មហាលិសូត្រ កែប្រែ

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី ។ សម័យនោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ចូលទៅអាស្រ័យនៅក្នុងក្រុងវេសាលី ដោយករណីយកិច្ចណានីមួយ ។ ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈនោះ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ឥឡូវ មកគង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចម្រើននោះ ពីរោះឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ (ជាព្រះអរហន្ត) ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះមានព្រះភាគនោះ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក និងមារលោក ។បេ។ ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង (ជាការប្រពៃពេក) ។ គ្រានោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ក៏បានចូលសំដៅទៅកាន់កូដាគារសាលា ព្រៃមហាវ័ន ។

[៤២] សម័យនោះឯង ព្រះនាគិតត្ថេរមានអាយុ ជាឧបដ្ឋាកព្រះមានព្រះភាគ ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ចូលសំដៅទៅរកកន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ទើបពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតៈដ៏ចម្រើន ឥឡូវនេះ ព្រះគោតមដ៏ចម្រើននោះ ព្រះអង្គគង់នៅទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះគោតមដ៏ចម្រើននោះ ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលអ្នកមានអាយុទាំងឡាយ កាលនេះ មិនមែនជាកាលគួរ នឹងទៅគាល់ព្រះមានព្រះភាគទេ (ព្រោះ) ព្រះមានព្រះភាគ កំពុងសម្រាកព្រះអង្គ ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈនោះ អង្គុយនៅក្នុងទីសមគួរ ក្បែរកន្លែងនោះ ហើយប្រឹក្សាគ្នាថា យើងទាំងឡាយ ចាំគាល់ព្រះគោតមដ៏ចម្រើននោះឲ្យបាន ហើយសឹមទៅ ។

[៤៣] ឯក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី [អដ្ឋកថា ថា បានជាមាននាមដូច្នេះ ព្រោះជាអ្នកតាំងនៅក្នុងដំណែងដ៏ស្តុកស្តម្ភ ។] បានចូលសំដៅទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវីឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតត្ថេរៈដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលមហាលិ កាលនេះ មិនមែនជាកាលគួរនឹងគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្រាកព្រះអង្គ ។ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏គង់នៅក្នុងទីសមគួរ [អដ្ឋកថា ថា គង់ក្រោមម្លប់ឈើដ៏ស្រួល ហើយពោលសរសើគុណព្រះរតនត្រ័យ ជាមួយនឹងលិច្ឆវិបរិសទ្យ ។] ក្បែរកន្លែងនោះ ហើយគិតថា អញចាំគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន ហើយសឹមទៅ ។

[៤៤] គ្រានោះ សមណុទ្ទេសឈ្មោះសីហៈ ចូលសំដៅត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះសីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះកស្សប [ហៅតាមគោត្តនាមរបស់ព្រះនាគិតត្ថេរ] ដ៏ចម្រើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈជាច្រើនទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ ព្រះមានព្រះភាគ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះកស្សបដ៏ចម្រើន សូមឲ្យប្រជុំជនទាំងនោះ បានគាល់ព្រះមានព្រះភាគផង ។ ព្រះនាគិតត្ថេរពោលថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាបបង្គំទូលព្រះមានព្រះភាគខ្លួនឯងចុះ ។ សីហសមណុទ្ទេស ទទួលពាក្យព្រះនាគិតត្ថេរមានអាយុថា យ៉ាងហ្នឹងហើយ ព្រះករុណាដ៏ចម្រើន ហើយចូលសំដៅទៅត្រង់កន្លែង ដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះសីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ព្រះមានព្រះភាគ ទាំងក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះអង្គដ៏ចម្រើន សូមឲ្យប្រជុំជននេះ បានគាល់ព្រះមានព្រះភាគផង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារចុះ ។ សីហសមណុទ្ទេស ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារ ។ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ (ទៅ) គង់លើអាសនៈ ដែលគេក្រាល ត្រង់ម្លប់ខាងមុខវិហារ ។ លំដាប់នោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈទាំងនោះ ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។

[៤៥] ចំណែកខាងឱដ្ឋទ្ធលិច្ឆវី ព្រមទាំងលិច្ឆវិបរិសទ្យជាច្រើន ក៏ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី គង់ស៊ប់ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលថ្ងៃមុនៗ សុនក្ខត្តលិច្ឆវិបុត្ត ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ បានពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាលមហាលិ ខ្ញុំចូលទៅនៅអាស្រ័យនឹងព្រះមានព្រះភាគ រាប់តាំងពីថ្ងៃខាងដើមមក មិនយូរប៉ុន្មាន បានត្រឹមតែ៣ឆ្នាំ ខ្ញុំបានឃើញរូបទិព្វទាំងឡាយ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ទាស់តែស្តាប់សំឡេងទិព្វ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមិនឮ បពិត្រព្រះអង្គដ៏ចម្រើន សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ ឬក៏សំឡេងទាំងនោះ ពុំមានទេ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ សំឡេងទិព្វ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្ត ស្តាប់មិនឮ មិនមែនជាគ្មានទេ ។ មហាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមានពិតមែន មិនមែនជាពុំមានទេ ចុះអ្វីជាហេតុ អ្វីជាបច្ច័យហ្ន៎ បានជាសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ ។

[៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ បានចម្រើនសមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនក្នុងទិសបូព៌ ដើម្បីឃើញរូបដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែងឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន តែថា មិនឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនហើយមួយចំណែក ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ ។

[៤៧] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនដោយចំណែកមួយ ក្នុងទិសទក្សិណ ។បេ។ ក្នុងទិសបស្ចិម ។បេ។ ក្នុងទិសឧត្តរ ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែមិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មិនមែនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នោះ) ភិក្ខុនោះ រមែងឃើញរូបដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបាន តែមិនឮសំឡេងដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ ។

[៤៨] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចម្រើនសមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល សមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុបានចម្រើនមួយចំណែក ក្នុងទិសបូព៌ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែងឮសំឡេងដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន ទាស់តែមើលរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមិនឃើញ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនមួយចំណែក ក្នុងទិសបូព៌ ដើម្បីស្តាប់សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ ។

[៤៩] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនចំណែកមួយ ក្នុងទិសទក្សិណ ។បេ។ ក្នុងទិសបស្ចិម ។បេ។ ក្នុងទិសឧត្តរ ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល សមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីស្តាប់សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដូច្នោះ បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ ភិក្ខុនោះ រមែងឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់បាន តែមិនឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានបំពេញមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន ។

[៥០] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចម្រើនសមាធិទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វផង ។បេ។ ដើម្បីឮសំឡេងទិព្វផង ។បេ។ ភិក្ខុនោះ រមែងឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង រមែងឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ក្នុងទិសបូព៌ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែសមាធិ ដែលភិក្ខុនោះ បានចម្រើនទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វផង ។បេ។ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ។

[៥១] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា សមាធិ ដែលភិក្ខុបានចម្រើនទាំងពីរចំណែក ក្នុងទិសទក្សិណ ។បេ។ ក្នុងទិសបស្ចិម ។បេ។ ក្នុងទិសឧត្តរ ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល និងដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនទាំង២ចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង (ដូច្នោះ) បានជាភិក្ខុនោះ ឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានផង ទាំងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែភិក្ខុ បានចម្រើនសមាធិ ទាំង២ចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង (នោះឯង) ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ ដែលសុនក្ខត្តលិច្ឆវិបុត្ត មិនបានឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដែលមានពិត មិនមែនជាមិនមាន (នោះ)ទេ ។

[៥២] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ គ្រាន់តែជាហេតុធ្វើឲ្យច្បាស់នូវសមាធិភាវនាប៉ុណ្ណោះទេឬ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមហាលិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត មិនមែនគ្រាន់តែជាហេតុធ្វើឲ្យច្បាស់ នូវសមាធិភាវនាប៉ុណ្ណោះទេ ម្នាលមហាលិ នៅមានធម៌ដទៃទៀត ដែលលើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌ដែលលើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ (អាច) ធ្វើឲ្យជាក់ច្បាស់បាន តើដូចម្តេច ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិនមានកិរិយាធ្លាក់ទៅក្នុងអបាយទាំង ៤ ជាធម្មតា គឺលែងទៅកាន់អបាយ ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹងទៅខាងមុខ ព្រោះកិរិយាអស់ទៅនៃសំយោជនៈ ៣ ម្នាលមហាលិ ធម៌នេះឯង ដែលឈ្មោះថា លើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៣] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាសកទាគាមិបុគ្គល មកកាន់លោកនេះត្រឹមតែម្តងទៀត ក៏ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈ ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៤] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាឧបបាតិកៈកំណើត ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងអាយ ៥ ហើយបរិនិព្វានក្នុងភពនោះ មានកិរិយាមិនត្រឡប់មក អំពីលោកនោះវិញធម្មតា ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៥] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ហើយដល់ស៊ប់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងអត្តភាពនេះឯង ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ម្នាលមហាលិ ធម៌ទាំងនេះហើយ ដែលឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៦] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចុះមគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើមានដែរឬទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ មគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ មានជាប្រាកដ ។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើនចុះ មគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើដូចម្តេចខ្លះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា មគ្គប្រកបដោយអង្គ ៨ ជាផ្លូវដ៏ប្រសើរនេះឯង គឺសេចក្តីឃើញត្រូវ១ ត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ រលឹកត្រូវ១ តម្កល់ចិត្តត្រូវ១ ម្នាលមហាលិ នេះឯងឈ្មោះថា មគ្គ នេះឯងឈ្មោះថា បដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងឡាយនុ៎ះ ។

[៥៧] ម្នាលមហាលិ សម័យមួយ តថាគតនៅក្នុងឃោសិតារាម ទៀបនគរកោសម្ពី ។ គ្រានោះ មានបព្វជិតពីររូប គឺមណ្ឌិយបរិព្វាជក១ ជាលិយ ជាអន្តេវាសិកនៃទារុបត្តិកបរិព្វាជក [អដ្ឋកថា ថា ឧបជ្ឈាយ៍របស់ជាលិយៈនោះ តែងត្រាច់ទៅបិណ្ឌបាតដោយបាត្រឈើ បានជាហៅថា ទារុបត្តិកៈ ។]១ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះបព្វជិតទាំង២រូបនោះ ឈរនៅក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតដូច្នេះថា អាវុសោគោតម ជីវៈនោះ ក៏គឺសរីរៈនោះឬ ៗជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ តថាគតប្រាប់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយចាំស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ។ ម្នាលអាវុសោ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហំ សម្មាសម្ពុទ្ធ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះ ។បេ។ បានដល់នូវបឋមជ្ឈាន ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីររូប ប្រាប់តថាគតថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ដឹងហេតុនេះយ៉ាងនេះ ឃើញហេតុនេះយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន ។ នូវតតិយជ្ឈាន ។ នូវចតុត្ថជ្ឈាន ។ ម្នាលអាវុសោ បើភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ក៏ដឹងយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ភិក្ខុតម្រង់ ផ្ចង់បង្អោនចិត្ត ទៅដើម្បីញាណទស្សនៈ ។ ម្នាលអាវុសោ ភិក្ខុណា ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៀត មិនមានទេ ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ (លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ) តថាគតប្រាប់ថា ម្នាលអាវុសោ តថាគត ដឹងហេតុនោះយ៉ាងនេះ ឃើញហេតុនោះយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ (ចប់ហើយ) ។ ឱដ្ឋទ្ធលិច្ឆវី ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភាគ ។

ចប់ មហាលិសូត្រ ទី៦ ។

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > សីលក្ខន្ធវគ្គ > មហាលិសូត្រ (សៀវភៅ​ភាគ១៥ ទំព័រទី ៥៧)

พระไตรปิฎก เล่มที่ ๙ > พระสุตตันตปิฎก เล่มที่ ๑ > ทีฆนิกาย > สีลขันธวรรค​ > มหาลิสูตร

Mahali Sutta: To Mahali​ (SN 22.60)