ម៉ឺនពេជ្រ
ម៉ឺនពេជ្រ គឺជាមន្ត្រីផ្លុំប៉ី នៃព្រះបាទបរមិន្ទរាជា ក្នុងសម័យលង្វែក ប្រវត្តិព្រឹត្តិការណ៍ក្នុងជីវិតមានទាក់ទងនឹងក្លើរបស់លោកគឺម៉ឺនឯក ដែលមានឈ្មោះដើមថាទុំ។ លោកម៉ឺនជាគូស្នេហ៍នឹងនាងនោ អ្នកបំរើនាងទាវ។
ពេជ្រ | |
---|---|
ស្លាប់ | ១៥៦៩ ខែត្រត្បូងឃ្មុំ |
អាជីព | អ្នកផ្លុំប៉ីប្រចាំរាជវាំង |
ឧបករណ៍ភ្លេង | ប៉ីអ |
ឆ្នាំសកម្ម | ១៥៦៩ |
ម៉ឺនពេជ្រ | |
---|---|
ម៉ឺននៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ប្រ.គ.ស ១៥៦៩ – គ.ស ១៥៦៩ | |
ព្រះមហាក្សត្រ | បរមិន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ពេជ្រ ខែត្រត្បូងឃ្មុំ ពោធិ៍ជើងខាល |
ស្លាប់ | គ.ស ១៥៦៩ ខែត្រពោធិ៍សាត់ បាក់នឹម (ពោធិ៍សាត់ ស្រុកបាកាន) |
ប្រវត្តិ និង ព្រឹត្តិការណ៍ជីវិត
កែប្រែកាលពីរជ្ជកាលព្រះបាទបរមិន្ទរាជា មានមនុស្សពីរនាក់ ឈ្មោះ ម៉ឺនឯក ម៉ឺនពេជ្រ នៅខេត្តត្បូងឃ្មុំ។ ម៉ឺនឯកច្រៀងពីរោះ ម៉ឺនពេជ្រចេះផ្លុំប៉ីពិរោះ ក្រៃលែងជាងចំរៀង និង ប៉ីអ្នកទាំងពួង។ ក្នុងសម័យនោះ មានស្រីម្នាក់ឈ្មោះនាង ទន់ មេម៉ាយ (សាស្ត្រាលោកអ្នកឧកញ៉ានូ-កន ថាឈ្មោះផាន់ ឯសាស្ត្រាលោកសន្ធរម៉ុក មិនឮថាឈ្មោះអ្វីទេ) ប្ដីអនិច្ចកម្មទៅនាងមានកូនស្រីម្នាក់ ឈ្មោះនាងទាវ ល្អក្រៃលែងលើស្រីទាំងពួងក្នុងស្រុកត្បូងឃ្មុំ គ្មានស្រីណានឹងល្អស្មើនាងឡើយ។ នាងស្រីនោះ ល្អទាំងរូបរាង ទាំងឫកពាកិរិយា ទាំងសក់ ធ្មេញ ដៃ ជើងគ្មានទាស់។ នាងនៅភូមិពោធិ៍ខាល តែនាងបានជាប់ចិត្តជាសង្សារនឹងម៉ឺនឯកទៅហើយ ដោយហេតុបានស្ដាប់ឯកច្រៀងពិរោះ គួរឱ្យចាប់ចិត្តពេក ហើយមាតាបិតា ក៏បានផ្សំផ្គុំមកពីក្មេងស្រាប់ផង។ ក្នុងគ្រានោះម៉ឺនជូ (សាស្ត្រាលោកសន្ធម៉ុកថា ម៉ឺនងួន) កូនចៅពញាអរជូនជ័យ (សាស្ត្រាលោកនូកន និងសាស្ត្រាលោកសន្ធម៉ុកមិនឃើញនិយាយថាឈ្មោះអ្វីទេ) នាំស្ម័គ្របក្សពួក ដើរទៅលេងនៅពោធិ៍ខាងជើងខាលនោះ ក៏ឃើញនាងទាវកំពុងត្បាញនៅក្រោមដើមពោធិ៍នោះ។ លុះឃើញរូបនាងល្អគ្មានទាស់ ក៏ស្រឡាញ់ចង់បានជាភរិយាហើយក៏ត្រឡប់ទៅជំរាបមាតាបិតាៗឱ្យចាត់អ្នកផ្លូវចៅមហាទៅដណ្ដឹងនាងនោះ។ នាងទន់ជាម្ដាយក៏ព្រមឱ្យតែនាងទាវសាមីខ្លួនមិនព្រមទទួលសោះពីព្រោះខ្លួនបានជាប់ចិត្តនិងម៉ឺនឯកហួសទៅហើយ។ សម័យមួយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបថា ម៉ឺនឯក ម៉ឺនពេជ្រ ចេះច្រៀងនិងផ្លុំប៉ីពីរោះណាស់ ទើបទ្រង់ត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យទៅយកខ្លួន ឈ្មោះទាំងពីរនាក់ មកទុកច្រៀង និងផ្លុំប៉ី ប្រលែងព្រះអង្គប្របក្រឡាព្រះបន្ទំ ជាអចិន្ត្រៃៗ ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រាស់ប្រាណម៉ឺនទាំងពីរនាក់នោះ ពន់ប្រមាណណាស់។ សម័យមួយតមកទៀត ព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវាំងឱ្យចាត់បំរើឱ្យចេញទៅរើសស្រីរូបល្អយកមកទុកជាសំរាប់ព្រះអង្គ។ ក្នុងគ្រានោះព្រះអមរិន្ទស្នេហាកែវ យកសេចក្ដីក្រាបបង្គំទូលថា: មានស្រីម្នាក់ឈ្មោះ ទាវ ម្ដាយឈ្មោះទន់ មេម៉ាយ នៅភូមិពោធិ៍ជើងខាង ខេត្តត្បូងឃ្មុំ មានរូបនិងសំបុរស្មើល្អ ប្រពៃណាស់ទោះស្រីស្រុកនោះទាំងប៉ុន្មាន ក៏មានរូបពុំស្មើនិងនាងទាវនោះសោះឡើយ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់ឱ្យ ឧកញ៉ាវាំងឱ្យមានសំបុត្រទៅដល់ចៅពញាអរជូន ចៅហ្វាយស្រុក ខេត្តត្បូងឃ្មុំ ឱ្យនាំនាងនោះមកថ្វាយ ពញាអរជូនពុំហ៊ានរឹងទទឹងក៏ចាត់អ្នកបំរើឱ្យបញ្ជូនខ្លួននាងទាវ និង នាងនោជាភីលៀង ហើយនិងនាងទន់ ជាម្ដាយនាងទាវនោះមកជូនឧកញ៉ាតាមបង្គាប់។ ឧកញ៉ាវាំងនាំឡើងក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ទតព្រះនេត្រទៅឃើញល្អប្រាកដ គ្រប់ប្រការមែន ប៉ុន្តែខណៈនោះ ម៉ឺនឯក ឃើញហើយ ក្រាបបង្គំទូលថា នាងទាវនេះជាសង្សាររបស់ទូលព្រះបង្គំជាខ្ញុំ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះមហាករុណា ដោយសុចរិតយុត្តិធម៌ថានឹងបំបែកសង្សារគេ ពុំបាន។ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាមហាមន្ត្រី មហាទេព ឱ្យរៀបមង្គលការផ្សំផ្គុំម៉ឺនឯក និង នាងទាវឱ្យបានជាគូស្វាមី ភរិយា នឹងគ្នាជាស្រេច។ ប៉ុន្តែ នាងទន់ជាម្ដាយនាងទាវតូចចិត្តណាស់ថា កូនខ្លួនប្រាស់ពីម៉ឺនជូមកក៏គិតស្មានថានឹងបានជាសំរាប់ផែនដីហើយនឹងបានថ្កល់ថ្កើង កិត្តិយសវង្សត្រកូលផង ឥឡូវហ្លួងត្រឡប់ជា ប្រទាននាងទាវឱ្យទៅធ្វើជាប្រពន្ធអាឯក ដែលជាមនុស្សកំសត់ ត្រកូលក៏ទាបថោកទៅវិញ។ នាងទន់ជាម្ដាយគិតថា: បើដូច្នោះ តែអញត្រឡប់ទៅដល់ស្រុកកាលណាអញគិតឧបាយកល យកវាទៅផ្សំផ្គុំឱ្យម៉ឺនជូ ជាកូនលោកអរជូនវិញ អញគ្រាន់នឹងបានពឹងទ្រព្យសម្បត្តិ និង បុណ្យលោកផង។ គិតហើយនាងទន់ក៏លានាងទាវត្រឡប់ទៅស្រុកវិញ។ លុះទៅដល់ស្រុកមាត់ឃ្មុង នាងទន់ ក៏ចូលទៅជំរាបចៅពញអរជូនថា : នាងទាវកូនខ្ញុំម្ចាស់នោះហ្លួងពុំយកជាសំរាប់ទេ ទ្រង់ប្រកាសថាទុករកថ្ងៃជាពេលាល្អនឹងផ្សំផ្គុំឱ្យទៅអាឯកជាមនុស្សកំសត់នោះវិញដូច្នេះ បើលោកចង់ឱ្យបាន ម៉ឺនជូហើយម៉ឺនជូ ក៏នៅចាំចិត្តមែនខ្ញុំម្ចាស់ នឹងយកកូនខ្ញុំមកជូនក្នុងគ្រានេះជាមិនខាន។ ម៉ឺនជូនោះ ក៏ទៅជួបជុំនៅទីនោះដែលដោយក្ដីស្នេហាណាស់កាលស្ដាប់ឮតាមសំដីនាងទន់ទៅក៏យល់ ឃើញថានាងទាវមិនទាន់រៀបការមិនទាន់ផ្សំផ្គុំដំណេកទេ ក៏ឆ្លើយថា ខ្ញុំអរគុណនិងអ្នកម្តាយណាស់ហើយសុំឱ្យអ្នកម្ដាយគិតយកនាងទាវមករៀបការចុះខ្ញុំនឹងគិតហៅភ្ញៀវអស់ទាំងខេត្ត មកឱ្យស៊ីការ ពេញមុខអ្នកម្ដាយ។ នាងទន់បានឮដូច្នោះហើយអរណាស់ព្រោះការនេះបានដូចគំនិតហើយ ហើយក៏គំនាប់លាចៅពញាអរជូនទៅផ្ទះវិញ។ ទៅដល់ផ្ទះហើយនាងទន់ក៏ធ្វើសំបុត្រមួយច្បាប់មានសេចក្ដីថាឱ្យមកដល់នាងទាវជាកូន។ តាំងពីម្ដាយលាចេញពីបន្ទាយលង្វែកទៅម្ដាយពុំសប្បាយខ្លួនសោះ ព្រោះទៅតាមទូកម្ដាយចេះតែ គ្រុនក្ដៅក្រហាយ ៥ ថ្ងៃ ៥ យប់ នេះហើយ។ គេសែងទៅដល់ផ្ទះម្ដាយសន្ធំបាត់មាត់ពុំដឹងខ្លួនសោះ។ ដូច្នេះសុំឱ្យកូនស្រូតរូតទៅរកម្ដាយ ម្ដាយនឹងបានផ្ដាំហើយបានប្រគល់កេរ្តិ៍អាករឱ្យផង។ លុះធ្វើសំបុត្រនេះស្រេចហើយនាងទន់មេម៉ាយក៏ចាត់ឱ្យកូនក្មួយញាតិសន្តាន ៤ នាក់ឱ្យចុះទូកចែវ ៤ ចេញទៅប្រញាប់។ ទូកចេញទៅ ៥ យប់ ៥ ថ្ងៃទើបទៅដល់បន្ទាយលង្វែក។ អ្នកបំរើក៏នាំយកសំបុត្រទៅឱ្យនាងទាវ។ នាងទាវមើលដឹងសេចក្ដីហើយ ក៏កើតទុក្ខយំសោកពន់ប្រមាណណាស់ទើបថ្លែងទុកប្រាប់ម៉ឺនឯកជាស្វាមីឱ្យជួយទុក្ខធុរៈផង។ ម៉ឺនឯកក៏ទន់ចិត្តស្មានថាពិត ក៏រៀបចំជូនដំណើរនាងទាវដែលជាប្រពន្ធ និងនាងនោជាភីលៀង។ មកដល់ថ្នល់កំពង់ចាមហើយក៏សោកសាំផ្ដាំថា : តាមសេចក្ដីដែលអាលោះអាល័យហើយបំរើក៏ចេញទូកទៅ ៥ ថ្ងៃ ៥ យប់ឡើងគោកនៅពោធិ៍ជើងខាល។ នាងទាវកាលឃើញតែរោងផ្កាស្លា និងរោងការជាច្រើនខ្នងហើយមើលទៅនាងទន់ជាម្ដាយពុំបានឈឺអ្វីសោះក៏ដឹងខ្លួនថា : ម្ដាយពង្រាត់ខ្លួនចេញពីប្ដីមកឱ្យម៉ឺនជូហើយក៏សួរថា : អ្នកម្ដាយឈឺអ្វីក៏ឱ្យគេទៅយកខ្ញុំមក ? នាងទន់ឆ្លើយថា: ដើមឡើយម៉ឺនជូមកដណ្ដឹងអញអញស្មានថា ហងមានសំណាងគ្រាន់បើ លុះដល់ហ្លួងឱ្យមកយកហងឯងទៅអញអរណាស់ព្រោះអញយល់ថា: ហងឯងមានសំណាងធំ។ ក្រោយមកហ្លួងមិនយកហងវិញ ហងប្រាសទៅបានឯអាឯកដែលជាមនុស្សកំសត់ណាស់ថោកណាស់ ហេតុនេះហើយបានជាអញឱ្យគេទៅយកហងមករៀបការ ផ្សំផ្គុំឱ្យម៉ឺនជូ កូនលោកអរជូន ដែលគេជាអ្នកមានបុណ្យកាប់បានសំលាប់បានវិញហើយហងក៏បានថ្កើងកេរ្តិ៍ថ្កើងឈ្មោះពិរោះពិសាត្រកាលណាស់។ នាងទាវបានឮម្ដាយស្ដីឱ្យដូច្នេះហើយក៏តាំងកើតក្ដីក្ដៅផ្សាណាស់ទើបឆ្លើយទៅវិញថា : បើអ្នកម្ដាយយកកូនឯណាលើកទៅឱ្យគេក៏លើកទៅចុះ។ ឯខ្ញុំស៊ូតែស្លាប់ហើយមិនទទួលយកម៉ឺនជូទេ។ នាងទាវថា ហើយក៏យំសោកបោកខ្លួនសន្លប់បាត់ស្មារតីទៅ។ នាងនោជាភិលៀង ឃើញដូច្នោះហើយក៏ម្នីម្នាយកទឹកមកក្បឹតមុខឱ្យ រកថ្នាំដាក់ឱ្យ នាងទាវក៏បានស្រាកស្រាន្តគ្រាន់បើឡើង។ លុះមកដល់ថ្ងៃ ១ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័ក ពុទ្ធសករាជ ២១១៣ (គ្រិស្តសករាជ ១៥៦៩) នាងទាវក៏ចាត់មនុស្សឱ្យនាំសំបុត្រទៅម៉ឺនឯក។ បំរើនាំទៅ ៥ ថ្ងៃ ៥ យប់ទើបទៅដល់ម៉ឺនឯក។ ម៉ឺនឯកហែកសំបុត្រមើលឃើញសេចក្ដីថា : នាងទាវជាខ្ញុំក្រោមបាតសូមជំរាបអ្នកម៉ឺនឯកជាស្វាមីអ្នកម៉ឺនពេជ្រជាគូស្លាប់រស់បានជ្រាបដែលមានសំបុត្រពីអ្នកម្ដាយផ្ញើមកថា : មានជំងឺនោះមិនមែនទេនេះគឺជាគំនិតអ្នកម្ដាយគិតយកខ្ញុំទៅផ្សំផ្គុំឱ្យម៉ឺនជូដូចអ្នកបងទាំងពីរបានជ្រាបស្រាប់។ ដូច្នេះឱ្យអ្នកបងទាំងពីរថ្វាយបង្គំ ហ្លួងស្រូតទៅឱ្យឆាប់ឱ្យខ្ញុំបានឃើញមុខផងបើហួសពីថ្ងៃ ១៣ កើត ខែផល្គុន ទៅខ្ញុំសូមលាអ្នកបងស្លាប់ហើយ។ អ្នកបង និង ខ្ញុំមុខជាពុំបានឃើញមុខគ្នាទៀតទេ។ ម៉ឺនឯក និង ម៉ឺនពេជ្របានទទួលសំបុត្រនោះពីថ្ងៃ ៦ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័កបានមើលដឹងសេចក្ដីសព្វគ្រប់ថា : នៅខ្វះតែ ៧ ថ្ងៃទៀតទេនឹងផុតកំណត់មង្គលការនាងទាវហើយ។ មួយរំពេចនោះម៉ឺនឯក និង ម៉ឺនពេជ្រទាំងពីរនាក់ព្រួយចិត្តកើតទុក្ខយំសោកឥតគណនាឡើយហើយក៏ម្នីម្នានាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងឱ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតតំកល់លើត្បូងទ្រង់ព្រះសណ្ដាប់ហើយក៏ត្រាស់ថា : ករណីនេះជាការប្រញាប់ណាស់ត្រូវតែឯងទាំងពីរនាក់ស្រូតរូតទៅឱ្យបានរហ័ស។ ទ្រង់មានព្រះរាជតំរាស់ដូច្នេះចប់ហើយទើបទ្រង់ត្រាស់បង្គាប់ឱ្យអាល័ក្សតែងព្រះរាជតំរាស់ទៅឱ្យចៅពញាអរជូនឱ្យប្រគល់ខ្លួននាងទាវឱ្យ ម៉ឺនឯកដោយហេតុថាទ្រង់បានរៀបការផ្សំផ្គុំនាងទាវឱ្យជាប្រពន្ធម៉ឺនឯកតាំងពីខែបុស្សរៀងមក ៣ ខែហើយ។ ថាបើពញាអរជូននៅតែរឹងទទឹងនោះពញាអរជូននឹងមានទោសដល់ស្លាប់ជាពុំខានឡើយ។ អាល័ក្សតែងព្រះឱង្ការស្រេចហើយក៏ប្រគល់ព្រះឱង្ការនោះឱ្យម៉ឺនឯកនិងម៉ឺនពេជ្រ។ ព្រះរាជាទ្រង់ព្រះតំរាស់ថា : ឯងទាំងពីរនាក់នឹងចេញទៅដោយទូកឯទៀតក្រែងពុំទាន់ដូច្នេះឯងយកព្រះទីនាំងទន្សាយស្លឹកព្រមទាំងពួកចែវសំរាប់ព្រះទីនាំងនោះឱ្យចែវទៅឱ្យរហ័សទាន់ការណ៍ចុះ។ ម៉ឺនឯក និង ម៉ឺនពេជ្រក្រាបបង្គំលាព្រះបរមបពិត្រជាអម្ចាស់ហើយចុះទូកចេញទៅ។ ពួកស៊ីថាយ "ពួកអ្នកចែវ" ចេញទូកនៅថ្ងៃ ៩ កើត ខែផល្គុន ចែវបាន ៣ ថ្ងៃ ៣យប់ ក៏ទៅដល់ភូមិមាត់ឃ្មុង។ ម៉ឺនឯក និង ម៉ឺនពេជ្រឡើងដើរពីមាត់កំពង់ទៅមួយថ្ងៃទៀតទើបដល់ទៅភូមិពោធិ៍ជើងខាល នៅថ្ងៃ ១៣ កើត ខែផល្គុន។ ខណៈនោះ ម៉ឺនទាំងពីរបានឃើញមេបាផ្ទឹមម៉ឺនជូនិងនាងទាវរួចទៅហើយនៅកំពុងតែលៀងភ្ញៀវស៊ីផឹកយ៉ាងអ៊ឹកធឹក។ ម៉ឺនឯកម៉ឺនពេជ្រស្ទួយព្រះរាជឱង្ការតំកល់លើត្បូងឡើងទៅលើផ្ទះ។ ដល់ហើយម៉ឺនពេជ្រទាញប៉ីមកផ្លុំម៉ឺនឯកស្រែកច្រៀងសុំស្រានាងទាវ។ នាងទាវឮសំឡេងប្ដីទៅដល់ហើយ ត្រេកអរណាស់ក៏កាន់យកដបស្រា និង ពែងមកឱ្យម៉ឺនឯកផឹក។ ចៅពញាអរជូនឃើញការណ៍យ៉ាងនេះហើយនឹកខឹងណាស់ទើបឱ្យក្រមការចាប់ម៉ឺនឯកយកទៅចាក់កសំលាប់ចោលនៅឯកៀនស្រែក្រៅរបងទៅ។ នាងទាវឃើញគេសំលាប់ប្ដីដូច្នេះ ក៏ហៅនាងនោ ជាភីលៀងឱ្យយកកាំបិតកោរមកឱ្យហើយក៏លបដើរចុះទៅត្រង់ខ្មោចម៉ឺនឯករួចអារកខ្លួនឯងស្លាប់នៅប្របគ្នានោះទៅ។ ចៅពញាអរជូនកាលក្រោយឱ្យចាប់ម៉ឺនឯកទៅសំលាប់នោះ ក៏ឃើញ ព្រះរាជឱង្ការធ្លាក់នៅលើកន្ទេលឃើញហើយភ័យណាស់លាន់មាត់ថា : អញគិតនេះខុសហើយព្រោះអញពុំបានសាកសួរពីមុនឱ្យអស់។ អ្នកស៊ីការទាំងប៉ុន្មានក៏ភ័យជ្រួលច្របល់រាល់គ្នា។ ម៉ឺនពេជ្រឃើញគេសំលាប់ម៉ឺនឯកដូច្នោះ ភ័យណាស់បន្លំរត់ ក្នុងពេល ដែលអ្នកស៊ីការកំពុងតែភ័យនោះដែរ។ ម៉ឺនពេជ្ររត់ទាំងថ្ងៃទាំងយប់ទៅក្រាបបង្គំទូល ព្រះបរមបពិត្រតាមរឿងដំណើរគ្រប់ប្រការ។ ព្រះបរមនាថបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធណាស់ហើយទ្រង់ត្រាស់ថា : អានេះ ពេញទីជាព្រហើនកោងកាចពន់ប្រមាណពេកនឹងទុកវាតទៅពុំបានឡើយត្រូវតែសំលាប់វាទាំង ៧ ជួរគោត្រព្រមទាំងមនុស្សដែលមកស៊ីការផង។ ត្រាស់តែប៉ុណ្ណេះហើយព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់សេនាធិបតីមន្ត្រីខាងជើងទឹកឱ្យរៀបក្បួនព្យូហនាវាសង្គ្រាម។ ស្រេចស្ដេចយាងទៅគង់លើព្រះទីនាំងមករ។ អស់ពួកយោធាទាំងឡាយក៏លើកទង់ជ័យទូងស្គររគាំងតាំងហ៊ោចេញទៅ។ នេះនឹងនិយាយអំពីអ្នកមុខអ្នកការមេបាបណ្ដាជាភ្ញៀវដែលរៀបអាពាហ៍ពិពាហ៍ម៉ឺនជូវិញ។ កាលដល់ពេលល្ងាចស្វាងស្រាគ្រប់គ្នាហើយមេបាទាំងឡាយរកហៅនាងទាវមកផ្សំដំណេកជាមួយនឹងម៉ឺនជូស្រាប់តែមិនឃើញនាងទាវសោះ។ លុះឱ្យតាមរកទៅក៏ឃើញនាងទាវដេកស្លាប់ជាមួយនិងម៉ឺនឯក។ មេបានឹងបណ្ដាអ្នកការទាំងឡាយឃើញព្រឹត្តិការណ៍យ៉ាងនេះហើយក៏រឹតតែភ័យណាស់ទៅទៀតហើយគេចវេះទៅផ្ទះទីទៃៗរៀងខ្លួនទៅ។ ចំណែកចៅពញាអរជូនជ័យអ្នកភ័យនឹងរឿងនេះណាស់គេចចោលបុត្រភរិយាហើយទៅពូននៅភ្នំសុពណ៌កាឡី។ ព្រះបរមបពិត្រ និង សេនាបតីមុខមន្ត្រីអាមាត្យសេនាទាហានកាលទ្រង់លើកព្យូហនាវាទៅដល់មាត់ឃ្មុងហើយនោះទ្រង់ជ្រាបថាចៅពញាអរជូនជ័យរត់បាត់ទៅហើយមួយរំពេចនោះទ្រង់ចាត់សេនាទាហានជា ៤ កងគឺមួយកងឱ្យទៅតាមចាប់ចៅពញាអរជូនជ័យពី ភ្នំសុពណ៌កាឡី មកវិញមួយកងទៀតឱ្យទៅចាប់បុត្រភរិយាព្រមទាំងរបស់ទ្រព្យចៅពញាអរជូនជ័យ និង ញាតិវង្សាទាំង ៧ ជួរគោត្រឱ្យជីកដីកប់ខ្លួនហើយរាស់នឹងរនាស់ឈើ រនាស់ដែក មួយកងទៀតឱ្យទៅយកបញ្ជីឈ្មោះមនុស្សដែលចូលមកស៊ីការនោះចំងាយមួយល្បឺស្គរ។ ទ្រង់ដាក់ទោសដល់មនុស្សទាំងនោះក្នុង ៣ ឆ្នាំឱ្យបង់ថ្លៃជាកាសមួយបាតអង្ករមួយតៅម្នាក់ឱ្យចៅហ្វាយស្រុកថ្មីម្ដងទ្រង់ត្រាស់បង្គាប់ស្រេចហើយ ព្រះបរមបពិត្រទ្រង់តំរិះថា : ស្ដេចត្រាញ់ទាំង ៥ នេះនឹងទុកកិត្តិយសឱ្យហៅថា ចៅពញា ដូចពញាអរជូននេះឱ្យគង់យសជាស្ដេចតទៅទៀតមិនបានឡើយព្រោះវាកំរើកចិត្តណាស់។ ទើបទ្រង់ត្រាស់បង្គាប់តែងព្រះរាជបញ្ជាជាថ្មីថា : ស្ដេចត្រាញ់ទាំង ៥ នេះអំណើះតទៅចុះក្នុងសំបុត្រថា ឧកញ៉ាទាំងអស់លើកលែងហៅខ្លួនជា ចៅពញានោះចេញទៅហេតុ ដូចបាននិយាយខាងលើនេះហើយទើបបានជាអ្នកស្រុកត្បូងឃ្មុំនិងចៅហ្វាយស្រុកទាំងឡាយដែលមានងារជាស្ដេចត្រាញ់នោះស្អប់ពូជម៉ឺនឯកនាងទាវ និងពូជចៅពញាអរជូនជ័យទាំងអស់គ្នា។ ព្រះបាទបរមនាថ បរមបពិត្រជា អម្ចាស់ជីវិតលើត្បូងទ្រង់ដាក់ទោសអ្នកស្រុកត្បូងឃ្មុំរួចហើយទ្រង់លើកព្យូហនាវាត្រឡប់មកក្រុងលង្វែកវិញហើយទ្រង់គង់នៅក្នុងព្រះសិរីរាជសម្បត្តិជាសុខតរៀងមក។ ម៉ឺនពេជ្រស្លាប់ដោយសារតែនឿយហត់ពេកក្នុងពេលរត់សារចុះឡើងឥតឈប់ឈរ។
វប្បធម៌ប្រជាប្រិយ
កែប្រែក្នុងរឿងទុំទាវរបស់ព្រះភិក្ខុសោម បានចារចែងថា ម៉ឺនពេជ្រកាលពីមុនឡើយត្រូវជាមិត្តភិក្ខុសង្ឃនឹងទុំដែលជាម៉ឺនឯក បាននាំគ្នាដើរលក់តោកពីខែត្របាភ្នំ រហូតមកដល់ខែត្រត្បូងឃ្មុំ ក្រោយមកការបានលាចាកសិក្ខាបទមកជាគ្រហស្ថ ក្លាយជាអ្នកផ្លុំប៉ីដ៏ល្បីល្បាញនៅសម័យរជ្ជកាលស្ដេចរាមាជើងព្រៃទៅវិញ ហើយរូបលោកបានចាប់ចិត្តស្រលាញ់នាងនោដែលត្រូវជាភីលៀងនាងទាវ។
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ