ប្រភពរឿង

កែប្រែ

មហាជនកជាតក ជាតកទី២នៃជាតកទាំង១០ ដែលបង្ហាញពីការបំពេញបារមីរបស់ព្រះពោធិសត្វក្នុងជាតិជាមហាជនកដើម្បីសាងនូវវីរយបារមី។ រឿងនេះប្រភពដើមជាភាសាបាឡី មាននៅក្នុងគម្ពីរខុទ្ទកនិកាយ ជាតក មហានិបាត ដែលគេប្រកាន់ជឿថាជាព្រះពុទ្ធវចនៈ ហើយនិងក្នុងគម្ពីរជាតកអដ្ឋកថាដែលមានមកជាង២ពាន់ឆ្នាំហើយ។ លោក ឈឹម ស៊ុម បានដកស្រង់នឹងបកប្រែពីអដ្ឋកថា។

 
មហាជនកត្រូវបានសង្គ្រោះដោយនាងមុនីមេខលា

សង្ខេបរឿង

កែប្រែ

ព្រះពុទ្ធជាបរមសាស្ដាចារ្យ កាលគង់នៅវត្តជេតពន ទ្រង់ប្រារឰនូវមហាភិនិក្ខមនបារមី (នេក្ខមបារមី) ទ្រង់សម្ដែង​ព្រះធម៌ទេសនាថា “កោយំ មជ្ឈេ សមុទ្ទស្មឹ” ដូច្នេះជាដើម។
សេចក្ដីថាៈ

ថ្ងៃមួយភិក្ខុទំាងឡាយអង្គុយនិយាយសសើរ​មហាភិនិស្រ្កមណ៍នៃព្រះតថាគត​ក្នុងធម្មសភា។ ព្រះសាស្តាទ្រង់ព្រះបុច្ឆាថាៈ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រជុំនិយាយ​នូវរឿងអ្វី? ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលតាម​ដំណើរសេចក្ដី។ ទើបព្រះជិនស្រី​ទ្រង់មានព្រះពុទ្ធដីកាថាៈ មិនតែឥឡូវនេះទេ ពីដើម​ដែលតថាគត​ជាពោធិសត្វ ក៏ចេញសាង​មហាភិនិស្រ្កមន៍​យ៉ាងនេះដែរ។ ព្រះសាស្ដាដែលភិក្ខុទាំងឡាយ​អារាធនា ក៏ទ្រង់សម្ដែងអតីតនិទាន​ដូចតទៅនេះថាៈ

អតីតេ ភិក្ខវេ វិទេហរដ្ឋ មិថិលាយំ មហាជនកោ នាម រាជា រជ្ជំ ការេសិ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលកន្លងទៅហើយ ព្រះរាជា​ព្រះនាមមហាជនក​សោយរាជ្យ​ក្នុងនគរមិថិលា ដែនវិទេហរាស្រ្ត ទ្រង់មានព្រះរាជបុត្រា២ព្រះអង្គ ព្រះនាមអរិដ្ឋជនក១ បោលជនក១។ ទ្រង់ព្រះរាជទានឋានៈ​ឧបរាជដល់​ព្រះអរិដ្ឋជនក ឋានៈសេនាបតី​ដល់ព្រះបោលជនក។ ចំណេរ​កាលមកខាងក្រោយ កាលព្រះមហាជក​ទ្រង់សោយព្រះទីវង្គត​ទៅ ព្រះអរិដ្ឋជនកជា​ព្រះមហាឧបរាជបាន​សោយរាជ្យ ទ្រង់​ព្រះរាជទាន​ទីឧបរាជដល់​ព្រះបោលជនក។ អាមាត្យម្នាក់ញុះញង់​ព្រះមហាក្សត្រ ឱ្យចាប់​ព្រះបោលជក​ដាក់ច្រវាក់ឃុំ​ទុកក្នុងផ្ទះជិត​ព្រះរាជនិវេសន៍។ ព្រះបោលជនក​ដោះច្រវាក់​បើកទ្វារបាន ចេញទៅគង់នៅឯស្រុកបច្ចន្តគ្រាមមួយ មានមនុស្សចុះចូលច្រើន ប្រជុំជាកងទ័ព​ឡោមព័ទ្ធចាប់​ព្រះបាទអរិដ្ឋជនក​ធ្វើគុតទៅ ហើយបាន​សោយរាជ្យតមក។ គ្រាចម្បាំង ព្រះទេវីរបស់​ព្រះបាទអរិដ្ឋជនក ទ្រង់គភ៌គ្រប់ខែ​ជ្រាបថាព្រះស្វាមី​សុគត ក៏យកប្រាក់មាស និងវត្ថុមានតម្លៃ​ដាក់ក្នុងបាត​កញ្ជើគ្របសំពត​ដាក់អង្ករពីលើ ក្លែង​ព្រះអង្គ​ជាស្រីកំសត់​ទូលកញ្ជើរត់ទៅតាម​ទ្វារខាងជើង​ បានជួបនឹងព្រះឥន្ទដែលនិម្មិត​ជាព្រាហ្មណ៍ចាស់​បររទេះបញ្ជិះនាំទៅ​ដល់នគរ​កាលចម្បាក​ ទៅនៅសំណាក់​អាស្រ័យ​នាផ្ទះអាចារ្យទិសាបាមោក្ខ នាមឧទិច្ចព្រាហ្មណ៍ មិនយូរប៉ុន្មាន​ព្រះនាងក៏ប្រសូត​ព្រះរាជបុត្រ។

ព្រះនាងប្រទានព្រះនាមថា “មហាជនក” ដូចព្រះនាម​ព្រះរាជាអយ្យកោ។ ព្រះមហាជនក​បរមពោធិសត្វ​ចម្រើនវ័យឡើង ជាមនុស្សថ្លើងឡើងចាង ក្អេងក្អាង​ឥតខ្លាចក្មេងណា ដោយសារកើត​ក្នុងខត្តិយត្រកូល ហើយនៅក្នុង​គ្រួសារដែលគេ​គោរព ត្រូវក្មេងឯទៀតស្អប់ គេជេរថា “អាកូនឥតឪពុក”។ មហាជនក​ក៏រំអុកទទូច​សួរព្រះមាតា លុះត្រាតែបាន​ជ្រាបនូវប្រវត្តិដើម​របស់ព្រះអង្គ ហើយ​ខំផ្ចង់ព្រះស្មារតី​ដើម្បីគោរព​ប្រតិបត្តិមាតា ព្រមទាំងលោកគ្រូអាចារ្យ ខំសិក្សា​រហូតចេះចប់ត្រៃវេទ ក្នុងរវាង​ព្រះជន្ម១៦ឆ្នាំ ទើបបាន​ក្រាបបង្គំ​ទូលព្រះមាតាថាៈ ទូលព្រះបង្គំ​នឹងទៅយក​រាជសម្បត្តិឯនគរមិថិលា បើព្រះមាតា​គ្មានទ្រព្យខ្លឹមសារទេ ទូលព្រះបង្គំ​នឹងទៅធ្វើជំនួញ​សន្សំទ្រព្យសិន ដើម្បីចងពួក​នឹងទៅយករាជសម្បតិ្តនោះ។ ព្រះមាតាប្រាប់ថាៈ មានវត្ថុ៣មុខ​ជាខ្លឹមសារគឺ កែវមណី១ កែវមុក្ដា១ កែវវជីរ១។ ព្រះពោធិសត្វ សុំយកវត្ថុទាំងនោះ​ពាក់កណ្ដាល​ថ្វាយបង្គំលាព្រះមាតា និងអាចារ្យទិសាបាមោក្ខ ចុះសំពៅ សំដៅទៅប្រទេសសុវណ្ណភូមិ ជាមួយនឹង​ពាណិជ៧រយនាក់ ធ្វើជំនួញបានប្រាក់​ដ៏ច្រើនមកថ្វាយព្រះមាតា ជូនលោកគ្រូអាចារ្យ ហើយត្រឡប់​ទៅប្រទេស​សុវណ្ណភូមិវិញ​តាមផ្លូវសមុទ្រ។ ថ្ងៃនោះឯង ជួនជាព្រះបាទបោលជនកឯនគរមិថិលា​ទ្រង់ប្រឈួន ផ្ទំជាប់លើព្រះសយនា។ គ្រាដែលព្រះពោធិសត្វចុះ​សំពៅទៅបាន៧ថ្ងៃ សំពៅ​ក៏ធ្លាយ​ក្នុងសមុទ្រ។ មហាជនភិតភ័យរន្ធត់ យំស្រែកសំបូងសង្រូង​រកទេវតាឱ្យជួយ​គ្រប់ៗគ្នា។ ចំណែកខាង​ពោធិសត្វមិនដូច្នោះទេ បែជាលាយស្ករនិងទឹកដោះគោ សោយ ហើយជ្រលក់សំពត់​ដោយប្រេង ស្លៀកយ៉ាងខ្ជាប់​ទៅឡើងដងក្ដោង។

មហាជនប្រុសស្រី​ក្លាយជាចំណីត្រីនិងអណ្ដើក។ ទឹកជុំវិញសំពៅ​ក្លាយទៅជាពណ៌ក្រហម​ដោយសារឈាម។ ព្រះពោធិសត្វឈរលើចុងដងក្ដោង​ឆ្ពោះព្រះភ័ក្ដ្រទៅនគរមិថិលា ហើយក៏លោតផ្លោង​រំលងពួកត្រី​និងអណ្ដើក​ហែលទៅ។ ថ្ងៃនោះ ត្រូវលើថ្ងៃដែល​ព្រះបាទបោលជនក​ទ្រង់សុគត។ ព្រះពោធិសត្វ ដូចជា​កំណាត់ដើមចេកមាស​អណ្ដែតលើរមូរនៃរលកទឹក​សមុទ្រមានពណ៌​ដូចកែវមណី ខំឆ្លង​មហាជលធី​ដោយកម្លាំងដើមដៃ​ទាំងពីរ កាត់ទីដែលគេ​ត្រូវឆ្លងអស់វេលា៧ថ្ងៃ ទ្រង់ជ្រាបថា “ឥឡូវនេះ ជាថ្ងៃពេញបូណ៌មី” ទើបទ្រង់ខ្ពុរព្រះឱស្ឋ​ដោយទឹកប្រៃ អធិដ្ឋានសីលឧបោសថ។ គ្រានោះ នាងទេពធីតាឈ្មោះមនីមេខលា ដែល​ព្រះចតុលោកបាលទាំង៤ឱ្យរក្សាមហាសមុទ្រ​ដើម្បីកុំឱ្យមនុស្ស សត្វ អ្នកគោរព​ប្រតិបត្តិ​នូវមាតាបិតាគ្រូអាចារ្យ លិចស្លាប់​ក្នុងសមុទ្របាន។ នាងធ្វេសស្មារតី​ខានត្រួតមើលសមុទ្រ​អស់៧ថ្ងៃ ស្រាប់តែថ្ងៃជាគម្រប់៧​នៃការលង់ទឹក​របស់ពោធិសត្វ ទើបនាង​បានដឹង ក៏ប្រឹងស្ទុះម្នីម្នា​ដោយអាការភិតភ័យថាៈ ឱ! គ្រោះជាល្អ! ប្រសិនបើ​ព្រះមហាជនក​ស្លាប់ក្នុងសមុទ្រ សមជាអាត្មាអញ​នឹងលែងបាន​ចូលកាន់​ទេវសមាគម។ នាងឋិតនៅឰដ៏​អាកាសពោលល្បង​ព្រះពោធិសត្វមើលថាៈ

- ទេវតាៈ នរណា​ដែលមិនឃើញ​ត្រើយសោះ ហើយខំប្រឹងហែល​កណ្ដាលសមុទ្រដែរ! អ្នកឃើញ​ប្រយោជន៍​ដូចម្ដេច បានជាព្យាយាម​ដល់ម៉្លេះ? - ព្រះពោធិសត្វថាៈ ម្នាលទេវតា ខ្ញុំពិចារណា​ឃើញនូវវត្តនៃសត្វលោកថា ត្រូវតែធ្វើការ ហើយនិងអានិសង្ឃ​នៃសេចក្ដីព្យាយាម​ថា ត្រូវតែផុតទុក្ខ ព្រោះហេតុនោះ បានជាខ្ញុំ ទោះបីមិនឃើញ​ត្រើយសោះ ក៏នៅតែព្យាយាម​ហែលដែរ។ - ទេវតាថាៈ អ្នកមិនឃើញ​ទាំងត្រើយផង ការព្យាយាមរបស់អ្នក ជាការសោះសូន្យ​ទទេ អ្នកមិនដល់ត្រើយទេ មុខជាស្លាប់មិនខាន។ - ព្រះពោធិសត្វថាៈ បុគ្គលធ្វើនូវកិច្ច​របស់បុរស(ព្យាយាម) ទើបជាអ្នក​មិនមានបំណុល ក្នុងពួកញាតិ ក្នុងពួកទេវតា និងក្នុងពួកព្រហ្ម ទាំងមិន​ក្ដៅក្រហាយ​ក្នុងកាល​ខាងក្រោយផង។ - ទេវតាថាៈ ការងារដែលមិនសម្រេច រមែងជាការឥតផល បានត្រឹមតែ​ក្ដីលំបាកជាកម្រៃ បុគ្គល​ដែលត្រូវស្លាប់ នោះមានប្រយោជន៍​អ្វីដោយសេចក្តី​ព្យាយាមក្នុងការងារ។ - ព្រះពោធិសត្វថាៈ ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា “ការងារមិនសម្រេច” ហើយមិន​រក្សាជីវិតខ្លួន ៗឯង (បែរជាអំពាវនាវ​ឱ្យគេជួយជីវិតទៅវិញ) ថែមទាំង​បន្ថយសេចក្ដី​ព្យាយាមផង បុគ្គលនោះ​គង់ដឹងនូវផល​នៃសេចក្ដីខ្ជិលនោះ​មិនខាន ម្នាលទេវតា ក្រែងនាង​បានឃើញដែរឬ មនុស្សមួយសំពៅ​លិចបាត់ទៅ នៅតែខ្ញុំ​ហែលមក បើមិនបាន​ផលអ្វី ក៏បានត្រឹម​តែការជួបនឹងនាងដែរ ខ្ញុំនឹងព្យាយាម​តាមសមគួរ​ដល់ការអាច តាមសមគួរដល់កម្លាំង បើភ័ព្វមាន​បានដល់ច្រាំង ខ្ញុំនឹងធ្វើ​នូវសេចក្ដី​ព្យាយាមដែល​បុរសគួរធ្វើទៀត។

- ទេវតាថាៈ អ្នកប្រកបដោយសេចក្ដីព្យាយាម​តាមធម៌ រមែងមិនលិចចុះ​ក្នុងមហាសមុទ្រ​ដោយកម្ម គឺសេចក្ដីព្យាយាមហ្នឹងឯង ចិត្តរបស់​អ្នកត្រេកអរក្នុងទីណា ចូរអ្នក​ទៅក្នុង​ទីនោះចុះ។ នាងមណីមេខលា ទេវតារក្សាសមុទ្រ​និយាយដូច្នេះហើយ ក៏ចាប់ស្រង់​ព្រះពោធិសត្វ ដូចជាបាច់កម្រងផ្កា ត្រកងផ្ដេកផ្ទាប់នឹងឧរា ដូចជា​ប្រិយបុត្រា​របស់ខ្លួន នាំទៅតាមអាកាស​ដល់នគរមិថិលា ក៏ផ្ដេកលើ​មង្គលសិលប័ត្រ ក្រោមដើមស្វាយ​ខាងត្បូងព្រះនគរ ឱ្យពួកទេវតារក្សា​ឧទ្យានចាំថែរក្សា​ព្រះពោធិសត្វ ហើយ​ត្រឡប់ទៅ​ឋានរបស់ខ្លួនវិញ។ ឯព្រះបាទបោលជនក ឥតព្រះរាជបុត្រាសោះ មានត្រឹមតែ​ព្រះរាជបុត្រីមួយ​ព្រះអង្គព្រះនាម​សីវលីទេវី។ ក្នុងថ្ងៃដែល​ព្រះអង្គផ្ទំ​ជាប់លើព្រះមរណមញ្ចា អាមាត្យ​ទាំងឡាយបាន​ស្នើព្រះយោបល់ថាៈ ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជទានរាជសម្បត្តិដល់នរណា។ ព្រះរាជាត្រាស់ព្រះរាជឱង្ការថាៈ កំណប់ធំ១៦ គឺកំណប់​ត្រង់ព្រះអាទិត្យរះ១ ត្រង់ទីព្រះអាទិត្យលិច១ ខាងក្នុង១ ខាងក្រៅ១ មិនមែន​ខាងក្នុងមិនមែន​ខាងក្រៅ១ ត្រង់ទី​សម្រាប់ឡើង១ ត្រង់ទី​សម្រាប់ចុះ១ ត្រង់​សាលព្រឹក្ស​ទាំងបួនដើម មួយៗត្រង់ទី​មួយយោជន៍ជុំវិញ១ នាចុងភ្លុកដំរី១ នាចុងកន្ទុយដំរី១ ក្នុងទឹក១ ឰដ៏ចុងឈើ១ នរណាគាស់បាន សហស្សថាមធ្នូ នរណាលើករួច បល័ង្ក(គ្រែ)បួនជ្រុង នរណាដឹង​ជាក្បាលដំណេកខាងណា នាងសីវលីរាជទេវី នរណាឱ្យ​ត្រេកអរបាន អ្នកទាំងឡាយ​ចូរប្រគល់​រាជសម្បត្តិ​ឱ្យអ្នកនោះចុះ។ អាមាត្យ​ទាំងឡាយ​បានហត់ការជ្រើសរើស​ព្រះមហាក្សត្រតាម​ព្រះរាជបណ្ដាំនេះពុំបាន ទើបព្រមព្រៀង​តាមបុរោហិត​ ចាត់ការផ្សងបុស្សរថ​ដែលទឹមដោយសេះពីរគូ មាន​កម្រាល​និងផ្ការចនាដ៏វិចិត្រ ដាក់គ្រឿង​រាជកកុធភ័ណ្ឌ​គ្រប់គ្រាន់ទាំង៥ប្រការ មានពួកចតុរង្គសេនា​ចោមរោមត្រៀបត្រា បួងសួងសូម​ឱ្យបានអ្នកមាន​វាសនាគួរទទួល​សោយរាជសម្បត្តិ។ បុស្សរថដែលគេផ្សងហើយលែងទៅ ក៏សំដៅទៅត្រង់ទី​មង្គលសិលាប័ត្រ​ដែលព្រះពោធិសត្វផ្ទុំ។ បុរោហិតបានឃើញ​លក្ខណៈព្រះអង្គ ហើយ​និយាយ​ប្រាប់គ្នាថាៈ បុរសនេះ​មានសមត្ថភាព​អាចសោយរាជ្យ​ក្នុងមហាទ្វីប​ទាំងបួនបាន។ ទើបព្រមព្រៀង​គ្នាអារាធនាព្រះអង្គ សូមទ្រង់ទទួល​រាជសម្បត្តិ បានធ្វើ​ពិធីអភិសេក​ក្នុងទីនោះ​មួយលើក ហើយនាំទៅកាន់​រាជបុរី បានដង្ហែរទៅជួបនឹងព្រះនាង​សីវលីទេវីរាជកញ្ញា។ ព្រះនាងមានសេចក្ដី​ជ្រះថ្លាពុំអាចទប់ទល់​ព្រះអង្គ ក៏ទ្រង់​លូកព្រះហស្ថ​ចាប់ព្រះហស្ថ​ព្រះពោធិសត្វ​ដោយព្រះរាជហឫទ័យត្រេកអរ។ មហាជនក៏ទះដៃ​ទទួលអំណរថាៈ ត្រូវតាមព្រះរាជ​បណ្ដាំមួយខហើយ។ ព្រះពោធិសត្វសួរថាៈ ព្រះមហាក្សត្រ​របស់អ្នកទាំងឡាយ​​បានផ្ដាំរឿងអ្វីដទៃទៀតដែរ? ទើបអាមាត្យ​ទាំងឡាយក្រាប​ទូលហូរហែ តាមព្រះរាជ​បណ្ដាំដែលបាន​ពោលហើយខាងដើមៈ បល្ល័ង្គបួនជ្រុង គឺព្រះសិរីសយនា​ដែលឥតនរណា​ចូលដល់ បានជាគ្មាននរណា​ស្គាល់ក្បាលដំណេក។

ព្រះពោធិសត្វប្លែក ងឿងក្នុងព្រះហឫទ័យ ប៉ុន្តែដោយការវាងវៃ ទើប​ព្រះអង្គ​ដកព្រះសុពណ៌សូចិ (ស្នៀតព្រះកេសមាស) ហុចទៅដល់​ព្រះនាងសីវលីថាៈ នេះជាគ្រឿង​ប្រដាប់ព្រះសិរ ចូរនាងដាក់ក្នុងទីគួរដាក់។ ព្រះនាង​ក៏ដាក់លើគ្រែ​នោះខាងក្បាលដំណេក។ ទើបព្រះនាងឆ្លើយប្រាប់​មហាជនកថាៈ នេះក្បាលដំណេក។ សហស្សថាមធ្នូ (ធ្នូប្រកបដោយ​កម្លាំងបុរស១ពាន់នាក់)។ ព្រះពោធិសត្វ​គង់លើបល្ល័ង្គ​លើកធ្នូនេះរួច ដូចជាធ្នូ​សម្រាប់ថ្ពេចកប្បាសរបស់​ពួកស្រីៗ។ កំណប់​ទ្រព្យទាំង១៦។ ព្រះអង្គសួរអាមាត្យ​ទាំងឡាយថាៈ ព្រះរាជា​របស់អ្នកទាំងឡាយ​ធ្លាប់រាប់អាន​ព្រះបច្ចេកពុទ្ធឬទេ? - ក្រាបទូលថាធ្លាប់។ - ធ្លាប់ទទួលដំណើរ​ព្រះបច្ចេកពុទ្ធ​ត្រង់ទីណា? - ថាត្រង់ទីនោះ។ - បើដូច្នេះចូរ​អ្នកទាំងឡាយ​ទៅជីកយកកំណប់​អំពីទីនោះ​មក ទីនោះឯងដែល​ឈ្មោះថាកន្លែងព្រះអាទិត្យរះ ព្រះរាជាធ្លាប់​ជូនដំណើរព្រះបច្ចេកពុទ្ធ​ដល់ត្រង់ណា ចូរអ្នករាល់គ្នា​ទៅជីកយកកំណប់​អំពីត្រង់នោះមក ទីនោះ​ឯងដែលឈ្មោះថា​ព្រះអាទិត្យលិច។ រាជបុរស​ទាំងឡាយក៏ជីកយក​បានកំណប់មែន។ ទ្រង់ឱ្យយក​កំណប់ខាងក្នុង​អំពីខាងក្នុងធរណី​នៃទ្វារធំក្នុងព្រះរាជ​ដំណាក់ ឱ្យយក​កំណប់ខាងក្រៅ អំពីខាង​ក្រៅធរណីនៃ​ទ្វារនោះ ឱ្យយកកំណប់​មិនមែនខាងក្នុង មិនមែនខាងក្រៅ អំពីខាងក្រោម​ធរណីនោះ ឱ្យយកកំណប់​ក្នុងកន្លែងឡើង អំពីកន្លែង​​ឡើងកាន់ដំរី ឱ្យយកកំណប់​ក្នុងកន្លែងចុះ អំពីកន្លែងចុះចាកដំរី ឱ្យយកកំណប់ក្រោម​មហាសាលព្រឹក្ស​បួនដើម អំពីខាងក្រោមជើង​ទាំង៤នៃគ្រែព្រះសិរីសយនា​ដែលជាងធ្វើ​ដោយឈើសាលព្រឹក្ស ឱ្យយកកំណប់ចម្ងាយ​មួយយោជន៍ជុំវិញ​អំពីទីជុំវិញជើងគ្រែ​មួយជួរនឹម ឱ្យយកកំណប់​នាចុងភ្លុកដំរី អំពីទីចំពោះ​មុខនៃភ្លុក​ទាំងពីរនៃដំរីមង្គល ឱ្យយកកំណប់​នាងចុងកន្ទុយដំរី អំពីទីចំពោះមុខ​នៃកន្ទុយដំរីមង្គល ឱ្យយកកំណប់​ក្នុងទឹក អំពីកំពង់ដែលទ្រង់​ធ្លាប់ចុះស្រង់ក្នុង​ស្រះមង្គលបោក្ខរណី ឱ្យយក​កំណប់ឰដ៏ចុងឈើ អំពីទីប៉ុនស្រមោល​នៃមែកសាលព្រឹក្ស​ក្នុងព្រះរាជឧទ្យាននៅវេលាថ្ងៃត្រង់។ កាលព្រះពោធិសត្វនាំ​កំណប់ទាំង១៦ បានមកយ៉ាងនេះ​ហើយ មហាជន ក៏មានចិត្តត្រេកអររីករាយ ថ្វាយរាជសម្បត្តិ​ជាការដាច់ស្រេច​ដោយការធ្វើព្រះរាជពិធីអភិសេក​ជាមួយនឹងព្រះនាងសីវលីទេវី។ កំណប់ទ្រព្យ​ដែលគាស់បានមក ទ្រង់ឱ្យយក​ទៅចាត់ការកសាងសាលាឆទាន​ទាំង៦ខ្នង គឺត្រង់ទីជិតទ្វារនៃព្រះរាជនិវេសន៍២ខ្នង ទៀបទ្វារទាំង៤ នៃនគរ៤ខ្នង ហើយទ្រង់ចំណាយ​ព្រះរាជទ្រព្យ​ព្រះរាជទានដល់​សមណៈជីព្រាហ្មណ៍ ស្មូមយាចក អ្នកកំសត់ទុគ៌តរៀងរាល់ថ្ងៃតទៅ។ ទ្រង់ឱ្យស្ដេចសម្ដេច​ព្រះវររាជជននី ព្រមទាំងអញ្ជើញ​លោកអាចារ្យទិសាបាមោក្ខ អំពីនគរកាលចម្បាក់មក​តម្កល់ទុកជាទីគោរព ជាទីធ្វើសក្ការបូជា​ដរាបរៀងទៅ។

ព្រះបាទមហាជនក​បរមពោធិសត្វ កាលគង់លើរាជាសនៈ​ក្រោមស្វេតច្ឆត្រ ទតឃើញ​សិរីរាជសម្បត្តិ ដូចជាសិរីនៃព្រះឥន្ទ​ទ្រង់រលឹកឃើញនូវការព្យាយាម​ដែលទ្រង់ធ្វើនូវមហាសមុទ្រ ក៏មានព្រះរាជហឫទ័យ​ប្រកបដោយបីតិសោមនស្ស ទ្រង់បន្លឺ​ព្រះឧទានថាៈ បុរសជាបណ្ឌិត​ត្រូវតែតស៊ូ! មិនត្រូវនឿយណាយ! យើងឃើញច្បាស់​ដោយខ្លួនឯងថា យើងប្រាថ្នា​យ៉ាងណា បានយ៉ាងនោះ យើងឃើញ​ច្បាស់ដោយ​ខ្លួនឯងថា ទេវតាស្រង់យើង​អំពីទឹកដាក់មក​លើគោក។ បុរសជាបណ្ឌិត​ត្រូវតែព្យាយាម! មិនត្រូវនឿយ​ណាយ! អ្នកមានប្រាជ្ញា​ទោះបីសេចក្ដីទុក្ខ​ប៉ះពាល់ត្រូវ ក៏មិនត្រូវកាត់​បំណងខ្លួនដែរ! ចំណេរកាល​តមក ព្រះនាងសីវលីទេវី​ប្រសូតព្រះរាជបុត្រា​ទ្រង់បានព្រះរាជទាន​ព្រះនាមថា ទីឃាវុកុមារ។ ព្រះរាជបិតា បានព្រះរាជ​ទានឋានៈ​ជាឧបរាជ​ដល់ព្រះរាជបុត្រនេះ។ ព្រះមហាជនក​ទ្រង់សោយរាជ្យ​ប្រកបដោយ​ទសពិធរាជធម៌ ឥតមានមោះមៃ​សេចក្ដីអន្តរាយ​ក្នុងនគរឡើយ។ ថ្ងៃមួយទ្រង់​ស្ដេចទៅកាន់​ឧទ្យាន បានទត​ឃើញស្វាយមួយដើម រេចស្លឹក​បាក់មែកព្រោះ​តែមានផ្លែ ស្វាយមួយដើម​ទៀតមានស្លឹកលាស់ខ្ចី សាខាត្រឈឹងត្រឈៃ​ដង្គោលល្អ ព្រោះឥតផ្លែ ទើប​ទ្រង់ព្រះចិន្ដា​ថាៈ ស្វាយដែលរេចស្លឹក​បាក់មែកព្រោះតែផ្លែ ដូចជាអាត្មាអញ​ជាស្ដេចសោយរាជ្យ ធ្វើប្រយោជន៍ឱ្យ​កើតឡើងសម្រាប់​តែអ្នកត្រូវការ ត្រង់ខ្លួន​អាត្មាចេះតែរេច​ទៅៗ។ ព្រះអង្គ​ទ្រង់ព្រះចិន្ដា​ដូច្នេះហើយ ទើបទ្រង់​សព្វព្រះរាជហឫទ័យ​ក្នុងភេទបព្វជ្ជា ទ្រង់និវត្ត​មកកាន់ព្រះបរមរាជនិវេសន៍​វិញ ទ្រង់បណ្ដេញ​ហាមឃាត់មិនឱ្យ​មនុស្សដទៃនៅ ឬចូល​ទៅក្នុងព្រះរាជវេសន៍​ឡើយ លើកលែង​តែអ្នកបម្រើ​ផ្ទាល់ព្រះអង្គ​ម្នាក់ចេញ។ ព្រះអង្គទ្រង់ធ្វើ​សមណធម៌ស្មឹងស្មាធិ៍អស់វេលា៤ខែ ឥតឱ្យនរណាដឹងសោះ។ ថ្ងៃមួយនោះ ទ្រង់ឱ្យអ្នក​បម្រើទៅហៅខ្មាន់​ព្រះកេសមក​ចម្រើនព្រះកេសា ឱ្យទៅជា​សមណបរិក្ខារ (បាត្រចីវរ) មកផ្លាស់​គ្រឿងអម្ពរទ្រទ្រង់​ភេទបព្វជ្ជា ទ្រង់ព្រះពស្រ្តកាសាយ៍​ស្ពាយបាត្រឰដ៏ព្រះអង្សា ប្រាថ្នានឹងចេញទៅ​ព្រៃហេមពាន្ត។ គ្រានោះព្រះនាងសីវលី និងស្រីស្នំ៧រយនាក់ តាក់តែងអង្គ​ទ្រង់គ្រឿងអលង្ការ​បំពារាជប្បញ្ញត្តិ​ចូលទៅគាល់ ជួនជាព្រះអង្គ​ចុះចេញអំពីប្រាសាទ ​យាងដោយព្រះបាទា ទោះបីស្រ្តីទាំងនោះ​អង្វរឃាត់យ៉ាងណា ក៏ទ្រង់ពុំព្រម​ត្រឡប់វិញសោះ។ មហាជនក្នុងនគរទាំង​អស់ ទាំងស្រ្តីទាំងបុរស ទាំងរាស្រ្ត​ទាំងមន្រ្តី ផ្អើលឆោឡោរត់​តាមព្រះចក្រី ថ្លែងសេចក្ដី​អង្វរផ្សេងៗជាអនេកប្រការ ក៏ពុំអាចញ៉ាំង​ព្រះអង្គឱ្យទ្រង់​ត្រឡប់បាន។ ព្រះនាងសីវលី នឹកឃើញ​ឧបាយមួយថា “ព្រះរាជា​តែងខ្វល់ខ្វាយក្នុង​កិច្ចការពារអន្តរាយ​នៃប្រជាជន” ទើបទ្រង់ចាត់សេនាបតី​ឈ្មោះមហាសេនាគុត្ត ឱ្យដុតផ្ទះចាស់ៗ ដុតសម្រាម ដុតស្លឹកឈើ ធ្វើឱ្យមានផ្សែង​ទ្រលោមឡើង ព្រះនាងក៏ទៅ​ឱបព្រះបាទាព្រះស្វាមី​ទូលថាៈ នគរមិថិលាត្រូវ​ភ្លើងឆេះហើយ។ ព្រះអង្គទ្រង់​មានព្រះឱង្ការថាៈ សេចក្ដី​ខ្វល់ខ្វាយ​នៃជនណាមាន សេចក្ដីខ្វល់ខ្វាយ​នោះនៃជននោះតែងឆេះ​ចេញជាភ្លើង ឯយើងឥត​មានសេចក្ដីខ្វល់ខ្វាយ​ទេ ឥតភ្លើងឆេះទេ។ល។ ព្រះនាងឱ្យពួក​អ្នកកាន់អាវុធ​សំឡុតអ្នកស្រុក​ធ្វើហាក់ដូច​ជាចោរប្លន់។ អ្នកស្រុក​ទាំងរយទាំងពាន់​រត់មកយំស្រែក​ស្ទាក់ព្រះរាជ​ដំណើរថាៈ ចោរប្លន់ដែន​ព្រះអង្គហើយ សូមព្រះអង្គ​ត្រឡប់កុំឱ្យដែន​នេះវិនាស។ ព្រះអង្គទ្រង់ត្រាស់ថាៈ កង្វល់​របស់យើងមិនមាន​ទេយើងរស់នៅ​ជាសុខ ទុកជាដែន​ត្រូវចោរប្លន់ក៏យក​សម្បត្តយើង​មិនបានដែរ។ ព្រះអង្គទ្រង់​ចេញទៅអស់​ផ្លូវដ៏ឆ្ងាយ។ មហាជនទាំងឡាយ​ក៏ប្រឹងតែតាមមិនព្រមត្រឡប់ ដល់ផ្លូវប្រហប់​ព្រះអង្គទ្រង់ងាកសួរថាៈ រាជ្យនេះជា​រាជ្យនរណា? នរណាកាន់​អំណាចក្នុងប្រទេស​នេះ? - ឆ្លើយទូលថាៈ រាជ្យព្រះអង្គ ព្រះអង្គ​កាន់អំណាច។ ទើបព្រះពោធិសត្វ​យកព្រះទណ្ឌៈ (ឈើច្រត់) គូសទទឹង​ផ្លូវប្រហប់ថាៈ យើងជាអ្នក​កាន់អំណចគូសគំនូស​នេះ នរណា​កន្លងគំនូស​នេះនឹងត្រូវមានទោស។ មហាមន្រ្តី​ទាំងរាស្រ្តទាំងមន្រ្តី​ឥតបីហ៊ានកន្លងផ្គង​អញ្ជលីឱនសិរសា​ក្រាបទល់ត្រឹមគំនូសនេះ។ ព្រះនាង​សីវលីផ្ដួលអង្គ​ទ្រង់បម្រះននៀល​ទាល់តែរលុបគំនូស​នោះអស់។ មហាជន​ឃើញដូច្នេះ ក៏ស្រែកថា “ម្ចាស់គំនូស​ទម្លាយគំនូស​ហើយ” ហើយខំរត់​ប្រពាក់ប្រពូន​តាមទៅទៀត។

ព្រះរាជា​ពុំអាចញ៉ាំង​មហាជនឱ្យត្រឡប់​វិញបាន អស់ផ្លូវ៦០យោជន៍។ គ្រានោះតាបស​ព្រះនាមនារទ នៅនា​ព្រៃហេមពាន្ត បានឋិតនៅ​ឰដ៏អាកាស ញ៉ាំងសេចក្ដី​ឧស្សាហ៍នៃព្រះរាជា​ឱ្យកើតឡើងថាៈ សំឡេងគឹកកងនេះ តើព្រោះហេតុអ្វី? ស្រីៗនោះជាអ្វី មកលេង​ជាមួយក្នុងព្រៃ​ដូចជាក្នុងស្រុក? - ព្រះពោធិសត្វថាៈ ខ្ញុំលះបង់​មហាជន​ចេញមក បានជាមហាជន​តាមមកប្រជុំ​ក្នុងទីនេះ ខ្ញុំកន្លង​កិលេសទៅបួស​ដើម្បីបាននូវ​មោនធម៌។ - តាបសថាៈ ព្រះអង្គកុំសម្គាល់ថាអញឆ្លងកិលេសរួច កិលេសនេះបុគ្គលមិនងាយឆ្លងបានទេព្រោះអន្តរាយមានច្រើន។ - ព្រះពោធិសត្វថាៈ ខ្ញុំមិនប្រាថ្នាកាមក្នុងមនុស្សលោកក្នុងទេវលោកឡើយ សេចក្ដីអន្តរាយនឹងមានដល់ខ្ញុំដូចម្ដេចបាន។ - តាបសថាៈ សេក្ដីអន្តរាយតាំងឡើងពីប្រភពច្រើនប្រការគឺ ពីការដេកលក់ ពីសេចក្ដីខ្ជិល ពីការមឹតពត់ ពីសេចក្ដីអផ្សុក ពីការពុលអាហារ។ - ព្រះរាជាសួរថាៈ លោកប្រៀនប្រដៅខ្ញុំល្អណាស់ លោកជាអ្វី? - តាបសថាៈ ជនទាំងឡាយស្គាល់ខ្ញុំដោយនាមថា នារទ ដោយគោត្រថាកស្សបខ្ញុំមកដោយការដឹងច្បាស់ថា “សមាគមដោយសប្បុរសជាការប្រពៃ” សេចក្ដីត្រេកអរ​ក្នុងបព្វជ្ជា​និងព្រហ្មវិហារចូរកើត​ដល់ព្រះអង្គ ការខ្វះខាតសីល និងឈានសូមព្រះអង្គ​បំពេញ សូមព្រះអង្គរំលាយ​ចោលនូវសេចក្ដីមើលងាយ​និងសេចក្ដីក្រអឺតក្រអោង (អាងជាតិ) សូមព្រះអង្គ​គោរពនូវកុសលកម្មបថ​និងវិជ្ជាគឺអភិញ្ញា៥ សមាបត្តិ៨ និងសមណធម៌។ នារទតាបសនោះទូន្មាន​ព្រះមហាសត្វ​យ៉ាងនេះហើយ ក៏ទៅកាន់លំនៅនៃខ្លួនតាមអាកាសវិញហោង។ កាលដែលតាបសនោះទៅបាត់ទៅ មានតាបសផ្សេងទៀត​ព្រះនាមមិគាជិន ចេញអំពី​សមាបត្តិ មកឋិតនៅឰដ៏អាកាស​បង្ហាញខ្លួននិយាយថាៈ បពិត្រព្រះជនក ព្រះអង្គលះបង់​ដំរី សេះ ពួកអ្នកនគរនិងជនបទដ៏ច្រើន ហើយទ្រង់ព្រះផ្នួស​ត្រេកអរតែនឹង​អម្បែង (បាត្រ) តើពួកអ្នក​ជនបទមិត្តអាមាត្យ និងព្រះញាតិបាន​ប្រទូស្តជំពោះព្រះអង្គឬ ឬក៏ព្រោះហេតុអ្វី បានជា​ព្រះអង្គសព្វ​ព្រះរាជហឫទ័យ​នឹងអម្បែងរបស់​ព្រះអង្គឯនេះវិញ? - ព្រះពោធិសត្វឆ្លើយថាៈ បពិត្រមិគាជិន តាំងពីកាលណាមក ខ្ញុំមិនដែលផ្ចាញ់​ជនណាមួយដោយអធម៌ទេ ទាំងពួកជនណា​មួយក៏មិនដែលផ្ចាញ់ខ្ញុំដែរ ខ្ញុំបានឃើញនូវប្រពៃណី​នៃសត្វលោកដែល​កិលេសធ្វើឱ្យខ្វល់ខូច​ដូចជាភក់ លិចចុះក្នុងភក់​គឺកិលេស ងងឹតងងល់ហ៊ាន​ដល់ទៅសម្លាប់គ្នា ខ្ញុំយករឿងនេះ​មកប្រៀបធៀប​ពិចារណា ទើបបានជា​ខ្ញុំចូលចិត្តនឹងផ្នួស។ - តាបសសួរថាៈ អ្នកមានជោគណា​ជាសាស្ដារបស់ព្រះអង្គ? ពាក្យដ៏ពីរោះនេះ​ជាពាក្យរបស់បុគ្គលណា? - ព្រះពោធិសត្វឆ្លើយថាៈ ខ្ញុំអាចនិយាយ​ដូច្នេះបានដោយ​ខ្លនឯង ព្រោះហេតុខ្ញុំបានឃើញ​ដើមស្វាយមានផ្លែ ដែលពួកមនុស្ស​បៀតបៀនធ្វើឱ្យ​រេចស្លឹកនិង​មែកព្រោះតែ​ផ្លែ ខ្ញុំបានឃើញ​ដើមស្វាយមួយ​ដើមទៀតឥតផ្លែ មានពណ៌ខៀវ​ស្រងាត់ជាទីរីករាយ​នៃចិត្ត ទើបខ្ញុំគិតថាៈ “អាត្មាអញ​ដែលទ្រទ្រង់​នូវឥស្សរភាពនឹង​ត្រូវសត្រូវទាំងឡាយ​សម្លាប់មិនខាន ខ្លាដំបង​ត្រូវគេសម្លាប់​ព្រោះស្បែក ដំរីត្រូវគេសម្លាប់​ព្រោះភ្លុក អ្នកមានទ្រព្យ​ត្រូវគេសម្លាប់​ព្រោះទ្រព្យ តើនរណា​នឹងសម្លាប់មនុស្ស​ឥតផ្ទះ មិនមាន​សន្ថវ នឹងថាដើមស្វាយ​ទាំងពីនេះឯង ជាសាស្ដា​របស់ខ្ញុំក៏ថាបាន”។ មិគាជិនតាបសឮដូច្នោះ​ក៏ថ្វាយឱវាទដល់​ព្រះរាជាថា “សូមទ្រង់កុំធ្វេស​ប្រហែស” ដូច្នេះហើយ ក៏ត្រឡប់​ទៅកាន់ទីឋាន​របស់ខ្លួនវិញហោង។ កាលដែលមិគាជិន​តាបសនោះទៅបាត់​ទៅ ព្រះនាងសីវលី​ក្រាបទៀបព្រះបាទា​នៃ ព្រះរាជាជា​ព្រះស្វាមី ថ្លែងព្រះរាជសវនីយ៍​ថាៈ ជនទាំង​ពួងគឺ សេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង បានឮថា ព្រះអង្គទ្រង់​ព្រះផ្នួសហើយ ក៏តក់ស្លុតរត់​តាមមកដល់ទីនេះ សូមព្រះអង្គ​លួងលោមនូវប្រជុំជន សូម​តាំងទុក​នូវការរក្សា សូមតាំងព្រះរាជ​កុមារក្នុងរាជសម្បត្តិ​ហើយសឹមទ្រង់ព្រះផ្នួស​ក្នុងកាលខាង​ក្រោយនេះ។ ព្រះពោធិសត្វថាៈ ម្នាលបជាបតិ ពួកអ្នកជនបទ មិត្ត អាមាត្យ និងញាតិ​ទាំងឡាយ​ត្រូវអាត្មាលះបង់​ស្រេចហើយ កូនអ្នកវិទេហពស្រ្ត​ឈ្មោះទីឃាវុកុមារ​នឹងជាងអ្នកញ៉ាំង​រដ្ឋឱ្យចម្រើន ចូរកូននោះ​សោយរាជ្យ​ក្នុងក្រុងមិថិលាចុះ ចូរនាង​ឯងសោយរាជ្យ​ឈ្មោះថាធ្វើនូវបាប​ទុច្ចរិតដ៏ច្រើន ដោយ​កាយវាចាចិត្ត នាងនឹងទៅកាន់​ទុគ្គតិដោយកាយ​វាចាចិត្តទុច្ចរិត​មិនខាន ឯអាត្មាញ៉ាំង​អត្តភាពឱ្យ​ប្រព្រឹត្តទៅដោយ​ដុំបាយដែល​បុគ្គលដទៃឱ្យ ដែលបុគ្គល​ដទៃសម្រេចហើយ នេះជា​ប្រពៃណីរបស់​អ្នកប្រាជ្ញ។ ព្រះពោធិសត្វ​ព្រះរាជទានឱវាទ​ដល់ព្រះនាងសីវលី​យ៉ាងនេះបណ្ដើរ យាងទៅ​បណ្ដើរ។ ព្រះនាងសីវលី​ស៊ូតែតាមទៅៗដល់វេលា​យប់ ទើបទ្រង់ឈប់​ឱ្យបោះកងទ័ពក្នុង​ទីដ៏សមគួរ។ ព្រះមហាសត្វ​ចូលទៅកាន់គល់​ឈើ១ដើម ព្រឹកឡើងទ្រង់​ស្ដេចទៅស្វែង​រកភិក្ខាក្នុងថូណនគរ។ ក្នុងនគរនោះ​មានបុរសម្នាក់​អាំងសាច់១ដុំ។ សុនខមួយ​លបពាំបោល​ទៅ ត្រូវម្ចាស់សាច់​ដេញតាម ក៏ប្រឹងបោល​ទៅប្រទះនឹង​ព្រះពោធិសត្វ​ភ័យស្មានជាព្រះអង្គ​ចាំស្ទាក់ ក៏ទម្លាក់ដុំសាច់​ប្រាសចាកទៅ​ខាងម្ខាងបាត់ទៅ។ ព្រះអង្គ​រង់នៅទីនោះមួយ​ស្របក់ពុំឃើញម្ចាស់​ឬឆ្កែមកយក​ដុំសាច់នេះវិញ ក៏ព្រះអង្គ​ទស់យកជាចង្ហាន់​បំសុកូល បោសធូលីស្អាត​ដាក់ក្នុងបាត្រ យកទៅពិចារណា​បច្ចវេក្ខណវិធី ឆាន់ក្នុងទីមាន​ទឹកដ៏សប្បាយ។ ព្រះនាងទេវី​ឃើញយ៉ាងនេះ ក៏ទ្រង់​ព្រះចិន្ដាថា “បើព្រះស្វាមី​នៅត្រូវការដោយ​រាជសម្បត្តិ ទ្រង់មិនសោយ​ព្រះស្ងោយយ៉ាងនេះទេ នេះប្រាកដជា​ដាច់អាល័យ​ពីរាជសម្បត្តិ​ហើយ” ទើបព្រះនាងថ្លែងព្រះសវនីយ៍រិះគន់ព្រះរាជាថាៈ បុគ្គលណាឥតអាហារបួនពេល នោះនឹងស្លាប់មិនលែង! ជាតិជាកុលបុត្រមិនគប្បីបរិភោគអាហារ​ដែលប្រឡាក់ដោយ​ធូលីមិន​ស្អាតទេ ព្រោះការបរិភោគយ៉ាងនោះមិនល្អសោះ មិនប្រពៃសោះ! បពិត្រព្រះមហាជនក គួរបើដែរព្រះអង្គសោយព្រះស្ងោយសល់ពីឆ្កែយ៉ាងហ្នឹង! ព្រះពោធិសត្វថាៈ ម្នាលនាងសីវលី របស់ណា​ដែលគេលះបង់ហើយ របស់នោះមិនមែនជាអាត្មាមិនគួរឆាន់ទេ របស់ដែលបានដោយធម៌ នោះជាអាហារមិនមានទោស។ ព្រះពោធិសត្វនិងព្រះនាងសីវលី ចរចាទៅវិញ​ទៅមកបណ្ដើរយាងទៅបណ្ដើរ ទ្រង់បានជួបនឹងនាងកុមារិកាម្នាក់កំពុងស្ទៃដីខ្សាច់ដោយកូនកញ្ជ្រែង។

នាងកុមារិកានោះ មានដៃម្ខាងឥតមានសូរ ប្លែកតែកងពីរនាដៃម្ខាង​ទៀតនោះ ចេះតែឮសូរក្រឹកៗឥតឈប់។ ព្រះរាជាទ្រង់ជ្រាបហេតុនោះហើយ ក៏ទ្រង់ព្រះចិន្ដាថា “នាងសីវលី ចេះតែតាម​ជាប់ពីក្រោយអាត្មាអញ ធម្មតាស្រ្តីជាមន្ទិលរបស់បព្វជិត អ្នកផងបានឃើញ នឹងរិះគន់ពុំខាន ឯងនាងកុមារិកានេះ អង់អាចឥតខ្លាចនរណា សមជាក្មេងមានប្រាជ្ញា បើដូច្នេះ​អាត្មាអញនឹងសួរកុមារិកានេះឱ្យវាឆ្លើយ អាត្មាអញនឹងបានចម្លើយវា យកមកបណ្ដេញនាងសីវលីទៅវិញ” ទ្រង់ព្រះចិន្ដាដូច្នោះហើយ ក៏ទ្រង់ចូលទៅជិតនាងកុមារិកា ទ្រង់​ព្រះបុច្ឆាថាៈ ម្នាលកុមារិកា តំណូចនាងឯងពិតចាក្មេងនៅដេកឱបម្ដាយនៅឡើយ ហើយនាងមានគ្រឿងប្រដាប់មិនគម្លាតពីខ្លួនជានិច្ច ដៃម្ខាងរបស់នាងលាន់ឮសូរ ដៃម្ខាងទៀតឥតឮសូរសោះ តើព្រោះហេតុអ្វី? នាងកុមារិកាថាៈ បពិត្រសមណៈកងទាំងពីរទង្គិចគ្នាទើបឮសូរ កងមួយនេះឥតកងឯទៀតជាគម្រប់ពីរទើបមិនឮសូរ ដូចអរិយបុគ្គលជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នា រមែងជជែកគ្នាម្នាក់ឯងជជែកនឹងនរណាកើត ព្រះអង្គជាអ្នក​ប្រាថ្នានូវឋានសួគ៌​សូមទ្រង់ពេញ​ព្រះហឫទ័យ​នឹងភាពនៃបុគ្គល​ម្នាក់ឯងចុះ។ ព្រះបរមពោធិសត្វ បែរមកបញ្ជាក់នឹងព្រះនាងសីវលីថាៈ នាងឮទេ នូវពាក្យដែលនាងកុមារិកានិយាយអម្បាញ់មិញ? នាងកុមារិកាដៀល​អាត្មាដូចជាខ្ញុំកញ្ជះវា នេះឯងជាគតិនៃបុគ្គលពីរនាក់! ផ្លូវបែកជាពីរនេះ ត្រូវនាងទៅតាមផ្លូវមួយ អាត្មាទៅតាមផ្លូវមួយ នាងកុំហៅអាត្មាថាស្វាមី ទាំងអាត្មាក៏លែង​ហៅនាងថា បជាបតី ទៀតដែរ។ឮ ព្រះនាងសីវលី​ទ្រាំពុំបាន ក៏ប្រកាន់យកផ្លូវខាងឆ្វេង ទ្រង់ព្រះវិយោគសោកសង្រេងវង្វេងព្រះស្មារតី ក្សត្រីក៏ងាកមកជួប​នឹងព្រះស្វាមី​វិញដដែល។ ព្រះពោធិសត្វទ្រង់យាងចូលទៅក្នុងថូណនគរ ដើម្បីបិណ្ឌបាត បានឃើញជាងព្រួញម្នាក់ កំពុងកំដៅព្រួញលើរងើកភ្លើងលើកឡើងធ្មេចសំងេវផ្នែកម្ខាង សម្លឹងមើល​រំពត់ព្រួញដោយភ្នែកម្ខាង ក៏ទ្រង់ព្រះបុច្ឆាថាៈ ហេតុអ្វីក៏អ្នកធ្មេចភ្នែកម្ខាង សម្លឹងមើលព្រួញវៀច? អ្នកមើលយ៉ាងនេះស្រួលឬ? ជាងព្រូញថា៖ បពិត្រសមណៈ ការមើលដោយ​ភ្នែកទាំងពីរឃើញទីធំទូលាយណាស់ ពុំអាចដឹងជាព្រួញវៀចត្រង់ណាជាប្រាកដទេ, លុះតែធ្មេចភ្នែកម្ខាង សម្លឹងមើលរំពត់វាដោយភ្នែកម្ខាង ទើបដឹងជាព្រួញ​រៀចត្រង់នេះត្រង់នោះ។ បុគ្គលមានគ្នាជាគម្រប់ពីរ រវល់តែជជែកគ្នា រកមាគ៌ាដ៏ត្រង់ពុំឃើញទេ។ ព្រះអង្គជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញ​ព្រះទ័យ​ចំពោះភាពនៃបុគ្គលម្នាក់ឯងចុះ។ ព្រះពោធិសត្វទ្រង់ព្រះសណ្តាប់ពាក្យដូច្នោះ លុះសន្សំមិសកភត្តបានល្មមួយចម្អែត ទើបទ្រង់ចេញ​ទៅធ្វើកត្តកិច្ច​ត្រង់ទីមាន​ទឹកនិងម្លប់​ដ៏សប្បាយ។ ឯព្រះនាងសីវលីនិងយោធាទាំងឡាយក៏ស៊ូតែតាមពុំព្រមត្រឡប់។ លុះដល់ដងព្រៃមួយ ព្រះអង្គដកស្មៅយាប្លង មកក្តិចមួយកំណាត់​ប្រវែងមួយថ្នាំង​សុលបញ្ចេញ​ស្នូលមកខាងក្រៅ ហៅព្រះនាងសីវលីមកខាងក្រៅ ហៅព្រះនាងសីវលីមកបញ្ជាក់ថា “នាងឮឬទេ សំដីដែលជាងពត់ព្រួញនិយាយព្រឹកមិញ, នាងឯងនិងអាត្មា​ត្រូវតែឃ្លាតគ្នា បញ្ចូលគ្នាវិញមិនកើត ដូចជាស្នូលយា ប្លងនេះ, ផ្លូវបែកជាពីរនេះ ចូរនាងប្រកាន់យកផ្លូវមួយ អាត្មាប្រកាន់យកផ្លូវមួយ, ចូរនាងនៅមា្នក់ឯង​ចុះ ដូចស្មៅយាប្លង ដែលអាត្មាដកហើយនេះ” ថាតែប៉ុណ្ណោះ ក៏គេចចូលព្រៃស៊ុម ទ្រុមបំបាត់ព្រះអង្គបាត់ទៅ។ ព្រះនាងសីវលី ពុំអាចទប់ទល់នូវព្រះសំណោក ទ្រង់ព្រះវិយោគសោកា លើកហត្ថាគក់ព្រះឱរា ទ្រង់បរិទេវនាការបម្រះននៀល ត្រាតែសន្លប់បាត់ព្រះស្មារតី។

ពួកនាម៉ឺនសព្វមុខមន្រ្តីភ័យរចល់រវល់តែរកព្រះសុគន្ធវារី មកប្រោះស្រប់ជប់​ចាប់សព្វព្រះអង្គា ទំរាំព្រះនាងទ្រង់ភ្ងារសួររកព្រះភស្តា ក៏ឥតនរណាដឹងថា ព្រះអង្គយាងទៅខាងណាសោះ, អស់ក្តី សង្ឃឹមត្រឹមប៉ុណ្ណោះ។ ព្រះនាងសីវលីរាជពនិតា ទ្រង់ចាត់ការឱ្យសាងចេតីយ៍អនុស្សាវរីយ៍ត្រង់ទីដែលបាត់ ព្រះអង្គ ហើយទ្រង់ធ្វើសក្ការបូជា រួចត្រឡប់មកវិញ។ ចំណែកខាងព្រះពោធិសត្វ ចូលបាត់ទៅក្នុង​ព្រៃហេមពាន្តមិនយូរប៉ុន្មាន ក៏បាននូវ អភិញ្ញានិងសមាបត្តិក្នុងរវាងមួយសប្តាហ៍លែងយាត្រាមកកាន់ផ្លូវមនុស្សសោះ។ ឯព្រះនាងទេវី និងរាជបរិពារទាំងអស់ ចាត់ការកសាងព្រះចេតីយ៍អនុស្សាវរីយ៍ ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងជាងពត់ព្រួញមួយ, ត្រង់កន្លែងដែល​ព្រះអង្គសន្ទនា​ជាមួយនឹងនាង​កុមារិកាស្ទៃដីខ្សាច់មួយ, ត្រង់កន្លែងដែលព្រះអង្គឆាន់សាច់សល់ពីឆ្កែមួយ, ត្រង់កន្លែង ដែលព្រះអង្គសន្ទនាជាមួយនឹងមិគាជិនតាបសមួយ, ត្រង់កន្លែងដែល​ព្រះអង្គសន្ទនាជាមួយនឹងនារទតាបសមួយ, ទ្រង់ធ្វើសក្ការបូជាព្រះចេតិយដោយទៀនធូបភ្ញីផ្កាជាមហោ-ឡារិក ហើយទ្រង់ចាត់​ការរៀបពិធី​អភិសេក​ព្រះទីឃាវុកុមារ ឱ្យសោយរាជ្យតអំពីព្រះបរមរាជបិតា ទើបព្រះនាងទ្រង់ព្រះផ្នួសជាឥសី គង់នៅក្នុងព្រៃអម្ពវ័នរាជឧទ្យាន ញ៉ាំងឈានឱ្យ កើតឡើង, ទ្រង់គង់នៅ​ដរាបដល់​ជីវិតាវសាន បានទៅកើត​ក្នុងព្រហ្មលោក។ ឯព្រះបរមពោធិសត្វឋិតនៅក្នុងព្រៃហេមពាន្តដរាបដល់ជីវិតបរិយោសាន បានទៅឧប្បត្តិក្នុងព្រហ្មលោកនាយហោង។

ព្រះសម្ពុទ្ធបរមសាស្តាចារ្យ ទ្រង់នាំព្រះធម៌ទេសនានេះមកសំដែងហើយ ទ្រង់មានព្រះពុទ្ធដីកាថា “ម្នាល់ភិក្ខុទាំងឡាយ មិនត្រឹមតែក្នុងកាលឥឡូវនេះទេ ពីដើមមក តថាគតចេញ​ទៅកាន់មហាភិនិស្រ្កមណ៍យ៉ាងនេះឯង” ទើបព្រះអង្គទ្រង់ប្រជុំជាតកថាៈ ព្រះឥន្ទក្នុង គ្រានោះ គឺជាភិក្ខុអនុរុទ្ធ ក្នុងកាលឥឡូវនេះ, ព្រាហ្មណ៍ទិសាបាមោក្ខ គឺជាភិក្ខុកស្សប ទេវតារក្សាសមុទ្រ គឺជាភិក្ខុនីឧប្បលវណ្ណា នារទតាបស គឺជាភិក្ខុសារីបុត្រ មិគាជិនតាបសគឺភិក្ខុមោគ្គល្លាន នាងកុមារិកា គឺជាភិក្ខុនីខេមា ជាងព្រួញ​គឺជាអានន្ទ បរិស័ទ​ក្រៅពីនេះ គឺជាពុទ្ធបរិស័ទ នាងសីវលី គឺជាមាតានៃរាហុល ទីឃារុកុមារ គឺជារាហុល ព្រះរាជមាតាបិតា គឺជាមហារាជត្រកូល ឯព្រះនរិន្ទមហាជនក គឺជាអង្គអញ​តថាគត ជាសម្មាសម្ពុទ្ធហ្នឹងឯង ហោង៕

ឯកសារយោង

កែប្រែ

១. ឈឹម ស៊ុម សង្ខេបទសជាតក បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៥៩។