មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
បុប្ផាណា (ឈ្មោះពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, អង់គ្លេស៖ Bophana Audiovisual Resource Center, បារាំង៖ Bophana Centre de resources audiovisuelles) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយធ្វើការប្រមូលទុកនូវឯកសាររូបភាព និងសំឡេងពីអតីតកាលកម្ពុជា សម្រាប់ទុកឲ្យសាធារណជនធ្វើការស្រាវជ្រាវ សិក្សា ស្វែងយល់។


ជីវប្រវត្តិមជ្ឈមណ្ឌល
កែប្រែដោយព្រួយបារម្ភពីការបាត់បង់បេតិភណ្ឌសោតទស្សន៍ លោក ប៉ាន់ រិទ្ធី និងលោក អៀវ បណ្ណាការ (កាលនោះលោកជាប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) បានស្រមៃទៅដល់ទីកន្លែងមួយដែលអាចផ្ដល់ឯកសារ និងការចងចាំអំពីបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជាពីអតីតកាល ដល់សាធារណជនអាចទស្សនាបាន។ នៅពេលនោះហើយគម្រោង មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ត្រូវបានលេចចេញជារូបរាងឡើង ហើយត្រូវបានគាំទ្រដោយអាជ្ញាធរពាក់់ព័ន្ធយ៉ាងលឿន។ កិច្ចសហប្រតិបត្តិការជាមួយនឹងភាគីបារាំង ដែលមានដូចជាផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងសិទ្ធិប្រមូលឯកសារ គឺជាជំនួយដ៏ធំធេងមួយ។[១]
ឈ្មោះ "បុប្ផាណា"
កែប្រែបុប្ផាណា គឺជាយុវនារីម្នាក់ដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរស២១ ដែលពោរពេញទៅដោយការតស៊ូ សេចក្ដីក្លាហាន និងថ្លៃថ្នូរ ហើយអ្វីទាំងនេះមានបង្ហាញនៅក្នុងសារលិខិតរបស់នាងដែលបានបន្សល់ទុក។ ដូច្នេះហើយ ការប្រើឈ្មោះ បុប្ផាណា ជាឈ្មោះមជ្ឈមណ្ឌលគឺដើម្បីផ្សព្វផ្សាយអំពីការតស៊ូ សេចក្ដីក្លាហាន និងថ្លៃថ្នូររបស់យុវនារីម្នាក់នេះ និងដើម្បីបង្ហាញអំពីអតីតកាល ការចងចាំ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
បេសកកម្ម
កែប្រែជួយសង្គ្រោះ និងធ្វើឲ្យអនុស្សាវរីយទាំងចាស់ ទាំងថ្មីមានជីវិត
កែប្រែមជ្ឈមណ្ឌលធ្វើការប្រមែប្រមូលរាល់ឯកសារស្ដីអំពីប្រទេសកម្ពុជា មកពីជុំវិញពិភពលោក មានដូចជារូបភាព ខ្សែភាពយន្ត សំឡេង និងឯកសារក្នុងទ្រង់ទ្រាយដទៃទៀត។ រាល់ឯកសារទាំងនោះត្រូវបានចងក្រង និងសង្គ្រោះឲ្យមានជីវិតឡើងវិញ សម្រាប់ទុកឲ្យសាធារណជន សិស្ស និស្សិត អ្នកស្រាវជ្រាវ អាចសិក្សានិងទស្សនាបានដោយឥតគិតប្រាក់។ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បាន ធ្វើការស្នើសុំពីប្រទេសបារាំងនូវឯកសារមួយចំនួនដូចជា ឯកសារភាពយន្តស្ដីអំពីកម្ពុជារបស់សមាគមហ្វ្រែលុយមីញែរ ដែលថតតាំងពីពេលកកើតភាពយន្តដំបូងម្ល៉េះ, ព្រះរាជពិធីបុណ្យអុំទូកអំឡុងទសវត្សរ៍ទី៥០ ខ្សែភាពយន្ត និងការផ្សាយសំឡេងឃោសនាតាមវិទ្យុខ្មែរក្រហម។[២] គ្រប់ឯកសារទាំងនោះមានដាក់ជូនសាធារណជនទស្សនានៅក្នុងមូលដ្ឋាន ទិន្នន័យរបស់មជ្ឈមណ្ឌល ដែលមានជាបីភាសា (ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ)។
ពង្រឹងនិងផ្ដល់ថាមពលឲ្យវិស័យសោតទស្សន៍តាមរយៈការបណ្ដុះបណ្ដាល
កែប្រែដើម្បីពង្រឹង និងលើកកម្ពស់ឲ្យវិស័យសោតទស្សន៍មានការរីកចម្រើន មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បាន បើកវគ្គបណ្ដុះបណ្ដាលមួយចំនួនដល់អ្នកដែលពេញចិត្តលើផ្នែកនេះ ជាពិសេសគឺយុវជន ដោយមានការបង្ហាត់បង្ហាញពីអ្នកជំនាញជាជនជាតិខ្មែរ និងបរទេស ហើយអនុវត្តផ្ទាល់តែម្ដង។[២]
ផលិត និងធ្វើសហប្រតិបត្តិការថតខ្សែភាពយន្តបរទេស
កែប្រែមជ្ឈមណ្ឌលធនធានសោតទស្សន៍បានដំឡើងផ្នែកផ្គត់ផ្គង់មួយសម្រាប់ការថតរបស់ខ្លួន និងសម្រាប់ទទួលការថតរបស់បរទេសនៅកម្ពុជា នោះគឺមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលការថតភាពយន្តនៅកម្ពុជា(CFC)។[២] ការផលិត និងការផ្គត់ផ្គង់ថតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាល ដែលជាឱកាសសម្រាប់យុវជនដែលបានបញ្ចប់ការសិក្សា អាចបញ្ចេញសមត្ថភាពរបស់ខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។ ផ្នែកផ្គតផ្គង់នេះនឹងឆ្លើយតបតាមតម្រូវការដែលអ្នកជំនាញខាងវិស័យភាពយន្តចង់បាន ដោយផ្តល់នូវធនធានមនុស្សមានសមត្ថភាព និងសេវាកម្មប្រកប ដោយគុណភាព។ ការធ្វើបែបនេះក៏ជាគោលបំណងដើម្បីគ្រប់គ្រងប្រាក់ចំណូលដល់មជ្ឈមណ្ឌល ដើម្បីធានាឲ្យមានសកម្មភាពជានិរន្ដរ៍ដែរ។
ការផលិត
កែប្រែភាពយន្ត
កែប្រែចំណងជើង[៣] | អ្នកដឹកនាំ | រយៈពេល | ឆ្នាំផលិត |
---|---|---|---|
ព្រៃផា ជម្រកចុងក្រោយ | ហ្គីយ៉ូម សួន និង អាន់ឡរ ប៉ូរ៉េ | ១ម៉ោង ៥នាទី | ២០១៣ |
អាពាហ៍ពិពាហ៍ក្រហម | ចាន់ លីដា និង ហ្គីយ៉ូម សួន | ៥៨នាទី | ២០១២ |
ខ្ញុំទៅណា | នាង កាវ៉ិច | ៥៥នាទី | ២០១២ |
រម្លឹកពីឪពុកខ្ញុំ | ហ្គីយ៉ូម សួន | ៥២នាទី | ២០១០ |
មហាឫស្សីប្រស់ខ្លា | រឿន ណារឹទ្ធិ | ៣២នាទី | ២០១០ |
បុរសពីរនាក់នៅផ្ទះជិតគ្នា | រឿន ណារឹទ្ធិ | ២៥នាទី | ២០០៨ |
តន្ត្រី
កែប្រែ- កំណប់តន្ត្រីដូនតា (វ៉ុល១ និង វ៉ុល២)
- អ្នកចម្រៀងពនេចរ [៤]
រាមកេរ្តិ៍ តាគ្រុឌ
កែប្រែ[៥]ខ្សែអាត់សំឡេង រាមកេរ្តិ៍ តាគ្រុឌ គឺជាការនិទានរឿងរាមកេរ្តិ៍របស់តាគ្រុឌ ដែលមានដើមកំណើតនៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្សែអាត់សំឡេងនេះមានរយៈពេលដប់ម៉ោងនេះ គឺជាឯកសារដ៏កម្របំផុតដែលនៅមានជីវិតមកដល់ពេលបច្ចុប្បន្ននេះ។ មួយផ្នែកនៃខ្សែអាត់សំឡេងត្រូវបាន ចងក្រងឡើងក្នុងអំឡុងឆ្នាំ១៩៦៥ ក្នុងស្ទូឌីយូវិទ្យុឃោសនាការជាតិខ្មែរ។ កាលនោះ តាគ្រុឌបានកាន់កម្មវិធីនិទានរឿងនៅទីនោះ ទើបធ្វើឲ្យលោក ហ្សាក់ ប្រ៊ុយណេ (Jacques Brunet) អាចរក្សាទុកបានមួយច្បាប់។ ផ្នែកទីពីរនៃខ្សែអាត់សំឡេងត្រូវបានចងក្រងឡើងក្នុងឆ្នាំ១៩៦៨ តាមរយៈការស្នើសុំរបស់លោក ហ្សាក់ ប្រ៊ុយណេ ដោយឱ្យតាគ្រុឌនិទានរឿងរាមកេរ្តិ៍ ដោយផ្ទាល់នៅមុខសាធារណជនក្នុងភូមិរកាកោង។ លោក ហ្សាក់ ប្រ៊ុយណេ ចង់ធ្វើការប្រៀបធៀបរបៀបនិទានទាំងពីររបស់តាគ្រុឌ។ ការប្រៀបធៀបនេះបង្ហាញឱ្យឃើញថាបរិយាកាសនៃសំឡេងនិទានមានភាពខុសគ្នាជាខ្លាំងនៅក្នុងស្ទូឌីយូ និងនៅមុខសាធារណជន។
ស៊ីឌីខ្សែអាត់នេះត្រូវបានផ្ដួចផ្ដើមគំនិតផលិតដោយលោកបណ្ឌិត អាឡាំង ដានីញ៉ែល និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ និងគណៈកម្មការជាតិយូណេស្កូ។
វិចិត្រសាល
កែប្រែ-
បណ្ណាល័យមជ្ឈមណ្ឌលបុប្ផាណា
-
ទីធ្លាពិគ្រោះឯកសារបណ្ណសារ
-
ដំបូលរបស់មជ្ឈមណ្ឌលបុប្ផាណា
-
បន្ទប់បញ្ចាំងកុននៃមជ្ឈមណ្ឌលបុប្ផាណា
ឯកសារយោង
កែប្រែ- ↑ 'បទបង្ហាញ': http://bophana.org/site/index.php?option=com_content&task=view&id=13&Itemid=57
- ↑ ២,០ ២,១ ២,២ 'បេសកកម្មរបស់យើង': http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58
- ↑ 'ភាពយន្ត': http://bophana.org/site/index.php?option=com_content&task=view&id=28&Itemid=74&lang=kh
- ↑ 'តន្ត្រី': http://bophana.org/site/index.php?option=com_content&task=view&id=40&Itemid=97&lang=kh
- ↑ 'រាមកេរ្តិ៍': http://bophana.org/site/index.php?option=com_content&task=view&id=58&Itemid=137&lang=kh