ណាប៉ូលេអុងទី៣
ណាប៉ូលេអុងទី៣ (ឆាល-ល្វី ណាប៉ូលេអុង បូណាប៉ារត៍, ២០ មេសា ១៨០៨ – ៩ មករា ១៨៧៣) គឺជាប្រធានាធិបតីដំបូងនៃប្រទេសបារាំង (ក្រោមនាម ល្វី-ណាប៉ូលេអុង បូណាប៉ារត៍) ពីឆ្នាំ១៨៤៨ ដល់ឆ្នាំ១៨៥២ និងជាព្រះរាជាបារាំងចុងក្រោយដោយកាន់អំណាចជាចៅអធិរាជនៃបារាំងពីឆ្នាំ១៨៥២ រហូតដល់ឆ្នាំ១៨៧០។ បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋទីពីរនៅក្នុងឆ្នាំ១៨៤៨ ព្រះអង្គបានរឹបអូសដណ្តើមអំណាចដឹកនាំក្នុងឆ្នាំ១៨៥១ នៅពេលដែលទ្រង់មិនអាចបន្តឈរជាបេក្ខភាពប្រធានាធិបតីតទៅទៀតបាន ហើយក្រោយមកក៏បានប្រកាសខ្លួនជាអធិរាជនៃបារាំង។ ព្រះអង្គបានបង្កើតចក្រភពទីពីរឡើង និងបានបន្តសោយរាជ្យរហូតដល់ការបរាជ័យនៃកងទ័ពបារាំងនៅក្នុងសង្គ្រាមបារាំង-ព្រុសនៃឆ្នាំ១៨៧០។ ណាប៉ូឡេអុងទី៣ គឺជាព្រះមហាក្សត្រដ៏មានប្រជាប្រិយភាពមួយអង្គដោយក្នុងរជ្ជកាលរបស់ព្រះអង្គ បារាំងបានឆ្លងកាត់ការធ្វើទំនើបកម្មសេដ្ឋកិច្ច ហើយបានបំពេញទីក្រុងប៉ារីសដោយមហាវិថីធំៗ និងសួនច្បារថ្មីៗ។ លើសពីនេះ ទ្រង់បានពង្រីកវិសាលភាពនៃអាណាចក្របារាំងនៅឯនាយសមុទ្រ ហើយបានពង្រីកកងទ័ពជើងទឹកបារាំងឱ្យក្លាយជាកម្លាំងជើងទឹកដ៏ធំជាងគេទីពីរនៅលើពិភពលោក និងព្រមទាំងប្រឡូកដៃចូលក្នុងសង្គ្រាមឯករាជ្យអ៊ីតាលីលើកទី២ ក៏ដូចជាសង្រ្គាមបារាំង-ព្រុសដែលព្រះអង្គបានចេញបញ្ជាទាហានបារាំងដោយផ្ទាល់ក្នុងអំឡុងពេលប្រយុទ្ធ ហើយចុងក្រោយត្រូវបានចាប់ខ្លួនដោយសត្រូវ។
ណាប៉ូលេអុងទី៣ | |||||
---|---|---|---|---|---|
អធិរាជនៃបារាំង | |||||
រជ្ជកាល | ២ ធ្នូ ១៨៥២ – ៤ កញ្ញា ១៨៧០ | ||||
អង្គមុន | ខ្លួនព្រះអង្គ (ជាប្រធានាធិបតីបារាំង) | ||||
អង្គក្រោយ | អាដុលហ្វ៍ ធីអ៊ែរ (ជាប្រធានាធិបតីបារាំង) | ||||
ប្រធានាធិបតីបារាំង | |||||
ក្នុងការិយាល័យ ២០ ធ្នូ ១៨៤៨ – ២ ធ្នូ ១៨៥២ | |||||
នាយករដ្ឋមន្ត្រី | អូឌីឡុង បារ៉ូត អាល់ហ្វនស៍ ហិនរី-ឌូតពូល លីយ៉ុង ហ្វូឈ្សេ | ||||
អនុប្រធាន | ហិនរី ហ្ស៊ក បូឡេ ដឺឡា មឺត | ||||
មុន | ល្វី-អ៊ូជេន កាវៃណាក (ជាប្រធានអំណាចប្រតិបត្តិ) | ||||
បន្ទាប់ | ខ្លួនព្រះអង្គ (ជាអធិរាជនៃបារាំង) | ||||
ប្រសូត | ២០ មេសា ១៨០៨ ប៉ារីស, បារាំង | ||||
សុគត | ៩ មករា ១៨៧៣ (ជន្មាយុ ៦៤) ឈីសលហ៊ឺស, អង់គ្លេស | ||||
ព្រះសុសាន | |||||
រាជពន្ធភាព | អ៊ូជីនី ដឺ ម៉ុងទីចូ (អ.ភិ. ១៨៥៣) | ||||
រាជបច្ឆាញាតិ | ល្វី-ណាប៉ូលេអុង (អង្គក្សត្ររាជាធិរាជ) | ||||
| |||||
វង្ស | ប៉ូណាប៉ារត៍ | ||||
បិតា | ល្វីទី១ នៃហុល្លង់ | ||||
មាតា | ហរតង់ ដឺ ប៊ូហានៃ | ||||
សាសនា | រ៉ូម៉ាំងកាតូលិក | ||||
ព្រះហត្ថលេខា |
ព្រះចៅណាប៉ូលេអុងទី៣ បានធ្វើការចាត់ចែងការកសាងទីក្រុងប៉ារីសឡើងវិញដោយបានចាត់តាំងលោកហ្ស៊ក-អ៊ូជេន ហ៊ូសម៉ាន់ជាប្រមុខដឹកនាំនៃផែនការដ៏ធំមហិមានោះ។ ព្រះអង្គបានពង្រីក និងបង្រួបបង្រួមប្រព័ន្ធផ្លូវដែកនៅទូទាំងប្រទេស និងធ្វើទំនើបកម្មប្រព័ន្ធធនាគារ។ មិនតែប៉ុណ្ណោះ ទ្រង់បានលើកកម្ពស់ការកសាងប្រឡាយស៊ុយអេ និងបង្កើតប្រព័ន្ធកសិកម្មទំនើបដែលជាហេតុនាំឱ្យលែងកើតមានគ្រោះទុរ្ភិក្សនៅក្នុងប្រទេសតទៅទៀត និងប្រែប្រទេសបារាំងទៅជាប្រទេសនាំចេញកសិផល។ ព្រះអង្គបានផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូបដិន-ឆេវ៉ាលីយេរក្នុងឆ្នាំ១៨៦០ ជាមួយចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងស្រដៀងៗគ្នាជាមួយដៃគូពាណិជ្ជកម្មអឺរ៉ុបផ្សេងៗទៀត។ កំណែទម្រង់សង្គមក្នុងរបបទ្រង់រួមមានការផ្តល់សិទ្ធិឱ្យកម្មករបារាំងធ្វើកូដកម្ម សិទ្ធិជួបជុំ និងសិទ្ធិឱ្យស្ត្រីចូលសិក្សានៅសាកលវិទ្យាល័យបារាំង។
សម្រាប់គោលនយោបាយការបរទេសវិញ ណាប៉ូឡេអុងទី៣ មានគោលបំណងចង់ពង្រីកនូវឥទ្ធិពលរបស់បារាំងនៅទ្វីបអឺរ៉ុប និងជុំវិញពិភពលោកឡើងវិញ។ នៅភាគអឺរ៉ុប ព្រះអង្គបានចងសម្ព័ន្ធភាពជាមួយអង់គ្លេស ហើយបានយកឈ្នះលើរុស្ស៊ីក្នុងសង្គ្រាមគ្រីមៀ (១៨៥៣-១៨៥៦)។ របបរបស់ទ្រង់បានជួយឱ្យប្រទេសអ៊ីតាលីមានការបង្រួបបង្រួម និងជារង្វាន់ បារាំងបានកាត់តំបន់សាវ៉យ និងនីសតាមរយៈសន្ធិសញ្ញាទីក្រុងទូរីន។ ក្នុងពេលជាមួយគ្នានោះដែរ កងកម្លាំងបារាំងបានការពាររដ្ឋប៉ាបពីការលេបត្របាក់ដោយប្រទេសអ៊ីតាលី។ ណាប៉ូឡេអុងទី៣ បានពង្រីកដែនដីអាណានិគមបារាំងយ៉ាងធំទ្វេដង ដោយត្រួតត្រាលើតំបន់មួយចំនួននៅតាមទ្វីបអាស៊ី ប៉ាស៊ីហ្វិក និងទ្វីបអាហ្វ្រិក។ ម្យ៉ាងវិញទៀត អន្តរាគមន៍របស់បារាំងនៅម៉ិកស៊ិកក្នុងគោលបំណងបង្កើតចក្រភពម៉ិកស៊ិកទីពីរក្រោមការការពារពីបារាំង បានទទួលលទ្ធផលបរាជ័យទាំងស្រុង។ ពីឆ្នាំ១៨៦៦ ណាប៉ូឡេអុងទី៣ ត្រូវប្រឈមនឹងកំណើនឥទ្ធិពលរបស់ព្រុសដោយអធិការបតីនៃព្រុសគឺលោកអូតូ វ៉ន ប៊ីស្មាគបានខិតខំរកវិធីសាស្ត្របង្រួបបង្រួមជាតិអាល្លឺម៉ង់ក្រោមការគ្រប់គ្រងរបស់ព្រុស។ នៅខែកក្កដា ឆ្នាំ១៨៧០ ណាប៉ូឡេអុងទី៣ បានប្រកាសសង្រ្គាមលើព្រុស បន្ទាប់ពីរងសម្ពាធពីសាធារណជនបារាំង។ កងទ័ពបារាំងត្រូវរងនូវភាពបរាជ័យភ្លាមៗ ខណៈដែលណាប៉ូលេអុងទី៣ ត្រូវគេចាប់ខ្លួនបាននៅសេដាន។ ព្រះអង្គត្រូវបានគេទម្លាក់ពីរាជបល្ល័ង្ក ហើយសាធារណរដ្ឋទីបីត្រូវបានប្រកាសនៅទីក្រុងប៉ារីស។ បន្ទាប់មក ទ្រង់ក៏បានទៅនិរទេសខ្លួនទៅនៅប្រទេសអង់គ្លេសរហូតដល់សោយទិវង្គតនៅក្នុងឆ្នាំ១៨៧៣។
កុមារភាព និង គ្រួសារ
កែប្រែផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |