នាងឡិត ជាឈ្មោះនំមួយប្រភេទមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់។ ប្រជាជនខ្មែរខ្លះចូលចិត្តធ្វើនំនេះបរិភោគក្នុងគ្រួសារ ឬសម្រាប់យកទៅលក់យកកម្រៃឧបត្ថម្ភជីវភាពគ្រួសារ។
នំនាងឡិតគេអាចធ្វើទុកបានពីរ ឬបីថ្ងៃដោយដាក់នំក្នុងធុង ឬកែវបិទគម្របឲ្យជិត វានឹងនៅតែស្រួយធម្មតា។

គ្រឿងផ្សំ

កែប្រែ
  • អង្ករដំណើបស ១គីឡូក្រាម
  • ស្ករត្នោត កន្លះគីឡូក្រាម
  • ខ្លាញ់រាវ ឬប្រេងធញ្ញជាតិ ១គីឡូក្រាម
  • អំបិល ១ស្លាបព្រាកាផែ
  • ស្លឹកចេកណាំវ៉ា ២ធាង។

វិធីធ្វើ

កែប្រែ

បើអ្នកចង់ធ្វើនំនេះ អ្នកត្រូវយកអង្ករដាំបាយឲ្យស្រួយ ឆ្អិនល្អ រួចដួសទុកឲ្យត្រជាក់។ ស្លឹកចេកជូតឲ្យស្អាត រួចហែកជាបន្ទះៗ ដោយមានទទឹងប្រវែង ០,០៨ម៉ែត រួចកាត់ជារង្វង់មូល (កាត់ឲ្យបានច្រើនល្មមនឹងបាយ)។ ដួសបាយចំនួនពីរស្លាបព្រាកំពុងៗ យកមកពូតឲ្យស្អិតចូលគ្នា (លាបទឹកលើបាតដៃបន្តិចៗកុំឲ្យជាប់)។
ដាក់ដុំបាយលើស្លឹកចេកដែលកាត់ទុក រួចយកស្លឹកចេកមួយបន្ទះលាបប្រេងបន្តិច សង្កត់ពីលើដុំបាយឲ្យវាសំប៉ែតរាបស្មើពេញរង្វង់ស្លឹកចេកនោះ។ ធ្វើរបៀបនេះរហូតអស់បាយ។ បន្ទាប់មកដាក់ហាលឲ្យស្ងួត(ជាបាយក្រៀម)។
ពេលអ្នកចង់ធ្វើនំនេះ អ្នកត្រូវអនុវត្តតាមលំណែនាំខាងក្រោម៖

  • ចាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ដាំឲ្យក្ដៅ។
  • បង់បាយក្រៀមទៅក្នុងខ្លាញ់(ម្ដងពីរឬបី) បំពងឲ្យរីកឡើងស្រួយ ទើបស្រង់សម្រស់ឲ្យអស់ខ្លាញ់(ប្រយ័ត្នកុំឲ្យឡើងពណ៌លឿងវាខ្លោច នំនេះគេយកពណ៌សទើបល្អ)។
  • យកឆ្នាំង ឬខ្ទះផ្សេងៗទៀតដាំលើភ្លើង ចាក់ទឹកបន្តិច រួចដាក់ស្កររម្ងាស់ឲ្យឡើងជើងអង្ក្រង(ប្រយ័ត្នខ្លោច) លើកដាក់ចុះ។


រៀបបាយបំពងដាក់តម្រៀបក្នុងថាស រួចយកស្លាបព្រាដួសស្ករច្រូចរោយជារង្វង់គូថខ្យងលើនំម្ដងមួយៗរហូតដល់អស់ រួចទុកឲ្យត្រជាក់។
អ្នកអាចលើកនំនេះដាក់ត្រួតលើគ្នាបាននៅពេលស្ករត្រជាក់ សម្រាប់យកទៅបរិភោគ ឬយកទៅលក់ ឬដាក់កែវទុកបរិភោគបានពីរ ឬបីថ្ងៃ៕