ជូ ដាវី
ជូ-ដាវី (បារាំង: Davy Chou) គឺជាផលិតករភាពយន្ត កូនខ្មែរកាត់បារាំង កើតនៅឆ្នាំ ១៩៨៣។ លោកគឺជាចៅប្រុសរបស់លោក វណ្ណ ច័ន្ទ ដែលជាអ្នកផលិតខ្សែភាពយន្តខ្មែររវាងទសវត្សរ៍ទី៦០ និង ៧០។ លោក វណ្ណ ច័ន្ទ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងឆ្នាំ ១៩៦៩ ហើយគាត់ត្រូវបានគេចាត់ទុកជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីមួយរូបនាសម័យកាលនោះ។[១]
ជូ ដាវី | |
---|---|
ជូ ដាវី នៅទីក្រុងសៀងហៃ 2010 | |
កើត | 1983 |
សញ្ជាតិ | បារាំង |
អាជីព | សិល្បករ, ផលិតករភាពយន្ត |
អាជីព
កែប្រែការតាំងពិព័រណ៍ «ពេជ្រកូនភ្លោះ» និង «ការភ្ញាក់ឡើងវិញនៃយុគមាស»
កែប្រែក្នុងឆ្នាំ ២០០៩, ជូ ដាវី បានបង្កើតសិក្ខាសាលាភាពយន្តមួយដោយមានការសហការជាមួយនឹងសាកលវិទ្យាល័យចំនួន ៦ និងសិស្សចំនួន ៦០នាក់ ។ លោកក៏បានចូលរួមជួយបង្កើតក្រុម កុនខ្មែរ កូនខ្មែរ (Kon Khmer Koun Khmer) ជាក្រុមយុវជនខ្មែរដែលចូលចិត្តផលិតខ្សែភាពយន្តខ្នាតខ្លី។ គាត់ធ្លាប់ជាផលិតករខ្សែភាពយន្តរន្ធត់មួយ ដែលដឹកនាំដោយសិស្សចំនួន៦០នាក់ នោះគឺរឿង ពេជ្រកូនភ្លោះ។ ក្រោយពីផលិតកុនរន្ធត់នេះហើយ លោក ដាវី និងក្រុមកុនខ្មែរ កូនខ្មែរ បានរៀបចំពិព័រណ៍ដំបូងគេបង្អស់អំពីភាពយន្តខ្មែររវាងទសវត្សរ៍ទី៦០ និង ៧០។ នេះជាពិព័រណ៍ដំបូង មានរយៈពេល ៩ ថ្ងៃ រៀបរាប់អំពីខ្សែភាពយន្តខ្មែរកាលពីសម័យមុន ហើយមានចាក់បញ្ចាំងភាពយន្តចំនួន ១១ ចាប់ពីសម័យកាលនោះមក ព្រមទាំងតាំងបង្ហាញខិតបណ្ណផ្សព្វផ្សាយភាពយន្តខ្មែរថែមទៀតផង។ ក្រៅពីនេះក៏មានតាំងបង្ហាញរូបថត ជីវប្រវត្តិរបស់តារាសម្ដែងខ្មែរនៅផ្ទះចិន និងអគារបុរាណសម័យអាណានិគមដែលមានទីតាំងស្ថិតនៅក្បែរផែទីក្រុងភ្នំពេញ។ លោក ជូ ដាវី ក៏បានស្រាវជ្រាវរកឃើញថា ក្នុងរវាងទសវត្សរ៍ទី៥០ និង ៦០ ខ្សែភាពយន្តខ្មែរមានច្រើនជាង ៤០០ រឿងដែលត្រូវបានផលិត។
ដំណេកមាស
កែប្រែចន្លោះឆ្នាំ២០១០ និង ២០១១, លោកបានផ្លាស់មកនៅប្រទេសកម្ពុជា ដើម្បីស្វែងរកសាក្សីដែលនៅមានជីវិត (មានដូចជាអ្នកជំនាញ, អ្នកទស្សនា, អគារ) នៃយុគមាសខ្សែភាពយន្តកម្ពុជា រវាងឆ្នាំ១៩៦០ និង ១៩៧៥ ។ គាត់បានរកឃើញថា ខ្សែភាពយន្តជិត ៤០០ រឿងត្រូវបានបំផ្លាញចោល ឬបាត់បង់ក្នុងសម័យខ្មែរក្រហម។ លោកបានសម្ភាសលោកស្រី ឌី សាវ៉េត និងផលិតករខ្សែភាពយន្តបីរូបទៀតគឺលោក លី ប៊ុនយីម លោក អ៊ី វ៉ុងហែម និងលោក លី យូស្រ៊ាង។
ភាពយន្តឯកសាររយៈពេល ១០០ នាទីនេះ បានផលិតចេញពីការចងចាំរបស់ផលិតករខ្សែភាពយន្តកម្ពុជាជើងចាស់ និងតារាសម្ដែង។ ខ្សែភាពយន្តនេះមានឈ្មោះជាភាសាខ្មែរថា ដំណេកមាស ហើយជាភាសាអង់គ្លេសជា Golder Slumbers ត្រូវបានដាក់បញ្ចាំងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ នៅប្រទេសបារាំង ហើយក៏មានចាក់បញ្ចាំងនៅបណ្ដាប្រទេសជាច្រើនទៀតផង រួមមានប្រទេសកម្ពុជា។[២] ភាពយន្តឯកសារ ដំណេកមាស បាននាំយកអនុស្សាវរីយ៍ ការចងចាំនៃយុគមាសនៃខ្សែភាពយន្តខ្មែរដ៏ជឿនលឿនមុនសម័យខ្មែរក្រហម ហើយបានជម្រុញទឹកចិត្តយុវជនខ្មែរដែលចូលចិត្តផលិតខ្សែភាពយន្តខ្នាតខ្លី ឲ្យនឹកឃើញនិងស្ដារភាពយន្តខ្មែរឲ្យមានភាពល្បីល្បាញដូចទសវត្សរ៍ទី៦០ និង ៧០។ ក្នុងភាពយន្តឯកសារនោះ, លោក ជូ ដាវី បានរុករកឃើញមរតកភាពយន្តខ្មែរ[៣], និងបានបង្ហាញការតស៊ូមិនខ្លាចនឿយហត់នៃផលិតករភាពយន្តខ្មែរក្នុងសម័យនោះ បើទោះបីមានភាពចលាចលផ្នែកនយោបាយក្នុងប្រទេសដែលធ្វើឲ្យមនុស្សទាំងឡាយមិនខ្វល់ខ្វាយមកលើការងាររបស់ពួកគាត់ទៀតក៏ដោយ។[៤]
មហោស្រពភាពយន្ត «ចងចាំ!»
កែប្រែនៅឆ្នាំ២០១៣, លោក ជូ ដាវី បានត្រឡប់មកប្រទេសកម្ពុជាម្ដងទៀត ដើម្បីរៀបចំនិងសម្របសម្រួលមហោស្រពភាពយន្តអាស៊ីមុនដំបូងគេ មានទីតាំងក្នុងទីក្រុងភ្នំពេញ។ ការចូលរួមរបស់លោក ជូ ដាវី នៅក្នុងវិស័យខ្សែភាពយន្តខ្មែរ ត្រូវបានគេចាត់ទុកថាជាការជួយចាប់ផ្ដើមបណ្ដុះចំណាប់អារម្មណ៍របស់យុវជនខ្មែរជំនាន់ក្រោយឲ្យមកផលិតភាពយន្ត និងមើលភាពយន្តឲ្យបានកាន់តែច្រើន។[៥]
ខ្សែភាពយន្ត
កែប្រែឯកសារយោង
កែប្រែ- ↑ "Young Cambodians salute golden era of 1960s filmmaking". DPA. 2009. http://www.nationmultimedia.com/home/2009/10/21/regional/Young-Cambodians-salute-golden-era-of-1960s-filmma-30114929.html។ បានយកមក 22 June 2013.
- ↑ Emilie, Ton (2 August 2011). "CINEMA - Retour à l'âge d'or du septième art khmer". Le Petite Journal. http://www.lepetitjournal.com/cambodge/a-voir-a-faire/culture/83163-cinema-retour-a-lage-dor-du-septieme-art-khmer.html។ បានយកមក 22 June 2013.
- ↑ Rosa, Ellen (7 June 2013). "Poster children for the golden era of Khmer film". The Phnom Penh Post. http://www.phnompenhpost.com/2013060766115/7Days/poster-children-for-the-golden-era-of-khmer-film.html។ បានយកមក 22 June 2013.
- ↑ Tsui, Clarence (29 May 2013). "Cannes Winner Rithy Panh Launches Heritage Film Festival in Cambodia". Hollywood Reporter. http://www.hollywoodreporter.com/news/cannes-winner-rithy-panh-launches-560054។ បានយកមក 22 June 2013.
- ↑ Tsui, Clarence (29 May 2013). "Cannes Winner Rithy Panh Launches Heritage Film Festival in Cambodia". Hollywood Reporter. http://www.hollywoodreporter.com/news/cannes-winner-rithy-panh-launches-560054។ បានយកមក 22 June 2013.