០ ដែលដោះមីនបានជាងពីរពាន់គ្រាប់ ហើយទទួលបានគ្រឿងឥស្សរិយយសពីសំណាកថ្នាក់ដឹកនាំចាប់តាំងពីទស្សវត្សរ៍ទី៨០មក។
គង់ សារឿន | |
---|---|
អ្នកស្រី គង់ សារឿន | |
កើត | ឆ្នាំ 1958 ខេត្តស្វាយរៀង, កម្ពុជា |
អាជីព | អតីតអ្នកដោះមីន, នាយទាហានរងវិរៈ ២០១ នៅស្វាយរៀង, សមាជិកក្រុមប្រឹក្សាស្រុកស្វាយទាប ស្វាយរៀង |
ពន្ធភាព | ភូក សំអុល |
កូន | ៣នាក់ |
មាតាបិតា | បិតា៖ គួង ធុន, មាតា៖ ពេជ្យ ម៉ៅ |
ជីវភាពផ្ទាល់ខ្លួន
កែប្រែអ្នកស្រី គង់ សារឿន មានអាយុ ៥៥ឆ្នាំ ជាកូនទី៤ ក្នុងចំណោមកូន៤នាក់ កើតនៅឆ្នាំ១៩៥៨ ក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នកស្រីបានចូលរៀនត្រឹមថ្នាក់ទី១០ (ពីសង្គម) តែប៉ុណ្ណោះ នៅសាលារៀនវត្តសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ឪពុកឈ្មោះ គួង ធុន ជាកសិករ ម្ដាយឈ្មោះ ពេជ្យ ម៉ៅ ជាកសិករ និងបច្ចុប្បន្នអ្នកស្រីមានកូនក្នុងបន្ទុក៣នាក់ ប្ដីឈ្មោះ ភូក សំអុល អាយុ៦៤ឆ្នាំ ជាអតីតទាហានរដ្ឋកម្ពុជាមានមុខរបរជាកសិករ។
សកម្មភាពការងារ
កែប្រែកាលពីចុងទស្សវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រីជានាយទាហានរងវិរៈ២០១ នៅខេត្តស្វាយរៀង ក្រោយមកអ្នកស្រីត្រូវបានធ្វើជាប្រធានវីរនារីនៅអង្គភាព (គ) នារីចល័តដោះមីននៅខេត្តស្វាយរៀង បានដឹកនាំសមាជិកកងទ័ពនារីចំនួន ១០២រូប ធ្វើសកម្មភាពដោះមីនសម្រាប់តាំងលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកសិកម្ម ជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទ៍ ស្រុកចន្ទ្រា ស្រុកស្វាយទាប ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយរៀង។ អ្នកស្រីបានដោះមីនម្នាក់ឯងបានប្រហែលចំនួន ២៦៧៧គ្រាប់ និងនៅខេត្តបាត់ដំបងដោះមីនតាមបណ្ដោយព្រំដែនកម្ពុជាថៃបានចំនួន ៧០គ្រាប់។ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩២ អ្នកស្រីត្រូវបានរំសាយពីកងទ័ពមកជាប្រជាពលរដ្ឋសាមញ្ញ ចំណែកយុទ្ធនារីដោះមីនបានបែកខ្ញែកគ្នាអស់។ បច្ចុប្បន្នអ្នកស្រី គង់ សារឿន មានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកស្វាយទាប ខេត្តស្វាយរៀង។
គ្រឿងឥស្សរិយយស
កែប្រែអ្នកស្រី គង់ សារឿន ត្រូវបានបក្សនិងរដ្ឋក្នុងសម័យសាធារណរដ្ឋប្រជាមានិផ្ដល់កិត្តិយស និងប្រសិទ្ធនាមជាវីរនារី និងបានទទួលគ្រឿងឥស្សរិយយសដូចខាងក្រោម៖
- ទទួលបានមេដាយស្ថាបនាថ្នាក់ធិបឌិន បំពាក់ដោយលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។
- នៅសម័យរដ្ឋកម្ពុជាទទួលបានគ្រឿងឥស្សរិយយសចំនួន៤គឺ
- មេដាយយុទ្ធជនប្ដេជ្ញាឈ្នះ
- មេដាយការពារមាតុភូមិ
- មេដាយយុទ្ធជ័យថ្នាក់លេខ២
- មេដាយវីរជន
អត្ថបទត្រូវបានដកស្រង់ចេញពីក្រដាសមួយក្នុង ពិព័រណ៍សកម្មភាពមីន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១