ដំណេក
[១]បុរាណភាសិតប្រដៅថា៖ «ដំណេកដេកជាខ្នាត ឲ្យសម្អាតសម្អាងជា ទើបទេព្តារក្សា ចម្រើនសុខស្រីសួស្ដី» ។
ពាក្យលោកទូន្មានយើងរាល់គ្នាឲ្យរៀបចំដំណេកឲ្យមានខ្នាត គឺឲ្យមានទីកន្លែងដេកបិទបាំងឲ្យជាបន្ទប់ ដាច់ដោយឡែកអំពីកន្លែងទទួលភ្ញៀវ និងកន្លែងអាស្រ័យបាយទឹក ។ បើរៀបចំផ្ទះសំបែងឲ្យច្រលំកន្លែងដំណេក និងកន្លែងទទួលភ្ញៀវ ឬ កន្លែងអាស្រ័យបាយ នោះមិនរាប់ជាខ្នាតនោះទេ ។
«ឲ្យសម្អាតសម្អាងជា» គឺឲ្យបោសច្រាសគ្រវាសទីដំណេកឲ្យស្អាត នោះគឺយ៉ាងណាម៉ិញ? ត្រង់នេះគឺប្រកបគ្នានឹងតម្រាអនាម័យ ក្នុងសកលលោកទាំងមូល ។ ធម្មតាអ្នកស្អាតតែភ្ញាក់ឡើងពីដំណេកហើយរមែងពាក់មុង ឬរូតមុងឲ្យបានរៀបរយល្អ រួចទើបរលាស់ភួយ ផាហ៊ុំ បោសគ្រវាសពូក រៀបចំកម្រាលពូក ខ្នើយកើយ ខ្នើយឱប ខ្នើយជើង ឲ្យបានត្រឹមត្រូវត្រង់ល្អឡើងវិញ ដូចកាលមុនពេលដេក ធ្វើយ៉ាងនេះតែរាល់ថ្ងៃឥតមានខាន ។ ម្លោះហើយលោកពោលថា «ទើបទេព្តារក្សា ចម្រើនសុខស្រីសួស្ដី» ថាទេព្តានឹងរក្សាថែទាំអ្នកដែលស្អាតនោះ ព្រមទាំងជួយចម្រើននូវសេចក្ដីសុខដល់អ្នកនោះទៀត នេះបើយើងគិត តាមភាសិតខាងលើ ។ តែបើពិគ្រោះតាមតម្រាអនាម័យវិញ ក៏បានសេចក្ដីដូចគ្នា ។ ព្រោះបើយើងព្យាយាមសម្អាតដំណេក មិនឲ្យធូលី សម្រាម ក្រឡាត ឬ វត្ថុស្មោកគញរោកមាននៅលើដំណេកយើង មេរោគក៏ពុំអាចបង្កើតជាជំងឺអ្វីមួយដល់រូបកាយយើងបានឡើយ ដូច្នេះហើយសុខ គង់មានដល់យើងច្រើនជាងទុក្ខ គឺថាពុំសូវមានរោគាពាធបៀតបៀនករជ្ជកាយឲ្យទន់ទាបទុព្ធលភាពដុនដាបទៅឆាប់ពេក៕
ឯកសារយោង
កែប្រែ- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ