ប្រាសាទព្រះឥន្ទ្រកោសិយ
ប្រាសាទព្រះឥន្ទ្រកោសីយ៍ | |
---|---|
ឈ្មោះ: | ប្រាសាទព្រះឥន្ទ្រកោសីយ៍ |
អ្នកកសាង: | ព្រះបាទរាជេន្ទ្រវរ្ម័នទី២ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបាខែង ប្រាង្គធំសរសេរពេជ្រនិងផ្តែររចនាបថបន្ទាយស្រី |
ទីតាំង: | ភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប |
ទីតាំងភូមិសាស្រ្ត
កែប្រែប្រាសាទព្រះឥន្ទ្រកោសិយមានទីតាំងស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលយើងធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានបេតុងមួយឆ្លងទៅដល់វត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទតូចមួយស្ថិតខាងកើត ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ។ ប្រាសាទនេះមានឈ្មោះដើមថា ទ្វីជេន្ទ្របុរៈ ជាភាសាបាលីឬ សំស្រ្តឹតដែលមានន័យថា ទីក្រុងរបស់ព្រះព្រហ្ម បានស្ថាបនាឡើងក្នុងសតវត្សរ៍ទី១០ ឆ្នាំ៩៦៨ នាចុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)ដើមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១)តាមសិលាចារឹកលេខ K-២៦៨[១]។ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ កោសិយ នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថាព្រះឥន្ទ្រ។ប៉ុន្តែឈ្មោះ ដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ ព្រះឥន្ទកោសីយ៍ ។
សំណង់ប្រាសាទ
កែប្រែប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូរ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរ បានរបេះធ្លាក់ ស្ទើរអស់មើលមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀតភាគច្រើន គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅក្នុងប្រាង្គធំ ។ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ លទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹក និយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។ រូបភាពតូច
ប្រវត្តិព្រះបាទរាជេន្ទ្រវរ្ម័នទី២
កែប្រែព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំ ខ្លាំងពូកែ ក្នុងប្រវត្តិសាស្ត្រខ្មែរ។តែខ្មែរជំនាន់ក្រោយភាគច្រើនណាស់ ដែលមិនបានស្គាល់អំពី ស្នាដៃ ទេពកោសល្យ និងប្រវត្តិតស៊ូអង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គទេ។ សិលាចារឹកព្រះឥន្ទកោសីយ៍បានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័ន ថាជា«ទីគោរពបូជា នៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ច លើខ្មាំងសត្រូវ។ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដ នៃព្រះរាជា ទាំងអស់នៅលើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ អ្នកប្រវត្តិវិទូបារាំង អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែលជាអ្នកឯកទេសបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ យល់ និងមានជំនឿថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរ ភាគរឿងព្រេងនិទាន។ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ ដែលជាព្រះរាជាកែទម្រង់ ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសីយ៍បានដំណាលថា «ព្រះអង្គបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗ សន្ធឹកជើងកងទ័ពរបស់ព្រះអង្គ ធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ។ពេលនោះ«សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និងត្រែ ខ្លុយ ស័ង្ខ…ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង»។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណា ដែលព្រះអង្គធ្វើសង្គ្រាមជាមួយ ដោយនិយាយថា «អណ្ដាតភ្លើងនៃការបូជា ដែលកើតឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែង ប្រៀបបាន នឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាច ហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ «កាលណាព្រះអង្គគ្រហឹមដូចរាជសីហ៍ពេលមានកំហឹង ព្រះរាជាធ្វើឲ្យសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅ ប្រៀបបាននឹងសត្វឈ្លូសកំសាក។ នៅពេល ដែលព្រះអង្គលើកដាវដ៏មុតថ្លា ប្រឡាក់ទៅដោយឈាម ដែលហូរចេញពី សិរសាសត្រូវ គេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាត ដែលមានព្រះហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។សិលាចារឹកដដែលបាននិយាយថែមទៀតថា «ព្រះហស្ដព្រះអង្គ ដែលប្រៀបបាននឹង ស្ពានយុត្ដិធម៌ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោកនៃសតវត្សរ៍… មានរាងសង្ហា ស្រស់ប្រិមប្រិយ ស្អាតលើសពី ព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះ មានពន្លឺប្រៀបបីដូចព្រះចន្ទ្រកំពុងរះ» [២]។