ប្រាសាទអាស្រមមហាឥសី
ប្រាសាទអាស្រមមហាឥសីស្ថិតនៅប៉ែកនិរតីប្រមាណជា ២៥០ ម៉ែត្រ ពីប្រាសាទភ្នំដា ក្នុងទឹកដីនៃខេត្តតាកែវ ដែលត្រូវបានសាងសង់ឡើងនា ស.តទី១១ លើខឿនប្រាសាទឥដ្ឋនាសម័យនគរភ្នំ ប្រាសាទអាស្រមមហាឥសី ជាសំណង់ស្ថាបត្យកម្មខ្មែរ ដែលមានចំណាស់ជាងគេ ធ្វើតាមលំនាំនៃប្រាសាទឥណ្ឌា ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។ បូជនីយដ្ឋាននេះ ធ្វើអំពីថ្មពពុះ បែរមុខទៅទិសខាងជើង ហើយមានទ្វារចូលធំមួយនិងបង្អួចតូចៗ តែគ្មានទ្វារបញ្ឆោតដូចសម័យក្រោយៗទេ ។ លក្ខណៈពិសេសមួយទៀតគឺ កំពូលប្រាសាទនេះ លំអរដោយក្បាច់ជាផ្កាឈូកក្តោបមួយ ព្រមទាំងវត្តមានរបស់មណ្ឌបមួយរាង ៤ ជ្រុងស្មើ ស្ថិតនៅផ្នែកខាងក្នុងនៃប្រាសាទ ដែលជុំវិញមានផ្លូវដើរភាវនាធម៌ ។ នៅអមតាមសងខាងនៃទ្វារមណ្ឌប យើងឃើញមានសសរពេជ្រពីរ ប្រហាក់ប្រហែលនឹងសសរពេជ្រពីរនៃទ្វារខាងក្រោមនៃប្រាសាទ ។ នៅចំកណ្តាលនៃមណ្ឌបមានអាសនៈមួយ ជាទីគោរពបូជាដែលពីដើមមានតម្កល់ចម្លាក់មួយ តំណាងឲ្យព្រះហរិះហរៈ តែសព្វថ្ងៃនេះ ត្រូវបានបារាំងយកទៅតម្កល់នៅសារមន្ទីរហ្គីមេ នៅទីក្រុងប៉ារីស ។ប្រាសាទអាស្រមមហាឥសី ដែលមានទំហំប្រមាណជា ៥,៥ ម៉ែត្រ x ៥,៥ ម៉ែត្រ ដោយមានកំពស់ ៧ ម៉ែត្រ ត្រូវបានទទួលការជួសជុលដោយអ្នកឯកទេសបារាំងឈ្មោះ ម៉ូហ្សេ រវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៣៥ តែមិនបានសព្វគ្រប់ ១០០ភាគរយនោះទេ ។ ការស្រាវជ្រាវថ្មីបានឲ្យដឹងថា ប្រាសាទនេះស្ថិតនៅក្នុងអន្តរកាល រវាងសម័យនគរភ្នំនិងចេនឡា ពោលគឺស្ថិតក្នុងអម្លុងចុង ស.តទី៥ ដើមស.តទី៦ ហើយបានទទួលឥទ្ធិពលពីសាលាវិចិត្រសិល្បៈអជន្តា ។
ស្ថាបត្យកម្ម
កែប្រែ- ទ្វារ៖ទ្វារចូលមានតែមួយ ហើយនៅលើស៊ុមទ្វារយើងមិនឃើញមាន ការឆ្លាក់ជាក្បាច់ក្បូរអ្វីទេ ។ លក្ខណៈមួយទៀតគឺទ្វារនេះ មានលក្ខណៈតូចល្មមសមស្របតាមទំហំនៃប្រាសាទ ។
- សសរពេជ្រ៖ជាការពិតណាស់ ដែលតួនាទីចម្បងរបស់សសរពេជ្រ គឺការទ្រផ្ទាំងចម្លាក់ផ្តែរដ៏ធ្ងន់ ក៏ប៉ុន្តែលើសពីនេះទៀត ក៏មានតួនាទីលំអសោភ័ណ្ឌភាពប្រាសាទដែរ ។ ទោះជាទីនេះ សសរពេជ្រ ដែលគេដាក់បញ្ឈរនៅអមសងខាងទ្វារចូល ហើយទ្រផ្ទាំងផ្តែរនោះ លំអរដោយក្បាច់លំអងផ្ការំយោល តែនៅផ្នែកកណ្តាលក៏មានការឆ្លាក់ក្បាច់ចិញ្ចៀនដែរ ។
- សសរផ្អោប៖ នេះជាលើកដំបូងបង្អស់ ក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរដែលយើងឃើញមានវត្តមាន របស់សសរផ្អោបអមសសរពេជ្រ ទាំងសងខាង ដែលជាកត្តាមួយយ៉ាងសំខាន់ ដើម្បីទ្រហោជាង ។ ដូចនេះ មុខងាររបស់សសរផ្អោបគឺ ការលំអប្រាសាទផង និងធានាសុវត្ថិភាព របស់សំណង់ផង ។
- ផ្តែរ៖ នេះជាលើកដំបូងហើយ ដែលយើងបានជួបនូវផ្តែរ ដែលមានរាងជាអង្កត់ពីកំណាត់ ដែលមានក្បាច់ផ្ការំយោលតាមលំនាំឥណ្ឌា ។ ម្យ៉ាងវិញទៀត ស្ថិតនៅលើក្លោងទ្វារចូល ផ្តែរនេះបញ្ចេញមុខងារមួយយ៉ាងសំខាន់ គឺការស្វាគមន៍ដល់សាសនិកជន ដោយផ្តល់នូវភាពរីករាយ សប្បាយ តាមរយៈកម្រងផ្កាដែលស្ថិតលើក្បាលរបស់ខ្លួន ។
- ហោជាង៖ ហោជាងមានទ្រង់ទ្រាយជាអក្សរអ៊ុយបញ្ច្រាស ឬដូចក្រចកសេះ ហើយរីកនៅខាងចុង ។ យើងអាចសន្មត់ថា វាជាគម្រូនៃហោជាងនាសម័យក្រោយៗ ថ្វីត្បិតតែមានលក្ខណៈសាមញ្ញជាងក៏ដោយ ។ ក្បាច់ក្បូរដែលលំអរតុបតែងហោជាងនេះ ត្រូវបានរលុះបែកបាក់ជ្រុះអស់ គ្រាន់តែបន្សល់នូវចម្លាក់ជារាងប្រាសាទអណ្តែតតែប៉ុណ្ណោះ ។
- បង្អួច៖ នៅតាមជញ្ជាំង នៃប្រាសាទអាស្រមមហាឥសីមានបង្អួចចំនួនប្រាំបី ពោលគឺខាងកើតនិងខាងលិច ព្រមទាំងពីរទៀតនៅផ្នែកខាងមុខទ្វារចូល ។ បង្អួចទាំងនោះមានលក្ខណៈជាប្រាសាទអណ្តែត ហើយស៊ីមេទ្រីគ្នាគួរឲ្យចាប់អារម្មណ៍ជាអនេក ។ ម្យ៉ាងវិញទៀត នៅលើបង្អួចសិប្បនិម្មិតនីមួយៗ គេឃើញមានស៊ុមលៀនមកក្រៅ ហើយមានសសរពេជ្រពីរទ្រផ្តែរនិងហោជាង ដែលគ្មានចម្លាក់ ។ ក្បាច់សសរពេជ្រទាំងនោះ ដែលជាក្បាច់ផ្ការំយោល មានលក្ខណៈដូចក្បាច់សសរនៃក្លោងទ្វារ តែលក្ខណៈតូច ។ ហោជាងនិងផ្ទាំងផ្តែរនៃប្រាសាទតូចៗទាំងនោះ គ្មានក្បាច់ក្បូរឡើយ ។
- វិមានអាកាស៖ ក្រៅពីបង្អួចទាំងបួនខាងលើនេះ នៅឯខាងមុខប្រាសាទវិញ យើងក៏ឃើញបង្អួចពីរទៀតអមសងខាងទ្វារចេញចូល ដែលមានលក្ខណៈជាវិមានអាកាស ។ សារៈសំខាន់របស់បង្អួច ដែលមានរូបរាងជាប្រាសាទ ឬវិមានតូចៗ បង្ហាញឲ្យដឹងថា យើងកំពុងស្ថិតលើទេវស្ថានយ៉ាងប្រាកដ ដោយហេតុថា វិមានអាកាសទាំងនោះ ជានិមិត្តរូបនៃភាពអវកាស ឬលំហរ ។
ជារួម ប្រាសាទអាស្រមមហាឥសី គឺជាសំណង់ស្ថាបត្យកម្មខ្មែរ ដែលមានចំណាស់ ចាស់ជាងគេបំផុត ក្នុងទឹកដីខ្មែរសព្វថ្ងៃនេះ ។ ថ្វីត្បិតតែប្រាសាទនេះ បានទទួលឥទ្ធិពលយ៉ាងខ្កាំងក្លាពីឥណ្ឌា ក៏មែនពិត ក៏ប៉ុន្តែ យើងពុំអាចនិយាយបានថា សំណង់ស្ថាបត្យកម្មនេះគឺជាការចំលងទាំងដុលនៃរូបមន្តឥណ្ឌាបានទេ ។ ព្រោះថា នៅប្រទេសឥណ្ឌា គេពុំដែលជួបប្រទះប្រាសាទណាមួយ ដែលមានលក្ខណៈដូចគ្នាទាំងស្រុង នឹងសំណង់ប្រាសាទរបស់យើងនោះទេ។