ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍ ខែតុលា២០០៩

ហួយ មាស
ជីវប្រវត្តិសង្ខេប
ហួយ​ មាស​ 1960
នាម​ពេញ
ហួយ​ មាស
រហស្សនាម មាស មេត្រី
អាជីព អ្នកផ្សាយវិទ្យុជាតិ ផ្នែបវប្បធម៌​ ល្ខោន និងចម្រៀង
ថ្ងៃខែឆ្នាំកំណើត ៦ មករា ឆ្នាំ ១៩៤៦
ស្រុកកំណើត ឃុំស្វាយប៉ោ ស្រុកសង្កែ ខែត្របាត់ដំបង
ស្វាមី ១ អ៊ុំ សុផានុរក្ស

២ វណ្ណលី កេសរោ​

បុត្រ អ៊ំសោមាវតី វណ្ណលីដាលី និងវណ្ណលីដូដូ
ឪពុក ហួយ យ៉ុត
ម្តាយ ប៊ុត ជិន
រូបភាពផ្សេងៗ
Houy Meas and Khmer Author Keo Chanbo

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីហួយមាស (រហស្សនាម មាស មេត្រី )

កែប្រែ

ប្រវត្តិកុមារភាព

កែប្រែ

មាស មេត្រី ជារហស្សនាម​និងជាគោរមងារ ប្រចាំវិទ្យុជាតិកម្ពុជា របស់អ្នកស្រី ហួយ មាស ដែលបានទទួលនៅឆ្នាំ ១៩៦៩។

អ្នកស្រីហួយមាស មានកំណើតនៅថ្ងៃចន្ទ្រ ខែបុស្ស ឆ្នាំរកា ត្រូវនឹងថ្ងៃទី៦ខែមករា១៩៤៦ ( អ្នកស្រីមានវ័យចាស់ជាង អ្នកស្រីរស់ សេរីសុទ្ធាចំនួន១០ខែ តែអ្នកស្រីបានប្រឡងជាប់ចូលរៀនអនុវិទ្យាល័យមុនអ្នកស្រីរស់ សេរីសុទ្ធាដល់ទៅពីរឆ្នាំ )នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។​ ឪពុករបស់អ្នកស្រីឈ្មោះ ហួយយ៉ុត មុខរបរជាបុគ្គលិកស្ថានីយអយស្ម័យយានបាត់ដំបង និងម្តាយឈ្មោះ​ ប៊ុតជិន ជាមេផ្ទះ។ អ្នកស្រីហួយមាស​ជាកូនស្រីពៅនៃបណ្ដាកូនទាំងបី​។ បងប្រុសទីមួយឈ្មោះ ហួយ ស៊ីយឿន និងបងប្រុសទីពីរ ហួយ ស័យោ បច្ចុប្បន្នមុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សា គោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​ ចំណែកសាច់ញាតិដទៃទៀតបានធ្វើមរណកាលយូរទៅហើយ។

កាលនៅកុមារី អ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សា សោហឺ ក្រុងបាត់ដំបង ហើយបានប្រឡងជាប់ចូលអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ១៩៦០។​ អ្នកស្រីបានចូលរៀននៅទីនោះជំនាន់ជាមួយគ្នានឹងអ្នកស្រីប៉ែនរ៉នដែរ ប៉ុន្តែជំនាន់ក្រោយលោកអ៊ឹម សុងសឺម ចំនួនមួយឆ្នាំ។ អ្នកស្រីហួយមាសបានសិក្សានៅអនុវិទ្យាល័យចំនួនបួនឆ្នាំ។ លុះប្រឡងឌីប្លូមធ្លាក់នៅឆ្នាំ១៩៦៥ ក៏សម្រេចចិត្តឈប់រៀន ដើម្បីប្រកបរបរចិញ្ចឹមជីវិតវិញ។

តាមរយៈប្រវត្តិក្រុមគ្រួសារលោកហួយយ៉ុត ពុំដែលមាននរណាម្នាក់មាននិស្ស័យខាងសិល្បៈ ចម្រៀងតូរ្យតន្រ្តីឡើយ។​ ស្រាប់តែ កុមារីហួយមាសបែរជាមាននិស្ស័យខុសពីគេស្រឡះតែម្តង។​ កាលនៅតូច យុវតីហួយមាសចូលចិត្តសូត្រធម៌ សូត្រកំណាព្យ ចួនស្ម័គ្រចិត្តឡើងកាន់ឧគ្ឃោសនស័ព្ទសូត្រកំណាព្យក្នុងពិធីបុណ្យផ្សេងៗ​នៅក្នុងសាលា។ ចួនកាលទៀត យុវតីកាន់សៀវភៅធម៌ សៀវភៅរឿងព្រេងខ្មែរ ស្រីហិតោបទេសជាដើម យកមកអានក្នុងពេលបុណ្យ ជូនចាស់ៗ ដែលមិនចេះអក្សរស្តាប់។ កុមារីជាក្មេងឧស្សាហ៍ ហើយមានចិត្តណាស់ ភាគច្រើនៗមកស្ម័គ្រចិត្តសុំខ្លួនសូត្រកំណាព្យឬអានសៀវភៅធម៌ជូនចាស់ៗស្តាប់ ដោយមិនបាច់មានគេមកស្ដីឬហៅប្រើឡើយ។​ កាលនោះ កុមារីហួយមាស​បានទទួលរហស្សនាម​ថា រាជធិតាវោហារមាស។

កាលជំនាន់នោះ លោកឪពុករបស់ខ្ញុំ ដែលជាសាស្រាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ (វិទ្យាល័យអ៊ាបឃុត ជាសាលាយុវជន និង វិទ្យាល័យនេតយ៉ង់ ជាវិទ្យាល័យនារី សង់ទល់មុខគ្នា ម្ខាងផ្លូវម្នាក់) មានបើកថ្នាក់រៀន នៅផ្ទះរបស់លោកផ្ទាល់​ នៅពេលល្ងាច ក្រោយម៉ោងសាលា និងថ្ងៃឈប់សម្រាកជាចំហ សម្រាប់សិស្សអនុវិទ្យាល័យ មកចូលរៀន ដោយបង់កម្រៃសាលា​​។ ចំពោះសិស្សក្រីក្រ រស់នៅតាមវត្តវ៉ា ឬមកពីស្រុកស្រែចម្ការក្រៅក្រុង អាចចូលរៀនបន្ថែមវិជ្ជាជាមួយលោកបានដោយមិនបាច់បង់ប្រាក់ឡើយ។ កាលនោះ​ សិស្សដែលមករៀនមានច្រើនថ្នាក់ច្រើនកម្រិតវិជ្ជាផ្សេងគ្នាចែកគ្នាតាមថ្ងៃក្នុងមួយខែមានសិស្សពី៣០០ទៅ៤០០នាក់ដែលមករៀន ទៀងទាត់។ សិស្សជំនិតរបស់លោកឪពុកខ្ញុំ គឺជាសិស្សមួយក្រុម ដែលមានគំនិតចាស់ទុំជាងគេ​​ (មានរួមបពា្ចូលទាំង អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន​ និងលោកអ៊ឹម សុងសឺម)ដែលមករៀន ថ្នាក់ភាសាបារាំងផង ថ្នាក់គណិតសាស្រ្តផង ដើម្បីត្រៀមប្រឡងឌីប្លូម។ មានឧិកាសខ្លះ ខ្ញុំឃើញលោកឪពុករបស់ខ្ញុំ នាំសិស្សទាំងនោះ ហាត់ច្រៀងចម្រៀងខ្មែរ​​ ដោយមានលោក ជាអ្នកផ្ទាត់ម៉ង់ដូលីន។ ចួនកាល លោកទះស្គរដៃជាចង្វាក់ឱ្យសិស្សច្រៀងតាម។ មានពេលខ្លះ លោកនាំសិស្សសិក្សា ខាងវិន័យសុជីវធម៌ខ្មែរ។ បណ្ដាសិស្សថ្នាក់ពិសេសនោះ មានតែយុវតីហួយមាសទេ ដែលអណ្តែតលេចធ្លោជាងគេ ខាងកាន់វិន័យខ្ជាប់ខ្ជួន​ មានសណ្តាប់ធ្នាប់ល្អ ថែមទាំងមានថ្វីមាត់ ខាងសូត្រធម៌ និង​សូត្រកំណាព្យ យ៉ាងស្ទាត់ទៀតផង។

ដើមហេតុនៃការចូលប្រឡូកវិស័យបទចម្រៀង

កែប្រែ

នៅដើមឆ្នាំ១៩៦៥​ ពេលអ្នកស្រីរៀននៅឆ្នាំទីបួនក្នុងអនុវិទ្យាល័យដែលជាថ្នាក់ត្រៀមប្រឡងឌីប្លូម លោកឪពុករបស់ខ្ញុំត្រូវគេអញ្ជើញ ឱ្យទៅចូលរួមជាគណៈកម្មការវេទិការៀបចំពិធីបុណ្យសមាជជាតិនៅវាលមេរុបាត់ដំបង។ ពេលនោះ លោកឪពុករបស់ខ្ញុំ បានស្នើសុំយកយុវតីហួយមាសទៅជួយកិច្ចការរបស់លោកនៅលើវេទិកាបុណ្យ ដ្បិតលោកធ្លាប់ស្គាល់នូវទឹកដមសម្ដីនិងទេពកោសល្យ ខាងសូត្រធម៌និងកំណាព្យរបស់យុវតី។ ក្នុងពេលប្រារព្ធពិធីបុណ្យជាតិទាំងបីថ្ងៃនោះ ទឹកដមសំនៀងនិងទេពកោសល្យ របស់យុវតី ហួយមាស​បានកន្រ្តាក់អារម្មណ៍ទស្សនិកជនទាំងឡាយនៃខេត្តបាត់ដំបងឱ្យភ្ញាក់ផ្អើលក្រៃលែង។ ពេលនោះ លោកឪពុករបស់ខ្ញុំបាន នាំយុវតីទៅចុះឈ្មោះចូលប្រកួតផែ្នកចម្រៀងសម័យ ដើម្បីបង្ហាញនូវទេពកោសល្យពិសេសថ្មីមួយ បន្ថែមទៀតផង។ កាលនោះ យុវតី យើងត្រេកអរណាស់បានឡើងច្រៀងបទ រាត្រីសូម៉ា ជាបទចម្រៀង របស់អ្នកស្រីម៉ៅ សារ៉េត។ នៅខាងដើមនៃបទចម្រៀងនោះ យុវតី បានប្រើទឹកដមសំនៀង អត្ថាធិប្បាយតាមនឹកឃើញភ្លាមៗ ដោយពោលបញ្ចូលសាច់រឿង មុនបន្តិចសិនទើបចាប់ចូលដល់ត្រង់ច្រៀង សំឡេងសូឡូម្នាក់ឯង​បន្តិចទៀត ទើបសាច់ភ្លេងរោទិ៍នាំអ្នកច្រៀង ចូលបន្តតាមក្រោយ ជាបទចម្រៀងតែម្តង។ ទេពកោសល្យនេះបាន កែប្រែទឹកដមបទចំរៀងដើមរបស់អ្នកស្រីម៉ៅសារ៉េតឱ្យរឹតតែពិរោះ មានអត្ថន័យ ខ្លឹមសារខ្លាំងថែមទៀតរកអ្វីប្រៀបពុំបាន​រហូតដល់បាន ជាប់ជ័យលាភីលេខមួយប្រចាំខេត្ត។ ថ្វីបើកាលណោះ ខ្ញុំនៅក្មេងបន្តិចក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ព្រឺសម្បុរ ដោយក្តីរំភើបសប្បាយ ចម្លែក ណាស់ ពេលខ្ញុំបានស្តាប់សំនៀងរបស់យុវតីហួយមាស ដែលកំពុងប្រឡងប្រកួត នៅពេលនោះ។ លោកឪពុករបស់ខ្ញុំរំភើបចិត្តជាងគេ ដ្បិតលោកបានឃើញសិស្សរបស់លោក បានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ ចំណែក លោកឪពុកអ្នកម្តាយរបស់យុវតីហួយមាស វិញមានមោទកភាពចំពោះរូបកូនស្រី រហូតនិយាយលេងរួច។

នៅឆ្នាំដដែល ពេលយុវតីហួយមាស ប្រឡងឌីប្លូមវគ្គទីមួយធ្លាក់ យុវតីខកចិត្តជាខ្លាំង លែងមានកម្លាំងចិត្ត ចង់ចូលប្រឡងលើកទីពីរ។ កាលនោះ លោកអ៊ឹមសុងសឺម ដែលជាសិស្សច្បង ក៏បានប្រឡងជាប់ធ្វើគ្រូបង្រៀន តែលោកមិនបានចូលធ្វើការ ខាងផ្នែកនេះទេ បែរជា បន្តការងារខាងតន្រ្តីយោធា ក្រសួងឃោសនាការនោះទៅវិញ​ ដ្បិតលោកធ្លាប់បានចូលរួមការងារ នៅទីនោះ តាំងពីនៅរៀនមកម៉្លេះ ម្ល៉ោះ ហើយពុំដាច់អាល័យពីកន្លែងនោះ។ លុះបានដំណឹងថា​ សិស្សប្អូនហួយមាសបាក់ទឹកចិត្ត កើតទុក្ខគេចមុខ មិនជួបនរណា ក៏ចេញទៅ តាមរកនាងឱ្យមកបង្ហាញទេពកោសល្យរបស់នាង តាមរយៈក្រុមតន្រ្តីខេត្ត ដែលចេញផ្សាយស្នាដៃរៀងរាល់សប្តាហ៍ ដើម្បីលើកស្ទួយ កម្លាំងចិត្តនាង។ អាស្រ័យប្រការនោះហើយ ដែលនាំឱ្យយុវតីមានឧិកាសបានបញ្ចេញទេពកោសល្យ របស់ខ្លួន ផ្នែកសំនៀងវោហារ តាមនិស្ស័យសម្បទា​ដែលនាងពេញចិត្តបំផុត​ តាំងពីកុមារភាព​រហូតដល់បានល្បីឈ្មោះពេញខេត្តទាំងមូលក្នុងរយៈពេលដ៏ខ្លី។ នៅឆ្នាំដដែល ពេលលោកអ៊ឹមសុងសឺមត្រូវផ្លាស់ទៅនៅភ្នំពេញ​ ដើម្បីបណ្តុះអាជីពជាតារាចម្រៀងប្រចាំប្រទេស លោកក៏បានស្វែងរកផ្លូវ ណែនាំសិស្សប្អូនរបស់លោកទៅសិល្បកររៀមច្បងផ្នែកតូរ្យតន្រ្តីនិងវិទ្យុជាតិនៅភ្នំពេញដើម្បីជួយឱ្យពួកគេអាចបន្តការរីកដុះដាលនៅ ភ្នំពេញ ដូចលោកដែរ (នៅក្នុងនោះ មានសិស្សប្អូនហួយមាស ប៉ែនរ៉ន និងរស់ សេរីសុទ្ធា​ ដែលចេញទៅភ្នំពេញបន្តបន្ទាប់ក្នុងឆ្នាំតែ មួយ)។​ ដោយសារទេពកោសល្យឯក គ្មាននរណាធ្វើដូច ពិសេសផ្នែកអត្ថាធិប្បាយ និងផ្នែកចម្រៀងមនោសញ្ចេតនា យុវនារីហួយមាស ក៏បានទទួលការកត់សម្គាល់ពីអ្នកនិពន្ធរៀមច្បង ម៉ាឡៅពី ឱ្យមកសាងថ្នាលជីវិតថ្មីនៅភ្នំពេញនៅឆ្នាំ១៩៦៥​​។

ប្រវត្តិដំបូងនៃជីវិតជាអ្នកផ្សាយវិទ្យុជាតិនិងជាអ្នកចម្រៀង

កែប្រែ

ពេលយុវតីហួយមាស​បានមកដល់ភ្នំពេញដំបូងក្នុងឆ្នាំ១៩៦៥ យុវតីយើងបានចូលបម្រើការក្នុងវិទ្យុជាតិជាមួយលោកម៉ា ឡៅពី​ លោកពៅ យូឡេង ដោយមានចេញសម្តែងជាអ្នកអត្ថាធិប្បាយ កម្មវីធីចម្រៀងសម័យ កម្មវិធីល្ខោននិយាយ​ កម្មវិធីវប្បធម៌ជាដើម។ នៅពេលនោះ​ យុវតីបានដើរតួ បញ្ចូលសំឡេងជាមួយលោកមាសគក លោកឃុនប៉ុល អ្នកស្រីយក់ កែម​​ ក្នុងល្ខោននិយាយតាមវិទ្យុ រៀងរាល់ចុងសប្តាហ៍។ ចំណែកខាងចម្រៀង​និងតន្រ្តីសម័យវិញ​ ដំបូងឡើយយុវតីយើង ច្រើនច្រៀងបទទោលតែប៉ុណ្ណោះ ហើយប្រសិនបើច្រៀងចម្រៀងឆ្លើយឆ្លងវិញ​ យុវតីច្រើនតែជ្រើសដៃគូជាមួយលោកអ៊ឹម សុងសឺម ដែលជាសិស្សច្បងរបស់ខ្លួន​ មិនសូវឃើញច្រៀងជាមួយនរណាទៀតឡើយ។​​ ធិតាយើង ប្រកាន់វិន័យខ្ជាប់ខ្ជួនណាស់ មិនសូវច្រៀងឆ្លើយឆ្លងជាមួយបុរសណាទេ រហូតដល់ពេលយុវតីរៀបការមានកូនហើយ ទើបមានចាប់ដៃគូចម្រៀងផ្សេងៗទៀតក្រៅពីលោកអ៊ឹម សុងសឺម។ នោះក៏ដោយសារ យុវតីយើងនៅលីវមានសោភណស្រស់ស្អាត មានការចេះដឹងក៏សមរម្យ​ ​មានសម្ដីសសំដៅនិងមាយាទថ្លៃថ្នូរ ម៉្លោះហើយមាណវី តែងតែបានទទួលនូវការចោមរោម ពីកម្លោះទីក្រុង មិនថាវណ្ណៈណា វ័យណាឡើយ។​ ដូច្នេះ ប្រសិនបើយុវតីមិនប្រយ័ត្នប្រយែងមាយាទ​ របស់ខ្លួនទេ នោះនាងអាចក្លាយជាចំណីរបស់ខ្លាទីក្រុងឥតអំពើពុំខាន។

ប្រវត្តិគ្រួសារពេលរក្សាអាជីព

កែប្រែ

ប៉ុន្មានខែ បន្ទាប់ពីយុវនារីហួយមាស បានមកដល់ភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​ ​លោកអ៊ុំសុផានុរក្ស (ឈ្មោះហៅក្រៅ យែល) ដែលជាកម្លោះ វាយស្គរដៃឯក មួយរូប នៅអគ្គនាយកដ្ឋានវិទ្យុជាតិប្រចាំភ្នំពេញបានចូលស្តីដណ្តឹងនាង ហើយបានរៀបការតាមប្រពៃណី ដោយមានឪពុកម្តាយ ទាំង សងខាងចងដៃ យ៉ាងពេញចិត្តពេញថ្លើម។ អាពាហ៍ពិពាហ៍នេះបាននាំមក នូវចំណងដៃដ៏ថ្លៃថ្លាមួយ រវាងអ្នកទាំងពីរគឺកូនស្រីដ៏​ស្រស់ ស្អាតឈ្មោះ អ៊ុំសោមាវតី។ ប៉ុន្តែចៃដន្យ ជីវិតអាពាហ៍ពិពាហ៍ រវាងគេទាំងពីរ មិនទាន់មានអាយុ គ្រប់បីឆ្នាំផង គេក៏ចែកផ្លូវគ្នាដើរ ដោយ ប្រការគំនិតមាយាទ ចូលគ្នាមិនចុះ។ កាលនោះ មុននឹងលែងលះគ្នា អ្នកស្រីហួយមាស​ បានមកលេងស្រុកកំណើត ហើយបានមកជួប នឹងលោកឪពុកអ្នកម្តាយរបស់ខ្ញុំ ហើយយំជម្រាបលោកថា អ្នកស្រីមានអារម្មណ៍ មិនសប្បាយចិត្ត នឹងជីវិតអាពាហ៍ពិពាហ៍ ​ដ្បិតស្វាមី ចូលចិត្តទទួលទានស្រាស្រវឹងជាមួយមិត្តភក្រ្ត ខូចមាយាទ​​ ចួនកាលរហូតដល់វាយស្គរខុសចង្វាក់​ ខានសម្តែង ព្រោះតែស្រវឹងខ្លាំងពេក ដែលជាហេតុធ្វើឱ្យ គ្រួសាររបស់អ្នកស្រីត្រូវបាក់មុខបាក់មាត់​ ស្រកស្រុតកេរ្តិ៍ឈ្មោះ ដោយសារស្វាមីមិនរក្សាមាយាទឱ្យថ្លៃថ្នូរសមរម្យ។ ម៉្យាងទៀត លោកសុផានុរក្ស ចេះតែវាយស្គរ មួយមុខប៉ុណ្ណោះ តែមិនចេះច្រៀងទេ។​ កាលបើខានឡើងឆាកសម្តែង លោកសុផានុរក្ស ក៏បាត់បង់ប្រាក់កម្រៃដែរជាហេតុធ្វើឱ្យអ្នកស្រីហួយមាស មានការតានតឹងក្នុងចិត្ត ដ្បិតគ្រួសារអ្នកស្រីបែរជាត្រូវរស់នៅពឹងលើប្រាក់ បៀវត្សរ៍របស់ស្រ្តីជាភរិយាទៅវិញ។

បន្ថែមពីលើនោះ អ្នកស្រីបានស្រដីថា​អ្នកស្រីចង្អៀតចង្អល់ចិត្តនឹងម្តាយក្មេក ដែលចេះតែមកជំរិតទារប្រាក់រកទិញឡានថ្មីជិះ ព្រោះចង់ មានមុខមាត់នឹងគេ មិនចង់ឱ្យគេមើលងាយថា មានកូនប្រសាជាតារាល្បីឈ្មោះ ប្រចាំនគរហើយ ម្តេចក៏នៅតែក្រដដែល។ ចួនកាល លោកបានខ្សឹបបោះសម្ដីឱ្យអ្នកស្រីញយៗថា ធ្វើការច្រើនមុខល្បីល្បាញស្ទើរស្លាប់ តើលួចលុយយកទៅលាក់ទុក នៅឯណាអស់? ការណ៍ពិត​ អ្នកស្រីមិនសម្បូរប្រាក់កាស ដូចគេគិតស្មាននោះទេ ដ្បិតអ្នកស្រីជាមនុស្សមានសន្តានចិត្ត។ មានកិច្ចការច្រើនណាស់ ដែលអ្នកស្រីពេញចិត្តនឹងជួយធ្វើ តែពុំសូវទារប្រាក់កម្រៃតបមកវិញទេ គឺជួយធ្វើដោយចិត្តសទ្ធាសប្បុរស របស់អ្នកស្រី តាំងពីកំណើត តែប៉ុណ្ណោះ។ ប៉ុន្តែ សាច់ថ្លៃរបស់អ្នកស្រី មិនយល់ទេ ចេះតែគិតថា​ អ្នកស្រីរវល់ច្រើន គឺច្បាស់ជាបានប្រាក់ច្រើន។​ ម៉្យាងទៀត អ្នកស្រី ហួយមាស មានប្រសាសន៍ថា អ្នកម្តាយក្មេក​លោកគិតសង្ស័យ ច្រឡំស្មានថា​ អ្នកស្រីហួយមាស លួចសន្សំប្រាក់ ទុកឱ្យឪពុកម្តាយរបស់ អ្នកស្រី ទើបលោកចេះតែមានពាក្យបោះសម្ដីដាក់នាងមិនសូវលស់ពេល។

លុះអ្នកស្រីវិលត្រឡប់ មកដល់ភ្នំពេញវិញ ស្រាប់តែមានទំនាស់សម្ដីនឹងស្វាមីក្នុងរឿងដដែល គឺរឿងសង្ស័យថា អ្នកស្រីលួចលាក់លុយ ផ្ញើនឹងឪពុកម្តាយរបស់អ្នកស្រី ពុំឱ្យស្វាមីដឹង។ ជម្លោះនេះបានក្លាយទៅជាហិង្សា រហូតដល់អ្នកស្រីហួយមាស ភ័យញ័ររន្ធត់ រត់គេចខ្លួន ចេញពីផ្ទះទាំងយប់ រកសុវត្ថិភាពយ៉ាងទាន់ហន់បំផុត ដ្បិតខ្លាចត្រូវឈឺគ្រាំខ្លួន ដូចអ្នកស្រីរស់ សេរីសុទ្ធា និងលោកសុសម៉ាត់​ ដែលធ្លាប់ កើតមានជាគំរូរួចមកហើយ។ លុះថ្ងៃស្អែកឡើង អ្នកស្រីបានវិលមកផ្ទះ ដើម្បីមកទទួលយកកូន ស្រាប់តែត្រូវគេជេរស្តី អ្នកស្រី លត់ក្រាប សំពះសូមទោស ចំពោះការដែលអ្នកស្រីរត់ចេញពីផ្ទះ ទាំងយប់ចោលកូននឹងប្តី។ កាលបើអ្នកស្រី មិនអាចធ្វើតាមសម្ដី របស់លោកបាន លោកសុផានុរក្សបានជេរស្តី បណេ្តញអ្នកស្រីចេញ សាជាថ្មីម្តងទៀត មិនឱ្យជួបកូនស្រី របស់អ្នកស្រីឡើយ លុះណាតែអ្នកស្រី ព្រម ទទួលកំហុសសិន។ អ្នកស្រីហួយមាស នឹកហួសចិត្តនឹងស្វាមី ដែលមិនព្រមក្រឡេកមើល កំហុសរបស់ខ្លួន ហើយកែប្រែទេ បែរជាទម្លាក់ ទោសកំហុស មកលើអ្នកស្រីទាំងស្រុង ទៅវិញ។ ទីបំផុត អ្នកស្រីក៏បោះជំហាន ចាកចេញទៅ ទាំងទឹកភ្នែក ដោយក្តីអាល័យ ចំពោះបុត្រី តូចក្រូចឆ្មារ មិនទាន់ដឹងក្តីនៅឡើយ។

ការណ៍ពិតទៅ លោកសុផានុរក្ស នៅមានចិត្តស្រឡាញ់ភរិយានៅឡើយ គ្រាន់តែលោកប្រកាន់ឫកឆ្មើងកន្រ្ទើង ជាបុរស មិនព្រមទទួល ស្គាល់ ចំណុចខ្សោយរបស់ខ្លួន ហើយកែប្រែឱ្យល្អជាមកវិញ។ ម្យ៉ាងលោកសង្ឃឹមថា បើលោកនៅឃុំគ្រងកូនស្រីតូច សោមាវតីបាន នោះ ប្រហែលជានៅទាក់ទាញឱ្យភរិយាទន់ចិត្តព្រមចុះចាញ់លោក ហើយវិលត្រឡប់មកសុំទោសលោក ដើម្បីសុំជានា រស់នៅជាមួយគ្នាដូច ដើមវិញ។ ប៉ុន្តែ ការណ៍ពិតខុសស្រឡះពីលោកគិតស្មានទុក។ ម៉្លោះហើយ លោកសុផានុរក្ស ក៏កាន់តែមានចិត្តក្តៅក្រហាយឡើងៗ ពិសេសនៅពេលណាដែលឃើញ បុរសដទៃ សម្តែងភាពគោរពស្និទ្ធស្នាល នឹងអ្នកស្រីហួយមាស ដែលធ្វើមិនដឹងមិនឭ ចំពោះចិត្ត ស្រឡាញ់ និងចិត្តប្រច័ណ្ឌរបស់លោកចំពោះនាង។​ កាលបើអ្នកស្រីជាភរិយា មិនវិលត្រឡប់មកផ្ទះវិញ ដូចបំណង លោកសុផានុរក្ស ពុំ អាចទទួលនាទីជាមាតា ថែរក្សាកូនស្រីបន្តទៅទៀតបាន ក៏នាំនាងយកទៅផ្ញើ នឹងឪពុកម្តាយរបស់លោកឱ្យជាអ្នកថែទាំនាងជំនួសទៅ។ នៅអំឡុងនោះឯង​​យើងឃើញគូស្រករ ទាំងសងខាង បាននិពន្ធចំរៀង ច្រៀងឌឺដងឱ្យគ្នាទៅវិញទៅមក រហូតដល់ទាំងសងខាងមានគូថ្មី រៀងៗខ្លួន ទើបកំហឹងនោះ ស្រាកស្រាន្តទៅវិញ។​​ បើនិយាយឱ្យពិតទៅ អ្នកស្រីហួយមាស មានការសិក្សា និងការអប់រំគំនិតមាយាទខ្ពស់ ជាង លោកអ៊ុំសុផានុរក្សច្រើនណាស់ ដែលហេតុនាំបណ្តាលឱ្យលោកសុផានុរក្សគិតថា អ្នកស្រីហួយមាស វាយឫកឆ្មើងឆ្មៃ មានការ ប្រកាន់ ចំពោះប្តីច្រើន នៅពេលប្តីមានកំហុស ដោយសម្ដីឬកិរិយាម្តងៗ គឺភរិយាមិនសូវលើកលស់ អធ្យាស្រ័យឱ្យលោកឡើយ។ ទីបំផុត គេទាំងពីរក៏ផ្តាច់ចំណងនិស្ស័យពីគ្នាដោយឥតស្តាយស្រណោះនៅចុងឆ្នាំ១៩៦៨។ កាលនោះកុមារីសោមាវតី ទើបតែមានវ័យប្រមាណ ពីរខួបប៉ុណ្ណោះ។

នៅរវាងដើមឆ្នាំ១៩៦៩ ក្នុងឧិកាសដែល អ្នកស្រី រស់ សេរីសុទ្ធា បានទទួលគោរមងារពីព្រះមហាក្សត្រខ្មែរថា រាជនីសំនៀងមាស ប្រចាំ កម្ពុជា អ្នកស្រីហួយមាស របស់យើង ក៏បានទទួលគោរមងារដ៏ថ្លៃថ្លាមួយថា តារាសំនៀង មាស មេត្រី ប្រចាំវិទ្យុជាតិកម្ពុជា។ នៅក្នុងឆ្នាំដដែលនេះ អ្នកស្រីហួយមាស បានទទួលចំណងមេត្រីភាពពីលោកវណ្ណលី កេសរោ​ ដែលជានាយប៉ូលីស មានឋានន្តរស័ក្តិ ឧត្តមមួយរូប ដែលធ្លាប់លួចពេញចិត្តនឹងអ្នកស្រី តាំងពីយូរមកហើយ ហើយដែលតាមជួយជ្រោមជ្រែង លើកទឹកចិត្តអ្នកស្រីរហូតមក។ អ្នកទាំងពីរបានចាប់ដៃគ្នាជាគូជីវិតរស់នៅយ៉ាងសុខក្សេមក្សាន្ត មានសុភមង្គលជាមួយគ្នា​ ដោយបរិបូណ៌គ្មានភាពរកាំរកូសសៅហ្មង ដូចគ្រាមុនទៀតឡើយ។ ថ្វីបើយ៉ាងនេះក៏ដោយ​ ក៏លោកសុផានុរក្ស នៅមិនព្រមព្រលែង អតីតភរិយាពីក្នុងបេះដូង​របស់លោកទេ។ លោកនៅតែតាមច្រៀងដាក់ផ្លែដាក់ផ្កាអ្នកស្រីហួយមាស ម៉្យាងដោយលោក នៅអាល័យ អតីតភរិយាចង់ជានានឹងគ្នាវិញ។ ប៉ុន្តែអ្នកស្រី ហួយមាស បានសម្រេចចិត្តដាច់អហង្ការមិនត្រឡប់ក្រោយ ទៅឱ្យគេដៀលត្មះ ជេរស្តីដូចសត្វ ក្នុងជីវិតពិត ក្រៅឆាកវេទិកា ឬតាមការ ផ្សាយចម្រៀងតាមវិទ្យុជេរជាសាធារណៈ ទៀតហើយ ហើយអ្នកស្រីក៏សម្រេចចិត្តបែរខ្នង ឈប់ច្រៀងតបត និងលោកសុផានុរក្ស តទៅ ទៀតដែរ ទុកឱ្យលោក ច្រៀងឌឺដងអ្នកស្រី រហូតរសាយចិត្ត ហើយក៏ឈប់ច្រៀងខ្លួនឯងទៅ ដោយគ្មាននរណា​សម្លុតគម្រាម ឬសំណូមពរ ឱ្យឈប់ឡើយ។ ក្រោយមក លោកសុផានុរក្ស ក៏បានរៀបការភរិយាថ្មី រួចក៏បិទវាំងននសាវតារពីអ្នកស្រីហួយមាសរហូតរៀងមក។

រីឯចំណងមេត្រីរវាងលោកកេសរោ និងអ្នកស្រីហួយមាស បានផ្តល់នូវកូនប្រុសពីររូប​ ឈ្មោះ វណ្ណលី ដាលី និងវណ្ណលី ដូដូ ដែលសព្វថ្ងៃ កំពុងរស់នៅសហរដ្ឋអាមេរិក។​ ដោយសារកិច្ចការមមាញឹកទាំងស្វាមីនិងភរិយា អ្នកស្រីហួយមាស ក៏បានជួលមេដោះ ឱ្យជួយថែរក្សាកូន នៅពេលអ្នកស្រីចេញទៅបំពេញការងារ។ នៅពេលនោះឯង​ ទើបយើងចាប់ឃើញ អ្នកស្រីហួយមាសចាប់ផ្ដើមច្រៀងចម្រៀងឆ្លើយឆ្លង ជាមួយដៃគូចម្រៀងបុរសច្រើនជាងមុន។ នោះក៏ព្រោះលោកកេសរោ មានការជឿជាក់ទៅលើភរិយា ថាជាមនុស្សថ្លៃថ្នូរម្នាក់នៅក្នុងសង្គម​ ពិតជាមិនប្រព្រឹត្តអ្វីនាំឱ្យអាប់ឱនកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ឬរបស់លោកជាស្វាមីឡើយ។ នៅពេលនោះដែរ យើងក៏បានឃើញ អ្នកស្រី ហួយមាស មានការងារទទួលខុសត្រូវ មមាញឹកជាងមុន កាន់តែច្រើនឡើងៗជាលំដាប់។

ទឹកដមនៃទេពកោសល្យសម្លេងមាស

កែប្រែ

ក្រៅពីបំរើការងារ នៅក្រសួងឃោសនាការ ជាអ្នកចម្រៀងផង​ ជាពិធីករផង អ្នកស្រីក៏បានច្រៀងចម្រៀង ផលិតជាថាស​ ឬជាកាែសត ជាមួយក្រុមហ៊ុនឯកជន ជាច្រើន ដូចជា ក្រុមហ៊ុនហេងហេង សញ្ញាចន្ទ័ឆាយា ក្រុមហ៊ុនវ៉ោយហូរ ហាស់សាឡន ពៅស៊ីផូ ពស់មាស ប៉ៃលិន គង្គប៊ុនឈឿន ស៊ិនស៊ីសាមុត មែរប៊ុន​ ឯលប៊ុណ្ណា ក្រុមហ៊ុនកាសែតខ្មែរអាកាសចរណ៍ ។ល។ ទាំងអស់នេះ ជាឈ្មោះក្រុមហ៊ុន ផលិតកាសែតចម្រៀង មិនមែនសមាជិកអ្នកចំរៀង ឬអ្នកនិពន្ធបទភ្លេងទេ។ អ្នកស្រីហួយមាស បានប្រជែងកិត្តិនាម ក្នុងទីផ្សារ ប្រដំប្រសង នឹងអ្នកស្រីប៉ែនរ៉នដែរ​ បន្ទាប់ពីរាជនីសម្លេងមាស រស់សិរីសុទ្ធា។ ដោយសារអ្នកទាំងបី ប៉ែនរ៉ន ហួយមាស រស់សិរីសុទ្ធា មានវ៍យប្រហាក់ប្រហែលគ្នា ធ្លាប់រៀនអនុវិទ្យាល័យតែមួយ ជាមួយគ្នា ហើយជាអ្នកស្រុកបាត់ដំបង ដូចគ្នាទៀត ទើបអ្នកចម្រៀងទាំងបីរូបនេះ មានចំណងមិត្តភាព ស៊ីខ្សែគ្នាណាស់។ ទាំងនៅក្នុងវិទ្យុជាតិ​​​ ទាំងនៅក្នុងពាណិជ្ជកម្ម ផលិតកាសែតចម្រៀងនៅទីផ្សារ យើងឧស្សាហ៍ឃើញ អ្នកទាំងបីច្រៀងបទចំរៀង រួមគ្នាជាច្រើនបទ រាប់មិនអស់ ជួនច្រៀងតែបីនាក់សុទ្ធ ជួនកាលទៀត ក៏ច្រៀងឆ្លើយឆ្លង នឹងលោកស៊ិនស៊ីសាមុត និងតារាចម្រៀងបុរសដទៃទៀត ដូចជាលោកអ៊ឹងណារី អ៊ិនយេង មាសសាម៉ន។ល។ ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតចម្រៀង​ ទាំងឡាយនោះ។

កាលនោះ លោកឪពុករបស់ខ្ញុំ មានមោទនភាព ចំពោះសិស្សរបស់លោកណាស់ ក៏ប្រមូលទិញ នូវគ្រប់កាសែតចម្រៀង ដែលចេញផ្សាយក្នុងទីផ្សារ មកស្តាប់ផង យកមកបង្ហាញសិស្សជំនាន់ក្រោយផង ដើម្បីអោយបានឃើញ ស្នាដៃប្រសើរៗ ទាំងឡាយនោះ ហើយអោយខំដុសខាត់ ទេពកោសល្យរបស់ខ្លួន ក្រែងលោបានល្បីល្បាញ ដូច្នោះនឹងគេដែរ។ គ្រានោះ ផ្ទះរបស់ខ្ញុំ មានសភាពអ៊ូអរ ជានិច្ច មិនថាថ្ងៃណា ជាថ្ងៃណាទេ។ ស្នូរភ្លេងរណ្តំក្នុងធុងបាស​ លាយឡំនឹងស្គរ ចាប៉ី និងឧបករណ៍ភ្លេង ដែលលោកឪពុករបស់ខ្ញុំ ប្រគំជាមួយសិស្ស បានលាន់រន្ថើន ជាប្រចាំ ដើម្បីជួយរំលត់ ការភ័យខ្លាច​របស់យើង ចំពោះស្នូរគ្រាប់កំភ្លើងធំ ដែលខ្មែរក្រហម ផ្លោងចូលមក រៀងរាល់ថ្ងៃ ព្រោះផ្ទះខ្ញុំ ស្ថិតនៅចំពីមុខ បន្ទាយជើងក្រហម ដែលជាមណ្ឌល ត្រូវខ្មាំងប៉ងបំផ្លាញមុនគេ។ យុគសម័យសាធារណរដ្ឋកម្ពុជា ជាសម័យកាល ដែលខ្មែរផលិតចម្រៀង របស់លោកស៊ិនស៊ីសាមុត រស់សិរីសុទ្ធា ប៉ែនរ៉ន ហួយមាស យ៉ាងច្រើនឥតគណនា គឺមានចេញផ្សាយ ជាកាសែតចម្រៀង លក់ថ្មីៗ រៀងរាល់ខែ ក្នុងកាសែតនិមួយៗ មាន១៦បទ ទៅ៣០បទ តាមការជ្រើសរើស របស់ក្រុមហ៊ុន ផលិតចម្រៀង ដ៏ស្អេកស្កះ ទាំងឡាយនោះ។ ដោយសារតែចំណូលចិត្ត របស់លោកនោះហើយ ទើបខ្ញុំបានឮ បានស្គាល់ទំនុកបទចម្រៀងខ្មែរ ច្រើនរាប់មិនអស់ ថ្វីបើខ្ញុំផ្ទាល់ មិនមែនជាអ្នកចម្រៀងក៏ដោយ ត្បិតខ្ញុំបានជួយកត់ត្រា ទំនុកចម្រៀងទាំងនោះ នៅក្នុងសៀវភៅច្រើនក្បាល ជូនលោកឳពុករបស់ខ្ញុំ​ ដើម្បីបង្រៀនសិស្ស ថែមទាំងធ្លាប់ជួយនិពន្វចម្រៀង បន្ថែមទៀត យ៉ាងច្រើន ជូនលោកផង ដើម្បីផ្ញើទៅភ្នំពេញ។ បទចម្រៀងទាំងនោះ បានត្រូវគេយកទៅ សម្រួលសាថ្មី ហើយក៏បានផ្សាយចេញ កាសែតចម្រៀង បន្តបន្ទាប់ រៀងរហូតមក រហូតដល់ថ្ងៃ១៧មេសា១៩៧៥។

នៅពេលអ្នកស្រីមកលេងបាត់ដំបងម្តងៗ អ្នកស្រីហួសមាស តែងតែពោល ទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីនឹករលឹក ហើយអាណិតដល់សោមាវតី ជាកូន ខ្លោចថ្លើមខ្លោចប្រមាត់ណាស់ ប៉ុន្តែទំនាស់គ្រួសារ បានធ្វើអោយអ្នកស្រី មានការលំបាក ក្នុងពេលអនុញ្ញាត្ត សុំជួបកូនស្រីម្តងៗ។ ម្យ៉ាងទៀត កុមារីក៏មានមុខមាត់ ដូចឪពុករបស់នាងបេះដាក់ ដែលជា​ហេតុធ្វើអោយ អ្នកស្រីទទួលនូវការឈឺចាប់ ក្នុងអារម្មណ៍ នៅពេលជួបមុខកូនម្តងៗ ព្រោះចេះតែនឹកឃើញ ទៅដល់ការដៀលត្មះ ដ៏សែនគ្រោតគ្រាត របស់លោកសុផានុរក្ស ចំពោះរូបនាងជាភរិយា​ ជាពិសេសគឺការផ្សាយចម្រៀង ជេរតិះដៀលអ្នកស្រី ជាសាធារណៈ តាមវិទ្យុជាតិ នោះតែម្តង។ អ្នកស្រីហួយមាស ធ្លាប់មានប្រសាសន៍ថា អ្វីដែលធ្វើអោយ អ្នកស្រីមានវិប្បដិសារី ជាងគេបំផុត នៅក្នុងជាតិនេះ គឺការដែលអ្នកស្រី មិនបានថែទាំរក្សាកូនស្រី របស់ខ្លួន ដូចមាតានានា ទូទៅ ប៉ុន្តែ អ្នកស្រីសង្ឃឹមថា ទេវតាលោកមានព្រះនេត្រ អាចទ្រង់ញាណការពិត​ ហើយអភ័យទោស ដល់ អ្នកស្រីជាមាតា ដែលពុំបានបំពេញ ភារកិច្ចគ្រប់លក្ខណៈ ជាមាតា ចំពោះកុមារីសោមាវតី កន្លងមក។

ចំពោះចំរៀងដែល លោកអ៊ុំសុផានុរក្ស បានច្រៀងផ្ទាល់ គឹបទដែលមានចំណងជើងថា សម្លេងទ្រខ្មែរ និងចំរៀងបីបទទៀត ដែលនិពន្ធដោយ លោកសុផានុរក្ស គឺ បទឈាមអនាថា (ច្រៀងដោយ ជាសាវឿន) កវីចាញ់ស្នេហ៍ (ច្រៀងដោយ ជាសាវឿន) និងបទ បក្សីក្ងោកមាស (ច្រៀងដោយ មាសហុកសេង)។​​ ទាំងអស់នេះសុទ្ធសឹងជាបទ ដែលលោកសុផានុរក្ស និពន្ធនិងផ្សាយចេញជាបន្តបន្ទាប់ តាមវិទ្យុជាតិ នៅឆ្នាំ១៩៦៩ ដើម្បីឌីដងដាក់ផ្លែបន្ថែមផ្កា ផ្ញើទៅ អតិតភរិយា របស់ខ្លួន។ ចំណែកបទ ដែលអ្នកស្រីហួយមាស ច្រៀងឆ្លើយតប ទៅលោកសុផានុរក្ស វិញនោះ គឺបទ ចិត្តខុសពីមុន និងបទ ផ្កាស្លារុះរោយ​ ផ្សាយចេញ នៅឆ្នាំ១៩៦៩​ ដូចគ្នាដែរ។

ចំណែកឯកូនស្រីរបស់អ្នកស្រីហួយមាស និងលោកអ៊ុំសុផានុរក្ស ដែលមាននាមថា​ អ៊ុំសោមាវតី នោះក៏បានបណ្តុះ ទេពកោសល្យរបស់ខ្លួន នៅសកលវិទ្យាល័យ វិចិត្រសិល្បៈភ្នំពេញ ជាអ្នករាំរបាំប្រពៃណី និងជាអ្នកចំរៀងដ៏ឆ្នើមមួយ ថែមទាំងបានច្រៀងចំរៀង លក់ជាកាសែត ជាច្រើនរាប់មិនអស់ ជាមួយតារាចំរៀងបុរស ដ៏ល្បីមួយរូបទៀត គឺលោកប៊ុនចាន់ថន​ ដែលកំពុងប្រជែងទីផ្សារ ជាមួយលោកកែវសារ៉ាត់ អ្នកស្រីឆោមឆវិន និងលោករ៉មរើន នៅដើមសតវត្សរ៍៩០។ នៅបច្ចុប្បន្ននេះ អ្នកស្រីអ៊ុំសោមាវតី បានមករស់នៅស្ងាត់ស្ងៀម នៅប្រទេសស្វីស ជាមួយស្វាមីនិងបុត្រ។

យោងទៅតាម ឯកសាររបស់លោកសេងតារា «មាសស្រោបនគរ» ភាគពីរ ផ្សាយចេញ នៅឆ្នាំ២០០៧ អ្នកស្រីហួយមាស និងបុត្រក្រោយទាំងពីរ បានត្រូវអង្គការបដិវត្តន៍ ជំលៀសចេញពីភ្នំពេញ តាមរថភ្លើង ទៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង នៅថ្ងែ១៧មេសា ១៩៧៥។ ប៉ុន្តែ កាលនោះ គ្មាននរណាដឹងទេ ថាលោកកេសរោវិញ មានដំណើរទៅខាងណា។ អ្នកស្រីហួយមាស បានលាក់ខ្លួន រស់ស្ងាត់ស្ងៀម ក្រោមការត្រួតត្រា របស់អង្គការបដិវត្តន៍ រហូតដល់ ពេលបុណ្យខួបរំលឹក ជោគជ័យបដិវត្តន៍ លើកទីពីរ នៅឆ្នាំ១៩៧៧ ទើបខ្មែរក្រហម បានស្រាវជ្រាវ អត្តសញ្ញាណ របស់អ្នកស្រីឃើញ ហើយក៏នាំខ្លួន អ្នកស្រីចេញទៅ ដោយមិនបានប្រកាសថា​ យកទៅណាឡើយ។ ចាប់តាំងពីថ្ងៃនោះមក អ្នកស្រីក៏លែងមានវត្តមាន នៅក្នុង សង្គមគ្រួសារ របស់អ្នកស្រី តទៅទៀត ហើយកម្ពុជាទាំងមូល ក៏លែងបានឭ សំនៀងដ៏ស្រទន់ពិរោះ របស់អ្នកស្រី ចាប់តាំងពីពេលនោះមក។

ចំពោះញាតិមិត្តដែលស្គាល់ អ្នកស្រីហួយមាសជិតដិត តែងតែពោលថា​ អ្វីដែលនាំអោយ ពួកបដិវត្តន៍ខ្មែរក្រហម តាមរកយាយីជីវិតអ្នកស្រីនោះ គឺ មួយមកពី អ្នកស្រីជាភរិយា របស់នាយប៉ូលីស បំរើរដ្ឋាភិបាល ដែលប្រឆាំង នឹងខ្មែរក្រហម​ផង ហើយទីពីរ អ្នកស្រីក៏បានចូលរួម ជាមួយកងទ័ព សាធារណរដ្ឋកម្ពុជា ក្រោមការដឹកនាំ របស់លោកលន់នល់ ច្រៀងចំរៀងជាតិនិយម ប្រឆាំងនឹងលទ្ធិខ្មែរក្រហម​ ដែលកំពុងឈ្លានពានកម្ពុជា ផ្សាយតាមវិទ្យុជាតិ រាប់មិនអស់ រៀងរាល់ថ្ងៃ ចំនួន៥ឆ្នាំពេញ។​ ចំពោះអ្នកដែលមានប្រវត្តិដូច្នេះ អង្គការបដិវត្តន៍ មិនដែលប្រណី អត់អោន ចំពោះ នរណាម្នាក់ ម្តងណាឡើយ។ រីឯលោកកេសរោ ដែលបាត់ខ្លួនទៅនោះ ក៏ត្រូវសាច់ញាតិសន្មតថា លោកបានត្រូវ អង្គការនាំខ្លួន យកទៅទទួលសម្តេចឪ (ជាភាសាសម្ងាត់ របស់អង្គការ សម្រាប់នាំខ្លួនអ្នកទោស ដែលប្រឆាំង នឹងអង្គការ យកទៅប្រហារជីវិត)។

បទចំរៀងរបស់ អ្នកស្រីហួយមាស ដែលទទួលប្រិយភាព ច្រើនជាងគេ ជាពិសេស ពីសំណាក់ញាតិមិត្ត និងអ្នកគាំទ្រ នៅបាត់ដំបង គឺបទ វាសនាចំការសំរោង វាលសោះខ្យល់ និងសំនៀងដួងចិត្តក្រមុំ ត្បិតជានិម្មិតរូប របស់ខេត្តបាត់ដំបង។

ខ្សែភាពយន្តដែលអ្នកស្រីបានបញ្ចូលសម្លេង

កែប្រែ

ល្ខោននិយាយដែលអ្នកស្រីបានបញ្ចូលសម្លេង

កែប្រែ

បទចំរៀងជាតិនិយម

កែប្រែ

ជាចម្រៀងនៅសម័យសាធារណរដ្ឋកម្ពុជា​ មានដូចជា ៖

បទចម្រៀងឆ្លើយឆ្លងជាមួយបុរស

កែប្រែ

បទច្រៀងរួមជាមួយតារានារីដទៃទៀត

កែប្រែ

បទចំរៀងទោលរបស់អ្នកស្រីហួយមាស

កែប្រែ

(សូមជួយកែសម្រួលនិងបន្ថែមស្នាដៃរបស់អ្នកស្រីហួយមាស តាមការគួរ)

មើលផងដែរ

កែប្រែ