តុងកឹង ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ ដែល​រួមបញ្ចូល​ជាមួយ​ អណ្ណាម និង កូសាំងស៊ីន(កម្ពុជាក្រោម​) បង្កើតជា​ប្រទេសវៀតណាម ក្រោយ​ការចាកចេញ​ពី​ឥណ្ឌូចិន​របស់​ពួក​អាណានិគម​បារាំង។​​ មាន​ទំហំ ១៣០,៦០០​គ​.​ម​.​ក្រឡា ​តុងកឹង​ គឺជា​ផ្នែក​ខាងជើង​នៃ​វៀតណាម​នាពេល​ឥឡូវនេះ។ តាំងពី​ក្នុង​ប្រវត្តិសាស្ត្រ​បុរាណ​ម្លេះ រដ្ឋធានី​របស់​តុងកឹង​​គឺ​យួនបានចាត់ទុកថា ហាណូយ​។ “​តុងកឹង​“​មាន​ព្រំប្រទល់​ភាគ​ខាងជើង ជាប់​នឹង​ប្រទេស​ចិន ភាគ​ខាងកើត​ជាប់​នឹង​ឈូងសមុទ្ទ​តុងកឹង ភាគខាងត្បូង​ជាប់​នឹង​តំបន់​ប្រវត្តិសាស្ត្រ​អណ្ណាម ហើយ​មួយផ្នែក​ទៀត​នៃ​ភាគខាងត្បូង ព្រមជាមួយ​ភាគ​ខាងលិច​ជាប់​ជាមួយ លាវប្រទេសឡាវ។ ស្ថិតនៅលើ​ដីសណ្តរ​នៃ​ទន្លេ​ក្រហម តុងកឹង​គឺជា​តំបន់​មួយ​ដែល​សំបូរ​ទៅដោយ​ភោគផល​ស្រូវ​។​ ក្នុង​ភាសាឡាតាំង តុងកឹង​ត្រូវបាន​គេ​សរសេរ​ខុសៗ​គ្នាៈ Tonkin ,Tongkin, Tonquin ឬ Tongking​។​ តាម​ពួក​អ្នកស្រុក គេ​ចូលចិត្ត​ហៅ​តុងកឹង​ជា​ភាសា​វៀតណាម​ថា​“​បាក់​គី (Bắc Kỳ) មានន័យថា “​ស្រុក​ភាគ​ខាងជើង​“, និង​ក្រោយៗ​មក​គេ​ហៅថា​“​មៀន​បាក់​(Miền Bắc)​មានន័យថា តំបន់​ភាគ​ខាងជើង​។​ ពាក្យ​តុង​កឺ​ង​នេះ​ក្លាយ​មកពី​ពាក្យ​“​ដុង គី​ញ​(Đong Kinh )​ដែល​មានន័យថា​“​ទីក្រុង​ភាគ​ខាងកើត​“​។ បុព្វការី​ជន​វៀតណាម​ហៅ​តុងកឹង​ថា “​វ៉ាន់ ឡាង​“ (Văn Lang)​នៅ​អំឡុង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​១០០​មុន​គ​.​ស​.​។​ តំបន់​តុងកឹង​ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​ជនជាតិ​ចិន នៅ​ឆ្នាំ​១១១​មុន​គ​.​ស ហើយ​ចិន​បាន​ត្រួតត្រា​ទីនោះ រហូតដល់​ពួកគេ​ត្រូវបាន​បណ្តេញចេញ​នា​ឆ្នាំ ៩៣៩ នៃ​គ​.​ស ដែល​នាពេលនោះ តុងកឹង​បានទទួល​ឯករាជ្យ ។ ជនជាតិ​តុងកឹង​បាន​វាតទី​ចុះមក​ភាគខាងត្បូង ហើយ​នៅ​ឆ្នាំ​១៤៧១ គេ​បាន​ដណ្តើម​កាន់កាប់​ប្រទេសចម្ប៉ា។​ នា​ឆ្នាំ​១៥៥៨ ទឹកដី​របស់​បុព្វការី​ជន​“​វ៉ាន ឡាង​“​ត្រូវ​បែង​ចែកជា​ពីរ ត្រួតត្រា​ដោយ​សន្តិ​វង្ស​២ ដោយនៅ​ពាក់កណ្តាល​ផ្នែក​ខាងជើង​ប្រទេស បាន​ត្រួតត្រា​ដោយ​ទីក្រុង​តុងកឹង (​ដែលជា​ទីក្រុង​ហាណូយ​នា​សម័យ​ទំនើប​នេះ​) ហេតុនេះហើយ​ទើប​ពួក​អឺរ៉ុប​ហៅ​តំបន់​ភាគ​ខាងជើង​ទាំងមូល​ថា​តុងកឹង​តែម្តងទៅ។​ ​តំបន់​ទាំង​២​បាន​ឯកភាពគ្នា​ឡើងវិញ​នៅ​ឆ្នាំ​១៨០២ នៅក្រោម​ការត្រួតត្រា​ទាំងស្រុង​របស់​រាជវាំង​វ៉េ (​តំបន់អណ្ណាម)​ដោយ​គេ​ចាត់ទុកថា​តុងកឹង​ជា​ផ្នែក​មួយ​នៃ​ចក្រភព​របស់គេ ។​ ​ដើម្បី​បើក​ច្រក​ទន្លេ​ក្រហម​សំរាប់​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន ប្រទេស​បារាំង​ បាន​ចាត់​បញ្ជូន​បេសកជន​ពិសេស ទៅ​តុងកឹង​នៅ​ឆ្នាំ​១៨៧៣ និង​១៨៨២ ដែល​នៅក្នុង​ឆ្នាំ​១៨៨២​នោះ បាន​កើតមាន​សង្គ្រាម​អាណានិគម ពេញបន្ទុក​មួយ ហើយ​កាន់តែ​តានតឹង​ថែមទៀត ដោយសារ​មាន​អន្តរាគមន៍​របស់​ចិន​ប្រឆាំងនឹង​បារាំង ដោយ​ចិន​បានប្រកាស​ទាមទារ​យក​តំបន់​តុងកឹង​នេះដែរ។​ ​នៅ​ឆ្នាំ​១៨៨៤ អាណ្ណា​ម​ទទួលយក​របប​អាណាព្យាបាល​ពី​បារាំង និង​យល់ព្រម​ចុះចាញ់​បារាំង ហើយ​តុងកឹង​ក៏ត្រូវ​ទទួល​ការត្រួតត្រា​ដោយផ្ទាល់​ពី​បារាំង ច្រើនជាង​អណ្ណាម​។ នៅ​ឆ្នាំ​១៨៨៧ តុងកឹង​បានក្លាយ​ទៅជា​ផ្នែក​មួយ នៃ​សហព័ន្ធ​ឥណ្ឌូចិន​របស់​បារាំង។ នៅក្នុង​សង្គ្រាមលោកលើកទី​២ នា​ឆ្នាំ១៩៤០ ដល់ ១៩៤៥ តំបន់​នេះ​បាន​ត្រូវ​ត្រួតត្រា​ដោយ​ជប៉ុន​។ បន្ទាប់ពី​សង្គ្រាម ពួក​ជាតិនិយម​ជនជាតិ​តុងកឹង និង​ជនជាតិ​អណ្ណា​ម បាន​ចូលរួម​ជាមួយគ្នា​ទាមទារ​ឯករាជ្យ​សំរាប់​រដ្ឋ​វៀតណាម ដែល​ក្នុង​រយៈពេល​នោះ តុងកឹង​បាន​ក្លាយជា​ចំនុច​នៃ​សង្គ្រាម​ទ័ពព្រៃ រវាង​បារាំង​និង​វៀត​មិញ ដែល ដឹកនាំ​ដោយ​លោក​ហូជីមិញ៕