ចៅពញាយសរាជា (១៤៩៤-១៥២៧)ព្រះអង្គគឺជាបុត្រារបស់ព្រះបាទឝ្រីឝៅគន្ធបទ និង អ្នកព្រះម្នាងកេសរបុប្ផា ហើយត្រូវជាព្រះភគិនេយ្យោ ព្រះបាទចន្ទរាជា និង ព្រះស្រីជេដ្ឋា

យសរាជា
ចៅពញា
បុត្រជ័យជេដ្ឋា, សុជាតិក្សត្រី
វង្សធម្មរាជា
សន្តតិវង្សអង្គជ័យ, ស្រីជេដ្ឋា
បិតាឝ្រីឝៅគន្ធបទ
មាតាអ្នកព្រះម្នាងកេសរបុប្ផា
ប្រសូត១៤៩៤
ស្រីសន្ធរ
សុគត១៥២៧
យសរាជា
កែវនាយកនៃក្រុងមានជ័យ
ក្នុងការិយាល័យ
សតវត្សទី១៦–១៥២៧
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
យសរាជា

១៤៩៤
ក្រុងស្រីសន្ធរ
ស្លាប់១៥២៧
កូនសុជាតិក្សត្រី, ជ័យជេដ្ឋា
ឪពុកម្តាយ(s)ឝ្រីឝៅគន្ធបទ, កេសរបុប្ផា

ប្រវត្តិ និង ព្រឹត្តិការណ៍

កែប្រែ

ការប្រសូត

កែប្រែ

អ្នកព្រះស្នំឯក មានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមចៅពញាយសរាជា ជាព្រះរាជឱរសាធិរាជនៃព្រះបរមបពិត្រ អ្នកជាម្ចាស់ជីវិតលើត្បូង ព្រះបាទឝ្រីឝៅគន្ធបទ

ព្រះបិតាសោយទិវង្គត

កែប្រែ

ក្រោយពីស្ដេចកនបានរួចរស់ជីវិតមក ទ្រង់បានដឹកនាំទ័ពប្រឆាំងនឹងព្រះរាជាវិញ។ ចំបាំងនៅបន្ទាយលង្វែក កាលណោះ មេទ័ពដែលព្រះស្ដេចកនឲ្យទៅវាយបន្ទាយលង្វែកនោះបានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ជាបានការយ៉ាងណានៅឡើយ។ ឯមេទ័ពដែលទៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខែត្រកំពង់សៀម ហើយ​ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខែត្រកំពង់សៀម ស្ទឹងត្រែង ដឹងថាមេទ័ពខាងព្រះស្ដេចកនលើកទ័ពចូលមកដល់ខែត្ររបស់ខ្លួនហើយ ក៏កេណ្ឌទ័ពបំរុងទុកចាំទទួលច្បាំងហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ។ សេនាបតីយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ត្រាស់ថា: ខាងនេះមានកងទ័ពចូលមកចោមរោមខាងនោះក៏មានកងទ័ពទៅចោមដែរ។ បើដូច្នេះយើងនឹងចែកកងទ័ពឲ្យទៅជួយខ្លះកាលណាឡើយទ័ពយើងនឹងទ្រាំនឹងទ័ពសត្រូវបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា: ពីដើមឡើយសង្ឃឹមសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលសត្រូវរត់ទៅក្រុងទេពបាត់ទៅហើយ។ នៅឡើយសង្ឃឹមតែចៅពញាយសរាជា ដែលឧកញ៉ាយមរាជយកទៅរក្សាតែបុត្រាក៏ទើបតែនឹងបានព្រះជន្មបួនប្រាំខួបប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបានទើបទ្រង់ត្រាស់ប្រើ ចៅពញាក្រឡាហោមឲ្យឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០០០០ នាក់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើត។ ចៅពញាក្រឡាហោម បានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំ ឃុំពល ១០០០០ នាក់នោះ លើកឆ្លងទៅតាមព្រះរាជបញ្ជា។ ព្រះបរមបពិត្រស្ដេចទុកទាហានឲ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥០០០ នាក់ប៉ុណ្ណោះ។ មេទ័ពដែលព្រះស្ដេចកនឲ្យលើកទៅចោមទ័ពហ្លួងនៅបន្ទាយលង្វែកនោះ កាលដឹងថាបន្ទាយនោះធ្វើមាំមួនណាស់ ​​​​​​​​​​​​​​ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ ២៥០០០ នាក់ទេក៏មានសំបុត្របកមកសុំកងទ័ពពីបន្ទាយចតុម្មុខបាន ១០០០០ នាក់ទៀតជា ៥០០០០ នាក់ព្រមដោយគ្រឿងសស្ត្រាវុធផង។ កាលបានទ័ពហើយមេទ័ពខាងព្រះស្ដេចកន ក៏លើកទៅចោមបន្ទាយលង្វែកច្បាំងបាញ់គ្នាអស់ ៤ យប់ ៤ ថ្ងៃ ពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួង ដែលមានរេហ៍ពលតិចក្រឡេកមើលទៅខាងកងទ័ពសត្រូវ ដែលផ្លាស់គ្នាដូចជាគេមានកងទ័ពថែមមកទៀតព្រះអង្គក៏យល់ថានឹងទ្រាំទៅទៀតពុំបានឡើយទើបទ្រង់ថយទ័ពទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ)។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួទៅនៅសំរោងសែន ក្នុងខែត្រសន្ទុកអស់។ មេទ័ពព្រះស្ដេចកន ក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួងដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវ ដឹងថាទ័ពហ្លួង បែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ។ ឯសត្រូវ ក៏រាយទ័ពវាយត្រឡប់មក ប្រកាប់គ្នាយ៉ាងក្លាហាននឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយ អន្តរាយបែកទ័ព រត់ត្រឡប់ចូលមកភ្នំពេញវិញ។ ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខែត្រពោធិ៍សាត់) ជាមេទ័ពឃុំពល ១០០០០ នាក់ទៅឈររក្សាខែត្ររលាប្អៀ ឲ្យចៅពញាយមរាជជាបិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជានាំពល ៥០០០ នាក់ ទៅវាយយកខែត្រខាងកើតឲ្យបានមកវិញ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រ លើកទ័ពទៅប្រជុំនៅខែត្រអាសន្ទុក។ ចៅពញាយមរាជបានទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយ ប៉ែកឆ្វេង ប៉ែកស្ដាំ ហើយលើកទ័ពចេញទៅ។ លុះទៅដល់ខែត្របារាយណ៍ ចៅពញាយមរាជក៏បានជួបនឹងទ័ពខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នាជាច្រើនយប់ច្រើនថ្ងៃមក ទ័ពខាងចៅពញាយមរាជមានកំលាំងជាងខាងមេទ័ពព្រះស្ដេចកន ដូច្នេះចៅពញាយមរាជក៏បញ្ជាឲ្យទ័ពដេញមេទ័ពស្ដេចកនរហូតទៅ ហើយយកបានខែត្របារាយណ៍ ជើងព្រៃ កំពង់សៀម ស្ទឹងត្រង់រួចចាត់មន្ត្រីឲ្យនៅរក្សាខែត្រទាំងនោះយ៉ាងមាំមួន។ តមក ចៅពញាយមរាជក៏លើកទ័ពទៅក្រាបបង្គំទូលព្រះបរមបពិត្រនៅខែត្រអាសន្ទុកថាបានវាយឈ្នះ ហើយយកបានខែត្រទាំងនេះតាមកិច្ចរាជការហើយសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ព្រះ​អណរ​ណាស់។ ស្ដេច​កន​តាំងពី​វាយ​យក​បាន​បន្ទាយ​ភ្នំពេញ​មក ក៏​ចាត់​មេទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​នោះ​យ៉ាង​មាំមួន តែ​ខ្លួន​ព្រះស្ដេច​កន​ត្រឡប់​ទៅ​គ្រប់គ្រង​ស្រុក​បាសាន​វិញ។ ត​មក​ព្រះស្ដេច​កន​ក៏​តាំង​តែ​ឲ្យ​កេណ្ឌ​ទ័ព​មក​ថែម​ទៀតបាន​ទ័ព​ថ្មី​ទាំងអស់​ចំនួន​ដប់​ម៉ឺន​នាក់ ហើយ​​ឲ្យធ្វើ​ព្រះរាជ​ពិធី​លើក​ខ្លួនឯង​ឡើងជា​មហាឧបរាជ​ភូ​សម្រេច​រាជការ​មហាក្រស័ត្រ​សឹក។ ស្ដេច​កន​ឲ្យ​ធ្វើ​ទង់​ពណ៌​ក្រហមប៉ាក់​រូប​នាគ​ក្បាល​៨សំរាប់​កងទ័ព។ ខ្លួន​ស្ដេច​កន​បាំង​ក្លស់​ដូច​ស្ដេច។ ហេតុនេះ​ហើយ​បាន​ជា​មាន​ពាក្យ​រាស្ដ្រប្រជា​ហៅ​ថា ស្ដេច​កន ​តាម​ឈ្មោះ​ពី​ឪពុក​ឲ្យ​ខ្លះ​តាម​ឈ្មោះ​ដែល​ហ្លួង​ប្រទាន​ឲ្យ​ខ្លះ​ គឺ​ហៅ​តាម​ឈ្មោះ​ដែល​គ្រួ​ឲ្យ​ខ្លះ។ មហាឧបរាជ​កន​តែងតាំង​មន្ដ្រី​ក្រៅ និង​ក្នុង​ក្រុង​ជា​ស្រេច​ហើយ ទើប​ឲ្យ​ព្រះ​ពិជ័យ​នាគ​រក្សា​បន្ទាយ​ក្នុង​នគរ ។ ឯ​ខ្លួនឯង​លើកទ័ព​ទៅ​បោះ​នៅ​ខេត្ដ​កំពង់សៀម។ អស់​មុខមន្ដ្រី​ដែល​ចៅពញា​យមរាជ​ឲ្យ​នៅ​រក្សា​ខេត្ដ​ទាំងឡាយ​ដែល​ដណ្ដើម​យក​ បាន​ពី​មេទ័ព​ព្រះស្ដេច​កន កាលបើ​ឃើញ​ទ័ព​របស់​សត្រូវ​ច្រើន​លើសលប់​កំលាំងណាស់ ក៏​រត់​ប្រាស​យក​តែ​អាយុ​សព្វ​ខ្លួន រួច​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ​គ្រប់ៗ​គ្នា។

ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឱកម៉ឺនសូរិន្ទកែវ គ្រងងារ យមរាជមួយ ចៈម៉ឺនចៃចុងរ័ក្សសោមមួយនាំទាហានទាំងពីររយនាក់ចូលទៅស្រែកថាមានការណ៍ធំណាស់សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គទាហានទាំងពីរកាយនេះកាប់ត្រូវព្រះអង្គជាទំងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅកូនទាហានទាំងពីររយនាក់នោះទទួលកាប់ចាក់គ្នាជាឱឡារិក ឮសូរសន្ធឹកនេះដល់ទៅចៅពញាយមរាជដែលជាបិតាលៀងនៃចៅពញាយសរាជាជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់​ ៣០​ នាក់ស្លាប់ខាងទ័ពហ្លួងជាង ១០០ នាក់។ ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា: ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវរត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាស្រូវកន តែច្បាំងពុំបានក៏នាំចៅពញាយសរាជាចុះទូកចែវរត់ទៅ។ លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជលុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញ ចៅពញាយសរាជាចូលទៅក្រុងទេព

នេះនឹងស្រដីអំពីសម្ដេចព្រះឥសីភ័ទ្ទសួសថា: កាលដែលបន្ទាយសំរោងសែនបែកទ័ពនោះ សម្ដេចព្រះឥសីភ័ទ្ទព្រមគ្នានិងស្ម័គ្របក្សពួកអញ្ជើញយកព្រះខឌ្ដរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ។ នៅទីនោះ លោកគិតថា: បើអញទ្រាំទៅឲ្យដល់ទៅស្រុកសៀមទៅមុខជាសៀមមិនឲ្យអញត្រឡប់មកវិញទេ។ លុះគិតដូច្នេះហើយសម្ដេចឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅបន្ទោបង់ឧច្ចារៈ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅ សម្ដេចព្រះឥសីភ័ទ្ទលោកក៏បត់ក្បាលទូកនោះចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅយកតែព្រះខឌ្ដរាជ្យ និង លំពែងជ័យ ព្រះកៅទណ្ឌសរនោះឲ្យអាសូរជាខ្ញុំវេចស្ពាយរត់ទៅដល់ចុងខេត្តបាទី។ (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើម ស្រុកកណ្ដាលស្ទឹង ស្អាង សំរោង ភ្នំស្រួច ភ្នំស្រង់ គងពិសី ទាំងអស់នេះនៅក្នុងខែត្របាទីដែរ)។ នៅទីនោះ សម្ដេចឥសីភ័ទ្ទ ក៏នាំគ្នានឹងអាសូរជាខ្ញុំពួនពាក់លាក់ខ្លួនមិនឲ្យអ្នកណាដឹងឡើយ។ ឯព្រះខឌ្ដរាជ្យនិងព្រះលំពែងជ័យ និង គ្រឿងព្រះបញ្ចក្សេត្រនោះ សម្ដេចឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ។

ការភៀសព្រះកាយទៅក្រុងទេព

កែប្រែ

ក្រោយពីព្រះបិតា ព្រះស្រីសុគន្ធសុគតហើយ ចៅពញាយសរាជាជាព្រះរាជបុត្រព្រមទាំងបណ្ដាជាខ្ញុំក្រុមមហាតលិកនាំព្រះអង្គរត់ទៅដល់ស្រុកសៀម ហើយក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជាជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយ ក្លែងឧបាយក្បត់ផែនដី។ ទ្រង់ថ្លែងសេចក្ដីពីសម្ដេចព្រះវររាជបិតាក្ស័យព្រះជន្ម នៅស្ទឹងសែន សព្វគ្រប់ប្រការ។ សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានសេចក្ដីអាល័យសម្ដេចព្រះជេដ្ឋាណាស់។ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេចដែលវាចេញក្បត់ផែនដីទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ស្ដេចទ្រង់ព្រះកន្សែងទាំងពីរអង្គ ទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា។ លុះបន្ទោសោកស្រេច សម្ដេចព្រះបរមរាជាមហាឧបរាជ ស្ដេចនាំចៅពញាយសរាជចូលគាល់សម្ដេចព្រះមហាចក្រពត្តិ "ស្ដេចសៀម" ទូលរឿងសព្វគ្រប់ហើយទូលពីសម្ដេចព្រះរៀមសុគតគ្រប់ប្រការរួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្ដេចប្រហារជីវិតឲ្យបាន។ ព្រះមហាចក្រពត្តិទ្រង់ប្រារព្ធនឹងក្រស័ត្រទាំងពីរព្រះអង្គហាក់ដូចជាឈឺឆ្អាលណាស់ថាចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។ រីឯមហាឧបរាជកនភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ៊្វាកៅ ត្រូវជាមានិងនាយកងនាយទ័ពលើកទៅសង្កត់ខែត្រឲ្យរាបទាបទាំងអស់គឺខាងជើងទល់នឹងនគរលាវខាងលិចទល់នឹងនគរចាមខាងត្បូងទល់នឹងសមុទ្រ។ លុះសង្កត់ខែត្របានរាបទាបហើយចៅហ៊្វាកៅ ក៏តាំងចៅហ្វាយស្រុកឲ្យនៅរក្សាខែត្រយ៉ាងមាំមួនរួចទើបត្រឡប់មករកមហាឧបរាជកនវិញ។

មហាឧបរាជភូសម្រេចការរាជការ (ភូ មានន័យថា អ្នក ឧទាហរណ៍ ភូឈួយ មានន័យថា អ្នកជួយ រឺជំនួយការ) មហាក្រស័ត្រសឹកបានដឹងថា អាណាខែត្ររាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ ទើបឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ្វាកៅជាមាឲ្យជាធំសំរេចរាជការខាងទាហាន។ ក្រៅពីនោះ តាំងឲ្យជាសេនាបតីមន្ត្រីធំតូចតាមមានគុណបំណាច់រាល់រូប។ លុះរៀបចំសេនាបតីរួចស្រេចហើយមហាឧបរាជកនក៏ប្រកាសថា: បើអ្នកណារកព្រះខឌ្ដរាជ្យមកថ្វាយបាន មហាឧបរាជនឹងឲ្យរង្វាន់ជាមាស ៥០០ តម្លឹង តែរកពុំឃើញសោះ។ ស្ដេចកនឲ្យធ្វើព្រះខឌ្ដថ្មីវិចិត្ររចនាដោយសុវណ្ណរតន៍រួចស្រេចហើយ សម្ដេចចៅហ្វាកៅ និង អស់សេនាបតីមន្ត្រីតូចធំខ្ញុំព្រះរាជការជំនុំព្រមគ្នារៀបចំពិធីប្រាប្ដាភិសេកមហាឧបរាជ ឲ្យឡើងសោយរាជសម្បត្តិគ្រប់គ្រងក្រុងកម្ពុជាធិបតីតទៅ។

ការវាយបង្ក្រាបស្ដេចកន

កែប្រែ

សមរភូមិខេត្តក្រគរ

កែប្រែ

នេះ​នឹង​និយាយ​អំពី​ចៅ​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុក​វិញ។ ចៅហ្វាយស្រុក​ខេត្ត​អាសន្ទុក​លុះ​ដឹង​ថា “សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខេត្ត​រលាប្អៀរ លង្វែកហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់​ខេត្ត​ដែល​ឡើង​ខេត្ត​អាសន្ទុក​នោះ គឺ​មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង ​២៥​នេះ​កេណ្ឌ​បាន​ពល​ ៨០០០០ ​នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​សំរាប់ចំលង​កងទ័ព​ឆ្លង​ទៅ​ខេត្ត​ក្រគរដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​រត់គេច​ខ្លួន​បាន។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​អមរគីរីន្ទបូរ (អម្រិន្ទបូរី)។ ក្នុង​មួយ​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា “កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ឲ្យ​កងទ័ព​ឆ្លងទន្លេ​សាប​មក​ខេត្ត​ក្រគរ​ហើយ” ទ្រង់​ឈ្វេងយល់​គ្រប់​ប្រការ​ស្រេច ទើប​ស្ដេច​ត្រាស់​បង្គាប់​បម្រើ​សេះ​ឲ្យទៅ​ទូល​ចៅពញា​យសរាជា​ដែល​នៅ​រក្សា​ ខេត្ត​ពោធិ៍សាត់​ថា ឲ្យ​លើក​កងទ័ព​ទៅ​ស្ទាក់​ចាំ​នៅ​កំពង់​ដៃទន្លេ​សាប កុំ​ឲ្យ​កងទ័ព​សត្រូវ​ឡើងគោក​រួច។ ឯ​ចៅពញា​យសរាជា​ជា​ស្ដេច​ព្រះ​ភាគិនេយ្យោ (របស់​ព្រះ​ចន្ទរាជា) ទ្រង់​ជ្រាប​ហើយ​ទ្រង់​ឲ្យ​នាយកង​ទ័ព​នាំ​រេហ៍ពល ​១០០០០ ​នាក់កាន់​កាំភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​នៅ​មាត់ព្រៃ​ទន្លេសាប​ពីរ​អន្លើ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន។ ទ្រង់​ត្រាស់​កំណត់​ថា បើ​កងទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ត្រូវ​ឲ្យ​តាម​បាញ់​តាម​ចាប់​យកជ័យ​ជំនះ​ឲ្យ​បាន។

សម្ដេចចៅពញា​ចន្ទរាជា កាល​ឲ្យ​បំរើ​ទៅ​ទូល​សម្ដេចព្រះ​ភាគិនេយ្យា​ចៅពញា​យសរាជា​រួច​ហើយស្ដេច​ត្រាស់​បង្គាប់​ចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅ ឲ្យ​នាំ​រេហ៍ពល​២០០០០ ​នាក់​ទៅ​បង្កប់​ចាំ​នៅ​មាត់​ព្រែក​ទន្លេសាប​ត្រើយ​ខាងកើត ហើយ​ទ្រង់​ផ្ដាំ​ថា “បើ​ឮ​កាំភ្លើង​សន្យា​ទ័ព​ហើយឲ្យ​លើក​កងទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សំរេច​ចុះ”។ ចៅពញា​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ថ្វាយ​លា​ចេញ​ទៅ​តាម​ព្រះរាជ​បញ្ជា។ ឯ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​ចក្រពត្ដិគឺ​ទូក​ង​សារាយអណ្ដែត​នោះ ព្រម​ដោយ​ទូក​ង​ផ្សេងៗ​២៥​ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​មាត់​ព្រែក​ទន្លេសាប ​ចាំ​ទ័ព​សត្រូវ។ ចៅពញា​ឧទ័យធិរាជ​ចៅហ្វាយស្រុក​ខេត្ត​អាសន្ទុក (ខាង​ស្ដេច​កន) កាល​បាន​ទូក និង​ទ័ព​មក​ជួបជុំ​ហើយ​ក៏​ដេញ​ពល​ឲ្យ​ចុះទូក​ទៅ​ដល់​ជិត​ព្រៃ​ត្រើយ​ខាងលិច។ ខណៈនោះ​កងទ័ព​ចៅពញា​យសរាជា​ដែល​បង្កប់ខ្លួន​នោះ​ក៏​តាំង​ហ៊ោរ​បាញ់កាំភ្លើង​ធំ​តូច​រំពង​ឡើង។ កងទ័ព​ចៅពញា​ឧទ័យធិរាជ​ជិះទូក​កំណែនគ្មាន​ចំណាប់​នឹង​បាញ់ក៏​បែក​កងទ័ព​រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយអន្លើ​ក្នុង​ខេត្ត​អម្រិន្ទបូរ។ នៅ​ទីនោះ​កងទ័ព​ចៅពញា​ឧទ័យធិរាជ​ទាំងនោះ​រត់ទៅ​ជួបនឹង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម។ ខាង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​កាប់​ចាក់​កងទ័ព​សត្រូវ​ឥត​ត្រា​ប្រណី​ឡើយធ្វើ​ឲ្យ​កងទ័ព​សត្រូវ​ទ្រាំ​មិន​បាន​ក៏​រត់​ឆ្លង​ទៅ​ត្រើយ​ខាងកើត​វិញ។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់ទឹក​ទន្លេសាប​នោះ​ប្រមាណ​ជា​ពីរ​ឬ​បី​ពាន់​នាក់។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ដែល​បង្កប់​ក្នុង​ព្រៃ លុះ​ឮ​សូរកាំភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅពញា​ឧទ័យធិរាជ​រារង់​ថយ​មក​នោះ ទ្រង់​ក៏​ឲ្យ​ទូក​ង​ទាំង​២៥ និង​ទូក​ព្រះ​ទីនាំង​ព្រះ​ចក្រពត្ដិ​អុំ​សំរុកចូល​ទៅ​ចាប់ ហើយ​ចាប់​បាន​ទាំង​ពល​ទាំង​ពញា​ឧទ័យធិរាជ និង​ចៅ​មឿង​ ១០ ​នាក់​ទៀត។ ឯ​ចៅ​មឿង ​១១​នាក់​ទៀត​លោត​រត់​ដោះ​ខ្លួន​ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើតជា​មុន។ ឯ​ចៅពញាអ​ធិបតី​សេនា និង​ចៅពញា​យោធា​សង្គ្រាម​ដែល​នៅ​បង្កប់ទ័ព​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​នោះ លុះ​ឃើញ​ចៅ​មឿង​ទាំង ​១១​នាក់​រត់ទៅ​ដល់​ហើយ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញចាប់​បាន​ទាំងអស់ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំការ​ទំរាំ​ស្ដេច​យាង​ទៅ​ដល់។ លុះដល់​ថ្ងៃរសៀល​សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ចេញ​ព្រះរាជ​ដំណើរ​ទៅ​ដល់​ ព្រះ​ពន្លា​នៅ​ត្រើយ​ខាងកើត​នោះ​ហើយចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅ នាំ​ចៅហ្វាយស្រុក​ចៅ​មឿង​ទាំង​២២​នាក់ និង​ឈ្លើយ​ទាំង​ ៦០០០០​នាក់​ដែល​ចាប់​បាន​នោះ នាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ។ ខណៈនោះ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន សេនា​ទាហាន ឯក ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍ពល​៦០០០០​នាក់ ក៏​កោតខ្លាច​អំណាច​បុណ្យ​បារមី​នៃ​សម្ដេចចៅពញា​ចន្ទរាជា ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជការ​ត្រា​អស់​មួយ​ជីវិត។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​តាម​សុំ។ តែ​ក្នុង​គ្រានោះ​ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​នូវ​ក្រុម​ព្រះ​បុរោហិត​នៅឡើយនឹង​ឲ្យធ្វើ​សច្ចាប្រណិធាន​តាម​ច្បាប់​ប្រពៃណី​ពុំ​កើតទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ទាំងនេះ​ទទួល​ថា​តាម​ព្រះ​អង្គ​ ៣​ដង​ម្នាក់ៗ ហើយ​ឲ្យ​ក្រុម​ទាំងនោះ​ទទួលទាន​ទឹកពិភទ្ទសច្ចា​ទុកជា​ការ​ស្រេច។ លុះ​ពល​ទាំងនោះ​សុំ​ចុះចូល​អស់ហើយ ព្រះ​អង្គ​ត្រាស់​បង្គាប់​ទៅ​ពញា​ឧទ័យធិរាជ​ជា​ចៅហ្វាយ​ស្រុកខេត្ត​អាសន្ទុក​ដែល​ទើបនឹង​សុំ​ចុះចូល​ឲ្យ​នាំ​មឿង​ទាំង​ ២២​ស្រុក និង​រេហ៍ពល​ ៦០០០០​នាក់ ​ដែល​សល់​ពី​ស្លាប់​នោះ​ឲ្យ​លើកទ័ព​ទៅ​វាយបន្ទាយ​ខេត្ត​កំពង់សៀម បន្ទាយ​ខេត្ត​ជើងព្រៃ និង​ស្ទឹងត្រង់ ទាំង​៣​ខេត្ត​នេះ​ឲ្យ​បាន។ ចៅហ្វាយស្រុក​ទាំង​៣​ខេត្ត​នេះ​ធ្លាប់​ខ្លាច​ថ្វីដៃ​ចៅពញា​ឧទ័យធិរាជ​ស្រាប់ លុះ​ឃើញ​កងទ័ព​ពញា​ឧទ័យធិរាជ​ចាត់​សេនា​ទាហាន​ឲ្យ​នៅ​រក្សា​ខេត្ត​ទាំង​៣​ នោះ​ហើយ ក៏​លើកទ័ព​មក​ក្រាបបង្គំ​ទូល​ស្ដេច​ចៅពញា​ចន្ទរាជា​អំពី​ជ័យ​ជំនះ​ដែល​ ខ្លួន​យក​បាន​គ្រប់​ប្រការ។ ស្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ព្រះ​រាជទាន​មាស ប្រាក់ យសស័ក្ដិ​ដល់​សេនា​ទាហាន​ទាំងនោះ​ឲ្យ​ឡើង​ទីទៃៗ​ពី​គ្នា​តាម​សមគួរ​ហើយ ទ្រង់​ផ្ដាំ​នឹង​ចៅពញា​ឧទ័យធិរាជ​ឲ្យ​ការពារ​សឹក​សង្គ្រាម​ត្រើយ​ខាងកើតទិស​ខាងជើង​នេះ​ឲ្យ​ជាប់​នៅ​នឹង​បា​ឯងឲ្យ​បា​ឯង​ខំ​រក្សា​អាណាខេត្ដព្រមទាំង​បញ្ចុះ​បញ្ចូល​ចៅហ្វាយស្រុកចៅ​មឿង​ទីទៃៗ​ឲ្យ​បាន​មក​ជា​ចំណែក​ខាងយើង​ទាំងអស់។ ចៅពញា​ឧទ័យធិរាជ និង​ចៅ​មឿង​២១​ខេត្ត ក៏​ថ្វាយបង្គំ​ទូល​ថ្វាយ​ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ខេត្ត​ទីទៃៗ​រៀងខ្លួន។ ចៅពញា​ឧទ័យធិរាជ​ទៅ​ដល់​ខេត្ត​ហើយ ក៏​ឲ្យ​កេណ្ឌ​សេនា​ទាហាន និង​អ្នកមាន​ប្រាជ្ញា​ស្មារតី​មាន​ថ្វីមាត់​ចេញ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ចៅហ្វាយស្រុក​ចៅ​មឿង​ដែល​នៅ​ទិស​ខាងកើត​ប៉ែក​ខាងលិច​នោះ​ទាំងអស់។ សេនា​ទាហាន និង​អ្នក​មាន​ប្រាជ្ញា​ស្មារតី​ថ្វីមាត់​ទាំងនោះ​ទៅ​បញ្ចុះបញ្ចូល​បាន​ចៅហ្វាយស្រុក​មហានគរ ចៅ​មឿង​សូទ្រ​និគម ចៅ​មឿង​ពួក ចៅ​មឿង​ក្រឡាញ់ ចៅ​មឿង​ចុងកាល់ និង​រហូត​រៀង​ទៅ​ដល់​ចុងផែន​បានជា​ច្រើន​នៅ​ទិស​ខាងលិច​ជា​ស្រេច​ដាច់ខាត​មក​ខាង​ស្ដេច​ពញា​ចន្ទរាជា​ទាំងអស់។ ចៅពញា​ឧទ័យធិរាជ​ជោគជ័យ​ដូច្នោះ​ហើយ ក៏​ធ្វើ​សំបុត្រ​ក្រាប​បង្គំ​ទូល​ចូល​មក​ព្រះបាទ​ចន្ទរាជា​ជា​ម្ចាស់​តាម​ដំណើរ។ ព្រះបាទ​អ្នក​អង្គ​ម្ចាស់​ទ្រង់​ជ្រាប​ហើយទ្រង់មាន​ព្រះ​អំណរ​ណាស់ ទើប​ព្រះ​អង្គ​ថយ​ទ័ព​ត្រឡប់​មក​ខេត្ដ​អម្រិន្ទបូរ​វិញ។

រក្សាបន្ទាយអម្រិន្ទបូរ

កែប្រែ

នេះ​នឹង ​និយាយ​អំពី​ព្រះ​ចៅ​ក្រុងស្រឡប់ពិជ័យ​ព្រៃនគរ​ទិស​ខាងកើត​វិញ។ លុះដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដេច​កនព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខេត្ត​ថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខេត្ត​អម្រិន្ទបូរ​ ពោធិ៍សាត់​វិញ​ឲ្យ​បាន។ សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បានឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០​ នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព​ ២០០០០​ នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទងឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល​ ៣០០០០​ នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ។ ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើ​សេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែឲ្យ​ឃុំ​ពល​ ២០០០០ នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យា​យសរាជា​នៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​៣០០០០ ​នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌ នៅ​ខេត្ដ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ លើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី​ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក​ព្រះរាជា​នុកូល​ទៅ​បង្កប់​ក្នុង​ ព្រៃ​នោះ​ចំនួន​ដំរី​សឹក ​១៤០ ​នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។

មេទ័ពនៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខេត្ដ​បាទី ខេត្ត​ទ្រាំង​មួយចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាស​មួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅ​មឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោង​មួយ ចៅ​មឿង​ជើងកញ្ជុំ​មួយ នាំ​មក​ក្រាបទូល​ថ្វាយ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខេត្ត​ដូច​ដើម​វិញ។ ចៅពញាពិស្ណុលោកឯក ជា​ចៅហ្វាយស្រុក​ខេត្ដ​ទ្រាំង ក្នុង​ពេល​នោះ​រត់​រួចហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនស​មួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខេត្ដ​នោះ។ ដល់​រដូវ​ទ្វារទសមាស​អកអំបុក​នោះអស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជាជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ ឈើ ប្រក់ស្បូវ នៅ​កំពង់​ខេត្ត​លង្វែក។ លុះដល់​សម្រេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូក​ប្រទីបថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែល​តំកល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ទា​ថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តំកល់ព្រះ​ចង្កូម​កែវនៅ​ឋាន​ត្រៃត្រិង្ស​៣​ថ្ងៃ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ ហៅ​ថា “ភូមិ​សូរវង្ស” ។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​កំពង់ប្រាសាទ​រៀង​មក។

សមរភូមិព្រែកហ្លួង

កែប្រែ

នេះនឹងនិយាយអំពីសម្តេចចៅហ៊្វាកៅ ដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុននេះ ៣ថ្ងៃយល់សប្តិឃើញបណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និង ពួកសេវកាមហាមាត្យ យាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្រអម្រិន្ទបូរ។ ព្រះអង្គចូលគង់ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយព្រះសង្ឃ និងព្រះរាជទាន រង្វាន់ឱ្យអស់អ្នកដែលដេញសាស្ត្រាបាលីប្រយោគ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹងតាំងជាបាល័ដ្ឋសមុហ៍បៃដីកា។ បើខាងគ្រីហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ត្រីជាសំរាប់ព្រះឥស្សរិយយស។ ឃើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្តេចព្រះស្រីជេដ្ឋាជាភ្លើងឆេះអណ្តែតកណ្តាលអាកាស ហើយធ្លាក់នៅកំពង់ចាម។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្តនោះឱ្យសម្តេចចៅពញាហែងជាបិតាក្មេកសម្តេចព្រះស្រីជេដ្ឋាស្តាប់ ហើយហៅហោរាមកប្រាប់ហេតុឱ្យទាយ។ ហោរាពិនិត្យទៅឃើញថា យល់សប្តិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថា ទ័ពហ្លួងបរាជ័យហើយត្រង់ដល់ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្តាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតានាំឱ្យរួចពីចំណោមត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនិងរត់ទៅដល់ទីនោះ។ សម្តេចចៅហ៊្វាកៅ ឮហើយភ័យណាស់ ក៏ឱ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយរួចផ្តាំថាឱ្យខិតខំកេណ្ឌរេហ៍ពលទុកបំរុងឱ្យបានច្រើន។ ឯខ្លួនសម្តេចចៅហ៊្វាកៅនាំខ្មាន់ធ្នូ និងទាហានកាំភ្លើង ១០០០ នាក់ និង ព្រះទីនាំងគជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត។ លុះឃើញសម្តេចព្រះស្រីជេដ្ឋាគង់លើសេះនាំ ទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅ ចៅហ៊្វាកៅក៏ស្ទុះទៅទទួលយករួចតែសម្តេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ត ២០ នាក់នោះដល់ទៅមាត់ច្រាំងល្មមព្រះទីនាំងចក្រពត្តិនោះត្រឡប់មកដល់ សម្តេចចៅហ៊្វាកៅឱ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឱ្យព្រះភាគិនេយ្យយសរាជាឡើងតាមមកទាន់។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូក ដែលតាមមកពីក្រោយនោះវិញ លុះជួបហើយស្តេចឱ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្តេចត្រាស់ឱ្យយកអាវុធសឹកទុកសិន ហើយចូលទូកចំបាំងទៅឈប់ក្នុងបឹងមួយអន្លើ។ ទ្រង់ឱ្យសាងវត្តមួយនៅទីនោះទុកជាព្រះកេរ្តិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្តព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ។

ឯសម្តេចចៅហ៊្វាកៅ កាលបានទទួលសម្តេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ ក៏យាងស្តេចផ្ទុំសំរាក កំលាំងនៅក្នុងព្រៃដូនម៉ៅនោះទៅ តែទីនោះមានមូសខាំខ្លាំងណាស់ទ្រាំពុំបាន ទើបសម្តេចព្រះស្រីជេដ្ឋា ទ្រង់ផ្សងមិនឱ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្តេចចៅហ៊្វាកៅយាងសម្តេចព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធនាំរេហ៍ពលទាំង ១០២០ នាក់ស្រូតរូតទៅដល់ភូមិដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុត (ងាប់) នៅទីនោះទៅ ព្រះស្តេចកនទ្រង់ធ្វើបុណ្យហើយឱ្យកប់ដំរីនៅទីនោះបានជាជាប់ហៅទួលកប់ព្រះដំរីរៀងមក។

ឯសម្តេចព្រះភាគិនេយ្យយសរាជាកែវនាយក ព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមក ព្រះអង្គក៏ថយទ័ពទូកមកភ្នំពេញវិញដើម្បីនឹងស្តាប់ព្រះរាជាសម្តេចព្រះបិតុលារាជាធិរាជ។

ការចាត់តាំងជាមេទ័ពហ្លួង

កែប្រែ

សម្តេចព្រះបរមបពិត្រខត្តិយាចន្ទរាជាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ ស្រុកឧដុង្គហើយ ស្តេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្តេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖

ឱ្យសម្តេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លូង ឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធ ពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឱ្យសម្តេចចៅហ្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖

ទាំង៤កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឱ្យសម្តេចចៅពញាកំហែង ជាឪពុកក្មេកព្រះស្តេចកនលើកទៅជួយព្រះស្តេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖

  • ១-ឧកញ៉ាចក្រីទេព កូនទី៣ ពញាមឿងឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ ។
  • ២-ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
  • ៣-ឧកញ៉ាក្រឡាហោមឃុំពល ១០០០០ នាក់ជាទ័ពស្តាំ។
  • ៤-ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
  • ៥-ឧកញ៉ាមហាមន្ត្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្តាំឱ្យធ្វើតាមគ្រប់ប្រការ។

នេះនឹងនិយាយអំពីសម្តេចព្រះស្រីជេដ្ឋាម្ចាស់ត្រើយខាងកើត ដែលទ្រង់ចាត់ឱ្យចៅហ្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឱ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេចនាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង៣មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្តឹងសេនាបតីឱ្យយកសេចក្តីក្រាបបង្គំទូលសម្តេចព្រះស្រីជេដ្ឋា សម្តេចព្រះស្រីជេដ្ឋាត្រាស់ថាយើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដីដោយខ្លួនឯងឱ្យរាស្ត្ររកស៊ីឱ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង៤ឱ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបានទើបទ្រង់ត្រាស់ឱ្យកៀរគ្រួលើកចោលបន្ទាយបាសាន។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្តេចកននិងមុខមន្ត្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឱ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាងសាហាវពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្តេចកនទៀត តែស្តេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឱ្យបិទទ្វារបន្ទាយឱ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្តេចកន ឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្តេចកនជាប់ចំណងហើយ នាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបានទើបស្នា ព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្តេចចៅហ្វាកៅនៅបន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្តេចៅហ្វាកៅ លុះបានដឹងហើយក៏និយាយនិងសម្តេចចៅពញាហែង ជាបិតាក្មេកស្តេចកន និងឧកញ៉ាចក្រីជាមាព្រះស្តេចកនពញាស្នងធ្នឹមព្រះនគរជាលន់ ជាប្អូនថ្លៃព្រះស្តេចកនថាឱ្យទៅត្រួតបន្ទាយឱ្យមាំមួនកុំឱ្យធ្វេសប្រហែស។ កាលមន្ត្រីទាំង ៣ នាយទទួលពាក្យហើយសម្តេចចៅហ្វាកៅ ក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្តេចកន។ លុះឃើញទ័ពខាងលិចកំពុងចោម បន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្តេចព្រះស្រីជេដ្ឋាព្រះស្តេចកននៅលើក្បាលបន្ទាយឃើញ មានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅតែវាយបាន៣ថ្ងៃហើយក៏នៅតែចេញពុំរួច។

ឯសម្តេចព្រះឧត្តម បរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថាមេទ័ពទាំងបីចោមបន្ទាយព្រះស្តេចកន៣ថ្ងៃហើយពុំបែក ចាប់ខ្លួនពុំបាន ពុំទាន់ឈ្នះចាញ់ទើបទ្រង់ត្រាស់ប្រើសម្តេចចៅហ្វាទឡៈឱ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ត្រីឱ្យឃុំពល ១០០០០ នាក់ឱ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្តាំថាបើឃើញទ័ពអាខ្មាំងលើកទៅជួយឬលើករត់ចេញពីបន្ទាយមកឱ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឱ្យបានកុំឱ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្តឱ្យឃុំពលកាំភ្លើងតូច២៥០នាក់ឱ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្តាំថាឱ្យព្រួតគ្នាបាញ់កុំឱ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឱ្យឧកញ៉ាមហាទេពឱ្យឃុំពល៤០០នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឱ្យព្រួតគ្នាបាញ់កាំភ្លើងធំនឹងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឱ្យត្រូវពួកខ្មាំងចាប់ខ្មាំងឱ្យបាន។

មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោមេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឱ្យពលបើកផ្លូវឱ្យខ្មាំងចេញទៅ។ ឯព្រះស្តេចកនយល់ឃើញដូច្នោះហើយក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធ​ចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវ​អស់​ជាង ១០០០០ នាក់។ ស្តេចកន និងចៅហ្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេស​ព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។

ពេលនោះសម្តេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់​ខ្ចាយដូច្នោះ ក៏បរពលឱ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្តេចបែនជិះសេះរាំដាវបរដេញ​ទៅទាន់សម្តេចចៅហ្វាកៅ។

សម្តេចចៅហ្វាកៅឱ្យព្រះស្តេចកនបរសេះរត់ទៅមុន ឯចៅហ្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្តេចចៅពញាបែនស្រុតជើងក្នុងអន្លង់សម្តេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្តេចចៅហ្វាកៅយល់បានការហើយក៏ពួយមួយលំពែងទៅត្រូវសម្តេចពញាបែន ធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្តេចចៅ ហ្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្តេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្តេចចៅហ្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ត្រីយល់ទ័ពខ្មាំង នៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេង ស្តាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញ មកដែរ។ ឃុនហ្លួងព្រះស្តេចកនភ័យណាស់ ទើបប្រឹក្សានិងសម្តេចចៅហ្វាកៅថា យើងម្តងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយ ហើយស្តេចកនក៏ក្រាបយំលើខ្នងសេះ។ សម្តេចកៅយល់ដូច្នោះហើយក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់ សុំក្មួយស្លាប់ តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាចវាថ្វីថាហើយចៅហ្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទ្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំង ត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្តេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្តាប់ ឮអស់ហើយក៏ចូលចិត្តពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។

កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំង អស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់ កាំភ្លើង ធ្នូ ស្នាត្រូវពួកស្តេចកនស្លាប់ជាច្រើននាក់ទៀត។

ព្រះស្តេចកន និងចៅហ្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ព ទាំង៥កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្តេចបរមខត្តិយាមហាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ។

វេលានោះឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្តីក្រាបទូលពលយើង សម្តេចព្រះបរមបពិត្រជាអម្ចាស់ទ្រង់ឱ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឱ្យជួយធ្វើការនោះបានផ្តាំទុកនឹងចៅពញាចាន់ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្តីទ័លធុរៈដូចម្តេច កុំឱ្យស្តេចមានបន្ទូលផ្ទាល់ថាឱ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូលលោកនឹងកេណ្ឌទ័ពបិសាចមកជួយឱ្យបានសំរេច។ ឥឡូវ ការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្តាំនោះល្បងមើល សម្តេចព្រះភាគិ នេយ្យោយសរាជា ជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យចៅពញាចាន់ មេស្មឹង ចូលមកត្រាស់ ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្តីក្រាបបង្គំទូល។ ខណៈនោះ ពញាចាន់មេស្មឹង ទទួលព្រះបន្ទូល ពិសេសហើយក៏ឱ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោង រាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឱ្យពញាជួយឱ្យបានសំរេចដូចជួយការណ៍ក្នុងខែត្រពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថា ឱ្យយកចំបើងចងជារូបមនុស្សឱ្យកាន់ប្រឆេះឱ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅ សុំយើងកេណ្ឌទ័ពបិសាចទៅជួយឱ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឱ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះ យកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្តេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឱ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្តេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នា ចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ (នេះមិនគួរជាបិសាចប្រាកដជាក្បួនពិជ័យសង្គ្រាមរបស់ហ្លួងខាងលិចហើយ) សម្តេចចៅហ្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា និងជិតអស់ទាំងគ្រាប់រំសេវ លុះដល់យប់គំរប់១៥នោះ ស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិស អាគ្នេយ៍ប៉ងទៅខែត្ររោងដំរីដើម្បីទៅពឹងប្រទេសចាមឱ្យជួយ។ កងទ័ពបិសាចបណ្តាលអាត្មាឱ្យឃើញ កងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ។

ឯព្រះស្តេចកន សម្តេចចៅហ្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរ “ជាលន់” នាំអ្នកម្នាង “ជាលែង” រត់ចេញ តាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឱ្យបោះទ័ព បង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមកហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្តេចកនឃើញដើមគគីរមួយធំក្រៃលែងឱ្យបាំងស្រមោលវាស់លមើល ឃើញ ២៤ ព្យាម សំណុំព្យាម ទើបព្រះស្តេចកនប្រឹក្សានឹងអស់មន្ត្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្តែតវែងតែ១៨ព្យាម ទើបព្រះស្តេចកននិងអស់មន្ត្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមាន ទូកសារាយអណ្តែតវែងតែ១៨ព្យាម។ ដូច្នោះគួរយើងឱ្យកាប់ដើមគគីរធ្វើទូកឱ្យបានជាស្រេច ហើយនឹងឱ្យ រាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឱ្យរេហ៍ពលតាំងហ៊ោ ចំអកចំអន់ឱ្យឈឺចិត្ត។ បើហ៊ានអុំភ្នាល់ ទូកយើងវែងជាងដល់ទៅ៧ព្យាមនោះ គង់មានជ័យ ជំនះដោយងាយបាន។

ពញាមន្ត្រីអ៌ជុនចាប់បានស្ដេចកន

កែប្រែ

ព.ស២០៦៩ គ.ស ១៥២៥. ម.ស ១៤៤៧. ច.ស ៨៨៧ ឆ្នាំរកាសប្តស័ក សម្តេចព្រះស្រីជេដ្ឋា គឺព្រះស្តេចកនបានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្តគរដែលព្រះនាងផាលែង សាងនោះ។ នៅទីនោះស្តេចកនឱ្យរេហ៍ពលជីកស្រះមួយនៅផ្នែកកើតព្រះវិហារទុកជាទីសំរាប់វត្ត។ ក្រោយមកស្តេចកននាំរេហ៍ពលទៅទិសខាងជើងដល់វត្តមួយដែលសម្តេចចៅពញាហែង បិតាព្រះម្នាង ផាលែងសាងនោះឱ្យឈ្មោះជាប់នឹងវត្តដែលសាងនោះហៅថា វត្តគរការទួលតាហែង តាមនាមសម្តេច ហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឱ្យជីកស្រះមួយ បណ្តោយប្រវែង៥០ព្យាម ទទឹង២៥ព្យាម ហើយ សាងវត្តមួយសាងព្រះពុទ្ធរូប និងដើមរកា៥ព្រះអង្គបានដាក់ឈ្មោះហៅថា វត្តភូមិរកាព្រះប្រាំរៀងមក។ ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងផាលែននិងស្តេចកន។ ស្តេចកនស្រែករោទិ៍ជាខ្លាំងហើយថា “អញមិនគួរជាឱ្យគេចាប់បានសោះ”។

ឯពញាមន្ត្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្តីស្តេចកន និងនាងផាលែន បានហើយគិតថា បើអញនាំទៅទាំងរស់សម្តេចព្រះភាគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្តេចកនផង កាលណានឹងហ៊ានសំលាប់ស្តេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្តេចលែងខ្លួនវាចិញ្ចឹមវាឱ្យធំមុខជាងយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន “កែ” ក៏កាត់យកក្បាលស្តេចកន និងនាងលែនដាក់ជាលព្រមទាំងឱ្យប្រហារជីវិតទាំងអស់ស្ម័គ្រពួក២៥នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ ស្តេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្តេចកនស្រែករោទិ៍នោះ សព្វថ្ងៃ គេហៅថាព្រៃទំរនរោទិ៍ យារៗមកគេហៅថាព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថាព្រៃមិនគួរយារៗមកគេហៅថា ព្រៃជើងគួរ

ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ

កែប្រែ

ឯសម្តេចព្រះភាគិនេយ្យាយសរាជាជាកែវនាយកព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្តេចកនមាន កងទ័ពដល់ទៅ ៧ ស្បែក គឺ ១៤០០០០ នាក់ (១ ស្បែកត្រូវនឹង ២០០០០ នាក់)។ ស្តេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឱ្យរេហ៍ពលជញ្ជូន តែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំងចៅពញាតេជោ ពញាសួគ៌ា លោកក៏នាំក្បាលចៅហ្វាកៅ និងចក្រីនី ហើយនិងក្បាល ចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី “ទេព” កូន ពញាមឿងក៏ក្រាបទូលថា ក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេ គឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្តេចចៅពញាយសរាជាភាគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សា នឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្តេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្តេច កនធ្វើឧបាយកលឱ្យយើងទៅឱ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្តេចកនវា ឃើញកងទ័ព យើងតិចបានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្តាលឱ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ៅចៅអធិការដែលរក្សាវត្តប្រាសាទក្នុងឱ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយ ព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបានហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឱ្យរេហ៍ពលសែងបាំង សម្បទានមានពលហែរមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យ ព្រៃនគរតំរង់ទៅបន្ទាយក្តុល។ លុះទៅដល់ហើយលោកឱ្យភិក្ខុជាសិស្សានុសិស្ស ទៅប្តឹងសេនាបតី ក្រាបបង្គំទូលសម្តេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឱ្យនិមន្តលោកចូលទៅក្នុងព្រះពន្លាទើបសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្តេចកនបែកបន្ទាយរត់ចោល បន្ទាយទៅ៣ខែហើយដោយភ័យនឹងសូរសព្ទ សន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជា រន្ទះជាអចិន្ត្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្តេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ហើយទ្រង់ត្រាស់ថាឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម៉្លោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យ ព្រៃនគរ ទ្រង់ទតប្រាសាទ ព្រះរាជវាំងសួនច្បារ ផ្កាដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំង ប៉ុន្មានទ្រង់ស្ញើចទន់ព្រះហប្ញទ័យទ្រង់ត្រាស់សរសើរថា ព្រះស្តេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយ ត្រាស់ឱ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឱ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលា ឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្តេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឱ្យសម្តេចព្រះអរិយបញ្ញាសាគរអាប៉ោ ឱ្យរួចទោសឱ្យគង់ទីគ្រងពលសំរាប់វត្តដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឱ្យលើកតាមចាប់ព្រះស្តេចកនឱ្យបានហើយត្រាស់ឱ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។

ឯពញាមន្ត្រីអរជូន លុះធ្វើគុតស្តេចកន និងនាងផាលែន ព្រមទាំងសេនាទាហាន២៥នាក់រួចហើយ ក៏ឱ្យ ធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្តេចព្រះភាគិនេយ្យាកែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។

ឯសម្តេចព្រះយសរាជាជាកែវនាយកព្រះអង្គស្គាល់ហើយ ឱ្យយកក្បាល ស្តេចកន និងម្នាងផាលែន ធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយ ដាក់ក្នុងវត្តប្រាសាទដោយហេតុជាប់សាច់សាលោហិតខាង ព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ត្រ ដែលចូលក្បត់ជាមួយនឹងស្តេចកន ទាំងប៉ុន្មានៗនោះ ឱ្យរួចទោសទៅរកស៊ីដូចប្រក្រតី។

បណ្តារាស្ត្រផងទាំងពួង ក៏មានចិត្តត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួន យកមកក្រោប ទូលថ្វាយដោយស្រលាញ់ព្រះរាជហប្ញទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ត្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាល ស្តេចកន នាងផាលែននោះ ទ្រង់តាំងចៅហ្វាយស្រុកខេត្តត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន

ការបូជាព្រះស្ដេចកន និង អ្នកព្រះម្នាង

កែប្រែ

តាមរយៈពង្សាវតារ​វត្ត​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​សរសេរ​កត់ត្រា​យ៉ាង​ច្បាស់​ថា៖ សម្ដេច​ព្រះ​យសរាជា ជា​កែវ​នាយក ព្រះអង្គ​យល់​ឃើញ​ហើយ​ឲ្យ​យក​ក្បាល​ព្រះស្ដេច​កន និង​អ្នក​ម្នាង​ជាលែង​ធ្វើ​បុណ្យ​បូជា​ព្រះភ្លើង សាង​ព្រះចេតិយ​ដាក់​ក្នុង​វត្ត​ប្រាសាទ​ព្រៃនគរក្នុង​ដោយ​ហេតុ​ជាប់​សាច់​ សាលោហិត​ខាង​ព្រះអង្គ ។

ម្យ៉ាងវិញ​ទៀត​ ក៏​ស័ក្តិសម​ដែរ​ ដែល​ព្រះអដ្ឋិធាតុ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​អ្នក​ម្នាង​ជាលែង​ត្រូវ​បាន​យក​ទី​បញ្ចុះ​ក្នុង​ប្រាសាទ​នោះ​លើ​ខឿន​តែ​ មួយ​ជាមួយ​នឹង​ព្រះវិហារ ពីព្រោះ​ព្រះអង្គ​ជា​អ្នក​មាន​បុណ្យ ជា​ព្រះមហាក្សត្រ​មួយ​អង្គ​របស់​ប្រទេស​ខ្មែរ ទោះបីជា​ព្រះអង្គ​កើត​ចេញ​ពី​គ្រួសារ​អ្នក​ក្រីក្រជា​ពល​រតនត្រ័យ​ក៏​ដោយ។

ប្រហែល​ជា​ក្នុង​ន័យ​ដូច​នេះ​ហើយ ទើប​បាន​ជា​ខ្មែរ​អ្នកភូមិ​ព្រៃនគរក្នុង​បាន​ហៅ​ប្រាសាទ​ខាងត្បូង​ថា ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍ជា​រៀង​រហូត​មកពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដោយ​មិន​ដឹង​ខ្លួន​ថា​កំពុង​តែ​គោរព​បូជា​អ្នកម្នាង​ជីលែង​ដែល​គេ​ចាត់​ទុក​ជា​ស្រី​គ្រប់​លក្ខណ៍។ ឯកសារ​វត្ត​ទឹកវិល​បាន​បញ្ជាក់​អំពី​អព្ភូតហេតុ​ជាច្រើន​ដែល​ជាប់​ទាក់​ទង​នឹង​អ្នកម្នាង​ក្នុង​ពេល​រត់​ភៀស​ខ្លួនក្រោយ​បែក​បន្ទាយ​ស្រឡប់​ដូនតី​ពីជ័យ​ព្រៃនគរ

​"សាស្ត្រាដទៃទៀត ក៏និយាយថា: ស្ដេចកន បរាជ័យដោយសារចាញ់សង្គ្រាមរបស់ព្រះអង្គចន្ទរាជា ប៉ុន្តែជាឧបាយកលប្លែកពីខាងលើនេះទៅទៀត"។

ឯសម្ដេចព្រះភាគិនេយ្យយសរាជាជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុកឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យ តាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យ យសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមព្រះជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា ២៩ ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។

"ព្រះរាជពង្សាវតារភាគបីរបស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យនេះមានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នព្វស័ក ព.ស. ២០៧១, គ.ស. ១៥២៧។ ចំណែកឯសាស្ត្រាវត្តសិទ្ធបូរ និង វត្តកោកកាក មិនបាននិយាយដល់ ព្រះអង្គយសរាជានេះទេ។

ប៉ុន្តែមានសៀវភៅមួយទៀត របស់លោកតាឌុច លោកយាយពិន ដែលជាបិតា មាតា លោកឌុច-ស៊ីឌឹម និយាយថា : ព្រះយសរាជា ស្ដេចសុវណ្ណគតក្នុងសង្គ្រាមក្នុងពេលដែលព្រះអង្គស្ទាក់វាយចៅហ៊្វាកៅ"។

សម្ដេចព្រះរាជបិតុលា ស្ដេចទ្រង់ស្ដាយពន់ប្រមាណណាស់ ទ្រង់ត្រាស់ឱ្យលើកព្រះសពតំកល់ក្នុងព្រះកោដ្ឋ ហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេចតំកល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារឱ្យទៅអញ្ជើញព្រះសពសម្ដេចព្រះឝ្រីឝៅគន្ធបទ អំពីស្រុកសំរោងសែន ខេត្តអាសន្ទុកមកហើយ ទ្រង់ត្រាស់ឱ្យសាងព្រះមេរុថ្វាយព្រះភ្លើងរំលាយព្រះបរមសពតាមរាជប្រវេណី។

ឯកសារយោង

កែប្រែ

[]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
កែវនាយកនៃក្រុងមានជ័យ
សតវត្សទី១៦-១៥២៧
តដោយ
មិនស្គាល់
  1. "ឈូកខ្មែរ". Archived from the original on 2015-01-01. Retrieved 2015-07-15.