ប្រាសាទក្រោម
ប្រាសាទក្រោម
ឈ្មោះ: | |
---|---|
កាលបរិច្ឆេទកសាង: | ពាក់កណ្ដាលសតវត្សទី១០ |
ឧទ្ទិសថ្វាយ: | ព្រះវិស្ណុ |
ទីតាំង: | ស្រុកព្រះកូនជ័យ ខេត្តបុរីរម្យ
|
ស្ថិតនៅភូមិគោកមឿងប្រមាណជា ៨ គ.ម ពីប្រាសាទភ្នំរុង ក្នុងស្រុកព្រះកូនជ័យ ខេត្តបុរីរម្យ ក្នុងប្រទេសថៃ បច្ចុប្បន្ន ប្រាសាទនេះជាក្រុមប្រាសាទ ដែលមានក្បាច់ក្បូរយ៉ាងល្អប្រណីតជាងគេ បន្ទាប់ពីប្រាសាទភ្នំរុង ឬភ្នំរុង ។ ជនជាតិ ថៃដើមកំណើតខ្មែរ ដែលរស់នៅយ៉ាងកុះករនៅជិតប្រាសាទនៅឡើយ នៅតែរក្សាភាពនិងប្រពៃណីរបស់ខ្លួននៅឡើយ ។ ពេលមកដល់ទីនេះយើងមានអារម្មណ៍ថា កំពុងស្ថិតនៅក្នុងទឹកដីន់ៃព្រះរាជាណាចក្រកម្ពុជាអញ្ចឹង ដោយសារតែទិដ្ឋភាព ខាងលើនេះ អ្នកភូមិស្រុកនូវរក្សាបាន នូវទំនៀមទម្លាប់និងភាសាខ្មែរ ។
ប្រាសាទក្រោមឬមឿងតាំ បើប្រៀបធៀបទៅនឹងប្រាសាទភ្នំរុង ដែលនៅខាងលើភ្នំ (រុង) មានលក្ខណៈពិសេស ជាង គេ ដោយមានកំពែងពីរជាន់ គឺកំពែងខាងក្រៅ និងខាងក្នុងព័ទ្ធជុំវិញប្រាសាទ ។ នៅតាមទិសនៃកំពែងនិមួយៗ គេឃើញ មានគោបុរៈឬទ្វារចេញចូលមួយធ្វើពីថ្ម ដែលមានក្បូរក្បាច់រចនា យ៉ាងល្អក្រៃលែងគួរឲ្យចង់គយគន់ណាស់ ។
បុរាណស្ថានដ៏ស្រស់ប្រិមប្រិយនេះ មានរាងបួនជ្រុងទ្រវែង មានប្រាង្គធ្វើអំពីឥដ្ឋចំនួនប្រាំ ហើយនៅកណ្តាល គេឃើញមានស្រះទឹកព័ទ្ធជុំវិញប្រាសាទ ។ នៅជុំវិញស្រះទឹកមានរបៀបជាបង្កាន់ដៃថ្ម ដែលមានរាងជានាគរាជក្បាល ប្រាំហ៊ុមព័ទ្ធជុំវិញ ។
នៅក្បែរប្រាសាទគេឃើញមានបារាយណ៍មួយយ៉ាងធំ ដែលមានបណ្តោយដល់ ១០០០ម៉ែត្រ (មួយគីឡូម៉ែត្រ) ឯណោះ និងមានទទឹង ៥០០ម៉ែត្រ ។ បារាយណ៍បុរាណដ៏ធំសម្បើមនេះ ត្រូវបានជីកឡើងនៅសម័យសាងសង់ប្រាសាទ តែម្តង នាស.វទី១១ នៃគ.ស សម្រាប់វិស័យកសិកម្ម ។ បច្ចុប្បន្នគេស្តារស្រះនេះ ដើម្បីយកទឹកផ្គត់ផ្គង់ជូនអ្នកស្រុកនៅទីនោះ សម្រាប់ធ្វើស្រែចម្ការ ។
ប្រាសាទក្រោមធ្វើពីឥដ្ឋត្រូវបានសាងសង់ឡើងជាពីរជួរ សម្រាប់តម្កល់ព្រះទេវរូប និងលិង្គព្រះឥសូរ ដែលជាគ្រឿង សិរីមង្គល សម្រាប់ស្រុកភូមិនៃប្រជាជនរស់នៅតំបន់នេះ ដែលជាទីក្រុងបុរាណមួយ ។ ប្រាសាទនេះ បច្ចុប្បន្នត្រូវបានក្រុម បុរាណវិទ្យាថៃ ជួសជុលឡើងវិញរួចស្រេចជាស្ថាពរ ដោយសារតែរចនាបថរបស់ប្រាសាទមានលក្ខណៈយ៉ាងល្អប្រណីត ។
អតីតប្រាសាទទីក្រុងក្រោម របស់ខ្មែរនេះ ត្រូវបានសាងសង់ឡើងនៅសម័យអង្គរ ។ នៅតាមចម្លាក់ហោជាង និងផ្តែរនៃប្រាង្គប្រាសាទខាងជើង គេឃើញខ្មែរបុរាណឆ្លាក់ទេវកថា នៃព្រហ្មញ្ញសាសនា ដែលជារឿងទំនាក់ទំនងទៅនឹង ប្រវត្តិនៃព្រះឥសូរ ដូចជាទ្រង់គង់ប្រថាប់លើគោនន្ទិន ដោយមានបីទ្រនាងបរវតី ។ ព្រះគោនន្ទិន ទ្រង់ឈរលើក្បាលរាហូ ក្បែរសិង្ហមួយគូ ដែលកំពុងព្រោះកំរងផ្កាដ៏ស្រស់បំព្រង ។ នៅដៃរបស់ព្រះអាទិទេពមានកាន់ត្រីសូល៍ ដែលជាអាវុធ ប្រកប ដោយមហិទ្ធិឫទ្ធិ ដ៏គួរឲ្យព្រឺព្រួច ។ ឯនៅតាមផ្តែរទាំងអស់ គេឃើញមានចម្លាក់រូបឥសីដប់អង្គ លុត ជង្គង់លើកដៃប្រណម្យ ។ នេះជារឿងរ៉ាវមួយក្នុងចំណោម រឿងរ៉ាវជាច្រើនទៀត នៃលទ្ធិព្រហ្មញ្ញសាសនា ដែលត្រូវបានឆ្លាក់លើក្បាច់ផ្តែរ ។
ទេវស្ថានដ៏ស្រស់ត្រកាល នៅបន្តរហូតដល់សព្វថ្ងៃនេះ ដែលស្ថាបត្យករខ្មែរបុរាណសាងសង់ឡើង ស្ថិតក្នុងរចនាបថ បាពួន និងក្បាច់ក្បូរមានសភាពដូចប្រាសាទព្រះវិហារដែរ ។ ទេពកោសលនៃការកសាងប្រាសាទនេះ គឺជាព្រះតម្រិះរបស់ព្រះមហាក្សត្រខ្មែរដ៏ឆ្នើម នៅក្នុងអម្លុងស.វទី១១ នៃគ.ស គឺព្រះបាទឧទយទិត្យវរ្ម័នទី២ ។
ប្រាសាទមឿងតាំ ដេលស្ថិតក្នុងរចនាបថបាពួន គឺជារូបភាពនៃចក្រវាឡ តាមលំនាំនៃលោកធាតុវិទ្យាឥណ្ឌា-ខ្មែរ ដោយហេតុថា ប្រាង្គទាំងប្រាំដែលមានប្រាង្គកណ្តាលធំជាងគេនោះ តំណាងឲ្យភ្នំព្រះសុមេរុ ហើយវាក៏ជាចំណុច កណ្តាលនៃសកលលោកផងដែរ ។ រីឯស្រះទាំងបួនវិញ ដែលហ៊ុមព័ទ្ធដោយនាគរាជ គឺជានិមិត្តរូបនៃសមុទ្រទាំងបួននៃចក្រវាឡ ។ ចំពោះកំពែងខាងក្រៅ ពិតជាតំណាងឲ្យទ្វារនៃលោកយ៉ាងពិតប្រាកដ ។
នៅលើហោជាងយើងឃើញមានចម្លាក់ ព្រះឥន្ទ្រជិះលើដំរីអីរាវ័ន្ត ប្រថាប់លើព្រះកាល ។ យើងក៏បានឃើញក្បាច់ផ្តែរពិពណ៌នាអំពីចម្បាំង រវាងព្រសគ្រិស្ណៈ ដែលជាអវតាររបស់ព្រះវិស្ណុ និងនាគកល្យីក្បាលពីរផងដែរ ដោយនៅទីនេះទ្រង់ចែកស្តេចនាគជាពីរ ។
នៅមានផ្តែរមួយចំនួនទៀត អធិប្បាយពីប្រវត្តិរបស់ព្រះសិវៈ និងព្រះនាងឧមា ដែលប្រថាប់លើគោនន្ទិន (ឧមាមលោស្វារៈ) ការលើកភ្នំគោវឆនៈ ដោយព្រះគ្រិស្ណៈ ដើម្បីជួយសង្គ្រោះដល់ពួកឃ្វាលគោ ដែលត្រូវព្យុះបោកបក់ ព្រះភិរុន ដែលជាទេវតារក្សាទិសខាងលិច ប្រថាប់លើសត្វហង្ស និងព្រះឥន្ទ្រធីរាជ ទេវតាទិសខាងកើត ប្រថាប់លើព្រះកាលជាដើម គួរឲ្យគយគន់ក្រៃលែង ។
សូមជម្រាបផងដែរថា ស្រះទាំងបួន ខាងលើនេះ ត្រូវបានសាងសង់ឡើងអំពីថ្មបាយក្រៀម ជាថ្នាក់ៗ ។ ម្យ៉ាងវិញ ទៀតនៅមាត់ស្រះនីមួយៗ យើងឃើញមានក្លោងទ្វារធ្វើអំពីថ្ម ដើរចុះទៅកាន់ស្រះដើម្បីស្រង់ទឹក ។ រីឯជណ្តើរចុះស្រះនោះ ត្រូវគេរៀបជាបីថ្នាក់យ៉ាងសមសួន ។ សូមជម្រាបថា ពីបុរាណកាលប្រាសាទនេះត្រូវប្រជាជន ក្នុងតំបន់ហៅថាប្រាសាទក្រោម ក៏ប៉ុន្តែដោយសារតំបន់នេះ ត្រូវបានត្រួត្រាកាន់កាប់ដោយជនជាតិសៀមក្រោយពីបុរេអង្គរ អង្គរ រវាងស.វទី១៦-១៧ នៃគ.ស មកម្ល៉េះ បានជាប្រែឈ្មោះថា ប្រាសាទមឿងតាំ ទៅជាភាសាសៀមទៅវិញ ៕