បារខែម (កម្ពុជា)
បារខែម (នៅប្រទេសកម្ពុជា) គឺជាព្រឹត្តិការណ៍ជួបជុំគ្នារយៈពេល២ថ្ងៃ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា មធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិតថ្មីៗ។ ការជួបជុំគ្នានេះប្រមូលផ្ដុំទៅដោយ អ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍវិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា អ្នកសារព័ត៌មានសង្គម សហគ្រិនវ័យក្មេង ព្រមទាំងសិស្សនិស្សិតជាច្រើនទៀត។[១] គោលដៅមួយសំខាន់នៃព្រឹត្តិការណ៍មួយនេះ គឺការផ្សព្វផ្សាយអំពីបច្ចេកវិទ្យាព័ត៌មាន និងសហគ្រិនភាពក្នុងប្រទេសកម្ពុជា ដល់អ្នកដែលចង់ចាប់ផ្ដើមបង្កើតអ្វីមួយ និងជម្រុញដល់មនុស្សទាំងឡាយឲ្យយល់ច្បាស់អំពីសារសំខាន់នៃចំណេះដឹងទូទៅ និងជម្រុញឲ្យមានការបង្កើតទំនាក់ទំនងរវាងសិស្ស និស្សិត អ្នកជំនាញព័ត៌មានវិទ្យា អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសហគ្រិននានា។[២]
ប្រវត្តិ
កែប្រែបារខែម នៅក្នុងប្រទេសកម្ពុជាត្រូវបានចាប់ផ្ដើមឡើងលើកដំបូងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨[៣] មានឈ្មោះថា បារខែមភ្នំពេញ (BarCamp Phnom Penh) ក្នុងបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ហៅកាត់ CJCC) មានអ្នកចូលរួមប្រមាណជា ៣០០នាក់ ដែលព្រឹត្តិការណ៍នេះមានការផ្ដួចផ្ដើមគំនិតដំបូងដោយលោក ប៊ុន ថារម្យ និងសមាជិកដទៃទៀត។[៤] ព្រឹត្តិការណ៍ បារខែមភ្នំពេញ ឆ្នាំ២០០៨ ចំណាយប្រហែល ៣០០០ ដុល្លារសហរដ្ឋអាមេរិក ហើយបានទទួលការចាប់អារម្មណ៍ពីមនុស្សនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយលើកដំបូងនេះ ក៏ជាការចាប់ផ្ដើមដ៏ល្អមួយដើម្បីបញ្ជាក់ទៅកាន់ពិភពលោកថា វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា គឺរួចរាល់ក្នុងការចាប់ផ្ដើមហើយ។[៥]
ដោយការធ្វើជាលើកដំបូងនេះទទួលបានជោគជ័យយ៉ាងប្រសើរ ក្រុមការងារបានចាប់ផ្ដើមបន្តរៀបចំព្រឹត្តិការណ៍ បារខែម ជាបន្តបន្ទាប់ទៀតរៀងរាល់ឆ្នាំនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- បារខែមភ្នំពេញ បានរៀបចំជាលើកទី២ ចាប់ពីថ្ងៃទី២ - ៣ ខែតុលា ឆ្នាំ២០០៩ នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (Paññāsāstra University of Cambodia) មានអ្នកចូលរួមប្រមាណ ៨០០ នាក់។
- បារខែមភ្នំពេញ បានរៀបចំជាលើកទី៣ ចាប់ពីថ្ងៃទី២៥ - ២៦ ខែកញ្ញា ឆ្នាំ២០១០ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (University of Puthisastra) ។
- បារខែមភ្នំពេញ បានរៀបចំជាលើកទី៤ ចាប់ពីថ្ងៃទី២២ - ២៣ ខែតុលា ឆ្នាំ២០១១ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (University of Puthisastra) ។
- បារខែមភ្នំពេញ បានរៀបចំជាលើកទី៥ ចាប់ពីថ្ងៃទី២២ - ២៣ ខែកញ្ញា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (University of Puthisastra) ។
- និងបារខែមអង្គរ ជាលើកទី១ នៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ - ២៤ ខែមីនា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។
បច្ចុប្បន្នភាព
កែប្រែដោយនៅក្នុងឆ្នាំ២០១៣ គម្រោង បារខែមកម្ពុជា បានទទួលថវិកាឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ទើបអ្នករៀបចំព្រឹត្តិការណ៍នេះបានបង្កើតឲ្យមាននៅតាមបណ្ដាខេត្តនិងក្រុងមួយចំនួន រួមមាន៖
- ខេត្តសៀមរាប Archived 2013-07-08 at the វេយប៊ែខ ម៉ាស៊ីន. : បារខែមអង្គរ (លើកទី២), ចាប់ពីថ្ងៃទី២៣ - ២៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of Southeast Asia) ។
- ខេត្តបាត់ដំបង Archived 2013-08-14 at the វេយប៊ែខ ម៉ាស៊ីន. : ចាប់ពីថ្ងៃទី២៥ - ២៦ ខែឧសភា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។
- ខេត្តកំពង់ចាម Archived 2013-08-12 at the វេយប៊ែខ ម៉ាស៊ីន. : ចាប់ពីថ្ងៃទី២៤ - ២៥ ខែសីហា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យជាស៊ីម កំចាយមារ ខេត្តកំពង់ចាម។
- ក្រុងភ្នំពេញ Archived 2013-09-02 at the វេយប៊ែខ ម៉ាស៊ីន. : ចាប់ពីថ្ងៃទី១៩ - ២០ ខែតុលា ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ។
- ខេត្តព្រះសីហនុ Archived 2013-08-12 at the វេយប៊ែខ ម៉ាស៊ីន. : ចាប់ពីថ្ងៃទី៧ - ៨ ខែធ្នូ ឆ្នាំ២០១៣ (ទីតាំងមិនទាន់មាន)។
ហើយក៏មានគម្រោងនៅខេត្តចំនួនពីរទៀតកំពុងរៀបចំដោយដៃគូសហការជាមួយក្រុមការងារ បារខែម គឺនៅខេត្តកំពត (ក្នុងខែកញ្ញា) និង ខេត្តបន្ទាយមានជ័យ។
គោលបំណង
កែប្រែគោលបំណងរបស់ បារខែមកម្ពុជា ក៏មិនខុសពីគោលបំណងរបស់ បារខែម តាមបណ្ដាលប្រទេសផ្សេងៗដែរ។ គោលបំណងទាំងនោះមានរួមមាន៖
- បង្កើតឲ្យមានជាទីកន្លែងជួបប្រជុំមួយរវាងអ្នកជំនាញ វិនិយោគិន អ្នករកឃើញអ្វីថ្មីៗ សិស្ស និស្សិត ដើម្បីបង្កើតទំនាក់ទំនងរវាងគ្នា ព្រមទាំងទទួលបានចំណេះដឹងពីគ្នាទៅវិញទៅមក។ ដូច្នេះនេះជាឱកាសក៏ល្អមួយសម្រាប់អ្នកដែលចង់ចែករំលែកចំណេះដឹងរបស់ខ្លួន ទៅកាន់អ្នកចូលរួមដទៃទៀតដើម្បីឲ្យបានដឹងបន្ថែមអំពីបច្ចេកវិទ្យាសម័យថ្មី ព្រមទាំងប្រធានបទដទៃទៀតដែលជាប្រយោជន៍ដល់ការរស់នៅ និងការអប់រំ។
- បង្ហាញស្នាដៃជោគជ័យរបស់ខ្លួនដល់បណ្ដាអ្នកចូលរួម ដែលនេះក៏ដូចជាការផ្សព្វផ្សាយអំពីខ្លួនឯងដើម្បីឲ្យមនុស្សជាច្រើនបានដឹង និងបានឃើញអំពីសមត្ថភាពរបស់ខ្លួន។
- ការលើកស្ទួយ និងជម្រុញឲ្យវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យារីករាយចម្រើនឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីដើរឲ្យទាន់ការវិវឌ្ឍនៃពិភពលោកមួយនេះ។
- ផ្សព្វផ្សាយអំពីឧបករណ៍បច្ចេកទេសណាមួយដែលជួយបម្រើដល់ផលប្រយោជន៍មនុស្សទូទៅ សហគ្រាស អង្គការ និងស្ថាប័ននានា។
ការរំពឹងទុក
កែប្រែ- សិស្ស និស្សិត ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីអភិវឌ្ឍ និងយល់បានច្រើនអំពីវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការជ្រើសយកជំនាញ ឬ ក្រុមហ៊ុនដែលពួកគេប្រាថ្នាចង់ចូលរួមក្នុងពេលអនាគត។
- សង្គមស៊ីវិល នឹងចែករំលែកនិងសិក្សាពីបច្ចេកវិទ្យាថ្មីៗដើម្បីសម្រួលដល់ការងាររបស់ពួកគេ។
- សហគ្រាស ឬ ក្រុមហ៊ុន នឹងបានយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីពង្រីកទីផ្សារផលិតផល ផ្សព្វផ្សាយ និងចែកចាយផលិតផល ឬ សេវាកម្មរបស់ពួកគេបានកាន់តែទូលំទូលាយថែមទៀត ជាពិសេសនៅតាមសកម្មភាពអនឡាញ (online) ។
- សហគ្រិន ឬ អ្នកមានគំនិតបង្កើតអ្វីថ្មីៗ នឹងពង្រឹងគំនិតព្រមទាំងភាពជាដៃគូដែលអាចផ្ដល់នូវផលិតផលថ្មីមួយ កើតចេញពីគំនិតច្នៃប្រឌិត និងទទួលបានផលចំណេញទាំងអ្នកប្រើប្រាស់ និងអ្នកផលិត។
- អ្នកជំនាញនឹងបានយល់ដឹងបន្ថែមអំពីលក្ខណៈនៃបច្ចេកវិទ្យា ហើយពិចារណាពីវិធីសាស្ត្រក្នុងការដាក់បញ្ចូលបច្ចេកវិទ្យាទាំងនោះទៅក្នុងអង្គការរបស់ពួកគេ។
- អ្នកចូលរួមទាំងអស់អាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ និងចូលរួមជាសមាជិកក្នុងក្រុមផ្ដោតលើវិស័យណាមួយ ដែលអាចឲ្យពួកគេពង្រឹងសមត្ថភាពបានច្រើន ហើយក៏ជាការលើកស្ទួយវប្បធម៌នៃការចែករំលែកដើម្បីឲ្យអ្នកទាំងអស់គ្នារីកចម្រើនបានតាមសេចក្ដីប្រាថ្នារបស់ខ្លួន។[៦]
ឯកសារយោង
កែប្រែ- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-09-19. Retrieved 2013-08-25.
- ↑ ភ្នំពេញប៉ុស្តិ៍: http://www.phnompenhpost.com/business/barcamp-unites-cambodias-industry-professionals
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-08-25. Retrieved 2013-08-25.
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-09-05. Retrieved 2013-08-25.
- ↑ ភ្នំពេញប៉ុស្តិ៍ : http://www.phnompenhpost.com/national/cloggers-find-new-way-exchange-ideas-technology
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-07-02. Retrieved 2013-08-25.