មហានិទានសូត្រ ទី២

[៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ប្រថាប់នៅក្នុងកម្មាសទ្ធម្មនិគម របស់អ្នកកុរុ ក្នុងកុរុជនបទ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបដិច្ចសមុប្បាទនេះ ជ្រៅហួសប្រមាណផង ប្រាកដជាជ្រៅផង ទោះបីមានជម្រៅប៉ុណ្ណោះ ក៏គត់តែប្រាកដដល់ខ្ញុំព្រះអង្គ ថាហាក់ដូចជារាក់ក្រៃពេក។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ បដិច្ចសមុប្បាទនេះជ្រៅផង ប្រាកដជាជ្រៅផង។ ម្នាលអានន្ទ ព្រោះមិនបានត្រាស់ដឹង ព្រោះមិនបានចាក់ធ្លុះនូវធម៌នុ៎ះឯង ទើបពួកសត្វនេះ កើតទៅជាស្មុគស្មាញ ដូចជាតំបាញ (ដែលកណ្តុរកាត់) ដូចជាអម្បោះត្រូវទឹកបាយរបស់ជាងតំបាញ ឬដូចជាសំបុកសត្វស្លាប ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ ដែលជំពាក់គ្នាយ៉ាងនេះ ទើបមិនកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបាន។ ម្នាលអានន្ទ កាលបើមានគេសួរថា ជរានិងមរណៈ កើតមានព្រោះធម៌នេះ មានដែរឬ គប្បីឆ្លើយតបថា មាន។ បើគេសួរទៀតថា ជរានិងមរណៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជរានិងមរណៈ កើតមានព្រោះជាតិជាបច្ច័យ។ ម្នាលអានន្ទ កាលបើមានគេសួរថា ជាតិ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា ជាតិ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា ភព កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា ភព កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា ឧបាទាន កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា ឧបាទាន កើតមាន ព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា តណ្ហា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា តណ្ហា កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា វេទនា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា វេទនា កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា ផស្សៈ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា ផស្សៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ផស្សៈកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា នាមរូប កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា នាមរូប កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអានន្ទ បើមានគេសួរថា វិញ្ញាណ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀតថា វិញ្ញាណ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ វិញ្ញាណកើតមានព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមានព្រោះនាមរូបជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតមានព្រម ដោយប្រការដូច្នេះឯង។ កងទុក្ខទាំងអស់នេះ រមែងកើតឡើងយ៉ាងនេះ។

[៥៨] ពាក្យថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះ ពិតជាតថាគតសំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតត្រូវដឹងតាមទំនងដែលជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើជាតិមិនមានដល់សត្វណាមួយក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង ហើយ គឺថា ជាតិមិនមាន ដល់ពួកទេវតា ដើម្បីភាវៈជាទេវតាក្តី ដល់ពួកគន្ធព្វ ដើម្បីភាវៈជាគន្ធព្វក្តី ដល់ពួកយក្ស ដើម្បីភាវៈជាយក្សក្តី ដល់ពួកភូត ដើម្បីភាវៈជាភូតក្តី ដល់ពួកមនុស្ស ដើម្បីភាវៈជាមនុស្សក្តី ដល់ពួកសត្វជើងបួន ដើម្បីភាវៈជាសត្វជើងបួនក្តី ដល់ពួកសត្វស្លាប ដើម្បីភាវៈជាសត្វស្លាបក្តី ដល់ពួកសត្វលូនវារ ដើម្បីភាវៈជាសត្វលូនវារក្តី។ ម្នាលអានន្ទ ជាតិមិនមានដល់សត្វនោះៗ ដោយប្រការដូច្នេះឯង។ កាលបើជាតិមិនមាន ដោយប្រការទាំងពួង ព្រោះជាតិរលត់ហើយ បើដូច្នេះ តើជរា មរណៈ គប្បីមានប្រាកដដែរឬ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ជាតិនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ នៃជរា មរណៈ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលជាតិកើតមាន ព្រោះភពជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើភពមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺកាមភព១ រូបភព១ អរូបភព១។ កាលបើភពមិនមានដោយប្រការទាំងពួង ព្រោះភពរលត់ហើយ បើដូច្នេះ តើជាតិគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ភពនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃជាតិ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឧបាទានមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺកាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ កាលបើឧបាទានមិនមានដោយប្រការទាំងពួង ព្រោះឧបាទានរលត់ហើយ បើដូច្នេះ តើភពគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឧបាទាននេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃភព។ ពាក្យថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺរូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។ កាលបើតណ្ហាមិនមានដោយប្រការទាំងពួង ព្រោះតណ្ហារលត់ហើយ បើដូច្នេះ តើឧបាទានគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឧបាទាន។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលតណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវេទនាមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង គឺវេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពីឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនាកើតអំពីមនោសម្ផ័ស្ស១។ កាលបើវេទនាមិនមានដោយប្រការទាំងពួង ព្រោះវេទនារលត់ហើយ បើដូច្នេះ តើតណ្ហាគប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង វេទនានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃតណ្ហា។

[៥៩] ម្នាលអានន្ទ តណ្ហាកើតមាន ព្រោះអាស្រ័យវេទនា ការស្វែងរកកើតមាន ព្រោះអាស្រ័យតណ្ហា លាភកើតមាន ព្រោះអាស្រ័យការស្វែងរក វិនិច្ឆ័យ គឺសេចក្តីត្រិះរិះកើតមាន ព្រោះអាស្រ័យលាភ ឆន្ទរាគ គឺសេចក្តីប្រាថ្នានឹងតម្រេកកើតមាន ព្រោះអាស្រ័យវិនិច្ឆ័យ សេចក្តីចូលចិត្តមាំកើតមាន ព្រោះអាស្រ័យឆន្ទរាគ សេចក្តីហួងហែងកើតមាន ព្រោះអាស្រ័យសេចក្តីប្រកាន់មាំ សេចក្តីកំណាញ់កើតមាន ព្រោះអាស្រ័យសេចក្តីហួងហែង ការរក្សាមាំកើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះទាស់ទែងវិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហកកើតមាន ព្រោះអាស្រ័យការរក្សាមាំ គឺថា មានការរក្សាមាំ ជាហេតុ ពាក្យនេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលអកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះទាស់ទែងវិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក រមែងកើតមាន ព្រោះការរក្សាមាំ ជាហេតុនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើការរក្សាមាំមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើមានការរក្សាមាំ មិនមានដោយប្រការទាំងពួង ព្រោះការរក្សាមាំរលត់ហើយ បើដូច្នោះ តើអកុសលធម៌ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះទាស់ទែងវិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក គប្បីកើតមានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ ការរក្សាមាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃកិរិយាកើតមាននៃអកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះទាស់ទែងវិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក។ ពាក្យថា ការរក្សាមាំ កើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលការរក្សាមាំ កើតមានព្រោះអាស្រ័យសេចក្តីកំណាញ់នេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើសេចក្តីកំណាញ់មិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើសេចក្តីកំណាញ់ មិនមានដោយប្រការទាំងពួង ព្រោះសេចក្តីកំណាញ់រលត់ហើយ បើដូច្នោះ តើការរក្សាមាំ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីកំណាញ់នេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការរក្សាមាំ។ ពាក្យថា សេចក្តីកំណាញ់ កើតមាន ព្រោះអាស្រ័យការហួងហែង នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត គួរដឹងតាមទំនង ដែលសេចក្តីកំណាញ់ កើតមានព្រោះអាស្រ័យការហួងហែងនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើការហួងហែងមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួងទេ។ កាលបើការហួងហែង មិនមានដោយប្រការទាំងពួង ព្រោះការហួងហែងរលត់ហើយ បើដូច្នោះ តើសេចក្តីកំណាញ់ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការហួងហែងនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តីកំណាញ់។ ពាក្យថា សេចក្តីហួងហែង កើតមាន ព្រោះអាស្រ័យសេចក្តីប្រកាន់មាំនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលការហួងហែង កើតមានព្រោះអាស្រ័យសេចក្តីប្រកាន់មាំនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើសេចក្តីប្រកាន់មាំមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើសេចក្តីប្រកាន់មាំ មិនមានដោយប្រការទាំងពួង ព្រោះសេចក្តីប្រកាន់មាំរលត់ហើយ បើដូច្នោះ តើការហួងហែង គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីប្រកាន់មាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការហួងហែង។ ពាក្យថា សេចក្តីប្រកាន់មាំ កើតមាន ព្រោះអាស្រ័យឆន្ទរាគ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលសេចក្តីប្រកាន់មាំ កើតមានព្រោះអាស្រ័យឆន្ទរាគនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឆន្ទរាគមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើឆន្ទរាគ មិនមានដោយប្រការទាំងពួង ព្រោះឆន្ទរាគរលត់ហើយ បើដូច្នោះ តើសេចក្តីប្រកាន់មាំ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឆន្ទរាគនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តីប្រកាន់មាំ។ ពាក្យថា ឆន្ទរាគៈ កើតមាន ព្រោះអាស្រ័យការវិនិច្ឆ័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតត្រូវដឹងតាមទំនង ដែលឆន្ទរាគ កើតមានព្រោះអាស្រ័យការវិនិច្ឆ័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើការវិនិច្ឆ័យមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើការវិនិច្ឆ័យ មិនមានដោយប្រការទាំងពួង ព្រោះការវិនិច្ឆ័យរលត់ហើយ បើដូច្នោះ តើឆន្ទរាគ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការវិនិច្ឆ័យនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឆន្ទរាគៈ។ ពាក្យថា ការវិនិច្ឆ័យ កើតមាន ព្រោះអាស្រ័យលាភ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលការវិនិច្ឆ័យ កើតមានព្រោះលាភនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើលាភមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើលាភ មិនមានដោយប្រការទាំងពួង ព្រោះលាភរលត់ហើយ បើដូច្នោះ តើការវិនិច្ឆ័យ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង លាភនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការវិនិច្ឆ័យ។ ពាក្យថា លាភ កើតមាន ព្រោះអាស្រ័យការស្វែងរក នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលលាភ កើតមានព្រោះអាស្រ័យការស្វែងរកនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើការស្វែងរកមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង។ កាលបើការស្វែងរក មិនមានដោយប្រការទាំងពួង ព្រោះការស្វែងរករលត់ហើយ បើដូច្នោះ តើលាភ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការស្វែងរកនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃលាភ។ ពាក្យថា ការស្វែងរក កើតមាន ព្រោះអាស្រ័យតណ្ហា នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលការស្វែងរក កើតមានព្រោះអាស្រ័យតណ្ហានេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង តណ្ហានោះ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ កាលបើតណ្ហា មិនមានដោយប្រការទាំងពួង ព្រោះតណ្ហារលត់ហើយ បើដូច្នោះ តើការស្វែងរក គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការស្វែងរក។

[៦០] ម្នាលអានន្ទ ធម៌២យ៉ាង (វដ្តមូលតណ្ហា១ សមុទាចារតណ្ហា១)នេះ ទុកជាមានចំណែក២ដូច្នោះ មានទីប្រជុំដោយបច្ច័យតែ១ ដោយវេទនាជាបច្ច័យ ដោយប្រការដូច្នេះឯង។ ពាក្យថា វេទនាកើតមានព្រោះផស្សៈជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលវេទនា កើតមានព្រោះផស្សៈជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើផស្សៈមិនមានហើយ ដល់សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង ផស្សៈនោះ គឺចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១។ កាលបើផស្សៈ មិនមានដោយប្រការទាំងពួង ព្រោះផស្សៈរលត់ហើយ បើដូច្នេះ តើវេទនា គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ផស្សៈនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវេទនា។ ពាក្យថា ផស្សៈ កើតមាន ព្រោះនាមរូបជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលផស្សៈ កើតមានព្រោះនាមរូបជាបច្ច័យនេះចុះ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមកាយ កើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេសនោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស គឺមនោសម្ផ័ស្ស គប្បីមានប្រាកដក្នុងរូបកាយ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃរូបកាយ តែងកើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេសនោះ មិនមានហើយ បើដូច្នេះ តើបដិឃសម្ផ័ស្ស គឺ សម្ផ័ស្សដែលកើតឡើង ព្រោះធ្វើរូបក្ខន្ធ ដែលប្រកបដោយសេចក្តីថ្នាំងថ្នាក់ ឲ្យជាទីនៅក្នុងនាមកាយ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមកាយ និងរូបកាយ តែងមានដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេសនោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស ឬបដិឃសម្ផ័ស្ស គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមរូប តែងមានដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេសនោះ មិនមានហើយ បើដូច្នេះ តើផស្សៈ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង នាមរូបនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃផស្សៈ។ ពាក្យថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយអាការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលនាមរូបកើតមាន ព្រោះវិញ្ញាណ ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវិញ្ញាណនឹងមិនចុះស៊ប់ គឺមិនប្រព្រឹត្តទៅដោយអំណាចនៃបដិសន្ធិ ក្នុងផ្ទៃនៃមាតាហើយ បើដូច្នេះ តើនាមរូប នឹងដាច់សូន្យទៅក្នុងផ្ទៃនៃមាតាបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណចុះចាប់បដិសន្ធិក្នុងផ្ទៃនៃមាតា ហើយរលត់ទៅវិញ នាមរូបនឹងកើតចំពោះក្នុងភាវៈនៃបញ្ចក្ខន្ធ ដែលបរិបូណ៌នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណរបស់មនុស្សក្មេង គឺក្មេងប្រុស ឬក្មេងស្រីរលត់ទៅដោយអំណាចចុតិ នាមរូបនឹងដល់នូវសេចក្តីចំរើន ដុសដាលធំធាត់ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ វិញ្ញាណនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃនាមរូប។ ពាក្យថា វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតគួរដឹងតាមទំនង ដែលវិញ្ញាណកើតមាន ព្រោះនាមរូប ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ ចុះបើវិញ្ញាណមិនបានទីដំកល់ក្នុងនាមរូបហើយ កិរិយាកើតឡើងនៃគំនររបស់ទុក្ខ គឺជាតិ ជរា និងមរណៈ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នាមរូបនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវិញ្ញាណ។ ម្នាលអានន្ទ នាមរូប គប្បីកើតចាស់ស្លាប់ ឬច្យុត ឬចាប់បដិសន្ធិ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ គន្លងនៃឈ្មោះក្តី គន្លងនៃភាសាក្តី គន្លងនៃបញ្ញត្តិក្តី ហេតុដែលគួរដឹងដោយបញ្ញត្តិក្តី វដ្តៈក្តី រមែងប្រព្រឹត្តទៅ ដោយហេតុមានប្រមាណប៉ុណ្ណេះៗឯង។ ខន្ធបញ្ចកៈ រមែងប្រាកដដោយការបញ្ញត្តិនូវឈ្មោះ (មានវេទនា និងសញ្ញាជាដើម) នាមរូបនេះ រមែងប្រព្រឹត្តទៅជាមួយនឹងវិញ្ញាណ។

[៦១] ម្នាលអានន្ទ ចុះបុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តដោយហេតុមានប៉ុន្មានប្រការ។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញមានរូប នឹងមានប្រមាណតិច ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមានរូប និងមិនមានទីបំផុត ក៏មាន។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញមិនមានរូប និងមានប្រមាណតិច ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមិនមានរូប និងមិនមានទីបំផុត ក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវនេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរឲ្យជាសភាវៈដែលពិតទៅវិញក្តី ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា មានបរិត្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមានប្រមាណតិច) ដេកនៅមិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤នោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវនេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិតថា អាត្មាអញនឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា មានអនន្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមិនមានទីបំផុត) ដេកនៅមិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវនេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានបរិត្តត្តានុទិដ្ឋិ ដេកនៅមិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវនេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានអនន្តត្តានុទិដ្ឋិ ដេកនៅមិនដាច់។ ម្នាលអានន្ទ បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៦២] ម្នាលអានន្ទ ចុះបុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តដោយហេតុមានប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មិនមានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មិនមានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវនេះក្តី បុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវនេះក្តី ឬបុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវនេះក្តី ឬបុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវនេះក្តី ឬបុគ្គលនោះ កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរឲ្យជាសភាវៈពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៦៣] ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណាដោយហេតុមានប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណាខ្លួន ដែលមានវេទនាថា វេទនាជាខ្លួនរបស់អញក៏មាន ថា វេទនាមិនមែនជាខ្លួនរបស់អញ ព្រោះថា ខ្លួនរបស់អញមិនបានទទួលអារម្មណ៍ក៏មាន។ ថាវេទនា មិនមែនជាខ្លួនរបស់អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ ខ្លួនរបស់អញ តែងទទួលវេទនា វេទនាធម៌ជាខ្លួនរបស់អញពិតក៏មាន ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណាដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណាពោលយ៉ាងនេះថា វេទនាជាខ្លួនរបស់បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ វេទនានេះមាន៣យ៉ាង គឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ បណ្តាវេទនាទាំង៣នេះ អ្នកពិចារណាឃើញច្បាស់នូវវេទនាណាថាជាខ្លួន។ ម្នាលអានន្ទ សម័យណា បុគ្គលទទួលសុខវេទនា សម័យនោះ មិនទទួលទុក្ខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួលតែសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលទុក្ខវេទនា សម័យនោះ មិនទទួលសុខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួលតែទុក្ខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលអទុក្ខមសុខវេទនា សម័យនោះ មិនទទួលសុខវេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ រមែងទទួលតែអទុក្ខមសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សុខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាសទៅ សាបរលាបទៅ រលត់ទៅជាធម្មតា។ ម្នាលអានន្ទ ទុក្ខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាសទៅ សាបរលាបទៅ រលត់ទៅជាធម្មតា។ ម្នាលអានន្ទ អទុក្ខមសុខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែងកើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាសទៅ សាបរលាបទៅ រលត់ទៅជាធម្មតា។ កាលបុគ្គលនោះ ទទួលសុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើសុខវេទនានោះ រលត់ទៅហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់ទៅហើយ។ កាលបុគ្គលនោះ ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើទុក្ខវេទនានោះ រលត់ទៅហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់ទៅហើយ។ កាលបុគ្គលនោះ ទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើអទុក្ខមសុខវេទនានោះ រលត់ទៅហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់ទៅហើយ។ បុគ្គលណា ពោលយ៉ាងនេះថា វេទនាជាខ្លួនរបស់អញ បុគ្គលនោះ កាលពិចារណានូវខ្លួន តែងពិចារណាខ្លួនដែលមិនទៀង លាយច្រឡំដោយសុខ និងទុក្ខ មានកិរិយាកើតឡើង និងវិនាសទៅជាធម្មតា ក្នុងបច្ចុប្បន្ន ដូចសេចក្តីដែលបានសំដែងមកនេះឯង។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុងលោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនាជាខ្លួនរបស់អញ ដោយឧបាយនេះឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោលយ៉ាងនេះថា វេទនាមិនមែនជាខ្លួនរបស់អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ ការទទួលអារម្មណ៍ ដោយប្រការទាំងពួង រមែងមានក្នុងសុទ្ធរូបក្ខន្ធ ណា សេចក្តីដឹងខ្លួនថា អាត្មាអញមាន គប្បីមានក្នុងសុទ្ធរូបក្ខន្ធនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុងលោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនាមិនមែនជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនទទួលអារម្មណ៍ ដោយឧបាយនេះឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោលយ៉ាងនេះថា វេទនាមិនមែនជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ទេ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួនរបស់អញ។ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ វេទនាទាំងឡាយ គប្បីរលត់មិនសេសសល់ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង កាលបើវេទនាមិនមាន ដោយប្រការទាំងពួង ព្រោះវេទនារលត់ហើយ សេចក្តីដឹងខ្លួនថា អាត្មាអញ មាន ដូច្នេះ គប្បីមានក្នុងរូបក្ខន្ធនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុងលោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនាមិនមែនជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ទេ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួនរបស់អញពិត ដោយឧបាយនេះឡើយ។

[៦៤] ម្នាលអានន្ទ កាលបើភិក្ខុមិនបានពិចារណានូវវេទនាថាជាខ្លួន ក៏មិនបានពិចារណានូវខ្លួនថា មិនបានទទួលអារម្មណ៍ ក៏មិនបានពិចារណាថា ខ្លួនទទួលវេទនា វេទនាធម៌ជាខ្លួនរបស់អញ ដូច្នេះឡើយ។ ភិក្ខុនោះ កាលពិចារណាយ៉ាងនេះ រមែងមិនប្រកាន់នូវធម្មជាតនីមួយ ក្នុងលោក (មានខន្ធលោកជាដើម) កាលបើមិនប្រកាន់ហើយ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងបរិនិព្វានចំពោះខ្លួនឯង តែងដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអានន្ទ ភិក្ខុដែលរួចស្រឡះ (ចាកអាសវៈ) យ៉ាងនេះហើយ បើបុគ្គលណា និយាយយ៉ាងនេះថា ទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតទៀត ពាក្យនោះរបស់បុគ្គលនោះ មិនគួរទេ។ ថាទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងមិនកើតទៀត ពាក្យនោះ របស់បុគ្គលនោះមិនគួរទេ។ ថាទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងកើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនោះ របស់បុគ្គលនោះក៏មិនគួរ។ ថាទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនោះ របស់បុគ្គលនោះក៏មិនគួរ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ ម្នាលអានន្ទ ឈ្មោះ និងគន្លងនៃឈ្មោះក្តី ភាសា និងគន្លងនៃភាសាក្តី បញ្ញត្តិនិងគន្លងនៃបញ្ញត្តិក្តី បញ្ញានិងខន្ធបញ្ចកៈ ដែលគួរដឹងដោយបញ្ញាក្តី វដ្តៈក្តី តែងប្រព្រឹត្តទៅ ដោយកំណត់ត្រឹមណាៗ វដ្តៈ ក៏ប្រព្រឹត្តទៅ ដោយកំណត់ត្រឹមណោះៗដែរ ភិក្ខុរួចស្រឡះហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះ បើបុគ្គលណា ពោលនូវភិក្ខុដែលរួចស្រឡះហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះថា ភិក្ខុនោះ មិនដឹង មិនឃើញ ទិដ្ឋិរបស់ភិក្ខុនោះដូច្នេះ ពាក្យនោះរបស់បុគ្គលនោះមិនគួរទេ។

[៦៥] ម្នាលអានន្ទ វិញ្ញាណដ្ឋិតិ (ទីដំកល់នៃវិញ្ញាណ) នេះមាន៧ អាយតនៈមាន២។ វិញ្ញាណដ្ឋិតិទាំង៧នោះ តើដូចម្តេច។ ម្នាលអានន្ទ ពួកសត្វដែលមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងសត្វវិនិបាតិកៈ ពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអានន្ទ ពួកសត្វដែលមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាដែលរាប់បញ្ចូលក្នុងពួកព្រហ្ម ដែលកើតដោយបឋមជ្ឈាន និងពួកសត្វដែលកើតក្នុងអបាយភូមិទាំង៤ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអានន្ទ ពួកសត្វដែលមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ដែលនៅក្នុងអាភស្សរភព នេះជាវិញ្ញាណដ្ឋិតិ៣។ ម្នាលអានន្ទ ពួកសត្វដែលមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាដែលនៅក្នុងសុភកិណ្ហភព នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអានន្ទ ពួកសត្វដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា និងមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អាកាសមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអានន្ទ ពួកសត្វដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៦។ ម្នាលអានន្ទ ពួកសត្វដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៧។ ឯអាយតនៈទាំងពីរ គឺអសញ្ញិសត្តាយតនៈ (ជាទី១) នេវសញ្ញានាសញ្ញាយតនៈជាទី២។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី១ណា ដែលថាពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងសត្វវិនិបាតិកៈពួកខ្លះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវសេចក្តីរលត់នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវអានិសង្សនៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវទោសនៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវកិរិយារលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុនោះ គួរត្រេកអរនឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។បេ។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី៧ណា ដែលថា ពួកសត្វកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមានដូច្នេះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវសេចក្តីរលត់នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវអានិសង្សនៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវទោសនៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវកិរិយារលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុនោះ គួរត្រេកអរនឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ អសញ្ញិសត្តាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តីរលត់នៃអាយតនៈនោះផង ដឹងច្បាស់នូវអានិសង្សនៃអាយតនៈនោះផង ដឹងច្បាស់នូវទោសនៃអាយតនៈនោះផង ដឹងច្បាស់នូវកិរិយារលាស់ចោលនូវអាយតនៈនោះផង ភិក្ខុនោះ គួរត្រេកអរនឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ នេវសញ្ញានាសញ្ញាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តីរលត់នៃអាយតនៈនោះផង ដឹងច្បាស់នូវអានិសង្សនៃអាយតនៈនោះផង ដឹងច្បាស់នូវទោសនៃអាយតនៈនោះផង ដឹងច្បាស់នូវកិរិយារលាស់ចោលនូវអាយតនៈនោះផង ភិក្ខុនោះ គួរត្រេកអរនឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ។ ម្នាលអានន្ទ កាលណាបើភិក្ខុដឹងច្បាស់នូវហេតុជាទីកើតផង នូវសេចក្តីរលត់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នូវវិញ្ញាណដ្ឋិតិទាំង៧ និងអាយតនៈទាំង២នេះ តាមសេចក្តីពិតមែន ឈ្មោះថា រួចស្រឡះ ព្រោះមិនប្រកាន់ ម្នាលអានន្ទ ភិក្ខុនេះឯង តថាគតហៅថា បញ្ញាវិមុត្តបុគ្គល។

[៦៦] ម្នាលអានន្ទ វិមោក្ខនេះមាន៨យ៉ាង។ វិមោក្ខទាំង៨នោះ តើដូចម្តេច។ គឺបុគ្គលមានរូបជ្ឈាន តែងឃើញរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់ក្នុងរូបខាងក្នុង មានសក់ជាដើមរបស់ខ្លួន តែងឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា ទាំងមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៤។ បុគ្គលដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខទី៨។ ម្នាលអានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។ ម្នាលអានន្ទ កាលណាបើភិក្ខុចូលកាន់វិមោក្ខទាំង៨នេះ ជាអនុលោមខ្លះ បដិលោមខ្លះ ទាំងអនុលោម បដិលោមខ្លះ ចូលបាន ចេញបាន តាមសេចក្តីប្រាថ្នា ក្នុងឱកាសណា តាមសេចក្តីប្រាថ្នានូវសមាបត្តិណា តាមសេចក្តីប្រាថ្នានូវកំណត់ប៉ុន្មាន ក៏រមែងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអានន្ទ ភិក្ខុនេះ តថាគតហៅថា ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួច ដោយចំណែកពីរ ។ ម្នាលអានន្ទ ឧភតោភាគវិមុត្តិ ដទៃ ដែលលើសលុបជាង ឬថ្លៃថ្លាជាង ឧភតោភាគវិមុត្តិ នេះ មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ព្រះអានន្ទមានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិត របស់ព្រះមានព្រះភាគជាម្ចាស់។

ចប់ មហានិទានសូត្រ ទី២។

(ព្រះត្រៃបិដក ភាគ ១៦ ទំព័រ​ទី ១១៧ ដល់​​ទំព័រ​ទី ១៥៣ សុត្តន្តនិកាយ ទីឃនិកាយ មហាវគ្គ មហានិទានសូត្រ ទី ២ (DN 15 Maha-nidana Sutta: The Great Causes Discourse )

ឯកសារ​យោង

កែប្រែ
  1. ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ