""ទ្រឹស្ដីល្បែង""(អង់គ្លេស: Game theory) គឺជាផ្នែកមួយនៃគណិតវិទ្យាអនុវត្តដែលប្រើនៅក្នុងវិទ្យាសាស្ត្រសង្គម ដូចជាសេដ្ឋកិច្ច ក៏ដូចជាក្នុងជីវវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ និងជំនាញគ្រប់គ្រង។ ទ្រឹស្ដីល្បែងទាញយកឥរិយាបថក្នុងស្ថានភាពយុទ្ធសាស្ត្រ ឬហៅថាល្បែង (ដែលជោគជ័យរបស់បុគ្គលម្នាក់ក្នុងការសម្រេចចិត្តបានមកពីការសម្រេចចិត្តរបស់បុគ្គលដទៃ) មកវិភាគតាមបែបគណិតវិទ្យា។ ទ្រឹស្ដីនេះជាបឋមត្រូវបានប្រើដើម្បីវិភាគការប្រកួតប្រជែងដែលបុគ្គលម្នាក់ធ្វើបានប្រសើរជាងដោយសកម្មភាពនៃបុគ្គលផ្សេងមួយទៀត (zero sum games). ក្រោយមកទ្រឹស្ដីនេះត្រូវបានពង្រីកយកទៅប្រើក្នុងការវិភាគផ្សេងៗស្មុគ្រស្មាញជាច្រើនដូចជារវាងអ្នកលេងមនុស្ស និងមិនមែនមនុស្ស (ដូចជាកំព្យូទ័រ សត្វ រុក្ខជាតិជាដើម)។

ទ្រឹស្ដីប្រពៃណីនៃល្បែងត្រូវបានប្រើដើម្បីស្វែងរកចំនុចសមតា ដែលក្នុងចំនុចនេះ អ្នកលេងនីមួយៗបានឯកភាពទៅលើយុទ្ធសាស្ត្រមួយដែលពួកគេនឹងមិនកែប្រែ។ គំនិតសមតា (equilibrium concepts) ជាច្រើនត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ពីគំនិតនៃល្បែង។ គំនិតដែលល្បីល្បាញជាងគេគឺ សមតាណាស (Nash equilibrium)។

ទ្រឹស្ដីល្បែងត្រូវបានបង្កើតឡើងជាដំបូងពីការស្រាវជ្រាវរបស់ Emile Borel នៅក្នុងឆ្នាំ ១៩៣៨ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Applications aux Jeux de Hasard និងក្រោយមកនៅក្នុងសៀវភៅរបស់ John von Neumann និង Oskar Morgenstern ដែលមានចំណងជើងថា ទ្រឹស្ដីល្បែងនិងឥរិយាបថសេដ្ឋកិច្ច (Theory of Games and Economic Behavior)។ ក្រោយមកទៀតនៅទសវត្សឆ្នាំ ១៩៥០ ក៏មានការស្រាវជ្រាវយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ទ្រឹស្ដីនេះត្រូវបានយកទៅប្រើយ៉ាងជាក់ច្បាស់ក្នុងជីវវិទ្យានៅទសវត្សឆ្នាំ ១៩៧០ ទោះជាការស្រាវជ្រាវជាច្រើនត្រូវបានធ្វើតាំងពីទសវត្សឆ្នាំ ១៩៣០ មកក៏ដោយ។ ទ្រឹស្ដីនេះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាមានសារសំខាន់សម្រាប់ជំនាញជាច្រើន។ ទ្រឹស្ដីវិទូល្បែងចំនួន ៨ នាក់បានទទួលរង្វាន់ណូបែលនៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច (Nobel Memorial Prize in Economic Science) ហើយលោក John Maynard Smith បានទទូលរង្វាន់សម្រាប់ការយកទ្រឹស្ដីល្បែងទៅអនុវត្តក្នុងជីវវិទ្យា។

ប្រវត្តិ

កែប្រែ

ទម្រង់នៃល្បែង

កែប្រែ

ល្បែងដែលលើកយកមកសិក្សាក្នុងទ្រឹស្ដីល្បែងគឺជាកម្មបទដែលគេឲ្យនិយមន័យច្បាស់បែបគណិតវិទ្យា ដែលរួមមានក្រុមនៃអ្នកលេង ឬក្រុមចល័ត (យុទ្ធសាស្ត្រ) សម្រាប់អ្នកលេងទាំងនោះ និងលទ្ធផលជាក់លាក់សម្រាប់បណ្ដុំយុទ្ធសាស្ត្រ។ ល្បែងសហការភាគច្រើនមាននៅក្នុងទម្រង់មុខងារចរិតលក្ខណៈ ចំណែកទម្រង់ពង្រីក និងទម្រង់ធម្មតាត្រូវបានគេប្រើសម្រាប់ល្បែងមិនសហការ។

ទម្រង់ពង្រីក

កែប្រែ

ទម្រង់ពង្រីកត្រូវបានប្រើដើម្បីធ្វើឲ្យល្បែងមានលក្ខណៈជាក់លាក់តាមលំដាប់លំដោយ។ ល្បែងប្រភេទនេះតែងត្រូវបានតាងដោយដើមឈើ ដែលមែកនីមួយៗតាងឲ្យជម្រើសនៃអ្នកលេងម្នាក់ ហើយមែកបន្តជាជម្រើសនៃអ្នកលេងម្នាក់ទៀត។

ទម្រង់ធម្មតា

កែប្រែ

ទម្រង់ធម្មតាឬទម្រង់យុទ្ធសាស្ត្រតែងតែប្រើម៉ាទ្រិកដែលបង្ហាញពីអ្នកលេង យុទ្ធសាស្ត្រ និងលទ្ធផល។


ល្បែងស្ថិតក្នុងទម្រង់ធម្មតានៅពេលដែលអ្នកលេងនីមួយៗធ្វើសកម្មភាពដំណាលគ្នា ឬយ៉ាងហោចណាស់មិនដឹងពីសកម្មភាពរបស់អ្នកលេងដទៃ។ ប្រសិនបើអ្នកលេងដឹងព័ត៌មានពីអ្នកលេងផ្សេង នោះល្បែងត្រូវចាត់ទុកក្នុងទម្រង់ពង្រីក។

ទម្រង់មុខងារចរិតលក្ខណៈ

កែប្រែ

ក្នុងល្បែងសហការដោយលទ្ធផលអាចផ្ទេរបាន គ្មានលទ្ធផលបុគ្គលកើតឡើងទេ។ ជំនួសមកវិញ មុខងារចរិតលក្ខណៈកំណត់លទ្ធផលនៃការចរចានីមួយៗ។ ការសន្មតស្តង់ដារថាការគ្មានការចរចានឹងទទួលបានលទ្ធផល ០។

ឯកសារយោង

កែប្រែ