ប្រាសាទអកយំ
ប្រាសាទអកយំ | |
---|---|
ឈ្មោះ: | ប្រាសាទអកយំ |
អ្នកកសាង: | ព្រះនាងជ័យទេវី? |
កាលបរិច្ឆេទកសាង: | ដើមសតវត្សទី៧ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថកំពង់ព្រះ |
ទីតាំង: | ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
កែប្រែប្រាសាទអកយំស្ថិតនៅចុងបំផុតខាងត្បូងនៃបារាយណ៍ខាងលិច។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៧ និង ៩។ សិលាចារិកដែលបានរកឃើញនៅលើសរសរ បញ្ជាក់ប្រាប់ពីកាលបរិច្ឆេទនៃប្រាសាទអកយំ គឺឆ្នាំ៦០៩, ៧០៤ និង ១០០១។ ក្នុងពេលកសាងបារាយណ៍ខាងលិច ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ ប្រាសាទនេះមានបីជាន់ មានប្រាង្គចំនួន១២ និង ព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ។ មានមូលហេតុពីរ ដែលនាំឲ្យយើងលើកយកប្រាសាទអកយំមកអធិប្បាយគឺ : ទីមួយ ខ្មែរភាគច្រើនមិនបានស្គាល់ថា តំបន់សៀមរាបអង្គរ មុនការលេចធ្លោឡើងនៃរាជធានីយសោធបុរៈ ឬអង្គរ ត្រូវបានឆ្លងកាត់សម័យបុរេអង្គរដ៏ថ្កានថ្កើងមួយរួចទៅហើយ ក៏ប៉ុន្តែជាអកុសលសព្វថ្ងៃនេះនៅសល់តែស្លាកស្នាមខាងបុរាណវិទ្យាតែបន្តិចបន្តួចប៉ុណ្ណោះ។ ព្រោះថា ក្រោយពីការធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវ ខឿនប្រាសាទទាំងនោះក៏ត្រូវបានលប់កប់ក្នុងដីបាត់ទៅវិញ ឬក៏ត្រូវខ្ទេចខ្ទាំដោយអាកាសធាតុ។ ទីពីរ កម្រណាស់ ដែលមានឯកសារជារូបភាពបង្ហាញនូវវិស័យសិល្បៈស្ថាបត្យកម្មនាសម័យបុរេអង្គរក្នុងភូមិភាគខាងលើនេះ។ ដូច្នេះ ក្នុងអត្ថបទនេះ យើងសូមលើកយកការស្រាវជ្រាវចុងក្រោយបង្អស់របស់លោក ប្រ៊ុយហ្គីអេ[១] ដើម្បីបង្ហាញជូនជាព័ត៌មាន។ យោងតាមប្រភពសិលាចារឹក K. 749 និង K. 753 គួបផ្សំជាមួយលក្ខណៈសិល្បៈស្ថាបត្យកម្ម និងរូបសំណាកបុរាណមួយចំនួន ដូចជាក្បាច់ផ្តែរ និងរូបស្រីទេពអប្សរមួយនៅលើជញ្ជាំងខាងជើងនៃប្រាសាទមួយស្ថិតនៅទិសខាងត្បូងឆៀងខាងកើតនៃខឿនទី២ និងចម្លាក់តោពាក់ស្នែងជាដើម គេអាចដឹងយ៉ាងប្រាកដនូវចំណាស់នៃប្រាសាទអកយំ ដែលស្ថិតនៅក្នុងរចនាប័ថ្មព្រៃក្មេង។ ទន្ទឹមនឹងនេះដែរ យើងក៏អាចដឹងទៀតថា ប្រាសាទបុរេអង្គរនេះ ដែលកសាងឡើងអំពីឥដ្ឋ នាស.វទី ១១ ត្រូវបានទទួលការជួសជុលតុបតែងឡើងវិញ ដើម្បីទុកជាទីគោរពសក្ការៈ ដូចវត្តមានរបស់សិលាចារឹក K. 753 និងចម្លាក់នព្វគ្រឹះ ដែលជាទេវតារក្សាទិសទាំង ៩ នៃចក្រវាឡ ដែលគេបានប្រទះឃើញនៅខាងត្បូងនៃប្រាង្គនៅជ្រុងទិសខាងត្បូង ឆៀងខាងលិចនៃប្រាសាទអកយំ។ បើនិយាយម៉្យាងទៀត មុនការស្ថាបនាបារាយ៍ដ៏មហិមានេះ ដែលជាហេតុនាំឲ្យការលប់កប់បុរាណស្ថាននេះក្នុងដី ប្រាសាទអកយំ គឺជាបូជនីយដ្ឋានមួយយ៉ាងសំខាន់ ដែលគេឧទ្ទិសចំពោះព្រះសិវ ក្រោមព្រះនាមថា គម្ពីររេស្វរៈ។ សូមជម្រាបថា ព្រះគម្ពីររេស្វរៈ ដែលមានន័យថា ព្រះអាទិទេព ដែលមានសូរសៀងដ៏ជ្រាលជ្រៅ មិនអាចវាស់វែងបាន និងកម្លាំង និង យាន មិនអាចថ្លឹងថ្លែងបាន គឺសំដៅព្រះសិវ ដែលគេបូជានៅទីនេះ ក៏ដូចនៅទីក្រុងឥសានបុរៈ ឬ សម្បូរព្រៃ គុក។ ជារួម យើងអាចនិយាយបានថា ព្រះអាទិទេពនាសម័យចេនឡាខាងលើនេះ នៅរក្សាបាននៅខេត្តសៀមរាប អង្គរ នូវនិមិត្តនាមរបស់ខ្លួនរហូតដល់ដើមស.វទី ១១ មុនការសាងសង់បារាយណ៍បន្តិច។ ម្យ៉ាងវិញទៀត ត្រូវជ្រាបថា ប្រាកដណាស់ដែលព្រះអាទិទេព គម្ពីរេស្វរៈ ជាព្រះអាទិទេពចម្បងនៃទីក្រុងបុរេអង្គរមួយឈ្មោះថា បន្ទាយឈើ ដែលបានគូសបញ្ជាក់ដោយលោកហ្គ្រោ លីយេ ។ ទីក្រុងបន្ទាយឈើនេះ ហ៊ុំព័ទ្ធដោយគូទឹកមួយ ដែលភាគខាងជើង នៃទីក្រុងនេះត្រូវបានលប់ដោយការសាងសង់បារាយណ៍ខាងលិច ដូចនេះប្រាសាទអកយំរបស់យើង គឺគ្រាន់តែជាប្រាសាទចម្បងមួយក្នុងចំណោមប្រាសាទជាច្រើនទៀត ដែលត្រូវបានបំផ្លាញចោល ។ សាងសង់ឡើងនៅស.វទី ៧នៃគ.ស ក្នុងរចនាប័ថ្មកំពង់ព្រះ ប្រាសាទអកយំសព្វថ្ងៃនេះស្ថិតនៅលើខ្នងបារាយណ៍ខាងលិច ចម្ងាយប្រមាណជាង ៦០០ម៉ែត្រ នៅជ្រុងឆៀងខាងលិច មានរាងជាសាជី ស្ថិតលើខឿនមួយយ៉ាងធំ ហើយរឹងមាំ។ វត្តមានរបស់បន្ទប់មួយនៅក្រោមបាតប្រាសាទ និងវត្តមានរបស់អណ្តូង សឲ្យឃើញនូវលក្ខណៈដ៏មហាស័ក្តិសិទ្ធ របស់ទីតាំងនេះ ដែលមានឈ្មោះបោះសម្លេងយ៉ាងរន្ទឺ ហើយយ៉ាងឆ្ងាយ។ វត្តមាននៃខឿនជាថ្នាក់ៗបែបនេះ បង្ហាញឲ្យយើងដឹងថា ប្រាសាទអកយំ គឺជាប្រាសាទភ្នំ ដូចករណីប្រាសាទអាស្រមរោងចិននៅលើភ្នំគូលែនដូច្នេះដែរ។ នៅលើទីលាននៃថ្នាក់ទី ៣ គេឃើញមានប្រាង្គកណ្តាល ដែលជាប្រាង្គប្រធាន ដែលមានទំហំធំជាងគេ មានរាងបួនជ្រុងស្មើ ដោយមួយជ្រុងៗមានទំហំ ៤ម៉ែត្រ ៥០ ហើយបែរមុខនៅទិសខាងកើត ។ តាមប្រសាសន៍របស់លោក ប្រុយ ហ្គីយេ ប្រាង្គកណ្តាលនេះ មិនត្រូវបានបំផ្លាញទេ ព្រោះត្រូវបានកប់ក្នុងដី ដោយការសាងសង់បារាយណ៍នាស.វទី ១១នៃគ.ស។ រីឯផ្នែកខាងលើដែលធ្វើអំពីឈើ ត្រូវបានខូចខាតដោយគ្មានបន្សល់ទុកនូវអ្វីទាំងអស់ ។ សូមរំលឹកឡើងវិញថា វត្តមានអណ្តូងយ៉ាងជ្រៅមួយ នៅចំកណ្តាលប្រាសាទប្រធាន សឲ្យឃើញនូវភាពស័ក្តិសិទ្ធក្រៃលែងរបស់ប្រាសាទអកយំក្នុងអតីតកាល។ យ៉ាងណាមិញ ការរកឃើញនូវចម្លាក់ព្រះពោធិសត្វ សំរិទ្ធ នៃលទ្ធិព្រះពុទ្ធសាសនាមហាយាននៅទីនោះ ចំនួន ៥ព្រះអង្គ នៅទ្វារខាងជើងនាប្រាង្គកណ្តាលនាប្រាសាទអកយំ សឲ្យឃើញនូវភាពសំយោគរវាងព្រហ្មណ៍សាសនា និងពុទ្ធសាសនាយ៉ាងប្រាកដ នាសម័យចេនឡា[២]៕
លក្ខណៈពិសេសរបស់ប្រាសាទ
កែប្រែប្រាសាទនេះមានសណ្ឋានជាសាជីសាងសង់នៅលើខឿនបីជាន់ខ្ពស់ពីដី ជាន់ទីមួយមានខឿន១០០ម៉ែត្របួនជ្រុងជាប្រាសាទភ្នំដ៏ធំដំបូងគេក្នុងស្ថាបត្យកម្មខ្មែរ និងចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Bernard Philippe Groslier បានលើកឡើងថា ប្រាសាទអកយំស្ថិតនៅកណ្តាលទីក្រុងនៃបារាយណ៍ខាងលិចគឺទីក្រុងអមរេន្ទ្របុរៈ[៣]។
ស្ថាបត្យកម្មប្រាសាទ
កែប្រែការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថា ប្រាសាទនេះមានការប្រែប្រួលច្រើនដោយមានការផ្លាស់ប្តូរកែចុះកែឡើងមុនពេល ដែលគេបង្កើតឱ្យមានជាន់ទី១ ជាន់ទី២ និងជាន់ទី៣។ ជាន់ទី១៖ បច្ចេកទេសរៀបឥដ្ឋនៅជាន់នេះមានការពិបាកយល់ ព្រោះវាត្រូវបានកប់ក្នុងដីជ្រៅជាងគេ តែក្រោយពីការធ្វើកំណាយរបស់លោក G. Trouve បានឃើញលានមួយរាងការ៉េមានបណ្តោយ ១០០ម៉ែត្របួនជ្រុងកម្ពស់ ២,៦០ម៉ែត្រ ដោយមានការចាក់ដីបំពេញ និងរៀបឥដ្ឋពីលើ។ ជាន់ទី២៖ បច្ចេកទេសរៀបឥដ្ឋនៅជាន់នេះ ទៅតាមខ្សែរបន្ទាត់ផ្តេកពិសេសជាងនេះទៅទៀតគឺមានដាក់ក្បាច់ស្រួចៗ និងមានលម្អដោយប្រាសាទតូចៗ លំនាំដូចប្រាសាទព្រះស្រី។ ជាន់នេះមានជណ្តើរទាំងបួនទិស ជណ្តើរនីមួយៗមានកាំជណ្តើរប្រាំកាំ ការលើកឡើងរបស់លោក ហង់រីម៉ារហ្សាល បានឱ្យដឹងថា ជាន់ទី២នេះសាងសង់អំពីឥដ្ឋប្រវែង ៤៥ម៉ែត្របួនជ្រុង និងមានកម្ពស់ប្រវែង ២,៤០ម៉ែត្រ។ នៅជាន់ទី២នេះមានតួប៉មចំនួនបួន និងតួប៉មតូចៗចំនួន៦ ដែលព័ន្ធជុំវិញតួកណ្តាល។ ជាន់ទី៣៖ ជាន់នេះមានប្រវែង១៧ម់ែត្របួនជ្រុង និងមានកម្ពស់១,៨០ម៉ែត្រ ដែលនៅកណ្តាលមានតួប៉មធំមួយសាងសងអំពីឥដ្ឋ។
លក្ខណៈទូទៅ
កែប្រែសន្លឹកជណ្តើរសាងឡើងអំពីថ្មភក់ទាំងបីជាន់។ ជាន់នីមួយៗមានកាំជណ្តើរឡើងចុះគ្រប់ទិសទាំងបួនហើយគ្រប់កាំដំបូងសុទ្ធតែមានរាងជាក្បាច់ត្របកឈូក។ ទ្វារបញ្ឆោតមានចំនួនបីគ្រប់តួប៉មទាំងអស់ លើកលែងតែតួប៉មសំខាន់ ដែលស្ថិតនៅចំកណ្តាល ដែលគេចោះទ្វារថែមបីទៀត នាសម័យក្រោយការសាងសង់។ ព្រំដំបូល លោក G. Trouve បានបកស្រាយថា នៅតួប៉មកណ្តាល និងតួប៉មតូចៗព័ន្ធជុំវិញ សុទ្ធតែមានគ្រឿងដំបូលធ្វើអំពីឈើ ហើយមានកន្លែងសម្រាប់ចោះដាក់ជើងទម្រ គេអាចឃើងនៅតាមជញ្ជាំងនានា។ អណ្តូងនៅខាងក្រោយតួប៉មកណ្តាល អណ្តូងនេះមានជម្រៅប្រហែល ១២,២៥ម៉ែត្រ មានរាងការ៉ែ ដែលមានប្រវែង២,៧០ម៉ែត្របួនជ្រុង ហើយខណ្ឌដោយថ្មសម្រាបបូជាខ្លះ។សព្វថ្ងៃអណ្តូងនេះត្រូវបានចាក់បំពេញដោយកំទេចថ្ម ឥដ្ឋ និងដី ដែលបានធ្លាក់បាក់នៅសល់ជម្រៅប្រហែល៨,៦៨ម៉ែត្រតែប៉ុណ្ណោះ។ ជើងទម្រព្រះសិវៈលិង្គនៅតួប៉មកណ្តាល តាមលោក G. Trouve បានលើកឡើងថា នៅក្នុងតួប៉មកណ្តាលមានជើងទម្រធំមួយ ដែលមានប្រវែង ២,៧៥ ហើយពិតជាមានដាក់តម្កល់ព្រះសិវៈលិង្គនៅពីលើ។ គូទឹកនៅជុំវិញប្រាសាទ ទីក្រុងសំខាន់សម័យបុរេអង្គរមួយនេះមួយនេះព័ន្ធជុំវិញដោយគូទឹក ប៉ុន្តែគូទឹកខាងជើងត្រូវបានកែប្រែដោយការលើកទំនប់បារាយណ៍ខាងលិច។ ផ្លូវចូលប្រាសាទ កាលដើមឡើយប្រាសាទនេះទំនងមានផ្លូវចូលតែមួយមកពីទិសខាងកើត ប៉ុន្តែសម័យក្រោយមកទៀតប្រហែលជាមានការគែប្រែឱ្យមានច្រកចូលពីទិសទាំងបួន ហើយជាន់ទី២ ឱ្យមានជណ្តើរគ្រប់ទិសទាំងបួន។
សម្ភារសំណង់
កែប្រែប្រាសាទនេះមានសម្ភារសំណង់សំខាន់បួនប្រភេទដែលស្ថបត្យកម្មយកមកប្រើប្រាស់មានដូចជា ទី១ ឥដ្ឋជាសម្ភារសំខាន់ជាងគេ ដែលបុព្វបុរសខ្មែរយកមកសាងសង់តួប៉មកណ្តាល ខឿន និងតួប៉មតូចៗនៅជុំវិញ និងរៀបអណ្តូងនៅខាងក្រោម។ ទី២ ថ្មបាយក្រៀម ត្រូវបានយកទៅសាងសង់អាគាររាងចតុកោណមួយនៅខាងកើតតួមប៉មកណ្តាល និងធ្វើជាទំនប់ទប់បារាណ៍ខាងកើតតួប៉មកណ្តាល។ ទី៣ ថ្មភក់ត្រូវបានធ្វើជាផ្តែរ សសរពេជ្រ ស៊ុមទ្វារ សន្លឹកជណ្តើរ ផ្ទាំងសិលាចារឹក ជាពិសេសជើងទម្រដ៏ធំ។ ទី៤ ឈើត្រូវបានប្រើប្រាស់នៅតួប៉មកណ្តាល។