ណូសហ្វើរ៉ាតុ៖ និមិត្តសញ្ញានៃភាពរន្ធត់ ឬត្រូវបានស្គាល់ថា ណូសហ្វើរ៉ាតុ (អង់គ្លេស: Nosferatu: A Symphony of Horror, អាល្លឺម៉ង់៖ Nosferatu, eine Symphonie des Grauens) ភាពយន្តភ័យរន្ធត់ អាល្លឺម៉ង់ ដែលបានចេញផ្សាយនៅឆ្នាំ ១៩២២ វា​គឺ​ជា ​ខ្សែភាពយន្តគ្មានសម្លេង ស-ខ្មៅ។

ណូសហ្វើរ៉ាតុ៖ និមិត្តសញ្ញានៃភាពរន្ធត់
ដឹកនាំដោយអេហ្វ. ដាប៊ិលយូ. ម័រនូវ
សរសេរដោយប្រលោមលោក:
ប្រាម ស្ទូឃើរ
ស្គ្រីនផ្លេយ៍:
ហេនរីគ ហ្គាលីន
តួសម្ដែងម៉ាកស៍ ស្រីក
ពេលចេញផ្សាយ4 មីនា គ.ស 1922 (នៅអាល្លឺម៉ង់)
3 មិថុនា គ.ស 1929 (នៅសហរដ្ឋអាមេរិក)
រយៈពេល (នាទី)94 នាទី
ប្រទេសអាល្លឺម៉ង់
ភាសាគ្មានសម្លេង

ពាក្យ ណូសហ្វើរ៉ាតុ មានន័យថា បិសាចជញ្ជក់ឈាម ឬ វេមផាយ ក្នុងភាសា រ៉ូម៉ានី

ណូសហ្វើរ៉ាតុ បានកែសម្រួលពីរឿងប្រលោមលោករបស់អ្នកនិពន្ធជនជាតិអៀរឡង់ គឺលោក ប្រាម ស្ទូឃើរ នៃភាពយន្ត ដ្រាគូឡា (Dracula) ដោយរក្សាខ្លឹមសារដើមវាទាំងអស់។ មានតែ​ឈ្មោះ​តួអង្គ និង​ឈ្មោះ​ទីកន្លែង​ប៉ុណ្ណោះ​ត្រូវបាន​ប្តូរ​ទៅជា​ភាសា​អាល្លឺម៉ង់។ ឧទាហរណ៍ដូចជា ខោនត៍ ដ្រាគូឡា (Count Dracula) ក្លាយទៅជា ខោនត៍ អរ៍ឡក (Count Orlok), ចូណាថាន់ ហេកហ្គើរ (Jonathan Hagger) បាន​ប្តូរ​ទៅជា ថូម៉ាស ហាត់តើរ (Thomas Hutter) ហើយ​ទីកន្លែង​នៃ​ឧបទ្ទវហេតុ​ត្រូវបាន​ប្តូរ​ពីទីក្រុងឡុងដ៍ (London) ទៅជា វីប៊ឺគ (Wiesborg) ជំនួស​វិញ។

ណូសហ្វើរ៉ាតុ ដឹកនាំដោយ អេហ្វ. ដាប៊ិលយូ. ម័រនូវ គឺអ្នកដឹកនាំរឿង ជនជាតិអាឡឺម៉ង់ ដែលមានឥទ្ធិពលខ្លាំងលើ សិល្បៈ និង វប្បធម៌ អាល្លឺម៉ង់ក្នុង ទសវត្សរ៍ឆ្នាំ 1920 រហូតដល់ ទសវត្សរ៍ឆ្នាំ 1930 ជាពិសេស ខ្សែភាពយន្តបែបអេចប្រេស៊ិនីសត៍ (Expressionist) របស់អាល្លឺម៉ង់។

តួសម្តែង ខោនត៍ អរ៍ឡក គឺសម្ដែងដោយ ម៉ាកស៍ ស្រីក (Max Schreck) ដែលដើរតួបានយ៉ាងអស្ចារ្យ។ ជាពិសេស ការតុបតែងខ្លួន និង​ការ​បង្ហាញ​ខ្លួន​មើលទៅ​ដូចជា វេមផាយ ​ពិតៗ​ ដោយ​មាន​ខ្នង​កោង និង​ក្រចក​ដៃ​វែង​មុត​ស្រួចគួរ​ឲ្យ​រន្ធត់។

ខោនត៍ អរ៍ឡក

នៅពេលខ្សែភាពយន្តនេះបញ្ចាំង វាត្រូវបានប្តឹងពីច្បាប់រក្សាសិទ្ធិដោយអតីតភរិយារបស់ ស្ទូឃើរ ជាលទ្ធផលលោក ម័រនូវ បានចាញ់ក្ដី ហើយខ្សែភាពយន្តនេះត្រូវបានបំផ្លាញ ប៉ុន្តែនៅតែមានច្បាប់ចម្លងដែលបាននៅសេសសល់។ មូលហេតុចម្បង ព្រោះលោក ម័រនូវ បានចម្លងស្ទើរតែទាំងអស់ពីប្រលោកលោក ខោនត៍ ដ្រាគូឡា (Count Dracula) ជាមួយបញ្ហា​រក្សាសិទ្ធិ​ដែល​ពួកគេ​មិន​​យល់ព្រម​គ្នាមុន​ពេល​ថត។

ទោះជាយ៉ាងណាក៏ដោយ ណូសហ្វើរ៉ាតុ គឺជាខ្សែភាពយន្តដែលត្រូវបាននិយាយតៗគ្នានៅក្នុងពិភពខ្សែភាពយន្តលើ គេហទំព័រ IMDb វាបានវាយតម្លៃខ្សែភាពយន្តនេះ 8.1 ក្នុងចំណោម 10 ហើយបានក្លាយជាការលើកទឹកចិត្តដល់អ្នកដឹកនាំជនជាតិអាឡឺម៉ង់ម្នាក់ទៀតនៅក្នុងសម័យនេះគឺ វើនើរ ហើរហ្ស៊ក (Werner Herzog) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដឹក​នាំ​រឿង​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ផលិត​របស់​ខ្លួន បាន​ធ្វើ​រឿង​មួយ​ទៀត​ក្នុងឆ្នាំ ១៩៧៩ បានដាក់ឈ្មោះថា Nosferatu the Vampyre និងខ្សែភាពយន្តអាមេរិកមួយបែបខ្នាតតូច (Independent film) ក្នុងឆ្នាំ1999 ត្រូវបានគេហៅថា Shadow of the Vampire ដែលជារឿងនិយាយពីការថតរឿង ណូសហ្វើរ៉ាតុ របស់ ម័រនូវ

ឯកសារយោងផ្សេងទៀត

កែប្រែ