ពិធីចូលម្លប់
ខណៈដែលកូនប្រុសមានឱកាសចូលបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ពិធីចូលម្លប់ គឺជាពិធីប្រពៃណីទំនៀមទម្លាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើងដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថាពិធីនេះមានតាំងពីពេលណាមកនោះទេ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស គឺប្រហែលនៅរវាងឆ្នាំ ១៩៣០-១៩៤០ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាលពីមុនទៀត។
ពិធីនេះគឺធ្វើឡើងនៅពេលកូនក្រមុំខ្មែរចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលមានរដូវដំបូង ដោយមិនមានដេញវេលាល្អអាក្រក់ដូចពិធីកោជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ។ ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ។
ពិធីឆ្លងវ័យនេះមានគោលបំណងសំខាន់ៗមួយចំនួន ៖
ប្រកាស់ភាពពេញក្រមុំនៃកូនស្រី
បន្ទុំសម្បុរ និងអប់រំរូបរាងកាយឲ្យកូនស្រី
បំពេញលក្ខណៈ ចរិយាសម្បត្តិ វិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឲ្យកូនស្រី ( ច្បាប់ស្រី ដេរប៉ាក់ ត្បាញរវៃ….)
ដើម្បីទាក់ទាញអារម្មណ៍ញាត្តិមិត្តតាមរយៈរូបរាងកាយ ចរិយា និងវិជ្ជា។
ជាទូទៅ ការចូលម្លប់មានរយៈពេលចាប់ពី ៣ទៅ ៦ខែ ឬអាចលើសពីនេះតាមលទ្ធភាពគ្រួសារនីមួយៗ។