ពោជ្ឈង្គសំយុត្ត

បព្វតវគ្គ ទី១

ហិមវន្តសូត្រទី១

[៣៥៥] ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឱ្យ​​ចម្រើន ឱ្យ​​មាន​កម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាង​កាយ​ឱ្យ​​ចម្រើន ឱ្យ​​មានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹង​តូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុង​ស្ទឹងតូច លុះចុះក្នុង​ស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមាន​កាយដល់​នូវការ​ចម្រើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាល​ចម្រើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿង​ត្រាស់ដឹង) ទាំង៧ កាលធ្វើឱ្យ​​ក្រាស់ក្រែល នូវ​ពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចម្រើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចម្រើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឱ្យ​​ក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ តែង​ដល់​នូវការ ចម្រើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​ការប្រាសចាក​រាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចម្រើន​ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចម្រើនវីរិយសម្ពោជ្ឈង្គ។ ចម្រើនបីតិសម្ពោជ្ឈង្គ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចម្រើន សមាធិសម្ពោជ្ឈង្គ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តី​រលត់ បង្អោនទៅ​រកការលះបង់។ មា្នលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅ​ស៊ប់​​ក្នុង​សីល កាលចម្រើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឱ្យ​​ក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែង​ដល់នូវ​ការចម្រើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

កាយសូត្រទី២

[៣៥៧] ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ​នីវរណៈ ទាំង៥ តាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ​ ក៏យ៉ាងនោះដែរ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង​ ឱ្យ​​កើតឡើង​ ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែកើតធំទូលាយឡើង​។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្ត រមែងមានការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើ​ឱ្យ​​​ក្រាស់​ក្រែល ក្នុងសុភនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង​ ឱ្យ​​កើតឡើង​ ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែកើតធំទូលាយទៅ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង​​ ឱ្យ​​​កើត​ឡើង​ ឬញ៉ាំងព្យាបាទ ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុ​ទាំងឡាយ បដិឃនិមិត្ត (និមិត្តនាំឱ្យ​​ចង្អៀតចង្អល់ចិត្ត) រមែងមាន ការធ្វើទុកក្នុង​ចិត្តខុសទំនង និងធ្វើឱ្យ​​ក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង​ ឱ្យ​​កើតឡើង​ ឬញ៉ាំងព្យាបាទ ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែ​កើតធំទូលាយទៅ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង​​ ឱ្យ​​​កើត​ឡើង​ ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តខុសទំនង និងការធ្វើឱ្យ​​ក្រាស់ក្រែល ក្នុងការទាំងនោះ នេះជា​អា​ហារ​ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង​ ឱ្យ​​កើតឡើង​ ឬញ៉ាំងថីនមិទ្ធ ​ដែលកើត​ឡើង​​ហើយ ​ឱ្យ​​រឹតតែ​កើតធំទូលាយទៅ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើត​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែកើត​ធំទូលាយ​ទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត ​រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តមិនត្រូវទំនង​   និង​ការធ្វើ​ឱ្យ​​​ក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអា​ហារ ​ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិន​ទាន់​កើត​​ឡើង​​ ឱ្យ​​​កើតឡើង​ ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ​ដែលកើត​ឡើង​​ហើយ ​ឱ្យ​​រឹតតែកើត​ធំទូលាយ​ទៅ។

[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង​ ​ឱ្យ​​​​កើត​ឡើង​ ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើង​ហើយ ឱ្យ​​រឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ដែលជាទីតាំង នៃវិចិកិច្ឆា រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្ត​មិនត្រូវទំនង​ និងការ​ធ្វើ​​ឱ្យ​​​ក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ដែលញ៉ាំង​វិចិកិច្ឆាមិនទាន់​កើត​​ឡើង​ ​ឱ្យ​​កើតឡើង​ ឬញ៉ាំងវិចិកិច្ឆា​ ដែលកើត​ឡើង​​ហើយ​ឱ្យ​​រឹតតែកើត​ធំទូលាយទៅ។

[៣៦៣] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអា​ហារ​ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ នីវរណៈ ទាំង៥នេះ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន ​មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹតតែចម្រើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃសតិសម្ពោជ្ឈង្គ ​រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឱ្យ​​​ក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ នាំសតិ​សម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ឱ្យ​​កើត​ឡើង​ ឬនាំសតិសម្ពោជ្ឈង្គ​ ដែល​កើត​​ឡើង​​​ហើយ​ ឱ្យ​​រឹងរឹតតែចម្រើនពេញលេញឡើង​បាន។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹត​តែចម្រើន​ ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល និងអកុសល ធម៌​ដែល​ ប្រកបដោយទោស និងមិនមានទោស ធម៌ថោកទាប និងឧត្តម ធម៌ជាចំណែក​ខុស​គ្នា គឺធម៌ខ្មៅ   និងធម៌ស រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឱ្យ​​​ក្រាស់​ក្រែល​ក្នុងធម៌ទាំងនោះ នេះជាអា​ហារ ​នាំធម្មវិចយ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​​ ឱ្យ​​​កើត​ឡើង​ ឬនាំធម្មវិចយសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​​ហើយ ​ឱ្យ​​រឹងរឹតតែចម្រើន ពេញលេញ​​​​​ឡើង​​បាន។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​​ឱ្យ​​​កើត​ឡើង​ ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹត​តែចម្រើន ​ពេញ​លេញ​ឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធាតុ គឺសេចក្តីផ្តួចផ្តើម ធាតុ គឺសេចក្តី​ព្យាយាម ធាតុ គឺសេចក្តីខ្នះខ្នែង ប្រឹងប្រែង រមែង​មាន ​ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឱ្យ​​​ក្រាស់​​ក្រែល​ ក្នុងធាតុទាំងនោះ នេះជាអា​ហារ ​នាំវីរិយ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំវីរិយសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​​ហើយ ​ឱ្យ​​រឹងរឹតតែចម្រើន​ ពេញ​លេញ​​​​​​ឡើង​បាន។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​​ ឱ្យ​​​កើត​ឡើង​ ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹត​តែចម្រើនពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃបីតិសម្ពោជ្ឈង្គ រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង និងធ្វើ​ឱ្យ​​​ក្រាស់​​ក្រែល​ ក្នុងធម៌ទាំងនោះ នេះជាអា​ហារ​ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំបីតិសម្ពោជ្ឈង្គ ​ដែលកើត​ឡើង​​ហើយ ​ឱ្យ​​រឹងរឹតតែចម្រើន​ ពេញ​លេញ​​​​​ឡើង​បាន។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​​ ឱ្យ​​​កើត​ឡើង​ ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹត​តែចម្រើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់កាយ​ សេចក្តីស្ងប់ចិត្ត រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងធ្វើ​ឱ្យ​​​ក្រាស់​​ក្រែល ​ក្នុងសេចក្តីស្ងប់ទាំងនោះ នេះជា​អា​ហារ​នាំបស្សទ្ធិ​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ​​ដែលកើត​ឡើង​​ហើយ​ ឱ្យ​​រឹងរឹតតែចម្រើន ​ពេញ​លេញ​​​​​ឡើង​បាន។

[៣៧០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំសមាធិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹត​តែចម្រើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃការតាំងចិត្តមាំ ហេតុមិន​រាយ​មាយ រមែង​មាន ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងការធ្វើ​ឱ្យ​​​ក្រាស់​​ក្រែល​ ក្នុងហេតុ​ទាំង​នោះ នេះជា​អា​ហារ​ នាំ​សមាធិ​​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំ​សមាធិ​​សម្ពោជ្ឈង្គ​​ដែលកើត​ឡើង​​ហើយ ​ឱ្យ​​រឹងរឹតតែចម្រើន ​ពេញ​លេញ​​​​​ឡើង​បាន។

[៣៧១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់​កើត​ឡើង​​ ឱ្យ​​​កើត​ឡើង​ ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹត​តែចម្រើន​ពេញ​លេញឡើង​បាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ រមែង​មាន​ ការ​ធ្វើទុកក្នុង​ចិត្តត្រូវទំនង​ និងការធ្វើ​ឱ្យ​​​ក្រាស់​​ក្រែល ​ក្នុងធម៌ទាំងនោះ នេះជា​អា​ហារ​​ នាំ​ឧបេក្ខា​​សម្ពោជ្ឈង្គ ដែលមិនទាន់កើត​​ឡើង​ ​ឱ្យ​​​កើត​ឡើង​ ឬនាំឧបេក្ខា​សម្ពោជ្ឈង្គ​​ ដែល​កើត​ឡើង​​ហើយ ​ឱ្យ​​រឹងរឹតតែចម្រើន​ ពេញ​លេញ​​​​​ឡើង​បាន។

[៣៧២] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យ​អា​ហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបាន យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះសោត តែងតាំងនៅ ព្រោះអាហារ អា​ស្រ័យ​អា​ហារ​ទើបតាំង​នៅ​បាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

សីលសូត្រទី៣

[៣៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណា បរិបូណ៌ដោយសីល បរិបូណ៌​ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ (បច្ចវេក្ខណញ្ញាណ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការ​ឃើញ​ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរ​សើរ​ នូវការស្តាប់ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត​សរ​សើរ នូវការចូលទៅរកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុ​ទាំង​ឡាយ តថាគត សរ​សើរនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរ​សើរនូវការរឭករឿយៗ​ នូវភិក្ខុទាំងនោះ ថា​ជាការ​មាន​ឧប​ការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរ​សើរនូវការបួសតាម​ភិក្ខុ​ទាំង​នោះ​ ថា​ជាការមានឧបការៈច្រើន។ ដំណើរនោះ​ តើព្រោះហេតុ​អ្វី​? ម្នាលភិក្ខុទាំងឡាយ ព្រោះ​បុគ្គលបានស្តាប់ធម៌ របស់ពួកភិក្ខុបែបនោះហើយ រមែងឃា្លតចេញ ដោយការ​ឃ្លាត​កាយ   និងការឃ្លាតចិត្តទាំងពីរ កាលបើភិក្ខុនោះ ឃ្លាតចេញដូច្នោះហើយ រមែង​រឭករឿយៗ ត្រិះរិះរឿយៗ នូវធម៌នោះ។

[៣៧៤] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញ យ៉ាងនោះ ហើយរឭករឿយៗ ពិចារណារឿយៗ នូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបាន​ប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើន របស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះ​ដែលបាននឹករឭកដូច្នោះ ឈ្មោះថា ពិចារណា ត្រិះរិះ គន់រក នូវធម៌នោះ ដោយបញ្ញា។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបាននឹករឭកដូច្នោះ ពិចារណា​ត្រិះរិះ​​ គន់រកនូវធម៌នោះ ដោយបញ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ឈ្មោះថា​ភិក្ខុបាន​ប្រារព្ធ​ហើយ ​ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនធម្មវិចយសម្ពោជ្ឈង្គ ក្នុង​សម័យ​នោះ ​ធម្មវិចយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលភិក្ខុ​នោះ ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា សេចក្តីព្យាយាម​មិនធូរថយ ឈ្មោះថាបានប្រារព្ធហើយ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុពិចារណា ត្រិះរិះគន់រក នូវធម៌នោះ​ដោយ​បញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះ​ថា បានប្រារព្ធហើយ វីរិយសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ​ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវវីរិយ​សម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏បាន​ពេញលេញ ​ព្រោះការចម្រើន​ របស់ភិក្ខុ​ក្នុង​សម័យនោះ បីតិដែលប្រាសចាកអាមិស រមែងកើតឡើង​ ដល់ភិក្ខុដែលមាន​ព្យា​យាមបរិបូណ៌ហើយ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ បីតិដែលប្រាសចាកអាមិស កើតឡើង​​ដល់​ភិក្ខុ ដែលបរិបូណ៌​ ដោយព្យា​យាមហើយ ក្នុងសម័យណា បីតិសម្ពោជ្ឈង្គ ឈ្មោះថា​ ភិក្ខុ​បាន​ប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវបីតិសម្ពោជ្ឈង្គ ក្នុង​សម័យនោះ បីតិសម្ពោជ្ឈង្គ ​ក៏បាន​ពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យ​នោះ កាលបើ​ភិក្ខុ​ មាន​ចិត្ត​ប្រកប​ដោយ​បីតិ​ហើយ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់បាន។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​មាន​ចិត្ត​ ប្រកប​ដោយ​បីតិ​ កាយក៏​ស្ងប់​​រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ក្នុងសម័យណា បស្សទ្ធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធ​ហើយ​ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ កាល​បើភិក្ខុមានកាយស្ងប់រម្ងាប់ ប្រកបដោយសេចក្តីសុខចិត្ត ក៏តាំងនៅមាំ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុអ្នកមានកាយស្ងប់រម្ងាប់ មានសេចក្តី​សុខ បានតាំងមាំ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ សមាធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវសមាធិសម្ពោជ្ឈង្គ​ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ​ ក៏បានពេញលេញ ព្រោះការចម្រើន របស់ភិក្ខុ ក្នុង​សម័យនោះ ភិក្ខុនោះឈ្មោះ​ថា ធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឱ្យ​​ជាឧបេក្ខាបានល្អ។

[៣៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឱ្យ​​ជាឧបេក្ខា​បាន​ល្អ ក្នុងសម័យណា ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុ​​ឈ្មោះថា បានចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ។

[៣៨១] ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើន​យ៉ាងនេះ ធ្វើឱ្យ​​ក្រាស់ក្រែល យ៉ាងនេះហើយ រមែងបានផល៧ អានិសង្ស៧។ ផល​ទាំង៧ អានិសង្សទាំង៧ តើអ្វី​ខ្លះ​?

[៣៨២] ភិក្ខុរមែងសម្រេច នូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិន​សម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត​ ក្នុងកាលជិត​​ស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី [ព្រះអនាគាមិ អស់សំយោជនៈខាងក្រោម៥ហើយ សម្រេចអរហត្ត បានបរិនិព្វាន ក្នុងកាលអាយុមិនទាន់ដល់ពាក់កណ្តាល ហៅថា អន្តរាបរិនិព្វាយី ដូចជាលោកដែលកើតក្នុងព្រហ្មជាន់អវិហា មានកំណត់អាយុ ១ពាន់កប្ប បើបានបរិនិព្វាន ក្នុងវេលាអាយុបាន ១រយកប្បក្តី ២រយកប្ប​ក្តី ៤រយកប្បក្តី ក៏ហៅថា អន្តរាបរិនិព្វាយី ដូចគ្នាទាំង៣ពួកនោះ។ តាមន័យសារត្ថប្បកាសិនី។] ព្រោះ​ការអស់សំយោជនៈ ជាចំណែកខាង​ក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុនស្លាប់ទេ បើមិនសម្រេចអរហត្ត ​ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជា​ចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី [ព្រះអនាគាមិ ដែលទៅកើតក្នុងព្រហ្មជាន់សុទ្ធាវាស សម្រេចអរហត្ត បរិនិព្វាន ក្នុងវេលា​អាយុហួសពាក់កណ្តាលហើយ ហៅថា ឧបហច្ចបរិនិព្វាយី។] ព្រោះអស់សំយោជនៈ ​ជា​ចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។ បើមិន​សម្រេច​អរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំ​យោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំ​យោជនៈ ជាចំណែក​ខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ដែលបានសម្រេច​អរហត្ត ដោយ​មិនបានប្រឹងប្រកបព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុង​កាល​ជិតស្លាប់ទេ បើមិនបានជា​អន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិន​បាន​ជាឧបហច្ចបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជា​អសង្ខារបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ក្នុងជាន់​សុទ្ធាវាស បានសម្រេចអរហត្ត បរិនិព្វាន ដោយការប្រកបព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិន​សម្រេចអរហត្ត ក្នុងបច្ចុប្បន្ន​មុន​ស្លាប់​ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែក​ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបាន​ជា​អសង្ខារបរិនិព្វាយី ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាសសង្ខារបរិនិព្វាយី ព្រោះការ​អស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់នឹង​បានជា​ឧទ្ធំសោតអកនិដ្ឋគាមី [ព្រះអនាគាមី ដែលមិនបានសម្រេចអរហត្តក្នុងភពដែលកើតទេ ក៏ត្រូវទៅកើតក្នុងភព​អកនិដ្ឋ បរិនិព្វានក្នុងភពនោះ ហៅថា ឧទ្ធំសោតអកនិដ្ឋគាមី។] ព្រោះការ​អស់​សំយោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនយ៉ាងនេះ ធ្វើឱ្យ​​រឿយៗ យ៉ាងនេះហើយ ផល៧ អានិសង្ស៧ នេះ ក៏កើតប្រាកដ។

វត្ថសូត្រទី៤

[៣៨៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ​ បាន​ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះសារីបុត្តដ៏​មានអាយុថា ម្នាលអាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ​ បាន​ពោលដូច្នេះថា ម្នាល​អាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន៧។ ពោជ្ឈង្គ ទាំង៧ តើអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិ​សម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលអាវុសោ​ទាំង​ឡាយ នេះឯង ពោជ្ឈង្គ ទាំង៧។

[៣៨៤] ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧ប្រការនេះឯង បើខ្ញុំប្រាថ្នា​នឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​នោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុង​មជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​​នោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយ​ពោជ្ឈង្គ​​នោះៗ ក្នុងសាយណ្ហសម័យបាន។

[៣៨៥] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំដូច្នេះ សេច​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើសតិសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៦] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតដល់ខ្ញុំ ដូច្នេះ សេច​​ក្តី​ត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តី​ត្រិះ​រិះ​ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើឧបេក្ខា​សម្ពោជ្ឈង្គ​​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គ​របស់ខ្ញុំ​ឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ​ព្រោះហេតុនេះ​ជាបច្ច័យ។

[៣៨៧] ម្នាលអាវុសោទាំងឡាយ ដូចទូដាក់សំពត់ ពេញដោយសំពត់ ដែលជ្រលក់​ដោយពណ៌ផ្សេងៗ របស់ព្រះរាជាក្តី របស់រាជមហាមាត្យក្តី ព្រះរាជា ឬមហាមាត្យនោះ ប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងបុព្វណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកក្នុងបុព្វណ្ហសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់​គូសំពត់ណាៗ ក្នុងមជ្ឈន្តិកសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងមជ្ឈន្តិក​សម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងសាយណ្ហសម័យ ក៏យក​គូ​សំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងសាយណ្ហសម័យបាន យ៉ាងណាមិញ។ ម្នាលអាវុសោ​ទាំង​ឡាយ បណ្តាពោជ្ឈង្គ ទាំង៧នេះឯង ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុង​បុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ខ្ញុំប្រាថ្នានឹងនៅ​ ដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ​​ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហ​សម័យបាន ក៏យ៉ាង​នោះដែរ។

[៣៨៨] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេច​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ​ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើសតិសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ​របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៩] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេច​​ក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តី​ត្រិះ​រិះ​ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើឧបេក្ខាសម្ពោជ្ឈង្គ​តាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំ​ឃ្លាតទៅ ខ្ញុំក៏ដឹង​ច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជា

បច្ច័យ។

ភិក្ខុសូត្រទី៥

[៣៩០] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏​​ចម្រើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយហេតុប៉ុន្មាន។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីឱ្យ​​ត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ ដូច្នេះ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ទ​ន់​ទោរ​​​​ទៅក្នុងការលះបង់។បេ។

[៣៩២] ភិក្ខុចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអា​ស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​ការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​​ទៅក្នុងការលះបង់។

[៣៩៣] កាលបើភិក្ខុនោះ ចម្រើនពោជ្ឈង្គ ទាំង៧នេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើង​ថា ចិត្តរួចស្រឡះហើយ។ ភិក្ខុ​នោះ​ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត​ មិន​មានឡើយ។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ហេតុនោះ​ បានជា​ហៅថា ពោជ្ឈង្គ។

កុណ្ឌលិយសូត្រទី៦

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឱ្យ​​អភ័យ​ដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ​ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នក​អង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចម្រើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ​ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម   និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិ​សង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំ​ណែក​ខាង​ព្រះគោតមដ៏ចម្រើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត​ មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។

[៣៩៥] បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយ​ៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឱ្យ​​ពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាល​កុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ រមែង​ញ៉ាំងវិជ្ជា   និងវិមុត្តិ ឱ្យ​​ពេញលេញបាន។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ​ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យ​​ពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាល​កុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យ​​ពេញលេញបាន។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើន​ហើយ ធ្វើឱ្យ​​រឿយៗហើយ ញ៉ាំង​សតិប្បដ្ឋាន ទាំង៤ ឱ្យ​​ពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ រមែង​ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យ​​ពេញ​លេញបាន។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឱ្យ​​ពេញលេញបាន តើដូចម្តេចខ្លះ។

[៣៩៦] ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗ​ហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឱ្យ​​ពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ​ដែល​បុគ្គលចម្រើនហើយ ដូចម្តេច ធ្វើឱ្យ​​រឿយៗហើយ ដូចម្តេច ទើបញ៉ាំង​សុចរិត ទាំង៣ ឱ្យ​​ពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឱ្យ​​កើត នាមកាយ​របស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះ​ដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមាន​មុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាច នៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅ​ខាងក្នុង តាំងនៅដោយល្អ ផុត​ស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮ​សំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹង​ច្បាស់ នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិន​សំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឱ្យ​​កើត នាមកាយ​របស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះ​ដោយល្អ។ លុះដឹងច្បាស់ នូវ​ធម្មារម្មណ៍​មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំង​នៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុ​នោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់​ចិត្ត   និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំង​នៅ​ហើយ ចិត្តក៏​តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្ស​រស ដោយអណ្តាត។ ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ​ តាំង​នៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត   និងមិនគាប់​ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាល​កុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចម្រើន​យ៉ាង​នេះហើយ ធ្វើឱ្យ​​រឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឱ្យ​​ពេញលេញបាន។

[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចម្រើនហើយ ដូចម្តេច ធ្វើឱ្យ​​​រឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យ​​ពេញលេញបាន។ ម្នាល​កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចម្រើននូវកាយសុចរិត លះបង់ នូវ​វចីទុច្ចរិត ចម្រើន​ នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចម្រើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចម្រើនយ៉ាងនេះហើយ ធ្វើឱ្យ​​រឿយៗ យ៉ាងនេះហើយ រមែង​ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យ​​ពេញលេញបាន។

[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចម្រើនហើយ ដូច​ម្តេច ធ្វើឱ្យ​​រឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យ​​ពេញលេញបាន។ ម្នាល​កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ​ជា​គ្រឿង​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវ​ធម៌​ក្នុងធម៌​ទាំង​ឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន​ ទាំង៤ ដែលភិក្ខុចម្រើនយ៉ាងនេះហើយ ធ្វើឱ្យ​​រឿយៗយ៉ាងនេះហើយ រមែងញ៉ាំង​ពោជ្ឈង្គ ទាំង៧ ឱ្យ​​ពេញលេញបាន។

[៣៩៩] ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចម្រើនហើយ ដូចម្តេច ធ្វើឱ្យ​​រឿយ​ៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា   និងវិមុត្តិ ឱ្យ​​ពេញលេញបាន។ ម្នាល

កុណ្ឌ​លិយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុង​ការ​លះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តី​ស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុង​ការ​លះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចម្រើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយ​យ៉ាង​នេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឱ្យ​​ពេញលេញបាន។

[៤០០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន (ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដោយអនេកបរិ​យាយ យ៉ាង​នេះ) ដូចជាគេផ្ងារ នូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេ​ទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើល​ឃើញរូប​ទាំងឡាយ។ ធម៌ដែលព្រះគោ​តមដ៏ចម្រើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ​ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូម​ដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជាសរណៈ ចាប់ដើមតាំង​អំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គ ​ថាជាឧបាសក អ្នកដល់ នូវ​សរណៈ ស្មើដោយជីវិត។

កូដាគារសូត្រទី៧

[៤០១] ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំង​អស់នោះ បង្អោនទៅរកកំពូល ទេរទៅរកកំពូល ឈមទៅរកកំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរក​ព្រះនិព្វាន ឈមទៅរកព្រះនិព្វាន​ក៏យ៉ាងនោះដែរ។

[៤០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅ​រកព្រះនិព្វាន តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការ​ប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចម្រើននូវឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមាន​ចិត្ត​ឱន​ទៅ​រក​ព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

ឧបវានសូត្រទី៨

[៤០៣] សម័យមួយ ព្រះឧបវាណដ៏មានអាយុ   និងព្រះសារីបុត្តដ៏មានអាយុ គង់​​នៅ​​ក្នុង​ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះសារីបុត្តដ៏​មាន​អាយុ ចេញអំពីទីសំងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះឧបវាណ​ដ៏មាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួរ​រីយរាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏​និយាយ​នឹងព្រះឧបវាណដ៏​មាន​អាយុ ដូច្នេះថា ម្នាល​អាវុសោឧបវាណ ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្ត​ពោជ្ឈង្គ ​ដែល​អាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ ដូច្នេះដែរឬ។ ម្នាលអាវុសោ សារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ចំពោះ​ខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រ​ព្រឹត្តទៅ ​ដើម្បីសប្បាយ ដូច្នេះបាន។

[៤០៤] ម្នាលអាវុសោ កាលភិក្ខុចម្រើន នូវសតិសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ ក៏បានគាស់រំលើងល្អហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញ ក៏បាន​ប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយ​ឡើយ។បេ។

[៤០៥] ម្នាលអាវុសោ កាលភិក្ខុចម្រើនឧបេក្ខាសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្ត​របស់​អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ បានគាស់រំលើងហើយ ឧទ្ធច្ច​កុក្កុច្ច អាត្មា​​អញ ក៏បានបន្សាត់បង់ល្អហើយ សេចក្តីព្យាយាម អាត្មាអញ ក៏​បានប្រារព្ធ​ហើយ អាត្មាអញ ​មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។

[៤០៦] ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយការធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​​ចំពោះខ្លួន យ៉ាងនេះថា សត្តពោជ្ឈង្គ អាត្មាអញ ធ្វើល្អយ៉ាងនេះហើយ រមែងប្រ​ព្រឹត្តទៅ ដើម្បីនៅសប្បាយ។

បឋមឧប្បន្នសូត្រទី៩

[៤០៧] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​បាន តែក្រៅអំពីការកើត​ប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើង​មិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ ដែលមិនទាន់​កើតឡើង​ រមែងកើតឡើង​បាន តែក្រៅអំពីការកើតឡើង​ នៃ​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ​ចេញ កើតឡើង​មិនបានទេ។

ទុតិយឧប្បន្នសូត្រទី១០

[៤០៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ ដែលមិនដែលកើតឡើង​ រមែងកើតឡើង​បាន តែក្រៅអំពីវិន័យ ​របស់​ព្រះសុគតចេញ កើតឡើង​មិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ​១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គលចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ ដែលមិនទាន់​កើតឡើង​ ​រមែង​កើតឡើង​បាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើង​មិនបានទេ។

ចប់ បព្វតវគ្គ ទី១។

ឧទ្ទាននៃបព្វតវគ្គនោះ គឺ

និយាយអំពីស្តេចភ្នំ ឈ្មោះហិមវន្ត១ កាយ១ សីល​១ វត្តរបស់​ព្រះសារីបុត្ត១ ភិក្ខុសួរនូវពាក្យថា ពោជ្ឈង្គ១ បរិព្វាជកឈ្មោះ កុណ្ឌលិយ ១ ផ្ទះមានកំពូល១ ព្រះឧបវាណ១ និងការកើតឡើង​ នៃសត្តពោជ្ឈង្គ ២លើក ដទៃទៀត។

គិលានវគ្គ ទី២

បាណសូត្រទី១

[៤០៩] ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេចឥរិយាបថទាំង៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេកតាមកាល សត្វ​ទាំងអស់​នោះ អាស្រ័យផែនដី តាំងស៊ប់លើផែនដី ទើបសម្រេចឥរិយាបថ ទាំង៤នោះ យ៉ាងនេះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុង​សីល ទើបចម្រើនពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន ក៏យ៉ាងនោះដែរ។

[៤១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចម្រើន​ពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិ​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុង​ការលះ​បង់។បេ។ ចម្រើនឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​សេចក្តី​ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​ ទៅ​ក្នុង​ការ​លះ​បង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល តែងចម្រើន​ពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

បឋមសូរិយូបមសូត្រទី២

[៤១១] ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះ​អាទិត្យ ដែលកើតឡើង​ (យ៉ាងណា) ភាវៈ នៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យ​​កើតឡើង​ដល់ភិក្ខុ ក៏យ៉ាងនោះដែរ។ ​ម្នាល​ភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹង​ចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ​ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែល​ជាកល្យាណមិត្ត (កុំខាន)។

[៤១២] ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចម្រើនពោជ្ឈង្គ ទាំង៧​ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការ​ប្រាស​ចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមាន​កល្យាណមិត្ត តែងចម្រើន នូវពោជ្ឈង្គ ទាំង៧​ ធ្វើឱ្យ​​រឿយៗ នូវ​ពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ទុតិយសូរិយូបមសូត្រទី៣

[៤១៣] ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះ​អាទិត្យ ដែលកើតឡើង​ (យ៉ាងណា) ម្នាល​ភិក្ខុទាំងឡាយ យោនិសោមនសិការ(ការធ្វើទុកក្នុងចិត្ត​ ដោយ​ឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យ​​កើតឡើង​ដល់ភិក្ខុ ​ក៏យ៉ាងនោះឯង។ ម្នាល​ភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែល​នឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយ​យោនិសោមនសិការ (កុំខាន)។

[៤១៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការ រមែងចម្រើននូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ចម្រើននូវសតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​​ស្ងប់​ស្ងាត់។បេ។ ចម្រើន នូវឧបេក្ខា​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​​ការ​ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ​ ទៅ​ក្នុង​ការ​លះ​បង់។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយ​យោនិសោមនសិការ រមែងចម្រើន​ នូវ​ពោជ្ឈង្គ​ ទាំង​៧ ធ្វើឱ្យ​​រឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

បឋមគិលានសូត្រទី៤

[៤១៥] សម័យមួយ ​ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅ​ក្នុង​បិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។

[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហ​សម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់​លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធ​ដីកា​ នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់​ធន់​បានខ្លះដែរឬ ល្មមឱ្យ​​ប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង​ មានតែ​ស្រាក​ស្រាន្តទៅ មិនរឹតឡើង​ទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន សរីរយន្ត​របស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឱ្យ​​ប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង​ មិនស្រាកស្រាន្តទេ។

[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧​នេះ ដែលតថាគត សំដែងប្រពៃហើយ បានចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វី​ខ្លះ​?

[៤១៨] ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃ​ហើយ ចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បី​ត្រាស់ដឹង ដើម្បី​និព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់​ដឹង ដើម្បនិព្វាន​។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត​ សំដែង​ប្រាប់​ប្រពៃ​​ហើយ ចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បី​ត្រាស់​​ដឹង ដើម្បីនិព្វាន។

[៤១៩] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់​ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់​ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាក​អាពាធ​នោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះ​ហើយ។

ទុតិយគិលានសូត្រទី៥

[៤២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លាន​ដ៏មាន​អាយុ គង់​នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហ​សម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏​ទ្រង់គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធ​ដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់​បានខ្លះដែរឬ អ្នកល្មមឱ្យ​​ប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនា​ធូរថយទៅ មិនចម្រើនឡើង​ មាន​តែ​ស្រាក​ស្រាន្តទៅ មិនរឹតឡើង​ទេឬ។ បពិត្រ​ព្រះអង្គដ៏ចម្រើន សរីរយន្ត​របស់ខ្ញុំ​ព្រះ​អង្គ មិនល្មមអត់ធន់បានទេ មិនល្មមឱ្យ​​ប្រព្រឹត្តទៅ​បានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេក​ណាស់ មិនធូរថយទេ មានតែរឹតឡើង​ មិនស្រាកស្រាន្តទេ។

[៤២២] នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃ​ហើយ ចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៣] ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគត​សំដែង​ប្រាប់​ប្រពៃ​ហើយ ចម្រើនហើយ ធ្វើឱ្យ​​រឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​តថាគត​សំដែង​ប្រាប់​ប្រពៃ​​ហើយ ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ​ពោជ្ឈង្គ ទាំង៧ នេះឯង ដែល​តថាគត សំដែងប្រាប់ប្រពៃ​ហើយ ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៤] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌​នេះចប់ហើយ។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ក៏ត្រេកអរ រីករាយ ​ចំពោះភាសិត ​របស់​ព្រះ​ដ៏មាន​ព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាក​អាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ ​យ៉ាងនោះ​ហើយ។

តតិយគិលានសូត្រទី៦

[៤២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិ​វាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ​ ដល់​នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២៦] គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៧] បពិត្រព្រះអង្គដ៏ចម្រើន សតិសម្ពោជ្ឈង្គ ដែល​ព្រះដ៏មានព្រះ​ភាគ​ ទ្រង់​ត្រាស់ប្រពៃ​ហើយ ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបេក្ខាសម្ពោជ្ឈង្គ ដែល​ព្រះ​ដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃ​ហើយ ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ តែងប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គ​ទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា​ ក៏​ទ្រង់​ពេញ​ព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាក​អាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។

បារង្គមសូត្រទី៧

[៤២៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យ​​ឃ្លាត​ចាកទី មិនមែនជាត្រើយ ឱ្យ​​ដល់ទី​ជា​ត្រើយ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១​។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គល​ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យ​​ឃ្លាតចាកទី មិនមែនជាត្រើយ ឱ្យ​​ដល់​ទី​ជាត្រើយ។

[៤៣០] បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានចំនួនតិចទេ សត្វក្រៅពីនេះ សសៀរទៅតាមត្រើយ គឺ​វដ្តៈ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត សំដែងប្រាប់ប្រពៃហើយ ពួកជននោះ នឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងបានដោយលំបាកពេក ហើយដល់នូវត្រើយ គឺព្រះនិព្វានបាន។ បណ្ឌិតលះបង់ នូវធម៌ខ្មៅ ហើយចម្រើនធម៌ស​ ចេញចាកអាល័យ អាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តី​អាល័យហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរចំពោះ ក្នុង​សេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរបាន ដោយកម្រនោះ បណ្ឌិតត្រូវធ្វើខ្លួនឱ្យ​​ផូរផង់ ចាក​សេចក្តីសៅហ្មងនៃចិត្ត ពួកជនណា បានចម្រើនចិត្ត ដោយប្រពៃ ក្នុងសម្ពោជ្ឈង្គ​ទាំងឡាយ ហើយមិនបានប្រកាន់មាំ ត្រេកអរក្នុងការលះសេចក្តីប្រកាន់ ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។

វិរទ្ធសូត្រទី៨

[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧ ហើយ ពួក​ជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យ​​អស់ទុក្ខ ដោយប្រពៃដែរ​។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ បានប្រារព្ធពោជ្ឈង្គ ទាំង៧ហើយ អ្នកនោះ ក៏​ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យ​​អស់ទុក្ខ ដោយប្រពៃដែរ។ ពោជ្ឈង្គ​ ទាំង៧ តើដូចម្តេចខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៣២] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧នេះ ពួក​ជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យ​​អស់ទុក្ខ ដោយប្រពៃ​។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង៧នេះ ពួកជននោះ ក៏​ឈ្មោះថា បាន​ប្រា​រព្ធ នូវអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យ​​អស់ទុក្ខ ដោយប្រពៃដែរ។

អរិយសូត្រទី៩

[៤៣៣] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យ​​​អស់ទុក្ខ ដល់អ្នកចម្រើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។  គឺ​សតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គល​ចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យ​​​អស់ទុក្ខ ដោយប្រពៃ ដល់អ្នកចម្រើនពោជ្ឈង្គនោះ។

និព្វិទាសូត្រទី១០

[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែល​បុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បី​រំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែល​បុគ្គលចម្រើនហើយ ធ្វើឱ្យ​​​រឿយៗហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូល​ទៅ​ជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

ចប់ គិលានវគ្គ ទី២។

ឧទ្ទាននៃគិលានវគ្គនោះ គឺ

និយាយអំពីពួកសត្វ១ ឧបមាដូចព្រះអាទិត្យ មាន២រឿង ជំងឺ មាន៣រឿង​ដទៃទៀត បុគ្គលដល់ត្រើយ១ លះបង់ពោជ្ឈង្គ១ មគ្គដ៏​ប្រសើរ១ ពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន១។

ឧទាយិវគ្គ ទី៣

ពោធាយសូត្រទី១

[៤៣៥] គ្រានោះឯង ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូច​ម្ដេច​? ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្ត​ទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

[៤៣៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ចម្រើន នូវសតិ​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តី​រលត់ បង្អោនទៅរកការលះបង់។បេ។ ចម្រើន នូវឧបេក្ខា​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរក​ការ​លះ​បង់។ ម្នាល​ភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះ​ហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

ពោជ្ឈង្គទេសនាសូត្រទី២

[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវពោជ្ឈង្គ ទាំង៧​ ដល់អ្នក​ទាំងឡាយ ​អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ មាន៧នេះឯង។

ឋានិយសូត្រទី៣

[៤៣៨] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងកាមច្ឆន្ទៈ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យ​​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃកាមរាគៈ។

[៤៣៩] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងព្យាបាទ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឱ្យ​​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃព្យាបាទ។

[៤៤០] ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងថីនមិទ្ធៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឱ្យ​​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃថីនមិទ្ធៈ។

[៤៤១] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឱ្យ​​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧទ្ធច្ច​កុក្កុច្ចៈ។

[៤៤២] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងវិចិកិច្ឆា ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឱ្យ​​ច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃវិចិកិច្ឆា។

[៤៤៣] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់ នូវការពេញបរិបូណ៌ ដោយភាវនា​ព្រោះធ្វើទុកក្នុងចិត្ត   និងធ្វើឱ្យ​​ច្រើន នូវធម៌ទាំងឡាយ ដែល​ជាទី​តាំង ​នៃ​សតិសម្ពោជ្ឈង្គ។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់កើត​ឡើង​ ​ក៏កើតឡើង​   និងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់ នូវការពេញបរិបូណ៌​ដោយ​ភាវនា​ ព្រោះធ្វើទុកក្នុងចិត្ត   និង​ធ្វើឱ្យ​​ច្រើន នូវធម៌​ទាំងឡាយ ​ដែល​ជាទី​តាំង ​​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ។

អយោនិសោមនសិការសូត្រទី៤

[៤៤៤] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ​ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងកាមច្ឆន្ទៈ ដែលកើតឡើង​​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ ព្យាបាទ ដែល​មិនទាន់​កើត​ឡើង​ ក៏កើតឡើង​   និងព្យាបាទ ដែលកើតឡើង​ហើយ ក៏​ប្រព្រឹត្ត​ទៅ ដើម្បី​ភាវៈ ដ៏ធំ​ទូ​លាយ ជាភិយ្យោ​ភាព។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​   និងថីនមិទ្ធៈ ដែលកើត​ឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ ឧទ្ធច្ចកុក្កុច្ចៈ​ដែល​មិនទាន់កើតឡើង​ ក៏កើតឡើង​   និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្ត​ទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោ​ភាព។ វិចិកិច្ឆា ដែលមិនទាន់​​កើត​​ឡើង​ ក៏កើតឡើង​   និងវិចិកិច្ឆា ដែលកើតឡើង​ហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ​ដ៏ធំទូលាយ ជាភិយ្យោ​ភាព។

[៤៤៥] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏មិនកើតឡើង​ ទាំង​សតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏រលត់ទៅវិញ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មិនទាន់កើត​ឡើង​ ​ក៏មិនកើតឡើង​ ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏រលត់ទៅវិញ។

[៤៤៦] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏មិនកើតឡើង​ ទាំងកាមច្ឆន្ទៈ ដែលកើតឡើង​​ហើយ ក៏លះចេញបាន។ ព្យាបាទ ដែល​មិនទាន់​កើត​ឡើង​ ក៏មិនកើតឡើង​ ទាំងព្យាបាទ ដែល​កើត​ឡើង​ហើយ ក៏លះចេញបាន។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ ក៏មិន​កើត​ឡើង​​ ទាំង​ថីនមិទ្ធៈ ដែលកើត​ឡើង​ហើយ ក៏លះចេញបាន។ ឧទ្ធច្ចកុក្កុច្ចៈ​ ដែលមិន​ទាន់​កើត​​ឡើង​ ក៏មិនកើតឡើង​ ទាំងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង​ហើយ ក៏លះចេញបាន។ វិចិ​កិច្ឆា​ ដែលមិនទាន់​​កើត​​ឡើង​ ក៏មិនកើតឡើង​ ទាំងវិចិកិច្ឆា ដែលកើតឡើង​ហើយ​ ក៏​លះ​​ចេញបាន។

[៤៤៧] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​ ទាំង​សតិសម្ពោជ្ឈង្គ​ ដែលកើតឡើង​ហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ​ ដែល​មិនទាន់កើត​ឡើង​ ​ក៏កើតឡើង​ ទាំង​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើតឡើង​​​ហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។

អបរិហានិយសូត្រទី៥

[៤៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូច​ម្ដេច​?  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូច​ម្ដេច​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ​ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការ​នេះឯង។

តណ្ហក្ខយសូត្រទី៦

[៤៤៩] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា​ ប្រព្រឹត្តទៅ ដើម្បី​ការ​អស់ទៅ ​នៃតណ្ហា ចូរអ្នកទាំងឡាយ ចម្រើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទា​ដូច​ម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥០] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឱ្យ​​ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូ​វ​វិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏​ទូលាយធំ ប្រមាណមិនបាន មិនមាន​ព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ​បាន។បេ។ ភិក្ខុចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ កំពុងចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យ​ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើប​លះបង់កម្មបាន ព្រោះការលះបង់កម្មបាន ទើបលះបង់​សេចក្តី​ទុក្ខ​បាន។ ម្នាល​ឧទាយិ ការអស់ទៅ នៃកម្ម ព្រោះអស់ទៅនៃតណ្ហា ការអស់ទៅ នៃសេចក្តីទុក្ខ ព្រោះ​អស់​ទៅនៃកម្ម ដោយប្រការដូច្នេះឯង។

តណ្ហានិរោធសូត្រទី៧

[៤៥១] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា​ ដែលប្រព្រឹត្តទៅ​ ដើម្បី​សេចក្តីរលត់​ នៃតណ្ហា ចូរអ្នកទាំងឡាយ ចម្រើនមគ្គនោះ បដិបទានោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមគ្គ​ដូចម្តេច បដិបទា​ដូច​ម្តេច ដែលប្រព្រឹត្តទៅ ដើម្បីរលត់ទៅ នៃតណ្ហា។  គឺពោជ្ឈង្គ​ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥២] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចម្រើនដូច​ម្តេច បានធ្វើឱ្យ​​ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យនូវវិវេក អា​ស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនយ៉ាងនេះ ធ្វើឱ្យ​​ច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។

និព្វេធភាគិយសូត្រទី៨

[៤៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែក នៃការចាក់ទម្លុះនូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គ​ដែលជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) តើដូច​ម្ដេច​?  គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង​។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វី​ខ្លះ​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គ​ទាំង៧ ដែលភិក្ខុបានចម្រើនដូចម្តេច បានធ្វើឱ្យ​​ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ​ ដើម្បី​ការចាក់ទម្លុះ​ នូវ (រាគាទិក្កិលេស)។ ម្នាលឧទាយិ ភិក្ខុ​ក្នុងសាសនានេះ ចម្រើនសតិ​សម្ពោជ្ឈង្គ ដែល​អា​ស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុ​នោះ មានចិត្តអប់រំ ដោយសតិសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវ​គំនរលោភៈ ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយចេញ។បេ។ ភិក្ខុចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែល​អា​ស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុ​នោះ ​មានចិត្តអប់រំ ដោយឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវ​គំនរលោភៈ ដែលខ្លួន​មិនទាន់បានចាក់ទម្លុះ មិនទាន់​បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បាន​ទម្លាយ​ចេញ រមែងចាក់​ទម្លុះ​ទម្លាយ នូវ​គំនរមោហៈ ដែលខ្លួន​មិនទាន់​បានចាក់​ទម្លុះ មិនទាន់បាន​ទម្លាយចេញ។ ម្នាលឧទាយិ ពោជ្ឈង្គ ទាំង៧ ប្រការ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឱ្យ​​ច្រើនយ៉ាងនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីការ​ចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។

ឯកធម្មសូត្រទី៩

[៤៥៥] ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃើញធម៌ដទៃណាមួយ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឱ្យ​​ច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គ ទាំង៧នេះឡើយ។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[៤៥៦] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនដូចម្តេច បានធ្វើ​ឱ្យ​​ច្រើន​ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់​បញ្ចូល ក្នុង​ពួក​​សញ្ញោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ​ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោន​ទៅ ដើម្បីការលះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​​ នូវវិរាគៈ អា​ស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។ ម្នាលភិក្ខុ​ទាំង​ឡាយ ពោជ្ឈង្គ ​​​​ទាំង​៧ប្រការ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើ​ឱ្យ​​ច្រើន​យ៉ាងនេះ​ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំង​ឡាយ ដែលរាប់បញ្ចូល ក្នុង​ពួក​​សញ្ញោជនៈ។

[៤៥៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួក​សញ្ញោជនៈ តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនោះ រមែងកើតឡើង​​ ព្រោះចក្ខុនោះ សោតៈ ឃានៈ ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង​ ព្រោះធម៌ទាំងនោះ មនោ ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជា​គ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង​ ព្រោះមនោនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។

ឧទាយិសូត្រទី១០

[៤៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មាន​អាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិ​ដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។

[៤៥៩] បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចម្រើន ហេតុ​នេះ ចំឡែក បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស​    និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះ​អង្គ ពិចារណាឃើញ នូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស​   និងសេច​ក្តី​កោត​ក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ​ព្រះដ៏មានព្រះ​ភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាស នៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាស នៃវិញ្ញាណដូច្នេះ។

[៤៦០] បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ នៅក្នុងផ្ទះដ៏ស្ងាត់ បានប្រែត្រ​ឡប់​ឱ្យ​​ផ្ងារឡើង​   និងផ្កាប់ចុះ នូវឧបាទានក្ខន្ធ ទាំង៥នេះ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើត នៃទុក្ខ បាន​ដឹងច្បាស់​ តាម​សេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់នៃទុក្ខ។

[៤៦១] បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយផង មគ្គ ​ខ្ញុំ​ព្រះអង្គ បានចំពោះហើយផង មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើនហើយ បានធ្វើ​ឱ្យ​​ច្រើនហើយ មគ្គនោះ នឹងនាំខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយ​អាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យ​​ខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គ​ដ៏ចម្រើន សតិសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ សតិសម្ពោជ្ឈង្គ​ឯណា ដែល​ខ្ញុំព្រះអង្គ បានចម្រើន បានធ្វើឱ្យ​​ច្រើនហើយ សតិ​សម្ពោជ្ឈង្គនោះ នឹងនាំ​ឱ្យ​​ខ្ញុំព្រះអង្គ ​ដែល​កំពុង​សម្រេច​សម្រាន្តនៅ ដោយប្រការ​ដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុ​ឱ្យ​​ខ្ញុំព្រះអង្គ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច​ អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត​ មិន​មានឡើយ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបេក្ខាសម្ពោជ្ឈង្គ ខ្ញុំព្រះ​អង្គ​ បាន​ចំពោះ​ហើយ ឧបេក្ខាសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើនហើយ បាន​ធ្វើឱ្យ​​ច្រើនហើយ ឧបេក្ខា​សម្ពោជ្ឈង្គ​នោះ នឹងនាំឱ្យ​​ខ្ញុំព្រះអង្គ ដែលកំពុងសម្រេច​សម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុ​ឱ្យ​​ខ្ញុំព្រះអង្គ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្ម​ចរិយៈ ​អា​ត្មាអញ នៅរួចហើយ សោឡស​កិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ​ប្រ​ព្រឹត្តទៅ ដើម្បីសោឡស​កិច្ច​នេះទៀត មិន​មានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ជាមគ្គ ដែលខ្ញុំព្រះអង្គ បានចំពោះហើយ មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើនហើយ បានធ្វើឱ្យ​​ច្រើនហើយ មគ្គនោះ នឹងនាំឱ្យ​​​ខ្ញុំ​ព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជា​ហេតុឱ្យ​​ខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អា​ត្មាអញ នៅរួចហើយ សោ​ឡសកិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ ​ប្រ​ព្រឹត្តទៅ ដើម្បី​សោ​ឡស​កិច្ចនេះទៀត មិន​មានឡើយ។

[៤៦២] ម្នាលឧទាយិ ប្រពៃណាស់ហើយ ម្នាលឧទាយិ ប្រពៃណាស់ហើយ ព្រោះ​ថា​ មគ្គនុ៎ះ អ្នកបានចំពោះហើយ មគ្គឯណា ដែលអ្នកបានចម្រើនហើយ បានធ្វើឱ្យ​​​ច្រើន​ហើយ មគ្គនោះ នឹងនាំអ្នកដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យ​​អ្នកដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្ម​ចរិយៈ​ អា​ត្មា​អញ នៅរួចហើយ សោ​ឡសកិច្ច អាត្មា​អញ បានធ្វើរួចហើយ មគ្គភាវនា​កិច្ច​ដទៃ​ ប្រ​ព្រឹត្តទៅ ដើម្បី​សោ​ឡស​កិច្ចនេះទៀត មិន​មានឡើយ។

ចប់ ឧទាយិវគ្គ ទី៣។

ឧទ្ទាននៃឧទាយិវគ្គនោះ គឺ

ពោលអំពីពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង១ អំពីការសំដែងពោជ្ឈង្គ១ អំពីធម៌ជាហេតុ ជាទីតាំងនៃកាមរាគៈ១ អំពីការធ្វើទុកក្នុងចិត្ត​ ដោយ​មិនមានឧបាយ​ប្រាជ្ញា១ អំពីអបរិហានីយធម៌១ អំពីការអស់ទៅ នៃតណ្ហា១ អំពីការរលត់ នៃតណ្ហា១ អំពីការចាក់ទម្លុះ នូវរាគាទិក្កិលេស១ អំពីទ្រង់មិនឃើញធម៌ដទៃ សូម្បីមួយ១ អំពីព្រះឧទាយិដ៏មានអាយុ១។

នីវរណវគ្គ ទី៤

បឋមកុសលសូត្រទី១

[៤៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែក​កុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទ ជាឫសគល់ ជាទីប្រជុំចុះ ក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទ ប្រាកដជាកំពូល នៃកុសលធម៌​ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដ ដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទំាង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។

[៤៦៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើ​ឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចម្រើន​ នូវ​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោន​ទៅរកការលះបង់។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អា​ស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនប្រមាទ ​រមែងចម្រើន នូវពោជ្ឈង្គ ​​​​ទាំង​៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ទុតិយកុសលសូត្រទី២

[៤៦៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែក​នៃកុសល ជាបក្ខពួក នៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការៈ ​ជា​ឫសគល់ មានយោនិសោមនសិការៈ ជា​ទី​ប្រ​ជុំចុះ យោនិសោមនសិការៈ ប្រាកដ​ជា​កំពូល ​នៃ​ធម៌​ទាំង​នោះ​។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ដំណើរនោះ នឹងប្រាកដដល់ភិក្ខុ ​ដែល​បរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុ​នោះ​ នឹងចម្រើន​ នូវពោជ្ឈង្គ ទំាង៧ នឹងធ្វើឱ្យ​​​ច្រើន នូវពោជ្ឈង្គ ទាំង៧។

[៤៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចម្រើនពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ចម្រើន​ នូវ​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោន​ទៅរកការលះបង់។បេ។ រមែងចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អា​ស្រ័យ​ នូវវិរាគៈ អា​ស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុបរិបូណ៌ដោយ​យោនិសោមនសិការៈ​ រមែងចម្រើន នូវពោជ្ឈង្គ​​​​ ទាំង​៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ឧបក្កិលេសសូត្រទី៣

[៤៦៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាសនេះ មាន៥យ៉ាង ដែលធ្វើ​ឱ្យ​​មាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង។ ឧបក្កិលេស ទាំង៥ តើអ្វី​ខ្លះ​?

[៤៦៨] ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេស របស់មាស ដែលធ្វើ​ឱ្យ​​មាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៦៩] ម្នាលភិក្ខុទាំងឡាយ ស្ពាន់ ជាឧបក្កិលេសរបស់មាស ដែលធ្វើ​ឱ្យ​​មាស​សៅ​ហ្មង។បេ។

[៤៧០] ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់មាស។បេ។

[៤៧១] ម្នាលភិក្ខុទាំងឡាយ សំណភក់ ជាឧបក្កិលេសរបស់មាស។បេ។

[៤៧២] ម្នាលភិក្ខុទាំងឡាយ ប្រាក់ ជាឧបក្កិលេស របស់មាស ដែលធ្វើ​ឱ្យ​​មាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៧៣] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាស ទាំង៥នេះឯង ដែលធ្វើ​ឱ្យ​​មាស​សៅ​ហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជា​ពុក​ពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។

[៤៧៤] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេស នៃចិត្ត ទាំង៥នេះ ដែលធ្វើឱ្យ​​​ចិត្តសៅហ្មង ទៅជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមាន​ពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ​ទាំងឡាយផង។ ឧបក្កិលេស ទាំង៥ គឺអ្វី​ខ្លះ​?

[៤៧៥] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើចិត្តឱ្យ​​សៅ​ហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្ត​អ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង១។

[៤៧៦] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាឧបក្កិលេស នៃចិត្ត ធ្វើឱ្យ​​ចិត្តសៅ​ហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជា​អ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។បេ។

[៤៧៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះឯង ដែលធ្វើ​ឱ្យ​​ចិត្ត​សៅ​ហ្មង ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជា​អ័ព្ទ​អួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ​ទាំង​ឡាយផង។

អនុបក្កិលេសសូត្រទី៤

[៤៧៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការនេះ ជា​គ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ​។

[៤៧៩] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​មែន​ជា​ឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ធ្វើ​ឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។បេ។

[៤៨០] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​​មែន​ជា​ឧបក្កិលេសរបស់ចិត្ត បុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​​ទៅ​ ដើម្បី​ធ្វើ​ឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែន​ជាគ្រឿង​រា​រាំង​ មិនបិទបាំង មិន​មែន​ជា​ឧបក្កិលេសរបស់ចិត្តទេ បុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើន​ហើយ​ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ធ្វើ​ឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។

អយោនិសោមនសិការសូត្រទី៥

[៤៨២] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ​ ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ ក៏រមែងកើតឡើង​បាន ទាំងកាមច្ឆន្ទៈ ដែល​កើតឡើង​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៣] ព្យាបាទ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​បាន ទាំងព្យាបាទ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៤] ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​បាន ទាំងថីនមិទ្ធៈ ដែលកើតឡើង​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៥] ឧទ្ទច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង​ រមែងកើតឡើង​ ទាំងឧទ្ទច្ចកុក្កុច្ចៈ​ ដែលកើតឡើង​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៨៦] វិចិកិច្ឆា ដែលមិនទាន់កើតឡើង​ ក៏រមែងកើតឡើង​បាន ទាំងវិចិកិច្ឆា ដែល​កើត​ឡើង​​ហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។

យោនិសោមនសិការសូត្រទី៦

[៤៨៧] ម្នាលភិក្ខុទាំងឡាយ ចំណែកឯបុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​បាន ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។បេ។

[៤៨៨] ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង​ ក៏កើតឡើង​បាន ទាំង​ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយ​ភាវនា។

ពុទ្ធិសូត្រទី៧

[៤៨៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តី​មិន​សាបសូន្យ។ ពោជ្ឈង្គ ទាំង​៧ គឺអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីមិនសាបសូន្យ។

អាវរណនីវរណសូត្រទី៨

[៤៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ​ជា​ឧបក្កិ​លេស​​របស់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ​  គឺអ្វី​ខ្លះ​? ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ​ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឱ្យ​​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា​ឧបក្កិ​លេស​របស់ចិត្ត ធ្វើប្រាជ្ញា​ឱ្យ​​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ច​កុក្កុច្ចៈ ជា​គ្រឿង​រារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឱ្យ​​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា​ឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញា​ឱ្យ​​មាន​កម្លាំង​ខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការ​នេះឯង​ ជាគ្រឿង​រារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ។

[៤៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង​ ជាគ្រឿងមិនរារាំង មិន​បិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​ច្រើន​ហើយ រមែង​ប្រ​ព្រឹត្ត​ទៅ​​ ដើម្បីធ្វើឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។ ​ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​? ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិន​មែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើនហើយ ប្រ​ព្រឹត្ត​ទៅ​ដើម្បីធ្វើឱ្យ​​​ជាក់​ច្បាស់​ នូវវិជ្ជា   និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿង​​រា​​រាំង​ មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចម្រើនហើយ ធ្វើ​ឱ្យ​​ច្រើន​​ហើយ រមែងប្រ​ព្រឹត្ត​ទៅ​ ដើម្បីធ្វើឱ្យ​​​ជាក់​ច្បាស់​ នូវវិជ្ជា   និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង​ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជា​ឧបក្កិ​លេស​របស់​ចិត្តទេ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ​ដើម្បីធ្វើ​ឱ្យ​​​ជាក់​ច្បាស់​ នូវ​វិជ្ជា   និងវិមុត្តិផល។

[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឱ្យ​​ជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូច​ម្ដេច​? កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុង​សម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិន​មាន​ក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិន​មាន​ដល់ភិក្ខុនោះ ក្នុងសម័យនោះ។

[៤៩៤] ​ពោជ្ឈង្គ ទាំង៧ ដែលដល់ នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យ​នោះ តើដូច​ម្ដេច​? សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។

[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឱ្យ​​ជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

រុក្ខសូត្រទី៩

[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។

[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូច​ម្ដេច​? ដើមឈើទាំងនោះ គឺអ្វី​ខ្លះ​?  គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះ​ឯង មាន​គ្រាប់តូច មានទំហំដើមធំ ដុះ​គ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែល​​ឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។

[៤៩៨] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះ​បង់​ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែប​នោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។

[៤៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទ​បាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វី​ខ្លះ​? ម្នាលភិក្ខុ​ទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឱ្យ​​មានកម្លាំង​ខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿង​បិទ​បាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ថីន​មិទ្ធៈ​ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មាន​កម្លាំង​ខ្សោយ​១។ ម្នាលភិក្ខុ​ទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ វិចិកិច្ឆា​ ជា​គ្រឿង​រារាំង ជា​គ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងខ្សោយ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទ​បាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា​ឱ្យ​​មានកម្លាំងខ្សោយ។

[៥០០] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​? ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជា​គ្រឿង​បិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យ​​ច្រើនហើយ រមែង​ប្រ​ព្រឹត្ត​ទៅ ដើម្បីធ្វើឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១​។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិន​មែន​ជា​គ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើ​ឱ្យ​​​ច្រើន​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យ​​ជាក់ច្បាស់ នូវវិជ្ជា   និងវិមុត្តិផល។

នីវរណសូត្រទី១០

[៥០១] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះ ជាធម្មជាតធ្វើឱ្យ​​ខ្វាក់ ធ្វើ​មិនឱ្យ​​មានចក្ខុ ធ្វើមិនឱ្យ​​ដឹងជាហេតុ ឱ្យ​​រលត់នៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀត​ចង្អល់ ​មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ នីវរណៈធម៌ ៥ប្រការ គឺអ្វី​ខ្លះ​? ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាត ធ្វើឱ្យ​​ខ្វាក់ ធ្វើ​មិនឱ្យ​​មានចក្ខុ ធ្វើមិនឱ្យ​​ដឹង ជា​ហេតុឱ្យ​​រលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ​មិនប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ព្រះ​និព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឱ្យ​​​ខ្វាក់។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាត ធ្វើឱ្យ​​ខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ច​កុក្កុច្ច​នីវរណៈ ជាធម្មជាតធ្វើ​ឱ្យ​​​ខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានី​វរណៈ​ ជាធម្មជាត​ធ្វើ​ឱ្យ​​​​ខ្វាក់ ធ្វើ​មិនឱ្យ​​មានចក្ខុ ធ្វើមិនឱ្យ​​ដឹង ជា​ហេតុ​​ឱ្យ​​​រលត់​ទៅនៃបញ្ញា ជា​បក្ខ​ពួក​នៃ​សេចក្តី​ចង្អៀត​ចង្អល់​ មិនមែនប្រ​ព្រឹត្ត​ទៅ​ ដើម្បី​ព្រះ​និព្វាន។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះឯង ជាធម្មជាតធ្វើឱ្យ​​ខ្វាក់ ធ្វើ​មិនឱ្យ​​មានចក្ខុ ធ្វើមិនឱ្យ​​ដឹង ជាហេតុឱ្យ​​រលត់ទៅ​នៃ​បញ្ញា​ ជាបក្ខពួក នៃសេចក្តីចង្អៀត​ចង្អល់ ​មិនប្រព្រឹត្តទៅ​ ដើម្បីព្រះនិព្វាន។

[៥០២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ជាធម៌ធ្វើ​ឱ្យ​​​មានបញ្ញាចក្ខុ ធ្វើ​ឱ្យ​​ដឹង ជាហេតុឱ្យ​​ចម្រើនប្រាជ្ញា មិនមែន​ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់​ ប្រព្រឹត្ត​ទៅ​ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​? ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឱ្យ​​កើតបញ្ញាចក្ខុ ធ្វើ​ឱ្យ​​ដឹង ជាហេតុឱ្យ​​ចម្រើនប្រាជ្ញា មិនមែន​ជាបក្ខពួក ​នៃសេច​ក្តី​​ចង្អៀត​ចង្អល់ ​ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា​សម្ពោជ្ឈង្គ ជាធម៌ធ្វើឱ្យ​​កើតបញ្ញាចក្ខុ ធ្វើ​ឱ្យ​​ដឹង ជាហេតុឱ្យ​​ចម្រើនប្រាជ្ញា មិនមែន​ជាបក្ខ​ពួក ​​នៃ​សេច​​​ក្តី​​ចង្អៀត​ចង្អល់​ ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាធម៌ធ្វើឱ្យ​​កើតបញ្ញាចក្ខុ ធ្វើ​ឱ្យ​​ដឹង ជាហេតុឱ្យ​​ចម្រើនប្រាជ្ញា មិនមែន​ជាបក្ខ​ពួក ​នៃ​សេចក្តីចង្អៀតចង្អល់​ ប្រព្រឹត្ត​ទៅ ​ដើម្បីព្រះនិព្វាន។

ចប់ នីវរណវគ្គ ទី៤។

ឧទ្ទាននៃនីវរណវគ្គនោះ គឺ

និយាយអំពីកុសល មាន២លើក អំពីឧបក្កិលេស១ អំពីអយោនិសោមនសិការៈ   និងយោនិសោមនសិការៈ ២លើក អំពីពោជ្ឈង្គ ទាំង៧ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីចម្រើន១ អំពីពោជ្ឈង្គ ទំាង៧ មិនមែនជាគ្រឿងរារាំង១ អំពីអបរិហានីយធម៌១ អំពី​ធម៌ជាគ្រឿង​បិទបាំង និងធម៌ជាគ្រឿងរារាំង ប្រៀបដូចដើមឈើធំៗ១ អំពីនីវរណធម៌១ រួម​ទាំង​អស់ជា១០។

ចក្កវត្តិវគ្គ ទី៥

វិធាសូត្រទី១

[៥០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ប្រការ ចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធើ្វឱ្យ​​ច្រើន នូវ​ពោជ្ឈង្គ ទាំង៧។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាល​ជាអនាគត នឹង​លះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬ​ព្រាហ្មណ៍​ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធើ្វឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាល​ឥឡូវនេះ រមែង​លះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ក៏ជាអ្នកចម្រើន ជាអ្នកធើ្វ​ឱ្យ​​​ច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។

[៥០៤] ពោជ្ឈង្គទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១ ម្នាលភិក្ខុទាំង​ឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាល​កន្លង​ទៅហើយ ជាយូរអង្វែង បាន​លះបង់ នូវមានះ ទាំង៣ ប្រការចេញបាន។បេ។ នឹងលះបង់។បេ។ រមែងលះបង់ ព្រោះពួក​សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធើ្វ​ឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។

ចក្កវត្តិសូត្រទី២

[៥០៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង​ប្រាកដ នៃរតនៈ ទាំង៧ ព្រោះ​ការកើត​ប្រាកដ នៃស្តេចចក្រពត្តិ។ រតនៈ ទាំង៧ គឺអ្វី​ខ្លះ​?  គឺការកើតប្រាកដ នៃចក្ករតន៍(ចក្រកែវ)១ ការកើតប្រាកដ នៃហត្ថិរតន៍ (ដំរីកែវ)១ ការកើតប្រាកដ នៃអស្សរតន៍(សេះកែវ)១ ការ​កើត​ប្រាកដ នៃមណិរតន៍ (កែវមណី)១ ការកើតប្រាកដ នៃឥត្ថីរតន៍(ស្រីកែវ)១ ការ​កើត​ប្រាក​ដ នៃគហបតីរតន៍ (គហបតីកែវ)១ ការកើតប្រាកដ​នៃបរិនាយករតន៍ (នាយឃ្លាំងកែវ)១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃរតនៈ​ទាំង៧នេះ ព្រោះការកើតប្រា​កដ ​នៃសេ្តចចក្រពត្តិ។

[៥០៦] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គ រតនៈ ទាំង៧ ព្រោះ​ការ​កើត​​ប្រាកដ​ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ពោជ្ឈង្គ រតនៈ ទាំង៧ គឺអ្វី​ខ្លះ​?  គឺការកើតប្រាកដ នៃសតិសម្ពោជ្ឈង្គរតនៈ១។បេ។ ការកើតប្រាកដ នៃឧបេក្ខា​សម្ពោជ្ឈង្គរតនៈ១។បេ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គរតនៈ ទាំង៧នេះ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

មារសូត្រទី៣

[៥០៧] ម្នាលភិក្ខុងទាំងឡាយ តថាគតនឹងសំដែង នូវមគ្គ ជាគ្រឿងញ៉ាំញី នូវមារ   និងសេនារបស់មារ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះមគ្គ ដែលជាគ្រឿងញ៉ាំញីមារ   និងសេនានៃមារ តើដូច​ម្ដេច​?  គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខា​សម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គ ជាគ្រឿងញ៉ាំញីមារ   និងសេនានៃមារ។

ទុប្បញ្ញសូត្រទី៤

[៥០៨] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះ​ភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ​​ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សឥតប្រាជ្ញា​ ល្ងង់ខ្លៅ តើដោយហេតុដូច​ម្ដេច​?

[៥០៩] ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចម្រើន មិនបានធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចម្រើន មិនបានធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។

បញ្ញវន្តសូត្រទី៥

[៥១០] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្ស​មាន​ប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូច​ម្ដេច​?

[៥១១] ម្នាលភិក្ខុ ដែលហៅថាមនុស្សមានប្រាជ្ញា មិនល្ងង់​ខ្លៅ ព្រោះបានចម្រើន​ បាន​​​ធ្វើ​ឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​មាន​ប្រាជ្ញា​ មិនល្ងង់​ខ្លៅ ព្រោះបានចម្រើន បានធ្វើឱ្យ​​ច្រើន នូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

ទលិទ្ទសូត្រទី៦

[៥១២] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្ស​កំសត់ មនុស្សកំសត់ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សកំសត់ តើដោយ​ហេតុ​​ដូច​ម្ដេច​?

[៥១៣] ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចម្រើន មិនបាន​ធ្វើឱ្យ​​​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​កំសត់ ព្រោះមិនបាន​ចម្រើន មិនបានធ្វើឱ្យ​​ច្រើន នូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

អទលិទ្ទសូត្រទី៧

[៥១៤] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្ស​មិនកំសត់ មនុស្សមិនកំសត់ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សមិនកំសត់ តើ​ដោយ​​ហេតុ​​ដូច​ម្ដេច​?

[៥១៥] ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចម្រើន បានធ្វើឱ្យ​​​ច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វី​ខ្លះ​?  គឺសតិ​សម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែល​ហៅ​ថា មនុស្ស​មិន​កំសត់ ព្រោះបានចម្រើន បាន​ធ្វើឱ្យ​​ច្រើន នូវ​ពោជ្ឈង្គ​ ទាំង៧នេះឯង។

អាទិច្ចសូត្រទី៨

[៥១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង​ នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង​ ភាវៈនៃ​កល្យាណមិត្ត​នុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃកិរិយាកើតឡើង​ នៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។

[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចម្រើន នូវពោជ្ឈង្គ​ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចម្រើននូ​វ​ពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។

អជ្ឈត្តិកង្គសូត្រទី៩

[៥១៨] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្នុង ឱ្យ​​ជាអង្គហើយ ក៏មិន​ឃើញ​មានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើពោជ្ឈង្គ ទាំង៧ ឱ្យ​​កើត​ឡើង​បាន ដូចជាយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជា​គ្រឿងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចម្រើន នូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧។

[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែង​​ចម្រើន នូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អា​ស្រ័យ​ នូវ​និរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​បរិបូណ៌ ដោយយោនិ​សោ​មន​សិការៈ ​រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។

ពាហិរង្គសូត្រទី១០

[៥២០] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្រៅ ឱ្យ​​ជាអង្គហើយ ក៏មិន​ឃើញ​មានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីកើតឡើង​ នៃពោជ្ឈង្គ ទាំង៧ បាន ដូចជាការមានមិត្រល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ​​ដល់​ភិក្ខុដែលមានមិត្រល្អ ភិក្ខុនោះ នឹងចម្រើន នូវ​ពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​​ច្រើន​ នូវ​ពោជ្ឈង្គ ​ទាំង៧។

[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។

ចប់ ចក្កវត្តិវគ្គ ទី៥។

ឧទ្ទាននៃចក្កវត្តិវគ្គនោះ គឺ

និយាយអំពីការលះបង់ មាន៣ប្រការ១ អំពីសេចក្តីប្រៀប ដោយសេ្តចចក្រពត្តិ១ អំពីមគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ១ អំពីការប្រៀប​ដោយ​មនុស្ស​ឥតប្រាជ្ញា១ ដោយមនុស្សមានប្រាជ្ញា១ ដោយមនុស្សកំសត់១ ដោយមនុស្សមិនកំសត់១ ដោយព្រះអាទិត្យរះឡើង​១ ​អំពីធម៌ជាអង្គ មានពីរលើក រួមជា១០។

ពោជ្ឈង្គឆដ្ឋក ទី៦ (ឆដ្ឋ. សាកច្ឆវគ្គ ទី៦)

អាហារសូត្រទី១

[៥២២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ជាអាហារ   និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង៥ផង នៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នក​ទាំង​ឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។

[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែល​មិនទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឱ្យ​​រឹង​រឹតតែ​កើតច្រើនឡើង​។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត   និងការធ្វើឱ្យ​​ច្រើន​ នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែល​មិនទាន់កើត ឱ្យ​​កើតឡើង​ ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹតតែកើត​ច្រើនឡើង​។

[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើ​ត ឱ្យ​​កើតឡើង​បាន ឬរបស់ព្យាបាទ ដែលកើតឡើង​ហើយ ឱ្យ​​រឹង​រឹតតែ​កើតច្រើន​ឡើង​។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត   និងការ​ធ្វើ​នូវ​អយោ​​និ​សោម​នសិការ​ឱ្យ​​ច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់ព្យាបាទ ដែលកើតឡើង​ហើយ ឱ្យ​​រឹងរឹតតែកើតច្រើនឡើង​។

[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឱ្យ​​រឹង​រឹតតែ​កើតច្រើន​​ឡើង​។ ​ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត   និងការធ្វើនូវអយោ​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងសេចក្តី​មិនត្រេកអរ ជា​ដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់​ថីនមិទ្ធ ដែលកើតហើយ ឱ្យ​​រឹងរឹតតែកើតច្រើនឡើង​។

[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យ​​រឹង​រឹតតែ​កើត​​ច្រើនឡើង​។ ​ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត   និងការធ្វើនូវ​អយោ​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យ​​​រឹង​រឹត​តែកើតច្រើនឡើង​។

[៥២៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់វិចិកិច្ឆា ដែលមិនទាន់កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យ​​រឹង​រឹតតែ​កើត​​ច្រើនឡើង​។ ​ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលបណ្តាលឱ្យ​​កើតវិចិកិច្ឆា   និងការធ្វើ​នូ​វ​អយោ​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់វិចិកិច្ឆា ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យ​​​រឹង​រឹត​តែ​កើត​ច្រើន​ឡើង​​។

[៥២៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សតិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានធម៌ទាំងឡាយ ដែលនាំឱ្យ​​កើតសតិសម្ពោជ្ឈង្គ   និងការ​ធ្វើ​នូវ​យោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​របស់​សតិ​សម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើត​ឡើង​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួក​ធម៌​ ប្រកបដោយ​ទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ​ឬស   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​ របស់​ធម្មវិចយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ​​ដែលកើត​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៣០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត ឱ្យ​​កើតឡើង​បាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហារ​របស់​វីរិយសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់វីរិយស​ម្ពោជ្ឈង្គ​​ ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៣១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានធម៌ទាំងឡាយ ដែលនាំឱ្យ​​កើតបីតិសម្ពោជ្ឈង្គ   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ ​របស់​បីតិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់បីតិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៣២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ​ របស់​បស្សទ្ធិសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់បស្សទ្ធិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៣៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សមាធិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់​កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌ជាអាហារ​ របស់​សមាធិសម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់សមាធិស​ម្ពោជ្ឈង្គ ​​ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៣៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧបេក្ខាសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់​កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យ​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ដែលនាំឱ្យ​​កើតឧបេក្ខាសម្ពោជ្ឈង្គ   និង​ការ​ធ្វើ​នូវយោ​​និ​សោម​នសិការឱ្យ​​ច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ​ របស់​ឧបេក្ខាសម្ពោជ្ឈង្គ ​ដែល​មិន​ទាន់កើត ឱ្យ​​កើតឡើង​បាន ឬរបស់ឧបេក្ខាស​ម្ពោជ្ឈង្គ ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៣៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហាររបស់កាមច្ឆន្ទៈ ​ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឱ្យ​​​រឹង​រឹតតែកើតច្រើន​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែអសុភនិមិត្ត   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិ​ការឱ្យ​​​ច្រើន ​ក្នុងអសុភនិមិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ ​របស់កាមច្ឆន្ទៈ​ ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់កាមច្ឆន្ទៈ​​​ ដែល​កើត​​​ហើយ ឱ្យ​​រឹង​រឹត​តែកើតច្រើន​ឡើង​។

[៥៣៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ព្យាបាទ​ ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ព្យាបាទ ដែលកើតហើយ ឱ្យ​​​រឹង​រឹតតែកើត​ច្រើនឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែចេតោវិមុត្តិ   និងការ​ធ្វើ​ នូវយោ​​និ​សោម​នសិ​ការ​ឱ្យ​​​ច្រើន ​ក្នុងចេតោវិមុត្តិនោះ នេះធម៌ដែលមិនមែនជាអាហារ ​របស់ព្យាបាទ ​ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់ព្យាបាទ ​​​ដែល​កើត​​​ហើយ ឱ្យ​​រឹង​រឹត​តែ​កើតច្រើនឡើង​។

[៥៣៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ថីនមិទ្ធ ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឱ្យ​​​រឹង​រឹតតែ​កើតច្រើន​​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការឱ្យ​​​ច្រើន ​ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌​មិនមែន​ជាអាហារ​​ របស់ថីនមិទ្ធ ​ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់ថីនមិទ្ធ ដែល​កើត​​​ហើយ ឱ្យ​​រឹង​រឹត​តែកើតច្រើនឡើង​។

[៥៣៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី  ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យ​​​រឹង​រឹត​តែកើត​ច្រើន​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការស្ងប់ស្ងាត់ចិត្ត   និងការ​ធ្វើ​នូវយោ​​និ​​សោម​នសិ​ការឱ្យ​​​ច្រើន ​ក្នុងការស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ដែលមិនមែនជា​អាហារ ​​របស់ឧទ្ទច្ចកុក្កុច្ច ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ​​​ដែល​កើត​​​ហើយ ឱ្យ​​រឹង​រឹត​តែកើត​ច្រើន​ឡើង​។

[៥៣៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វិចិកិច្ឆា ​ដែល​មិន​ទាន់កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យ​​​រឹង​រឹតតែ​កើតច្រើន​ឡើង​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ជាកុសល   និងអកុសល ពួកធម៌​ដែលប្រកប​ដោយ​ទោស​   និងឥតទោស ពួកធម៌ដែលថោកទាប   និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ   និងស   និងការ​ធ្វើ​នូវយោ​​និ​សោម​នសិ​ការ​ឱ្យ​​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ​​ របស់វិចិកិច្ឆា ​ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬ​របស់វិចិកិច្ឆា​​​ ដែល​កើត​​​ហើយ ឱ្យ​​រឹង​រឹត​តែកើត​ច្រើន​ឡើង​។

[៥៤០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់​សតិសម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់សតិ​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌ ជាទីតាំងរបស់

សតិ​សម្ពោជ្ឈង្គ​   និងការ​ធ្វើ នូវអមនសិ​ការឱ្យ​​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ ​​របស់សតិ​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់​សតិសម្ពោជ្ឈង្គ​​​​ ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៤១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ធម្មវិចយ​សម្ពោជ្ឈង្គ​ ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ ដែល​កើត​ហើយ ឱ្យ​​​ចម្រើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌​ ជាកុសល​   និង​អកុសល ពួកធម៌ដែលប្រកប​ដោយ​ទោស   និងឥតទោស ពួកធម៌​ដែល​ថោក​ទាប​   និង​ថ្លៃ​ថ្លា ពួកធម៌ជាចំណែកខ្មៅ   និងស   និងការ​ធ្វើ​នូវអម​នសិ​ការ​ឱ្យ​​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអា​ហារ ​​​​របស់ធម្មវិចយ​សម្ពោជ្ឈង្គ ​ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​​បាន ឬរបស់ធម្មវិចយ​សម្ពោជ្ឈង្គ​​​ ដែល​កើត​​ហើយ ឱ្យ​​​ចម្រើន​បរិបូណ៌។

[៥៤២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វីរិយ​សម្ពោជ្ឈង្គ ​​ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់វីរិយ​សម្ពោជ្ឈង្គ ដែល​កើត​ហើយ ឱ្យ​​ចម្រើន​បរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានការតាំងផ្តើម ការខ្នះខ្នែង ការប្រឹង​ប្រែង ការ​ធ្វើ​ នូវអម​នសិ​ការ​ឱ្យ​​​ច្រើន ​ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែន​ជាអា​ហារ​​​​របស់វីរិយ​សម្ពោជ្ឈង្គ​ ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់វីរិយ​សម្ពោជ្ឈង្គ​​​ ដែល​កើត​​ហើយ ឱ្យ​​ចម្រើន​បរិបូណ៌។

[៥៤៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បីតិ​សម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់បីតិ​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែពួកធម៌ ដែលនាំឱ្យ​​កើត​បីតិសម្ពោជ្ឈង្គ​   និងការ​ធ្វើនូវអមនសិ​ការ​ឱ្យ​​​ច្រើន​ ក្នុងធម៌ទាំងនោះ នេះធម៌មិនមែន​ជាអាហារ​​ របស់បីតិ​សម្ពោជ្ឈង្គ ​​ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់បីតិ​សម្ពោជ្ឈង្គ​​​​ ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៤៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់​បស្សទ្ធិសម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់បស្សទ្ធិ​​សម្ពោជ្ឈង្គ ​ដែល​កើត​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែការស្ងប់ស្ងាត់កាយ ការ​ស្ងប់ស្ងាត់ចិត្ត​   និងការ​ធ្វើ នូវអមនសិ​ការ​ឱ្យ​​​ច្រើន​ ក្នុងការស្ងប់ស្ងាត់ទាំងនោះ នេះធម៌​មិនមែន​ជាអាហារ​​ របស់បស្សទ្ធិ​​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬ​របស់បស្សទ្ធិ​​សម្ពោជ្ឈង្គ​​​​ ដែល​កើត​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៤៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សមាធិ​សម្ពោជ្ឈង្គ​​ ដែល​មិន​ទាន់កើ​ត​ ឱ្យ​​កើតឡើង​បាន ឬរបស់សមាធិ​​សម្ពោជ្ឈង្គ​ ដែល​កើត​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានតែសមាធិនិមិត្ត ​អព្យគ្គនិមិត្ត   និងការ​ធ្វើ នូវអមនសិ​ការ​ឱ្យ​​​ច្រើន ​ក្នុងនិមិត្តទាំងនោះ នេះធម៌មិនមែនជា​អាហារ​​ របស់​សមាធិ​​សម្ពោជ្ឈង្គ ​​ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់សមាធិ​​សម្ពោជ្ឈង្គ ​ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

[៥៤៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ​​ដែល​មិន​ទាន់កើ​ត ​ឱ្យ​​កើតឡើង​បាន ឬរបស់ឧបេក្ខា​​សម្ពោជ្ឈង្គ​ដែល​កើត​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។ ​ម្នាលភិក្ខុ​ទាំង​ឡាយ មានពួកធម៌ ដែលនាំឱ្យ​​កើត​ឧបេក្ខា​សម្ពោជ្ឈង្គ   និងការ​ធ្វើ នូវអមនសិ​ការ​ឱ្យ​​​ច្រើន ​ក្នុងធម៌ទាំងនោះ នេះធម៌មិន​មែនជា​អាហារ ​​របស់ឧបេក្ខា​​សម្ពោជ្ឈង្គ​​ ដែល​មិន​​ទាន់កើត ឱ្យ​​​កើតឡើង​បាន ឬរបស់​ឧបេក្ខា​សម្ពោជ្ឈង្គ​​​​ ដែល​កើត​​​ហើយ ឱ្យ​​ចម្រើនបរិបូណ៌។

បរិយាយសូត្រទី២

[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុង​បុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក​ ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ   និងពាក្យដែលគួររឭក​ហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំង​ឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេស​នៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យ​​មានកម្លាំង​ថយ រួចហើយចម្រើនពោជ្ឈង្គ ទាំង៧ ឱ្យ​​កើត​មាន​ឡើង​។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយ​យ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ  លះបង់​នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឱ្យ​​មានកម្លាំងថយ រួចហើយចម្រើនពោជ្ឈង្គ ទាំង៧ ឱ្យ​​កើតមាន​ឡើង​ ដូច្នេះដែរ។ ម្នាលអាវុសោ​ទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូច​ម្តេច មានសេចក្តីអធិប្បាយដូចម្តេច មាន​អំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណ​គោតមក្តី របស់យើងក្តី អំពីដំណើរធៀប​ធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យ​ប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៤៨] លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វា​ជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាក​អាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តី នៃភាសិតនោះ ក្នុងសំណាក់ នៃព្រះដ៏មានបុណ្យជាមិនខាន។

[៥៤៩] លំដាប់នោះឯង ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះ​ត្រឡប់​មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងថ្ងៃនេះ ពួកខ្ញុំព្រះអង្គ ស្លៀកស្បង់​ ប្រដាប់​​បាត្រ​   និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) ពួកយើងទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូល​ទៅ​​ឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់​នោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក​ ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក​ ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ   និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួកខ្ញុំព្រះអង្គ អង្គុយ​ក្នុងទីដ៏​សមគួរហើយ ទើបពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ និយាយដូច្នេះថា ម្នាល​អាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងថយ ចម្រើនពោជ្ឈង្គ ៧ ឱ្យ​​កើត​មាន​ឡើង​។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវក​ទាំង​​ឡាយ ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរ​អ្នក​ទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែល​ធ្វើប្រាជ្ញាឱ្យ​​មាន​កម្លាំងថយ ចម្រើន នូវពោជ្ឈង្គ៧ ឱ្យ​​កើតមានឡើង​ដែរ។ ម្នាលអាវុសោ​ទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម   និងរបស់យើង អំពីដំណើរ​ធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។

[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ​ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់​តែនឹងយល់សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៥១] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំង​ឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះហេតុដែលនាំឱ្យ​​​នីវរណៈ ​៥ បែកទៅជា១០ ពោជ្ឈង្គ៧ បែកទៅជា១៤ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ  បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជាឆ្លើយមិនរួចផង នឹង​ដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត តទៅទៀតផង។ ចុះដំណើរនោះ ព្រោះហេតុ​អ្វី​? ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ដំណើរនោះ មិនជាវិស័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរ​ដោះ​ស្រាយប្រស្នាទាំងនេះ ឱ្យ​​ពេញចិត្តបាន លើកតែព្រះតថាគត ​ឬសាវករបស់ព្រះតថាគត ឬក៏​បុគ្គល ដែលបានស្តាប់អំពីសាវក របស់ព្រះតថាគតចេញ។

[៥៥២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេច ដែលនាំឱ្យ​​នីវរណៈ៥ បែក​ទៅជា​១០។

[៥៥៣] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈណា ជាខាងក្នុង កាមច្ឆន្ទៈនោះ ជានីវរណៈ១ កាមច្ឆន្ទៈណា ជាខាងក្រៅ កាមច្ឆន្ទៈនោះ ជានីវរណៈ១ ព្រោះថា​កាមច្ឆន្ទនីវរណៈ​នេះ តែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនោះឯង។

[៥៥៤] ម្នាលភិក្ខុទាំងឡាយ ព្យាបាទណា ជាខាងក្នុង ព្យាបាទនោះ ជានីវរណៈ១ ព្យាបាទណា ជាខាងក្រៅ ព្យាបាទនោះ ជានីវរណៈ១ ព្រោះថា ព្យាបាទនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុ​នេះឯង។

[៥៥៥]​​ ម្នាលភិក្ខុទាំងឡាយ ថីនៈណា ថីនៈនោះ ជានីវរណៈ១ មិទ្ធៈណា មិទ្ធៈ​នោះ​ ជានីវរណៈ១ ព្រោះថា ថីនមិទ្ធនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចៈណា ឧទ្ធច្ចៈនោះ ជានីវរណៈ១ កុក្កុច្ចៈណា កុក្កុច្ចៈ​នោះ ជានីវរណៈ១ ព្រោះថា ឧទ្ធច្ចកុក្កុច្ចនីវរណៈនេះ រមែងមកកាន់​ឧទ្ទេស ​ដោយ​ប្រ​ការ​ដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៧] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង វិចិកិច្ឆា​នោះ ជានីវរណៈ១ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ វិចិកិច្ឆានោះ ជា​នីវរណៈ១ ព្រោះថា វិចិកិកិច្ឆានីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈ​នោះ​ មានចំណែក២ ដោយហេតុនេះឯង។

[៥៥៨] ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុនាំឱ្យ​​នីវរណៈ៥ បែកទៅជា១០។

[៥៥៩] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឱ្យ​​ពោជ្ឈង្គ ៧ បែកទៅជា ១៤ តើ​ដូច​ម្តេច។

[៥៦០] ម្នាលភិក្ខុទាំងឡាយ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង សតិនោះ​ឯ​ង ជាសតិសម្ពោជ្ឈង្គ១ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ សតិនោះឯង ជា​សតិសម្ពោជ្ឈង្គ១ ព្រោះថា សតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការ​ដូច្នេះ។ សតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌​ទាំង​ឡាយ ​ជាខាងក្នុង រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជា​ធម្មវិចយសម្ពោជ្ឈង្គ១ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំង​ឡាយ ​ជា​ខាងក្រៅ រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ ព្រោះថា ធម្មវិចយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយ​ប្រការ​ដូច្នេះ។ ធម្មវិចយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦២] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តី​ព្យា​យាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ ព្រោះថា វីរិយសម្ពោជ្ឈង្គនេះ រមែង​មកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ វីរិយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយ​ហេតុនេះឯង។

[៥៦៣] ម្នាលភិក្ខុទាំងឡាយ បីតិណា ប្រកបដោយវិតក្កៈ   និងវិចារៈ បីតិនោះឯង ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ បីតិណា មិនមានវិតក្កៈ   និងវិចារៈ បីតិនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ ព្រោះថា បីតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បីតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់ស្ងាត់កាយណា សេចក្តីស្ងប់ស្ងាត់​កាយ​​នោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ សេចក្តីស្ងប់ស្ងាត់ចិត្តណា សេចក្តី​ស្ងប់ស្ងាត់ចិត្ត​នោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ ព្រោះថា បស្សទ្ធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បស្សទ្ធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៥] ម្នាលភិក្ខុទាំងឡាយ សមាធិណា មានវិតក្កៈ មានវិចារៈ សមាធិ​នោះ​ឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ សមាធិណា មិនមានវិតក្កៈ មិនមានវិចារៈ សមាធិ​នោះ​ឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ ព្រោះថា សមាធិសម្ពោជ្ឈង្គនេះ រមែងមក​កាន់​ឧទ្ទេស ដោយប្រការដូច្នេះ។ សមាធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។

[៥៦៦] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង​ ឧបេក្ខា​នោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ឧបេក្ខានោះ ​ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ព្រោះថា ឧបេក្ខាសម្ពោជ្ឈង្គនេះ រមែង​មកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ឧបេក្ខាសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយ​ហេតុនេះឯង។

[៥៦៧] ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឱ្យ​​ពោជ្ឈង្គ ៧ បែកទៅជា ១៤។

អគ្គិសូត្រទី៣

[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុងបុព្វណ្ហ​សម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុ​ទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ​ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ​ជាកាលមិនគួរនឹងចម្រើនពោជ្ឈង្គអ្វី​ខ្លះ​? សម័យនោះ ជាកាលគួរ​នឹង​ចម្រើនពោជ្ឈង្គ​អ្វី​ខ្លះ​? ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹង​ចម្រើនពោជ្ឈង្គអ្វី​ខ្លះ​? សម័យនោះ ជាកាលគួរនឹងចម្រើនពោជ្ឈង្គអ្វី​ខ្លះ​? ម្នាលភិក្ខុទាំង​ឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះ​ស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់​ចិត្ត ដ៏លើសលុបផង។ ដំណើរនោះ ព្រោះហេតុដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងលោកនេះ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិនឃើញ​អ្នកណា ដែលគួរ​ដោះ​ស្រាយ​ប្រស្នាទាំងនេះ ឱ្យ​​ពេញចិត្តបាន លើកតែតថាគត ឬ​សាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជា​កាល​​មិនគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជា​កាលមិនគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុ​អ្វី​? ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឱ្យ​​ស្ទុះឡើង​ ដោយធម៌ទាំងឡាយ​នុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើង​តូច​ឱ្យ​​ឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរស​នោះ ​គួរនឹង​បង្កាត់ភ្លើងតូច ឱ្យ​​ឆេះបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់​ឱ្យ​​ឆេះ​បាន​ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ​ព្រោះហេតុដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឱ្យ​​ស្ទុះឡើង​ ដោយធម៌ទាំងឡាយនុ៎ះបានទេ។

[៥៧០] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាល​គួរនឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាល​គួរនឹងចម្រើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ​ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឱ្យ​​ស្ទុះឡើង​បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ ក៏ដាក់​ស្មៅស្ងួតផង ដាក់​គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិន​រោយ​អាចម៍ដីផង ក្នុង​ភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឱ្យ​​ឆេះឡើង​បាន

ឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឱ្យ​​ឆេះបាន។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាល​គួរ​នឹង​ចម្រើន​ធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើន​បីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយ​នឹងឱ្យ​​ស្ទុះឡើង​បាន ដោយធម៌ទាំងឡាយនុ៎ះ។

[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជា​កាល​មិនគួរនឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាល​មិនគួរនឹងចម្រើនបីតិសម្ពោជ្ឈង្គទេ។ ដំណើរនោះ ព្រោះហេតុដូច​ម្ដេច​? ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ​ចិត្តនោះ មិនងាយនឹងឱ្យ​​ស្ងប់រម្ងាប់ ដោយធម៌​ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹង​លត់គំនរ​ភ្លើង​ដ៏ធំ បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់​គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់​អំពីមាត់ផង មិនរោយអាចម៍ដីផង ទៅក្នុងគំនរ​ភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរ​ភ្លើង​ធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងលត់បានទេ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរ​នឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាល​មិនគួរនឹងចម្រើនបីតិសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុ​អ្វី​? ម្នាល​ភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយ​នឹងឱ្យ​​ស្ងប់រម្ងាប់ ដោយធម៌​ទាំងឡាយ​នុ៎ះបានឡើយ។

[៥៧២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាល​គួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាល​គួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុ​អ្វី​? ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ​ ចិត្តនោះ ងាយឱ្យ​​ស្ងប់រម្ងាប់បាន ដោយធម៌​ទាំងឡាយ​នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ  ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់​គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់​លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរ​ភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរ​ភ្លើងធំ​​បានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុ​អ្វី​? ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយ​ឱ្យ​​ស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគតពោលថា​ សតិ ជាគ្រឿងសម្រេចប្រយោជន៍គ្រប់យ៉ាង។

មេត្តាសហគតសូត្រទី៤

[៥៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់​ពួក​កោលិយ ក្នុងដែនកោលិយ។ គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងចូលទៅបិណ្ឌបាត ក្នុង​ហលិទ្ទវសន​និគម​នោះ ដូចជានៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើង នាំ​គ្នា​ចូល​ទៅឯ​អារា​ម ​របស់បរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៧៤] លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់​បរិព្វាជក​​ ជាអន្យ​តិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក​ ជា​អន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ   និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុង​ទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួក​បរិព្វាជក ជាអន្យ​តិរ្ថិយ​ទាំងនោះ និយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ​ចូល​មកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌​៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យ​​មានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយ​មេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត  ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោក​ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិស​ទទឹង គឺទិសតូចៗ ដោយ​ការយក​ខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៥] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយករុណា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៦] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​មុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វ​លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការយកខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការយកខ្លួន​ទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើ​ប្រាជ្ញា​ ឱ្យ​​មានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៧៩] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វ​លោក​ទាំង​អស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះដែរ។

[៥៨០] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់​ព្រះសមណ​គោតម​ក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៨១] គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាម​ភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិត​នុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៨២] លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួក​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ​ ដូច្នេះថា

[៥៨៣] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ បានស្លៀក​ស្បង់ ប្រដាប់បាត្រ   និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត្រ ក្នុង​ហលិទ្ទវសននិគម។ សូមទ្រង់ព្រះមេត្តាប្រោស ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរ​ដែល​យើងត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម នៅព្រឹកណាស់នៅឡើយ បើ​ដូច្នោះ គួរតែពួកយើង ចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៨៤] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅ​ឯ​អារាម ​របស់​ពួក​បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីក​រាយ ​ជា​មួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ​   និង​ពាក្យ​​គួររឭកហើយ ក៏អង្គុយក្នុង​ទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួក​ខ្ញុំ​ព្រះអង្គ អង្គុយ​ក្នុង​​ទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បាននិយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់​សាវក​ទាំង​ឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ ​ លះ​បង់​នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើ​ប្រាជ្ញា ឱ្យ​​​មាន​​កម្លាំងថយ រួចផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៥] ចិត្ត ប្រកបដោយករុណា។

[៥៨៦] ចិត្ត ប្រកបដោយមុទិតា។

[៥៨៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងតាមទំនងនេះចុះ។

[៥៨៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នក​ទាំងឡាយ​ លះ​បង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញាឱ្យ​​​មាន​​កម្លាំងថយ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៩] ចិត្ត ប្រកបដោយករុណា។

[៥៩០] ចិត្ត ប្រកបដោយមុទិតា។

[៥៩១] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកប​ដោយ​ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ដូច្នេះដែរ។

[៥៩២] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តី​វិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគា្នដូចម្តេច របស់​ព្រះសមណគោតម​ក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ​ នឹងពាក្យប្រៀនប្រដៅ។

[៥៩៣] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក ដោយគិតគ្នាថា យើងគង់​នឹងដឹង​សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៩៤] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ និយាយយ៉ាងនេះ អ្នក​ទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូច​ម្ដេច​? ម្នាលអាវុសោទាំងឡាយ ចុះករុណាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូច​ម្ដេច​? ម្នាលអាវុសោទាំងឡាយ ចុះមុទិតាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មាន​សេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូច​ម្ដេច​? ម្នាល​អាវុ​សោ​ទាំងឡាយ ចុះឧបេក្ខាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេច​ក្តីថ្លៃ​ថ្លា​ដូច​ម្តេច មានផលដូចម្តេច មានទីបំផុតដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំង​ឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជានឹងដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏ក្រៃលែងផង។ ដំណើរនោះ ព្រោះហេតុដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ មិនជាវិស័យ របស់ពួកអន្យតិរិ្ថយបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព   និងមនុស្សដ៏សេស តថាគត មិន​ឃើញអ្នកណា អាចដោះស្រាយប្រស្នាទាំងនេះ ឱ្យ​​ពេញចិត្តបានឡើយ លើកលែងតែតថាគត​ ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគត​មក។

[៥៩៥] ម្នាលភិក្ខុទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ តើត្រូវចម្រើនដូចម្តេច មាន​គតិ​ដូច​ម្តេច ​មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយមេត្តា។បេ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមេត្តា ដែល​អា​​ស្រ័យនូវសេចក្តី​ស្ងប់ស្ងាប់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវធម៌ ជាគ្រឿងរលត់ បង្អោន​ទៅកាន់ការលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឱ្យ​​អាត្មា មានសេចក្តីសំគាល់ ក្នុង​របស់​ដែលមិន​គួរខ្ពើម ថាជារបស់គួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុង​របស់​នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មាន​សេចក្តី​សំ​គាល់​ ក្នុងរបស់​ដែលគួរខ្ពើម ថាជារបស់មិនគួរខ្ពើមវិញ ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​​ក្នុងរបស់នោះ ថាមិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មាន​សេចក្តីសំគាល់ ក្នុងរបស់​មិនគួរខ្ពើម និងគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​ក្នុង​របស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​​អា​ត្មា​អញមានសេចក្តី​សំគាល់ ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើមដូច្នេះ ជាអ្នកមាន​សេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​ អាត្មាអញ កុំជាប់ជំពាក់​នឹង​របស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ឬក៏បានសម្រេចវិមោក្ខដ៏ល្អ។  ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ហៅមេត្តាចេតោវិមុត្តិថា ជាគុណជាតិល្អក្រៃលែង។ បើភិក្ខុមិន​ទាន់ចាក់​ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ បា្រជ្ញាក៏គង់មានក្នុងលោកនេះដែរ។

[៥៩៦] ម្នាលភិក្ខុទាំងឡាយ ករុណាចេតោវិមុត្តិ តើត្រូវចម្រើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយករុណា។ បេ។​ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយករុណា ដែល​អា​​ស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិន​គួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឱ្យ​​​អា​ត្មា​អញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយ​កន្តើយ ប្រកបដោយសតិសម្បជញ្ញៈ​ ក្នុងរបស់​នោះ ហើយកន្លងបង់​នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់ នូវ​នានត្តសញ្ញា ក៏ចូលកាន់​អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈ​ដ៏ឧត្តម។ បើភិក្ខុ​មិន​ទាន់​ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មាន​ក្នុងលោកនេះដែរ។

[៥៩៧] ម្នាលភិក្ខុទាំងឡាយ មុទិតាចេតោវិមុត្តិ តើត្រូវចម្រើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយមុទិតា។ បេ ។​ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយមុទិតា ដែល​អា​​ស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស់ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើ​ភិក្ខុ​​​នោះ ប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិន​គួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឱ្យ​​​អា​ត្មា​អញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និង​របស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈដូច្នេះ ជាអ្នកព្រងើយកន្តើយ មានសតិសម្បជញ្ញៈ ក្នុងរបស់នោះ ក៏កន្លងបង់​នូវអាកាសានញ្ចាយតនៈសព្វអន្លើ  រួចចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ​មិនមានទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ ហៅមុទិតាចេតោវិមុត្តិថា ជា វិញ្ញាណញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់​មាន​ក្នុងលោក​នេះ​ដែរ។

[៥៩៨] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចម្រើន ដូចម្តេច មាន​គតិ​ដូច​ម្តេច​ ​មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូច​ម្ដេច​? ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។ បេ ។​ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ​ ​ប្រកបដោយឧបេក្ខា ដែល​អា​​ស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​នូវ​ការ​ប្រាស​ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើ​ភិក្ខុ​​​នោះ ប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិន​គួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​​អា​ត្មា​អញ មានសេចក្តីសំគាល់ក្នុងរបស់គួរ​ខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់​មិនគួរខ្ពើម បើប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរ​ខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់​នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​អាត្មាអញ មានសេចក្តីសំគាល់ក្នុង​របស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់​ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ​​​អាត្មាអញ កុំជាប់ជំពាក់​នឹងរបស់ទាំង ២ នោះ គឺ​របស់​មិន​គួរ​ខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រ​កប​ដោយ​សតិ​សម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយ​កន្តើយ ប្រកបដោយសតិសម្បជញ្ញៈ​ក្នុងរបស់នោះ ក៏កន្លង​នូវវិញ្ញាណញ្ចាយតនៈ​សព្វអន្លើ  រួចចូលកាន់​អាកិញ្ចិញ្ញាយតនៈ ដោយ​បរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ហៅ​ឧបេក្ខា​ចេតោ​វិមុត្តិ​ថា មានអាកិ​ញ្ចិញ្ញាយតនៈ​ដ៏ក្រៃលែង។ បើភិក្ខុមិន​ចាក់ធ្លុះ នូវ​វិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មាន​ក្នុងលោក​នេះ​ដែរ។

សង្គារវសូត្រទី៥

[៥៩៩] សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូល​សួរសេចក្តីនេះ ចំពោះ​ព្រះ​​​ដ៏​មាន​ព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាល មន្តទាំងឡាយ គេស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់​បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាលមន្តទាំងឡាយ គេ​មិន​ស្វាធ្យាយ អស់កាលយូរអង្វែងទេ តែភ្លឺច្បាស់បាន មន្តដែលគេស្វាធ្យាចំាបាច់និយាយថ្វី។

[៦០០] ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្រប​សង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យ​នោះ​ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ។

[៦០១] ម្នាលព្រាហ្មណ៍​ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ខ ឬរមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ មានឧបមា​យ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែល​កាម​រាគៈគ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់កាមរាគៈ ដែលកើតហើយ ឱ្យ​​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវ​ប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុក​ជា​ស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ។

[៦០២] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទ​គ្របសង្កត់ មិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឱ្យ​​ច្បាស់ លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​អស់​កាល​យូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំា​បាច់​និយាយថ្វី។

[៦០៣] ម្នាលព្រាហ្មណ៍​ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយ​ភ្លើង មានចំហាយទឹកហុយឡើង​ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមា​យ៉ាង​ណា​មិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឱ្យ​​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួន​ច្បាស់លាស់ផង នូវ​ប្រយោជន៍អ្នកដទៃផង។ បេ ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ​ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ ​អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មាន​ឧប​មេយ្យ​យ៉ាងនោះ។

[៦០៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរឹត ដែល​ថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឱ្យ​​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវ​ប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ​នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី។

[៦០៥] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មានសារាយ និងចក ត្រៀប​ត្រាជុំជិត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ រមែងមិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាដូចម្តេចមិញ។  ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវ​ការ​រលាស់ថីនមិទ្ធៈ ដែលកើតហើយ ឱ្យ​​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្ត​ដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦០៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែល​ឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ​ដែល​កើតហើយ ឱ្យ​​ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង ។ បេ ។ ក្នុងសម័យ​នោះ មិនដឹង មិនឃើញ​នូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់​និយាយថ្វី ។

[៦០៧] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក ត្រូវខ្យល់បក់បោក រំភើប បែក​កើតជារលក បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍​អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ​ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺ​ច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦០៨] ម្នាលព្រាហ្មណ៍ មួយវិញទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែល​វិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍​ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិន​ឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៩] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួន​ច្បាស់លាស់​ផង ក្នុងសម័យនោះ មិនដឹង មិនឃើញ​នូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុង​សម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំង​ឡាយ បើទុកជា​ស្វា​ធ្យាយ​ អស់​កាល​យូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦១០] ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ​ ចាំ​បាច់និយាយថ្វី។

[៦១១] ម្នាលព្រាហ្មណ៍ បើសម័យណា បុគ្គលមានចិត្តដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់​កាមរាគៈ ​ដែលកើតហើយ សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍​ខ្លួនផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង សម័យនោះ រមែងដឹងច្បាស់ ឃើញ​ច្បាស់ នូវប្រយោជន៍ ទាំង ២ ផង ឯមន្តទាំង​ឡាយ បើទុកជាមិន​ស្វា​ធ្យាយ​ អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់​និយាយ​ថ្វី ។

[៦១២] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹក មិនលាយល័ក្ខ ឬរមៀត ឬវត្ថុមាន​ពណ៌ខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខ​រ​បស់​ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាល​ព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែង​ដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា មានឧបមេយ្យ ដូច្នោះដែរ។

[៦១៣] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ​ ដែល​កើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍​ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជាមិន​ស្វា​ធ្យាយ ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៤] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹកមិនក្តៅ មិនពុះពោរដោយភ្លើង មិន មានចំហាយទឹកហុយឡើង​ទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន យ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គល​មាន​ចិត្ត​ដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺ​ច្បាស់បាន មន្តដែលស្វាធ្យាយ ចាំបាច់និយាយថ្វី យ៉ាងនោះដែរ។

[៦១៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈមិនរួបរឹត ដែល​ថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែល​កើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ ។ ឯ​មន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៦] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនមានសារាយ និងចក​ត្រៀបត្រា ជុំជិតទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍​បុគ្គលមានចិត្ត ដែល​ថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង ។ នូវ​ប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦១៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែល​ឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ​ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯ​មន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​ អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែល​ស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៨] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនត្រូវខ្យល់បក់បោក មិនរំ​ភើប មិនបែក មិនកើតទៅជារលកទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន  មានឧបមាដូចម្តេចមិញ។ ម្នាល​ព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ក្នុង​សម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រ​យោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។

[៦១៩] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា​ដែល​កើត​ហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវ​ប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវ​ប្រ​យោជន៍​អ្នក​ដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ។ បេ ។

[៦២០] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកថ្លា ស្អាតមិនល្អក់ គេទុកដាក់​ក្នុងកន្លែង​ភ្លឺ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គល​មាន​ចិត្ត​ដែល​វិចិកិច្ឆា​មិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការ​រលាស់វិចិកិច្ឆា ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍​ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រ​យោជន៍​អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ។ ឯមន្តទាំង​ឡាយ បើទុកជា​មិនស្វា​ធ្យាយ​អស់​កាល​យូរ ក៏គង់ភ្លឺច្បាស់បាន  មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។

[៦២១] ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលជួនណា មន្តទាំង​ឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ​ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី ។

[៦២២] ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទ​មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឱ្យ​​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យ​​​ជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌​មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំ​បន្ទុំឱ្យ​​​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យ​​​ជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ បេ ។ ម្នាលព្រាហ្មណ៍ ឧបេក្ខា​​សម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿង​សៅហ្មងចិត្ត បើអប់រំ​បន្ទុំ​ឱ្យ​​ច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យ​​​ជាក់ច្បាស់ នូវ​ផលនៃវិជ្ជា និងវិមុត្តិ ។  ម្នាល​ព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំ​បន្ទុំ​ហើយ តែងប្រព្រឹត្ត​ទៅ ដើម្បីធ្វើឱ្យ​​​ជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ ។

[៦២៣] កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវ​ព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក ដល់នូវសរណគមន៍ ស្មើដោយ​ជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។

អភយសូត្រទី៦

[៦២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេច​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់​ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា

[៦២៥] បពិត្រព្រះអង្គដ៏ចម្រើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យ នៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥត​មានហេតុ ឥតមាន​បច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ  ការ​ដឹង ការឃើញ ឥត​មាន​ហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថា​ដូច​ម្ដេច​?

[៦២៦] ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិន​ដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យ នៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។

[៦២៧] បពិត្រព្រះអង្គដ៏ចម្រើន ហេតុ បច្ច័យ នៃការមិនដឹង មិនឃើញ តើដូច​ម្តេច។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូច​ម្ដេច​?

[៦២៨] ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែល កើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦២៩] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣០] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈ​រួបរឹត។

[៦៣១] បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត។

[៦៣២] បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិន​ដឹង មិនឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា ដែលកើតហើយទេ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះឯង។

[៦៣៣] បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ តើឈ្មោះដូច​ម្ដេច​? ម្នាលរាជ​​កុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ ។ បពិត្រព្រះដ៏មានព្រះភាគ ឱ្យ​​​ឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះសុគត ឱ្យ​​ឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះអង្គដ៏ចម្រើន សូម្បី​បុគ្គល ដែលមានតែនីវរណៈមួយ ៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញ​ច្បាស់​ទៅ​ហើយ នឹងបាច់និយាយថ្វី ដល់ទៅនីវរណៈ​ធម៌ ទាំង ៥ គ្របសង្កត់។

[៦៣៤] បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុ បច្ច័យ នៃការដឹង ការឃើញ តើដូច​ម្ដេច​? ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូច​ម្ដេច​?

[៦៣៥] ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ដែល​អាស្រ័យ​​ នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅ​កាន់​សេចក្តី​លះបង់។ ភិក្ខុនោះ  ចម្រើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញ​ច្បាស់ ដោយសារ​ចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៦] ម្នាលរាជកុមារ មួយទៀត ភិក្ខុ ។ បេ។  ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​​អាស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញ​ច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការ​ដឹង​ ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៧] បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច ។ ម្នាលរាជ​កុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះ​ថា​ពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គ​ដ៏​ចម្រើន​ សូម្បី​បុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ​ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គឡើង​ភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត( ឥឡូវ ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បាន​ត្រាស់ដឹង​ច្បាស់ហើយ។

មានឧទានថា

គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿង​សគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។

ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។

ពោជ្ឈង្គ អានាបានាទិបេយ្យាល (ឆដ្ឋ. អានាបានវគ្គ ទី៧)

អដ្ឋិកមហប្ផលសូត្រ

[៦៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា [ការសំគាល់ថា រាងឆ្អឹង ៗ ហៅថា អដ្ឋិកសញ្ញា។] ដែលបុគ្គលបានចម្រើន​ហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែង​មាន​ផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គល​បានចម្រើន​ហើយ ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ​ដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកប​ដោយ​​អដ្ឋិក​សញ្ញា ដែល​អា​ស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យ​នូវ​​សេចក្តី​រលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយ​អដ្ឋិកសញ្ញា ដែល​អា​ស្រ័យ​នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​ប្រាសចាកតម្រេក អាស្រ័យ​នូវ​​សេចក្តី​រលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ យ៉ាងនេះ បានធ្វើឱ្យ​​ច្រើនហើយ យ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។

អញ្ញតរផលសូត្រ

[៦៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែល​បុគ្គល​បានចម្រើនហើយ បានធ្វើឱ្យ​​ច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់​ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់នឹងបាន​​អនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើន​ហើយ ​ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ​ក៏កើត​ជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុង​បច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើន​សតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យ​នូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តី​ប្រាសចាកតម្រេក អាស្រ័យ​នូវការរលត់ បង្អោនទៅកាន់​សេចក្តីលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើន យ៉ាងនេះហើយ បានធ្វើឱ្យ​​ច្រើនយ៉ាងនេះហើយ ទើបបណ្តា​ផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបាន​អរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។

មហត្ថសូត្រ

[៦៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចម្រើន​ហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ម្នាលភិក្ខុទាំង​ឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ  ចម្រើនសតិ​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។បេ។  ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យ​នូវសេចក្តី​ស្ងប់​ស្ងាត់ អាស្រ័យនូវសេចក្តីប្រាស​ចាក​តម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គល​បានចម្រើន​យ៉ាងនេះ​ហើយ បានធ្វើឱ្យ​​ច្រើន​​យ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។

យោគក្ខេមសូត្រ

[៦៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចម្រើន​ហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុ​ទាំង​ឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ  ចម្រើនសតិ​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាស​ចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការ​លះបង់។ ម្នាលភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យ​​ច្រើន​យ៉ាងនេះហើយ  រមែងប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។

សំវេគសូត្រ

[៦៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើន​ហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ​ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចម្រើនឧបេក្ខា​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តី​ប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាល​ភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យ​​ច្រើនយ៉ាងនេះ​ហើយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។

ផាសុវិហារសូត្រទី១

[៦៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែងប្រព្រឹត្តទៅ​ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ​ដូចម្តេច រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសននេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ ប។  ចម្រើនឧបេក្ខា​សម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យ​នូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការ​រលត់ បង្អោនទៅកាន់ការលះបង់។ ម្នាល​ភិក្ខុ​ទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើន យ៉ាងនេះហើយ បានធ្វើឱ្យ​​ច្រើន​យ៉ាង​នេះហើយ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

បុឡវកសូត្រទី២

[៦៤៤] ម្នាលភិក្ខុទាំងឡាយ បុឡវកសញ្ញា ដែលបុគ្គលចម្រើនហើយ។ បេ។

វិនីលកសូត្រទី៣

[៦៤៥] ម្នាលភិក្ខុទាំងឡាយ វិនីលកសញ្ញា។

វិច្ឆិទ្ទកសូត្រទី៤

[៦៤៦] ម្នាលភិក្ខុទាំងឡាយ វិច្ឆិទ្ទកសញ្ញា។

ឧទ្ធុមាតកសូត្រទី៥

[៦៤៧] ម្នាលភិក្ខុទាំងឡាយ ឧទ្ធុមាតសញ្ញា។

មេត្តាសូត្រទី៦

[៦៤៨] ម្នាលភិក្ខុទាំងឡាយ មេត្តា ដែលបុគ្គលបានចម្រើនហើយ។

ករុណាសូត្រទី៧

[៦៤៩] ម្នាលភិក្ខុទាំងឡាយ ករុណា ដែលបុគ្គលបានចម្រើនហើយ។

មុទិតាសូត្រទី៨

[៦៥០] ម្នាលភិក្ខុទាំងឡាយ មុទិតា ដែលបុគ្គលបានចម្រើនហើយ។

ឧបេក្ខាសូត្រទី៩

[៦៥១] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា ដែលបុគ្គលបានចម្រើនហើយ។

អានាបានសូត្រទី១០

[៦៥២] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនហើយ។

និរោធវគ្គទី៨

អសុភសូត្រទី១

[៦៥៣] ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលបុគ្គលបានចម្រើនហើយ។

មរណសូត្រទី២

[៦៥៤] ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលបុគ្គលបានចម្រើនហើយ។

អាហារេបដិកូលសូត្រទី៣

[៦៥៥] ម្នាលភិក្ខុទាំងឡាយ អាហារេបដិកូលសញ្ញា។

អនភិរតិសូត្រទី៤

[៦៥៦] ម្នាលភិក្ខុទាំងឡាយ សព្វលោកេ អនភិរតសញ្ញា។

អនិច្ចសូត្រ ទី៥

[៦៥៧] ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា។

ទុក្ខសូត្រ ទី៦

[៦៥៨] ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា។

អនត្តសូត្រ ទី៧

[៦៥៩] ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា។

បហានសូត្រ ទី៨

[៦៦០] ម្នាលភិក្ខុទាំងឡាយ បហានសញ្ញា។

វិរាគសូត្រ ទី៩

[៦៦១] ម្នាលភិក្ខុទាំងឡាយ វិរាគសញ្ញា។

និរោធសូត្រទី១០

[៦៦២] ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យ​​ច្រើន​ហើយ ជាគុណជាតិ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះនិរោធ​សញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យ​​ច្រើន​ហើយ ដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។  ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកប​ដោយ​និរោធសញ្ញា អាស្រ័យនូវ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុ​ទាំង​ឡាយ និរោធសញ្ញា ដែលបុគ្គលបានចម្រើន​យ៉ាង​នេះ​ហើយ បានធ្វើឱ្យ​​ច្រើនយ៉ាងនេះហើយ ជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន។

[៦៦៣] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចម្រើន​ហើយ បានធ្វើឱ្យ​​ច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបាន​​អរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់បានអនាគាមិផល​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គល​បានចម្រើន​ហើយ ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុង​បច្ចុប្បន្ន ឬបើឧបាទាន នៅមាន​សេសសល់ ក៏គង់បាន​អនាគាមិផល​ដែរ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវ​ការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ  និរោធសញ្ញា ដែល​បុគ្គល​បានចម្រើនយ៉ាង​នេះហើយ បានធ្វើឱ្យ​​​ច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន​ នៅមាន​សេសសល់ ក៏គង់បានអនាគាមិផលដែរ។

[៦៦៤] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យ​​ច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេម​ចាក​យោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ​ដូចម្តេច បានធ្វើឱ្យ​​ច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្ត​ទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ​ ដើម្បី​ការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។  ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយ​និរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ  បានធ្វើឱ្យ​​ច្រើនយ៉ាងនេះហើយ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​សំវេគ​ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

[៦៦៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាង​កើត ជម្រាលទៅ​ខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន​នូវពោជ្ឈង្គទាំង ៧ ធ្វើឱ្យ​​ច្រើនូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱន​ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាល​បើភិក្ខុចម្រើន នូវពោជ្ឈង្គទាំង ៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរក​ព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ  ចម្រើនសតិសម្ពោជ្ឈង្គ ។ បេ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែល​អាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គទាំង ៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈម​ទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (គប្បីសម្តែងបាលីឱ្យ​​ពិស្តារ ដរាបដល់ការស្វែង​រកផងចុះ)។

[៦៦៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ​១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវចម្រើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។  ចម្រើន​ពោជ្ឈង្គ ទាំង ៧ តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន​សតិសម្ពោជ្ឈង្គ។ បេ។  ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អា​ស្រ័យសេចក្តី​​ប្រាស​ចាក​តម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចម្រើនពោជ្ឈង្គ ទាំង ៧ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

[៦៦៧] ម្នាលភិក្ខុទាំងឡាយ​ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាង​កើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើនពោជ្ឈង្គ ទាំង ៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើនពោជ្ឈង្គ ទាំង ៧ ធ្វើឱ្យ​​ច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន​ ឱនទៅ​រកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូច​ម្ដេច​? ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ  ចម្រើន​សតិសម្ពោជ្ឈង្គ ។ បេ ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​មានការលះបង់រាគៈ ជាទីបំផុត មានការលះបង់ទោសៈ ជាទីបំផុត មានការលះបង់មោហៈ ​ជា​ទីបំផុត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើនពោជ្ឈង្គ ទាំង ៧ ធ្វើឱ្យ​​ច្រើន នូវ​ពោជ្ឈង្គ ទាំង ៧ រមែងជ្រាល​ទៅរក​ព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (ត្រូវធ្វើបាលីឱ្យ​​​ពិស្តារ តាំងអំពី ឯសនា រហូតដល់ការលះបង់រាគៈ ជាទី​បំផុត ​យ៉ាងនេះផងចុះ)។

[៦៦៨] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុត្រូវចម្រើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចម្រើននូវពោជ្ឈង្គ​ ទាំង ៧ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ  ចម្រើនសតិសម្ពោជ្ឈង្គ ។ បេ ។  ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈ​ជាទីបំផុត មានការលះ​បង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌​យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅ​រកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង ។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឱ្យ​​ពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឱ្យ​​ពិស្តារយ៉ាងនោះដែរ)។

ឧទ្ទានក្នុងអានាបានាទិបេយ្យាលនោះគឺ

អដ្ឋិកសញ្ញា ១ បុឡវកសញ្ញា ១ វិនីលកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតសញ្ញា ១ ជាគំរប់ប្រាំ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ អានាបានៈ ១ រួមទាំងអស់ជា ១០។

ចប់ ពោជ្ឈង្គសំយុត្ត អានាបានវគ្គ ទី៧។

អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ​​ អនភិរត​សញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្ត​សញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ រួមទាំងអស់ ត្រូវជា ១០គត់។

ចប់ ពោជ្ឈង្គសំយុត្ត និរោធវគ្គ ទី៨។

គង្គាបេយ្យាលទី៩

គង្គានទីអាទិសូត្រទី១-១២

[៦៦៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាល​ទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ បេ។

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មាន​ទំនាប​ទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បាន​ជា​លោកឱ្យ​​​ឈ្មោះថា វគ្គ។

ចប់ គង្គាបេយ្យាល ទី៩។

អប្បមាទវគ្គ ទី១០

តថាគតាទិសូត្រទី១-១០

[៦៧០] ពាក្យថា ម្នាលភិក្ខុទាំងឡាយ រាប់តាំងពីពួកសត្វមិនមានជើងក្តី មានជើង ២ក្តី មានជើង ៤ក្តី មានជើងច្រើនក្តី បណ្ឌិតត្រូវធ្វើឱ្យ​​ពិស្តារផងចុះ។

ព្រះតថាគតប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ ​កំពូលផ្ទះ  ខ្ពស់ជាងគ្រឿង​ផ្ទះទាំងអស់ ១  ក្លិន​ឫសស្គា ប្រសើរ​​ជាង​ក្លិនឫសទាំងអស់   ១   ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាង​ក្លិន​ ខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ  ប្រសើរជាងក្លិនផ្កាទាំងអស់  ១  សេ្តចចក្រពត្តិ ប្រសើរ​ជាង​ស្តេច​ទាំង​អស់  ១  ពន្លឺព្រះចន្ទ  ប្រសើរជាងពន្លឺផ្កាយទាំងអស់ ១ ព្រះអាទិត្យរុងរឿង ក្នុងសរទសម័យ   ១  សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់  ១​ ត្រូវជា ១០ គត់។

( អប្បមាទវគ្គ បណ្ឌិតត្រូវធ្វើឱ្យ​​ពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គ​សំយុត្ត​ផងចុះ)។

ចប់ ពោជ្ឈង្គសំយុត្ត អប្បមាទវគ្គ ទី១០។

ពលករណីយវគ្គ ទី១១

ពលាទិសូត្រ ទី១-១២

[៦៧១] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ដូចការងារណាមួយ ដែលត្រូវធ្វើដោយ កម្លាំង ដូច្នេះជាដើម បណ្ឌិតត្រូវសម្តែងឱ្យ​​ពិស្តារផងចុះ។

ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យផែន​ដី ទើបលូតលាស់ឡើង​បាន ) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចម្រើនកាយបាន ) ១ ដើមឈើ​ទ្រេតទៅទិសខាងកើត កាលបើគេកាត់គល់ រមែងរលំទៅទិសខាងកើត  ១  ឆ្នាំងផ្កាប់ ទឹក​មិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ  គេដាក់មិនស្រួល   តែងមុតដៃជើង  ១  ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស  ១  អកាលមេឃ បក់ផាត់ធូលីឱ្យ​​ស្រឡះ ១ ខ្យល់ព្យុះ បក់ផាត់មហាមេឃឱ្យ​​ស្រឡះ ១ ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឱ្យ​​​មាន​ទំនាប​ទៅរក​ទិសខាងលិចវិញបាន) ១។

(ពលករណីយវគ្គ បណ្ឌិតត្រូវសំដែងឱ្យ​​ពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គ​សំយុត្តផងចុះ)។

ចប់ ពលករណីយវគ្គ ទី១១។

ឯសនាវគ្គ ទី១២

ឯសនាទិសូត្រទី១-១០

[៦៧២] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ  មាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើដូចម្តេចខ្លះ។ ការស្វែងរក ៣ យ៉ាងនោះ គឺ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយ ជាមិច្ឆាទិដ្ឋិ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវ​ធ្វើឱ្យ​​ពិស្តារ​ផងចុះ។

និយាយអំពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១​ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចជាសសរខឿន ១ មន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។

(ឯសនាបេយ្យាល នៃពោជ្ឈង្គសំយុត្ត អ្នកប្រាជ្ញទាំងឡាយ ត្រូវសំដែងឱ្យ​​ពិស្តារ តាមវិវេកនិស្សិតផងចុះ)។

ចប់ ឯសនាវគ្គ ទី១២។

ឱឃវគ្គទី១៣

ឱឃាទិសូត្រទី១-៨

[៦៧៣] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឱឃៈនេះ មាន ៤ យ៉ាង ។ ឱឃៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ ឱឃៈ  ៤ យ៉ាងនោះ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឱ្យ​​ពិស្តារផងចុះ។

ឧទ្ធម្ភាគិយសូត្រទី១០

[៦៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ឧទ្ធម្ភាគិយសំយោជនៈ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះ ឈ្មោះ ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ភិក្ខុត្រូវចម្រើន ដើម្បី​ដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះ​ឯង។ ចម្រើនពោជ្ឈង្គ ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ​ ចម្រើន​សតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ បេ។ ចម្រើន​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈ​ជាទីបំផុត មានការលះ​បង់មោហៈជាទីបំផុត  ចុះស៊ប់ទៅរកព្រះនិព្វាន មានព្រះនិព្វាន​នៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាល​ភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ បណ្ឌិតត្រូវចម្រើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។

ចប់ ឱឃវគ្គ ទី១៣។

បុនគង្គាបេយ្យាលវគ្គ ទី១៤

បុនគង្គានទីអាទិសូត្រ

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មាន​ទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុ​នោះ បានជាហៅថា វគ្គ។

(គង្គាបេយ្យាលនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវសំដែងឱ្យ​​ពិស្តារ តាមទំនងរាគៈ ផងចុះ)។

ចប់ វគ្គ ទី១៤។

បុនអប្បមាទវគ្គទី១៥

តថាគតាទិសូត្រ

ព្រះតថាគត ប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ ​កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរ​ជាង​ក្លិនឫសទាំងអស់ ១ ក្លិន​ខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ  ប្រសើរជាងក្លិនផ្កាទាំងអស់ ១  សេ្តចចក្កពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ រស្មីព្រះចន្ទ ប្រសើរជាងរស្មីផ្កាយទាំងអស់ ១ ព្រះអាទិត្យ រុងរឿងក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១​ ត្រូវ​ជា ១០ គត់។

(អប្បមាទវគ្គ ត្រូវសំដែងឱ្យ​​ពិស្តារ តាមទំនងរាគៈ​ផងចុះ)។

ចប់ វគ្គ ទី១៥។

បុនពលករណីយវគ្គទី១៦

បុនពលាទិសូត្រ

ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យដី  ទើប​លូត​លាស់​​បាន) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចម្រើនធំបាន) ១ ដើមឈើទ្រេតទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង   ១  ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស  ១  អកាលមេឃ បក់ផាត់ផង់   ធូលីឱ្យ​​ស្រឡះ ២លើក ចំណង​នាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែល​មាន​ទំនាប​ទៅ​ទិស​ខាងកើត មិនអាចអ្នកណាបំបែរ ឱ្យ​​មានទំនាបទៅទិសខាងលិចវិញបាន) ១។

(ពលករណីយវគ្គ នៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវធ្វើឱ្យ​​ពិស្តារ តាមទំនង​រាគៈផងចុះ)។

ចប់ វគ្គ ទី១៦។

បុនឯសនាវគ្គ ទី១៧

បុនឯសនាទិសូត្រ

និយាយពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចសសរខឿន ១ មិន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។

ចប់ ឯសនាវគ្គ នៃពោជ្ឈង្គសំយុត្ត ទី១៧។

និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។

(ឱឃវគ្គ បណ្ឌិតត្រូវសំដែងឱ្យ​​ពិស្តារ តាមទំនងនៃការលះបង់រាគៈ ទោសៈ មោហៈ ជាទីបំផុតផងចុះ​)។

ចប់ វគ្គ ទី១៨។

បុនឱឃវគ្គ

បុនឱឃាទិសូត្រ

(មគ្គសំយុត្ត បណ្ឌិតបានធ្វើឱ្យ​​ពិស្តារហើយបែបណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវសំដែងឱ្យ​​​ពិស្តារបែបនោះដែរ)។

ចប់ពោជ្ឈង្គសំយុត្ត។

ចប់ ភាគ៣៧ ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > ពោជ្ឈង្គសំយុត្ត (សៀវភៅលេខ​ ៣៧ ទំព័រទី ១៦៨ ដល់ទំព័រទី ៣៤៥)

พระไตรปิฎก เล่มที่ ๑๙ > พระสุตตันตปิฎก เล่มที่ ๑๑ > สังยุตตนิกาย > มหาวารวรรค > อุปวาณสูตร