ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងរុស្ស៊ី
ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងរុស្ស៊ី
កែប្រែសហភាពអឺរ៉ុប និងរុស្ស៊ីជាដៃគូចាំបាច់ តែមិនទាន់យល់ចិត្តគ្នា
កែប្រែមានច្រើនណាស់ទំនាស់នយោបាយ និងមនោគមវិជ្ជា រវាងសហភាពអឺរ៉ុបនិងរុស្ស៊ី។ រុស្ស៊ីមិនភ្លេចទេថា នៅសម័យសង្គ្រាមត្រជាក់ អឺរ៉ុបខាងលិចជាសត្រូវរបស់ខ្លួន។ រុស្ស៊ីនៅគុំសហភាពអឺរ៉ុបខ្លាំង ពីព្រោះក្រោយពីសហភាពសូវៀតបានរលាយបាត់ទៅ សហភាពអឺរ៉ុបមិនបានជួយបញ្ចូលរុស្ស៊ីមកក្នុងដែនសន្តិសុខអឺរ៉ុប ឡើយ។ ផ្ទុយទៅវិញ អឺរ៉ុបបានព្យាយាមកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ី បានខិតកាន់តែជិតមកដល់ព្រំដែនរុស្ស៊ី តាមរយៈការទទួលឲ្យចូលជាសមាជិករបស់សហភាព បណ្តាប្រទេសអឺរ៉ុបខាងកើត និងអតីតសាធារណរដ្ឋបាល្ទ(Baltes)ជាដើម។
រុស្ស៊ីក៏បារម្ភខ្លាំង នៅចំពោះមុខអង្គការសន្ធិសញ្ញាអាត្លង់តិកហៅកាត់ថា អូតង់(OTAN) ដែលជាសម្ព័ន្ធភាពយោធារវាងអាមេរិក និងអឺរ៉ុប បង្កើតឡើងនៅឆ្នាំ១៩៤៩ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហភាពសូវៀត។ រុស្ស៊ីបារម្ភ ពីព្រោះពេលដែលសង្គ្រាមត្រជាក់បានចប់បាត់ទៅហើយ អឺរ៉ុបបែរជាចូលដៃជាមួយអាមេរិកដើម្បីពង្រីក អូតង់(OTAN) ដោយបានទទួលបណ្តាប្រទេសអឺរ៉ុបខាងកើតឲ្យចូលជាសមាជិក និងដោយគ្រោង ចង់ទទួលបណ្តាអតីតសាធារណរដ្ឋនៃសហភាពសូវៀតដូចជាអ៊ុយក្រែន (Ukraine) និងចចជី(Géorgie)ឲ្យចូលជាសមាជិកទៀតផង។
មិនតែប៉ុណ្ណោះសហភាពអឺរ៉ុបក៏តែងតែដើរតួនាទីជាគូប្រជែងឬជាសត្រូវរបស់រុស្ស៊ីដែរ។ ជាក់ ស្តែងប្រទេសអង់គ្លេសបានផ្តល់សិទ្ធិជ្រកកោនឲ្យសត្រូវនយោបាយនៃ របបទីក្រុងម៉ូស្គូ(Moscou)។ ដូចគ្នាអ៊ីចឹងដែរ រហូតដល់ឆ្នាំ២០០១ សហភាពអឺរ៉ុបបានរិះគន់យ៉ាងចាស់ដៃនយោបាយរបស់រុស្ស៊ីនៅឆេចឆេនី(Tchétchénie)។ ក្រោយមក នៅឆ្នាំ២០០៣ សហភាពអ៊ឺរ៉ុបបានគាំទ្ររដ្ឋអំណាចថ្មីរបស់ហ្សកហ្ស៊ី ដែលមិនព្រមរណបទីក្រុងម៉ូស្គូ ហើយនៅឆ្នាំ២០០៤ អឺរ៉ុបក៏បានសម្តែងនូវសម្មានចិត្តរបស់ខ្លួន ចំពោះបដិវត្តន៍ពណ៌លឿងទុំរំលំរដ្ឋអំណាចអ៊ុយក្រែនដែលរណបរុស្ស៊ី។
អ៊ីចឹងហើយ បានជាក្រោយមក ជម្លោះឧស្ម័នវាងរុស្ស៊ីនិងអ៊ុយក្រែនបស្ចិមលោកនិយមបានជះឥទ្ធិពលមក ដល់សហភាពអឺរ៉ុប។ នៅឆ្នាំ២០០៦ និងនៅឆ្នាំ២០០៩ រុស្ស៊ីបិទក្បាលរ៉ូប៊ីនេឈប់បង្ហូរឧស្ម័នទៅឲ្យអ៊ុយក្រែនដែលចេះតែ រករឿងមិនព្រមបង់លុយ។ ក៏ប៉ុន្តែ ទង្វើបែបនេះរបស់រុស្ស៊ីក៏ប៉ះពាល់ដល់អឺរ៉ុបដែរ ពីព្រោះអឺរ៉ុបទទួលឧស្ម័នពីរុស្ស៊ី តាមបំពង់ដែលលូនកាត់តាមប្រទេសអ៊ុយក្រែន។
លោកអតីតរដ្ឋមន្ត្រីការបរទេសបារាំង ហ៊ូបបឺត វ៉េឌ្រីន(Hubert Védrine) ធ្លាប់បានពោលថា សម្រាប់ប្រទេសបារាំង រុស្ស៊ីជាដៃគូសំខាន់មួយនៅលើវិស័យទូត សម្រាប់អាល្លឺម៉ង់ រុស្ស៊ីជាដៃគូសេដ្ឋកិច្ច ចំណែកសម្រាប់ប្រទេសសមាជិកអឺរ៉ុបដទៃខ្លះទៀតវិញ រុស្ស៊ីជាគ្រោះថ្នាក់មួយធំ។ សំដីទាំងនេះរបស់លោក វ៉េឌ្រីន(Védrine) ស្តែងឲ្យឃើញថា សហភាពអឺរ៉ុបគ្មានគោលនយោបាយរួមទេ នៅចំពោះមុខរុស៊្សី។
យ៉ាងណាមិញ បន្តិចម្តងៗ សហភាពអឺរ៉ុបនិងរុស្ស៊ីផ្តើមយល់ចិត្តគ្នាទៅវិញទៅមក។ ជំនួបកំពូលចុងក្រោយរវាងភាគីទាំងពីរ ក្នុងទីក្រុងស្តខ់ហម(Stockholm) នៅខែវិច្ឆិកាឆ្នាំ២០០៩បានប្រព្រឹត្តទៅក្នុងបរិយាកាសមួយស្ងប់ និង ធូរស្រាលល្អ បើទោះបីជាត្រូវនិយាយពីទំនាស់ច្រើនរាប់មិនអស់ ក្តី។ ទំនាស់អស់ទាំងនោះរួមមានឯករាជ្យរបស់កូសូវ៉ូ(Kosovo) សង្គ្រាមហ្សកហ្ស៊ី វិបត្តិឧស្ម័ន ការពង្រីក(OTAN) ខែលមីស៊ីលប្រឆាំងមីស៊ីលរបស់អាមេរិក បញ្ហានុយក្លេអ៊ែររបស់អៀរ៉ង់(Iran) និងបញ្ហាសិទ្ធិមនុស្សនៅរុស្ស៊ី។ល។និង។ល។
ដើម្បីទាញប្រយោជន៍ពីគ្នាបានរៀងៗខ្លួន សហភាពអឺរ៉ុបនិងរុស្ស៊ីគួរតែយោគយល់គ្នា។ សហភាពអឺរ៉ុបគួរតែយល់ថា រុស្ស៊ីនិងប្រជាជនរុស្ស៊ីភាគច្រើនចង់បានសន្តិភាពនៅឆេចឆេនី ចង់ឲ្យបណ្តាប្រទេសអឺរ៉ុបខាងកើតនិងបណ្តាប្រទេសបាល្ទបំភ្លេចរឿង ចាស់ និងប្តូរចិត្តគំនិត ដោយយល់ព្រមចាត់ទុករុស្ស៊ីជាមិត្ត។ សហភាពអឺរ៉ុបគួរតែបញ្ចុះបញ្ចូលរុស្ស៊ី ដូចដែលខ្លួនបានធ្វើចំពោះអឺរ៉ុបខាងកើត ថាត្រូវតែទទួលយកសេរីកម្មសេដ្ឋកិច្ចនិងនយោបាយ ទទួលយកនូវអ្វីដែលបានជួយអឺរ៉ុបខាងលិច ឲ្យស្គាល់សន្តិភាពនិងកំណើនសេដ្ឋកិច្ច អស់រយៈពេលជាង៦០ឆ្នាំកន្លងមកហើយ។
រីឯរុស្ស៊ីវិញ គួរតែឈប់មន្ទិលសង្ស័យថាសហភាពអឺរ៉ុបមានបំណងអាក្រក់មកលើខ្លួន។ រុស្ស៊ីគួរតែឈប់ចោទអឺរ៉ុបថាចូលដៃជាមួយសហរដ្ឋអាមេរិក ដើម្បីជម្រុញបណ្តាប្រទេសនៅក្នុងអតីតដែនដីសហភាពសូវៀត ឲ្យរើបម្រះចេញពីឥទ្ធិពលរបស់ខ្លួន៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ