ប្រវត្តិសំពត់ចងក្បិន
យោងទៅតាមការតំណាលតៗ គ្នារបស់លោកតា លោកយាយ ចាស់ៗ បានតំណាលរឿងព្រេង ដែលទាក់ ទងទៅនិងសំពត់ចងក្បិនថា ៖ កាលពីយូរលង់ណាស់មកហើយ ខ្មែរយើង ស្លៀកសំពត់ចងក្បិនតាមសាសន៍ក្លិង្គ។ សាសន៍ក្លិង្គកាន់សាសនាជាច្រើនបែបណាស់ តែសាសនាដែលធំជាងគេគឺសាសនា ព្រហ្មញ្ញសាសនា ។ ព្រះមហា ក្សត្រខ្មែរយើងដែលកសាងនគរវត្ដ ក៏ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែរ ។ កាលពីសម័យបុរាណខ្មែរយើងនិយម រាប់អានរឿងរាមកេរ្តិ៍ណាស់នៅនឹងជញ្ជាំងអង្គរវត្ដថែវជាន់ទី ១ ទៀតផង ។ ចំពោះមូលហេតុដែលសាសន៍ក្លិង្គ ស្លៀកសំពត់ចងក្បិន ពីព្រោះក្លិង្គគេគោរពចំពោះហនុមាន ដែលជាទេវបុត្ររបស់គេមួយ ហនុមានជាសេនារបស់ ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ។ ដូច្នេះហនុមានមានសម្បុរស ហើយគេស្លៀកពាក់ឱ្យមានកន្ទុយ(ហនុមានមានជាតិ ជាសត្វស្វាសមានកន្ទុយ) ។
មានមតិខ្លះទៀតយល់ថា ក្លិង្គទាំងនោះជាពលនៅក្រោមអធិបតោយហនុមាន បានជាគេស្លៀកពាក់ស ហើយ បណ្ដុះកន្ទុយយ៉ាងដូច្នេះ។ សរុបសេចក្ដីមកយើងឃើញថា សំពត់ចងក្បិនដែលខ្មែរយើងមានការស្លៀក ពាក់រហូតមកដល់សព្វថ្ងៃនេះ គឺយកតាមសាសន៍ក្លិង្គ ដែលមានបំណងធ្វើតាមហនុមានជាសេនាឯករបស់ ព្រះរាម។
តែឥឡូវនេះមិនមែនតែប្រុសៗ ទេ ដែលស្លៀកសំពត់ចងក្បិន ស្រីៗ ក៏ស្លៀកសំពត់ចងក្បិនដែរ ។ ដូចជា នៅក្នុងរាជកាលព្រះករុណា នរើតម (គ.ស ១៨៣៥-១៩១៤)គេស្លៀកចងក្បិនស្លុយចុះទៅក្រោម រួចមកនៅ ត្រឹមពាក់កណ្ដាលកំភួនជើង ។ លុះមកដល់រជ្ជកាលព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១)គេចងក្បិន ខើចនៅក្រោមជង្គង់បន្តិច ដោយគេគិតថាការធ្វើរបៀបនេះ គឺយកតាមសៀម ។ ចំណែកឯសៀម និងខ្មែរ ជាប្រទេសនៅជិតគ្នា ហើយសៀមបានយកតាមបែបស្លៀកសំពត់ចងក្បិនរបស់ខ្មែរទៅស្លៀក ស្លៀកមិនត្រឹមតែ ប្រុសទេ ថែមទាំងស្រីទៀតផង ។ លុះខ្មែរយើងឃើញថាស្ត្រីស្លៀកក្បិនល្អដែរ ក៏នាំគ្នាស្លៀកតាមសៀម ។ អ្នកស្រុកបាត់ដំបង និងអ្នកស្រុកសៀមរាប ដែលនៅជិតសៀម ធ្វើតាមសៀមស្លៀកសំពត់ចងក្បិនលិចត្រឹមជង្គង់ គឺខើចជាងខ្មែរដែលនៅភូមិឯទៀត ។ បច្ចុប្បន្ននេះ សំពត់ចងក្បិនខ្មែរយើងនិយមស្លៀកនៅក្នុងពិធីបុណ្យធំៗ ដូចជាក្នុងព្រះបរមរាជវាំង ឬពិធីបុណ្យជាតិ ពិសេសក្នុងទំនៀមទម្លាប់ប្រពៃណីជាតិដែលមានដូចជា៖ពិធីមង្គលការជាដើម។
ឯកសារយោង
កែប្រែ- ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម
- រៀបរៀងដោយ ឡុង រដ្ឋា