ចោទនាកណ្ឌ
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
ចោទនាកណ្ឌ
[១៦០] វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយហេតុណា លោកចោទភិក្ខុនោះ ព្រោះទោសអ្វី លោកចោទដោយសីលវិបត្តិ ដោយអាចារវិបត្តិ ឬចោទដោយទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំចោទដោយសីលវិបត្តិក្តី ខ្ញុំចោទដោយអាចារវិបត្តិក្តី ខ្ញុំចោទដោយទិដ្ឋិវិបត្តិក្តី។ ត្រូវវិន័យធរសួរភិក្ខុនោះយ៉ាងនេះថា លោកមានអាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬទេ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា បារាជិក៤ និងសង្ឃាទិសេស១៣នេះ ហៅថា សីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ និងទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយហេតុណា លោកចោទដោយឃើញ ដោយឮ ឬក៏ចោទដោយរង្កៀសទេ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំចោទដោយឃើញក្តី ចោទដោយឮក្តី ចោទដោយរង្កៀសក្តី។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយឃើញហេតុណា លោកបានឃើញទោសដូចម្តេច លោកបានឃើញហេតុដូចម្តេច លោកបានឃើញពីកាលណា លោកបានឃើញក្នុងទីណា កាលភិក្ខុនោះត្រូវអាបត្តិបារាជិក លោកបានឃើញដែរឬ កាលត្រូវអាបត្តិសង្ឃាទិសេស លោកបានឃើញដែរឬ កាលត្រូវអាបត្តិថុល្លច្ច័យ លោកបានឃើញដែរឬ កាលត្រូវអាបត្តិបាចិត្តិយៈ លោកបានឃើញដែរឬ កាលត្រូវអាបត្តិបាដិទេសនីយៈ លោកបានឃើញដែរឬ កាលត្រូវអាបត្តិទុក្កដ លោកបានឃើញដែរឬ មួយទៀត លោកនៅក្នុងទីណា ភិក្ខុនេះនៅក្នុងទីណា ចំណែកខាងលោកកំពុងធ្វើអ្វី ឯភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនោះ ដោយការឃើញទេ ខ្ញុំចោទដោយគ្រាន់តែបានឮ។ ត្រូវវិន័យធរសួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះដោយបានឮ ដោយហេតុណា លោកបានឮដូចម្តេច លោកបានឮហេតុដូចម្តេច លោកបានឮក្នុងកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបារាជិក លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮពាក្យពួកស្តេច លោកបានឮពាក្យពួករាជមហាមាត្រ លោកបានឮពាក្យពួកតិរ្ថិយ លោកបានឮពាក្យសាវ័កតិរ្ថិយឬ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនេះដោយោបានឮទេ ខ្ញុំចោទដោយត្រឹមតែសេចក្តីរង្កៀស។ ត្រូវវិន័យធរសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយសេចក្តីរង្កៀសដោយហេតុណា លោករង្កៀសដូចម្តេច លោករង្កៀសអំពីហេតុអ្វី លោករង្កៀសក្នុងកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបារាជិក លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោករង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮពាក្យភិក្ខុនី លោករង្កៀស ព្រោះឮពាក្យសិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោករង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮពាក្យឧបាសក លោករង្កៀស ព្រោះឮពាក្យឧបាសិកា លោករង្កៀស ព្រោះឮពាក្យពួកស្តេច លោករង្កៀស ព្រោះឮពាក្យពួករាជមហាមាត្រ លោករង្កៀស ព្រោះឮពាក្យពួកតិរ្ថិយ លោករង្កៀស ព្រោះឮពាក្យពួកសាវ័កតិរ្ថិយ។
[១៦១] ហេតុដែលអ្នកចោទបានឃើញ សមតាមហេតុដែលឃើញមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឃើញ តាមហេតុដែលបានឃើញ (បើ) ភិក្ខុអ្នកជាប់ចោទ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបានឃើញនោះទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ គឺរង្កៀសដោយមិនមានមូល វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានឮ សមតាមហេតុ ដែលបានឮមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុ ដែលអ្នកចោទបានឮ តាមហេតុដែលបានឮ (បើ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបានឮទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានប៉ះពាល់ សមតាមហេតុ ដែលបានប៉ះពាល់មែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលបានប៉ះពាល់ តាមហេតុដែលបានប៉ះពាល់ (បើ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យហេតុ ដែលអ្នកចោទបាន ប៉ះពាល់ទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។
[១៦២] សួរថា ការចោទ មានអ្វីជាខាងដើម អ្វីជាកណ្តាល អ្វីជាទីបំផុត។ ឆ្លើយថា ការចោទ មានឱកាសកម្ម គឺសូមឱកាស ជាខាងដើម មានកិរិយា គឺអំពើដែលវិន័យធរត្រូវធ្វើ ជាកណ្តាល មានសមថៈ គឺសេចក្តីរម្ងាប់ ជាទីបំផុត។ សួរថា ការចោទ មានមូលប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន បុគ្គលចោទដោយអាការប៉ុន្មាន។ ឆ្លើយថា ការចោទ មានមូល២ មានវត្ថុ៣ មានភូមិ៥ បុគ្គលចោទដោយអាការ២។ សួរថា ការចោទមានមូល២ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទ មានមូល២នេះ គឺចោទដោយមានមូល១ ចោទដោយមិនមានមូល១។ សួរថា ការចោទមានវត្ថុ៣ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទមានវត្ថុ៣ នេះ គឺដោយបានឃើញ១ ដោយបានឮ១ ដោយបានរង្កៀស១។ សួរថា ការចោទមានភូមិ៥ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទមានភូមិ៥នេះ គឺពោលត្រូវតាមកាល មិនពោលខុសកាល១ ពោលពាក្យពិត មិនពោលពាក្យដែលមិនពិត១ ពោលពាក្យផ្អែមល្ហែម មិនពោលពាក្យទ្រគោះ១ ពោលពាក្យប្រកបដោយប្រយោជន៍ មិនពោលពាក្យដែលមិនប្រកបដោយប្រយោជន៍១ ពោលដោយមេត្តាចិត្ត មិនពោលដោយសេចក្តីស្អប់១។ សួរថា បុគ្គលចោទដោយអាការ២ គឺអ្វីខ្លះ។ ឆ្លើយថា បុគ្គលចោទដោយអាការ២នេះ គឺចោទដោយកាយ១ ចោទដោយវាចា១។
[១៦៣] សួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច អ្នកជាប់ចោទត្រូវប្រតិបត្តិដូចម្តេច សង្ឃត្រូវប្រតិបត្តិដូចម្តេច វិន័យធរត្រូវប្រតិបត្តិដូចម្តេច។ ត្រង់ពាក្យសួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អ្នកចោទត្រូវតាំងនៅក្នុងធម៌៥យ៉ាង ទើបចោទអ្នកដទៃបាន គឺតាំងចិត្តថា អាត្មាអញនឹងនិយាយត្រូវតាមកាល មិននិយាយខុសកាល១ នឹងនិយាយពាក្យពិត មិននិយាយពាក្យដែលមិនពិត១ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ នឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ នឹងនិយាយដោយមេត្តាចិត្ត មិននិយាយដោយសេចក្តីស្អប់១។ អ្នកចោទត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា អ្នកជាប់ចោទ ត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អ្នកជាប់ចោទ ត្រូវតាំងនៅក្នុងធម៌២យ៉ាង គឺក្នុងសច្ចវាចា១ ក្នុងអកុប្បធម៌ គឺសេចក្តីមិនក្រោធចំពោះអ្នកចោទ ចំពោះវិន័យធរ ចំពោះសង្ឃ១។ អ្នកជាប់ចោទ ត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា សង្ឃត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា សង្ឃត្រូវដឹងពាក្យដែលទាក់ទងរកគ្នា និងពាក្យដែលមិនទាក់ទងរកគ្នា គឺដឹងពាក្យខាងដើម និងពាក្យខាងចុង របស់អ្នកចោទមានប៉ុណ្ណេះ របស់អ្នកជាប់ចោទ មានប៉ុណ្ណេះជាដើម។ សង្ឃត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា វិន័យធរត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អធិករណ៍នោះ តែងរម្ងាប់បានដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា វិន័យធរ ត្រូវរម្ងាប់អធិករណ៍នោះឯង ដោយធម៌នោះៗចុះ។ វិន័យធរត្រូវប្រតិបត្តិយ៉ាងនេះឯង។
[១៦៤] សួរថា ការធ្វើឧបោសថ ដើម្បីប្រយោជន៍អ្វី ធ្វើបវារណា ដើម្បីអ្វី ធ្វើបរិវាស ដើម្បីប្រយោជន៍អ្វី ធ្វើការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិដើម្បីអ្វី ការប្រព្រឹត្តមានត្ត ដើម្បីប្រយោជន៍អ្វី ធ្វើអព្ភានកម្ម ដើម្បីអ្វី។ ឆ្លើយថា ធ្វើឧបោសថដើម្បីប្រយោជន៍ឲ្យសង្ឃព្រមព្រៀងគ្នា ធ្វើបវារណា ដើម្បីប្រយោជន៍ឲ្យសង្ឃស្អាតដោយវិសេស ធ្វើបរិវាស ដើម្បីប្រយោជន៍ដល់មានត្ត ធ្វើការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ ដើម្បីប្រយោជន៍នឹងសង្កត់សង្កិន (នូវបរិវាសិកភិក្ខុឲ្យរាងចាល) ការប្រព្រឹត្តមានត្ត ដើម្បីប្រយោជន៍ដល់អព្ភានកម្ម ធ្វើអព្ភានកម្ម ដើម្បីប្រយោជន៍ នឹងឲ្យភិក្ខុនោះស្អាតបរិសុទ្ធ។ បុគ្គលណា ពោលមើលងាយពួកភិក្ខុជាថេរៈ ព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ឬព្រោះវង្វេង បុគ្គលនោះឈ្មោះថាជាអ្នកឥតប្រាជ្ញា ជាអ្នកបៀតបៀនខ្លួនឯង ផ្តាច់បង់ឥន្ទ្រិយ (មានសទ្ធិន្ទ្រិយជាដើម) ជាអ្នកឥតប្រាជ្ញា មិនមានសេចក្តីគោរពក្នុងសិក្ខា លុះទំលាយកាយទៅ តែងទៅកាន់នរក។ (ព្រោះហេតុនោះ) វិន័យធរ ត្រូវវៀរហេតុទាំងពីរនេះ គឺកុំអាស្រ័យអាមិសៈ១ កុំអាស្រ័យបុគ្គល [អដ្ឋកថាពន្យល់សេចក្តីថា ភិក្ខុជាវិន័យធរ មិនត្រូវលះដោយអគតិ មានឆន្ទាគតិជាដើមទេ គឺកុំយល់មុខថា លោកនេះជាឧបជ្ឈាយ៍ ជាអាចារ្យ របស់អញជាដើម។] ១ ត្រូវតែវិនិច្ឆ័យសេចក្តីតាមសមគួរដល់ធម៌។ ភិក្ខុដែលមានសេចក្តីក្រោធខឹង ចងសេចក្តីក្រោធទុក កាចអាក្រក់ ពោលតិះដៀល លើកអនាបត្តិ ថាជាអាបត្តិវិញ អ្នកចោទដូច្នោះឈ្មោះថា ដុតខ្លួនឯង។ ភិក្ខុឱនខ្សឹបទៀបត្រចៀក ស្វែងរកតែទោស ធ្វើការវិនិច្ឆ័យឲ្យសាបសូន្យ សេពគប់តែផ្លូវដែលខុសៗ គឺប្រកាសនូវអាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ក៏ឈ្មោះថា ដុតខ្លួនឯង បុគ្គលអ្នកចោទ ដោយមិនត្រូវតាមកាលដោយពាក្យមិនពិត ដោយពាក្យទ្រគោះ ដោយពាក្យឥតប្រយោជន៍ ចោទដោយស្អប់ មិនចោទដោយមេត្តាចិត្ត លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នេះ ក៏ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងធម៌ និងអធម៌ មិនឈ្វេងយល់ធម៌ និងអធម៌ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ក៏ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងវិន័យ និងអវិន័យ មិនឈ្វេងយល់វិន័យ និងអវិន័យ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងភាសិត និងអភាសិត មិនឈ្វេងយល់ភាសិត និងអភាសិត លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងកិច្ចវត្ត ដែលអ្នកប្រាជ្ញសន្សំ និងមិនសន្សំ មិនឈ្វេងយល់កិច្ចវត្ត ដែលអ្នកប្រាជ្ញសន្សំ និងមិនសន្សំ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងសិក្ខាបទ ដែលព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត មិនឈ្វេងយល់សិក្ខាបទ ដែលព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវអាបត្តិ និងអនាបត្តិ មិនឈ្វេងយល់ដល់អាបត្តិ និងអនាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងលហុកាបត្តិ និងគរុកាបត្តិ មិនឈ្វេងយល់លហុកាបត្តិ និងគរុកាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវសាវសេសាបត្តិ និងអនវសេសាបត្តិ មិនឈ្វេងយល់ដល់សាវសេសាបត្តិ និងអនវសេសាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ មិនឈ្វេងយល់ដល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងពាក្យខាងដើម និងពាក្យខាងចុង មិនឈ្វេងយល់ពាក្យខាងដើម និងពាក្យខាងចុង លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងគន្លងនៃពាក្យតគ្នា មិនឈ្វេងយល់គន្លងនៃពាក្យតគ្នា លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។
ចប់ ចោទនាកណ្ឌ។
ឧទ្ទាន គឺបញ្ជីរឿងនៃចោទនាកណ្ឌនោះដូច្នេះ
[១៦៥] និយាយអំពីអ្នកចោទ និងវិន័យធរ១ ការចោទមានអ្វីជាខាងដើម និងមានមូលប៉ុន្មាន១ សួរថា ការធ្វើឧបោសថ ដើម្បីប្រយោជន៍អ្វី១ ដំណើរក្នុងចោទនាកណ្ឌ (នេះ) ជាគ្រឿងញុំាងសាសនាឲ្យឋិតឋេរ។
ឯកសារយោង
កែប្រែ- ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ
- ព្រះត្រៃបិដក ភាគ ១៣ ទំព័រទី ១៧៧ ដល់ ១៨៩ វិនយបិដក បរិវាវគ្គ ចោទនកណ្ឌ