បរិវារសព្ទ
ខ្លាំងក្លា
និយមន័យ
កែប្រែបរិវារស័ព្ទក្នុងភាសាខ្មែរ
កែប្រែបរិវារស័ព្ទ គឺជា បរិវារ + ស័ព្ទ = ស័ព្ទហែហម ភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាសនាមនីមួយៗ ប្រៀបធៀបដូចជាបរិវារ ដើម្បីសម្រួលសម្ដីនិយាយ និងប្រគំស្នូរសម្លេងពិរោះផ្ដួលតាមសម្លេងស័ព្ទដើមឲ្យមានសភាព ជាប់ចុងជួន សម្រួលដល់ត្រចៀកអ្នកស្ដាប់នោះម្យ៉ាង ដើម្បីជាគុណស័ព្ទ ពន្យល់យ៉ាងច្បាស់នូវលក្ខណៈ ឬគុណសម្បត្តិនៃពាក្យដើមនោះទៀតផង ។
សមាសនាមប្រភេទនេះមានពីរយ៉ាងគឺ ៖
កែប្រែក. ពាក្យដើមផ្សំគ្នានឹងបរិវារស័ព្ទ
កែប្រែដូចជាពាក្យ ទឹកភក់ កន្ទេលខ្នើយ ប្រាក់កាស ព្រៃផ្សៃ ។ល។ សមាសនាម ដូចខាងលើនេះ សុទ្ធសឹងជាពាក្យមានន័យចំហធំៗទាំងអស់គឺ ទឹកនិងភក់ កន្ទេលនិងខ្នើយ ប្រាក់និងកាស ព្រៃនិងផ្សៃ ។ល។ ពាក្យថា «ផ្សៃ» មួយម៉ាត់នេះប្រហែលជាអស់លោកអ្នកអានខ្លះពុំដែលស្គាល់ឡើយ គឺជាពាក្យ ជួនព្រៃភ្នំ ប្រែមកថា សត្វពស់ ។ ដូច្នេះ ព្រៃផ្សៃ បានសេចក្ដីថា ព្រៃពស់ ព្រោះស្អូច កាលសម័យដើម ប្រទេសយើងមានព្រៃឈើធំៗច្រើនណាស់ដែលសម្បូណ៍ទៅដោយសត្វព្រៃ ដូចជា ពស់‑ក្អែបភ្នំ ជាអាទិ៍ [ពាក្យ «ផ្សៃ» មានពន្យល់នៅក្នុងសៀវភៅសាវតារខេត្តកំពតរបស់លោក ម៉េណែទ្រីយេ (Ménétrier) និងពាក្យ «ស្អូច» មានពន្យល់ក្នុងសៀវភៅវាក្យសព្ទរបស់លោក ម៉ូរ៉ា (Moura)] ។
ខ. ពាក្យដើមផ្សំនឹងបរិវារសព្ទ
កែប្រែដូចជាពាក្យ សម្លសម្លុក ប្ដីសី បីបាច់ ជាតិជៅ ។ល។ ពាក្យ ទាំង ២ ម៉ាត់ ក្នុងចំណោមសមាសនាម ខាងលើនេះ មានតែពាក្យដើមទេ ដែលមានអត្ថន័យចំហ រីឯបរិវារសព្ទវិញពុំឃើញមានអត្ថន័យអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ ។ តែបើយើងពិចារណាឲ្យជ្រៅជ្រះ ដើម្បីរិះរកហេតុផលឲ្យសព្វគ្រប់ យើងអាចរកឃើញគោលដៅសំខាន់ៗនៃបរិវារស័ព្ទទាំងនេះ ដែលមានអត្ថន័យជ្រៅហើយសំខាន់ទៀតផង ដោយប្រើជាគុណសព្ទ បង្ហាញយ៉ាងច្បាស់ឲ្យឃើញនូវលក្ខណៈនៃពាក្យដើមនីមួយៗ ។
បុព្វហេតុដែលបណ្ដាលឲ្យខ្មែរយើងប្រើបរិវារសព្ទ
កែប្រែមុន នឹងធ្វើអត្ថាធិប្បាយវែកញែករឿងនេះ សូមឆ្លៀតឱកាសជម្រាបដោយសង្ខេបនូវប្រពៃណីខ្មែរយើងសម័យបុរាណដែល មានសារៈសំខាន់ទាក់ទងគ្នាជាលំនាំដើមក្នុងការប្រើបរិវារស័ព្ទរហូត មកដល់សព្វថ្ងៃនេះ ។
កាលនោះប្រទេស ខ្មែរយើងជាមហាប្រទេសមួយក្នុងពិភពលោក មានព្រំប្រទល់ធំធេងទូលំទូលាយណាស់ព្រមទាំងមានប្រទេសរណបយើងជាច្រើន ផង ។ អរិយធម៌ និងវឌ្ឍនធម៌យើងក្ដី សឹងមានពន្លឺរស្មីត្រចះត្រចង់ ប្រកបដោយកិត្តិសព្ទ និងឥទ្ធិពលល្បីល្បាញខ្ទរខ្ទារពាសពេញនៅចុងបូព៌ាប្រទេសនៃទ្វីប អាស៊ីទាំងមូល ។
ធនធានយើងទៀត ក៏សម្បូណ៌ច្រើនជាអនេកប្បការគ្រាន់តែសម្ភារៈសម្រាប់ភ្ញៀវកិត្តិយស នៅប្រាសាទតាព្រហ្មតែមួយប៉ុណ្ណោះឃើញថា យើងមានចានជាច្រើនធុនធ្វើអំពីមាសសុទ្ធពណ៌ក្រហមឆ្អៅ មានទម្ងន់ទាំងអស់ដល់ទៅប្រាំតោន ប្រកបដោយក្បាច់ចម្លាក់រចនាផ្សេងៗ និងដាំត្បូងពេជ្រទាំងគ្រាប់តូចធំ និងត្បូងពណ៌ឯទៀតឆ្លុះតាមក្បាច់ផ្កាភ្ញីផ្សេងៗនៅលើចាននីមួយៗ នោះ ។ល។
ព័ត៌មានប្រភេទនេះ សូមអានកំណត់ហេតុលោក ជីវ តាក្វាន់ ស្ដី អំពីប្រពៃណីអ្នកស្រុកចេនឡា ប្រែពីភាសាចិនមកជាភាសាបារាំងដោយលោក ប៉ូល ប៉េលីយ៉ូ ប្រែពីភាសាបារាំងមកជាភាសាខ្មែរដោយលោក ឌឹក គាម និង សូមអានសៀវភៅ ២ ទៀតដែលនិពន្ធដោយលោក ហ្សក សឺដែស (George Coedès) ដែលមានចំណងជើង ៖
- វឌ្ឍនធម៌ឥណ្ឌូនិយមនៃប្រទេសឥណ្ឌូចិន និងប្រទេសឥណ្ឌូនេស៊ី ។
- សៀវភៅដែលមានចំណងជើងថា “ដើម្បីងាយស្គាល់ប្រាសាទអង្គរវត្ត
ជាបញ្ចប់ សូមអានសៀវភៅលោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពីប្រាសាទបុរាណទាំងអស់ក្នុងចំណោមប្រាសាទអង្គរវត្តទំព័រ ១៨៤ ។
របៀបចាត់ថ្នាក់នៃលំដាប់ស័ក្តិមន្ត្រីយោធា
កែប្រែកាល សម័យបុរាណប្រទេសខ្មែរយើងរៀបចំចាត់ថ្នាក់មន្ត្រីយោធា តាមលំដាប់កងទ័ពជាតិរ៉ូម៉ាំងដែលមេក្រុមនីមួយៗមានងារជាដេគួរីយ៉ុង (១០ Décurion) សង់ទីរីយ៉ុង (១០០ Centurion) មីលួរីយ៉ុង (១០០០ Millurion) គឺនាយត្រួត១០នាក់ ១០០នាក់ និង១០០០នាក់ ។ល។ (សូមអានសៀវភៅអង្គរនិងប្រទេសរ៉ូម) ។
ចំណែក មន្ត្រីយោធាខ្មែរយើងវិញ មានលំដាប់ថ្នាក់របៀបគ្នាដែរគឺ ៖ នាយរយ (នាយត្រួតមនុស្សមួយរយនាក់), នាយពាន់ (នាយត្រួតមនុស្សមួយពាន់នាក់), នាយម៉ឺន (នាយត្រួតមនុស្សមួយម៉ឺននាក់), និង នាយសែន (នាយត្រួតមនុស្សមួយសែននាក់) ។
ចំពោះនាយម៉ឺន និង នាយសែន ដែលមានបណ្ដាស័ក្តិធំពេកទៅ អ្នកនៅក្រោមឱវាទទាំងអម្បាលម៉ានពុំហ៊ានបន្លឺស័ព្ទស្រដីហៅចំងារ ថា នាយម៉ឺន ឬ នាយសែនទេ ម្ល៉ោះហើយពាក្យនាយមួយម៉ាត់នេះបានក្លាយទៅជាពាក្យមួយថ្មីទៀតដែល មានសម្លេងបង្អុរឡើងដោយញញើតញញើមខ្លាចពុំពិរោះគាប់ថា “នាម៉ឺន នាសែន” ទៅវិញ រហូតទៅដល់បំបាត់ពាក្យ “នា” នេះទៅទៀត ហើយក្លាយទៅជាហៅថា លោកម៉ឺនឯក ឬ ម៉ឺនទោ ។ល។
ការចេញដំណើរនៃមន្ត្រីបុរាណ
កែប្រែការចេញដំណើរនៃមន្ត្រីបុរាណនោះ បើតាមលោក ជីវ តាក្វាន់ និង បព្វជិតកាតូលិកអេស្ប៉ាញ៉ុល ឈ្មោះ សង់ អង់តូនីញ៉ូ (Le Frère dominlcan de San Antonio) ដែលលោកបានធ្វើសេចក្ដីរាយការណ៍ថ្វាយព្រះចៅ ដុង ហ្វីលីប (Don Philippe) នៃប្រទេសអេស្ប៉ាញក្រោមចំណងជើងថា “ព្រឹត្តិការណ៍ជាក់ស្ដែងសង្ខេបនៃប្រទេសកម្ពុជានៅសតវត្ស ទី ១៦” ប្រែពីភាសាអេស្ប៉ាញ៉ុលមកជាភាសាបារាំងដោយលោក កាបាតុង (A. Cabaton) បោះពុម្ពផ្សាយនៅរាជធានីម៉ាឌ្រីដក្នុងឆ្នាំ ១៦០៤ បានអធិប្បាយថា ៖
ក. នៅសម័យនោះ មន្ត្រីធំៗខ្មែរ នឹងចេញដំណើរទៅណាមកណា រមែងមានក្បួនហែហមមុខក្រោយមានពេលរេហ៍ សេនាបាវព្រាវ មនុស្សម្នា ប្រកបដោយអាវុធគ្រប់ដៃ និងគ្រឿងប្រដាប់ផ្សេងៗតាមលំដាប់ស័ក្តិធំតូច ដូចជាៈ មន្ត្រីស័ក្តិ ១០ ហ៊ូពាន់ ដែលក្លាយមកពីពាក្យសៀម “ហ៊ួផាន់” (ក្បាលពាន់) គ្រឿងហែក្បួនត្រូវមានគ្រែស្នែង ពាក្យរាជស័ព្ទហៅថា ព្រះសលៀង មានក្លស់ ៥ ប្រកបទៅដោយពណ៌ក្រហម ឬបៃតងខៀវ ស្របតាមឋានៈមន្ត្រីឆ្វេងស្ដាំ ។ល។ ចំពោះមន្ត្រីមានឋានន្តរស័ក្តិពី ១០ ពាន់ចុះមក ក្បួនហែហមជាកិត្តិយសមន្ត្រីទាំងនោះមានចំនួនចុះថយជាលំដាប់ មានក្លស់បាំងពី ៤ ចុះមកមួយ ។ល។
ខ. ចំពោះព្រះមហាក្សត្រវិញ ក្បួនហែហមធំជាងមន្ត្រី ក្លស់សម្រាប់បាំងជុំវិញសុទ្ធតែពណ៌ស ឬលឿងតាមថ្ងៃធំ ឬតូចដោយពុំមានកម្រិតចំនួនព្រមទាំងគ្រឿងប្រដាប់សម្រាប់បាំង ពន្លឺព្រះអាទិត្យ និង បក់កម្ដៅ ដូចជា បាំងសែនដែលសៀមហៅថា ប័ងសួន (ប័ងសុរ័យ) មយូរាឆ័ត្រ ចាមរ ឬ បៃមន់ ។ល។ ពាក្យទាំងនេះ សូមមើលវចនានុក្រមខ្មែរ ។
សម្លៀកបំពាក់
កែប្រែសម្លៀក បំពាក់មន្ត្រីខ្មែរយើងតែងមានតាមលំដាប់ស័ក្តិជាមន្ត្រីឆ្វេង ស្ដាំ ដែលប្រកបទៅដោយពណ៌ក្រហម ឬបៃតង ត្រូវមានមួកមានកំពូលយ៉តមាសដាំពេជ្រ មានសំពត់អាវចរបាប់ទាំងអស់ ព្រមទាំងស្បែកជើងស្រោមជើង ។
អក្សរខ្មែរ
កែប្រែអក្សរ ខ្មែរយើងនោះទៀត ត្រូវមានសភាពជាអក្សរអ្នកអរិយប្រទេសមួយ គឺមានសភាពដូចជាសម្លៀកបំពាក់ដែរៈ មានសក់ ហាក់ដូចជាមួក មានតួអក្សរ និងមានជើងអក្សរ ហាក់ដូចជាស្បែកជើង ។
សម្ដីនិយាយ
កែប្រែសម្ដី និយាយនោះសោត ក៏ត្រូវមានវរិវារស័ព្ទហែហមជាលំដាប់ដែរ ។ ម្យ៉ាងវិញទៀត ខ្មែរយើងច្រើនប្រឌិតពាក្យពេចន៍ដោយពុំមានឫសគល់ពីបាលី ឬសំស្ក្រឹត ដើម្បីយកមកប្រើតាមសេចក្ដីត្រូវការនៃអ្នកស្រុក ដូចជាអាទិ៍ ពាក្យ «កណ្ដុំឆែប…ឆា» ដែលអ្នកខ្លះច្រើន ភ្លាត់មាត់នៅវេលាចាក់ក្រឡេកប្រលែងគ្នាលេង ។ បើពុំបានជាគិត យើងស្មានថាជាពាក្យអនុករណៈ ឬឧទានសព្ទ ។ ផ្ទុយទៅវិញ គឺជាពាក្យចំអាសមួយបែប គួរឲ្យកោតសរសើរថ្វីដៃអ្នកប្រាជ្ញបុរាណដែលចេះយកពាក្យ «ឆា» មួយម៉ាត់មកដាក់បញ្ឆោតភ្ជាប់ពីខាងក្រោយបង្អស់ ដើម្បីបង្វែងដានអ្នកផងកុំឲ្យនឹងសង្ស័យរកអត្ថន័យប្រាកដឃើញ ។
ពាក្យនេះ យើងព្យាយាមវែកញែករកហេតុផលទៅ យើងអាចរកឃើញច្បាស់ថា ជាពាក្យគន្លាស់កាត់មានសេចក្ដីថា “កណ្ដុំឆែបមួយដួយ” ។ ពាក្យនេះ សូមជូនអស់លោកអ្នកអានគន្លាស់ត្រឡប់ទៅវិញខ្លួនឯងទៅចុះ ។
ពាក្យ "ធ្នើ" វិញក៏មានលំនាំរបៀបដូចគ្នាដែរគឺពាក្យ "ធ្នើ" ថ្នាក់លើ ។ រីឯពាក្យ «ក្បាក់» ដែលជាឈ្មោះកូនជើងពានទំនាប់ច្រើនធ្វើអំពីប្រាក់វិញគឺជាពាក្យ «ក្បាក់ប្រាន» បានសេចក្ដីថា "ក្បានប្រាក់" ។ សូមមើលពាក្យ ចានក្បាន ។
របៀបដាក់ឈ្មោះឲ្យកូនចៅ
កែប្រែតាម ប្រពៃណីខ្មែរយើងនៅសម័យបុរាណ ការដាក់ឈ្មោះឲ្យកូនចៅនីមួយៗគេច្រើនប្រកាន់ណាស់ ។ គេពុំមែនចេះតែដាក់ឈ្មោះឲ្យដោយពុំបានរកគ្រូអាចារ្យដើម្បី គន់គូរទស្សទាយដោយក្បួនវេទជាមុនឡើយ ។ ផ្ទុយទៅវិញ ការដាក់ឈ្មោះនេះ គេច្រើនតម្រូវទៅតាមឫក្សពារ តាមពេលាល្អ ឡើងស័ក្ត ឡើងរាសី សមតាមលំដាប់ថ្ងៃខែនៃកំណើតទារកដែលមានអត្ថន័យសំខាន់ស្របតាម គម្ពីបាលី និងស្របតាមសេចក្ដីប្រាថ្នានៃមាតាបិតាចំពោះអនាគតនៃទារកទាំង នោះ ។
នឹងឲ្យឈ្មោះនោះទៀត គេត្រូវកម្រិតចំនួនព្យាង្គ គឺចំនួនពាក្យក្នុងឈ្មោះនីមួយៗស្របតាមវណ្ណៈគ្រួសារដើម្បីជាវិន័យ មួយសម្រាប់សម្គាល់ដោយប្រាកដនូវអម្បូរ ពូជ ពង្ស នៃគ្រួសារដូចតទៅ ៖
ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ : ព្រះនាមនីមួយៗត្រូវមានពាក្យពីបួនព្យាង្គ ឡើងទៅ ដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៧ វិរកុមារ សុរិយកុមារ ។ ព្រះបរមនាមព្រះបាទនរោត្ដម គឺរាជាវត្តី ព្រះបាទស៊ីសុវត្ថិ គឺសេរីសុវត្ថិ ។
ខ. ចំពោះព្រះរាជវង្សានុវង្ស និងមន្ត្រីដែលព្រះរាជាតាំងជាក្សត្រពេញអង្គ ព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុមក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រីរាជវង្ស) ។
គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកិត្តិយស : នាមបុត្រត្រូវមានយ៉ាងច្រើនត្រឹមតែពីរព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។
ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅ : នាមបុត្រមានតែមួយព្យាង្គ ឬមួយម៉ាត់ទេ ពោលគឺឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។
បើ ប្រជារាស្ត្រទាំងនេះ បានឡើងបុណ្យស័ក្តិធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះនូវគោរម្យងារ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។
អាស្រ័យ ដូចបានអធិប្បាយខាងលើនេះសឲ្យឃើញថា ចាប់តាំងពីកិច្ចចេញដំណើររហូតដល់សម្ដីនិយាយ ព្រមទាំងរបៀបដាក់ឈ្មោះឲ្យកូនចៅទៀត ឃើញថា សុទ្ធតែមានរបៀបជាលំដាប់ថ្នាក់ខ្ពស់ទាប មានបរិវារហែហមជាកត្តិយសជាដរាប ។
កំណត់សម្គាល់ ៖ ការបរិយាយខាងលើគឺជាភស្តុតាងខាងកំណត់ត្រាដ៏តូចមួយ ដែលអាចនាំឲ្យមិត្តអ្នកអានសន្និដ្ឋានបានថា ពួកស្តេច ឬ មន្ត្រីក្រោមបង្គាប់ រួមគំនិតជាមួយពួកអាចារ្យព្រាហ្មនៅសម័យកាលនោះបានរើសអើង មើលងាយប្រជារាស្ត្រខ្មែរ ដែលជាអំពើដ៏ថោកទាបបំផុត ។ ពួកស្តេច មន្ត្រី និង ព្រាហ្មអាចារ្យ ទាំងនោះបានទទួលយកប្រពៃណី ទំនៀមទម្លាប់ដ៏គម្រក់របស់ជនជាតិឥណ្ឌា ពោលគឺការបែងចែកមនុស្សជាវណ្ណៈ (ព្រាហ្ម ក្សត្រ វេស្ស និង សូទ្រ) មកអនុវត្តដោយគ្មានកែប្រែបន្តិចបន្តួចសោះ ។ នៅក្នុងសង្គមឥណ្ឌាបុរាណ ក៏ដូចជាសម័យទំនើប មនុស្សនៅក្នុងវណ្ណៈសូទ្រទោះទៅដល់ទីណា ទោះកែប្រែជំនឿទៅកាន់សាសនាអ្វីក៏ដោយ (ទាំងគ្រិស្តសាសនា ទាំងសាសនាអ៊ីស្លាម) ត្រូវបានមនុស្សនៅក្នុងវណ្ណៈព្រាហ្ម វណ្ណៈក្សត្រ និង វណ្ណៈវេស្ស ដឹងភ្លាមតាមរយៈឈ្មោះរបស់ពួកសូទ្រ ។ ពេលពួកមនុស្សវណ្ណៈសូទ្រនាំកូនចៅទៅចុះឈ្មោះចូលរៀន គ្រូបង្រៀនត្រូវបានគេតម្រូវឲ្យសួររកវណ្ណៈរបស់កុមារទាំងនោះ ។ បើឪពុកម្តាយរបស់កុមារទាំងនោះមិនប្រាប់វណ្ណៈរបស់កុមារទេ ពួកគ្រូទាំងនោះនឹងមិនចុះឈ្មោះឲ្យកុមារចូលរៀនឡើយ ។ តាមរយៈត្រកូល (គោត្រនាម ឬ គោត្តនាម) របស់កុមារនោះ ពួកគ្រូទាំងនោះក៏នឹងអាចដឹងភ្លាមថា កុមារណាមកពីវណ្ណៈណាមួយ ។ ពួកកុមារមកពីវណ្ណៈសូទ្រត្រូវបានគ្រូតម្រូវឲ្យអង្គុយនៅក្រោយគេបង្អស់ និង ត្រូវបរិភោគអាហារ ឬ ទឹកនៅកន្លែងដាច់ដោយឡែកពីកុមារនៃវណ្ណៈដទៃ ។
ការចាត់បរិវាសព្ទតាមក្រុមអក្សរ
កែប្រែក្រុមអក្សរ ក
កែប្រែ
កកិចកកុច : ពាក្យនេះមានអត្ថន័យប្រហាក់ប្រហែលគ្នានឹងពាក្យកិចកុកដែរ គឺបង្ករឿងហេតុដោយមានគំនិតក្រឡេចក្រឡុច ។ អាស្រ័យហេតុនេះ បរិវារស័ព្ទ "កកុច" អាចគន្លាស់បានជាពាក្យ "កកុចដោយមានគំនិតក្រឡុចក្រឡេច" ពោលគឺ "កកិចដោយមានគំនិតក្រឡេចក្រឡុច" ។ អ្នកខ្លះប្រើពាក្យនេះថា "កកិចកកុក" ។
កក្អាកកក្អាយ : កក្អាយដោយសើចសាបាក គឺកក្អាកដោយសើចសប្បាយ ។
កញ្ឆក់កញ្ឆែង : ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី ។ បរិវារស័ព្ទៈ កញ្ឆែងដោយឥតកោតក្រក់ គឺកញ្ឆក់ដោយឥតកោតក្រែង ។
កណ្តោចកណ្តែង : ត្រមោចឯកឯងក្នុងទីស្ងាត់ ។ បិរវារស័ព្ទៈ កណ្តែងតែម្នាក់អោច គឺកណ្តោចតែម្នាក់ឯង ។
កម្ទេចកម្ទី : កម្ទីជាធូលិច គឺកម្ទេចជាធូលី ។
កាក់កប : កាក់គ្រប់ដំណប គឺកបគ្រប់ដំណាក់ ។
កៀនកោះ : កោះចន្លៀនគឺកៀនចន្លោះ ។
កំប្លុកកំប្លែង : កំប្លុកថ្លែង គឺកំប្លែងថ្លុក ។
កំព្រីកំព្រា : កំព្រីដោយឥតមេជា គឺកំព្រាដោយឥតមេជី ។
ក្តីក្តាំ : ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ ។
ក្បាច់ក្បូរ : គេច្រើនប្រើពាក្យនេះក្នុងវគ្គ "មិនដឹងជាក្បាច់ក្បូរអ្វីទេ! ឬចេះតែក្បាច់ក្បូរណាស់" ដែលយើងអាចបកស្រាយថា ពុំមានការចាំបាច់អ្វីឡើយ! ឬពុំចាំបាច់ទេ! ដូច្នេះបរិវាស័ព្ទ ក្បូរអាចគន្លាស់បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ ។
ក្បាលក្បូង : ក្បូងដូចលលាដ៍ដាល គឺក្បាលដូចលលាដ៍ដូង ។
ក្មេងក្មាង : ក្មាងអ្នកជិតខេង គឺក្មេងអ្នកជិតខាង ។
ក្រវេក្រវូ : ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល ។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ ។
ក្រីក្រ : ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង ។ល។ បរិវារស័ព្ទ : ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន ។
ក្រុមអក្សរ ខ
កែប្រែ
ខខិត ឬ ខងខិត : តាមវចនានុក្រមខ្មែរបានសេចក្ដីថា ប្រកាន់ទុក ចំណាំទុកនូវរបស់អ្វីមួយថាជារបស់ខ្លួន ដោយដាក់សញ្ញាជាសម្គាល់ ។ ឃ្មុំនេះមានគេខខិតហើយ ។ មានអ្នកស្រុកខ្លះប្រើពាក្យ ខខិត នេះថា ខងខិត វិញ ។ ពាក្យ ខងខិត ដូចជាសមរម្យជាងពាក្យ ខខិត ព្រោះបរិវារស័ព្ទ "ខង" អាចគន្លាស់បានជាពាក្យ "ខងទុកជាទ្រព្យក្នុងមួយរបិត" គឺ "ខិតទុកជាទ្រព្យក្នុងមួយរបង" ពោលគឺជាទ្រព្យជាប់បំណង មានម្ចាស់គេ ហាក់ដូចជាទ្រព្យមួយនៅក្នុងរបងផ្ទះ ។
ខាប់ខណ្ឌ ឬ ខណ្ឌខាប់ : តាមវចនានុក្រមបានសេចក្ដីថា ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា ។ ទីចង្អៀតខាប់ខណ្ឌ មនុស្សច្រើនពាន់ឈរខាប់ខណ្ឌតាន់តាប់ ។ បរិវារស័ព្ទ “ខាប់” អាចគន្លាស់បានជាពាក្យ “ខាប់ច្រើនពាន់ចង្អៀតតាប់តាន់” គឺ “ខណ្ឌច្រើនពាន់ចង្អៀតតាន់តាប់” ។
ខិតខំ : ខិតធ្វើការឲ្យអស់ពីចំ គឺខំធ្វើការឲ្យអស់ពីចិត្ត ។
ខ្ជះខ្ជាយ : ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ ។
ខ្នល់ខ្នើយ : ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់ ។
ខ្លាំងក្លា : ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ ។
ខ្វល់ខ្វាយ : ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ ។
ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ ។
ក្រុមអក្សរ គ
កែប្រែ
គិតគូរ : គូរដើម្បីឲ្យធិត គឺគិតដើម្បីឲ្យធូរ ។
គំរោះគំរើយ : គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ ។
គ្រាំគ្រា : ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម ។ បរិវារសព្ទ : គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា ។
ក្រុមអក្សរ ឃ
កែប្រែ
ឃោរឃៅ : កាចខ្លាំងឥតមេត្តាប្រណី ។ បរិវារសព្ទ : ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ ។
ក្រុមអក្សរ ង
កែប្រែ
ងងឹតងងល់ : ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់ ។
ងរងក់ : ងក់មួយសំប៊រ គឺងរមួយសំបក់ ។
ក្រុមអក្សរ ច
កែប្រែ
ចង្អៀតចង្អល់ : ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់ ។
ចានក្បាន : ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន ។
ចែចង់ : ចែល្បូងឲ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឲ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍ ។
ចែចូវ : ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ ។
ចំណីចំណុក : ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ ។
ក្រុមអក្សរ ឆ
កែប្រែ
ឆោមឆាយ : ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ ។
ឆ្មើងឆ្មៃ : ឆ្មៃវាយឫកឲ្យមានតម្លើង គឺឆ្មើងវាយឫកឲ្យមានតម្លៃ ។
ឆ្លេឆ្លា : ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ ។
ឆ្អែតឆ្អន់ : ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់ ។
ក្រុមអក្សរ ជ
កែប្រែជាតិជៅ : រសជាតិសំខាន់ដែលមានប្រចាំក្នុងអាហារ ក្នុងគ្រឿងបរិភោគគ្រប់ប្រភេទ ឬក្នុងតម្រេក ។ល។ សម្លនេះមានជាតិជៅណាស់ ។ បរិវារសព្ទ : ជៅនេះអ្នកប្រាជ្ញបុរាណ ប្រហែលជាមានគំនិតប្រដូចទៅនឹងរសជាតិដ៏សំខាន់ ពិសេសជាងគេក្នុងលោក ពោលគឺ រសជាតិឆ្ងាញ់មួយប្រភេទ ក្នុងតម្រេក ដូច្នេះ បរិវារសព្ទ ជៅនេះយើងអាចដោះស្រាយបានជាវគ្គមួយថា ៖ ជៅនៅកៀនភ្លាត គឺជាតិនៅកៀនភ្លៅ ពោលគឺមានតែរសជាតិកន្លែងនេះហើយដែលមានឱជារសសំខាន់ជាងគេក្នុងលោក ។
ជ្រុលជ្រួស : ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស ។
ជ្រោមជ្រែង : ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម ។
ជំទាវជំទោក : ជំទោកបានមកពីស្នាវ គឺជំទាវបានមកពីស្នូក (ប្រដាប់ភេទ) ។ នេះគឺជាពាក្យបន្តុះបង្អាប់ដល់មនុស្សស្រីមួយចំនួនដែលគ្មានចំណេះវិជ្ជា ឬ គោរម្យងារត្រឹមត្រូវតាមព្រះរាជក្រិត្យ ប៉ុន្តែចង់ឲ្យប្រជាជនហៅពួកគេថា លោកជំទាវ ។ ស្ត្រីទាំងនោះជាមនុស្សមានមោទនភាពខ្ពស់ក្រៃពេក ប្រើប្រាស់អំណាចរបស់ប្តីជាមន្ត្រី, ទ្រព្យសម្បត្តិ និង បក្សពួក ដើម្បីជិះជាន់ គំរាមកំហែង កេងប្រវញ្ចប្រជាជនស្លូតត្រង់តាមអំពើចិត្ត ។ ដូច្នេះទើបប្រជាជននាំគ្នាប្រើពាក្យទាំងនេះពីក្រោយខ្នង ឧទាហរណ៍ "បុណ្យចូលឆ្នាំនៅវត្តយើងឆ្នាំនេះមាន ពួកអាច់ម៉ាដុំ (ឯកឧត្តម) អ្នកមីនាង (ស្ត្រីជាប់ខ្សែស្តេច) និង ជំទាវជំទោក ច្រើនគរដឹកមកចូលរួម" ។ យោងតាមសៀវភៅវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពាក្យ ជំទាវ គឺជា បណ្តាស័ក្តិសម្រាប់ស្ត្រីជាភរិយាសេនាបតី ដោយព្រះករុណាជាម្ចាស់ជីវិត ទ្រង់ប្រោសព្រះរាជទានតាំង ឧទាហរណ៍ លោកជំទាវ (លោកស្រី) ។ បណ្តាស័ក្តិនេះ ទោះបីភរិយារបស់មន្ត្រីស័ក្តិ ១០ ហ៊ួរពាន់ឯទៀតៗ ក្រៅពីសេនាបតីក៏ដោយ, ស្រេចនឹងព្រះករុណាជាម្ចាស់ជីវិត, បើទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងក៏បាន ។ ពាក្យនេះ កាលពីក្នុងសម័យបុរាណ ប្រហែលជាហៅ ចាំទាវ ឬ ចំទាវ ទេដឹង ? ព្រោះបានសង្កេតឃើញថា ប្រហែលក្លាយមកពីពាក្យសៀមសម័យបុរាណយូរអង្វែងហើយថា ប្រៈចាំទាវ (អានថា ប្រាក់ចាំថាវ) ប្រែថា "ប្រចាំជើង" ឬ ហ្យិងប្រៈចាំទាវ (អានថា យិងប្រាក់ចាំថាវ) ប្រែថា "ស្ត្រីប្រចាំជើង" គឺស្ត្រីអ្នកនៅប្រចាំការបម្រើជិតជើងស្វាមី (ភរិយា), ជាពាក្យប្រែចេញមកអំពីភាសាសំស្ក្រឹត និង បាលី ថា បាទបរិចារិកា ?
ក្រុមអក្សរ ឈ
កែប្រែ
ឈូឆរ : ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ ។
ក្រុមអក្សរ ញ
កែប្រែ
ញាប់ញ័រ : ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់ ។
ញញឹមញញែម : ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម ។
ក្រុមអក្សរ ដ
កែប្រែ
ដាច់ដោច : ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច ។
ដំណែដំណឹង : ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ ។
ក្រុមអក្សរ ឋ
កែប្រែ
ឋិតថេរ : ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល ។
ក្រុមអក្សរ ត
កែប្រែ
តាក់តែង : តាក់ឲ្យបានល្អចែង គឺតែងឲ្យបានល្អជាក់ ។
តឹងតែង : តែងឲ្យដូចខ្សែខ្លឹងគឺតឹងឲ្យដូចខ្សែខ្លែង ។
តូចតាច : តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច ។
តាចគ្មានអំណូច គឺតូចគ្មានអំណាច ។
ត្រាណត្រើយ : ត្រាណអវសោយ គឺត្រើយអវសាន ។
ត្រួតត្រា : ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ ។
ត្អូញត្អែរ : ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ ។
ក្រុមអក្សរ ថ
កែប្រែ
ថ្កុំថ្កើង : ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម ។
ថ្នាក់ថ្នម : ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់ ។
ថ្លោះធ្លោយ : ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ ។
ក្រុមអក្សរ ទ
កែប្រែ
ទាក់ទង : ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង ។
ទូលំទូលាយ : ទូលំធាយ គឺទូលាយធំ ។
ក្រុមអក្សរ ធ
កែប្រែ
ធនធាន : ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ ។
ធ្ងន់ធ្ងរ : ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ ។
ក្រុមអក្សរ ន
កែប្រែ
នឹកនា : នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា ។
នឹងនរ : នរជំហឹង គឺនឹងជំហរ ។
នែបនិត្យ : និត្យឲ្យជែប គឺនែបឲ្យជិត ។
ក្រុមអក្សរ ប
កែប្រែ
បន្លែបន្លុក : បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ ។
បីបម : បមដោយថ្នី គឺបីដោយថ្នម ។
ប្រែប្រួល : ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល ។
ក្រុមអក្សរ ផ
កែប្រែ
ផូរផង់ : ផង់ដោយត្រចូរ គឺផូរដោយត្រចង់ ។
ផ្តេកផ្តិត : ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត ។
ផ្ទះសំបែង : សំបែងអាត់ គឺសម្បត្តិឯង ។
ក្រុមអក្សរ ព
កែប្រែ
ពោះពង់ : មានផ្ទៃពោះ មានគភ៌ < ពង់មូលធ្លោះ គឺពោះមូលថ្លុង ។
ព្រោកប្រាជ្ញ : អង្គុយព្រោកចេញត្រប៉ាច អង្គុយប្រាជ្ញចេញឃ្លោក។
ក្រុមអក្សរ ភ
កែប្រែ
ភ្លើតភ្លើន : ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត ។
ក្រុមអក្សរ ម
កែប្រែ
មនុស្សម្នា : ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ ។
មមើមមាយ : មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ ។
ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់ ។
ក្រុមអក្សរ យ
កែប្រែ
យូរយា : យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា ។
យំយែក : យែកស្រុម គឺយំស្រែក ។
ក្រុមអក្សរ រ
កែប្រែ
រវើរវាយ : រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ ។
រួសរាយ : រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ ។
ក្រុមអក្សរ ល
កែប្រែ
លះលែង : លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស ។
ល្អល្អាច់ : ល្អាច់ដ គឺល្អដាច់ ។
ក្រុមអក្សរ វ
កែប្រែវត្តវ៉ា
វាងវៃ : វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង ។
វិសេសវិសាល : វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល ។
វត្តវ៉ា : វ៉ាលោកទាត់ គឺវត្តលោកតា។
ក្រុមអក្សរ ស
កែប្រែ
សងសឹក : សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក ។
សមសួន : សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ ។
សម្លសម្លុក : សម្លុកបង់ប្រហ គឺសម្លបង់ប្រហុក ។
ស្នេហ៍ស្នង : ស្នងនៃមាសបែ គឺស្នេហ៍នៃមាសបង ។
ស្បថស្បែ : ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ ។
ស្លេកស្លាំ : ស្លេកប៉ាំង គឺស្លាំងពេក ។
ក្រុមអក្សរ ហ
កែប្រែ
ហួងហែង : ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង ។
ក្រុមអក្សរ ឡ
កែប្រែ
ឡូឡា : ឡាដោយអានាចូរ គឺឡូដោយអានាចារ ។
ក្រុមអក្សរ អ
កែប្រែ
អានាចារ : ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់ ។
អាចារ្យអាចុំ : អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ ។
ឯកសារយោង
កែប្រែ- ស៊ីសុវត្ថិ, ប៉ូរក្ខស៊ី. បរិវារសព្ទក្នុងភាសាខ្មែរ. ឆ្នាំ ១៩៧២