សង្គ្រាមគ្រីមៀ

ជម្លោះយោធាមួយក្នុងទស្សវត្តឆ្នាំ១៨៥០

សង្គ្រាមគ្រីមៀ (ជា​ភាសាអង់គ្លេស​៖ Crimean War, ភាសារុស្ស៊ី​៖ Восточная война, Vostochnaya Vojna) (ខែ​មីនា ១៨៥៤ ដល់ ខែ​កុម្ភៈ ១៨៥៦) ជា​សង្គ្រាម​រវាង​ចក្រភពរុស្ស៊ី​ជាមួយនឹង​សំព័ន្ឋមិត្ត ដែល​មាន​បារាំង រាជាណាចក្ររួម រាជាណាចក្រសារឌីនៀ និង​ចក្រភពអូតូម៉ង់​។ ការវាយប្រយុទ្ឋ​ធ្វើឡើង​ជាចំបង​នៅឧបទ្វីបគ្រីមៀ និង​ជាបន្ទាប់បន្សំ​នៅ​តួរគីខាងលិច និង​តំបន់សមុទ្របាល់ទិក​។ សង្គ្រាមគ្រីមៀ​ត្រូវបានគេ​ចាត់ទុកថា​ជា សង្គ្រាម​ទំនើប ដែល​បាន​បណ្ដុះអោយ​មានការផ្លាស់ប្ដូរ​បច្ចេកទេស និង​សព្វាវុធធ្វើសង្គ្រាម​នាពេលអនាគត​។


បុព្វហេតុនៃសង្គ្រាម

កែប្រែ
  1. ជំលោះអំពីដែនដីពិសិទ្ឋ

ការធ្វើរដ្ឋប្រហារ​ឆ្នាំ​១៨៥១ នៅ​បារាំង​គឺជា​ឫសគល់ដើមដំបូង​គេ ដែលនាំទៅដល់​ការប្រកាសសង្គ្រាម​ទៅលើ​រុស្ស៊ី​ពីសំនាក់​ពួក​បារាំង និង​អង់គ្លេស​​នៅថ្ងៃទី​២៨ មិនា ១៨៥៤​។ ណាប៉ូលេអុងទី៣ បាន​បញ្ជូន​ទូត​ទៅកាន់​ចក្រភពអូតូម៉ង់ ដើម្បី​បង្ខំអោយ​ចក្រភព​នេះ​ទទួលស្គាល់​បារាំង​ថា​ជា​អាជ្ញាធរ​គ្រប់គ្រង​​នៅ​ដែនដីពិសិទ្ឋ​។

រំពេចនោះ រុស្ស៊ី​បាន​ប្រកាស​ប្រឆាំងនឹង​ការផ្លាស់ប្ដូរ​ថ្មីនេះ​អំពី​អាជ្ញាធរ​របស់​ដែនដីពិសិទ្ឋ​នេះ​។ ដោយ​សំអាងលើ​សន្ឋិសញ្ញា​ឆ្នាំ​១៧៥៧ និង១៧៥៩ អុតតូម៉ាន់​បាន​ប្រកាស​លុបចោល​ការសំរេចចិត្ត​មុននេះ ហើយ​ច្រានចោល​សន្ឋិសញ្ញា​ជាមួយ​បារាំង និង​អះអាងថា​រុស្ស៊ី​ជា​អាណាព្យាបាល​គ្រិស្ដបរិស័ទអរតូដុក​​នៅ​ចក្រភពអូតូម៉ង់​។ ណាប៉ូលេអុងទី៣ បាន​ឆ្លើយតប​ភ្លាមៗ​ជាមួយនឹង​ទង្វើ​នេះ ដោយ​បញ្ជូន​កងកំលាំងទ័ព​តាម​នាវា​ស្សាលឡឺម៉ាញ​ទៅកាន់​សមុទ្រខ្មៅ ដែល​នេះ​ជា​ទង្វើរំលោភ​លើ​កត្តិកាសញ្ញាឡុងដ្រ៍​អំពី​ច្រកសមុទ្រ​។ ការបង្ហាញកំលាំង​របស់​បារាំង​រួមមាន​ផងដែរ​នូវ​ការប្រើប្រាស់​ឥទ្ឋិពល​ការទូត និង​ទឹកលុយ​ដើម្បី​ទាក់ទាញ​ព្រះចៅស៊ុលតង់អាប់ឌុលមេស៊ីដទី១ អោយ​យល់ស្រប​ចំពោះ​សន្ឋិសញ្ញា​ថ្មី ដោយ​ប្រកាស​ទទួលស្គាល់​បារាំង និង​វិហាររ៉ូម៉ាំងកាតូលិក​ថា​ជាអជ្ញាធរ​កំពូល​លើ​ដែនដីពិសិទ្ឋ គ្រប់គ្រង​លើ​ទីសក្ការៈ​គ្រិស្ត​សាសនា​ និង​កូនសោរ​ចូលទៅកាន់​វិហារគ្រិស្ត​សាសនា​ដើម ដែល​មុននេះ​ត្រូវបាន​កាន់កាប់​ដោយ​វិហារអរតូដុកក្រិច​។