ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី
ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី សំដៅទៅលើប្រវត្តិសាស្ត្រសិង្ហបុរីនៅមុនឆ្នាំ១៨១៩ ដែលជាឆ្នាំដែលអង់គ្លេសបានដាក់ទីតាំងជំនួញនៅលើកោះនេះ និងបានជួយអោយមានសិង្ហបុរីទំនើប។ យោងតាមឯកសារជាច្រើនដែលត្រូវបានកត់ត្រាទុកតាំងពីសតវត្សរ៍ទី២នៃគ.ស នៅមុនឆ្នាំ១៩១៨ សិង្ហបុរីត្រូវបានស្គាល់តាមឈ្មោះជាច្រើនថាជាកំពង់ផែដ៏មានសារសំខាន់។ កោះនេះត្រូវបានកាន់កាប់ដោយរាជាណាចក្រជាច្រើននៅអាស៊ីអាគ្នេយ៍ដូចជា៖ អាណាចក្រខ្មែរ ជ្វា និង រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា (តាំងពីស.វ១៤) និងរាជាណាចក្រស៊ុលតង់នៃចូហរ (តាំងពីស.វ១៦)។
កំនត់ត្រាពីសិង្ហបុរីដំបូងនៅស.វទី២ បានសំគាល់កោះនេះថាជាទីតាំងជំនួញមួយក្នុងតំរុយផែនទីជាច្រើន។ អ្នកតារាវិទ្យាក្រិចម្នាក់បានកត់សំគាល់ឃើញវាសិង្ហបុរីជាចំនុចកណ្ដាលនៃផ្លូវជំនួញរវាងអាស៊ីអាគ្នេយ៍ជាមួយឥណ្ឌានិងប្រទេសនៅមេឌីទែរ៉ានេ។ កំនត់ត្រានៅស.វទី៣របស់ចិនមួយ បានហៅកោះសិង្ហបុរីថា ពូឡៅចុង (蒲羅中) ដែលប្រហែលជាហៅតាមភាសាម៉ាឡេថា Pulau Ujong ដែលមានន័យថា កោះនៅខាងចុង (ឧបទ្វីបម៉ាឡេ)។
នៅមានកំនត់ត្រាមួយទៀតនៅឆ្នាំ១៣២០ ស្ដីអំពី ម៉ុងហ្គោលដែលបានបញ្ជូនបេសសកម្មមកយកដំរីពីកន្លែងមួយដែលមានឈ្មោះថា ឡុងយ៉ាមិន (龍牙門) (មានន័យថា ច្រកធ្មេញនាគរាជ) ដែលគេសង្ស័យថាប្រហែលជានៅត្រង់កន្លែងចតនាវា កេបប៉ែលហារបឺរ បច្ចុប្បន្ន។ អ្នកធ្វើដំនើរជនជាតិចិនឈ្មោះ វ៉ាង ដាយួន (汪大渊) (ជីវ តាខ្វាន់?) ដែលបានមកដល់កោះនេះនៅឆ្នាំ១៣៣០ បានហៅកន្លែងតាំងទីលំនៅរបស់ជនជាតិម៉ាឡេតូចមួយថា តានម៉ាស៊ី (淡馬錫៖ក្លាយពីភាសាម៉ាឡេថា តាម៉ាស៊ីក) និងបាននិយាយថាមានជនជាតិចិនច្រើនរស់នៅទីនោះផងដែរ។ កោះសិង្ហបុរីជាឋានសួគ៌សំរាប់ចោរសមុទ្រដែលរង់ចាំឆ្មក់នាវាទាំងឡាយដែលឆ្លងកាត់ទីនោះ។ កំណាព្យជ្វាបុរាណមួយដែលសរសេរនៅឆ្នាំ១៣៦៥ បានហៅកន្លែងមួយនៅលើកោះនោះថា តេម៉ាសេក (ទីក្រុងសមុទ្រ)។
នៅក្នុងរឿងនិទានមួយរបស់ម៉ាឡេ មានរៀបរាប់អំពីព្រះអង្គម្ចាស់មួយអង្គឈ្មោះ ស្រីវិចាយ៉ា ដែលបានរួចរានជីវិតមកដល់កោះនេះ ក្រោយពីនាវារបស់ទ្រង់បានលិច នៅស.វទី១៣។ នៅលើកោះនោះទ្រង់បានឃើញសត្វចំលែកមួយក្បាលដែលទ្រង់បានប្រាប់គេឯងថាជាសត្វតោ។ ដោយជឿថានេះជានិមិត្តរូបល្អ ទ្រង់បានបោះទីតាំងនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា ស៊ីងហ្គាពូរ៉ា (Singapura ៖ បុរីនៃសត្វសិង្ហ)។ ប៉ុន្តែគេជឿថាគ្មានសត្វតោរស់នៅលើកោះនេះទេ។ សត្វដែលព្រះអង្គម្ចាស់នោះឃើញ ប្រហែលជាសត្វខ្លាម៉ាឡាយ៉ានទេ។
នៅក្រោយពេលដែលរាជាណាចក្រស្រីវិចាយ៉ាធ្លាក់ចុះខ្សោយ តេម៉ាសេកត្រូវបានគំរាមកំហែងយកដោយចក្រភពម៉ាចាប៉ាហ៊ីត និង សៀម។ ប្រវត្តិវិទូជាច្រើនជឿថានៅអំឡុងចុងស.វទី១៤ ព្រះអង្គម្ចាស់ចុងក្រោយនៃរាជាណាចក្រស្រីវិចាយ៉ា ឈ្មោះ ប៉ារ៉ាមេស្វារ៉ា បានភៀសខ្លួនពីប៉ាឡេមបាងមកតេម៉ាសេក បន្ទាប់ពីចក្រភពម៉ាចាប៉ាហ៊ីតបណ្ដេញចេញ។ ប៉ារ៉ាមេស្វារ៉ាបានគ្រប់គ្រងកោះនេះបានប៉ុន្មានឆ្នាំ រហូតដល់មានការវាយប្រហារមួយទៀតរបស់ ចក្រភពម៉ាចាប៉ាហ៊ីត និងរាជាណាចក្រអយុធ្យា។ ប៉ារ៉ាមេស្វារ៉ាបានភៀសខ្លួនម្ដងទៀតទៅមេឡាកា ហើយបង្កើតរាជាណាចក្រស៊ុលតង់នៃម៉ាឡាកានៅទីនោះ។ សិង្ហបុរីបានធ្លាក់ជាផ្នែករបស់ចក្រភពម៉ាឡាកា។
នៅស.វទី១៦ និងទី១៧ កោះនេះក្លាយជាមជ្ឈមណ្ឌលជំនួញរបស់រាជាណាចក្រស៊ុលតង់នៃចូហរ។ នៅឆ្នាំ១៦១៣ ពួកព័រទុយហ្គាល់បានមកដុតកំទេចទីប្រជុំជនមួយនៅចុងស្ទឹងសិង្ហបុរី។ សិង្ហបុរីក៏ធ្លាក់ទៅក្នុងយុគងងឹត។ នៅឆ្នាំ១៨១៩ ជនជាតិអង់គ្លេសឈ្មោះ ស្តេមហ្វដ រ៉ាហ្វហ្វល បានបង្កើតទីតាំងជំនួញនៅលើកោះនេះ ហើយបានផ្ដល់កំនើតដល់សិង្ហបុរីទំនើប។