បរមិន្ទរាជា

ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា

ព្រះបាទសម្ដេច ព្រះរាជឱង្ការ បរមិន្ទរាជា (គស.១៥២១-១៥៧៦) រជ្ជកាល (១៥៦៦-១៥៧៦) សម្ដេចព្រះមហាឧបរាជ ជាព្រះរាជបុត្រានៃព្រះបរមខត្តិយាមហាចន្ទរាជា ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវររាជបិតាធិរាជ ក្នុង ព.ស.២១១០, គ.ស.១៥៦៦, ម.ស.១៤៨៨, ច.ស.៩២៨ ឆ្នាំខាល អដ្ឋស័ក ទ្រង់ព្រះនាមជា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមិន្ទបរមរាជាធិរាជរាមាធិបតី សិរីសុរិយោវង្សចក្រពត្រាមហាធិបឥន្ទ្រនរិន្ទខត្តិយវង្សកូលកំពូលកម្ពុជាមហាឥន្ទបត កុររុដ្ឋរាជធានីបុរីរម្យឧត្តមមហាស្ថាន បរមនាថ បរមបពិត្រ ជាអម្ចាស់ស្ដេចគង់ព្រះបរមរាជវាំងលង្វែក។ ព្រះរាជពង្សាវតារ របស់ព្រះរាជបណ្ណាល័យភាគ ៣ លេខ ត ៥៣-៣ មានសេចក្ដីថា : ទ្រង់តាំងព្រះសុជាតិក្សត្រី ជារាជបុត្រី ព្រះយសរាជា ដែលត្រូវជាព្រះភាគិនេយ្យោ ព្រះអយ្យកោមួយ ជាព្រះអគ្គមហេសី ព្រះនាមជាសម្ដេចព្រះភគវតី សិរីរតន៍រាជទេវី ទៅវិញទេ គឺថាមិនមែនព្រះនាងទេពបុប្ផាទេ។ ព្រះអគ្គមហេសីអង្គនេះ មានព្រះនាមនៅក្នុងសិលាចារឹកសម័យកណ្ដាល ដែលត្រូវជាព្រះមាតានៃព្រះបាទសត្ថាទី១

បរមិន្ទរាជា
ព្រះបាទសម្ដេច ព្រះរាជឱង្ការ
រជ្ជកាលពស.២១១០-២១២០
គស. ១៥៦៦-១៥៧៦
មស.១៤៨៨-១៤៩៨
ចស.៩២៨-៩៣៨
ឆ្នាំខាល-ជូត
អដ្ឋស័ក-អដ្ឋស័ក
រាជ្យមុនចន្ទរាជា
រាជ្យបន្តសត្ថាទី១
ស្វាមី/មហេសីស្រីទេពធីតា/សុជាតិក្សត្រី ព្រះនាងកេសរមាលា អ្នកម្នាងកេសរ អ្នកព្រះម៉ែនាងវង
បុត្រសម្ដេចព្រះសត្ថា ព្រះស្រីសុរិយោពណ៌ ពញានូរ ពញាអន
ព្រះនាមពេញ
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមិន្ទបរមរាជាធិរាជ រាមាធិបតី សិរីសុរិយោវង្សចក្រពត្រា មហាធិបឥន្ទ្រនរិន្ទខត្តិយវង្សកូលកំពូលកម្ពុជាមហាឥន្ទបតកុររុដ្ឋរាជធានីបុរីរម្យឧត្តមមហាស្ថាន បរមនាថ បរមបពិត្រជាអម្ចាស់ ស្ដេចគង់ព្រះបរមរាជវាំងលង្វែក
សន្តតិវង្សអង្គជ័យ
បិតាចន្ទរាជា
មាតាព្រះស្នំឯកបទុមបុប្ផា
ប្រសូត១៥២១
ក្រុងមានជ័យ (ស្រុកបាកាន ខេត្តពោធិ៍សាត់)
សុគត១៥៧៦
ក្រុងលង្វែក

(ព្រះអង្គលើកព្រះម្នាងទេពបុប្ផាជាបុត្រីសម្ដេចចៅហ្វាទឡ្ហៈដុង ជាព្រះអគ្គមហេសី។ ទ្រង់ប្រទានព្រះនាមសម្ដេចព្រះអគ្គមហេសីជា ព្រះភគវតី ស្រីទេពធីតា មហាចក្រពត្តិឧត្តមបរមរតនារាជធានីសោភីលក្ខណាមហាក្សត្រី។ ត្រង់ម្នាងទេពបុប្ផាហាក់ដូចជារឿងនិទាន)

ព្រះអង្គឱ្យសង់ព្រះមេរុថ្វាយព្រះបិតា សសរកំពស់មួយសិនមួយព្យាម (ក្នុងមួយសិនមាន ២០ ព្យាមក្នុងមួយព្យាមមាន ៤ ហត្ថក្នុងមួយហត្ថមាន ០,៥ មាត្រ ដូច្នេះក្នុងមួយសិន មួយព្យាម ត្រូវជា ២១ ព្យាម ត្រូវជា ៤០ មាត្រ។) លុះស្រេចការ ព្រះបាទអ្នកជាអម្ចាស់ផែនដី ព្រមទាំងព្រះរាជវង្ស ក្សត្រា ក្សត្រី មន្ត្រី បរិស័ទ ធំ តូច រៀបចំដង្ហែ ព្រះបរមសពយ៉ាងធំ ចូលព្រះមេរុធ្វើបុណ្យស្នងព្រះតេជគុណសម្ដេច ព្រះបិតា ជាមហោឡារិកអធឹក ពន្លឹករុងរឿង ថ្វាយព្រះភ្លើង បរិច្ចាគព្រះរាជទ្រព្យជាទានដល់ព្រះសង្ឃ ស្មូមយាចកជាសូរេចការឈាបនកិច្ចតាមរាជបវេណី។ លុះចូលឆ្នាំថ្មីព្រះបាទសម្ដេច ព្រះបរមិន្ទរាជាធិរាជ ព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់លើត្បូង រៀបដង្ហែព្រះអដ្ឋិធាតុដោយក្បួនព្យូហយាត្រានាវាដោយជលវិថីរហូតដល់ភ្នំសន្ទុក។ នៅទីនោះស្ដេចធ្វើបុណ្យធំបញ្ចុះព្រះបរមអដ្ឋិធាតុក្នុងព្រះចេតិយដែល សម្ដេចព្រះបរមអយ្យកោ ព្រះធម្មរាជា ទ្រង់សាងព្រះបរមពុទ្ធសារីរិកធាតុព្រះមហាស្តូបធំ នូវព្រះធាតុទាំងឡាយស្រេច ស្ដេចត្រឡប់ចូលព្រះនគរវិញ។ ទ្រង់សំរាន្តព្រះរាជហឫទ័យជាសុខរៀងមក។

ព្រះរាជជីវប្បវត្តិ និង រាជកិច្ច

កែប្រែ

ព្រះរាជវង្ស

កែប្រែ

កាលក្នុងផែនដី ព្រះបាទសម្ដេច ព្រះបរមខត្តិយាមហាចន្ទរាជា ដែលពាក្យរាស្ត្រទាំងពួង លើកយសព្រះអង្គហៅថា: ព្រះរាជឱង្ការធំនោះ ព្រះអង្គសោយរាជសម្បត្តិ ប្រកបដោយបុញ្ញាធិការមានបុណ្យបារមីណាស់ នោះព្រះបរមិន្ទរាជា កាលមិនទាន់បានសោយរាជ្យនៅឡើយ គឺកាល ពស.២០៨៧, គស.១៥៤៣, មស.១៤៦៥, ចស. ៩០៥ ឆ្នាំថោះ ត្រីស័ក ព្រះជន្មបាន ២២ វស្សា ព្រះអង្គមានព្រះរាជបុត្រា មួយព្រះអង្គ ទ្រង់ប្រទានព្រះនាមថា : សម្ដេចព្រះសត្ថា។ ក្រោយមកកាល ពស.២១០២, គស. ១៥៥៨, មស. ១៤៨០, ចស.៩២០ ឆ្នាំមមី អដ្ឋស័ក ព្រះជន្មាយុចំរើនបាន ៣៧ វស្សា សម្ដេចសម្ភពព្រះរាជបុត្រា មួយព្រះអង្គ និង ព្រះនាងកេសរមាលា ជាព្រះនាងស្ដាំ ទ្រង់ប្រទាន ព្រះនាមថា ព្រះស្រីសុរិយោពណ៌។ លុះដល់ ពស. ២១០៦, គស. ១៥៦២, មស. ១៤៨៤, ច.ស. ៩២៤ ឆ្នាំច ទោស័ក ស្ដេចសម្ភពព្រះរាជបុត្រាមួយព្រះអង្គនឹងអ្នកម្នាងកេសរ ទ្រង់ប្រទានព្រះនាមថា ពញានូរ។ នៅមុនពេលសោយរាជ្យនោះមួយឆ្នាំ អ្នកព្រះម៉ែនាងវងសម្ភពបានព្រះរាជបុត្រាមួយអង្គ ទ្រង់ប្រទានព្រះនាមថា ពញាអន គឺឆ្នាំគស.១៥៦៥។ ឯពញាយសរាជា ជាសម្ដេចព្រះរៀមអយ្យកោមួយ ស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមព្រះសុជាតិក្សត្រី។ ព្រះសុជាតិក្សត្រី អង្គនេះមានព្រះរាជបុត្រាមួយព្រះអង្គ និង ព្រះស្រីសុរិយោពណ៌ ទ្រង់ព្រះនាមជ័យជេស្ដា ហើយពញាយសរាជាក៏សុគតទៅ។ (ត្រង់កន្លែងនេះ សិលាចារឹកព្រះក្សត្រីអង្គនេះជាព្រះមាតានៃព្រះបាទសត្ថាទី១ រឺ ជ័យជេដ្ឋាទី១ ទៅវិញទេ។)

ពុទ្ធសាសនា

កែប្រែ

ពស. ២១១០, គស. ១៥៦៦ ឆ្នាំខាល អដ្ឋស័ក សម្ដេចព្រះបរមនាថ បរមបពិត្រទ្រង់ឱ្យសាងព្រះមេរុធ្វើបុណ្យព្រះសពព្រះបិតា ៣ ខែ ជាឧឡារិក សន្ធឹកពន់ប្រមាណ រហូត ដល់ខែផល្គុន ក្នុងឆ្នាំខាល អដ្ឋស័ក។ ក្នុងឆ្នាំនោះ សម័យមួយ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ ស្ដេចភ្នកព្រះទ័យគិតចង់សាងព្រះវិហារមួយ។ យប់នោះ ទ្រង់ព្រះសុបិននិមិត្តឃើញថា : សម្ដេចអមរេន្ទ្រាធិរាជ ស្ដេចមកចង្អុលកន្លែងឱ្យសាងព្រះវិហារជាអាគ្នេយ៍ព្រះរាជវាំង។ លុះតើនឡើងសម្ដេចព្រះអគ្គមហេសីទ្រង់ចេញទៅ ទ្រង់ទតព្រះនេត្រឃើញផែនដីមួយកន្លែងក្បែរព្រះបរមរាជវាំង ផ្សាយរស្មី ៣ ពណ៌ ភ្លឺផ្លេកដូចផ្លេកបន្ទោរ ហើយឃើញទាំងចារឹកនៅទីនោះផង។ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា ស្ដេចយកសេចក្ដីនេះ ក្រាបបង្គំទូលសម្ដេចព្រះបរមបពិត្រ និង ជំរាបព្រះមាតាបិតា ឱ្យទ្រង់ជ្រាប ឱ្យបានជ្រាប។ ព្រះមាតាបិតា កាលយល់ព្រមហើយ ក៏ចាត់ឱ្យកេណ្ឌ មេជាង កូនជាងបានជាច្រើននាក់ ហើយឱ្យសាងព្រះអារាម ជីកស្រះ តែងខ្លោងមឿង អ្នកតាចាស់ស្រុក ជាស្រេចហើយ នៅខ្វះ តែថ្ម ល្អិតល្អបរិសុទ្ធ ដើម្បីនឹងសាងព្រះពុទ្ធរូបមួយព្រះអង្គ សំរាប់ ព្រះអារាមនោះ។ ខណៈនោះ ព្រះបរមបពិត្រ នាំព្រះអគ្គមហេសី ស្រីទេពធីតា និង ព្រះស្នំក្រមការចេេញទៅ ជួបជុំនឹងព្រះបរមរាជវង្សានុវង្ស បុរោហិត ព្រឹទ្ធាចារ្យ អគ្គមហាសេនា សេនាបតី មន្ត្រីគ្រប់ក្រុង តាំងបួងសួងទេវតាទាំង ៨ ទិសអស់រយៈ ៣ ថ្ងៃ។ លុះដល់រាត្រីមួយនោះ មានហេតុអស្ចារ្យពន់ប្រមាណណាស់ ក្នុងព្រះនគរ អាណាប្រជានុរាស្ត្រ ឮខ្ទ័រខ្ទារបីដូចសូរសព្ទតូរ្យតន្ត្រីវាយដេញដំប្រគំ ជុំព្រះបរមរាជវាំង។ ពេលនោះព្រះចន្ទរះពេញបូណ៌មីភ្លឺច្បាស់ស្រឡះទាំងអាកាសជនទាំងឡាយក្រឡេកមើលទៅឯនភាល័យក៏ឃើញរស្មីចេញ ៧ ព័ណ៌ ដេរដាសទាំងអាកាសពុំនោះផ្លេកភ្លឺហាក់ដូចផ្លេកបន្ទោរមានសំបុរហាក់ដូចជាទេវតាទេវបុត្រហោះចាកព្រះរាជទេពវិមាន ប្រមាណជា ៨ ម៉ោង ម៉ោងបូរាណ ទើបបានសូរសព្ទអស្ចារ្យទាំងនោះ ស្ងាត់បាត់បង់ទៅវិញ។ លុះព្រឹកឡើងព្រះបាទបរមនាថ បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ និង សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា នាំព្រះក្រមការចេញទៅប្រថាប់នៅព្រះពន្លាគឺទីដែលសាងព្រះវិហារនោះ។ នៅទីនោះព្រះអង្គទតព្រះនេត្រឃើញថ្មល្អិតល្អមានពណ៌ឆ្លុះឆ្លាស់ផ្សេងៗគួរជាទីអស្ចារ្យណាស់ព្រះបរមបពិត្រ និង សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា និង សម្ដេចចៅហ្វាទឡ្ហៈដុង ព្រមទាំងអ្នកជំទាវទេវីនារីសោភ័ណជៃ ដែលយល់ព្រមថា ហេតុជាអស្ចារ្យពីយប់មិញនោះគឺសម្ដេច អមរេន្ទ្រាធិរាជ ទ្រង់យាង​មកជួយឧបត្ថម្ភយើងឱ្យបានកសាងព្រះអារាមនេះហើយ។ ព្រះបរមបពិត្រ និងព្រះអគ្គមហេសីព្រមទាំងព្រះមាតាបិតា ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់ឱ្យជាងរចនាថ្មនោះជា ព្រះពុទ្ធរូបធំទ្រង់សណ្ឋិតលើរតនបល្លង្កតាំងអង្គ ព្រះអម្រេន្ទ្រាធិរាជថ្វាយនិមិត្តនោះ។ លុះកសាងព្រះអារាមនោះរួចសព្វគ្រប់ហើយ ទ្រង់ក៏ប្រទាននាមដល់ ព្រះអារាមនោះតាមនាមព្រះអគ្គមហេសីនិងនាមសម្ដេចអម្រេន្ទ្រាធិរាជ ឱ្យនិមិត្តមកហៅថា វត្តព្រះឥន្ទទេព

ពស. ២១១១, គ.ស. ១៥៦៧ ឆ្នាំថោះ នព្វស័ក សម្ដេចព្រះភគវតី ស្រីទេពធីតា ជាបុត្រីស្ដេចចៅហ្វាទឡ្ហៈដុង និង ជំទាវទេវីនារីសោភ័ណជៃ ស្ដេចភ្នកព្រះរាជហឫទ័យ ចង់សាងព្រះកឋិនទានមួយហែទៅវត្ត នៅប្រាសាទអង្គរវត្ត ដូច្នេះសម្ដេចក៏ទ្រង់ក្រាបបង្គំសូមលា សម្ដេចព្រះភស្ដាដើម្បីនាំព្រះកឋិនទានតាមព្រះបំណង។ សម្ដេចព្រះភស្ដា ក៏ស្ដេចយល់ព្រមល្មមព្រះរាជហឫទ័យ នឹងស្ដេចព្រះរាជដំណើរទៅជាមួយផង ទើបទ្រង់ត្រាស់បង្គាប់មន្ត្រី ខាងជើងទឹកឱ្យត្រៀមការតាមទំនៀម។ ខណៈនោះ ឧកញ៉ាក្រឡាហោម ក្រាបថ្វាយបង្គំលាព្រះបរមបពិត្រជាអម្ចាស់ហើយចេញមកចាត់ការដូចតទៅនេះ: ឱ្យក្រុមភ្នាក់ងារ រៀបទូក-ងជូន ៨ គូ ហើយឱ្យពួកអង្គរក្សពាក់អាវក្រហមចែវជូន មានដាក់ភ្លេងមហាធិក ឃ្មោះ ស្គរឃ្មោះមួយយ៉ាងធ្វើដោយស្ពាន់ ឬ ដែកមានរាងស្រដៀងនឹងត្បាល់បុកស្រូវសំរាប់ប្រើជាគ្រឿងប្រគំលេងជាពន្លឹករៀងទៅ ចាត់ទូកសំបកបង្កង ១០ គូ ឱ្យទាហានយួនពាក់អាវខ្មៅចែវ លេងភ្លេងខែកធ្លាក់ និង ភ្លេងប៉ីពាទ្យ ពិណពាទ្យ គ្រឿងភ្លេង ដេញ ដំ ផ្លុំ កូត មានចាប៉ីជាដើម ប្រគំហែព្រះទីនាំងទន្សាយស្លឹកដែលតំកល់គ្រឿងព្រះបញ្ចក្សេត្រ ជាព្រះទីនាំង ដែលចែវមុខ ព្រះទីនាំងមក ដែលស្ដេចគង់ ឱ្យទាហានជ្វាស្លៀកពាក់ខោអាវ ពណ៌ស្វាយ ចែវព្រះទីនាំងរូបនាគមួយ ឱ្យទាហានចិន ចែវព្រះទីនាំងសំរាប់សម្ដេចព្រះអគ្គមហេសី ឱ្យទាហានចាម ចែវទូកវេទសំរាប់ព្រះមង្គលមួយសំរាប់និង ស្នំបួននាក់ឱ្យទាហានខ្មែរស្លៀកពាក់ពណ៌ស្វាយ ចែវទូកគែហ៊ៅសំរាប់ព្រះម្នាងមួយ និង អ្នកម្នាងបួននាក់ ឱ្យទាហានខ្មែរស្លៀកពាក់ពណ៌ខៀវ ចែវទូកផ្សេងៗជាច្រើនឱ្យទាហានខ្មែរស្លៀកពាក់ពណ៌បៃតងចែវទូកស្បៀងទូកបន្ទុកជាច្រើនឱ្យពួកទាហានខ្មែរចែវទូកជាលំដាប់រៀងទៅ។ ឯទូកមន្ត្រីគ្រប់ក្រសួងសឹងតាំងតាមមុខក្រោយ និង ឆ្វេងស្ដាំតាមលំដាប់លំដោយ និង តាមក្រសួង។ លុះវេលាព្រឹកឡើង នៅថ្ងៃ១ កើត ខែកត្តិក ឆ្នាំថោះ នព្វស័ក ព្រះបរមបពិត្រ ស្ដេចចូលស្រង់ព្រះគង្គា ទ្រង់គ្រឿងអលង្ការនាំសម្ដេចព្រះអគ្គមហេសី ព្រមទាំងស្រីស្នំក្រមការយាងទៅគង់លើព្រះទីនាំងនាវា។ អស់ព្រះស្នំក្រមការជិះទូកដទៃៗតាមដូចដែលបានរៀបរាប់មកហើយ។ លុះបានឫក្សពារវេលាល្អព្រះរាជាគណៈក៏ចំរើនព្រះជយន្តោថ្វាយព្រះរាជហោរា វាយគង ទូងភេរី ក្រុមព្រះរាជគ្រូបុរោហិតថ្វាយ ផ្លិត ផ្លុំត្រៃសង្ខក្រុមសុរិយាតូរ្យតន្ត្រីក៏តាំងប្រគំលាន់ឮទូទៅ ទាំងក្រឡាមហាប្រឹថពី និង សាគរ។ អស់ពួកយោធានិករ ហ៊ោ ចែវព្រះទីនាំង និង ទូកក្បួនហែចេញទៅតាម លំដាប់លំដោយគ្នា។ លុះដល់ទៅ កំពង់ភ្នំក្រោម ចៅហ្វាយស្រុក និង ក្រមការខេត្ត បាននាំគ្នាមកថ្វាយបង្គំគាល់ អញ្ជើញព្រះអង្គ និង ព្រះអគ្គមហេសី ស្រីស្នំក្រុមបរិពារ ឡើងទៅថតអង្គព្រះកឋិន ហើយក៏ត្រឡប់ក្បួនហែមកដល់ព្រះទីនាំងនាវាវិញ។ លុះចេញព្រះទីនាំង និង ទូកយោង ទូកហែ មកដល់កោះសំរឹទ្ធិជ័យ ខែត្រលង្វែក ព្រះបរមបពិត្រ ទ្រង់ត្រាស់ឱ្យបញ្ឈប់ព្រះរាជដំណើរ ហើយទ្រង់ឡើងគោក ទតអស់វាលបឹង ស្ទឹង ព្រៃនានា។ ខណៈនោះ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតាទតទៅឃើញប្រាសាទមួយនៅលើកោះនោះទ្រង់ក៏សាកសួរចាស់ព្រឹទ្ធាដែលនៅទីនោះ។ ចាស់ព្រឹទ្ធាក្រាបបង្គំទូលថា : ប្រាសាទនោះសាងតាំង អំពីផែនដីព្រះស្រីសុរិយោវង្សក្នុងពេលដែលព្រះអង្គលើកទ័ព ទៅផ្ចាញ់ស្ដេចសៀមនៅមហានគរ។ ថាកាលនោះ សម្ដេចព្រះអគ្គមហេសី ព្រះអង្គជាទីប្រឹក្សាព្រះជ្រៃ នៅទីនោះសូមឱ្យទីប្រឹក្សា ព្រះជ្រៃជាព្រះស្វាមីព្រះអង្គ ឱ្យបានជ័យជំនះលើទ័ពសត្រូវ ថាបើបានសំរេចដូចសេចក្ដីប្រាថ្នាមែន ព្រះអង្គនឹងសាងប្រាសាទមួយតំកល់ព្រះសារីរិកធាតុនៅទីនោះមួយអន្លើ ទុកជាព្រះកេរ្តិ៍តរៀងទៅលុះបានឈ្នះសៀម សំរេចរាបទាបហើយ ព្រះស្រីសុរិយោវង្ស ព្រះអង្គកសាងព្រះវិហារមួយនៅលើភ្នំនោះ ហើយទ្រង់បញ្ញត្តិឱ្យហៅភ្នំនោះថា ភ្នំព្រះទេពីវិញ ព្រោះជាភ្នំដែលព្រះរាជទេពីទ្រង់ បានបន់បួងសួង។ ឯកោះប្រជុំសំរឹទ្ធិជ័យវិញពីដើមហៅថា កោះដំរី។ លុះបានសំរេចរាបទាបហើយព្រះអង្គឱ្យសាង ប្រាសាទនោះថ្វាយទេវតា ហើយប្រែឈ្មោះកោះនោះ ឱ្យហៅថា កោះប្រជុំសំរឹទ្ធិជ័យវិញតាំងពីថ្ងៃនោះមក។ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា កាលបានទ្រង់ជ្រាបហើយ ក៏មានព្រះបីតិត្រេកអរសោមនស្សចង់បានប្រាសាទនោះណាស់ ទើបទ្រង់យកសេចក្ដីទៅ ក្រាបបង្គំទូលព្រះបរមបពិត្រថា: ខ្ញុំម្ចាស់ចង់បានប្រាសាទនេះ យកទៅតំកល់ទុកនៅ វត្តព្រះឥន្ទទេព ដែលទើបនិងកសាង ហើយដើម្បីនឹងបានតាក់តែងតំកល់ព្រះបរមសារីរិកធាតុ ទុកជាព្រះកិត្តិយសតទៅ។ ព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់ឱ្យមន្ត្រី ប៉ាវគងស៊ើបសួររកអ្នកមានចំណេះវិជ្ជាណាដែលអាចទទួលអាសា យកប្រាសាទនោះទៅតំកល់នៅវត្តព្រះឥន្ទទេពបាន ថាបើធ្វើបានស្ដេចនិងប្រទានឱ្យអ្នកនោះធ្វើជាសេនាបតី ឱ្យខ្ញុំកំដរឱ្យ គោ សេះ ដំរី និង ព្រះរាជទ្រព្យដប់ៗក្នុងមួយមុខ។ ខណៈនោះ មានមនុស្សម្នាក់ឈ្មោះត្រឡាច មានងារកាលពីនៅក្នុងផ្នួសជាពិជ័យព្រឹទ្ធា កាលដើមធ្វើជាចៅអធិការវត្តពានិ៍។ គាត់បួសបាន ៣៥ វស្សា តែកាលជាខាងក្រោយមកគាត់មានជំងឺឈឺរ៉ាំរ៉ៃ ជាខ្លាំងពេក ញាតិញោមបានឱ្យគាត់ចាកសិក្ខាបទមកហើយ ដឹកនាំគាត់មកនៅផ្ទះកំណើតរបស់គាត់វិញ។ គាត់នោះចេះសិល្ប៍សាស្ត្រគ្រាន់បើណាស់។ កាលបើបាន ឮ មន្ត្រីប៉ាវគងស៊ើបសួរ រកអ្នកមានចំណេះដូច្នេះហើយ គាត់ក៏ចូលទៅក្រាបបង្គំទូលសូមយកអាសា នឹងទាក់ប្រាសាទនោះថ្វាយឱ្យបាន។ ព្រះបរមបពិត្រ ត្រាស់បង្គាប់ទៅមន្ត្រីគ្រប់មុខងារឱ្យធ្វើរានពិធី និង លំដាប់ព្រះរាជពិធីឱ្យព្រះពិជ័យព្រឹទ្ធា តាមបង្គាប់របស់គាត់។ ព្រះពិជ័យព្រឹទ្ធាតាំងពិធីនៅរោងពិធីអស់ ៣ ថ្ងៃហើយឱ្យយកអំបោះ ៣ សរសៃទៅទាក់កំពូលប្រាសាទស្រូបខាងអណ្ដែតប្រាសាទនោះបាន​ មកជិតក្រោយខាងលិចទៅហើយ។ អស់ពួកតូរ្យតន្ត្រី ក៏លេងភ្លេងជាគឹកកងកោលាហល បណ្ដាលឱ្យប្រជាជនទៅប្រជុំចាំមើលជាច្រើនគ្នា។ ខណៈនោះ មានស្រីផើមម្នាក់ រត់កាត់មុខរានពិធីនោះ បណ្ដាលឱ្យដាច់ត្រណមអំបោះសីមានោះទៅ ហើយប្រាសាទក៏ធ្លាក់ចុះទៅក្នុងទន្លេ ត្រង់ទីនោះរៀងរហូតមកដល់សព្វថ្ងៃនេះ ផ្អៀងខ្លួនទៅទិសនិរតីបន្តិច។ នៅរដូវខែប្រាំង ជនផងតែងចុះទៅឈរងូតទឹក លើកំពូលប្រាសាទនោះបាន។ ព្រះពិជ័យព្រឹទ្ធា ដែលត្រណមនោះដាច់ហើយ ក៏ដឹងខ្លួនថា ពុំបានរស់នៅតទៅទៀតទេ ក៏គិតយកកេរ្តិ៍ឈ្មោះទុកឱ្យជាប់ឮវែងឆ្ងាយទៅមុខទៀតទើបយកសេចក្ដីក្រាបបង្គំ ទូលព្រះបរមបពិត្រថា : សូមឱ្យទីដែលគាត់ធ្វើពិធីនោះមានឈ្មោះហៅថា កំពង់ត្រឡាច។ ព្រះបរមបពិត្រព្រះអង្គក៏ទ្រង់ព្រះមេត្តាបញ្ញត្តឱ្យហៅទីនោះតាមសុំទើបបានប្រជាជនទាំងពួងហៅថា កំពង់ត្រឡាចជារៀងរហូតមក។ ពិជ័យព្រឹទ្ធា សំដែងនូវមន្តអាគមវិជ្ជាការប្រកាសទេវតា ទុកថា: ឱ្យស្មៅត្រែង ដែលជាលំអានអូសប្រាសាទនោះ ពេលដុះឡើងកាលណាឱ្យទ្រេតទៅទិសនិរតីតាមលំអានដែលអូសប្រាសាទនោះ។ ស្មៅត្រែងនោះ ក៏ដុះទ្រេតតាមដែលប្រតិស្ឋាននោះរៀងមក។ លុះប្រតិស្ឋានរួចស្រេចហើយពិជ័យព្រឹទ្ធា ក៏ទទួលអនិច្ចកម្មទៅ។ បណ្ដាលបងប្អូនញាតិសន្តានសិស្សគុណ ក៏យកសពគាត់នោះទៅធ្វើបុណ្យតាមរបៀបចិន ដាក់តំកល់នៅទីនោះរៀងមក។ ព្រះបរមបពិត្រ និង សម្ដេចព្រះអគ្គមហេសី យល់ថា: ការនេះមិនបានសំរេចហើយ ក៏ឱ្យស្រូតព្រះទីនាំងចូលទៅព្រះបរមរាជវាំងលង្វែកវិញ។ ក្នុងឆ្នាំថោះ នព្វស័ក នោះ សម្ដេចចៅហ្វាដុង ជំទាវទេវីនារីសោភ័ណជៃ មានជំងឺឈឺជាទំងន់ ទទួលអនិច្ចកម្មទៅ ព្រះបរមនាថ បរមបពិត្រ ទ្រង់ជួយធ្វើបុណ្យ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា ឱ្យសាងព្រះមេរុខ្នាតកណ្ដាលនៅទីភូមិអ្នកសម្ដេចចៅហ្វានោះ។ លុះធ្វើបុណ្យ ៧ ថ្ងៃរំលាយសពទាំងពីរនោះរួចហើយសម្ដេចព្រះអគ្គមហេសីស្ដេចឱ្យសាងសាលាមួយនៅទីនោះតំកល់ធាតុមាតាបិតាហើយ ស្ដេចតែងទៅធ្វើបុណ្យគោរពប្រណម្យសំពះធាតុនោះតែរឿយៗ។ ក្រោយមកព្រះបរមបពិត្រ ស្ដេចឱ្យសាងព្រះវិហារមួយ នៅទីនោះ ស្ដេច បញ្ញត្តឱ្យហៅថា : វត្តទេពប្រណម្យតាមហេតុដែលសម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា គោរពប្រណម្យធាតុមាតាបិតានោះព្រោះកើតទុក្ខអាឡោះអាល័យពន់ប្រមាណ។ ព្រះបរមបពិត្រទ្រង់យល់ថា : សម្ដេចព្រះអគ្គមហេសីកើតទុក្ខទើបទ្រង់ត្រាស់បង្គាប់ឱ្យជាងយកថ្មល្អិតល្អមកសាងជារូបសម្ដេចចៅហ្វាដុង ១ ជំទាវទេវីនារីសោភ័ណជៃ១ តំកល់រូបទាំងពីរនោះក្នុងសាលាមួយទុកឱ្យសម្ដេចព្រះអគ្គមហេសីគោរពរៀងមក។ ព្រះអង្គឱ្យសាងរូបគោសំរែពីរជាតំណាងគោចៅហ្វាដុងដែលចៅហ្វាដុងធ្លាប់ស្រលាញ់រាប់អាននោះតាំងទុកជាគ្រឿងបូជា ជូនអ្នកសម្ដេចចៅហ្វាដុង ជំទាវទេវីជៃ។ តែរៀងមក រូបគោនោះ ជនទាំងឡាយដឹងមិនច្បាស់សេចក្ដីក៏ស្មានថាគោនោះជាតំណាងរូបព្រះគោពីបុរាណមកតែការពិតរូបគោនោះមិនមែនជារូបព្រះគោនោះទេគឺជារូបគោសំរែសំឡាញ់របស់ចៅហ្វាដុង ជំទាវជៃ ដែលបានកើនទ្រព្យបានចំរើនសម្បត្តិឱ្យគុណឱ្យផលប្រយោជន៍ច្រើនណាស់។

ប្រហារជីវិតអជ៌ុន

កែប្រែ

រឿងទុំទាវបានកើតឡើងក្នុងរាជ្យព្រះអង្គ ដំណើរមានដូចតទៅ៖ មានមនុស្សពីរនាក់ ឈ្មោះ ម៉ឺនឯក ម៉ឺនពេជ្រ នៅខេត្តត្បូងឃ្មុំ។ ម៉ឺនឯកច្រៀងពីរោះ ម៉ឺនពេជ្រចេះផ្លុំប៉ីពិរោះ ក្រៃលែងជាងចំរៀង និង ប៉ីអ្នកទាំងពួង។ ក្នុងសម័យនោះ មានស្រីម្នាក់ឈ្មោះនាងទន់ មេម៉ាយ (សាស្ត្រាលោកអ្នកឧកញ៉ានូ-កន ថាឈ្មោះផាន់ ឯសាស្ត្រាលោកសន្ធរម៉ុក មិនឮថាឈ្មោះអ្វីទេ) ប្ដីអនិច្ចកម្មទៅនាងមានកូនស្រីម្នាក់ ឈ្មោះនាងទាវ ល្អក្រៃលែងលើស្រីទាំងពួងក្នុងស្រុកត្បូងឃ្មុំ គ្មានស្រីណានឹងល្អស្មើនាងឡើយ។ នាងស្រីនោះ ល្អទាំងរូបរាង ទាំងឫកពាកិរិយា ទាំងសក់ ធ្មេញ ដៃ ជើងគ្មានទាស់។ នាងនៅភូមិពោធិ៍ខាល តែនាងបានជាប់ចិត្តជាសង្សារនឹងម៉ឺនឯកទៅហើយ ដោយហេតុបានស្ដាប់ឯកច្រៀងពិរោះ គួរឱ្យចាប់ចិត្តពេក ហើយមាតាបិតា ក៏បានផ្សំផ្គុំមកពីក្មេងស្រាប់ផង។ ក្នុងគ្រានោះម៉ឺនជូ (សាស្ត្រាលោកសន្ធម៉ុកថា ម៉ឺនងួន) កូនចៅពញាអរជូនជ័យ (សាស្ត្រាលោកនូកន និងសាស្ត្រាលោកសន្ធម៉ុកមិនឃើញនិយាយថាឈ្មោះអ្វីទេ) នាំស្ម័គ្របក្សពួក ដើរទៅលេងនៅពោធិ៍ខាងជើងខាលនោះ ក៏ឃើញនាងទាវកំពុងត្បាញនៅក្រោមដើមពោធិ៍នោះ។ លុះឃើញរូបនាងល្អគ្មានទាស់ ក៏ស្រឡាញ់ចង់បានជាភរិយាហើយក៏ត្រឡប់ទៅជំរាបមាតាបិតាៗឱ្យចាត់អ្នកផ្លូវចៅមហាទៅដណ្ដឹងនាងនោះ។ នាងទន់ជាម្ដាយក៏ព្រមឱ្យតែនាងទាវសាមីខ្លួនមិនព្រមទទួលសោះពីព្រោះខ្លួនបានជាប់ចិត្តនិងម៉ឺនឯកហួសទៅហើយ។ សម័យមួយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបថា ម៉ឺនឯក ម៉ឺនពេជ្រ ចេះច្រៀងនិងផ្លុំប៉ីពីរោះណាស់ ទើបទ្រង់ត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យទៅយកខ្លួន ឈ្មោះទាំងពីរនាក់ មកទុកច្រៀង និងផ្លុំប៉ី ប្រលែងព្រះអង្គប្របក្រឡាព្រះបន្ទំ ជាអចិន្ត្រៃៗ ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រាស់ប្រាណម៉ឺនទាំងពីរនាក់នោះ ពន់ប្រមាណណាស់។ សម័យមួយតមកទៀត ព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវាំងឱ្យចាត់បំរើឱ្យចេញទៅរើសស្រីរូបល្អយកមកទុកជាសំរាប់ព្រះអង្គ។ ក្នុងគ្រានោះព្រះអមរិន្ទស្នេហាកែវ យកសេចក្ដីក្រាបបង្គំទូលថា: មានស្រីម្នាក់ឈ្មោះ ទាវ ម្ដាយឈ្មោះទន់ មេម៉ាយ នៅភូមិពោធិ៍ជើងខាង ខេត្តត្បូងឃ្មុំ មានរូបនិងសំបុរស្មើល្អ ប្រពៃណាស់ទោះស្រីស្រុកនោះទាំងប៉ុន្មាន ក៏មានរូបពុំស្មើនិងនាងទាវនោះសោះឡើយ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់ឱ្យ ឧកញ៉ាវាំងឱ្យមានសំបុត្រទៅដល់ចៅពញាអរជូន ចៅហ្វាយស្រុក ខេត្តត្បូងឃ្មុំ ឱ្យនាំនាងនោះមកថ្វាយ ពញាអរជូនពុំហ៊ានរឹងទទឹងក៏ចាត់អ្នកបំរើឱ្យបញ្ជូនខ្លួននាងទាវ និង នាងនោជាភីលៀង ហើយនិងនាងទន់ ជាម្ដាយនាងទាវនោះមកជូនឧកញ៉ាតាមបង្គាប់។ ឧកញ៉ាវាំងនាំឡើងក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ទតព្រះនេត្រទៅឃើញល្អប្រាកដ គ្រប់ប្រការមែន ប៉ុន្តែខណៈនោះ ម៉ឺនឯក ឃើញហើយ ក្រាបបង្គំទូលថា នាងទាវនេះជាសង្សាររបស់ទូលព្រះបង្គំជាខ្ញុំ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះមហាករុណា ដោយសុចរិតយុត្តិធម៌ថានឹងបំបែកសង្សារគេ ពុំបាន។ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាមហាមន្ត្រី មហាទេព ឱ្យរៀបមង្គលការផ្សំផ្គុំម៉ឺនឯក និង នាងទាវឱ្យបានជាគូស្វាមី ភរិយា នឹងគ្នាជាស្រេច។ ប៉ុន្តែ​ នាងទន់ជាម្ដាយនាងទាវតូចចិត្តណាស់ថា កូនខ្លួនប្រាស់ពីម៉ឺនជូមកក៏គិតស្មានថានឹងបានជាសំរាប់ផែនដីហើយនឹងបានថ្កល់ថ្កើង កិត្តិយសវង្សត្រកូលផង ឥឡូវហ្លួងត្រឡប់ជា ប្រទាននាងទាវឱ្យទៅធ្វើជាប្រពន្ធអាឯក ដែលជាមនុស្សកំសត់ ត្រកូលក៏ទាបថោកទៅវិញ។ នាងទន់ជាម្ដាយគិតថា: បើដូច្នោះ តែអញត្រឡប់ទៅដល់ស្រុកកាលណាអញគិតឧបាយកល យកវាទៅផ្សំផ្គុំឱ្យម៉ឺនជូ ជាកូនលោកអរជូនវិញ អញគ្រាន់នឹងបានពឹងទ្រព្យសម្បត្តិ និង បុណ្យលោកផង។ គិតហើយនាងទន់ក៏លានាងទាវត្រឡប់ទៅស្រុកវិញ។ លុះទៅដល់ស្រុកមាត់ឃ្មុង នាងទន់ ក៏ចូលទៅជំរាបចៅពញអរជូនថា : នាងទាវកូនខ្ញុំម្ចាស់នោះហ្លួងពុំយកជាសំរាប់ទេ ទ្រង់ប្រកាសថាទុករកថ្ងៃជាពេលាល្អនឹងផ្សំផ្គុំឱ្យទៅអាឯកជាមនុស្សកំសត់នោះវិញដូច្នេះ បើលោកចង់ឱ្យបាន ម៉ឺនជូហើយម៉ឺនជូ ក៏នៅចាំចិត្តមែនខ្ញុំម្ចាស់ នឹងយកកូនខ្ញុំមកជូនក្នុងគ្រានេះជាមិនខាន។ ម៉ឺនជូនោះ ក៏ទៅជួបជុំនៅទីនោះដែលដោយក្ដីស្នេហាណាស់កាលស្ដាប់ឮតាមសំដីនាងទន់ទៅក៏យល់ ឃើញថានាងទាវមិនទាន់រៀបការមិនទាន់ផ្សំផ្គុំដំណេកទេ ក៏ឆ្លើយថា ខ្ញុំអរគុណនិងអ្នកម្តាយណាស់ហើយសុំឱ្យអ្នកម្ដាយគិតយកនាងទាវមករៀបការចុះខ្ញុំនឹងគិតហៅភ្ញៀវអស់ទាំងខេត្ត មកឱ្យស៊ីការ ពេញមុខអ្នកម្ដាយ។ នាងទន់បានឮដូច្នោះហើយអរណាស់ព្រោះការនេះបានដូចគំនិតហើយ ហើយក៏គំនាប់លាចៅពញាអរជូនទៅផ្ទះវិញ។ ទៅដល់ផ្ទះហើយនាងទន់ក៏ធ្វើសំបុត្រមួយច្បាប់មានសេចក្ដីថាឱ្យមកដល់នាងទាវជាកូន។ តាំងពីម្ដាយលាចេញពីបន្ទាយលង្វែកទៅម្ដាយពុំសប្បាយខ្លួនសោះ ព្រោះទៅតាមទូកម្ដាយចេះតែ គ្រុនក្ដៅក្រហាយ ៥ ថ្ងៃ ៥ យប់ នេះហើយ។ គេសែងទៅដល់ផ្ទះម្ដាយសន្ធំបាត់មាត់ពុំដឹងខ្លួនសោះ។ ដូច្នេះសុំឱ្យកូនស្រូតរូតទៅរកម្ដាយ ម្ដាយនឹងបានផ្ដាំហើយបានប្រគល់កេរ្តិ៍អាករឱ្យផង។ លុះធ្វើសំបុត្រនេះស្រេចហើយនាងទន់មេម៉ាយក៏ចាត់ឱ្យកូនក្មួយញាតិសន្តាន ៤ នាក់ឱ្យចុះទូកចែវ ៤ ចេញទៅប្រញាប់។ ទូកចេញទៅ ៥ យប់ ៥ ថ្ងៃទើបទៅដល់បន្ទាយលង្វែក។ អ្នកបំរើក៏នាំយកសំបុត្រទៅឱ្យនាងទាវ។ នាងទាវមើលដឹងសេចក្ដីហើយ ក៏កើតទុក្ខយំសោកពន់ប្រមាណណាស់ទើបថ្លែងទុកប្រាប់ម៉ឺនឯកជាស្វាមីឱ្យជួយទុក្ខធុរៈផង។ ម៉ឺនឯកក៏ទន់ចិត្តស្មានថាពិត ក៏រៀបចំជូនដំណើរនាងទាវដែលជាប្រពន្ធ និងនាងនោជាភីលៀង។ មកដល់ថ្នល់កំពង់ចាមហើយក៏សោកសាំផ្ដាំថា : តាមសេចក្ដីដែលអាលោះអាល័យហើយបំរើក៏ចេញទូកទៅ ៥ ថ្ងៃ ៥ យប់ឡើងគោកនៅពោធិ៍ជើងខាល។ នាងទាវកាលឃើញតែរោងផ្កាស្លា និងរោងការជាច្រើនខ្នងហើយមើលទៅនាងទន់ជាម្ដាយពុំបានឈឺអ្វីសោះក៏ដឹងខ្លួនថា : ម្ដាយពង្រាត់ខ្លួនចេញពីប្ដីមកឱ្យម៉ឺនជូហើយក៏សួរថា : អ្នកម្ដាយឈឺអ្វីក៏ឱ្យគេទៅយកខ្ញុំមក ? នាងទន់ឆ្លើយថា: ដើមឡើយម៉ឺនជូមកដណ្ដឹងអញអញស្មានថា ហងមានសំណាងគ្រាន់បើ លុះដល់ហ្លួងឱ្យមកយកហងឯងទៅអញអរណាស់ព្រោះអញយល់ថា: ហងឯងមានសំណាងធំ។ ក្រោយមកហ្លួងមិនយកហងវិញ ហងប្រាសទៅបានឯអាឯកដែលជាមនុស្សកំសត់ណាស់ថោកណាស់ ហេតុនេះហើយបានជាអញឱ្យគេទៅយកហងមករៀបការ ផ្សំផ្គុំឱ្យម៉ឺនជូ កូនលោកអរជូន ដែលគេជាអ្នកមានបុណ្យកាប់បានសំលាប់បានវិញហើយហងក៏បានថ្កើងកេរ្តិ៍ថ្កើងឈ្មោះពិរោះពិសាត្រកាលណាស់។ នាងទាវបានឮម្ដាយស្ដីឱ្យដូច្នេះហើយក៏តាំងកើតក្ដីក្ដៅផ្សាណាស់ទើបឆ្លើយទៅវិញថា : បើអ្នកម្ដាយយកកូនឯណាលើកទៅឱ្យគេក៏លើកទៅចុះ។ ឯខ្ញុំស៊ូតែស្លាប់ហើយមិនទទួលយកម៉ឺនជូទេ។ នាងទាវថា ហើយក៏យំសោកបោកខ្លួនសន្លប់បាត់ស្មារតីទៅ។ នាងនោជាភិលៀង ឃើញដូច្នោះហើយក៏ម្នីម្នាយកទឹកមកក្បឹតមុខឱ្យ រកថ្នាំដាក់ឱ្យ នាងទាវក៏បានស្រាកស្រាន្តគ្រាន់បើឡើង។ លុះមកដល់ថ្ងៃ ១ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័ក ពុទ្ធសករាជ ២១១៣ (គ្រិស្តសករាជ ១៥៦៩) នាងទាវក៏ចាត់មនុស្សឱ្យនាំសំបុត្រទៅម៉ឺនឯក។ បំរើនាំទៅ ៥ ថ្ងៃ ៥ យប់ទើបទៅដល់ម៉ឺនឯក។ ម៉ឺនឯកហែកសំបុត្រមើលឃើញសេចក្ដីថា : នាងទាវជាខ្ញុំក្រោមបាតសូមជំរាបអ្នកម៉ឺនឯកជាស្វាមីអ្នកម៉ឺនពេជ្រជាគូស្លាប់រស់បានជ្រាបដែលមានសំបុត្រពីអ្នកម្ដាយផ្ញើមកថា : មានជំងឺនោះមិនមែនទេនេះគឺជាគំនិតអ្នកម្ដាយគិតយកខ្ញុំទៅផ្សំផ្គុំឱ្យម៉ឺនជូដូចអ្នកបងទាំងពីរបានជ្រាបស្រាប់។ ដូច្នេះឱ្យអ្នកបងទាំងពីរថ្វាយបង្គំ ហ្លួងស្រូតទៅឱ្យឆាប់ឱ្យខ្ញុំបានឃើញមុខផងបើហួសពីថ្ងៃ ១៣ កើត ខែផល្គុន ទៅខ្ញុំសូមលាអ្នកបងស្លាប់ហើយ។ អ្នកបង និង ខ្ញុំមុខជាពុំបានឃើញមុខគ្នាទៀតទេ។ ម៉ឺនឯក និង ម៉ឺនពេជ្របានទទួលសំបុត្រនោះពីថ្ងៃ ៦ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័កបានមើលដឹងសេចក្ដីសព្វគ្រប់ថា : នៅខ្វះតែ ៧ ថ្ងៃទៀតទេនឹងផុតកំណត់មង្គលការនាងទាវហើយ។ មួយរំពេចនោះម៉ឺនឯក និង ម៉ឺនពេជ្រទាំងពីរនាក់ព្រួយចិត្តកើតទុក្ខយំសោកឥតគណនាឡើយហើយក៏ម្នីម្នានាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងឱ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតតំកល់លើត្បូងទ្រង់ព្រះសណ្ដាប់ហើយក៏ត្រាស់ថា : ករណីនេះជាការប្រញាប់ណាស់ត្រូវតែឯងទាំងពីរនាក់ស្រូតរូតទៅឱ្យបានរហ័ស។ ទ្រង់មានព្រះរាជតំរាស់ដូច្នេះចប់ហើយទើបទ្រង់ត្រាស់បង្គាប់ឱ្យអាល័ក្សតែងព្រះរាជតំរាស់ទៅឱ្យចៅពញាអរជូនឱ្យប្រគល់ខ្លួននាងទាវឱ្យ ម៉ឺនឯកដោយហេតុថាទ្រង់បានរៀបការផ្សំផ្គុំនាងទាវឱ្យជាប្រពន្ធម៉ឺនឯកតាំងពីខែបុស្សរៀងមក ៣ ខែហើយ។ ថាបើពញាអរជូននៅតែរឹងទទឹងនោះពញាអរជូននឹងមានទោសដល់ស្លាប់ជាពុំខានឡើយ។ អាល័ក្សតែងព្រះឱង្ការស្រេចហើយក៏ប្រគល់ព្រះឱង្ការនោះឱ្យម៉ឺនឯកនិងម៉ឺនពេជ្រ។ ព្រះរាជាទ្រង់ព្រះតំរាស់ថា : ឯងទាំងពីរនាក់នឹងចេញទៅដោយទូកឯទៀតក្រែងពុំទាន់ដូច្នេះឯងយកព្រះទីនាំងទន្សាយស្លឹកព្រមទាំងពួកចែវសំរាប់ព្រះទីនាំងនោះឱ្យចែវទៅឱ្យរហ័សទាន់ការណ៍ចុះ។ ម៉ឺនឯក និង ម៉ឺនពេជ្រក្រាបបង្គំលាព្រះបរមបពិត្រជាអម្ចាស់ហើយចុះទូកចេញទៅ។ ពួកស៊ីថាយ "ពួកអ្នកចែវ" ចេញទូកនៅថ្ងៃ ៩ កើត ខែផល្គុន ចែវបាន ៣ ថ្ងៃ ៣យប់ ក៏ទៅដល់ភូមិមាត់ឃ្មុង។ ម៉ឺនឯក និង ម៉ឺនពេជ្រឡើងដើរពីមាត់កំពង់ទៅមួយថ្ងៃទៀតទើបដល់ទៅភូមិពោធិ៍ជើងខាល នៅថ្ងៃ ១៣ កើត ខែផល្គុន។ ខណៈនោះ ម៉ឺនទាំងពីរបានឃើញមេបាផ្ទឹមម៉ឺនជូនិងនាងទាវរួចទៅហើយនៅកំពុងតែលៀងភ្ញៀវស៊ីផឹកយ៉ាងអ៊ឹកធឹក។ ម៉ឺនឯកម៉ឺនពេជ្រស្ទួយព្រះរាជឱង្ការតំកល់លើត្បូងឡើងទៅលើផ្ទះ។ ដល់ហើយម៉ឺនពេជ្រទាញប៉ីមកផ្លុំម៉ឺនឯកស្រែកច្រៀងសុំស្រានាងទាវ។ នាងទាវឮសំឡេងប្ដីទៅដល់ហើយ ត្រេកអរណាស់ក៏កាន់យកដបស្រា និង ពែងមកឱ្យម៉ឺនឯកផឹក។ ចៅពញាអរជូនឃើញការណ៍យ៉ាងនេះហើយនឹកខឹងណាស់ទើបឱ្យក្រមការចាប់ម៉ឺនឯកយកទៅចាក់កសំលាប់ចោលនៅឯកៀនស្រែក្រៅរបងទៅ។ នាងទាវឃើញគេសំលាប់ប្ដីដូច្នេះ ក៏ហៅនាងនោ ជាភីលៀងឱ្យយកកាំបិតកោរមកឱ្យហើយក៏លបដើរចុះទៅត្រង់ខ្មោចម៉ឺនឯករួចអារកខ្លួនឯងស្លាប់នៅប្របគ្នានោះទៅ។ ចៅពញាអរជូនកាលក្រោយឱ្យចាប់ម៉ឺនឯកទៅសំលាប់នោះ ក៏ឃើញ ព្រះរាជឱង្ការធ្លាក់នៅលើកន្ទេលឃើញហើយភ័យណាស់លាន់មាត់ថា : អញគិតនេះខុសហើយព្រោះអញពុំបានសាកសួរពីមុនឱ្យអស់។ អ្នកស៊ីការទាំងប៉ុន្មានក៏ភ័យជ្រួលច្របល់រាល់គ្នា។ ម៉ឺនពេជ្រឃើញគេសំលាប់ម៉ឺនឯកដូច្នោះ ភ័យណាស់បន្លំរត់ ក្នុងពេល ដែលអ្នកស៊ីការកំពុងតែភ័យនោះដែរ។ ម៉ឺនពេជ្ររត់ទាំងថ្ងៃទាំងយប់ទៅក្រាបបង្គំទូល ព្រះបរមបពិត្រតាមរឿងដំណើរគ្រប់ប្រការ។ ព្រះបរមនាថបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធណាស់ហើយទ្រង់ត្រាស់ថា : អានេះ ពេញទីជាព្រហើនកោងកាចពន់ប្រមាណពេកនឹងទុកវាតទៅពុំបានឡើយត្រូវតែសំលាប់វាទាំង ៧ ជួរគោត្រព្រមទាំងមនុស្សដែលមកស៊ីការផង។ ត្រាស់តែប៉ុណ្ណេះហើយព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់សេនាធិបតីមន្ត្រីខាងជើងទឹកឱ្យរៀបក្បួនព្យូហនាវាសង្គ្រាម។ ស្រេចស្ដេចយាងទៅគង់លើព្រះទីនាំងមករ។ អស់ពួកយោធាទាំងឡាយក៏លើកទង់ជ័យទូងស្គររគាំងតាំងហ៊ោចេញទៅ។ នេះនឹងនិយាយអំពីអ្នកមុខអ្នកការមេបាបណ្ដាជាភ្ញៀវដែលរៀបអាពាហ៍ពិពាហ៍ម៉ឺនជូវិញ។ កាលដល់ពេលល្ងាចស្វាងស្រាគ្រប់គ្នាហើយមេបាទាំងឡាយរកហៅនាងទាវមកផ្សំដំណេកជាមួយនឹងម៉ឺនជូស្រាប់តែមិនឃើញនាងទាវសោះ។ លុះឱ្យតាមរកទៅក៏ឃើញនាងទាវដេកស្លាប់ជាមួយនិងម៉ឺនឯក។ មេបានឹងបណ្ដាអ្នកការទាំងឡាយឃើញព្រឹត្តិការណ៍យ៉ាងនេះហើយក៏រឹតតែភ័យណាស់ទៅទៀតហើយគេចវេះទៅផ្ទះទីទៃៗរៀងខ្លួនទៅ។ ចំណែកចៅពញាអរជូនជ័យអ្នកភ័យនឹងរឿងនេះណាស់គេចចោលបុត្រភរិយាហើយទៅពូននៅភ្នំសុពណ៌កាឡី។ ព្រះបរមបពិត្រ និង សេនាបតីមុខមន្ត្រីអាមាត្យសេនាទាហានកាលទ្រង់លើកព្យូហនាវាទៅដល់មាត់ឃ្មុងហើយនោះទ្រង់ជ្រាបថាចៅពញាអរជូនជ័យរត់បាត់ទៅហើយមួយរំពេចនោះទ្រង់ចាត់សេនាទាហានជា ៤ កងគឺមួយកងឱ្យទៅតាមចាប់ចៅពញាអរជូនជ័យពី ភ្នំសុពណ៌កាឡី មកវិញមួយកងទៀតឱ្យទៅចាប់បុត្រភរិយាព្រមទាំងរបស់ទ្រព្យចៅពញាអរជូនជ័យ និង ញាតិវង្សាទាំង ៧ ជួរគោត្រឱ្យជីកដីកប់ខ្លួនហើយរាស់នឹងរនាស់ឈើ រនាស់ដែក មួយកងទៀតឱ្យទៅយកបញ្ជីឈ្មោះមនុស្សដែលចូលមកស៊ីការនោះចំងាយមួយល្បឺស្គរ។ ទ្រង់ដាក់ទោសដល់មនុស្សទាំងនោះក្នុង ៣ ឆ្នាំឱ្យបង់ថ្លៃជាកាសមួយបាតអង្ករមួយតៅម្នាក់ឱ្យចៅហ្វាយស្រុកថ្មីម្ដងទ្រង់ត្រាស់បង្គាប់ស្រេចហើយ ព្រះបរមបពិត្រទ្រង់តំរិះថា : ស្ដេចត្រាញ់ទាំង ៥ នេះនឹងទុកកិត្តិយសឱ្យហៅថា ចៅពញា ដូចពញាអរជូននេះឱ្យគង់យសជាស្ដេចតទៅទៀតមិនបានឡើយព្រោះវាកំរើកចិត្តណាស់។ ទើបទ្រង់ត្រាស់បង្គាប់តែងព្រះរាជបញ្ជាជាថ្មីថា : ស្ដេចត្រាញ់ទាំង ៥ នេះអំណើះតទៅចុះក្នុងសំបុត្រថា ឧកញ៉ាទាំងអស់លើកលែងហៅខ្លួនជា ចៅពញានោះចេញទៅហេតុ ដូចបាននិយាយខាងលើនេះហើយទើបបានជាអ្នកស្រុកត្បូងឃ្មុំនិងចៅហ្វាយស្រុកទាំងឡាយដែលមានងារជាស្ដេចត្រាញ់នោះស្អប់ពូជម៉ឺនឯកនាងទាវ និងពូជចៅពញាអរជូនជ័យទាំងអស់គ្នា។ ព្រះបាទបរមនាថ បរមបពិត្រជា អម្ចាស់ជីវិតលើត្បូងទ្រង់ដាក់ទោសអ្នកស្រុកត្បូងឃ្មុំរួចហើយទ្រង់លើកព្យូហនាវាត្រឡប់មកក្រុងលង្វែកវិញហើយទ្រង់គង់នៅក្នុងព្រះសិរីរាជសម្បត្តិជាសុខតរៀងមក។

រដ្ឋបាល

កែប្រែ

ឆ្នាំមមី សំរឹទ្ធិស័ក ព.ស. ២១១៤ (គ.ស. ១៥៧០) ព្រះបរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គសោយរាជ្យបាន ៥ ឆ្នាំ ថ្ងៃមួយ ស្ដេចយាងចេញពីព្រះរាជរោងរម្យជួបជុំព្រះរាជសេវកាមាត្យហើយទ្រង់ត្រាស់ប្រឹក្សាថា : សៀម និង លាវធ្លាប់ចាញ់ព្រះបារមីសម្ដេចព្រះរាជបិតាជារឿយៗមើលទៅវាមុខជា នឹងមានសេចក្ដីគុំគួនចំពោះយើងពុំលែងឡើយដូច្នេះ ហើយយើងត្រូវតែធ្វើទូកចំបាំង ត្រូវតែរកដំរី សេះ និង សេនា ទាហាន ឱ្យបានច្រើនដើម្បីបំរុងការរក្សាព្រះរាជសីមាឱ្យបានសុខក្សេមក្សាន្តតទៅ។ ថាបើស្ដេចទាំងពីរនគរនោះលើកទ័ពមកកាលណាយើងមានរបស់បំរុងទុកជាស្រេច។ ថាបើស្ដេចទាំងពីរនគរនោះពុំលើកទ័ពមកធ្វើអ្វីយើងទេយើងត្រូវតែលើកទៅវិញព្រោះសៀមវាបានកៀរយកគ្រួយើងទៅជាច្រើនណាស់ក្នុងពេលដែលវាមកវាយបែកព្រះមហានគរ "អង្គរ" នោះ។ តែអស់មន្ត្រីសេនាបតី យល់ដូចម្ដេច។ គ្រានោះព្រះបរមរាជវង្សានុវង្សអង្គអគ្គមហាសេនាសេនាបតីក្រាបបង្គំទូលថា : "ព្រះបរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គទ្រង់ព្រះចិន្តានោះត្រូវសមល្អណាស់"។ កាលបើអស់សេនាបតីមន្ត្រីទាំងពួងយល់ព្រមតាមព្រះរាជតំរិះហើយព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិត តំកល់លើត្បូងព្រះអង្គទ្រង់ចាត់ឱ្យមុខងារព្រះសុរិយោដី និង ក្រុមមេការ ជាងឈើ ទៅសាងព្រះរាជវាំងដោយគ្រឿងឫស្សី និង ស្បូវគង់នៅកំពង់ក្រសាំងក្នុង ខេត្តសំរោងទង "សព្វថ្ងៃក្នុងខេត្តកំពង់ស្ពឺ" ជាអគ្នេយ៍ភ្នំរាជទ្រព្យ។ ទ្រង់ឱ្យជាងលើកទូកចំបាំងយ៉ាងធំ ៥០០ យ៉ាងតូច ៣០០ ទូកលំហាច ២០០ ហើយទ្រង់ឱ្យបង្ហាត់សេនាទាហានជើងទឹក ជើងគោកទ្រង់ឱ្យរើសដំរីសឹកបាន ១០០០ ប្លាយ សេះ ៥០០០ ប្លាយ ក្របី ៥០០០ ប្លាយ។ សេនាទាហានបានហាត់ចំបាំងលើខ្នងដំរីសេះក្របីនោះគិតយកតែយ៉ាងឯក ២០០០ នាក់យ៉ាងទោ ២០០០ ប្លាយនាក់សេនាទាហានខាងជើងទឹកដែលមុជទឹកបានអស់រយៈពេលមួយយប់មួយ ថ្ងៃនោះចំនួន ២៣ នាក់មុជទឹកបានតែ ៣ រឺ ៤ ម៉ោងនោះបាន ១០០ ប្លាយនាក់។ សេនាទាហានម្នាក់ៗគិតតែហាត់គុនផឹកថ្នាំគង់កាប់មិនមុតដាល់មិនត្រូវបើត្រូវក៏មិនឈឺ។ លុះក្រមការចាត់ការបានសំរេចហើយ ព្រះអង្គទ្រង់ត្រាស់បង្គាប់ឱ្យចេញព្រះរាជប្រកាសប្រាប់ដល់ទៅចៅហ្វាយស្រុកគ្រប់ខេត្តឱ្យហ្វឹកហាត់សេនាទាហានឱ្យបានច្រើនហើយឱ្យសន្សំគ្រឿងស្បៀងអាហារនាំយកដាក់ក្នុងព្រះនគរ និងក្នុងឃ្លាំងគ្រប់ចៅហ្វាយស្រុក និងស្ដេចត្រាញ់ទាំងប្រាំកុំឱ្យខ្វះខាត។ ទ្រង់ចាត់សំពៅពីរឱ្យទៅទិញកាំភ្លើងគ្រឿងសាស្ត្រាវុធអំពីប្រទេសក្រៅមកទុកក្នុងព្រះនគរជាច្រើនក្រៃពេក។ ទ្រង់ត្រាស់ឱ្យធ្វើរោងដាក់ទុកព្រះទីនាំងនិងទូកចំបាំងត្រៀមតាមស្ទឹងពញាឮនោះរហូតទៅដល់ខាងត្បូងពេញទាំងបឹង។ ក្នុងគ្រានោះប្រទេស ចិន ចាម ជ្វា យួន ចូលមកជ្រកកោនពឹងបុណ្យព្រះបារមីថ្វាយមាសប្រាក់និងសារបាប់ ទួនគាត ខៀនព្រៃជាច្រើន។ អាស្រ័យហេតុនេះហើយទើបត្រាស់ឱ្យហៅស្ទឹងបឹងពញាឮនោះថា ស្ទឹងរោងទូក ថា បឹងត្រងប្រាក់។ វិញអ្នកស្រុកហៅយារៗមកក៏ក្លាយទៅជាស្ទឹងដងប្រាក់ជាប់ ដល់មកបច្ចុប្បន្នកាលនេះ។ ឆ្នាំមមី សំរឹទ្ធិស័ក ពស. ២១១៤ (គ.ស. ១៥៧០, មស. ១៤៩២, ចស. ៩៣២) ព្រះបាទបរមនាថបរមបពិត្រ ទ្រង់ព្រះចិន្តាយល់ថា: ទិសខាងលិចនិងទិសខាងជើងនោះកាលផែនដីសម្ដេចព្រះវររាជបិតាព្រះអង្គទ្រង់ចាត់ធ្វើបន្ទាយចាត់ឱ្យសេនាទាហាន និង ចៅហ្វាយស្រុករក្សាព្រះរាជសីមាមាំមួនណាស់ ហើយនៅឡើយតែទិសខាងត្បូង និងខាងកើតដែលមានព្រៃជាប់នឹងសមុទ្រទៅទល់នឹងស្រុកចាមស្រុកយួននោះ។ ឥឡូវនេះយួន និងចាមនៅកំពុងតែវិវាទជាចំបាំងនឹងគ្នា។ ប្រសិនបើជាចាម ឬយួនមានជ័យហើយ នឹងកំរើកចូលវាយព្រះនគរកម្ពុជានេះយើងពុំទាន់បានទៅធ្វើកំពែងបន្ទាយ ឱ្យជាប់មាំនៅឡើយ។ ទ្រង់ព្រះចិន្តាយល់ដូច្នេះហើយទើបទ្រង់ព្រះបង្គាប់ឱ្យមុខងាររៀបព្រះទីនាំងនាវានិងទុកក្បួនហែឱ្យបានគ្រប់គ្រាន់។ លុះបានពិជ័យឫក្សហើយ ព្រះបាទបរមនាថ បរមបពិត្រ និង រាជសេវកាមាត្យមុខមន្ត្រីលើកព្យុហនាវាត្រាច់ចេញទៅដល់មាត់សមុទ្រហើយទ្រង់តាងព្រះរាជវង្សមួយព្រះអង្គព្រះនាមព្រះបាទអភ័យទោសឱ្យឈររក្សាមាត់សមុទ្រ។ ទ្រង់តាំងស្រុកនោះឱ្យហៅថា "ស្រុកព្រៃនគរ"។ ទ្រង់តាំងឱ្យសម្ដេចព្រះអភ័យទោសនោះឡើងយសមាន ឧកញ៉ាពិជ័យសត មួយទៀតជារងហើយឱ្យធ្វើបន្ទាយរាយល្បាតយាមឱ្យមុតមាំកាលណាបើមានទ័ពជើងទឹកខាងចាម ឬយួនចូលមកឱ្យការពារព្រះនគរឱ្យបានមាំមួន។

លំដាប់ក្រោយមកទៀតព្រះអង្គទ្រង់លើកព្យូហនាវា ត្រឡប់មកដល់កោះស្លាកែតទ្រង់ឱ្យបញ្ឈប់ព្រះទីនាំងប្រថាប់នៅទីនោះ ១៦ ថ្ងៃ។ ចៅហ្វាយស្រុក និងក្រមការខេត្តក៏រៀបទទួលព្រះអង្គយ៉ាងធំគឺមាន របាំល្បែងមហោស្រពលេងសន្ធឹកគឹកកងណាស់អស់ចៅហ្វាយស្រុក និងក្រមការខេត្តដែលនៅជិតនិងទៅមកទាន់ក៏ចូលមកក្រាបបង្គំថ្វាយមាសប្រាក់បណ្ណាការជាច្រើន។ នៅទីនោះព្រះអង្គទ្រង់គង់ព្រះទីនាំងទន្សាយស្លឹកចេញទតព្រះនេត្រ អស់ទីនានាទ្រង់ទត ឃើញមានកំពែងជាប់ដោយអន្លើៗនិង មានព្រះធរណីដល់គោលរញ៉ាដំរីច្រើនកន្លែងទើបទ្រង់សួរអស់ចាស់ប្រជាអ្នកស្រុកណាដែលបានដឹងការណ៍នេះ។ អ្នកស្រុកក្រាបបង្គំទូលថា: ការណ៍នេះទូលព្រះបង្គំទាំងឡាយបានឮចាស់ៗនិយាយតៗមកថា "កាលផែនដីបឋមក្សត្រគឺព្រះបាទកុមេរុរាជព្រះថោងនោះ ព្រះអង្គទ្រង់ឈ្នះសង្គ្រាមព្រះបាទអស្សាជ័យរាជ ព្រះអង្គចាប់បាន ព្រះរាជបុត្រ ព្រះបាទអស្សាជ័យរាជទាំង ៥ អង្គគឺព្រះនាមព្រះសុរិយោវរ្ម័នមួយ ព្រះសុរិយង្គវរ្ម័នមួយ ព្រះសុរិយាវរ្ម័នមួយ ព្រះបរមិន្ទវរ្ម័ន និង ព្រះសូរេន្ទ្រាវរ្ម័នមួយ។ ព្រះរាជបុត្រទាំង ៥ ព្រះអង្គនេះសូមចុះចាញ់ព្រះបារមី ថ្វាយព្រះនគរហើយព្រះអង្គទ្រង់ត្រាស់ឱ្យព្រះសុរិយោវរ្ម័នគ្រប់គ្រងប្រការ ឱ្យព្រះសុរិយង្គវរ្ម័នគ្រប់គ្រងស្រុកទ្រាំងភ្នំបាយ៉ង់កោ ឱ្យព្រះបរមិន្ទវរ្ម័នគ្រប់គ្រងស្រុកត្បូងឃ្មុំ ព្រះសុរិយាវរ្ម័ន ដែលគ្រប់គ្រងស្រុកស្លាកែត ឱ្យព្រះសូរេន្ទ្រាវរ្ម័នគ្រប់គ្រងស្រុកស្ទោង។ សុរិយាវរ្ម័ន ដែលគ្រប់គ្រងស្រុកស្លាកែត នោះបានតាំងវាំងប្រាសាទសុទ្ធសឹងតែថ្ម និង ឈើជើងចាប ឈើតាត្រាវមានរោងសេះ រោងដំរីជាគ្រឿងលំអ។ ទ្រង់តាំងពញាតេជោឱ្យធ្វើទ្វារមួយនៅ មាត់ទន្លេខាងទិសបស្ចឹមជាទ្វារព្រះនគរប៉ែកខាងលិច។ ទ្រង់តាំងពញាជ័យឱ្យសំរេចការខាងជើងគោក។ ទ្រង់តាំងពញាយោឱ្យសំរេចការខាងជើងទឹក ព្រះរាជវង្សានុវង្សនៃព្រះរាជបុត្រអង្គនេះសោយរាជ្យតៗមកអស់ជាច្រើនតំណ។

ស្ដេចចាមទីមួយមានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមនាងពៅសក់ក្រអូបមានរូបឆោមលោមពណ៌និងក្លិនក្លែបក្រអូបណាស់លើសស្រីទាំងឡាយ។ ស្ដេចចាមស្រលាញ់នាងសក់ក្រអូបនេះខ្លាំងណាស់ទ្រាំពុំបានទើបទ្រង់ចូលទៅរួមមនោរម្យនិងនាងនោះទៅ។ ក្នុងខណៈនោះព្រះធរណីក៏កំរើក ខ្ទ័រខ្ទារអស់ ៥ ថ្ងៃ។ ស្ដេចចាមទ្រង់សាកសួរហោរាអំពីព្រឹត្តិការណ៍ចំឡែកនេះ។ ហោរាក្រាបទូលថានៅខ្វះតែ ២ ថ្ងៃទៀតព្រះធរណីនឹងស្រូបព្រះអង្គហើយ។ ស្ដេចចាមសួរហោរាទៀតថា: បើដូច្នោះយើងគិតធ្វើដូចម្ដេចនឹងបានរួចហោរាទូលថា ដើម្បីឱ្យរួចនោះត្រូវតែព្រះអង្គធ្វើពិធីឆាន់ព្រុតទើបបានរួចខ្លួន។ មួយរំពេចនោះ ស្ដេចាមឱ្យហោរាធ្វើហោមពិធីរួចហើយទើបស្ដេចយាងចុះទូកព្រះទីនាំងមួយហោរាចុះទូកមួយនាំស្ដេចរត់ចេញទៅបាន ២ យប់ ២ ថ្ងៃ។ ពេលនោះទឹកគួចលិចទូកហោរានោះស្លាប់ទៅ។ ហេតុនេះហើយបានជាស្រុកនេះហៅថាស្រុកលង់ហោរ។ ព្រះរាជវាំងដែលស្ដេចគង់នោះត្រូវព្រះធរណីស្រូបជាបន្ទាន់ក្នុងពេលដែលស្ដេចឡើងគង់លើព្រះទីនាំងនាវា ហេតុនេះហើយបានជាកន្លែងនោះហៅថា បឹងប្រាសាទឃុំជៃយោ តែយារៗមកហៅថាឃុំទយោ ភូមិបន្ទាយដែករៀងរហូតមកទល់សព្វថ្ងៃនេះ។ ឯស្ដេចចាមដែលរត់ទៅនោះកាលបើឃើញហោរាលង់ទឹកស្លាប់បាត់ទៅហើយភ័យណាស់ទើបខំស្រូតព្រះទីនាំងឱ្យដល់ស្រុកក្រោមឯនាយ។ ខណៈនោះទួនភិនដែលត្រូវជាព្រះអនុជជីទួតមួយ និង ព្រះអង្គកាលបើបានដឹងរឿងនេះហើយក៏មកទទួលអញ្ជើញព្រះបាទសូរិយាវរ្ម័នឱ្យគង់នៅក្នុងប្រាសាទនោះ។ លុះវេលាយប់ព្រះធរណីក៏ស្រូបទាំងវាំងប្រាសាទនោះទៅទៀត។ ហេតុនេះហើយបានជាមានពាក្យហៅប្រាសាទស្រុតរហូតមកដល់សព្វថ្ងៃ។ ព្រះបរមនាថ បរមបពិត្រទ្រង់បានជ្រាបហើយទ្រង់ប្រែឈ្មោះកោះស្លាកែតនោះឱ្យហៅថាខេត្តលើកដែកវិញ។ (កន្លែងនេះដូចជាការបំពេញសាច់រឿង នាងសក់ក្រអូបដូចនឹងរឿងរបស់បុត្រាព្រះចន្ទរាជា ព្រះរាមាធិបតីដែរ ប្រាកដជារឿងប្រឌិតមាននៅក្នុងពង្សាវតារជៀងម៉ៃ)

តមកព្រះអង្គត្រឡប់មកភ្នំពេញព្រះអង្គទ្រង់ឡើងគង់ព្រះទីនាំងគជេន្ទ្រាលើកព្យូហនាវាតំរង់ទៅទន្លេបាទីទៀត។ នៅទីនោះទ្រង់ទតព្រះនេត្រឃើញប្រាសាទថ្មល្អថ្ងៃថ្លា។ ទ្រង់ត្រាស់សួរបណ្ដាអ្នកស្រុកចាស់ទុំដែលបានដឹងការណ៍គ្រប់ៗគ្នា។ អ្នកស្រុកក្រាបបង្គំទូលថា : កាលដើមផែនដី ព្រះថោងកុមេរុរាជ ព្រះអង្គទ្រង់ឈ្នះទ័ពព្រះបាទអស្សាជ័យរាជ ព្រះអង្គមានបុណ្យទ្រង់ប្រោសព្រះរាជបុត្រព្រះបាទអស្សាជ័យរាជទាំង ៥ ព្រះអង្គឱ្យគ្រប់គ្រង ស្រុកត្បូងឃ្មុំមួយ ស្រុកបាយ៉ង់កោមួយ ក្នុងខេត្តតាកែវ ស្រុកភ្នំរាជជីសូរ ភ្នំជីសូរក្នុងខេត្តតាកែវមួយ កោះស្លាកែតមួយ ស្រុកស្ទោងមួយ។ ឯស្ដេចដែលគង់នៅភ្នំរាជជីសូរនោះព្រះអង្គទ្រង់ បានឱ្យសាងប្រាសាទរាជវាំងជាវិការនៃថ្មនៅលើភ្នំនោះហើយទ្រង់ឱ្យសាងប្រាសាទថ្មមួយនៅមុខភ្នំសឹងមានធ្វើជាត្រឡែងកែងមានស្រះស្រង់ថ្លាច្បារដំណាំ។ ព្រះអង្គគង់នៅទីនោះបាន ៤ ខែ។ តមកដល់រាជ្យព្រះបាទសុរិយោទ័យវរ្ម័ន ព្រះអង្គទ្រង់យល់ថាទីនោះមានទឹកពុំបរិបូរណ៍ទើបព្រះអង្គលើកគ្រប់គ្រួឱ្យមកសាងប្រាសាទនៅទន្លេបាទីវិញ។ លុះដល់មកផែនដីរបស់ព្រះអង្គទើប ព្រះអង្គទ្រង់បានត្រាស់ ឱ្យសេនាទាហានមករំលាយស្ដេចចាមទាំងនោះអស់ទៅហើយទ្រង់ចាត់ឱ្យព្រះរាជបុត្ររបស់ព្រះអង្គមកគ្រងស្រុកទាំង ៥ នោះវិញ។ លុះមកដល់ផែនដីព្រះធនញ្ជ័យគោរព្យរាជស្ដេចទាំង ៥ ព្រះអង្គនោះពុំព្រមខ្លបខ្លាចព្រះអង្គ។ សេនាបតីបង្គាប់ ការអ្វីៗមកព្រះអង្គ ព្រះអង្គពុំសូវយកព្រះទ័យទុកដាក់សោះ។ ដូច្នេះហើយទើបព្រះបាទធនញ្ជ័យគោរព្យរាជទ្រង់បន្ថយទីសម្ដេចនោះចេញពុំឱ្យហៅសម្ដេចចៅពញាទេ ទ្រង់ឱ្យហៅត្រឹមតែចៅពញាវិញ ដូចជាសេនាបតីក្នុងព្រះនគរ។ ព្រះបាទបរមនាថ បរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយព្រះអង្គទ្រង់ប្រែងារចៅហ្វាយស្រុកទាំងពីរនោះជាឧកញ៉ាវង្សាអនុជិតដោយទ្រង់គិតថាវង្សា គឺពីដើមជាវង្សស្ដេចចាមអនុជិតនោះ គឺ ព្រះអង្គអនុញ្ញាតិឱ្យមន្ត្រីខ្មែរដែលជិតដិតនឹងព្រះអង្គនោះឱ្យគ្រប់គ្រងស្រុកបាទីនោះតទៅ។ លុះព្រះបរមបពិត្រ ទ្រង់រៀបចំស្រេចបាច់ហើយស្ដេចលើកយោធាទាហានទៅថ្កាននៅភ្នំបាយ៉ង់កោ។ លុះទ្រង់យាងទៅដល់ស្ទឹងស្លាគូ ព្រះអង្គឱ្យតាំងព្រះពន្លាហើយព្រះអង្គឡើងគង់សំរាកព្រះហឫទ័យនិងសំរាកកំលាំងនៃសេនាទាហាននៅទីនោះ។

ការបះបោររបស់បណ្ឌិតកែវ

កែប្រែ

ក្នុងខណៈនោះមានបណ្ឌិតម្នាក់ឈ្មោះកែវខ្លួនតូចស្ដើងរាងមូល ដៃទន់វែងឱបប្រណម្យសំពះទៅក្រោយខ្នងបាន។ កែវនេះចេះមន្តវិជ្ជាការមាំមួនណាស់គាត់យកដែកសាក់ដាក់ជាតិហិង្គុលនៅបាតដៃបាតជើងធ្វើជាកងចក្រហើយចូលទៅតាំងសិល្ប៍នៅភ្នំបាយ៉ងកោបាន ១ ឆ្នាំ ៧ ខែ ៧ ថ្ងៃរួចមកហើយមានអ្នកស្រុកចុះចូលជាច្រើន។ កែវតាំងខ្លួនជាព្រះបាទជាន់ជុំ។ លុះដឹងថាព្រះបរមបពិត្រស្ដេចយាងមកដល់ស្ទឹងស្លាគូហើយក៏គិតថាព្រះអង្គមុខជានឹងលើកទ័ពទៅធ្វើទោសខ្លួន។ កែវក៏ប្រជុំស្ម័គ្របក្សពួកបានជាច្រើនតាំងពិធីប្រក់ព្រំពលហើយតាំង ចាត់នាយកង នាយទ័ព ឱ្យឃុំរេហ៍ពលជាប៉ែក ឆ្វេង ស្ដាំ មុខ ក្រោយចែកជា ៣ កងហើយលបលើកទាំងយប់នោះឱ្យចូលដេញលុកទ័ព ឧកញ៉ាពិស្ណុការ ចៅហ្វាយស្រុកខេត្តទ្រាំង ខ្លះទៀតទៅខាងពាមខាងបន្ទាយមាស។ ចៅហ្វាយស្រុកទាំង ៣ ខេត្តនោះបានដឹងខ្លួនទាន់ក៏គេចបាត់អស់ទៅ។ កែវបានឱ្យទ័ពទៅបង្ក្រាបខេត្តឧម៉ោ បាសក្ដិ ព្រះត្រពាំង ក្រមួនសបានខេត្តជាច្រើននៅខាងជើងភ្នំបាយ៉ង់កោគាត់ឱ្យឈ្មោះហៅថា : ព្រះរាជវាំងព្រះបាទជាន់ជុំ។ ព្រោះហេតុនោះហើយបានជាហៅភូមិនោះថា: ភូមិព្រះបាទជាន់ជុំរហូតមកដល់សព្វថ្ងៃនេះ។ ចៅហ្វាយស្រុកខេត្តទ្រាំង បន្ទាយមាស ពាម កំពត កំពង់សោម បែកទ័ពរត់ចោលបុត្រភរិយាទៅពួនព្រៃ។ លុះដឹងថា ព្រះបរមបពិត្រស្ដេចយាងទៅ ប្រថាប់នៅស្ទឹងស្លាគូដូច្នេះ ត្រេកអរសោមន្សណាស់ទើប នាំគ្នាចូលទៅក្រាបបង្គំគាល់ទូលតាមដំណើរសព្វគ្រប់ប្រការ។ ព្រះបរមនាថបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ចៅហ្វាយស្រុកទ្រាំង ៥ ខេត្តឱ្យចេញកេណ្ឌកងទ័ពចាត់ជាទ័ពមុខក្រោយឆ្វេងស្ដាំស្រេចហើយ ឱ្យលើកទៅបង្ក្រាបព្រះបាទជាន់ជុំ។ ឈ្មោះកែវដែលតាំងខ្លួនជាព្រះបាទជាន់ជុំដេញកងទ័ពឱ្យចេញពីបន្ទាយច្បាំងតនឹងទ័ពចៅហ្វាយស្រុកទាំង ៥ ខេត្តនោះដែរ។ កងទ័ពចៅហ្វាយស្រុកទាំង ៥ ខេត្តបានចិត្តដោយព្រះបរមបពិត្រព្រះអង្គទ្រង់ប្រថាប់នៅជិតទីនោះដែរ ក៏ឥតមានសេចក្ដីកោតញញើតនឹងសត្រូវទាំងនោះឡើយនាំគ្នាបុករុកចូលទៅដល់ជើងបន្ទាយហៀបតែ នឹងយកបន្ទាយបានទៅហើយប៉ុន្តែព្រះបាទជាន់ជុំឃើញដូច្នោះក៏ឡើងទៅលើបញ្ជាក្បាលបន្ទាយយកអង្ករមកសែកមន្តវិជ្ជាការកើតជាឃ្មុំឱម៉ាល់ដេញទិចកងទ័ពចៅហ្វាយស្រុកទាំង ៥ ខេត្តកងទ័ពទាំងនោះទ្រាំពុំបានក៏រត់ចោលចៅហ្វាយស្រុកទាំង ៥ ខេត្តយករួចតែខ្លួន។ ចៅហ្វាយស្រុកទាំង ៥ ខេត្តក៏យកការណ៍មកក្រាបបង្គំទូលព្រះករុណា។ ព្រះករុណាទ្រង់ព្រះមេត្តាប្រោស ទ្រង់មានព្រះរាជឱង្ការថា : សិល្ប៍វិជ្ជារបស់កែវនេះកំពុងខ្លាំងពូកែណាស់ វាតែងតែមានជ័យជំនះជាមុនដូច្នេះហើយ។ លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ទ្រង់ត្រាស់បង្គាប់ទៅឧកញ៉ាចក្រីសំឱ្យធ្វើជា មេទ័ព ស្ដាំឱ្យ ឃុំពល ៥០០០ នាក់ឱ្យសម្ដេចព្រះពញាទេពជាមេទ័ពឆ្វេងឃុំពល ៥០០០ នាក់។ មេទ័ពទាំងពីរ ថ្វាយបង្គំលាចេញមកចាត់សេនាទាហានជាមេទ័ពមុខក្រោយ ឆ្វេង ស្ដាំរួចស្រេចហើយ ក៏លើកទៅព័ទ្ធបន្ទាយព្រះបាទជាន់ជុំទៀត។ ព្រះបាទជាន់ជុំឃើញហើយក៏ឡើងលើបញ្ជាក្បាលបន្ទាយសំដែងសិល្ប៍មន្តវិជ្ជាការកើតជាឃ្មុំឱម៉ាល់ដេញទិចកងទ័ពហ្លួងទាំងពីរកងដូចមុនទៀត។ កងទ័ពហ្លួងទ្រាំពុំបានក៏ដោះទ័ពថយមកវិញ។ លុះមកដល់វាលចុងអង្ករមេទ័ពហ្លួង ឱ្យបញ្ឈប់ទ័ព ដើម្បីប្រមូលកងទ័ព ហើយឱ្យតាំងបន្ទាយរាយល្បាត តាមក្បួនពិជ័យសង្គ្រាមទើបធ្វើសំបុត្រមកថ្វាយ ព្រះបរមបពិត្រតាមដំណើរសូមឱ្យ ព្រះអង្គថែមកងទ័ពមកទៀត។ ក្នុងគ្រានោះ ព្រះបរមបពិត្រប្រថាប់ទ័ពនៅឃុំគូ ខេត្តទ្រាំង ជូនពេលជាមួយគ្នានោះមាន បុរសម្នាក់ឈ្មោះសូរ បួសនៅវត្តភ្នំជីសូរ ទើបតែចូលទៅថ្វាយខ្លួនថ្មី កាលបើបានដឹងសេចក្ដីហើយ ក៏ទូលសូមធ្វើការថ្វាយ។ ព្រះបរមបពិត្រ ទ្រង់ពិសោធតំរិះប្រាជ្ញា និង សិល្ប៍វិជ្ជា ការសព្វសារពើលុះទ្រង់ យល់ថាល្មមធ្វើការបានហើយ ព្រះអង្គក៏ឱ្យគ្រងងារជា ឧកញ៉ាវង្សាអគ្គរាជហើយ ទ្រង់ចាត់យោធាទាហាន ៥០០​ នាក់ឱ្យទៅ។ ឧកញ៉ាវង្សាអគ្គរាជសូរ ទទួលយកកងទ័ពទាំង ៥០០ នាក់នោះទៅចូលរួមជាមួយកងទ័ព ឧកញ៉ាចក្រី សម្ដេចព្រះពញា។ នៅទីនោះ ឧកញ៉ាវង្សាអគ្គរាជប្រឹក្សាព្រមគ្នាឱ្យរើសស្រីផ្កាមាសពីរនាក់ ដែលមានរូបយ៉ាងល្អៗ គឺឈ្មោះនាង "ស" មួយ នាង "នួន" មួយហើយឱ្យរើសបានចៅកៅ នាងពេញមួយ ចៅទិតនាងសៅមួយ ឱ្យធ្វើជា ឪពុកម្ដាយ នាងស និង នាងនួននោះ។ លុះបានហើយ "សូរ" ក៏និយាយ និង ឪពុកម្ដាយ នាងស និង នាងនួន ឱ្យគិតធ្វើឧបាយកលដល់ព្រះបាទជាន់ជុំនោះច្រើនប្រការ។ ថាបើធ្វើឧបាយកលបានហើយគាត់នឹងឱ្យរង្វាន់ជាមាសប្រាក់ឱ្យពេញចិត្ត។ លុះបានទទួលបណ្ដាំជាស្រេច ឈ្មោះទាំង ៤ នាក់ដែលធ្វើជាឪពុកម្ដាយនាងស និង នាងនួននោះ នាំនាងទាំងពីរនាក់ព្រមទាំងផលានុផលទៅក្រាបបង្គំទូលថ្វាយ ព្រះបាទជាន់ជុំ។ ព្រះបាទជាន់ជុំចេញពីក្នុងមកនាងទាំងពីរ ក៏ថ្វាយបង្គំប្រើចុងភ្នែក ឱ្យសមរម្យជាដង្វាយសំរាប់ព្រះបាទជាន់ជុំ។ ព្រះបាទជាន់ជុំឃើញក៏ពេញព្រះទ័យណាស់ ទើបត្រាស់សួរចៅកៅ នាងពេញ ចៅទិត្យ នាងសៅ តាមដែលខ្លួនចង់ដឹង។ អ្នកទាំង ៤ នាក់ឆ្លើយថានាងទាំងពីរ នាក់នេះជាកូនរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់សូមចូលមកជ្រកកោនសុំពឹងបុណ្យព្រះបារមី នៃព្រះអង្គជាម្ចាស់ ត្បិតកងទ័ពហ្លួងខាងជើងនេះ កំហែងរឹបជាប់ពន់ប្រមាណណាស់។ ព្រះបាទជាន់ជុំទ្រង់ព្រះសណ្ដាប់ហើយ ដោយសេចក្ដីស្នេហាចំពោះនាងទាំងពីរនាក់នោះ ក៏ទទួលយកទាំងប្រញាប់ព្រមទាំងទទួលនាំនាងទាំងពីរនាក់ចូលទៅក្នុងផង។ លុះវេលាយប់ ព្រះបាទជាន់ជុំ ក៏ចូលទៅសេពសម្ផស្ស និងនាងទាំងពីរនាក់នោះតាមសេចក្ដីស្នេហា។ នាងទាំងពីរនាក់ក៏តាំង ធ្វើកិរិយាសំរើបរាជហឫទ័យ។ នៅពេលដែលព្រះរាជា ស្រង់ទឹកក្ដីសោយក្ដីនាងទាំងពីរនាក់ក៏យកទឹកស្មោគគ្រោកមកលាងថ្វាយស្រង់សោយជាអចិន្ត្រៃយ៍។ លុះគ្រប់ ៧ ថ្ងៃហើយនាងទាំងពីរឱ្យចៅកៅ នាងពេញ ចៅទិត នាងសៅ ដែលក្លែងធ្វើជាមាតាបិតាខ្លួននោះទៅជំរាបមេទ័ពហ្លួងទាំង ៣ កង។ មេទ័ពហ្លួងទាំង ៣ កងកាលបានដឹងហើយ ក៏ចាត់កងទ័ពឱ្យស្ទាក់ផ្លូវទាំង ៤ ទិសហើយឱ្យលើក ទ័ពទៅឡោមបន្ទាយព្រះបាទជាន់ជុំនោះជា ៣ ផ្លូវ។ ព្រះបាទជាន់ជុំនឹកស្មានថា ខ្លួនមានមហិទ្ធិឫទ្ធិខ្លាំងពូកែប្រសិទ្ធីបានដូចដើមនៅឡើយក៏ឡើងលើបញ្ជាហើយរាយមន្តវិជ្ជាការដូចមុនទៀត។ ប៉ុន្តែសិល្ប៍នោះ រាយទៅមិនកើតដូចដើមសោះទើប ព្រះបាទជាន់ជុំ ក៏រត់ចេញពីបន្ទាយទៅទិសខាងត្បូងប្រាថ្នាឱ្យរួចខ្លួន។ តែពេលនោះគាត់រត់ទៅជួបនឹងទ័ព វង្សាអគ្គរាជសូរ វង្សាអគ្គរាជ ក៏ឱ្យទាហានដេញចាប់បានខ្លួន ព្រះបាទជាន់ជុំ យកដាក់ទ្រុងហើយនាំមកជួបជុំទ័ព។ វង្សាអគ្គរាជសូរ ក៏នាំទ្រង់នោះមកក្រាបថ្វាយព្រះបរមបពិត្រឱ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រ ទ្រង់បានឱ្យប្រហារជីវិត ព្រះបាទជាន់ជុំនោះ ចោលទៅហើយទ្រង់បង្វែរប្រាសាទវាំងនៅភ្នំបាយ៉ង់កោ ភ្នំជីសូរ និង ទៅទន្លេបាទីនោះឱ្យទៅជាវត្ត។ ទ្រង់ឱ្យនិមន្ត ព្រះសង្ឃទៅគង់ចាំព្រះវស្សា។ ឯនាងស នាងនួន ចៅកៅ នាងពេញ ចៅទិត នាងសៅ ដែលទទួលធ្វើកលបន្សាប ព្រះបាទជាន់ជុំនោះព្រះបរមបពិត្រ ទ្រង់ព្រះប្រទានមាសប្រាក់ស្រែចំការ ជារង្វាន់ហើយស្ដេចឱ្យរួចពន្ធ ព្រះរាជធានីផង។ លុះចាត់ចែងសំរេចដូច ព្រះរាជហឫទ័យ ហើយព្រះអង្គ លើកព្យូហបាទយាត្រា វិលមកព្រះរាជវាំងលង្វែក ដែលជាព្រះរាជធានីវិញ។

ជនជាតិចាមសុំចុះចូល

កែប្រែ

កាលនៅឯនគរផាងរិ ផាងរ៉ាង (បណ្ឌុរង្គ) ជានគរចាមដែលខ្មែរហៅថា បាញ់តិក បាញ់ត្រាង ដែលយួនហៅថា ជិបថាញ់ ជានគរទិសខាងកើត ក្រុងនគរកម្ពុជាធិបតីវិញ។ កាលអំពីដើមរៀងមក នគរនេះមានស្ដេចសោយរាជ្យសម្បត្តិតព្រះវង្ស ជាច្រើនតំណ ហើយជាចំណុះក្រុងកម្ពុជាតាំងអំពីបុរាណក្រស័ត្ររៀងមក។ លុះដល់ពូជបោសោម នគរនេះក៏លែងដាច់ជាចំណុះក្រុងកម្ពុជា ហើយតាំងខ្លួនជានគរឯករាជ្យត្រកូល បោ ជាលំដាប់រៀងៗមកជាច្រើនអង្គ។ ស្ដេចចាមក៏ដាច់ពុំជាចំណុះប្រទេសណាឡើយ។ លុះដល់ ពស.២០៨២, គស.១៥៣៨, មស.១៤៦០, ចស.៩០០ ឆ្នាំច អដ្ឋស័ក ស្ដេចចាមជាន់នោះឈ្មោះ បោភិកស័ក ជាស្ដេចសោយរាជ្យក្នុងនគរចាមនោះ ស្ដេចយួនឱ្យ អុងខាំតាន់កាន់ជាមេទ័ពលើកពល ៣០០០០ នាក់ដើរជើងទឹកចូលច្បាំងវាយនគរចាមតាមផ្លូវមាត់សមុទ្ទ។ ទ័ពយួនសំលាប់បោភិនស័កស្លាប់ទៅ។ ស្ដេចចាមដែលសោយរាជ្យតៗមកបានធ្វើសង្គ្រាមនឹងយួនច្រើនរាជ្យច្រើនគ្រាណាស់។ ទីបំផុតទ័ពយួន វាយយកបាននគរចាមហើយអុងខាំតាន់ក៏តាំងបោអិនភិរៃឱ្យឡើងសោយរាជ្យ ស្ដេចចំណុះនគរយួន។ លុះដល់ក្រោយមកបោរាត ជាពូជព្រះវង្សចាមគិតនិងលាកស្មើណាជ្វា (លក្ឝ្មណ៍) ក្បត់យួន យួនដឹងទាន់ក៏ ដេញចាប់បោរាតចាម និង លាក់ស្មើណាជ្វា។ អ្នកទាំងពីរនេះ ក៏ផាត់កៀរគ្រួនាំគ្នាមកតាំងនៅត្រើយខាងលិចទន្លេបាសក្ដិ ដែលក្នុងខេត្តស្បៀងជិត ប្របដែនក្រុងកម្ពុជាធិបតី ហើយទទួលជាចំណុះ ពញាអរជូន ចៅហ្វាយស្រុកត្បូងឃ្មុំទៅ។ សម្ដេចព្រះបរមិន្ទរាជាជាបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយទ្រង់ប្រោស ឱ្យពញាអរជូនទទួលចាមជ្វាទាំងនោះជាខ្ញុំ នៅក្នុងខណ្ឌសីមាចុះ។ សម្ដេចព្រះបរមិន្ទរាជា បរមបពិត្រជាអម្ចាស់ ស្ដេចសោយរាជសម្បត្តិជាសុខសាន្ត បរិបូណ៌ទៅដោយស្បៀងអាហារឥតខ្វះឡើយ។ ក្រុងកម្ពុជាធិបតី ខេមរាប្រទេស កាលជាន់នោះប្រកបដោយសេចក្ដី សុខសប្បាយអស់អាណាប្រជានុរាស្ត្រ ក្នុងព្រះនគរប្រកបទៅដោយគ្រឿងល្បែង ភ្លេងរាំជាសុខក្សេមក្សាន្ត សប្បាយណាស់។

**សង្គ្រាមខ្មែរ-សៀមលើកទី១

កែប្រែ

លុះកន្លងមកដល់ ពស.២១១៤, គស.១៥៧០, មស.១៤៩២, ចស.៩៣២ ឆ្នាំមមី សំរឹទ្ធិស័ក ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះតំរិះអំពីការសង្គ្រាមស្រុកសៀម លាវទើបព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យជួបជុំព្រះបរមរាជវង្សានុវង្ស អង្គអគ្គសេកោព្រឹន្ទាមាត្រ ក្រាបបង្គំគាល់តាមយសសក្ដិតាមតំណែងធំ តូច ទើបមានព្រះរាជឱង្ការថា ក្រុងស្រីអយុធ្យា និង នគរសៀមទាំង ៧ នោះធ្លាប់ចំណុះក្រុងកម្ពុជារៀងមក តែដល់មកផែនដី ព្រះបាទអាទិត្យវង្ស ព្រះអង្គមានព្រះកាណ៌ទិព្វ ព្រះនេត្រាទិព្វនោះ ទ្រង់មានព្រះរាជបុត្រាមួយ និងនាងនាគជាពងនោះកើតឡើងជាពញារោង មានមាត់ទិព្វ ហើយខ្ចាត់ទៅនៅស្រុកណោងស្នោ និង សុខោទ័យ។ ព្រះអង្គមានព្រះរាជបុត្រាមួយអង្គទៀតជាមនុស្ស ទ្រង់ព្រះនាម ព្រះបាទបទុមសូរ្យវង្ស ទ្រង់មានព្រះនេត្រ ជាទិព្វទាំងអស់ទ្រង់ ជ្រាបថា: ពញារោងជាសម្ដេចព្រះជេដ្ឋា ខ្ចាត់ទៅនៅស្រុកសុខោទ័យ ដូច្នោះទ្រង់ប្រោសលើកស្រុកនោះ ថាឯករាជ្យ ឱ្យលែងនាំសួយសារផ្កាមាស ប្រាក់មកថ្វាយក្រុងកម្ពុជាទៅ។ ពញារោងមានបុណ្យវាយនគរសៀម បានជាចំណុះទាំង ៧ នគរ និងស្រុកលាវខ្លះផង។ លុះដល់ ពញារោងសុគតទៅ ពញាឝ្រីសុពណ៌ (ស៊ីសុភ័ណ) ជាព្រះរាជបុត្រា ឡើងសោយរាជ្យស្នងដឹងខ្លួនថាជាព្រះភាគិនេយ្យោនៃព្រះមហាក្សត្រខ្មែរ ក៏ឱ្យនាំសួយសារផ្កាមាសប្រាក់ មកថ្វាយព្រះបុទមសូរ្យវង្ស ជាសម្ដេចព្រះបិតុលារៀងរាល់រដូវ។ លុះដល់ព្រះបាទបទុមសូរ្យវង្សសុគតទៅ ក្រុងស្រីអយុធ្យានោះ ត្រូវព្រះចៅសិរីវិជ័យ ស្រុកជៀងសែនមានបុណ្យមានអំណាចប្រាបប្រាមពូជពញារោងបាន បានជាស្ដេចធំក្នុងនគរសៀមទៅ។ ដល់ចៅឧទងកុមារបានសោយរាជ្យ ស្ដេចនោះឱ្យលើកទ័ពមកវាយក្រុងកម្ពុជាធិបតីម្ដងហើយឱ្យកូនសោយរាជ្យម្ដង។ ដល់មករាជ្យ សម្ដេចព្រះអយ្យកោ ទូតស្ដេចដេញសៀមចេញហើយយកបានព្រះនគរវិញ។ ដល់មករាជ្យសម្ដេច ព្រះវររាជបិតា សៀមលើកទ័ពមកដល់នគរវត្តម្ដងទៀត និងឱ្យពញាអុង លើកទ័ពមកដល់ស្រុកពោធិ៍សាត់ម្ដងទៀត តែសម្ដេចព្រះវររាជបិតា ស្ដេចមានតេជៈបារមីណាស់ ដូច្នេះសៀមក៏បរាជ័យយចាញ់ទាំងពីរលើកទៅ។ វាធ្វើយើងច្រើនគ្រាណាស់ហើយ ក្រុងកម្ពុជាយើងឥតមានទោសអ្វីនឹងវាសោះ។ ឥឡូវផែនដីរបស់អញគួរតែគិតសងសឹកសៀមខ្លះទើបបាន តែបើអញសំងំស្ងៀមយូរទៅ មុខជាសៀមយកកូនខ្មែរទៅធ្វើជាខ្ញុំពុំខានឡើយ។

កាលទ្រង់ព្រះតំរិះដូច្នេះហើយព្រះករុណាស្ដេចទ្រង់ឱ្យកេណ្ឌកងទ័ពបាន ៣៣០០០ នាក់មកជួបជុំនៅព្រះរាជធានីលង្វែក។ ទ្រង់ប្រោសឱ្យសម្ដេច ព្រះរាជបុត្រ និង មន្ត្រីក្រុមស្រុកនៅចាំព្រះនគរ។ ទ្រង់ត្រាស់ ព្រះវង្សចម្បាធិរាជជាមេទ័ពមុខឱ្យមុខមន្ត្រីក្រុមទាហានរៀបពលជាក្បួនទ័ពពិជ័យសង្គ្រាម។ លុះដល់ថ្ងៃ ១ កើត ខែបុស្ស ឆ្នាំមមី សំរឹទ្ធិស័ក ព.ស.២១១៤, គ.ស.១៥៧០, មស.១៤៩២, ចស. ៩៣២ ជាថ្ងៃសុភមង្គលបានឫកល្អហើយ ស្ដេចទ្រង់គ្រឿងប្រដាប់សំរាប់ខត្តិយាវង្ស ទ្រង់សុវណ្ណបញ្ចង្គសំរាប់ រណយុទ្ធរួចជាស្រេច ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រចងសុវណ្ណមណ្ឌប គ្រឿងប្រដាប់សំរាប់គជាគ្រប់គ្រឿង។ លុះបានវេលាឫក្សពារល្អហើយ ព្រះហោរាធិបតី ក៏គោះគងទូងភេរី ផ្លុំត្រែ ផ្លុំស័ង្ខប្រគុំភ្លេងតូរ្យតន្ត្រី ស្ដេចព្រឹន្ទាពលាពល បូរាណអានថា : ព្រឹន្ធា។ បើជាគុណនាមពាក្យនេះប្រែថា ច្រើន ទាំងអស់ បើជានាមវិញប្រែថា ពួកចំនួនច្រើន។ ក្នុងទីនេះ ព្រឹន្ទាពលាពល ប្រែថា លើកពលទៅទាំងអស់។ ព្រមទៅដោយគ្រឿងមង្គលចាមរ បៃមន ក្លស់ក្លំ អភិរម្យសែនត្វាន់បាំងសែងព្រះសុរិយាត្រៀបត្រាទង់ជ័យប្រពៃទៅដោយចតុរង្គ ព្យូហៈ គជសារ ពាជិរឹទ្ធិពលសឹកសន្ធឹកទៅដោយទាហានថ្មើរជើង កាន់នូវគ្រឿងអាវុធស្រេច ស្ដេចត្រាប់ដោយមាគ៌ាជាលំដាប់ផ្លូវទៅបស្ចឹមទិស។ ឯព្រះចម្បាធិរាជវង្សធំ ជាមេទ័ពមុខលើកទ័ពស្រួចរត់ដល់ស្រុកបស្ចឹមបុរី ជាដែននគរសៀមហើយ ក៏ដេញទ័ពមុខឱ្យចូលវាយលុកបែកបានស្រុកនគរនាយកមួយវាយស្រុកតូចៗរៀងតាមផ្លូវទៅរហូតឥតឈប់ឈរឡើយហើយចាប់បានឈ្លើយសៀមជាច្រើនទៀត។ ឯទ័ពហ្លួងក៏ស្ដេចតាមលំដាប់ទ័ពមុខរៀងៗទៅ។ ចៅហ្វាយស្រុក និងក្រមការខេត្តខាងសៀមដែលបរាជ័យ ចាញ់ដៃព្រះចម្បាធិរាជ ហើយដែលរត់ចូលទៅនោះក៏ខំស្រូតទៅដល់ក្រុងស្រីអយុធ្យា រួចក៏នាំគ្នាចូលទៅក្រាបបង្គំទូលសម្ដេចព្រះមហាព្រះចៅធម៌រាជា ស្ដេចសៀមឱ្យទ្រង់ជ្រាបគ្រប់ប្រការ។

ស្ដេចសៀមជ្រាបហើយទ្រង់ភ័យបារម្ភណាស់ ទ្រង់ប្រជុំអស់សេនាបតីធំតូចប្រឹក្សាគ្នាថា : ទ័ពខ្មែរលើកមកម្ដងនេះ យើងនឹងគិតដូចម្ដេច ខណៈនោះ ចៅពញាឥន្ទ្រានគរបាល និងសេនាបតីមន្ត្រីសៀមក្រាបទូលព្រះចៅមហាធម៌រាជាធិរាជថា : ព្រះមហានគរស្រីអយុធ្យា យើងនេះទើបនឹងខូចខាតអន្តរាយថ្មីៗ។ មនុស្សទាំងឡាយនិងកាំភ្លើងតូចធំគ្រឿងសាស្ត្រាវុធនោះសម្ដេច ព្រះចៅ**ហង្សាវតីស្ដេចយកអស់ទៅហើយ យើងគង់នៅឡើយតែមនុស្សសំណល់គ្រួមួយម៉ឺន និង មនុស្សដែលសេសសល់នៅស្រុកក្រៅក៏ច្រើនមែន តែបើយើងនឹងកេណ្ឌឱ្យចូលមកក្នុងពេលឥឡូវនេះក៏ពុំបាន។ មួយវិញទៀតកាំភ្លើង គ្រាប់រំសេវ យើងក៏មានតិចឃើញថា យើងតទល់នឹងទ័ពខ្មែរពុំបានឡើយ។ ដូច្នេះសូមអញ្ជើញព្រះចៅយូហួ ស្ដេចគេចថយទៅស្រុកពិស្ណុលោកឱ្យផុតពីទ័ពខ្មែរសិនចុះ។ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់សណ្ដាប់ហើយទ្រង់ព្រមនឹងរៀបចំព្រះរាជដំណើរនិងរត់ទៅស្រុកពិស្ណុលោកតាមសេចក្ដីអញ្ជើញពីអង្គប្រជុំហើយប៉ុន្តែកាលនោះមានមន្ត្រីម្នាក់ឈ្មោះពង្សពេជ្ររ័ត្ន ជាចៅហ្វាយស្រុកពេជ្របូរីខុស នឹង សម្ដេចព្រះចៅសៀម។ មន្ត្រីនេះគិតក្បត់លើកទ័ពមកវាយស្ដេចក្រុងសៀមកុំឱ្យស្ដេចសៀមរត់ទៅបាន។ ព្រះចៅមហាធម៌រាជា ជ្រាបថាទ័ពខ្មែរកាន់តែមកជិតណាស់ហើយខាងមន្ត្រីសៀម ឯណេះក៏ក្បត់រាំងផ្លូវរកយាងទៅមិនរួចទ្រង់វិតក្កពុំដឹងជាថា នឹងដោះដៃទៅខាងណាឱ្យរួចបាន។ ខណៈនោះទើប ព្រះចៅទ្រង់ត្រាស់សួរ ឃុនទេវរៈជូនថា : ទ័ពខ្មែរម្ដងនេះយើងទៅ រឺ នៅ។ ឃុនទេវរៈជូនក្រាបទូលថា : សូមព្រះមេត្តាប្រោស ទ័ពខ្មែរនេះជាបុណ្យព្រះបារមីនៃព្រះករុណាជាអង្គម្ចាស់ណាស់ហើយ ព្រោះខ្មែរមិនបានកេណ្ឌពលមកច្រើនទេ ព្រោះនគរយើងសោត ក៏មានទឹកទន្លេព័ទ្ធជុំវិញ បើពលខ្មែរតិចសូមស្ដេចកុំចេញពីបន្ទាយឡើយ។ បើពលយើងតិចមិនពេញបន្ទាយទេ ពលខាងខ្មែរក៏តិចដែរ គួរតែស្ដេចគង់នៅទើបល្អពុំគួរស្ដេចទៅចោលព្រះនគរឡើយ បើកាលណាព្រះអង្គស្ដេចយាងទៅ ហើយការណ៍នេះ ជ្រាបដល់ព្រះចៅក្រុងហង្សាវតីហើយ ព្រះចៅទ្រង់ នឹងនិន្ទាបានជាមិនខាន។ ព្រះមហាធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ព្រះសណ្ដាប់ឮដូច្នោះហើយទ្រង់យល់ថា: សេចក្ដីដែលឃុនទេវរៈជូនទូលនេះត្រូវ ទើបទ្រង់ឱ្យចាត់ពល រាយពលរក្សាការពារព្រះនគរគ្រប់ជ្រុងគ្រប់ទិស។ ទីណាដែលមានទឹកព្រែកតូច ពុំបានធំជាទន្លេនោះឱ្យពលបនហង្សាវតីរក្សាទីនោះ។

នេះនឹងស្រដីពីទ័ពខ្មែរវិញ។ សម្ដេចព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់ជីវិតតំកល់លើត្បូង ស្ដេចព្រះរាជដំណើរទ័ពហ្លួងទៅដល់ក្រុងស្រីអយុធ្យានៅក្នុងខាងខ្នើតខែមាឃ។ ទ្រង់ដាក់ទ័ពនៅភូមិមួយធំ ហើយទ្រង់ឱ្យតែងព្រះរាជសារប្រគល់ឱ្យឈ្លើយសៀមនាំយកទៅថ្វាយព្រះចៅក្រុងស្រីអយុធ្យា។ ក្នុងរាជសារបានសូមឱ្យស្ដេចសៀមប្រគល់ស្រុក នគររាជសីមាជួរខាងកើតទៅដល់ បស្ចឹមរហូតទៅដល់សមុទ្រ ជាដែនដីខ្មែរពីដើមដែលសៀម លើកទ័ព ត្រឡប់ទៅវិញមួយរំពេច។ ស្ដេចសៀមបានបដិសេធដោយយកលេសថា ខ្លួនជាស្រុកនៅចំណុះព្រះចៅហង្សាវតីដែរ មិនអាចប្រគល់ស្រុកទាំងនោះមកឱ្យខ្មែរបានឡើយ។

លុះវេលាព្រឹកព្រាងភ្លឺច្បាស់ ព្រះអរុណោទ័យ ទ្រង់ត្រាស់ឱ្យព្រះចម្បាធិរាជជិះដំរីចំលងសឹកឃុំទ័ព ៧០០០ នាក់ ជាមេទ័ពមុខ ឱ្យព្រះបរិនាយក នឹងនាយរងលើកព្យូហចតុរង្គសេនា រៀបតាមក្បួនពិជ័យសង្គ្រាមស្រេច ទើបស្ដេចរៀបព្រះរាជដំណើរ ចេញក្បួនទ័ពចូលវាយក្រុងស្រីអយុធ្យាមហានគរ។ កាលទ័ពលើកទៅដល់ហើយស្ដេចទ្រង់ បញ្ឈរព្រះទីនាំងនៅ វត្តសាមវិហារ។ ទ្រង់ឱ្យរាយដំរីសឹករៀងទៅដល់ តុត្ថីថោងហួសចូលទៅវត្តឆោង។ ទ្រង់ត្រាស់ឱ្យ ព្រះចម្បាធិរាជយកទូកដែលចាប់បានប្រមាណជា ១៥ ចំលងសឹកទៅមុខវត្តមេរុរាជ្ជីការាមឱ្យពល ៤០០០ នាក់ទៀតជិះ ទូកចូលទៅច្បាំងវាយបន្ទាយនគរនៅជ្រុងចៅសនុក រួចឱ្យទ័ពខាងជើងគោក បាញ់កាំភ្លើងធំ តូចជាកោលាហល។ សម្ដេចព្រះធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឡើងគង់ព្រះរាជយានលើកពលទាហានឡើងក្បាលបន្ទាយទទួលច្បាំងបាញ់គ្នាដោយកាំភ្លើងធំតូចការពារនគរ។ លុះច្បាំងគ្នាដល់ថ្ងៃប្អូនត្រង់សៀមបាញ់ត្រូវទូកខ្មែរលិចអស់ច្រើន។​ កងទ័ពខ្មែរជើងគោកដែលទៅជាមួយគ្នាក៏ទៅជួយពុំរួចព្រោះទើសនឹងទឹក ទ័ពទាំង ៤០០០ នាក់ក៏ថយវិលមកវិញ។ ព្រះចម្បាធិរាជ ខឹងណាស់ក៏បរដំរីដេញពល ទៅបញ្ឈរនៅមាត់ច្រាំង តាំងបាញ់ចំរុះ។ លុះព្រឹកឡើងព្រះចៅក្រុងកម្ពុជា ទ្រង់មានព្រះរាជឱង្ការ ត្រាស់ឱ្យកេស្សធិកាបុស្សរាជ ដែលជាជំនួយព្រះចម្បាធិរាជ នោះជាមេទ័ពមុខ ជំនួសព្រះចម្បាធិរាជ។ ស្ដេចឱ្យកេណ្ឌពលធ្វើស្ពានចងក្បូនចំលងទ័ពចូលទៅវាយសៀមម្ដងទៀត។ ខាងសៀម ក៏បាញ់កាំភ្លើងធំតូចមកលើក្បូន លើស្ពានទ័ពស្រុកខ្មែរយើង ទ័ពខ្មែរយើងឆ្លងពុំបាន។ លុះដល់ថ្ងៃ ក្រោយមកទ្រង់ត្រាស់ ឱ្យលើកទ័ពធំទៅកជាប៉មដាក់កាំភ្លើងធំបាញ់តំរង់ទ្វារបន្ទាយ ហើយទ្រង់ឱ្យចងក្បូនធ្វើស្ពាន កេណ្ឌទូកចំលងទ័ពចូលច្បាំងទៀតតែសៀមវារក្សាបន្ទាយយ៉ាងមាំមួនវាយពុំបាន។ ទ័ពខ្មែរ ក៏ថយមកបន្ទាយវិញ។ ខណៈនោះ ព្រះរាជាអ្នកជាអម្ចាស់ផែនដីកម្ពុជា មានព្រះរាជឱង្ការ និងអស់នាម៉ឺនមុខមន្ត្រីថា: នគរសៀមមានទឹកព័ទ្ធជុំវិញ ហើយយើងលើកទ័ពជើងគោកមកនេះមានពលក៏តិចយើងបន្តសង្គ្រាមទៅទៀតពុំបាន។ ដូច្នេះទ្រង់ត្រាស់ឱ្យកងទ័ពមួយម៉ឺននាក់លើកទ័ពចេញហើយបំបែកគ្នាចូលទៅក្នុងស្រុកតូច-ធំ និគមជនបទចាប់កៀរគ្រួសៀមចាប់ដំរីសេះ យកអស់សម្បត្តិទ្រព្យ ស្បៀងអាហារបានមកជាឈ្លើយច្រើនណាស់។ ទ្រង់មាន ព្រះរាជឱង្ការឱ្យទ័ពក្រោយ ផាត់កៀរគ្រួមក មុនទ័ពហ្លួង ១៥ ថ្ងៃ។ លុះដល់ខ្នើត ខែផល្គុន ស្ដេចលើកទ័ពវិលចូល ក្រុងកម្ពុជាធិបតីវិញ។ ព្រះចៅ ក្រុងស្រីអយុធ្យា កាលបើបានឃើញទ័ពខ្មែរដកថយត្រឡប់មក ក្រុងកម្ពុជាវិញហើយក៏ឱ្យចៅហ្វាយស្រុកប្រមូលរាស្ត្រដែលនៅសេសសល់នោះឱ្យចូលមកនៅតាមស្រុកដើមវិញ។ ឯអម្ចាស់ផែនដី ព្រះនគរក្រុងកម្ពុជា ទ្រង់ត្រាស់ឱ្យផាត់កៀរគ្រួសៀម ដែលនៅខេត្តខាងជើង ខេត្តខាងកើតនាំវិលត្រឡប់ចូលមកប្រទេសកម្ពុជាបានចំនួនច្រើនណាស់។ ទ្រង់ត្រាស់ឱ្យរំសាយកងទ័ព ឱ្យចេញទៅនៅតាមទីលំនៅ រៀងៗខ្លួន ហើយទ្រង់មានព្រះរាជកំណត់ឱ្យត្រួតត្រៀមពល អាហារសាស្ត្រាវុធដាក់កំណត់ពេលថា: ដល់ពេលចេញវស្សា ឆ្នាំក្រោយ ទ្រង់នឹងលើកទ័ពចូលទៅវាយក្រុងស្រីអយុធ្យាម្ដងទៀត។

លាវសុំប្រជល់ដំរី

កែប្រែ
  • (សាស្ត្រាវត្តកំពង់ត្រឡាចក្រោម): ចូលដល់ឆ្នាំថ្មី ពស. ២១១៥, គស. ១៥៧១, មស. ១៤៩៣, ចស. ៩៣៣ ឆ្នាំមមែ ឯកស័កខាងឯនគរលាវ។ ព្រះចៅក្រុងលានជាងបូរី "ស្ដេចលាវ" ស្ដេចចេញប្រឹក្សា និង សេនាបតីមន្ត្រីក្លាវ "ប្រែជាខ្មែរថា : នាម៉ឺនធំតូច" មានពញាឧបរាជ ពញារាជសូរវង្សជាដើមថា: ព្រះចៅក្រុងហង្សាវតីវាយបាននគរដទៃមកជាចំណុះច្រើន ខាងស្ដេចអណ្ណាមកុក (ស្រុកយួន) ក៏វាយយកនគរចាមបានជាចំណុះដែរឥឡូវ នគរខ្មែរក៏នៅជាឯករាជ្យ យើងលើកទ័ពទៅវាយយកជាចំណុះយើង ក៏ មុខជានឹងលំបាកដល់សេនាទាហានដែរ បើដូច្នេះ យើងគិតយកដំរីគុជសារសឹកធំរបស់យើងដែលកំពុងចុះប្រេងទៅបបួលនគរខ្មែរប្រជល់ភ្នាល់គ្នាដោយដាក់នគរជាក្រយាតំណាំងថាបើខ្មែររកដំរីមកប្រជល់នឹងដំរីយើងពុំបានទេ ខ្មែរត្រូវយកនគររបស់ខ្លួនមកជាចំណុះយើង យ៉ាងនេះ ហើយយើងនឹងបាននគរខ្មែរមកជាចំណុះយើងដោយងាយ។ ខណៈនោះពញាឧបរាជសូរិវង្សក្លាវខ្លាសេនាលាវក្រាបទូលថា: ព្រះតំរិះនេះពេញ ជាប្រសើរសមគួរណាស់។ ទូលព្រះបង្គំឃើញស្របថា : បើនគរខ្មែរគ្មានដំរីទេនោះ យើងនឹងបាននគរខ្មែរ ជាចំណុះមួយដ៏ងាយមែន។ ស្ដេចលាវកាលបានឮ អស់សេនាលាវក្លាវខ្លាំង និងព្រះរាជវង្សានុវង្សយល់ព្រមល្មមតាមព្រះទ័យអស់ហើយក៏ ត្រេកអរណាស់ ទើបទ្រង់ត្រាស់ឱ្យ អាល័ក្សតែង ព្រះរាជសារលើផែនមាសដាក់បំពង់ប្រាក់ច្រកស្រោម ស្រោមព្រែរបស់លាវ សំរាប់រាជ្យនូវសំណៅ ហើយឱ្យមន្ត្រីពីរនាក់ជាចៅហ្វាយស្រុកចម្បាសក្ដិជារាជទូតឱ្យចៅហ្វាយស្រុកបោងចាំឃុំពល ១១០០ នាក់ឱ្យនាំដំរី មួយធំខ្ពស់ កំពស់ ៨ ហត្ថមួយចំអាម ដែលកំពុងចុះប្រេងនិងគ្រឿងបណ្ណាការគឺភ្លុកដំរី ៤ ក្បាលកុយរមាស ២ ក្បាលប្រអប់មាសដាក់ ក្បាលមួយ ពានមាស ផ្តិលមាស សំរាប់ស្រពមួយសំរាប់ ដីសកែវ ៥ ដុំកន្ទុយចាមរី ១០ ប្រគល់ឱ្យរាជទូតឱ្យនាំមកដល់ក្រុងកម្ពុជាធិបតីលង្វែករាជធានី។ មន្ត្រីលាវទាំងនេះនាំមកជួបនិងសេនាបតីខ្មែរហើយសូមឱ្យសេនាបតី ខ្មែរនាំសេចក្ដីឡើងក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ ព្រះករុណាទ្រង់បានជ្រាបហើយទ្រង់ត្រាស់ឱ្យរៀបព្រះទីនាំងចន្ទឆាយាមហាប្រាសាទ និងចុងព្រះរាជរោងសុវណ្ណវិមាន ហាមប្រាមអស់ ខ្ញុំរាជការធំតូច ឱ្យតែងខ្លួនតាមតំណែងបណ្ដាសក្ដិរៀងខ្លួនមកក្រាបបង្គំគាល់។ លុះព្រឹកឡើងស្ដេចទ្រង់គ្រឿងសំរាប់ក្សត្រចេញចុងព្រះរាជរោងរម្យ ប្រជុំអស់ព្រះរាជវង្សានុវង្សសេនាមាត្រ នាយកចតុមុខមន្ត្រីធំ-តូចគាល់ក្រោមព្រះបាទម្កុដមាសលើមល្លិការួចទ្រង់ព្រះរាជានុញ្ញាតឱ្យនាំរាជទូតលាវ និង រាជសារគ្រឿងបណ្ណាការចូលក្រាបបង្គំថ្វាយ។ ខណៈនោះ ទ្រង់ត្រាស់ឱ្យភ្នាក់ងារប្រែមើលមានសេចក្ដីថា : រាជសារ សម្ដេចមហាក្សត្រ ព្រះចៅក្រុងស្រីសត្តនាគនហុត សុខមកណជបាលវតី មហានគរជាធំក្នុងមាលានប្រទេសទិសឧត្តរាសូមចំរើនផ្លូវព្រះរាជមេត្រីមក សម្ដេចព្រះមហាក្រស័ត្រសោយរាជសម្បត្តិក្នុងក្រុងកម្ពុជាធិបតីសិរីយសោធរបវរឥន្ទបត្តកុរុរាជធានីបុរីរម្យឧត្តមរាជនិវេសន៍វិសេសមហាស្ថានសូមទ្រង់ជ្រាប។ ដ្បិតព្រះនគរយើងទាំងពីរជាឯករាជ្យដូចគ្នាមានទំនៀមខត្យាវតានុវត្តក្រស័ត្រក៏ដូចគ្នា ហើយជាប់ជាយដែនអាណាចក្រគ្នាទៀត។ ឥឡូវនេះយើងចង់រំលាយ ព្រះនគរទាំងពីរជានគរតែមួយ។ ដូច្នេះបើថាយើងចង់នឹងលើកយោធាពលាជ័យ កងទ័ពលាវមកវាយយកស្រុកខ្មែរ ក៏យកបានតែការនេះនឹងនាំឱ្យតែលំបាកដោយផ្លូវគីរីបុព្វតាអារញ្ញ វារុក្ខាទូរេសឆ្ងាយហើយឱ្យជាទុក្ខលំបាកដល់អស់រេហ៍ពលថែមទៀតផង។ ឥឡូវនេះយើងឱ្យនាំគជសារមកប្រជល់ភ្នាល់គ្នានឹងគជេន្ទ្រក្រស័ត្រក្រុងកម្ពុជាយកនគរខ្មែរ និង នគរលាវដាក់ជាក្រយាតំណាំង។ ថាបើដំរីខ្មែរបរាជ័យនោះឱ្យព្រះចៅក្រុងកម្ពុជាធិបតី រៀបសុវណ្ណហិរញ្ញបុប្ផាបណ្ណាការឱ្យយកទៅចំណុះនគរលាវ។ ថាបើដំរីលាវ បរាជ័យយើងនឹងរៀបសុវណ្ណហិរញ្ញមាលាបណ្ណាការយកនគរលាវមកជាចំណុះព្រះនគរខ្មែរ។ ដូច្នេះបើរាជទូតយើងបានមកដល់ហើយសូមព្រះចៅក្រុងកម្ពុជាធិបតី អនុកូលចិត្តទទួលប្រជល់កុំបីឱ្យបង់ព្រះរាជមេត្រីឡើយ។ ព្រះបរមរាជាធិរាជ ជាអម្ចាស់ផែនដី "ព្រះរាជាខ្មែរយើង" ទ្រង់ជ្រាបហើយ ទ្រង់មានព្រះរាជឱង្ការបរិហារនឹងខ្ញុំ រាជការធំ-តូច និង រាជទូតលាវថា: ព្រះចៅក្រុងស្រីសតនាគនហុតគិតការកំសាន្តព្រះរាជហឫទ័យ យកដំរីមកប្រជល់គ្នាដាក់ព្រះនគរយ៉ាងដូច្នេះឃើញថាពុំសមរម្យសោះ។ ប្រសិនបើព្រះនគរទាំងពីរបានប្រជល់ដំរីភ្នាល់គ្នាមែន ហើយព្រះនគរខាងណាឈ្នះក្ដី ចាញ់ក្ដីសុខចិត្តញ៉មតាមសំដីរបស់ខ្លួននោះព្រះនគរទាំងពីរក៏បានសុខដោយសារនោះផងទៅ។ ប្រសិនបើនគរណាមួយប្រាសចាកហិរិឱត្តប្បបង់សុចរិតសត្យវាចានោះ ព្រះនគរលាវ និង ព្រះនគរខ្មែរ ក៏គង់តែពុំសុខមុខជានឹងកើតទុក្ខដល់សមណជីព្រាហ្មណ៍ ប្រជារាស្ត្រ លាវ និង រាស្ត្រខ្មែរទៀតពុំលែងឡើយ។ យើងគិតយល់ថាព្រះនគរលាវ និង ក្រុងកម្ពុជាធិបតីពុំដែលបានចងពៀរជាបច្ចាមិត្រ នឹងគ្នាបានម្ដងសោះទេ ឥឡូវបើព្រះនគរលាវចង់ប្រជល់ដំរីភ្នាល់ នឹងព្រះនគរកម្ពុជាដោយដាក់នគររៀងខ្លួនជាតំណាំង ដូច្នេះយើងក៏មិនរួញរាអ្វីដែរ។ ទ្រង់មានព្រះរាជបន្ទូលតែប៉ុណ្ណេះហើយ ទើបស្ដេចព្រះរាជដំណើរចេញទៅមុខព្រះលានទត ដំរីលាវ ទ្រង់ព្រះរាជបញ្ជាឱ្យយកកំពស់ទៅឃើញ ៨ ហត្ថចំអាមឃើញរូបរាងក៏មាំមួន សមជាដំរីសឹកមែន ទើបទ្រង់ត្រាស់ប្រាប់ទៅរាជទូតលាវថា : ខ្មែរព្រមប្រជល់ដំរីហើយ តែសន្មត ៧ ថ្ងៃទើបចាប់ប្រជល់គ្នា។ ឥឡូវនេះឱ្យទាហានលាវនាំដំរីទៅរក្សាដោយសមគួរចុះ។ តមកទ្រង់ត្រាស់ឱ្យឧកញ៉ាចក្រីយកដំរីសឹកព្រះទីនាំងក្នុងរោងមកថែទុកបំរុងនឹងប្រជល់។ លុះដល់ថ្ងៃជាពេលាកំណត់ប្រជល់ហើយស្ដេចទ្រង់ព្រះរាជដំណើរចេញពីសុវណ្ណមហាប្រាសាទខ្ពស់ ព្រមទាំងព្រះរាជវង្សានុកូលខត្តិយា និងធីតាសុរង្គរាជនារីរម្យស្នំ ក្រមសមុហៈទាហាន មានមាត្យា ក្រុមនិវេសន៍មហាស្ថានគាល់ត្រៀបត្រា ទើបទ្រង់មានព្រះរាជឱង្ការឱ្យយកព្រះទីនាំងគជេន្ទ្រសឹក កំពស់ ៧ ហត្ថចុះប្រេងមុខក្រោយឱ្យចងគ្រឿងសុវណ្ណវិចិត្រព័ទ្ធខ្នង មានមន្ត្រីជិះក្បាល ជិះកន្សៃ។ ខាងដំរីលាវវិញ ដែលមានកំពស់ ៨ ហត្ថ មួយចំអាមនោះក៏មានគ្រឿងប្រដាប់រចនាយ៉ាងសោភាណាស់ដែរ។ មន្ត្រីលាវជិះក្បាល ជិះកន្សៃ ចុះប្រេងមុខក្រោយ មកដល់នាព្រះទីនាំង។ ទើបទ្រង់យកកុណ្ឌីមាសច្រូចទឹកស្នោទក បើកព្រះរាជឱង្ការត្រាស់ថា : សូមទេវតាទាំងឆកាមាវចរសួគ៌ ដែលរក្សាព្រះនគរគ្រប់ទិសទីមកជាសាក្សីពេជ្រញ្ញាណ។ ថាបើព្រះនគរខាងណាមានបុញ្ញាធិការបារមីច្រើនសេសព្រះនគរម្ខាងខ្ញុំសូមឱ្យមានជ័យជំនះឈ្នះដំរីខាងម្ខាងនោះឱ្យបានដូចប្រាថ្នា។ លុះមានព្រះរាជឱង្ការដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យគោះគង ទូងស្គរលេងភ្លេងសំរាប់យុទ្ធដំរីទាំងពីរ។ មួយរំពេចនោះដំរីទាំងពីរក៏លែងឱ្យចូលប្រជល់គ្នា។ ដំរីលាវឃើញដំរីខ្មែរតូចក៏ស្ទុះមកចាក់ត្រូវព្រះទីនាំងគជេន្ទ្រមុន។ ឯព្រះទីនាំងគជេន្ទ្រក៏ស៊ូចាក់ជល់ទៅវិញ ជាកោហលដល់ទៅប្រមាណច្រើននាឡិកា។ កាលនោះប្រជានុរាស្ត្រផ្អើលមកមើលពាសពេញត្រៀបត្រាជាមហាវិសេសភ្នែកណាស់។ បើដំរីខ្មែរចាក់ត្រូវដំរីលាវម្ដងៗសូរសព្ទវាចាសារធិការ ក៏បន្លឺគឹកកងរំពងស្ទើរភ្លូកភ្លឹកផែនដី។ បើដំរីលាវចាក់ត្រូវដំរីខ្មែរម្ដងៗ ពួកលាវទាំង ១០០០ នាក់ក៏ត្រេកអរស្រែកបន្លឺសូរសព្ទយ៉ាងសន្ធឹករាល់កាយដូចគ្នា។ លុះព្រះទីនាំងគជេន្ទ្រនៃសម្ដេចព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងទទួលជ្រងចាក់ដំរីលាវពីក្រោមត្រូវយ៉ាងដំណំបានចំណាប់ហើយក៏រុញទៅពេញទំហឹង។ ខណៈនោះដំរីលាវក្រឡះពីខ្លួន រួចហើយទៅជល់ដំរីខ្មែរវិញម្ដងទៀត ដំរីខ្មែរលើកនេះត្រូវស្នាប់មុខបុកកណ្ដាលភ្លុក ដំរីលាវយ៉ាងខ្លាំង បណ្ដាលឱ្យដំរីលាវប្រាស់ស្ទុះសុំយកតែអាយុប៉ុណ្ណោះ។ ដំរីខ្មែរដេញចាក់ថែមទៀតត្រូវលោកខាងក្រោយ ដំរីលាវស្រែករោទិ៍យ៉ាងខ្លាំងរត់កណ្ដាលទី។ អស់ពួកខ្ញុំរាជការខ្មែរក៏ស្រែកហ៊ោកញ្ជ្រៀវកក្រើកអំពើកបីដូចផែនដីញាប់ញ័ររន្ធត់។ ព្រះបាទសម្ដេចក្សត្រាធិរាជ ជាអម្ចាស់ជីវិតលើត្បូង "ព្រះរាជាខ្មែរ" ទ្រង់ព្រះបីតិសោមនស្សប្រជាភិរម្យណាស់។ ស្ដេចមានព្រះរាជឱង្ការ ត្រាស់ទៅកាន់ព្រះរាជទូតលាវថា : អម្ចាស់ឯង សន្យាថាបើដំរីឯងចាញ់ដំរីអញ អម្ចាស់ឯងនឹងឱ្យនាំរាជបណ្ណាការមកទទួលជាចំណុះព្រះនគរអញ ឥឡូវនេះ ដំរីឯងចាញ់ដំរីអញហើយដូច្នេះ ចូរឯងនាំដំរីទៅថ្វាយស្ដេចឯងវិញចុះហើយឱ្យអម្ចាស់ឯងធ្វើតាមសត្យសញ្ញារបស់ខ្លួនចុះ។ ឯពលមួយពាន់និងបាវព្រាវយើងត្រូវអូសទុកសិន។ ថាបើស្ដេចលាវនាំសុវណ្ណបណ្ណាការមកដល់ថ្ងៃណាអញក៏នឹងបើកបាវទាំងនោះឱ្យទៅវិញក្នុងថ្ងៃនោះដែរ។ កាលទ្រង់ត្រាស់យ៉ាងនេះចប់ហើយទ្រង់ត្រាស់ឱ្យមន្ត្រីខ្មែរឃុំពលលាវទុកមួយអន្លើសិនទើប ស្ដេចយាងចូលព្រះរាជនិវេសន៍ មហាស្ថានវិញរួចទ្រង់ត្រាស់បញ្ជាឱ្យធ្វើព្រះរាជសារ ច្រកក្នុងបំពង់ភ្លុកស្រោម ព្រែកបោះត្រាព្រះវលញ្ជកររូប ព្រះមហាប្រាសាទ សំរាប់ផែនដីមួយ ព្រះវលញ្ជករ រូបព្រះឥសូរថ្លែងសមួយដួង រូបព្រះព្រហ្មប្លែងរឹទ្ធីគង់លើនាគបើកពពារសំរាប់រាជ្យមួយដួងដាក់ស្រោម ស្រេចទើបទ្រង់ចាត់ផ្លែក្រវាញ ៤ ហាបពានព្រះស្រីមាសធំមួយ សំរាប់គ្រឿង និងព្រែសូត្រ ២០ កី ថ្មកែវ ២០ ដុំ សាក្លាត ២០ ជាប់កំរងផ្កាមាសមួយកីប្រគល់ឱ្យរាជទូតលាវ។ រាជទូតលាវក៏ថ្វាយបង្គំលា នាំដំរីនិងគ្រឿងតបព្រះរាជបណ្ណាការទៅនគរវិញ។ ដល់នគរលាវហើយ រាជទូតលាវក៏នាំរាជសារ និងរាជបណ្ណាការចូលទូលថ្វាយស្ដេចសព្វតាមដំណើរ។ ខណៈនោះព្រះចៅក្រុងស្រីសតនាគនហុត ព្រះស្រីសុរិយោពណ៌ធម្មចក្ររាជ ព្រះបរមនាថ បរមបពិត្រប្រថាប់ជាឥសូរកំពូលកម្ពុជាធិបតី សិរីយសោធរបវរឥន្ទបត្តកុរុរដ្ឋ រាជធានីបុរីរម្យឧត្តម ព្រះរាជនិវេសន៍ វិសេសមហាស្ថាន ចំរើនព្រះរាជមេត្រី មកសម្ដេចព្រះចៅ ក្រុងស្រីសតនាគនហុត ឧត្តមរតននិវេសន៍វតី មហានគរឱ្យបានជ្រាប។ យើងបានទទួលរាជសារប្ដេជ្ញាថា ប្រជល់គជេន្ទ្រយុទ្ធឥឡូវយើងមានជ័យជំនះហើយ។ ដូច្នេះសូមព្រះចៅស្រីសតនាគនហុតនាំរាជសុវណ្ណ បណ្ណាការថ្វាយយើងតាមសតិបដិសញ្ញាចុះយើងនឹងប្រគល់ពលទាំង ១០០០ នាក់ឱ្យមកវិញ។


  • (ព្រះរាជពង្សាវតារនៃរាជបណ្ណាល័យ) ត្រង់នេះព្រះរាជពង្សាវតាររបស់ព្រះបណ្ណាល័យភាគ៣ ទំព័រ ២១០ មានសេចក្ដីថា: កាលមន្ត្រីលាវ នាំដំរីមក សុំប្រជល់នឹងដំរីខ្មែរនោះ ព្រះរាជសារស្ដេចលាវ មានសេចក្ដីប្លែកគ្នា ពីព្រះរាជសារក្នុងសាស្ត្រា វត្តកំពង់ត្រឡាចក្រោម ដូចតទៅនេះ: ថ្ងៃក្រោយស្ដេច "ព្រះករុណាអម្ចាស់ផែនដីកម្ពុជាយើង" ស្ដេចឱ្យនាម៉ឺន សព្វមុខមន្ត្រីទាំងពួង តែងខ្លួនពេញយសសក្ដិ ចូលគាល់វេលាម៉ោង ៩ ព្រឹករួចស្រេចឱ្យហ្លួងទិព្វសេនា "តូច" នាំព្រះរាជសារស្ដេចលាវ និង មន្ត្រីលាវទាំង ២ នាក់ចូលគាល់នៅចុងព្រះរាជរោងជាមួយនិងសេនាបតីទាំងពួង។ មន្ត្រីលាវថ្វាយបង្គំតាមទំនៀមលាវ ៦ ដងហើយក្រាបគាល់នៅទីនោះ។ ទើបសម្ដេច ព្រះបាទបរមិន្ទរាជា ជាអម្ចាស់ទ្រង់សួរពីសុខទុក្ខក្នុងព្រះនគរ មន្ត្រីលាវក៏ក្រាបបង្គំទូលតាមដំណើរសព្វគ្រប់ហើយ ទ្រង់ព្រះរាជបញ្ជាព្រះទេពចិន្តា "សោ" ដែលចេះភាសាលាវឱ្យសូត្រព្រះរាជសារថ្វាយសេចក្ដីថា : ព្រះរាជសារ ព្រះចៅស្រីសតនាគនហុត ដ៏ជាមោលីនៃនគរជានជាតិម៉ាឡាន ប្រទេសលានជាង (អានតាមសំដីលាវថា ឡានឆាង ប្រែថាប្រទេសមួយលានដំរី) ចំរើនផ្លូវព្រះរាជមេត្រីមកសម្ដេចព្រះបរមិន្ទរាជា រាមាធិបតី ក៏ប្រកបដោយកិត្យាភិនិហារក្នុងខេមរាប្រទេស។ សូមជ្រាប។ យើងទាំងពីរជាក្រស័ត្រ ប្រសើរប្រកបដោយមន្ត្រីរតន៍ ដំរីរតន៍ សេះរតន៍ សេនា ទាហានរតន៍ជាច្រើន។ ត្បិតមានឮកិត្តិយស កិត្តិសព្ទទៅដល់ម៉ាឡាប្រទេសថា : ក្រុងកម្ពុជាធិបតីមានដំរីច្រើន ឥឡូវខ្ញុំចាត់មន្ត្រី ២ នាក់ និងពល ១០០០ នាក់ឱ្យនាំដំរីមួយមកប្រជល់គ្នា ភ្នាល់ដាក់ព្រះនគរជាក្រយាតំណាំង។ ថាបើដំរី ព្រះចៅក្រុងកម្ពុជាធិបតី បរាជ័យចាញ់ដំរីយើង ព្រះចៅត្រូវនាំព្រះរាជសារដំបារមាសទៅថ្វាយយើងជាចំណុះយើងជាព្រះចៅ ក្រុងស្រីសតនាគនហុត។ ថាបើដំរីយើងចាញ់ ត្រូវយើងនាំព្រះរាជសារដំបារមាសមកថ្វាយជាចំណុះក្រុងកម្ពុជាធិបតីវិញដែរ។ ថាបើក្រុងកម្ពុជាធិបតីគ្មានដំរីប្រជល់នឹងដំរីយើងទេឱ្យ ព្រះចៅនាំ ព្រះរាជសារដំបារមាស ទៅថ្វាយជាចំណុះនគរលាវដោយស្រួលតែម្ដងកុំឱ្យលំបាកដល់សេនាទាហានឡើយ។ ព្រះបរមនាថ បរមបពិត្រ អ្នកជាអម្ចាស់ ដែនកម្ពុជាទ្រង់បាន ព្រះសណ្ដាប់សេចក្ដី ព្រះរាជសារចប់ហើយត្រង់នឹកពិរោធក្នុងព្រះទ័យថា : ស្ដេចលាវនេះ វាមើលងាយអញជា មហាក្រស័ត្រប្រកបដោយ បុញ្ញឫទ្ធិដ៏ប្រសើរផងដូច្នេះ គួរតែអញលើកទ័ពទៅលំអិតស្រុកលាវឱ្យល្អិតដើម្បីឱ្យសម និង គំនិតដែលវាមើលងាយអញហើយ ក្នុងពេលឥឡូវនេះអញ ល្មមតែចាប់អាលាវរាជទូតនេះ ទៅសំលាប់ក៏បានប៉ុន្តែការធ្វើដូច្នេះនឹងនាំឱ្យខូចបង់បុរាណរាជ ប្រវេណីព្រោះស្រុកយើងក៏ នៅជាប់ធ្វើសង្គ្រាមនឹងសៀមផង។ ឯលាវថ្វីបើវាព្រហើយយ៉ាងនេះ វាក៏គង់តែនឹងបរាជ័យ ជាមិនខានដែរ។ ទើបទ្រង់ មានព្រះតំរាស់ និង មន្ត្រីលាវធ្វើហាក់ដូចជាមិនខ្ញាល់ថា : យើងអរណាស់ និង ព្រះចៅស្រីសតនាគនហុត ដែលបានឱ្យនាំដំរីមកប្រជល់នឹងដំរីយើងនេះណាស់ហើយ ហើយទ្រង់ត្រាស់ បង្គាប់ឱ្យឧកញ៉ាចក្រីនូវបញ្ជូនមន្ត្រីលាវទាំងពីរនាក់និងពល ១០ នាក់ឱ្យទៅនាំដំរីមករង់ចាំស្ដេចនៅភ្នំសន្ទុក។ ថ្ងៃក្រោយស្ដេចឱ្យរើសដំរីក្នុងរោងមួយឈ្មោះ គជវែហានក្លាកំពស់ ៧ ហត្ថពូកែធ្លាប់ដល់ក្នុងការសង្គ្រាម ហើយដែលកំពុងតែចុះប្រេងផងឱ្យតាំងស្នាមហាត់ជល់នៅមុខព្រះលានយ៉ាងស្ទាត់ជំនាញ។ នៅថ្ងៃ ១០ កើត ខែផល្គុន ឆ្នាំវក ចត្វាស័ក ស្ដេចព្រមដោយសេនាបតី មន្ត្រីគ្រប់ក្រុម ខ្ញុំរាជការលើកព្យូហយាត្រាចេញពីរាជវាំងលង្វែកទៅប្រថាប់នៅកំពង់ ទ្រង់ឱ្យចំលងសេះ ដំរីពលទៅដាក់ខាងត្រើយនាយ។ ឯគជវៃហានក្លា ស្ដេចឱ្យធ្វើដាក់ទឹក យោងទាញទៅត្រើយនាយ។ ទ្រង់ចំលងរួចហើយ ស្ដេចលើកព្យូហយាត្រាតាមរយៈផ្លូវរហូតដល់ភ្នំអាសន្ទុក។ ស្ដេចទ្រង់សំរាកព្រះកាយពល ២ យប់ក្រោយនោះទើបស្ដេចកំណត់ពេល និងទីប្រជល់ នឹងដំរីលាវ។ ដំរីលាវមកនៅទីនេះដោយខុស ភេទ ទឹក ស្មៅ ក៏ថយកំលាំងច្រើន។ ពស.២១១៥, គស.១៥៧១, មស.១៤៩៤, ចស. ៩៣៣ ថ្ងៃ ៧ រោច ខែផល្គុន ឆ្នាំមមែ ឯកស័កគ្រប់ថ្ងៃសន្មតហើយ មន្ត្រីលាវទាំងពីរនាក់ ក៏នាំដំរីមកឈប់នៅវាលខាងត្បូងភ្នំអាសន្ទុក។ វេលាដែលនឹងប្រជល់នោះ ស្ដេចទ្រង់សុវណ្ណភិង្គា (កុណ្ឌីមាស) ច្រូចទឹកស្នោទកលើផែនប្រឹថពីអធិដ្ឋានព្រះបារមីថា: សូមអរគុណ ព្រះរតនត្រ័យ និង ទេវតាដែលរក្សាក្រុងកម្ពុជា ដ៏ទ្រង់នូវមហិទ្ធិរឹទ្ធីជួយជាបន្ទាលសាក្សីខ្ញុំ ការភ្នាល់នេះខ្ញុំនឹងរំលោភទៅលើស្ដេចលាវក៏ទេគឺស្ដេចលាវពុំប្រកបដោយ ទសពិធរាជធម៌រំលោភចង់យកព្រះនគរខ្ញុំនេះឱ្យជាចំណុះនគរខ្លួន។ ថាបើខ្ញុំមានជ័យជំនះលើស្ដេចលាវសូមឱ្យឃើញច្បាស់ជាអស្ចារ្យ ក្នុងគ្រានេះកុំបីខាន។ ដោយអំណាចព្រះរាជអធិដ្ឋាន ក៏បណ្ដាលឱ្យព្រះទីនាំងគជវៃហានក្លាបញ្ចេញសំរែកកោញ្ចនាទ ហាក់ដូចជានឹងបោលចូល។ សម្ដេចព្រះបរមបពិត្រជាអម្ចាស់ទ្រង់ទតឃើញហើយ ទ្រង់ឱ្យប្រគុំត្រែស័ង្ខ គោះគង ទូងភេរី តូរ្យតន្ត្រី ព្រះគជេន្ទ្រនាយកកែបទាមក ព្រះមហាឧទេនរតន៍ទាមកន្សៃ។ លុះឮសូរតូរ្យតន្ត្រីហើយ ហ្មក៏ទទោកដំរីចេញទៅ។ លាវទាំងពីរនាក់ក៏ទទោកដំរីខ្លួនចូលកអួតដាក់គ្នា ៣ ជុំ។ គជវៃហានក្លាក៏បញ្ជូចកោញ្ចនាទចូលរះចុងភ្លុកដៃនិងដៃមួលច្របាច់គ្នា។ លុះចូលជល់គ្នាអស់ពេលយ៉ាងយូរមកគជវៃហានក្លាដែលមានភ្លុកវែងជាងចាក់ត្រូវក្រោមស្នាប់ភ្លុកដំរីលាវ។ ដំរីលាវដកថយបរទៅខាងកើតគជវៃហានក្លាដេញចាក់ ត្រូវផ្នោះក្រានពីអន្លើទៀតដំរីលាវក៏ស្រែករោទ៍រំពងព្រៃមន្ត្រីលាវកាវ ក្បាលបញ្ចូលមកទៀត តែដំរីលាវពុំព្រមចូលហើយបោលចូលព្រៃទៅ។ ខណៈនោះ ទ្រង់មានអំណរណាស់ ស្ដេចឱ្យសេនាទាហានទះដៃស្រែកហ៊ោទ្រហឹងអឹងកង ទើបស្ដេចឱ្យមន្ត្រីលាវចូលគាល់។ ទ្រង់សួរពីរាជសារស្ដេចលាវដែលសន្យាមន្ត្រីលាវក្រាបទូលថា : សូមថយទៅក្រាបបង្គំទូលស្ដេចលាវវិញ ស្ដេចក៏ព្រមហើយឱ្យមន្ត្រីលាវទាំងពីរនាក់នឹងពល ១០ នាក់នាំដំរីទៅវិញឱ្យស្ដេចលាវបានឃើញស្នាមរបួស។ ទ្រង់ព្រះរាជបណ្ដាំនឹងមន្ត្រីលាវថា : ឱ្យទូលស្ដេចលាវផងថា : ឱ្យនាំរាជសារដំបារមាសមកឡើងតាមសន្យាចុះ។ ថាពលសល់ពីនោះទាំងប៉ុន្មាន ទ្រង់ឱ្យឃាត់ទុកប្រគល់ឱ្យទៅចៅមឿង ខេត្តអាសន្ទុក រក្សាហើយស្ដេចយាងទៅខេត្តកំពង់ស្វាយទ្រង់ឱ្យចៅហ្វាយស្រុកធ្វើបន្ទាយរក្សាខេត្តស្រេចស្ដេចយាងចុះកំពង់គង់លើព្រះទីនាំងនាវាយាងមកព្រះបរមរាជវាំងវិញ។ លុះទ្រង់ព្រះសណ្ដាប់ព្រះរាជសារចប់ហើយព្រះចៅក្រុងស្រីសតនាគនហុត ទ្រង់សួររាជទូតបញ្ជាក់ថែមទៀត។ លុះបានទ្រង់ជ្រាបសព្វ គ្រប់ប្រការហើយ ព្រះចៅលាវ ទ្រង់ព្រះពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ស្រែកដោយសំឡេងខ្លាំងៗប្រាប់ព្រះឧបរាជ ព្រះសូរវង្សសេនាបតី មន្ត្រីទាំងពួងថា ព្រះចៅលង្វែកនេះ ចិត្តពាលកាចខូចបង់ធម្មរាជបវេណី ខ្លាំងណាស់។ យើងមានសត្តប្បដិញ្ញាហើយ ម្ដេចឡើយក៏នៅតែមកអូសពលយើងទុកឱ្យបាក់មុខ អប្បយសខ្មាស អស់ប្រទេសទាំងពួងទៀតយ៉ាងនេះ។ បើដូច្នេះ ត្រូវតែយើងធ្វើឱ្យខ្មែរដឹងដៃយើងម្ដង។ ទ្រង់ត្រាស់ដូច្នេះចប់ហើយ ព្រះចៅលាវក៏បញ្ជាឱ្យកេណ្ឌទ័ពគ្រប់ស្រុកធំ-តូចរៀបទូកក្ដារស្បៀងអាហារគ្រឿងសាស្ត្រាវុធ ហើយលើកទ័ពសំដៅមកប្រទេសកម្ពុជាធិបតី។ (ស្រដៀងនឹងរឿងនិទានព្រះគោព្រះកែវ ប្រហែលរឿងព្រះគោព្រះកែវដកស្រង់ពីពង្សាវតារក៏មិនដឹង)

ចំបាំងនឹងសៀមលើកទី២

កែប្រែ

នេះនឹងស្រដីឯខាងក្រុងកម្ពុជាធិបតីវិញម្ដង។ ក្រោយពីប្រជល់ដំរីបានជ័យជំនះ លើដំរីលាវហើយលុះចេញវស្សាហើយក្នុងឆ្នាំវក ទោស័ក ពស.២១១៦, គស. ១៥៧២, មស.១៤៩៤, ចស.៩៣៤ អម្ចាស់ផែនដី ប្រទេសកម្ពុជាស្ដេចចេញគង់ចុងព្រះរាជរោងរម្យជួបជុំជំនុំព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីដែលគង់ចាំត្រៀបត្រាជាយសបរិវារទើប ទ្រង់មានព្រះរាជឱង្ការថា: កាលពីឆ្នាំទៅ យើងលើកទ័ពទៅចាប់ក្រុងស្រីអយុធ្យា តែចាប់ពុំបានព្រោះយើងយកពលទៅតិចពេកហើយ នគរសៀមមានទឹកព័ទ្ធជុំវិញជាខ័ណ្ឌផង។ ហេតុនេះហើយបានជាយើងយកពុំបាន។ ក្នុងឆ្នាំនេះ យើងលើកទ័ពទៅចាប់ស្រុកធំ-តូចក្រៅ។ ឱ្យបានសិនឱ្យ ព្រះចៅក្រុងស្រីអយុធ្យា លើកទ័ពចេញមកជួយស្រុកអស់ទាំងនោះ ទើបយើងនឹងវាយទ័ព សៀមឱ្យបែកហើយនឹងចូលទៅយកនគរសៀមឱ្យបាន។ អស់មន្ត្រីធំ-តូចស្ដាប់ ព្រះបន្ទូលហើយ ក៏យល់ស្របតាមព្រះរាជតំរិះ។ មួយរំពេចនោះ ព្រះចៅក្រុងកម្ពុជា ឱ្យកេណ្ឌកងទ័ពពីរម៉ឺននាក់ សេះ ៨០០ ប្លាយព្រមទៅដោយគ្រឿងសាស្ត្រាវុធ រួចទើបទ្រង់ត្រាស់ឱ្យកេណ្ឌចៅហ្វាយស្រុកបាសក្ដិ ចៅហ្វាយស្រុកខេត្តព្រះត្រពាំង ឱម៉ោ ក្រមួនស កំពត ពាម កំពង់សោមដែលមានចៅហ្វាយស្រុកបាសក្ដិជាមេទ័ពឱ្យលើកកងទ័ព ១៥០០០ នាក់ទៅវាយស្រុកចន្ទបុរី ស្រុកធនយ៉ៃ ស្រុករយ៉ង ស្រុកប៉ែតទ្រីវ ស្រុកណាមរឿង ឡើងទៅប្រសព្វនឹងទ័ពហ្លួងខាងជើងគោក។ អស់នាយកកងទ័ពឯទៀត ទ្រង់ឱ្យលើកទ័ពចេញមក មកជួបជុំនឹងទ័ពហ្លួង ហើយទ្រង់ឱ្យតាំងពិធីសឹកក្រស័ត្រ។ លុះដល់ថ្ងៃបានឫក្សជាពេលាល្អបវរសិទ្ធិជោគ ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់មហារណង្គយុទ្ធ ទ្រង់រាជអាវុធឡើងគង់លើព្រះទីនាំងគជាសក្ដិ ព្រមទៅដោយស្វេតច្ឆ័ត្រ ក្លស់ក្លំអភិរម្យ គ្រឿងរាជសឹក សន្ធឹកទៅដោយចតុរង្គយោធា សេនានិករបវរ ទង់ជ័យមើលទៅ ប្រពៃដោយក្បួនមាំមួនមហិមាមានអាវុធគ្រប់ដៃ។ ព្រះបាទសម្ដេចបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចព្រះរាជដំណើរទៅដោយថ្នល់មាគ៌ា វិថី រៀងទៅដល់ស្រុកកំពង់ក្រសាំង ក្នុងខេត្តសៀមរាប។ ស្ដេចតាំងយកទ័ពហ្លួងនៅទីនោះ ទ្រង់មានព្រះរាជកំណត់ឱ្យនាយកងទ័ពនិងពល ១០០០០ នាក់ទៅចៅពញាឧកាសរាជជាមេទ័ពឱ្យទៅវាយស្រុកនគររាជសីមាឱ្យពញាសួគ៌ាលោកជាមេទ័ព និងនាយទ័ពនាយកងព្រមទាំងពល ៨០០០ នាក់ឱ្យលើកទៅវាយបស្ចឹមបុរី ស្រុកនគរនាយក ស្រុកជ័យបុរី ស្រុកប្រាំបីរដ្ឋ និង ស្រុកធំ-តូចរៀងទៅ។ ទ្រង់ចាត់ទ័ព ២ កងទៀតឱ្យទៅស្កាត់កៀរគ្រួសៀមដែលរត់ចូលព្រៃ។ នាយកងទ័ពទាំងនោះ ក្រាបថ្វាយបង្គំលាលើកទ័ពទៅហើយចូលវាយស្រុកសៀមធំតូច តាមត្រាស់បង្គាប់បានជ័យជំនះបានស្រុកជាច្រើនតាំងពីនគររាជសីមាខាងជើងរៀងរហូតទៅដល់ខេត្តខាងត្បូងទល់នឹងសមុទ្រផុតកោះចន្ទបុរី។ ព្រះចៅក្រុងស្រីអយុធ្យាទ្រង់បានជ្រាបថា: ទ័ពខ្មែរបានលើកចូលមកវាយប្រទេសព្រះអង្គហើយ តែព្រះអង្គពុំហ៊ានលើកទ័ពមកជួយឡើយ។ កាលនោះ នាយកងទ័ពខ្មែរទាំងអស់ខាងជើងគោកចាប់បានឈ្លើយសៀមស្បៀងអាហារ គោ ក្របី ដំរី សេះ និង គ្រឿងប្រដាប់ប្រដា ទ្រព្យសម្បត្តិជាច្រើនទើបលើកទ័ពមកក្រាបបង្គំទូលថ្វាយវិញ។ នាយកង នាយទ័ព ខ្មែរខាងជើងទឹកក៏ ចាប់បានឈ្លើយសៀមទាំងប្រុសទាំងស្រីជាច្រើននូវទូកក្ដារទ្រព្យសម្បត្តិដ៏មានតំលៃក៏ច្រើនមហិមាណាស់ដែរទើបលើក កងទ័ពត្រឡប់មកស្រុកកំពង់សោមវិញ ហើយបកសំបុត្រឱ្យអ្នកបំរើនាំយកទៅក្រាបបង្គំទូលព្រះករុណាសូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រ ទ្រង់បានជ្រាបហើយ ទ្រង់មានអំណរណាស់។

ចំបាំងនឹងលាវ

កែប្រែ

ពេលនោះចៅហ្វាយស្រុកគោកខណ្ឌមួយ ស្រុកធ្លងលីញមួយ ស្រុកឆ្លូង ស្រុកស្រឡៅមួយ ពញាអរជូនខាងត្បូងឃ្មុំមួយ ចៅហ្វាយស្រុកទន្លេរពៅមួយបានធ្វើសំបុត្រ ចាប់បំរើឱ្យនាំទៅដល់កំពង់ក្រសាំង ដែលនៅឯលិច ស្រុកនគរវត្តឱ្យយកទៅជូនសេនាបតីដើម្បីឡើងក្រាបបង្គំទូលព្រះករុណាថា : ស្ដេចនគរលាវ កំពុងតែឱ្យកេណ្ឌកងទ័ពធំ និង ទ័ពរទេះសេះ ដំរី ច្រើនណាស់បំរុង នឹងលើកមកវាយក្រុងកម្ពុជាធិបតី យើងក្នុងពេលឆាប់ៗនេះហើយ។ សូមទ្រង់ជ្រាប ក្រោមល្អងធូលីព្រះបាទ។ ព្រះបរមបពិត្របានទ្រង់ជ្រាបតាមសំបុត្ររបស់ចៅហ្វាយស្រុកទាំងនោះហើយព្រះអង្គទ្រង់មានព្រះរាជឱង្ការនឹងអស់នាយកងនាយទ័ពទាំងនោះថា: យើងនឹងទៅវាយក្រុងស្រីអយុធ្យា ក្នុងពេលនេះពុំទាន់បានឡើយព្រោះឥឡូវនេះលាវវាលើកទ័ពមកវាយយើងមុនហើយ បើដូច្នេះត្រូវតែយើងទទួលវាយលាវសិន។ ព្រះបរមបពិត្រ ទ្រង់ត្រាស់តែប៉ុណ្ណោះ ទើបត្រាស់ឱ្យសេនាបតីធ្វើសំបុត្របង្គាប់ពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកនោះឱ្យកេណ្ឌរាស្ត្រខេត្តខាងជើង ហើយចាំទទួលច្បាំងនឹងលាវនៅទីស្រុកអាសន្ទុកនោះឱ្យពញាអរជូនចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ កេណ្ឌរាស្ត្រខេត្តខាងកើត ហើយចាំទទួលច្បាំងនឹងលាវនៅស្រុកសម្បុកុលសម្បូណ៍។ ឯទ័ពហ្លួងស្ដេចព្រះរាជដំណើរ ត្រឡប់មកក្រុងលង្វែករាជធានីវិញ។ ឈ្លើយសៀមដែលចាប់បានមកទាំងប៉ុន្មាននោះទ្រង់ត្រាស់ឱ្យចែលទៅស្រុកធំតូចទាំងឡាយក្នុងប្រទេសកម្ពុជា។ គោ ក្របី ដំរី សេះ សព្វសម្បត្តិដែលបានមកទាំងប៉ុន្មានទ្រង់ប្រោសព្រះរាជទាន ចែកអស់នាយកងនាយទ័ពមិនឱ្យខ្វះកន្លះដល់ម្នាក់ឡើយ។ ហេតុនេះហើយបានជាកងទ័ពខំធ្វើការរាជការឆ្លងព្រះតេជគុណរៀងរាល់ឆ្នាំមានជ័យជំនះជាទីពេញចិត្តណាស់។

តមក ព្រះបរមបពិត្រទ្រង់មានព្រះរាជឱង្ការត្រាស់ឱ្យចេញកេណ្ឌកងទ័ពមកថែមឱ្យគ្រប់ចំនួនជាង ១០០០០០ នាក់។ នេះនឹងស្រដីខាងទ័ពលាវវិញ។ ព្រះចៅក្រុងស្រីសតនាគនហុត កេណ្ឌពលបាន ១៥០០០០ នាក់ ទ្រង់ឱ្យពញាឧបរាជ និង នាម៉ឺនធំ-តូចឃុំពល ៥០០០០ នាក់ជាទ័ពជើងទឹកឱ្យលើកមកតាមផ្លូវទន្លេធំ។ ស្ដេចលាវលើកពល ១០០០០០ នាក់មកដោយព្រះអង្គឯងជាទ័ពជើងគោក។ ក្នុងទ័ពនោះមានដំរីសឹក ៥០០ សេះសឹក ១២០០។ ទ្រង់ពញាឧបរាជសូរ្យវង្សជាមេទ័ពមុខឱ្យ ពញាសុរិន្ទខាំងហ្វា ជាប៉ែកខាងស្ដាំ ឱ្យពញាមហេជាប៉ែកខាងឆ្វេង ឱ្យពញាមើឡិកជាទ័ពក្រោយ ឱ្យពញានគរនៅរក្សាស្រុក។ លុះបានឫក្សឧត្តមនៅខែមាឃ ឆ្នាំវក ទោស័ក ព្រះចៅក្រុងស្រីសតនាគនហុត ទ្រង់គ្រឿងអម្ពរសព្វប្រដាប់ប្រដាតាមមាំឡាន ប្រទេសរចនាដោយសាភេតរិស័យឡើងគង់លើដំរីសឹក លើកក្បួនទ័ពជើងទឹក ជើងគោកជាសន្លឹកពន្លឹកណាស់តាមផ្លូវដើររយ : រៀងរហូតមកដល់ក្រុងកម្ពុជាធិបតី។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកដែលជាមេទ័ពខាងខ្មែរកាលបានឃើញកងទ័ពលាវធំហួសប្រមាណពុំហ៊ានចេញទទួលចំបាំង ហើយក៏ផាត់កៀរគ្រួវិលថយចូលមកបន្ទាយខេត្តអាសន្ទុកវិញ។ កងទ័ពទឹកលាវ សម្ដេចព្រះឧបរាជលាវលើកទ័ពមកដល់ជួខោនហើយទ្រង់ ក៏រំលៀកទូកចុះទ័ពមកដល់ស្រុកសម្បុក។ ពញាអរជូនឃើញទ័ពលាវច្រើនលើសលប់ជាងចំនួនទ័ពរបស់ខ្លួន ក៏ថយមកចាំទទួលច្បាំងនៅបន្ទាយត្បូងឃ្មុំ។ ខាងឯខ្មែរ ក្រុងលង្វែករាជធានីវិញ ព្រះបាទសម្ដេចក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់ឱ្យសម្ដេចព្រះសត្ថាធិរាជជាព្រះរាជឱរសនៅរក្សាព្រះនគឬ។ ទ្រង់ឱ្យប្រជុំពលយោធាជាប្រញាប់បានពល ១០០០០០ នាក់។ ទ្រង់ចាត់ឱ្យចៅហ្វាទឡ្ហៈជាមេទ័ពខាងជើងទឹក ឧកញ៉ាក្រឡាហោមជាមេទ័ពមុខ ព្រមដោយទូកក្ដារគ្រឿងសស្ត្រាវុធចំនួនពល ៣០០០០ នាក់ឱ្យលើកទ័ពទៅទទួលច្បាំងនឹងឧបរាជលាវនៅផ្លូវទន្លេធំ។ ទ័ពហ្លួងជើងគោកមានពល ៧០០០០ នាក់មានដំរី ៣០០ សេះ ៨០០។ ទ្រង់ឱ្យចំលងពលទៅត្រើយខាងកើតស្រេច ទើបសម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចាត់ឱ្យលើកព្យូហចតុរង្គរៀបចំដំណើរក្បួនទ័ពឱ្យប្រញាប់រៀងទៅ។ ឯស្ដេចលាវ កាលលើកទ័ពមកដល់ស្រុកសន្ទុកហើយ ទ្រង់ចាត់ឱ្យទ័ពលាវចូលវាយចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជ ក៏ដេញពលឱ្យឡើងលើទីបន្ទាយចាំទទួលច្បាំងនឹងទ័ពលាវ។ ទ័ពទាំងពីរខាងបាញ់កាំភ្លើងតគ្នាទៅវិញទៅមក ឮសន្ធឹកសន្ធាប់កក្រើកអស់ប្រថពី។ កងទ័ពទាំងសងខាងក៏ស្លាប់ដូចគ្នាដែរ។ ខាងពលលាវស្លាប់ច្រើនណាស់ទើបស្ដេចលាវឱ្យធ្វើបន្ទាយកិលបរព្រះទីនាំងដេញពលឱ្យចូលច្បាំងដូចរលកក្នុងមហាសមុទ្រ។ ពលលាវចូលមកដល់បន្ទាយខ្មែរហើយក៏តាំងឡើងប្រកាប់គ្នានឹងទ័ពខ្មែរលើបន្ទាយខ្មែរ។ ពលខ្មែរទទួលច្បាំងពុំបានក៏បែកទ័ពស្លាប់វិនាសអស់ជាច្រើនណាស់។ កូនរបស់ចៅពញាឧទ័យធិរាជស្លាប់ក្នុងបន្ទាយ ខ្លួនចៅពញារត់ទំលាយចំណោមទ័ពលាវបាន។ ទ័ពលាវមានជ័យជំនះចាប់បានទ័ពខ្មែរ ដែលបែកបន្ទាយយកទៅធ្វើជាឈ្លើយបានជាច្រើន។ ពញាឧទ័យធិរាជពេលរត់ចេញពីចំណោមទ័ពលាវរួចហើយក៏រត់មកប្រទះនឹងទ័ពហ្លួងកណ្ដាលផ្លូវក៏ចូលក្រាបថ្វាយបង្គំថ្លែងទូលរាជកិច្ចថ្វាយនូវទោសានុទោសរបស់ខ្លួន សព្វគ្រប់ប្រការ ខណៈនោះ អម្ចាស់ផែនដីប្រទេសកម្ពុជាមានព្រះរាជតំរាស់ត្រាស់ប្រារព្ធថា: ទ័ពលាវមានចំនួនច្រើនលើសកំលាំងទ័ពចៅហ្វាយស្រុកជាច្រើនណាស់។ ចៅហ្វាយស្រុកក្រៅនឹងទទួលច្បាំងផងពុំបានឡើយ។ ទ្រង់ព្រះរាជទានទោសដល់ចៅពញាឧទ័យធិរាជ។ លំដាប់នោះ អម្ចាស់ផែនដីខ្មែរ ស្ដេចលើកក្បួនទ័ពតទៅទៀត។ លុះដល់តំបន់កំពង់ស្វាយ ក្នុងខេត្តអាសន្ទុក។ ទ្រង់ត្រាស់ឱ្យតាំងទ័ពតាមក្បួនពិជ័យសង្គ្រាមក្នុងទីជ័យភូមិដ៏ល្អ។ ខាងលាវវិញ ស្ដេចលាវក៏ឱ្យលើកសេនាពលានុពលតាមក្បួនពិជ័យសង្គ្រាម។ ព្រះចៅលាងជាង "ស្ដេចលាវ" បានប្រឹក្សានឹងអស់សេនាទាហាន ពញាលាវទាំងឡាយថា : ទ័ពយើងមានច្រើនជាងទ័ពខ្មែរ។ ដូច្នេះវេលាស្អែកនេះ យើងត្រូវលើកក្បួនទ័ពតាំងពីយប់ហើយឱ្យទៅភ្លឺនៅមុខបន្ទាយខ្មែររួច ហើយយើងបរពលចូលទៅវាយទ័ពខ្មែរដោយងាយជាប្រាកដ។ អស់នាយកង នាយទ័ពក៏យល់ដូចព្រះរាជបញ្ជាការ។ លុះវេលាព្រឹកឡើង សម្ដេចព្រះចៅក្រុងស្រីសតនាគនហុត ព្រះអង្គទ្រង់គ្រឿងប្រដាប់សំរាប់ម៉ាឡានប្រទេសសុវណ្ណពិចិត្ររតនា ហត្ថាក៏ទ្រង់កង្វេរ ដាវខ ជាអាវុធរួចស្រេចហើយ ទើបឡើងគង់លើព្រះទីនាំងគជេន្ទ្រចុះប្រេង ចងគ្រឿងសឹកមានមន្ត្រីជិះកណ្ដាល ជិះកន្សៃគ្រប់ប្រការ។ អស់សេនា ពញាលាវ ជិះដំរីសឹក ២០០ មុខ ២០០ ក្រោយចោមរោមតាមក្បួនទ័ពដំរី។ ឯពលនៅជើងដំរី ៣០០០ នាក់ ស្ដេចឱ្យពាក់អាវលឿងកាន់កាំភ្លើង លំពែង ដាវ អមជើងព្រះទីនាំងគជេន្ទ្រ។ ពញារាជសូរ្យវង្សទ្រង់គ្រឿង ជិះដំរីសឹក ជួបជុំពល ដំរី សេះ និងពលថ្មើរជើងមូលមកហើយក៏លើកចេញទៅជាទ័ពមុខ។ ពញាសុរិន្ទខាំងហ្វាជិះដំរីសឹកឃុំពល ដំរី សេះ នឹងពលថ្មើរជើងលើកទៅជាទ័ពក្រោយ។ ឱ្យពញាសែន្យខាំងហ្វាលើកចេញទៅជាទ័ពស្រួចមុខគេបង្អស់។ ចំនួនពលលាវ កាលនោះ ១០០០០០ នាក់ប្រដាប់ព្រមដោយទង់ជ័យកាំភ្លើង ដាវ គ្រឿងសឹក គ្រឿងចំបាំងផ្សេងៗគ្នា។ លុះបានឫក្សល្អហើយ ទ័ពភ្លេងក៏តាំងវាយគង ទូងស្គរដេញប្រគុំភ្លេងតាមប្រទេសលាវ តាំងហ៊ោដោតទង់ជ័យហើយលើកទ័ពចេញទៅ។ ឯខាងទ្រង់ព្រះករុណាពិសេសជាអម្ចាស់ជីវិតលើត្បូង "ព្រះរាជាខ្មែរយើង" ឮសន្ធឹកក្បួនទ័ពឡើយ ទ្រង់ក៏ប្រជុំអស់មហាសេនា សេនានាយកមុខមន្ត្រីធំ តូច គាល់ស្ដាប់ព្រះរាជឱង្ការ ត្រៀបត្រាក្រោមល្អងធូលីព្រះបាទមកុដមាសឱកាសពិភាក្សាការណ៍រណង្គរាជភេរី។ ទើបទ្រង់ ត្រាស់ព្រះបរមរាជបរិហារថា : ការណ៍ទ័ពម្ដងនេះ ជាការណ៍ធំលើសធម្មតា។ លាវមានទ័ពច្រើនជាងយើងហើយ។ ការណ៍សឹកក្សត្រនេះ បើម្ដេចម្ដាគង់នឹងដឹងគ្នាវេលាព្រឹកនេះ ជាមិនខានទើបទ្រង់ត្រាស់ឱ្យចៅពញាឧទ័យធិរាជឃុំពល ៣០០ នាក់មានគងមានស្គរជាច្រើន សែងវាងទៅឱ្យហួសទ័ពលាវ។ ទ្រង់ផ្ដាំថា : ឱ្យមើលថា បើឮសូរកាំភ្លើងម្ដង ត្រូវឱ្យទ័ពវាយគងទូងស្គរគាំងហ៊ោដុតផ្ទះ ភូមិរាស្ត្រដែលរត់ចោលឱ្យឃើញផ្សែងហុយទ្រលោមឡើង។ ទើបទ្រង់ត្រាស់ឱ្យឧកញ៉ាចក្រី ចៅពញាធម្មាតេជោឃុំពល ១០០០០ នាក់ដែលមានដំរីសឹក សេះសឹក ក្របីសឹក លើកទ័ពទៅទាំងយប់ រកព្រៃឈប់បង្អង់ចាំមើល បើទ័ពច្បាំងគ្នាជាប់ដៃហើយឱ្យលើកសំរុកវាយលុកពីខាងក្រោយដើម្បីឱ្យខូចក្បួនរបស់នាយកងទ័ពលាវ។ ឧកញ៉ាចក្រី និងចៅពញាធម្មាតេជោ ក្រាបថ្វាយបង្គំលាលើកទ័ពចេញទៅតាមព្រះរាជបង្គាប់។ ឯទ័ពធំស្ដេចឱ្យរៀបរបៀបប្រុងក្នុងយប់នោះឱ្យស្រេច។ លុះព្រឹកបំព្រាងរៀបស្វាងអាកាស នាយកង នាយទ័ពក៏រៀបចំទ័ពតាមក្បួនពិជ័យសង្គ្រាមរង់ចាំវេលា។ សម្ដេចព្រះបរមរាជាធិរាជ បរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់គ្រឿងឥស្សរក្សត្រប្រដាប់ដោយសុវណ្ណរ័ត្ន អលង្កតវិកូសិតវិចិត្ររាជវិល័យសំរាប់ចូលពិជ័យរណង្គយុទ្ធស្រេច ទើបស្ដេចទ្រង់ព្រះសែងដាវរាជអាវុធឡើងគង់លើព្រះទីនាំងគជេន្ទ្រមង្គល ដែលជល់ឈ្នះដំរីលាវចុះប្រេងមុខក្រោយ ចងទៅដោយគ្រឿងភូផានសោភ័ណសំរាប់សឹកបាំងព្រះមហាស្វេតច្ឆ័ត្រមានសេនាជិះកណ្ដាល កាន់កន្ទុយក្ងោកសំរាប់បោកបង្គាប់ពលទ័ពមានមន្ត្រីជិះកន្សៃគជេន្ទ្រជ័យ កាន់នូវអាវុធប្រយ័ត្នពីខាងក្រោយ។ ទ្រង់ចាត់ពលឱ្យរវាំងចតុរង្គបាទគឺរក្សាជើងព្រះទីនាំងគជេន្ទ្រទាំង ៤ ដោយខ្លួនតាមមុខងារ។ អស់មុខមន្ត្រីរាជពលករ តែងខ្លួនជិះដំរីសឹកពន្លឹកត្រៀបត្រា ជិះគជសារមុខក្រោយ ឆ្វេង ស្ដាំ ចោមរោមព្រះទីនាំង ប្រចាំការណ៍តាមក្បួនរាជគជសង្គ្រាមយុទ្ធ។ ទើបអស់ពួកពលសកលយោធាតែងខ្លួនតាមពិណ៍ទីទៃៗអម្ចាស់ផែនដី ស្ដេចចាត់សូរ្យសេន្យរសនី ពលដំរី ពលសេះ ពលថ្មើរជើងក្នុងកងទ័ពហ្លួង។ ទ្រង់ចាត់ឱ្យចៅពញាមហាសេនាជាទ័ពស្រួច ទ្រង់ចាត់ឱ្យចៅពញាយោធាសង្គ្រាម ឱ្យជិះដំរី ឃុំពលជាទ័ពមុខបង្អស់បន្ទាប់នោះ ស្ដេចឱ្យឧកញ៉ាយមរាជ និង សេនាបតីដទៃទៀត ឃុំពលជាទ័ពមុខទ័ពក្រោយទ័ពប៉ែកឆ្វេងស្ដាំ។ ទ្រង់ចាត់ឱ្យឧកញ៉ាសាមន្តរាជ និង មុខមន្ត្រីជានាយកងនាយទ័ពឱ្យលើកទ័ពតាមក្រោយមកតាមព្យូហយាត្រារួចជាស្រេច។ លុះព្រឹកព្រាងស្រឡះ រះដួងអរុណោទ័យរស្មី ក្រហមមរន្ទាលច្រាលឆ្អៅនៅទិសបូព៌ព្រះហោរាធិបតីក៏គោះគង វាយកេរីជីព្រាហ្មណ៍ ថ្វាយស្លុតីថ្វាយ ទឹកស័ង្ខជ័យ មង្គលភ្នាក់ងារ ផ្លុំត្រែ ស័ង្ខ តាំងសុរិយាតន្ត្រីទើបស្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជឱង្ការត្រាស់ឱ្យមន្ត្រីដែលជិះដំរីកណ្ដាលទ័ពកាន់កន្ទុយមយូរាបក់បោកកន្ទុយក្ងោកឱ្យចេញទៅមុខ។ ឯដំរីចំលងសឹកឱ្យតាំងរៀបតំរូវត្រូវតាមក្បួនគជេន្ទ្រសង្គ្រាម។ អ្នកជិះកណ្ដាលដំរីថ្វាយបង្គំរាំកន្ទុយក្ងោកបោកបង្គាប់ទ័ពតាមក្បួន។ អស់ពលសេះ ពលថ្មើរជើង ក៏បោកទង់តាំងហ៊ោយកជ័យហើយទើបស្ដេចព្រះរាជដំណើរចេញក្បួនទ័ពជាសន្ធឹកសន្ធាប់មហិមា។ អស់មហាចតុរង្គ យោធាក៏រៀបដោយគ្រឿងសហានានាអាវុធ។ ភ្នាក់ងារបើកក្លស់ក្លំអភិរម្យវិជ្ជនីផាត់បាំងសេតរាំងសែងព្រះសុរិយាត្រៀបត្រាទៅដោយចាម៉រ បៃម៉ន សែនត្វាន់កំណាត់ក៏ត្ររួតគ្រឿងរាជអាវុធបវិស្សុតវិសេសផ្សេងៗសន្ទឹទៅដោយភ្លេង ព្រះទីនាំងគជេន្ទ្រ ព្រះពុទ្ធបដិមាករ ព្រះឥសូរ ព្រះនារាយណ៍ ទេវរូបក៏ចេញនាំមុខ ព្រះទីនាំងជាលំដាប់ទៅ។ ពញាមហាសេនា ពញាយោធាសង្គ្រាម លើកទ័ពទៅប្រទះនឹងទ័ពលាវដែលមានព្រះឧបរាជសូរ្យវង្សជាមេទ័ពមុខក៏បោះទង់ជ័យប្រជល់គ្នារវាងទ័ពមុខ និងទ័ពមុខខ្មែរ ក៏បោះទ័ពទល់គ្នារាយរាលខ្លួន។ លុះទ័ពហ្លួងខ្មែរ ទ័ពហ្លួងលាវមកដល់ទល់ជុំហើយទ័ពមុខក៏បោកទង់ជ័យ តាំងហ៊ោទូងស្គរបាញ់កាំភ្លើងធំ-តូច ចូលប្រកាប់ប្រចាក់គ្នាទៅមកជាសន្ធឹកពន្លឹកកោលាហលរេហ៍ពលសាកលយោធា លាវ ខ្មែរប្រកាប់គ្នាដូចជាព្យុះសង្ឃរា រលកសាគរមហាសមុទ្រពេនទៅពេនមកជាគឹកកងរំពងបីដូចជាផែនដីកំរើកញាប់ញ័រ។ កាលនោះទ័ពខ្មែរប៉ែកស្ដាំដេញប្រកាប់ទ័ពលាវ ទ័ពលាវទ្រាំមិនបានក៏ថយ។ ព្រះចៅក្រុងឝ្រីសតនាគនហុតទតឃើញដូច្នោះ ក៏ឱ្យពលពាក់អាវលឿង ៣០០០ នាក់ចេញដេញកាល់ពលឱ្យចូល ទទួលទ័ពខ្មែរ ទ័ពខ្មែរទ្រាំពុំបានក៏រាថយមកវិញដែរ។ សម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទតទស្សនាការ ឃើញទ័ពខ្មែរថយដូច្នោះ ក៏ទ្រង់បរព្រះទីនាំង នាំដំរីសឹកចូលកាល់ពលហើយ ទ្រង់ឱ្យកាត់ក្បាលនាយរេហ៍ពល ដែលថយទាំង ៥ នាក់ឱ្យនាយមហាក្សត្រនាំក្បាលទៅស្រែកឃោសនាឱ្យពលដឹង។ អស់ពលខ្មែរឃើញហើយខ្លាច ព្រះរាជអាជ្ញា ក៏ត្រឡប់ចូលទៅប្រកាប់ទ័ពលាវជាច្រឡំបល់។ ព្រះបរមបពិត្រ ស្ដេចបរពលចូលច្បាំងដោយព្រះអង្គឯង។ ក្រោយនោះ ពញាឧទ័យធិរាជវាយគងទូងស្គរតាំងហ៊ោដុតផ្ទះអ្នកស្រុកហើយរត់ចូលសំរុកមក។ ទ័ពក្រោយរបស់លាវ បានឃើញផ្សែងហុយទ្រលោមឮសូរសំរែក និង ស្គរគង រគាំងខ្លាំងណាស់ក៏រត់មកទូលស្ដេចលាវ។ ខាងឯឧកញ៉ាចក្រី ពញាធម្មាតេជោ "ទ័ពខាងខ្មែរ" ដែលបង្កប់ទ័ពសេះ ដំរី ក្របី និងពលថ្មើរជើងនៅក្នុងព្រៃនោះ កាលបើបានឮគង ឮស្គរហើយ ក៏នាំពលចូលសំរុក គ្រលុកច្បាំងខ្ទប់ពីក្រោយទៀត។ ទ័ពលាវមើលទៅ ទ្រាំពុំបានក៏បែកបាក់រត់ខ្ចាត់ខ្ចាយអស់។ ព្រះចៅក្រុងឝ្រីសតនាគនហុតកាវដំរីរត់ឥតបង្អង់។ កាលទ័ពលាវបែកនឹងទ័ពខ្មែរ ខ្មែរដេញតាមកាប់សំលាប់ពលលាវ ស្លាប់រៀងរាយតាមផ្លូវ តាមព្រៃ។ សាកសពជាច្រើនអនេកពេកពន់ប្រមាណស្លាប់ស្អុយពាសពេញទាំងផែនដី។ ពញាឧទ័យធិរាជ និង ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលជាមេទ័ពបង្កប់បានលើកទ័ពស្កាត់ពីមុខ ទ័ពលាវដែលនៅគាល់ក្រោយទ័ពហ្លួង។ ព្រះចៅឝ្រីសតនាគនហុតកាលដែលរត់បាក់ទ័ពនៅទីនោះ ទ្រង់ឱ្យពញាសេន្យខាំងហ្វានិងសេនាទាហាន រេហ៍ពលទាំង ១០០០០ នាក់ដឹងយល់ថា បើនឹងរត់ក៏ពុំរួចច្បាំងបើកផ្លូវចេញទៅក៏មិនបានទៀតទើបពញាសេន្យខាំងហ្វា ប្រឹក្សាយល់ព្រមនឹងសេនាទាហានតូចធំថាយើងមកជាប់ចំណោមក្នុងព្រៃនេះមួយយប់ ពីរថ្ងៃហើយ គួរតែយើងចូលជ្រកកោននឹងស្ដេចខ្មែរឱ្យរួចជីវិតទៅវិញទើបល្អជាង។ គិតហើយក៏ប្រកាសគ្រប់សេនាយោធាឱ្យមូរទង់ជ័យ ចងគ្រឿងសាស្ត្រាវុធនាំរេហ៍ពល និង រទេះសេះដំរីទៅចូលក្រាបបង្គំថ្វាយអម្ចាស់ផែនដី ខ្មែរសុំជាចំណុះចុះព្រះបារមី។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ជីវិតលើត្បូងទ្រង់ត្រាស់សួរថា : ឯងនេះមន្ត្រី ឬ ជាព្រះវង្សស្រុកណា ពញាសេន្យខាំងហ្វាក្រាបទូលថា: ទូលព្រះបង្គំជាខ្ញុំ ជាព្រះវង្សស្រុកឆៀងរ៉ាយ "ជៀងរាយ"។ ថាព្រះចៅឝ្រីសតនាគនហុត ព្រះអង្គកេណ្ឌយកទូលព្រះបង្គំយើងខ្ញុំមកឱ្យធ្វើជានាយកងទ័ពក្រោយ។ ព្រះបាទបរមនាថ បរមបពិត្រកាលបើបានឮថា ពញាសេន្យខាំងហ្វាជាព្រះរាជវង្សដូច្នោះហើយ ព្រះអង្គក៏មានមេត្តាឱ្យពញាសេន្យខាំហ្វា គ្រប់គ្រងខេត្តគោកសេះ ដែលនៅជាចំណុចខេត្តអាសន្ទុក ហើយទ្រង់ឱ្យប្រែឈ្មោះ គោកសេះ នោះឱ្យហៅថា "បានលាវឆៀងរ៉ាយ" "ប្រែថា ស្រុកលាវឆៀងរ៉ាយ" តែជាយូរៗមកពាក្យ បានលាវឆៀងរ៉ាយនេះ ក៏ដាច់អស់ពាក់កណ្ដាលទៅនៅសល់តែពាក្យដើមនិងពាក្យចុងទៅហៅថា បារាយណ៍ ទៅវិញក្លាយរហូតមកដល់សព្វថ្ងៃនេះ។ ទ្រង់បានឱ្យពលលាវ ១០០០ នាក់នៅក្នុងខេត្តនោះ។ ក្រៅអំពីនោះ ទ្រង់ត្រាស់បង្គាប់សេនាទាហានឱ្យផាត់កៀរពលលាវឱ្យទៅនៅខេត្តខាងត្បូង និង ខាងលិចទាំងអស់ហើយ ទ្រង់ឱ្យផ្លាស់ងារមន្ត្រីខេត្តគោកសេះ ដែលធ្លាប់ហៅថា ឧកញ៉ាមន្ត្រីសីហនាថនោះ មកជាពញាសេន្យខាំងហ្វាវិញ។ លំដាប់តនោះមកស្ដេចម្ចាស់ផែនដីខ្មែរទ្រង់បង្គាប់ ពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកមួយ ឧកញ៉ាមហាសេនាមួយ ឧកញ៉ាយោធាសង្គ្រាមមួយឱ្យលើកទ័ពដេញទ័ពព្រះចៅឝ្រីសតនាគនហុតដែលរត់ទៅទីនោះឱ្យផុតដែនក្រុងកម្ពុជាធិបតី។ មេទ័ពទាំង ៣ នាក់នេះចាប់បានឈ្លើយលាវ និងគោ ក្របី សេះ ដំរី ស្បៀងអាហារ គ្រឿងសស្ត្រាវុធជាច្រើនមក ក្រាបទូលថ្វាយព្រះបាទអ្នកជាម្ចាស់។

ព្រះបាទបរមនាថ បរមបពិត្រទ្រង់ព្រះអំណរណាស់ទ្រង់ប្រោសប្រទានពលលាវជាឈ្លើយនោះទៅមន្ត្រីសេនាទាហាន តាមមានគុណបំណាច់តិចច្រើនរួច ហើយព្រះអង្គត្រាស់ឱ្យរៀបពិធីការ សង្គ្រាមជើងទឹកទៀតព្រោះកាលទ្រង់ត្រាស់ប្រើសម្ដេចចៅហ្វាទឡ្ហៈឱ្យលើកទ័ពជើងទឹកទៅរួបរួមនឹងចៅហ្វាយស្រុកខេត្តត្បូងឃ្មុំតនឹងទ័ពឧបរាជសូរ្យវង្សនោះ ទ្រង់ពុំទាន់បានជ្រាបថាមានជ័យ ឬ បរាជ័យនៅឡើយ។ ខណៈនោះ ព្រះបរមបពិត្រអ្នកជាអម្ចាស់ ព្រះអង្គលើកទ័ពជើងគោកឆ្លងទៅបោះនៅខេត្តក្រចេះ ទ្រង់ឱ្យកាប់ឫស្សី និងរុះផ្ទះអ្នកស្រុកជាក្បូនបោះយុថ្កាពេញទន្លេរួចហើយ ទ្រង់ឱ្យជញ្ជូនចំបើង ស្បូវ ស្មៅ ផ្ទុកពេញក្បូននោះ។ លុះផ្ទុករួចហើយ ទ្រង់ចាត់បំរើឱ្យទៅប្រាប់សម្ដេចចៅហ្វាទឡ្ហៈ ឱ្យនាំទ័ពចៅហ្វាយស្រុកចូលច្បាំង និង ទ័ពលាវកុំបីបង្អែបង្អង់ឡើយ។ ក្រោយមកនោះទ័ពខ្មែរ និង ទ័ពលាវ បានបាញ់គ្នាដោយកាំភ្លើងនិងធ្នូ ស្នាយ៉ាងជ្រួលច្របល់។ ដល់ថ្ងៃ ដែលទ្រង់បានណាត់សន្យាហើយព្រះបរមបពិត្រ ឱ្យដកយុថ្កាក្បូនទាំងនោះ ឱ្យដុតក្បូននោះបណ្ដែតតាមខ្សែទឹក ដ៏មានភ្លើងហុយទ្រលោមយ៉ាងខ្លាំង។ ទ័ពលាវកាលបើឃើញក្បូនភ្លើងឆេះ ព័ទ្ធពីខាងក្រៅកាន់តែក្ដៅឡើងៗទ្រាំពុំបានខ្លះលោតចុះទឹកក៏មានខ្លះលោតឡើងគោកក៏មាន។ នរណាលោតឡើងគោកមកត្រូវ នឹងទ័ពឧកញ៉ាធម្មាតេជោសោមដែលបង្កប់ទ័ពនៅលើគោកនោះ ក៏ត្រូវទ័ពឧកញ៉ាធម្មាតេជោដេញកាប់ចាក់ចាប់យកជាឈ្លើយនិងយកគ្រឿងសស្ត្រាវុធជាច្រើន។ ឧកញ៉ាធម្មាតេជោសោមក្រោយដែលនាំឈ្លើយលាវមក ក្រាបបង្គំថ្វាយព្រះបរមបពិត្រក្នុងពេលដែលព្រះអង្គលើកទ័ពទៅបោះនៅកោះគោកខ្សាច់។ ខណៈនោះ ស្ដេចទតយល់នាយទ័ព នាយកង ខាងជើងទឹកព្រមទាំងគ្រឿងសស្ត្រាវុធដែលចាប់បានពីក្នុងទ័ពលាវ មានប្រមាណច្រើនណាស់ ទ្រង់មានព្រះអំណរណាស់។ ក្នុងពេលនោះទ្រង់ទតព្រះនេត្រមើលទៅឃើញឈ្លើយម្នាក់រូបរាងស្អាតបាតល្អ ទ្រង់ត្រាស់សួរពូជពង្សវង្សាវតារ របស់ឈ្លើយនោះតាមដំណើរ។ ឈ្លើយក៏ឆ្លើយទូលថា : ទូលព្រះបង្គំឈ្មោះចៅរៀមជារាជបុត្រានៃព្រះឧបរាជសូរ្យវង្ស។ សម្ដេចព្រះបរមនាថ បរមបពិត្រទ្រង់ព្រះសណ្ដាប់ចំលើយចៅរៀមនេះហើយ ក៏ទ្រង់ព្រះមេត្តាករុណាប្រោសឱ្យរួចជីវិតហើយទ្រង់ព្រះរាជទានលាវឈ្លើយ ២០០ នាក់ឱ្យទៅរកទទួលក្នុងកោះគោកខ្សាច់នោះ។ ទ្រង់បានឱ្យប្រែឈ្មោះកោះគោកខ្សាច់នោះមកឱ្យហៅថា កោះចៅរៀមវិញហេតុនោះហើយបានជាកោះនោះមានឈ្មោះថា កោះចៅរៀម " តាំងពីខែជេស្ឋ ឆ្នាំវក ទោស័ក ពស.២១១៦, គស.១៥៧២, មស.១៤៩៤, ចស.៩៣៤ នោះតរៀងទៅ។ នៅឆ្នាំវក ទោស័កនោះព្រះបរមនាថ អ្នកជាម្ចាស់ផែនដី ព្រះអង្គមានជ័យជំនះឈ្នះទ័ពលាវ ទាំងជើងទឹកជើងគោកជាស្ថាពរ។ ទ្រង់ចាប់បានទូកក្ដារ ស្បៀងអាហារ គ្រឿងសស្ត្រាវុធជាច្រើន។ ពលលាវស្លាប់ក្នុងសង្គ្រាមនោះ ក៏ច្រើនណាស់ចាប់បានជាឈ្លើយដែលនៅរស់ ២០០០០ ប្លាយនាក់បានដំរី ២០០ ប្លាយគូបានសេះ ៤០០ ប្លាយគូបានរទេះគោ ក្របី ជាច្រើន។ នាម៉ឺនលាវស្លាប់ក្នុងទ័ព ក៏ច្រើននាក់គឺពញាសូរិន្ទខាំងហ្វាមួយ ពញាសុរិន្ទបរហ្វៃមួយ ពញាឱបុណ្យមួយ ពញាចម្បាសក្ដិមួយ និង ឃុនម៉ឺនជាច្រើនទៀត។ ខាងខ្មែរ ស្លាប់ពញាយោធាសង្គ្រាមមួយ ស្លាប់ក្នុងសង្គ្រាមលាវនេះ (សាស្ត្រាបុរាណទីទៃៗទៀត ពុំបាននិយាយថា ពញាយោធាសង្គ្រាម ស្លាប់ក្នុងសង្គ្រាមនោះទេ មានតែសស្ត្រាវត្តកំពង់ត្រឡាចក្រោម មួយប៉ុណ្ណោះ ដែលបាននិយាយថា ពញាយោធាសង្គ្រាមស្លាប់ក្នុងពេលសង្គ្រាមនោះ) ពញាពន្ននាសក្ដាមួយព្រមទាំងនាម៉ឺនព្រះ និង ម៉ឺនជានាយខ្លះទៀតជាច្រើនដែរ។ ពលខ្មែរស្លាប់ក្នុងពេលនោះអស់មួយសួនពលលាវ ស្លាប់ ៥ សួន។ ខ្មែរបានគ្រឿងឧបភោគបរិភោគរបស់ស្ដេចលាវគ្រឿងអលង្ការ ដែលព្រះអង្គតែមួយដាវប្រាក់មួយកូបដំរីដែលស្ដេចគង់ គ្រឿងភ្លុកប្រដាប់មាសមួយកន្ថោរមាសមួយ ទៀនមាសមួយ កុណ្ឌីមាសមួយ ដាវមាសមួយ និង គ្រឿងឯទៀតជាច្រើន។ លុះការសង្គ្រាមបានជ័យជំនះបានជាស្ថាពរហើយ ព្រះបរមនាថ អ្នកជាអម្ចាស់ជីវិតលើត្បូង ស្ដេចលើកទ័ពទឹក ទ័ពគោកធ្វើព្រះរាជដំណើរត្រឡប់មកព្រះរាជនិវេសន៍ រាជធានីលង្វែកវិញ។ ទ្រង់ឱ្យធ្វើបុណ្យសម្ពោធឆ្លងការណ៍ដែលមានជ័យជំនះលើរាជបច្ចាមិត្រយ៉ាងឧឡារិក។ ឯពញាធម្មាតេជោ ចៅហ្វាយស្រុកបាភ្នំដែលធ្វើការក្លាហានក្នុងសង្គ្រាមនេះ សម្ដេចអ្នកជាអម្ចាស់ ទ្រង់ប្រទានឈ្លើយលាវ ៨០០០ នាក់ឱ្យទៅនៅស្រុកបាភ្នំសល់អំពីនោះ ទ្រង់ចែករំលែកឱ្យទៅនៅគ្រប់ស្រុកធំ-តូច។ រីឯនាយកង នាយទ័ពដែលមានបំណាច់ចំពោះរាជការ ក៏ទ្រង់ប្រទានយសសក្ដិនិងគ្រឿងឧបភោគបរិភោគរាល់ខ្លួនតាមធំតូច។ រាស្ត្រណាដែលស្លាប់ដោយសារសង្គ្រាម ព្រះបាទអ្នកជាអម្ចាស់ ក៏ទ្រង់ព្រះករុណាប្រោសដល់បុត្រភរិយាដែរ។ ពលណាដែលស្លាប់ក្នុងសង្ក្រាម ទ្រង់ព្រះករុណាប្រោសតាមគុណបំណាច់មិនឱ្យខ្វះ។ ទ្រង់ព្រះរាជទាន ឈ្លើយលាវដែលចាប់បាននោះ ៥០០ នាក់ឱ្យមកនៅជាពលសំរាប់វត្តភ្នំពេញ ទ្រង់ចែកមកវត្តឧណ្ណាលោម ៦០០ នាក់ ហើយឈ្លើយលាវដែលចាប់បានមកនោះទ្រង់ឱ្យហៅថា "លាវបាក់ទូក" ព្រោះព្រះអង្គទ្រង់ឈ្នះសង្គ្រាមខាងជើងទឹក និង ដុតភ្លើងឱ្យបែកបាក់ទូកអស់ជាច្រើនបានជាទ្រង់ឱ្យឈ្មោះថា: "លាវបាក់ទូក" ។ ភូមិករដែលលាវទាំងនោះនៅ ក៏មានឈ្មោះថា : "ភូមិបាក់ទូក" រហូតមកដល់សព្វថ្ងៃនេះ។

ឆ្នាំ១៥៧៣ ទ័ពលាវ ដែលរត់បែកបាក់ទៅនោះ ខ្លះរត់ក៏រត់ជាប់ទៅជាមួយនឹងទ័ពលោកឧបរាជសូរ្យវង្ស ខ្លះទៀតក៏រត់ខ្ចាត់ភ្លាត់ដោយស្រុកដោយភូមិរតាត់រតាយទៅក៏មាន។ ដូច្នេះឧបរាជសូរ្យវង្សទ្រង់ក៏ប្រមូលទ័ពដែលនៅសល់ពីស្លាប់ហើយរត់រួចនោះលើកវិលត្រឡប់ទៅឯនគរលាវវិញ។ ទ្រង់ឱ្យកេណ្ឌរេហ៍ពលមកបន្ថែមទៀតដើម្បីចាំដល់ពេលចេញវស្សាទៅលាវនឹងលើកទ័ពវិលត្រឡប់មកសងសឹកនឹងទ័ពខ្មែរវិញទៀត។ ប៉ុន្តែសេចក្ដីគំនុំរបស់លាវ នេះមិនបានសំរេចទៅវិញទេដោយហេតុថា លាវត្រូវជាប់ធ្វើសង្គ្រាមនឹងសម្ដេចព្រះចៅហ្វាម៉ុងគ្រី នគរហង្សាវតីគឺព្រះបាទព្រះរៀមអង្គយោធិននព្វរត្ន

ចំបាំងនឹងសៀមលើកទី៣

កែប្រែ

ក្នុងឆ្នាំច ចត្វាស័ក ពស.២១១៨, គស.១៥៧៤, មស.១៤៩៦, ចស.៨៣៦ ព្រះបាទសម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ ព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចូលគង់ចុងព្រះរាជារោងរម្យជួបជុំអស់ខ្ញុំរាជការធំ-តូចទើបមានព្រះរាជឱង្ការ​ត្រាស់ពិភាក្សាថា យើងបានចាត់បំរើឱ្យទៅស៊ើបការណ៍នៅប្រទេសលាវបំរើបានមកទូលយើងវិញថា: លាវបានកេណ្ឌកងទ័ពជាច្រើនបំរុងនឹងលើកមកច្បាំងនឹងព្រះនគរយើង។ ប៉ុន្តែឥឡូវនេះ ព្រះចៅក្រុងហង្សាវតីលើកទ័ពមកធ្វើសង្គ្រាមនឹងប្រទេសលាវហើយខាងនគរសៀមព្រះបាទមហាធម៌រាជាធិរាជ ស្ដេចក៏លើកទ័ពទៅតាមស្ដេចដែរ ទុកកូនឱ្យនៅរក្សាព្រះនគរ។ ការណ៍នេះបានកលគួរដល់យើងហើយគួរយើងទៅធ្វើសង្គ្រាមយកនគរសៀមឱ្យបាន។ មន្ត្រីខ្ញុំរាជការទាំងធំទាំងតូច ក៏យល់ព្រមតាមសព្វព្រះរាជហឫទ័យគ្រប់គ្នា។ លំដាប់នោះទ្រង់បានតាំងចិនម្នាក់ ឱ្យធ្វើជាសង្គ្រាមមន្ត្រី ស្រដីលើអស់ចិនទាំងអស់មានងារជាចៅពញាចិន។ ស្ដេចឱ្យកេណ្ឌពលចិន ១០០០០ នាក់ដាក់ជាទ័ពមុខឱ្យកេណ្ឌពលខ្មែរ ១២០០០០០ នាក់ជាទ័ពធំ។ ទ្រង់ឱ្យរៀបភេត្រាទូកក្ដារគ្រឿងសស្ត្រាវុធកំណត់ទីប្រជុំពលនៅស្រុកពាម បន្ទាយមាស។ ទ្រង់ត្រាស់ឱ្យសម្ដេចព្រះសត្ថាធិរាជជាព្រះឱរស និង សម្ដេចចៅហ្វាទឡ្ហៈព្រមទាំងសេនាបតី ក្រុមស្រុករក្សាព្រះនគរ។ លុះដល់ខែកក្ដិក ជាថ្ងៃសួស្ដីសិរីរាជ្យ មហាប្រសើរ ស្ដេចព្រះរាជដំណើរចេញចាក ព្រះមហានគរបវរលង្វែករាជធានី។ កាលស្ដេចយាងដល់ឡើងសណ្ឋិតគង់លើព្រះពន្លាជ័យរាជាសនៈ នៅស្រុកពាមបន្ទាយមាស ហើយព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតប្រទេសកម្ពុជា ស្ដេចមានព្រះរាជឱង្ការត្រាស់ឱ្យចៅពញាចិនដែលមានងារជាចិនចានតុក ធ្វើជាមេទ័ពឃុំពលចិនខ្មែរ ២០០០០ នាក់ឱ្យឧកញ៉ាក្រឡាហោមជាប៉ែកស្ដាំឃុំពល ១០០០០ នាក់ឱ្យចៅពញាឱកាសកេសរ ព្រះវង្សធំជាប៉ែកឆ្វេងឃុំពល ១០០០០ នាក់ឱ្យចៅពញាពិស្ណុលោក ឃុំពល ១០០០០ នាក់ដែរជាទ័ពក្រោយ។ ទ្រង់ត្រាស់ឱ្យមន្ត្រីទីចៅពញា ទីព្រះ ទីហ្លួង ទីឃុន ទីម៉ឺន ចូលក្នុងក្បួនទ័ពធំ និង​ នាយម៉ឺន នាយពាន់ នាយរយទៅដោយកងៗ តាមក្បួនពិជ័យសង្គ្រាមទៅចុះទូកសមុទ្រធំ-តូច មានកាំភ្លើងធំនូវទង់ជ័យទាំង ៦ ពណ៌ប្រកបទៅដោយសព្វយុទ្ធ។ លុះបញ្ចុះពលស្រេចហើយ ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជ ឥសូរក្សត្រជាអម្ចាស់ជីវិត លើត្បូងទ្រង់ព្រះរាជដំណើរចុះ គង់ព្រះទីនាំងសុវណ្ណនាវាភេត្រារចនាមហិមាទៅដោយគ្រឿងសស្ត្រាវុធវិស្សុតនូវ ស្វេត្រច្ឆ័ត្រ គ្រឿងរតន៍អភិរម្យ ឧត្តមដោយគ្រឿងឥស្សរិយយស។ លុះបានឫក្ស មហាវាយោផាត់ជំនោរមកលើទ័ពហើយ សម្ដេចព្រះបរមិន្ទរាជាធិរាជជាឥសូក្សត្រ ស្ដេចត្រាស់បង្គាប់ ឱ្យបើកទង់ជ័យតាំងហ៊ោលើកព្យូហយោធា មហានាវា ទ័ពធំ សន្ធឹកសន្ធាប់ទៅដោយបនមាំមួនជាមហាឡាតិរេក មើលប្លែកទៅដោយពន៍សំលៀកបំពាក់ ដែលពាក់តែងខ្លួនទៅដោយខ្លួនផ្សេងៗគ្នា។ ក្រុមភ្លេងក៏លេងប្រគំនាំទ័ពចេញទៅដោយមហាសមុទ្រទ័ពមុខទៅដល់ស្រុកចន្ទបុរី ក៏លើកវាយចាប់បានចៅហ្វាយស្រុកសៀម និង ឈ្លើយសៀមជាច្រើន។ ទ័ពនេះមានជ័យបានស្រុកតូចៗ រហូតទៅដល់ពាមសមុទ្រ ស្រុកធនបុរីទើបបានប្រទះនឹងទូតល្បាតសៀមពីរ។ មួយរំពេចនោះ ចៅពញាចិនចានតុក ទ័ពមុខ ក៏លើកទ័ពដេញទូកល្បាតសៀមរហូតដល់ស្រុកធនបុរី។ កងទ័ពចៅហ្វាយស្រុកសៀមក៏បានចេញមកទទួលច្បាំង។ ចៅពញាចានតុកលើកទ័ព មុខមកចេញច្បាំងយ៉ាងស្វាហាប់ហើយមានជ័យជំនះចាប់បានរាស្ត្រសៀម និងកងរេហ៍ពលទូកក្ដារជាច្រើន។ ចំណែកចៅហ្វាយស្រុកណាដែលរត់រួចខ្លួនទៅនោះក៏ ខំស្រូតរូតចូលទៅទូលព្រះចៅក្រុងស្រីអយុធ្យាឱ្យស្ដេចទ្រង់ជាប់គ្រប់ប្រការ។ ចំណែកឯទ័ពហ្លួងខ្មែរយើងវិញ ស្ដេចទ្រង់ព្រះរាជដំណើរទៅដល់បាណមប្រជែងទើបទ្រង់ត្រាស់ឱ្យបោះទ័ពតាំងនៅទីនោះ។ ឯព្រះចៅក្រុងស្រីអយុធ្យា ស្ដេចសៀមកាលដែលបានទទួលដំណឹងពីចៅហ្វាយស្រុកធនបុរី ហើយស្ដេចក៏ជំនុំ ប្រឹក្សានឹងអស់មុខមន្ត្រីថា ទ្រង់បានឱ្យកេណ្ឌកងទ័ពលើកមកចាំរក្សាព្រះនគរហើយ ឥឡូវនេះកងទ័ពក៏បានមកដល់ខ្លះហើយ។ ដូច្នេះ តើគួរយើងនឹងលើកទ័ពទៅទទួលច្បាំងក្រៅព្រះនគរ ឬចាំច្បាំងនៅក្នុងព្រះនគរ។ អស់មុខមន្ត្រី ស្រដីព្រមគ្នាទូលថា គួរតែព្រះអង្គចាត់ឱ្យរៀបទ័ពទទួលច្បាំងពីក្រៅព្រះនគរសិនកុំអាលឱ្យបច្ចាមិត្រចូលមកដល់ក្នុងព្រះនគរភ្លាម ប៉ុន្តែសូមព្រះអង្គស្ដេចរង់ចាំកេណ្ឌរេហ៍ពលឱ្យមកដល់ជុំគ្នាសិន។ ព្រះធម៌រាជាធិរាជទ្រង់ យល់ថាយោបល់អស់មុខមន្ត្រីនេះត្រូវណាស់ ទើបទ្រង់ឱ្យចាត់កងទ័ពឱ្យព្រះយសរាជធានី ជាមេទ័ពធំឃុំពល ៤០០០ នាក់ ឱ្យម៉ឺនរាជាមាត្យ ជាមេទ័ពមុខឃុំពល ៣០០០ នាក់ព្រមដោយទូកដាវកាំភ្លើងគ្រឿងចំបាំងលើកទ័ពមកទទួលច្បាំងនឹងទ័ពខ្មែរ។ ខណៈនោះ ទូកល្បាតខ្មែរបានដឹងសេចក្ដីនេះហើយ ក៏ចូលទៅក្រាបទូលព្រះករុណា "ព្រះរាជាខ្មែរ" ថា: មានទ័ពសៀមលើកមកចំនួន ៧០០០ នាក់។ មួយរំពេចនោះ ព្រះបរមបពិត្រជាអម្ចាស់ស្ដេចត្រាស់ឱ្យចៅពញាចិនចានតុក ឃុំពលខ្មែរចិន ១០០០០ នាក់ចេញទៅច្បាំងនឹងទ័ពសៀម។ ចៅពញាចិនចានតុក ទទួលព្រះរាជឱង្ការ ហើយក៏លើកទ័ពទៅដល់ទល់នឹងទ័ពសៀមមួយរំពេច។ ខណៈនោះ ទ័ពខ្មែរទ័ពសៀមក៏បោកទង់ជ័យតាំងហ៊ោវាយគងទូងស្គរបាញ់កាំភ្លើងធំ-តូច ច្បាំងគ្នាជាសន្ធឹកគឹកកងកោលាហល។ ពញាចិនចានតុកជាមន្ត្រីចិន ក៏ពិតមែនតែមានចិត្តក្លាហាននឹងការសង្គ្រាមណាស់។ អ្នកចែវទូកចែវចូលទៅប្រជល់នឹងទូកម៉ឺនរាជាមាត្យ ហើយបាញ់ចាក់កាប់សំលាប់នូវទ័ពទាំងសងខាងទៅវិញទៅមក ឥតកោតញញើតដៃសោះឡើយ។ ខាងសៀមក៏ដូចជាខាងខ្មែរសុទ្ធតែរបឹងនឹងរបឹងប្រយុទ្ធគ្នាមួយថ្ងៃតាំងពីព្រឹកទល់ល្ងាចឮសូរតែ ដំបង ដាវ លំពែង ប៉ះគ្នាកក្រើកព្រៃបែកទឹកសំពោង។ លុះដល់ព្រះអាទិត្យជិតអស្ដង្គត ម៉ឺនរាជាមាត្យឃើញថាទ័ពខាងខ្លួនទន់ដៃណាស់ហើយនឹងនៅទ្រាំតស៊ូនឹងទ័ពចិន ខ្មែរតទៅទៀតមិនបានក៏នាំគ្នាលោតចុះទឹកអស់ទៅ។ មួយរំពេចនោះចៅពញាចិនចានតុក លើកទ័ពខ្មែរចិនដេញតាមទៅឥតបង្អង់មិនយូរប៉ុន្មានទ័ពខ្មែរ ក៏វាយត្រូវម៉ឺនរាជាមាត្យដួលនៅនឹងកន្លែង ហើយចាប់បានខ្លួនទាំងរស់ទៀត។ ទ័ពខ្មែរឃើញដូច្នោះក៏កាន់តែមានចិត្តក្លាហាននាំគ្នាលើកចូលវាយ ទ័ពសៀមឥតមានកោតញញើតដរាបដល់ទ័ពសៀមរត់បែកបាក់ខ្ចាត់ខ្ចាយអស់។ ឯព្រះយសរាជធានី មេទ័ពសៀមកាលឃើញទ័ពម៉ឺនរាជាមាត្យបាក់ដូច្នេះហើយ ទ្រង់ក៏ភិតភ័យខ្លាំងណាស់ចុះទូកយ៉ាងរហ័សហើយអុំរត់ចូលទៅក្នុងព្រះរាជធានីវិញ។ ពលសៀមស្លាប់នឹងអាវុធ ស្លាប់នឹងធ្លាក់ទឹកក៏ច្រើនចាប់បានទាំងរស់ក៏ ច្រើនសល់រត់ចូលទៅវិញបានតិចណាស់។ ពញាចិនចានតុកបានជ័យជំនះហើយ ក៏លើកទ័ពត្រឡប់មកវិញនាម៉ឺនរាជាមាត្យនឹងឈ្លើយសៀមទាំងប៉ុន្មានព្រមទាំងទូកក្ដារ គ្រឿងសស្ត្រាវុធ មកក្រាបបង្គំទូលថ្វាយ ព្រះបាទអ្នកជាអម្ចាស់ ជីវិតលើត្បូងនៅទីបាណាមព្រះប្រដែង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ដោះព្រះទំរង់មាសត្បូងពេជ្រមួយដាវមាសមួយ ព្រះរាជទានឱ្យចៅពញាចិនចានតុកជារង្វាន់លើកទឹកចិត្ត។ ចំពោះអស់សេនាទាហានដទៃទៀត ក៏ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានមាសប្រាក់ជារង្វាន់តាមគួរហើយ ស្ដេចមានព្រះរាជឱង្ការថា : យើងចាប់បានឈ្លើយសៀមតាំងពីរស្រុកចន្ទបុរីរៀងមក បើតាមរាប់ទៅក៏បានច្រើនពាន់នាក់ហើយ។ បើយើងនឹងទុកឱ្យនាវានៅក្នុងក្បួនទ័ពនេះតទៅទៀតក៏នឹងជាការកង្វល់ដល់យើងដែរ។ ដូច្នេះត្រូវយើងចាត់ឱ្យចៅហ្វាយស្រុកកំពត កំពង់សោមផាត់កៀរគ្រួទាំងទ័ពជើងទឹក ជើងគោកនាំវិលទៅក្រុងកម្ពុជាធិបតីវិញចុះ។

ចុះសន្ធិសញ្ញា

កែប្រែ

  • ក្រោយព្រះបាទបរមិន្ទរាជាចាត់ចែងកងទ័ពរួចហើយ ស្ដេចទ្រង់ព្រះរាជដំណើរនាំព្រីន្ទពលាពល រាជទ័ពដោយជលមាគ៌ាទៅដល់ក្រុងស្រីអយុធ្យាហើយ ទ្រង់តាំងទ័ពនៅតំបន់មួយ មួយអន្លើដោយទ័ពមុខទ័ពក្រោយ ឆ្វេង ស្ដាំ។ ទ្រង់បោះទ័ពនៅទីនោះប្រចាំការតាមក្បួនពិជ័យសង្គ្រាម។ ចំណែកខាងសៀមវិញ កាលបើនាយកងទ័ពឃើញទ័ពខ្មែរទៅដល់ហើយ ក៏ឱ្យពលបិទទ្វារព្រះនគរ ហើយដេញពលឱ្យឡើងប្រចាំការរក្សានាទីសព្វៗខ្លួន។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង = ព្រះរាជាខ្មែរ ទ្រង់ជ្រាបថារេហ៍សៀមបិទទ្វារ ព្រះនគរពុំហ៊ានឱ្យសេនាទាហានចេញទល់ទ័ពដូច្នេះ ហើយទ្រង់ត្រាស់ឱ្យតែងជាព្រះសុភអក្សរ និង សំបុត្រនាយកងទ័ព ហើយឱ្យឈ្លើយសៀមនាំយកទៅក្រុងស្រីអយុធ្យាដើម្បីថ្វាយព្រះចៅធម៌រាជា និងអស់មន្ត្រីសៀមឱ្យជ្រាបសព្វសេចក្ដី។ ព្រះចៅក្រុងស្រីអយុធ្យា កាលបានទទួលសំបុត្រខ្មែរហើយ ក៏ឱ្យប្រែមើលឃើញមានសេចក្ដីថា សុភអក្សរបវរមង្គលវិមលវិចិត្រ សុចរិតព្រឹទ្ធាស្រ័យ ពីមហាចតុរង្គាធិបតីក្រោមល្អងធូលីព្រះបាទនៃសម្ដេចព្រះបរមិន្ទរាជា បរមនាថ បរមបពិត្រ ព្រះបាទអ្នកជាឥសូរតេជោជ័យជាអម្ចាស់ ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី សិរីសោធរ បវរឥន្ទបត្តកុរុរដ្ឋរាជធានី បុរីរម្យឧត្តមរាជនិវេសន៍ដ៏វិសេសមហាស្ថានបានទ្រង់ជ្រាប។ ចំរើនផ្លូវព្រះរាជមេត្រី មកសម្ដេចព្រះធម្មរាជា ដ្បិតក្រុងកម្ពុជាធិបតី មហានគរមេរាប្រទេស និង ក្រុងស្រីអយុធ្យានោះពីអតីតកាលមក ឥតមានទោសពៃសារហេតុ ទាស់ទែងអ្វីនឹងគ្នាសោះទេមានតែក្រុងកម្ពុជាមានគុណលើក្រុងស្រីអយុធ្យាពីព្រោះថា ពីដើមរៀងមកព្រំដែននៃព្រះនគរក្រុងកម្ពុជាធិបតី កន្លងលើសហួសដែនក្រុងស្រីអយុធ្យានោះ ទិសខាងលិចខាងជើងទល់នឹងស្រុកភូមា មន ព្រំដែនខាងកើតខាងត្បូងទល់នឹងស្រុកយួន ចាម ចិន។ មិនតែប៉ុណ្ណោះសោតទាំងស្រុកភូមា មន លាវ យួន សៀមនេះ ក៏សឹងធ្លាប់ជាចំណុះក្រុងកម្ពុជារៀងមក ច្រើនផែនដីណាស់ដែរ។ លុះដល់មកផែនដី ព្រះគម្ដែងព្រះបាទបទុមសូរ្យវង្ស ដែលមាននៅព្រះនេត្រព្រះកាណ៌ទិព្វវិសេសនោះ ព្រះអង្គទ្រង់ជ្រាបថា ចៅពញារោងនោះ ត្រូវជាសម្ដេចព្រះបរមនាថ ជេដ្ឋារបស់ព្រះអង្គ ព្រះអង្គទ្រង់លើកស្រុកសៀម និងស្រុកភូមា ស្រុកមន ស្រុកលាវទិសខាងលិច ខាងជើង ទាំងអស់ និងនគរសៀមទាំង ៥ នេះ ថ្វាយទៅព្រះចៅពញារោងទុកជានគរសៀមតែមួយ ព្រោះត្រូវជាព្រះជេដ្ឋា។ ព្រះអង្គទ្រង់ឱ្យប្រទេសសៀមជាប្រទេសឯករាជ្យលែងឱ្យនាំសួយសារតំបារមាស ប្រាក់ ទៅថ្វាយព្រះអង្គទៀតព្រោះ ទ្រង់ថ្វាយដាច់ទៅព្រះរោងជាសម្ដេចព្រះជេដ្ឋាហើយព្រះវង្សព្រះរោងបានសោយរាជ្យតមកច្រើនតំណជាសុខរៀងមក ប៉ុន្តែលុះដល់ព្រះចៅឧទងដណ្ដើមយករាជសម្បត្តិជ្រែករាជ្យព្រះរោងទៅស្រុកទាំងនោះត្រូវបានមកប្រទេសកម្ពុជាវិញ ហើយគួរតែសៀមលែងទៅក្រុងតែក្រុងស្រីអយុធ្យានៅតែស្ងៀមព្រងើយមិននាំសួយសារទៅថ្វាយព្រះចៅក្រុងកម្ពុជាធិបតីទាល់តែសោះ។ ទោះបីសៀមធ្វើយ៉ាងនេះក៏ដោយ ក៏ព្រះចៅក្រុងកម្ពុជាទ្រង់មាន ព្រះអធ្យាស្រ័យ ប្រណីមកដល់សៀមដែរ ពុំបានប្រកាន់ទោសសៀមជាប្រការអ្វីឡើយ។ លុះដល់ផែនដី ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជាអង្គនេះ ក៏ស្ដេចពុំប្រកាន់ទោសពៃអ្វីនឹងសៀមទៀតដែរដើម្បីមិនឱ្យសៀមមានសេចក្ដីទើសទាល់ទេ។ ប៉ុន្តែមិនដឹងជារឿងអ្វី ក៏ស្រាប់តែព្រះបរមរាជា ស្ដេចសៀមឱ្យព្រះរាជាធិបតីធ្វើជាទ័ពចោរលើកលបទៅក្រឡុកវាយបែកព្រះមហានគរម្ដងទៅ។ ដល់មកផែនដីព្រះលំពង្សរាជា "ស្ដេចខ្មែរ" ទៀតក៏ព្រះបរមរាជា សៀមលបលើកទៅវាយបែកព្រះនគរជាលើកទីពីរម្ដងទៀត។ កាលស្ដេចសៀមលើក ទ័ពទៅវាយទាំងពីរលើកនេះ សៀមពុំបានចាត់ឱ្យមានព្រះរាជសារទៅណាត់ទ័ព ដើម្បីច្បាំងគ្នាជាមុនសោះ។ ដល់ផែនដីព្រះបរមរាជាជាសម្ដេចព្រះវរបិតាយើងក៏ព្រះចៅចក្រពត្តិ "ស្ដេចសៀម" លើកទៅវាយមហានគរម្ដងទៀត។ លុះដល់ចាញ់ដៃខ្មែរហើយ ព្រះចៅចក្រពត្តិត្រឡប់ទៅស្រុកវិញក៏នៅតែមិនសុខព្រះទ័យសោះក្រោយនោះមិនយូរប៉ុន្មាន ស្ដេចក៏ឱ្យព្រះញាអុងលើកទ័ពទៅវាយក្រុងកម្ពុជាម្ដងទៀតតែលើកនេះសៀមក៏បរាជ័យទៅទៀត។ សម្ដេចព្រះវររាជបិតាចាប់បានឈ្លើយសៀមជាច្រើនហើយក៏សៀមនៅតែពុំរាងចាល។ ក្រោយមកទៀត ព្រះចៅចក្រពត្តិលើកទ័ពទៅវាយមហានគរដោយព្រះអង្គឯង សម្ដេចព្រះបរមរាជាជាសម្ដេចព្រះវររាជបិតាលើកទ័ពមកទទួលច្បាំងនឹងសៀម សៀមចាញ់ខូចខាតអស់គ្រឿងសស្ត្រាវុធជាច្រើនណាស់ម្លឹងហើយក៏សៀមនៅតែពុំទាន់រាងចាលទៀតដែរ។ ឥឡូវនេះ យើងជាសម្ដេចព្រះរាជបុត្រានៃព្រះបាទចន្ទរាជា ដែលត្រូវជាព្រះអនុជព្រះចៅធម៌រាជា "ស្ដេចសៀម" លើកយោធាទាហានមកដល់ជើងព្រះរាជវាំងហើយយើងសូមអញ្ជើញស្ដេចព្រះរៀម លើកយោធាទាហានចេញមកធ្វើយុទ្ធនាធិការឱ្យឃើញថ្វីដៃគ្នាម្ដង។ កាលព្រះអង្គកោតខ្លាចហើយ នឹងចងជាព្រះរាជមេត្រីដូចដើមនោះសូមឱ្យប្រគល់ស្រុកបស្ចឹមបុរី១ ស្រុកចន្ទបុរី១ ស្រុកនគររាជសីមា១ មកប្រទេសក្រុងកម្ពុជាធិបតីវិញ។ ខាងលិចស្រុកទាំង ៣ នេះត្រូវទុកជារបស់ក្រុងស្រីអយុធ្យា។ ពីត្រឹមស្រុកធំទាំង ៣ នេះ ទៅខាងកើតត្រូវទុកជារបស់កម្ពុជាតាមព្រំព្រះនគរ ផែនដីព្រះបាទបទុមសូរ្យវង្សដែលចែករំលែកថ្វាយទៅសម្ដេចចៅពញារោងវិញនោះ។ ថាពុំព្រមប្រគល់ឱ្យទេ ថានឹងលើកទ័ពមកកំទេចទ័ពសៀមយកផែនដីសៀមឱ្យបាន ដែលទល់នឹងព្រះនគរហង្សាវតី យកនគរសៀមទាំង ៥ និងនគរលាវដែល សៀមវាយយកបានជាចំណុះនោះទៅជាដែនក្រុងកម្ពុជាតាមព្រំព្រះនគរក្នុងឯនាយដែនដីព្រះអរិដ្ឋពលពាហនោ "ព្រះកេតុមាលា" នោះឱ្យបានដូចដើមវិញ។ ខណៈនោះ ព្រះចៅសម្ដេចព្រះមហាធម៌រាជា "ស្ដេចសៀម" ស្ដេចបានទ្រង់ជ្រាបព្រះរាជសារ នោះហើយទ្រង់នឹងស្ញើចស្ញើបក្នុងព្រះរាជហឫទ័យណាស់។ ទ្រង់ព្រះរាជតំរិះយល់ថា ព្រះបាទបរមិន្ទរាជា អង្គនេះមានថ្វីដៃក្លាហានដូចព្រះចន្ទរាជា ថាព្រះវររាជបិតាដែរ ដែលឈ្នះលាវ សៀមយើងជាច្រើនគ្រាមកហើយ។ ក៏ឯយើងវិញកាលបើយើងពុំទាន់ខូចខាតទាហាន និងគ្រឿងសស្ត្រាវុធ ព្រោះព្រះចៅក្រុងហង្សាវតីទេ នោះយើងនឹងស្ញើបអ្វីនូវថ្វីដៃស្រុកខ្មែរតូច មួយប៉ុណ្ណោះនោះ។ ទ្រង់ព្រះតំរិះយល់ឃើញដូច្នោះហើយ ទើបទ្រង់ត្រាស់ប្រឹក្សានឹងសេនាបតី មន្ត្រីគ្រប់ក្រសួងអំពីកិច្ចការសង្គ្រាមជាបន្ទាន់តាមកាលវេលា។ មន្ត្រីគ្រប់ក្រសួងក្រាបបង្គំទូលថា : ស្រុកយើងសព្វថ្ងៃ កំពុងតែមានទុក្ខធុរៈ ដោយសារព្រះចៅក្រុងហង្សាវតី ទាំងគ្រឿងសស្ត្រាវុធ សេះដំរីទៀតក៏ព្រះចៅក្រុងហង្សាវតី ផាត់កៀរយកទាំងគ្រួសារអស់ជាច្រើនណាស់ទៅហើយ។ ទូលព្រះបង្គំយើងខ្ញុំយល់ថាព្រះករុណា ក៏គួរតែទទួលជាព្រះរាជមេត្រីនឹងប្រទេសកម្ពុជា ហើយថ្វាយស្រុកខាងកើតតាមសេចក្ដីសុំរបស់ប្រទេសកម្ពុជាចុះ ទំរាំយើងសន្សំរេហ៍ពល និង ស្បៀងអាហារ គ្រឿងសស្ត្រាវុធបានបរិបូរណ៍ កាលណាសឹមយើងគិតការតទៅទៀត។ សម្ដេចព្រះមហាធម៌រាជា ស្ដេចទ្រង់បានព្រះសណ្ដាប់មន្ត្រីប្រឹក្សាអំពីរាជការផែនដី ហើយព្រមទាំងត្រូវនឹងព្រះរាជហឫទ័យទៀតផង ស្ដេចក៏មានព្រះរាជឱង្ការត្រាស់ឱ្យចាងហ្វាងអល័ក្ស តែងព្រះសុភអក្សរតបសេចក្ដីទៅវិញ។ លុះបានព្រះសុភអក្សរហើយព្រះចៅសៀមក៏ទ្រង់ត្រាស់ឱ្យពញាមហាមន្ត្រី ព្រះរាជវរានុកូល អញ្ជើញព្រះរាជសារ នោះក្នុងឋានៈជាព្រះរាជទូតទាំងពីរនាក់។ រាជទូតទាំងពីរនាក់ ក៏ថ្វាយបង្គំអញ្ជើញ ព្រះរាជសារនោះទៅជូននាយកងទ័ពខ្មែរ នាយកងទ័ពខ្មែរនាំទៅប្ដឹងសេនាបតី សេនាបតីនាំចូលក្រាបបង្គំទូលថ្វាយព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ខណៈនោះ ព្រះបាទសម្ដេចព្រះបរមិន្ទរាជា ព្រះអង្គទ្រង់ចេញប្រថាប់ក្នុងព្រះសុវណ្ណពន្លាជួបជុំសេនាបតី មន្ត្រី នាយកង នាយទ័ព ក្រាបបង្គំគាល់ជាយសបរិវារ។ ទ្រង់ត្រាស់ប្រឹក្សាការសង្គ្រាមតាមធម្មតា។ លុះទ្រង់ទតឃើញឧកញ៉ាចក្រីមួយ ឧកញ៉ាក្រឡាហោមមួយ ជាសេនាបតី សំរេចរាជការជើងទឹក ជើងគោកទាំងពីរក្រុម នាំរាជទូតសៀមមកក្រាបបង្គំទូលថ្វាយ ព្រះរាជសារហើយទ្រង់ក៏ត្រាស់ឱ្យប្រែសេចក្ដីនៃព្រះរាជសារដែលមានសេចក្ដីដូច្នេះថា ព្រះរាជសារ សុន្ទរបវររតនមង្គលវិមលវិចិត្រក្រៃនៃសម្ដេចព្រះពុទ្ធចៅ ព្រះមហាធម៌រាជាតិលកលោកា មហាធម្មិករាជា ជាព្រះចៅក្រុងធារាវតី ស្រីអយុធ្យា ក្រុងទេពមហានគរបវររាជធានី ជាសម្ដេចព្រះរៀមរាជាធិរាជចំរើនផ្លូវ ព្រះរាជមេត្រីមកសម្ដេចព្រះរាជឱង្ការព្រះបាទបរមិន្ទរាជា រាមាធិបតី សិរីយសោធរបវរខត្តិយមហានគរ ក្រុងកម្ពុជាធិបតីជាព្រះអនុជាធិរាជ បានទ្រង់ជ្រាប។ ដ្បិតយើងជាសម្ដេចព្រះរៀមបានទទួលព្រះរាជសារ សុន្ទរបវរនៃសម្ដេចព្រះអនុជាធិរាជហើយ យើងមើលដឹងសេចក្ដីគ្រប់ប្រការទៅ ឃើញថា ព្រះអនុជាធិរាជប្រាថ្នាចង់បានស្រុកចន្ទបុរីមួយ ស្រុកនគររាជសីមាមួយ ស្រុកបស្ចឹមបុរីមួយ ឱ្យចូលទៅជាផែនដីក្រុងកម្ពុជា តាមព្រំដែនដែលព្រះបាទបទុមសូរ្យវង្ស ទ្រង់ចែកផែនដីនោះ នោះយើងក៏យល់ព្រមតាមហើយដើម្បីនឹងទុកព្រះនគរទាំងពីរឱ្យសាមគ្គីរួបរួមគ្នាតែមួយឱ្យបានជាព្រះរៀមព្រះអនុជតរៀងទៅ។ ដូច្នេះ បើសម្ដេចព្រះអនុជាធិរាជ ទ្រង់សព្វព្រះរាជហឫទ័យហើយ ក៏សូមឱ្យរំសាយកងទ័ពឱ្យលែងព័ទ្ធចោមព្រះរាជសីមានេះចេញទៅហើយឱ្យចាត់សេនាទាហានទៅសាងព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលា។ ខាងយើង យើងក៏នឹងបានឱ្យទាហានទៅធ្វើព្រះពន្លាទុកជាម្ខាងដែរ។ ដល់ថ្ងៃ ១១ កើត ខែផល្គុន ឆ្នាំនេះ យើងនឹងទៅជួបជុំសម្ដេចព្រះរាជសន្យាជាស្ថាពរតរៀងទៅ។ ដូច្នេះ បើសម្ដេចព្រះអនុជាធិរាជ ទ្រង់សព្វព្រះរាជហឫទ័យហើយ ក៏សូមឱ្យរំសាយកងទ័ពឱ្យលែងព័ទ្ធចោមព្រះរាជសីមានេះចេញទៅហើយឱ្យចាត់សេនាទាហានទៅសាងព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលា។ ខាងយើងក៏នឹងបាន ឱ្យទាហានទៅធ្វើព្រះពន្លាទុកជាម្ខាងដែរ។ ដល់ថ្ងៃ១១ កើត ខែផល្គុន ឆ្នាំនេះ យើងនឹងទៅជួបជុំសម្ដេចព្រះរាជសន្យាជាស្ថាពរតរៀងទៅ។ ព្រះបាទបរមបពិត្រអម្ចាស់ជីវិតផែនដីខ្មែរ ទ្រង់ព្រះរាជសណ្ដាប់ព្រះរាជសារចប់ហើយទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់គ្រប់មុខងារឱ្យថយកងទ័ពចូលមកក្នុងបន្ទាយធំអស់ ហើយទ្រង់ចាត់ឱ្យមន្ត្រីក្រមមេការនាំរេហ៍ពល ១៥០០ នាក់ទៅក្រាលដីតាំងព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលានោះ។ ទ្រង់ត្រាស់បង្គាប់នឹងរាជទូតសៀមថា: ឯងទៅទូលម្ចាស់ឯងវិញចុះថា យើងព្រមគ្រប់គ្នាហើយ។ មន្ត្រីរាជទូតសៀមក៏ថ្វាយ បង្គំលាទៅទូលសម្ដេចព្រះពុទ្ធចៅ ព្រះមហាធម៌រាជាគ្រប់ប្រការ។ ព្រះចៅមហាធម៌រាជាគ្រប់ប្រការ។ ព្រះចៅមហាធម៌រាជា ក៏ចាត់មន្ត្រីក្រុមមេការឱ្យទៅធ្វើព្រះពន្លាធ្វើរោងនៅតំបន់រអាងសិលា ដោយពុំអាចនឹងបង្អង់ ឱ្យយឺតយូរបានឡើយ។ លុះដល់ថ្ងៃ ដែលសន្មតហើយ ព្រះចៅក្រុងកម្ពុជាធិបតី និង ព្រះចៅក្រុងស្រីអយុធ្យាជាព្រះមហាក្សត្រទាំងពីរអង្គទ្រង់ត្រាស់បង្គាប់ឱ្យសេនាបតី មន្ត្រីគ្រប់ក្រសួងស្លៀកពាក់តាមពណ៌សំរាប់ឯក ទោ ត្រី ចត្វា ព្រមទាំងគ្រឿងបាំងសែត បាំងសែងព្រះសុរិយា ចាម៉រ បៃមន អភិរម្យ សែនត្វាន់ ក្លស់ក្លំ ទង់ជ័យប្រពៃដោយពណ៌ផ្សេងៗ ព្រះមហាក្សត្រទាំងពីរព្រះអង្គទ្រង់គ្រប់គ្រឿងបញ្ចមហាកកុធភណ្ឌតាមលំដាប់សំរាប់ក្រុងកម្ពុជានិងក្រុងស្យាមប្រទេស។ ទ្រង់ឡើងគង់លើព្រះកញ្ចោងគជេន្ទ្រ លើកយោធាទាំងពីរក្រុមចេញទៅប្រជុំនៅព្រះពន្លាតំបន់រអាងសិលា ជាព្រំព្រះរាជសីមាអំពី បុរាណតាំងពីកាលផែនដីព្រះបាទសុរិយោវង្ស។ ព្រះចៅក្រុងកម្ពុជាធិបតី​ ស្ដេចនិមន្ត សម្ដេចព្រះសុគន្ធាធិបតី សិរីសង្ឃនាយក និង ព្រះរាជាគណៈសំរាប់ឯក ទោ ត្រី ចត្វា ២៨ អង្គទៅគង់នៅព្រះពន្លា។ ព្រះចៅក្រុងស្រីអយុធ្យា និមន្តសម្ដេចព្រះមហាសង្ឃរាជា និងរាជាគណៈសំរាប់ ឯក ទោ ត្រី ចត្វា ២៨ អង្គទៅគន់ក្នុងព្រះពន្លាជ័យជួបជុំសេនាបតី មន្ត្រី សេនាទាហាន ទាំងសងខាងឱ្យធ្វើសត្តសញ្ញាចុះថ្ងៃ ១១ កើត ខែផល្គុន ឆ្នាំកុរ បញ្ចស័ក ពស.២១១៩, គស.១៥៧៥, មស.១៤៩៧, ចស.៩៣៧ មានសេចក្ដីថា: ព្រះមហាក្សត្រ ទាំងពីរនគរបានធ្វើសត្តសញ្ញាចងព្រះរាជមេត្រីនឹងគ្នាថា: បើមានការសង្គ្រាមពីប្រទេសក្រៅក្ដី ក្នុងក្ដី ត្រូវជួយគ្នាឱ្យអស់ពីហឫទ័យទាំងសងខាងហើយសង់ព្រំព្រះរាជសីមានៅ រអាងសិលា ទទឹងទៅទិសខាងត្បូងទល់នឹងមាត់សមុទ្រ កោះចន្ទបុរី ទទឹងពីរអាងសិលាទៅខាងកើតទល់នឹងព្រំស្រុកនគររាជសីមាទៅខាងជើងទល់នឹងដែនលាវ លានឆាង = លានជាងខាងលិចតំបន់ទាំងនេះទុកជាដែនក្រុងស្រីអយុធ្យាខាងកើត តំបន់នេះទុកជាដែនក្រុងកម្ពុជា។ លុះធ្វើខណ្ឌព្រះរាជសីមាបោះគោលថ្ម ជាចារិករួចហើយ ព្រះមហាក្សត្រទាំងពីរ ព្រះអង្គទ្រង់ឱ្យលេងល្បែង មហោស្រព សព្វសារពើ។ លុះចប់ព្រះរាជកិច្ចរាជ សញ្ញានេះហើយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងដែនក្រុងកម្ពុជាទ្រង់លា ព្រះចៅក្រុងស្រីអយុធ្យា នឹងវិលត្រឡប់មកព្រះនគរវិញ។ ខណៈដែលព្រះចៅក្រុងស្រីអយុធ្យាស្ដេចរៀបព្រះរាជដង្វាយថ្វាយជាអង្ករ ៣០០ ហាប ត្រីងៀត ១០០០ ហាប ត្រីឆ្អើរ ១០០០ ក្រាស ដំរី ២០ សេះ ៥០ និង ស្វេតច្ឆត្រ យ៉ាងស្យាមប្រទេសមួយ ពានព្រះស្រីមាសមួយ ទិកោកមាសមួយ កន្ថោមាសមួយ ដាវស្រោមមាសមួយ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ព្រះចៅប្រទេសកម្ពុជា ទ្រង់តបព្រះរាជបណ្ណាការទៅព្រះចៅក្រុងស្រីអយុធ្យាវិញគឺ ក្រវាញ ១០ ហាប កុយរមាសពីរក្បាល ព្រះខ័នដងខ្លីមួយ ដាវគ្រឿងមាសមួយ លំពែងគ្រឿងមាសមួយអាវព្រះភូសាយ៉ាងខេមរាប្រទេសពីរ សំពត់ហូល ១០ សំពត់ព្រែសូត្រ ១០ កី។ លុះចប់ព្រះរាជបណ្ណាការហើយ ទើបព្រះអង្គលើកយោធាទាហាន ត្រឡប់មកព្រះនគរបរមមហាស្ថានវិញ ទ្រង់គង់នៅជាសុខក្សេមក្សាន្តរៀងមក។ អរិន្ទរាជសត្រូវគ្រប់ទិសទី ក៏បាក់បបខ្លបខ្លាចព្រះចេស្ដារទាំងអស់។ ខាងស្យាមប្រទេសក៏លែងលើកទ័ពមកធ្វើសឹកទ័ពមកជិតព្រះនគរទៀតដែរ។ ព្រះនគរដ៏ស្បូរណ៍សម្បត្តិក្សេមក្សាន្តបានសេចក្ដីសុខតរៀងមក។
  • (ព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យភាគ៣) ក្នុងរឿងដែលសៀមសុខចិត្ត ប្រគល់ខេត្តទាំងប៉ុន្មានដូចបាននិទានមកខាងនេះបើនិយាយតាមសៀវភៅព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យភាគ៣ ទំព័រ២១៩ លេខ គ.ស.៥៣៣ ថាសៀមមិនមែនចាញ់សង្គ្រាមខ្មែរដែលមានព្រះបរមរាជាដឹកនាំនោះ ហើយថ្វាយខេត្តទាំងនោះមកព្រះអង្គទេ គឺថាការណ៍ដែល សៀមសុខចិត្តថ្វាយ ខេត្តទាំងនោះ នេះដោយហេតុថាសៀមត្រូវធ្វើសង្គ្រាមជាមួយនឹងមន។ ដូច្នេះដើម្បីកុំឱ្យខ្មែរទៅព្រួតវាយខ្លួនពីខាងក្រោយសៀមក៏សុខចិត្តកាត់ដីទាំងប៉ុន្មានខេត្តនេះថ្វាយមកព្រះមហាក្សត្រខ្មែរវិញ។ សេចក្ដីនេះពិតមែន តែពុំសូវសមក៏ដោយចុះខ្ញុំក៏ដាក់ស្រង់មកជូនឯកឧត្តម លោកអ្នកអានជ្រាបទុកជាឯកសារដូចតទៅ។ សេចក្ដីនោះ មានដូចតទៅនេះ "ក្នុងឆ្នាំជូត សប្ដស័កនោះ ស្ដេចសៀមប្រឹក្សានឹងសេនាបតីទាំងពួងថា នគរយើងនិងនគរកម្ពុជាធិបតីនេះ មិនគួរមកកើតវិវាទនឹងគ្នាទេ គួរតែចងផ្លូវព្រះរាជមេត្រីទើបល្អ។ បើមិនចងផ្លូវព្រះរាជមេត្រីទេ ខ្មែរនឹងមិនឈប់លើកមកយាយីយើងទៀតឡើយ ហើយយើងកើតសង្គ្រាមនឹងមនផងបើសិនជាសង្គ្រាមទាំងមុខទាំងក្រោយយ៉ាងនេះយើងកំរនឹងគិតណាស់។ សេនាបតីមន្ត្រីទាំងពួងក៏យល់ព្រមតាមព្រះរាជតំរិះទើបទ្រង់ព្រះរាជបញ្ជាមុខក្រសួង ឱ្យធ្វើព្រះរាជសារនិងបណ្ណាការស្រេច ស្ដេចចាត់ម៉ឺនស្រីភិរម្យជារាជទូត ឃុនព្រះស៊ីមួយ ម៉ឺនរាមណរង្គជាឧបទូតឱ្យអញ្ជើញព្រះរាជសារនិងរាជបណ្ណាការមកក្រុងកម្ពុជាធិបតី។ មន្ត្រីទាំងនោះ ក៏ថ្វាយបង្គំលាអញ្ជើញ ព្រះរាជសារនឹងបណ្ណាការមកដល់ខេត្តគោកខណ្ឌ។ នៅទីនោះ ចៅហ្វាយស្រុកគោកខណ្ឌឃាត់ព្រះរាជទូតទាំង ៣ ទុកហើយប្ដឹងចូលមកសេនាបតី។ សេនាបតី នាំសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាប។ ខណៈនោះស្ដេចឱ្យបើកព្រះរាជទូតមកដល់ក្រុង។ ថ្ងៃ ៥ កើត ខែបឋមាសាធ ឆ្នាំជូត អដ្ឋស័ក ម៉ោង ៩ ព្រឹក ទ្រង់ឱ្យសេនាបតីមុខមន្ត្រីធំតូច តែងខ្លួនពេញយសសក្ដិចូលគាល់ឱ្យហ្លួងទិព្វសេនា "តូច" នាំរាជទូតនិងឧបទូតសៀមចូលគាល់ជាមួយនិងសេនាបតី។ រាជទូតសៀមក៏ថ្វាយព្រះរាជសារ និងបណ្ណាការទ្រង់ទទួលហើយស្ដេចឱ្យព្រះរាជទេពចិន្តា "សោ" សូត្រព្រះរាជសារថ្វាយសេចក្ដីថា : ព្រះរាជសារ ព្រះធម៌រាជា ព្រះចៅក្រុងធារាវតី ស្រីអយុធ្យាជាជេដ្ឋាធិរាជ។ សូមចំរើនផ្លូវព្រះរាជមេត្រីមក សម្ដេចព្រះបរមិន្ទរាជារាមាធិបតីបានទ្រង់ជ្រាប។ ដ្បិតក្រុងធារាវតី ស្រីអយុធ្យា និងក្រុងកម្ពុជាធិបតី តាំងអំពីបុរាណរាជ្យរៀងមកធ្លាប់ជារាជមេត្រីសម្ពន្ធមិត្តជាប់ដិតផែនដីជាមួយគ្នា។ ក៏យើងតាំងពីបានសោយរាជ្យសម្បត្តិជាមហាក្សត្រដ៏ប្រសើរ ជាមោលីទីពឹងនៃសមណជីព្រាហ្មណ៍បណ្ដារាស្ត្រទាំងពួងឥឡូវមកកើតបដិបក្សយ៉ាងនេះខុសនឹងបុរាណរាជប្រវេណី សមណជីព្រាហ្មណ៍ ឯបណ្ដារាស្ត្រកើត សេចក្ដីក្ដៅក្រហាយ ព្រាត់ប្រាសប្រពន្ធ កូនទីលំនៅ គួរយើងទាំងពីរតាំងព្រះទ័យប្រកបដោយខន្តី មេត្តាករុណាញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿង សមណៈជីព្រាហ្មណ៍ និងអាណាប្រជានុរាស្ត្រនឹងបានសេចក្ដីសុខផង។ រឿងនេះសូម សម្ដេចព្រះអនុជាធិរាជកាត់បង់មាន : ចេញ ខ្ញុំសូមចងផ្លូវព្រះរាជមេត្រី តាមបុរាណរាជប្រវេណីព្រះនគរទាំងពីរ នឹងបានជាប់សម្ព័ន្ធមិត្តនឹងគ្នាទៅ។ លុះទ្រង់ព្រះសណ្ដាប់សេចក្ដី នៃព្រះរាជសារចប់ហើយ ព្រះបរមនាថបរមបពិត្រអម្ចាស់ជីវិតដែនកម្ពុជា ទ្រង់មានព្រះទ័យទោរទន់ចុះ ដោយព្រះមេត្តាករុណា ទ្រង់មានព្រះរាជតំរាស់នឹងរាជទូតសៀមថា : យើងគាប់ព្រះទ័យនឹងព្រះចៅក្រុងស្រីអយុធ្យា ដែលសូមផ្លូវព្រះរាជមេត្រី ហើយទ្រង់សួរសុខទុក្ខក្នុងព្រះរាជនគរ រួចស្ដេចឱ្យព្រះរាជតេជៈនាំរាជ ទូតសៀមទៅសំណាក់ នៅថែវខាងមុខព្រះបរមរាជវាំង ចាត់ភោជនីយាហារឱ្យបរិភោគ តាមគួរហើយស្ដេចយាងចូលក្នុងវិញ។ លុះដល់វេលារសៀលថ្ងៃនោះ ស្ដេចឱ្យប្រជុំព្រះរាជវង្សានុវង្ស មុខមន្ត្រីទាំងពួងមកគាល់ត្រៀបត្រា ទ្រង់ប្រឹក្សាថា ស្ដេចសៀមជាសត្រូវនឹងយើង ឥឡូវទ្រង់ប្រើរាជទូតឱ្យមកសូមចងផ្លូវព្រះរាជមេត្រីនេះដោយរអាថ្វីដៃយើងមួយដោយកើតសឹកនឹងមនមួយ បើយើងមិនព្រមទទួលដោយផ្លូវព្រះរាជមេត្រីផង មិនល្អ គួរយើងទទួលចុះ ដើម្បីឱ្យបានសេចក្ដីសុខ ដល់សមណៈជីព្រាហ្មណ៍ បណ្ដារាស្ត្រទៅខាងមុខកុំឱ្យចងវេរានឹងគ្នា នោះព្រះរាជវង្សានុវង្ស សេនាបតីមុខមន្ត្រីទាំងពួងក៏យល់ព្រមតាម ព្រះរាជតំរិះ។ ទើបទ្រង់ព្រះរាជបញ្ជាឱ្យឧកញ៉ាប្រាជ្ញាធិបតី "វង" ឱ្យតែងព្រះរាជសារ។ ឧកញ៉ាប្រាជ្ញាធិបតីតែងជាសេចក្ដីព្រះរាជសារថា : ព្រះបាទសម្ដេច ព្រះបរមិន្ទរាជាធិរាជរាមាធិបតី សិរីសុរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតីខេមរាប្រទេស។ ចំរើនផ្លូវព្រះរាជមេត្រី មកព្រះបាទសម្ដេចព្រះមហាធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យាប្រាបដោយបញ្ញាតធិសម្ភារជាទីសរណៈនៃជនស្យាមប្រទេស រាជធានីជាជេដ្ឋាធិរាជ បានជ្រាប។ ដ្បិតព្រះអង្គមានព្រះរាជសារទៅ សូមចងផ្លូវព្រះរាជមេត្រី តាមបុរាណប្រវេណីនោះយើងព្រះចៅក្រុងកម្ពុជាទទួលផ្លូវរាជមេត្រីហើយ។ ឯខេត្តដែនខ្មែរវិញ អនុជបានធ្វើសង្គ្រាមឈ្នះបានខេត្តដែនត្រឹមណា ឱ្យនៅនឹងត្រឹមនោះទៅបើព្រម ត្រូវចាត់ព្រះរាជបំរើទាំងពីរព្រះនគរ ឱ្យមកបោះគោលជ្រួបទឹកស្នោទក ជាចារិកឱ្យអស់កប្បាវសានទៅខាងមុខ កុំឱ្យ ក្រស័ត្រខាងណារំលោភដោយអំណាច រុករានទន្ទ្រានចូលទៅ ចូលមកឱ្យហួសដែនដែលមានគោលជាកំណត់ប្រយោជន៍ និងឱ្យសមណជីព្រាហ្មណ៍បណ្ដារាស្ត្របានសេចក្ដីសុខដោយបុរាណរាជប្រវេណី។ ព្រះនគរទាំងពីរ បើមានសឹកសត្រូវ នឹងលើកចតុរង្គសេនាជួយគ្នាទៅវិញទៅមក តាមព្រះរាជមេត្រី ហើយស្ដេចឱ្យរាជទូត សៀមចូលក្រាបបង្គំគាល់ទ្រង់ប្រោស ព្រះរាជទានរបស់តាមសមគួរ ទ្រង់ចាត់ភ្លុកដំរី ៥ ក្បាល សំពត់ហូលជរ ៣ ជាន់ ៥០ សំពត់ផាមួង ១០ ក្រវាញ ២ ហាប ត្រកោ ៥ ហាប ក្រមួនឃ្មុំ ៥ ហាប ស្បែក ១០ ហាប ជាគ្រឿងរាជបណ្ណាការ តបថ្វាយទៅនឹងរាជបណ្ណាការដែលស្ដេច សៀមថ្វាយមករួចទ្រង់ចាត់ព្រះអភ័យទោសរស១ ព្រះឥន្ទតេជោជ័យ១ ព្រះទ្រង់គជេន្ទ្រសោម១ ហ្លួងស្រីនគរបាលម៉ា១ ហ្លួងឫទ្ធិគេជន្ទ្រកុយ១ ហ្លួងនរេន្ទ្រឫទ្ធិមាស១ ជារាជទូតឱ្យអញ្ជើញ ព្រះរាជសារ និងរាជបណ្ណាការ ទៅជាមួយនិងរាជទូតសៀម។ លុះរាជទូតទៅដល់នោះព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ចាត់ព្រះរាជតេជោ ឱ្យចេញមកទទួលនៅប៉ាកណាមនាំរាជទូតខ្មែរឱ្យចូលដល់ក្រុង។ ស្ដេចឱ្យនាំរាជទូតខ្មែរចូលក្រាបបង្គំគាល់រាជទូតក៏ថ្វាយព្រះរាជសារ និងរាជបណ្ណាការទាំងពួង។ ទ្រង់ទតជ្រាបសព្វសេចក្ដីនៃ ព្រះរាជសារហើយទ្រង់ព្រះអំណរណាស់ថា : យើងតាមព្រះអនុជទាំងអស់។ ស្ដេចចាត់មន្ត្រីឱ្យនាំរាជទូតខ្មែរ ទៅនៅក្នុងថែវមុខព្រះបរមរាជវាំងឱ្យលៀងភោជនាហារមិនឱ្យខ្វះខាត។ វេលានោះ មានសំបុត្រចៅហ្វាយស្រុកពិស្ណុលោកប្ដឹងមកថា : មនប្រមូលសេនាទាហាន នឹងលើកមកវាយ ហើយស្ដេចសៀមក៏ប្រញាប់ធ្វើរាជសារតបមកចាត់ព្រះស៊ីសាវរាជ១ ឃុនហ្លួងធម្មាទិស១ ឃុនមង្គលរតនៈ១ ឃុនចន្ទ្រាទិព្វ១ ឃុនធៀនឃរាជ១ ឱ្យអញ្ជើញព្រះរាជសារ និង រាជបណ្ណការតាមគួរ ឱ្យមកជាមួយនឹងរាជទូតខ្មែរលុះដល់ចូលថ្វាយព្រះរាជសារ និងរាជបណ្ណាការ ស្ដេចឱ្យមើលព្រះរាជសារនោះ ថ្វាយសេចក្ដីថា : ដែលព្រះអនុជាធិរាជ ព្រមទទួលផ្លូវព្រះរាជមេត្រី ឱ្យជ្រួចទឹកស្នោទកបោះគោលចារិកដែនព្រះនគរនោះ ខ្ញុំជាជេដ្ឋាមានអំណរណាស់ ហាក់ដូចជាបានវិមានទិព្វវេលានេះសូមព្រះអនុជាធិរាជ ចាត់ព្រះរាជបំរើ និង សមណជីព្រាហ្មណ៍ សេនាបតី មកប្រជុំបោះគោលចារឹកនៅតំបន់ ខេត្តស្រះកែវដោយបុរាណរាជប្រវេណី។ ព្រះបាទសម្ដេច ព្រះបរមិន្ទរាជា ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈ១ ឧកញ៉ាធម្មាតេជោ១ ឧកញ៉ារតនៈ១ ម៉ឺនស្នេហាភិរម្យ១ និង ឃុនម៉ឺនជាច្រើនឈ្មោះ។ ចំណែកខាងសមណៈ សម្ដេចព្រះមហាព្រហ្មមុនីមួយអង្គ ព្រះធម្មមុនីមួយអង្គ ព្រះធម្មឧត្តមមួយអង្គ ព្រះអរិយព្រឹទ្ធាចារ្យមួយអង្គ ព្រះវិនយត្ថេរមួយអង្គ និង ព្រះសង្ឃ ៨ អង្គទៀត។ មន្ត្រីខាងរាជបណ្ឌិត្យ ៤ ខាងហោរា ៤ ខាងព្រាហ្មណ៍បុរោហិត ៤ និង សេនាទាហាន ៥០០ ចេញទៅបោះគោលចារិកជាមួយ និងរាជទូតសៀម : ចំណែកខាងសៀមវិញ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ចាត់ពញាចក្រី១ ពញាភិមុខមន្ត្រី១ ពញាទេពរណង្គឮជ័យ១ ព្រះពហុលទេព១ និងឃុនម៉ឺនជាច្រើនឈ្មោះ។ ខាងព្រះសង្ឃនោះ សម្ដេចព្រះសង្ឃរាជគាមរាសីអរញ្ញវាសីព្រះគ្រូស្ដាំព្រះគ្រូឆ្វេង១ និងព្រះភិក្ខុសង្ឃ ២០ អង្គ។ ខាងព្រាហ្មណ៍ព្រះមហិន្ទរាជាសុភាវតី១ ព្រះបរមាចារ្យ១ ព្រះទេព្វាចារ្យ១ ព្រះរាជហោរាធិបតី១ និងពួកបុរោហិត ១០ នាក់ សេនាបតី ព្រាហ្មណ៍ គណាចារ្យ ទាំងពីរចំណែកមកជួបជុំជំនុំព្រម នៅស្រះកែវ ចាត់ចែងពិធី ដែលនឹងត្រូវជ្រួចទឹកស្នោទកបោះគោលចារិកនៅទីនោះ។ ពស.២១២១, គស.១៥៧៧, មស.១៤៩៩, ចស.៩៣៩, ឆ្នាំឆ្លូវ នព្វស័ក ថ្ងៃព្រហសប្បតិ៍ ៨ កើត ខែកត្តិក ជាថ្ងៃបានឫក្ស ប្រជុំបោះគោលសីមាចារិកសត្យាធិដ្ឋានក្នុងសិលាបាទ ហើយព្រះភិក្ខុសង្ឃទាំងសងខាង ក៏ជ្រួចទឹកស្នោទកលើគោលសីមាជាបន្ទាល់សាក្សី ដើម្បីឱ្យព្រះរាជមេត្រីសីមាមណ្ឌលទាំងពីរព្រះនគរ ឱ្យស្ថិតស្ថេរចីរកាលដរាបលុះអស់កប្បាវសាន ហើយឱ្យឧបសម្ប័ទជាភិក្ខុ ៦ អង្គនៅទីនោះ។ ខាងលិចបានជាដែនសៀម ខាងកើតបានជាដែនខ្មែរ។ ខ្មែរបានតាំងចៅហ្វាយស្រុកឱ្យរក្សាខេត្តទាំងនោះទើបទីនោះជាប់ហៅថា រអាងសិលាបាទ ដរាបមកដល់បច្ចុប្បន្ននេះ។ តាំងពីពេលនោះមកក្រុងស្រីអយុធ្យា និង ក្រុងកម្ពុជាធិបតីជាមេត្រី នឹងគ្នាតរៀងមក។

សោយទិវង្គត

កែប្រែ

លុះដល់មកខែជេស្ឋ ឆ្នាំជូត អដ្ឋស័ក ពស.២១២០, គស.១៥៧៦, មស.១៤៩៨, ចស.៩៣៨ ព្រះបាទសម្ដេចបរមិន្ទរាជាធិរាជ បរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងស្ដេចសោយរាជ្យបាន ១១ ឆ្នាំ ព្រះជន្មវស្សា ៥៥ ឆ្នាំ ព្រះអង្គទ្រង់ប្រឈួន រោគជាខ្លាំង ទ្រង់សោយព្រះវិលាល័យក្ស័យព្រះជន្មទៅ។ ព្រះរាជបុត្រនិងសម្ដេចព្រះមហាសុគន្ធាសង្ឃរាជា និងរាជាគណៈ សេនាបតីមន្ត្រីធំ-តូច ខ្ញុំព្រះរាជការលើកព្រះបរមសព តំកល់ក្នុងកោដ្ឋហើយ ក៏ជំនុំថ្វាយព្រះរាជាសម្បត្តិទៅព្រះសត្ថាជាព្រះរាជបុត្រច្បង ប្រសូតក្នុងឆ្នាំឆ្លូវ មកដល់ឆ្នាំជូតនេះ ចំរើនព្រះជន្មវស្សាបាន ៣៣ ឆ្នាំឱ្យឡើងសោយរាជ្យស្នងព្រះរាជបិតា។

  • (ពង្សាវតារព្រះរាជបណ្ណាល័យ)(អំពីរាជសម្បត្តិ ព្រះជន្មវស្សានៃសម្ដេចព្រះបរមិន្ទរាជានេះ ឃើញខុសៗគ្នាគ្រប់តែសាស្ត្រាយើងខ្ញុំសូមអភ័យទោសពីសំណាក់ លោកអ្នកអាន យើងមិនបានដកស្រង់រឿងខុសគ្នាគ្រប់តែសាស្ត្រានោះ ទេយើងសូមសងចេញតែពីព្រះរាជពង្សាវតារ របស់ព្រះបណ្ណាល័យតែមួយចុះ។ ព្រះរាជពង្សាវតារនោះភាគ ៣ លេខ គ ៥៣-៣ មានសេចក្ដីដូចតទៅនេះ) ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជ ស្ដេចសោយរាជសម្បត្តិបាន ១២ ឆ្នាំ (គស.១៥៧៧) ព្រះជន្ម ៦២ ឆ្នាំ នៅថ្ងៃ ៩ រោច ខែផល្គុន ឆ្នាំខាល សំរឹទ្ធិស័ក ទ្រង់ព្រះអាពាធព្រះវិស្សរោគគឺរោគគ្រុនជាទំងន់នោះសម្ដេចព្រះសុគន្ធាធិបតី និង សម្ដេចចៅហ្វាទឡ្ហៈ សេនាបតី ព្រមទាំងព្រះរាជវង្សានុវង្ស ព្រះរាជគ្រូបុរោហិត ហោរាចារ្យ ចូលរក្សាព្រះរោគក្នុងព្រះបរមរាជវាំងនាម៉ឺនសព្វមុខមន្ត្រីខ្លះប្រចាំការនៅចុងព្រះរាជរោង ព្រះសត្ថាជាព្រះរាជបុត្រច្បង ស្ដេចត្រួតត្រាទាំងក្នុងទាំងក្រៅ ព្រះរោគក៏កាន់តែធ្ងន់ធ្ងរណាស់ ពេទ្យប្រកបព្រះឱសថ្វាយពុំត្រូវ ទ្រង់ព្រះរាជបណ្ដាំឱ្យថ្វាយរាជសម្បត្តិទៅព្រះសត្ថា ជាព្រះរាជបុត្រច្បងឱ្យសោយរាជសម្បត្តិស្នងព្រះអង្គ។ (១៥៧៨) ថ្ងៃ ១ រោច ខែអាសាធ ឆ្នាំថោះ ឯកស័ក វេលាអធ្រាត្រ ស្ដេចសោយព្រះទិវង្គតលើព្រះរាជដំណាក់ អម្រិន្ទវិមានទើបព្រះសត្ថា ព្រមទាំងរាជវង្សានុវង្សសេនាបតី នាម៉ឺនសព្វមុខមន្ត្រីរៀបស្រង់ព្រះបរមសព ថ្វាយសុគន្ធពិដោររួចថ្វាយគ្រឿងទ្រង់ហៅព្រះបរមសពហើយ អញ្ជើញចូលព្រះឋានហែទៅតំកល់ក្នុងព្រះមហាមន្ទីរតាមទំនៀមទ្រង់ចាត់ស្រីឱ្យយុំយាម ប្រគំខ្លងធ្លាក់ រាល់ថ្ងៃរាល់វេលា និមន្តព្រះភិក្ខុសង្ឃ ធ្វើបុណ្យឱ្យទាន ថ្វាយព្រះរាជកុសល រៀងរាល់ថ្ងៃតទៅ។ ទើបសេនាបតីមន្ត្រីទាំងពួងជំនុំព្រមអញ្ជើញព្រះសត្ថាព្រះរាជបុត្រច្បងឱ្យស្ដេចគ្រងរាជសម្បត្តិតាមប្រពៃណី។

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ចន្ទរាជា
ព្រះបាទសម្ដេច ព្រះរាជឱង្ការនៃក្រុងកម្ពុជាធិបតី
គ.ស ១៥៦៦-១៥៧៦
តដោយ
សត្ថាទី១
យសស័ក្ដិខ្មែរ
មុនដោយ
សម្ដេចព្រះរាមាធិបតី
សម្ដេចព្រះមហាឧបរាជនៃក្រុងកម្ពុជាធិបតី
គស.១៥៤៤-១៥៦៦
តដោយ
សម្ដេចព្រះសត្ថា