ប្រាសាទស្រី
ប្រាសាទស្រី៖ ជាប្រាសាទវ័យចំណាស់មួយ កសាងឡើងនៅចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ មានទីតាំងស្ថិតនៅបរិវេណវត្តកំពែងក្បែរព្រះវិហារក្នុងភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ ប្រាសាទស្រីមានទំហំប្រមាណ ៤ ម៉ែត្របួនជ្រុង កម្ពស់ប្រហែល ១០ ម៉ែត្រ សង់បែរមុខទៅទិសខាងកើតមានទ្វារពិតមួយ, ប្រអប់ទ្វារសាងអំពីថ្មភក់ខ្ពស់ផុតពីដីជិតមួយម៉ែត្រមានកាំជណ្តើរថ្មីឡើងទៅខាងក្នុងប្រាសាទ ដើម្បីអុជធូបថ្វាយបង្គំព្រះ។ សសរពេជ្រពីរអមសងខាងទ្វារប៉ុន្តែនៅសល់មួយផ្នែកខាងស្តាំដៃ ដែលបាក់បែកស្ទើរពាក់កណ្តាល។ ចំណែកក្បាច់ ផ្តែរនៅសល់ប្រមាណ ៤០ ភាគរយ។ ខាងក្នុងមានតម្កល់ព្រះពុទ្ធរូបមួយព្រះអង្គយ៉ាងធំ, ដំបូលប្រាសាទមិនធ្លុះធ្លាយទេ។ ផ្នែកខាងលើមានស្នាមជួសជុលថ្មីសម័យក្រោយ។ ប្រាសាទអណ្តែត នៅផ្នែកខាងលើ បែរមុខទៅរកទិសទាំង ៤ ប៉ុន្តែទិសខាងកើតត្រូវរលុបបាត់អស់នៅសល់តែទិសខាងលិច, ជើងនិងត្បូង។ លក្ខណៈពិសេសប្រាសាទស្រី គឺនៅចំឆ្អឹងជំនីរមាន “សោមសូត្រា” ដែលគេហៅថា ទរបង្ហូរទឹកមន្តបែរមុខទៅទិសខាងជើង។