ចៅពញាពិស្ណុលោកឯក (ចៅពញា ជាសក្ដិ, ពិស្ណុលោក ជាងារ, ឯក ជាឈ្មោះ) លោកជាស្ដេចត្រាញ់នៃខែត្រទ្រាំងជាខែត្រនៅចុងខាងកើត កាលណោះដែនដីទិសខាងកើតស្ថិតនៅក្រោមការកាន់កាប់របស់ព្រះស្រីជេដ្ឋាទី២

ប្រវត្តិ និង កិច្ចការសឹក

កែប្រែ

លើកទ័ពទៅវាយអម្រិន្ទបូរពោធិ៍សាត់

កែប្រែ

លុះដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខែត្រថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខែត្រ​អម្រិន្ទបូរពោធិ៍សាត់​វិញ​ឲ្យ​បាន។ សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន ឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០ ​នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព ​២០០០០ ​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខែត្រ​សំរោងទងឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល ​៣០០០០ ​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ។ ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើសេះ​ពី​ខែត្រ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ាចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែឲ្យ​ឃុំ​ពល ​២០០០០​នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យយសរាជា​នៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ ៣០០០០​ នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌នៅ​ខែត្រ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែលើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយកព្រះរាជា​នុកូលទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ចំនួន​ដំរី​សឹក​ ១៤០​ នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាលទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។ មេទ័ព​នៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខែត្រ​បាទី ខែត្រ​ទ្រាំង​មួយ ចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាស​មួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅ​មឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោង​មួយ ចៅ​មឿងជើងកញ្ជុំ​មួយ នាំ​មក​ក្រាបទូល​ថ្វាយ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខែត្រដូច​ដើម​វិញ។ ចៅពញា​ពិស្ណុលោក​ឯក ជា​ចៅហ្វាយស្រុកខែត្រ​ទ្រាំងក្នុង​ពេល​នោះ​រត់​រួច ហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនសមួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខែត្រនោះ។ ដល់​រដូវ​ទ្វារទសមាសអកអំបុក​នោះ អស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជា ជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ ឈើ ប្រក់​ស្បូវ នៅ​កំពង់​ខែត្រ​លង្វែក។ លុះដល់​សំរេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូក​ ប្រទីប ថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែលតំកល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ទាថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តំកល់​ព្រះ​ចង្កូម​កែវ​នៅ​ឋាន​ត្រៃត្រិង្ស ​៣​ ថ្ងៃ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ហៅ​ថា “ភូមិ​សូរវង្ស”។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​ កំពង់ប្រាសាទ​រៀង​មក។ លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខែត្រភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វា​កៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ ជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយ គ្មាន​ស្រូវ វេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។ លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខែត្រ​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ាយមរាជ​ព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាម ជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ៊្វាទឡ្ហៈ​ទេព ជា​កូន​ទី​ ៣​ ចៅពញា​មឿង ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញា​មឿង​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន្ត។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បានខែត្រ​ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោម។ ចៅ​មឿង​ដែល​ឡើង​ខែត្រ​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែខែត្រ​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។ សម្ដេចព្រះ​ស្រីជេដ្ឋា​ម្ចាស់ផែនដី​ដែល​ឡើង​ខែត្រ​ត្រើយ​ខាងកើត ទ្រង់​ជ្រាប​អំពី​បរាជ័យ​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា ចៅពញា​ចន្ទ​នេះ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ឧបាយកល​គេ ខូច​រេហ៍ពល​ច្រើន​ដងមិន​គិត​សងសឹក​វិញ​ឲ្យ​បាន​សោះ។

តំណែងនយោបាយ
មុនដោយ
ពិស្ណុលោកទេន
ចៅពញាពិស្ណុលោកឯក តដោយ
ពិស្ណុលោក (ចន្ទរាជា)